Breaking News

ការបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី (អេសាយ៦៥:១៧-២៥)

សេចក្តីផ្តើម:សេដ្ឋីនីម្នាក់បានស្រឡាញ់គ្នាជាមួយបុរសម្នាក់ដែលខ្សែស្រឡាយរាជ្យវង្ស ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរគឺជ្រាលជ្រៅខ្លំាងមែនទែនដែលចាប់ផ្តើមនឹងគ្នាឡើងនៅក្នុងសួន
ច្បារដ៏ធំហើយស្រស់ត្រកាលមួយដែលមានពេញទៅដោយដើមឈើ និងផ្កាយចំរុះពណ៌ជាច្រើន រួមជាមួយនឹងសត្វបក្សាបក្សី ជាពិសេសគឺសត្វមេអំបៅដែលតំណាងអោយសេរីភាពនៃសេចក្តីស្នេហារបស់អ្នកទាំងពីរ ។ សេដ្ឋីនីនោះជាអ្នកដែលបានបង្កើតសួនច្បារដ៏ស្រស់ត្រកាលនោះឡើងមកសំរាប់មនុស្សប្រុសជាទីស្រឡាញ់របស់នាង ហើយបុរសដែលជាខ្សែស្រឡាយរាជ្យវង្សនោះគាត់ក៏មាន សេចក្តីរីករាយចំពោះសួនច្បារដ៏ស្រស់ស្អាតហើយធំនោះដែរ ជាមួយគ្នាគាត់ក៏តែងតែចំណាយពេលជាមួយនារីដែលជាគូកំណាន់ចិត្តសាងនូវភាពផ្អែមល្ហែមនៅក្នុងសួនច្បារនោះផងដែរ ដែលធ្វើអោយអ្នកទាំងពីរមានអនុស្សាវរីយជាមួយគ្នាយ៉ាងច្រើន ដែលមិនអាចនឹងបំភ្លេចបានឡើយ មិនតែប៉ុណ្ណោះបុរសនោះបានសន្យាថា គាត់នឹងធ្វើជាអ្នកដែលថែរក្សាសួនច្បារនោះអោយស្រស់ត្រកាលរហូត ពីព្រោះវាជាការដែលនារីនោះបានបង្កើតឡើងដើម្បីបង្ហាញអំពីសេចក្តីស្រឡាញ់ដ៏ធំរបស់នាងចំពោះគាត់ ។ ប៉ុន្តែមិនយូរប៉ុន្មានវេលានៃភាពផ្អែមល្ហែមនោះ ក៏ត្រូវផ្លាស់ប្តូរជាភាពសោកសៅវិញដែលមិននឹកស្មានដល់ឡើយ ដោយព្រោះបុរសនោះជាខ្សែរាជ្យវង្ស ពេលមួយគេបានហៅគាត់អោយចូលទៅក្នុងវាំងវិញ ហើយរៀបចំភ្ជាប់ពាក្យគាត់ជាមួយនឹងនារីម្នាក់ទៀតដែលជាខ្សែរាជ្យវង្សដូចគ្នាដែរ ហើយដោយសារអំណាចបុណ្យស័ក្តិនៃជីវិតសាច់ឈាម បុរសនោះក៏ចាកចេញពីនារីនោះបាត់ទៅ ទាំងមិនចាប់អារម្មណ៍ពីភាពឈឺចាប់របស់នាងទាល់តែសោះ ព្រមទាំងចាត់ទាហានអោយទៅបំផ្លាញសួនច្បារដ៏ស្រស់ត្រកាលដែលនាងបានបង្កើតឡើងសំរាប់គាត់ទៀតផង ដើម្បីឲ្យនាងបំភ្លេចរូបគាត់ចោល ។ ចំពោះនារីនោះវិញ ជួបនឹងហេតុការយ៉ាងដូច្នេះនោះក៏មានអារម្មណ៍ឈឺចាប់ សោកស្តាយ ទាំងខឹងផងដែរ ចំពោះការដែលមិនគួរគប្បីដែលបុរសខ្លួនស្រឡាញ់ជាទីបំផុតបានធ្វើចំពោះខ្លួននោះ ប៉ុន្តែចិត្តដែលស្រឡាញ់គឺនៅតែស្រឡាញ់ ទោះបើសួនច្បារដ៏ស្រស់ស្អាតត្រូវបានបំផ្លាញ់អស់ក៏ដោយ តែនៅតែមានចិត្តអត់ទោស ហើយនិយាយប្រាប់ខ្លួនឯងថា ខ្លួននឹងបង្កើតសួនច្បារនេះជាថ្មីឡើងវិញ ហើយអោយស្រស់ស្អាត និងវិសេសជាងសួនច្បារមុនទៅទៀត ដើម្បីអោយបុរសនោះនឹកចាំអំពីការដែលគាត់ធ្លាប់បានរស់នៅដោយសុខសាន្តជាមួយនឹងនាង ។ ទីបំផុតសួនច្បារដែលនាងបង្កើតឡើងវិញនោះក៏បានធ្វើរួចរាល់ ហើយមានភាពវិសេសវិសាលជាងពេលមុនទៅទៀត បានជាមានមនុស្សជាច្រើនមានសេចក្តីរីករាយចំពោះសួននោះណាស់ ក៏តែងនាំគ្នាមកកំសាន្តលេងមើលអំពីការដែលនឹងនាងបានធ្វើសួននោះឡើងមក ក៏មានសេចក្តីស្ញប់ស្ញែងចំពោះនារីម្នាក់នោះផងដែរ ។ ក្រោយមកទៀតបុរសនោះក៏បានត្រលប់មករកនាងវិញ ដោយសុំការអត់ទោសអំពីនាង ហើយប្រាប់នាងថា ខ្លួនមិនបានរៀបអភិសេកនៅក្នុងវាំងនោះទេ គ្រាន់តែវង្វេងមួយពេលជាមួយនឹងបុណ្យស័ក្តិ ទ្រព្យសម្បត្តិប៉ុណ្ណោះ តែរបស់ទាំងអស់នោះមិនបានផ្តល់អោយគាត់មានចិត្តស្កប់នោះទេ តាមពិតភាពស្រស់បំព្រងនៃជីវិតរបស់គាត់គឺសេចក្តីសុខដែលរស់នៅក្នុងសួនច្បារដ៏ស្រស់ត្រកាលជាមួយនឹងមនុស្សដែលគាត់ស្រឡាញ់ ។ នាងក៏អត់ទោសអោយគាត់ ហើយចាប់ផ្តើមសេចក្តីសេ្នហារបស់ពួកគេឡើងវិញ ទាំងរស់នៅដោយសុខសាន្តជាមួយគ្នា ។


រឿងនេះវាមានភាពស្រដៀងគ្នាទៅនឹងបរិបទព្រះគម្ពីរអេសាយ ៦៥:១៧-២៥ ដែលបានបង្ហាញអំពីការដែលព្រះជាម្ចាស់ប្រាប់អំពីការដែលព្រះអង្គនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី ។ ហេតុអ្វីបានជាទ្រង់មានព្រះហឫទ័យចង់បង្កើតឡើងវិញអោយថ្មី? ពាក្យថាបង្កើតថ្មីទាល់តែមានរបស់ចាស់ដែលបានខូចទៅហើយ ឬក៏មានបញ្ហាចំពោះរបស់ចាស់នោះ នេះបើយើងក្រលេកទៅការធ្លាក់ចុះក្រោយពីការបង្កើតដំបូងដែលមានតាំងតែពីក្នុងព្រះគម្ពីរលោកុប្បត្តិជំពូកទី៣មកម្ល៉េះ គឺអំពើបាបបានចូលមកក្នុងផែនដីដោយសារការមិនស្តាប់បង្គាប់របស់មនុស្សដំបូងដែលព្រះបានបង្កើតមក និងមនុស្សនៅតែបន្តធ្វើបាបកាន់តែអាក្រក់ឡើងៗថែមទៀត បានជានៅក្នុងបរិបទនៃព្រះគម្ពីរ អេសាយ ៦៥:១៧-២៥ លោកអេសាយបានរៀបរាប់អំពីទិដ្ឋភាពនៃការបង្កើតថ្មីរបស់ព្រះជាម្ចាស់ដូចជា ការទាក់ទៅសេចក្តីត្រូវការរបស់មនុស្សផ្នែកចិត្ត គំនិត អារម្មណ៍ ហើយក៏មានការទាក់ទងទៅនឹងភាពជាក់ស្តែងនៃជីវិតរស់នៅ និងជាពិសេសពីភាពសុខសាន្តរបស់មនុស្សសត្វ និងធម្មជាតិផងដែរ ដូច្នេះ តើការបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មីនោះបង្ហាញប្រាប់យើងពីអ្វី?


I. សេចក្តីអំណរដែលមានក្នុងគ្រាបង្កើតឡើងជាថ្មី (អេសាយ ៦៥:១៧-១៩)
            លោកអេសាយបានបង្ហាញអំពីលក្ខណៈនៃការបង្កើតថ្មីរបស់ព្រះដែលពេញដោយសេចក្តីអំណរ ហើយរីករាយដែលមានភាពផ្ទុយគ្នាស្រឡះទាំងស្រុងរបស់ស្ថានភាពអ៊ីស្រាអែលនៅក្នុងសម័យកាលពួកហោរា ដែលពួកគេពុំបានទទួលនូវសេចក្តីអំណរដ៏ពិតរបស់ព្រះនោះឡើយ ពីព្រោះតែអំពើបាបរបស់ពួកគេ នេះបើសិនជាយើងមើលតាំងពីរខ១មក ក្នុងព្រះគម្ពីរអេសាយជំពូក៦៥នេះ ដែលប្រាប់អំពីទង្វើរដែលពួកគេបានធ្វើអោយខ្លួនឯងត្រលប់ទៅជាអ្នកដែលបះបោរចំពោះព្រះទៅវិញ (អេសាយ ៦៥:៦) តែព្រះជាម្ចាស់ទ្រង់នៅតែមានព្រះហឫទ័យចង់អោយពួកគេរស់នៅក្នុងសេចក្តីអំណររបស់ទ្រង់ ជាពិសេសនៅក្នុងគ្រានៃការបង្កើតឡើងនូវផ្ទៃមេឃថ្មី និងផែនដីថ្មីរបស់ទ្រង់ ។ ប្រហែលជាអ៊ីស្រាអែលឆ្ងល់ ហើយពុំទាន់បានដឹងថាតើពេលវេលានៃការបង្កើតថ្មីរបស់ព្រះនៅពេលណាទេ? ហើយក៏មិនដឹងថាតើពួកគេត្រូវចាំដល់ពេលណាទៀតដែរ ប៉ុន្តែនេះជាសេចក្តីសន្យារបស់ព្រះតាមរយៈលោកអេសាយអោយប្រកាសប្រាប់អំពីការនេះ ។ យើងមើលប្រយោគពាក្យ “ការបង្កើត” គឺមានតែព្រះដ៏ជាម្ចាស់តែប៉ុណ្ណោះដែលទ្រង់អាចមានបន្ទូលអោយកើតឡើងមកបាន ហើយពាក្យនេះរុញច្រានយើងអោយនឹកឃើញ ហើយក្រលេកទៅមើលព្រះគម្ពីរលោកុប្បត្តិជំពូក១ និងជំពូក២ដែលបង្ហាញអោយឃើញអំពីភាពល្អឥតខ្ចោះនៃស្នាព្រះហស្តរបស់ព្រះដែលបង្កើតឡើងមក ហើយអោយមនុស្សដែលទ្រង់បានបង្កើតមករស់នៅក្នុងសេចក្តីអំណររបស់ទ្រង់ជារៀងរហូត ប៉ុន្តែពួកគេបានធ្លាក់ចេញ តែផែនការរបស់ព្រះក៏មិនត្រូវបានបំផ្លាញចោលដែរ បានជាទ្រង់មានបន្ទូលថា ទ្រង់នឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី ព្រមទាំងអោយមនុស្សមានសេចក្តីអំណរចំពោះការដែលបង្កើតនោះផង ដោយនៅគ្រានោះគ្មានអ្នកណានឹកចាំពីរបស់មុនៗទៀតឡើយ (អេសាយ ៦៥:១៧) ដែលជាភាពឈឺចាប់ ទុក្ខសោកដែលធ្លាប់មានចំពោះពួករាស្រ្តរបស់ផងទ្រង់ នេះគឺជាស្ថានភាពដែលអេសាយប្រាប់អំពីការដែលទាក់ទងទៅនឹងបញ្ហាផ្លូវចិត្តរបស់មនុស្ស ជាអ្វីដែលពួករាស្រ្តរបស់ទ្រង់កំពុងជួបប្រទះ គឺនឹងមិនត្រូវកើតមានទៀតទេ ក៏មិនចូលទៅក្នុងគំនិតរបស់ពួកគេដែរ នោះពីព្រោះទ្រង់បានរាប់ពួករាស្រ្តរបស់ទ្រង់ជាសេចក្តីអំណររបស់ទ្រង់ ហើយទីក្រុងបរិសុទ្ធរបស់ព្រះដែលជាយេរូសាឡិម ដែលត្រូវបានបំផ្លាញនោះក៏ក្លាយជាទីរីករាយដែរ ពីព្រោះក្រុងយេរូសាឡិមជាទីក្រុងរបស់ព្រះបានត្រូវរងសេចក្តីទុក្ខវេទនា ហើយត្រូវបានបំផ្លាញបាត់អស់ភាពលំអដែលនាំអោយមានភាពរីករាយទៀតហើយ (អេសាយ ៥៤:១១-១២) ប៉ុន្តែមានគ្រាដែលព្រះជាម្ចាស់ទ្រង់នឹងបង្កើតជាថ្មីឡើងវិញអំពីទីក្រុងនោះ គឺជាទីក្រុងដែលមានភាពល្អប្រសើរដែលព្រះជាម្ចាស់នឹងមានភាពរីក រាយចំពោះទីក្រុងនោះផងដែរ ហើយការនេះក៏ចង់ប្រាប់ថា មិនមែនតែរាស្រ្តរបស់ទ្រង់នឹងមានអំណរចំពោះការបង្កើតថ្មីនោះទេ ប៉ុន្តែព្រះជាម្ចាស់ទ្រង់ក៏មានសេចក្តីរីករាយចំពោះស្នាព្រះហស្តថ្មីដែលទ្រង់បានបង្កើតឡើងមក ព្រមមានសេចក្តីអំណរចំពោះប្រជារាស្រ្តរបស់ទ្រង់ផង (អេសាយ ៦៥:១៩) ។
            ស្រ្តីម្នាក់ជាម្តាយមានកូនប្រុសមួយ ហើយគាត់បានគូរគំនូរមួយផ្ទាំងអោយទៅកូនប្រុសរបស់គាត់ ហើយក្មេងនោះស្រឡាញ់គំនូរដែលម្តាយគាត់អោយខ្លាំងណាស់ តែថ្ងៃមួយឳពុករបស់ក្មេងនោះបានជ្រុលដៃធ្វើអោយគំនូរនោះត្រូវទឹកហើយខូច កូនប្រុសរបស់គាត់ពិតជាសោកសៅមែនទែន គាត់ក៏និយាយប្រាប់កូនគាត់ថា គាត់នឹងទិញផ្ទាំងគំនូរថ្មីមួយទៀតអោយដែលមានតំលៃថ្លៃជាង និងស្អាតជាងនេះទៅទៀត តែកូននោះមិនព្រមយកទេ ពីព្រោះគាត់ស្រឡាញ់តែផ្ទាំងគំនូរដែលម្តាយរបស់ផងគាត់បានអោយដល់គាត់ប៉ុណ្ណោះ។ កូនប្រុសនោះមិនហ៊ានខឹងនឹងឳពុកទេ តែរូបគេផ្ទាល់ក៏គ្មានភាពរីករាយដែរ ទីបំផុតស្ត្រីជាម្តាយឃើញយ៉ាងដូច្នោះ ក៏សុខចិត្តព្យាយាមគូរនៅរូបគំនូរដដែលនោះមួយទៀតឡើងវិញ រួចប្រគល់ទៅឲ្យកូនប្រុសរបស់គាត់ ហើយប្រាប់ថា “នេះគឺអ្វីដែលម៉ាក់ធ្វើជាថ្មីសំរាប់កូន ហើយវាមានភាវិសេសជាងរបស់ដែលបានខូចទៅហើយនោះទៅទៀត ពីព្រោះម៉ាក់បានដាក់ចិត្តដែលរីករាយនៅក្នុងផ្ទាំងគំនូរមួយនេះ” ។ កូននោះសប្បាយចិត្តខ្លំាងណាស់ចំពោះរបស់ថ្មីដែលម្តាយបានធ្វើឡើងអោយម្តងទៀត ហើយក៏ពេញដោយសេចក្តីរីករាយឡើងវិញ ឃើញដូចនោះប្តីប្រពន្ធពីរនាក់ក៏និយាយគ្នាថា នៅពេលដែលពួកគាត់ឃើញកូនរបស់គាត់ត្រលប់មកកាន់ភាពរីករាយវិញ នោះពួកគាត់ក៏រីករាយដែរ ពីព្រោះកូនរបស់ពួកគាត់គឺជាសេចក្តីអំណរសំរាប់គ្រួសារគាត់ ។
            ដូចគ្នាផងដែរ សេចក្តីចាស់ពីមុនដែលកើតមានឡើងនោះ ត្រូវបានបំផ្លាស់បំប្រែដោយការបង្កើតជាថ្មីរបស់ព្រះដែលពេញដោយសេចក្តីអំណរដែលមកពីព្រះ ជាពិសេសមិនមែនតែទ្រង់ឲ្យរាស្រ្តរបស់ទ្រង់មានសេចក្តីអំណរតែមួយមុខនោះទេ តែពួកគេត្រូវបានទ្រង់ធ្វើជាអោយក្លាយទៅជាទីរីករាយនៅចំពោះទ្រង់ផងដែរ ។


II. ជីវិតពេញបរិបូរក្នុងគ្រានៃការបង្កើតឡើងជាថ្មី (អេសាយ ៦៥:២០-២៤)
            ពាក្យថា ជីវិតពេញបរិបូរគឺចង់បង្ហាញពីជីវិតដែលរស់នៅដោយភាពពុំមានការភ័យខ្លាចចំពោះការរស់នៅជារៀងរាល់ថ្ងៃ ជាជីវិតដែលស្កប់ចិត្តនឹងអ្វីដែលខ្លួនឯងកំពុងតែមាន គ្មានភាពច្រណែន កាប់សំលាប់ ជំងឺឈឺថ្កាត់អ្វីឡើយ ។ លោកអេសាយបានបង្ហាញអោយឃើញអំពីជីវិតបែបយ៉ាងដូច្នេះដែលជាសេចក្តីចង់បានរបស់ពួកអ៊ីស្រាអែល ហើយនិងមនុស្សជាទូទៅចង់បានដែរ ។ នៅគ្រានៃការបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មីរបស់ផងព្រះ នោះពិតជានាំមកនូវជីវិតដ៏ពេញលេញយ៉ាងដូច្នោះមែន ដែលខុសពីប្រវត្តិសាស្រ្តរបស់ពួកអ៊ីស្រាអែលចាប់តាំងចេញពីស្រុកអេស័ព្ទមក ទទួលរងនូវដោយសេចក្តីអត់ឃ្លាន ការវង្វេង ការស្លាប់នៅទីរហោរស្ថាន ត្រូវរងទុក្ខ និងមានពេញដោយសេចក្តីវេទនា (និក្ខមនំ ១៧:១-៧) រហូតដល់ធ្វើអោយពួកគេភ្លេចអំពីការអស្ចារ្យដែលព្រះបានធ្វើសំរាប់ពួកគេ ហើយនាំអោយពួកគេត្រលប់ទៅជាធ្វើនូវអំពើបាបដែលនាំអោយទាស់ប្រឆាំងនឹងព្រះ ហើយក៏ត្រលប់ទៅជាអ្នកដែលរងសេចក្តីវេទនាយ៉ាងខ្លាំងផងដែរ (ចោទិយកថា ៩:-៨) ក៏មកដល់ជំនាន់នៃហោរាអេសាយនេះនៅតែមានលក្ខណៈយ៉ាងដូច្នោះដែរ (អេសាយ ១:៣-៤, ៦៥:២-៧) ជាមួយនឹងការដែលបានឃើញនូវភាពវេទនានេះហើយ នោះសេចក្តីសន្យានៃជីវិតពេញបរិបូរក៏បានផ្តល់មកជាសេចក្តីសង្ឃឹមសំរាប់អ៊ីស្រាអែលដែលអាចនាំអោយពួកគេរំពឹងមើលពីសេចក្តីដែលនឹងត្រូវមកនោះ ក៏សញ្ជឹងគិតពីលក្ខណៈនៃដ៏ជីវិតពេញបរិបូរនោះផងដែរ ដូចជាក្នុងអេសាយ ៦៥:២០ ទោះជាកូនតូចដែលកើតមកហើយ នោះនឹងរស់នៅពេញអាយុរបស់វា គឺគ្មានអ្វីធ្វើអោយវាត្រូវអន្តរាយជីវិតឡើយ ហើយអាយុ១០០ឆ្នាំសំរាប់មនុស្សចាស់នោះតិចណាស់ ក៏ជាសេចក្តីបណ្តាសាសំរាប់មនុស្សបាបដែលរស់បានតែអាយុ១០០ឆ្នាំដែរ នេះគឺជំរុញអោយពួកគេសំឡឹងមើលពីជីវិតដំបូងដែលព្រះបានបង្កើតនៅក្នុងព្រះគម្ពីរលោកុប្បត្តិ ៥:៥ ដែលព្រះជាម្ចាស់បានផ្តល់អោយអ័ដាមមានអាយុយ៉ាងច្រើនគឺ ៩៣០ឆ្នាំ នេះបើគិតពីអាយុរបស់ពួកគេបច្ចុប្បន្ន និងសេចក្តីដែលពួកគេបានទទួលនោះគឺមានភាពខុសគ្នាឆ្ងាយណាស់ ។ មិនតែប៉ុណ្ណោះអ្វីដែលពួកគេបានធ្វើនោះពួកនឹងបានទទួលពីផលកំរៃនៃកំលាំងរបស់ខ្លួន គ្មានអ្នកដែលអាចមកដណ្តើមយករបស់ពួកគេបានឡើយ គេនឹងបានបរិភោគផលរបស់ពួកគេ ហើយរស់នៅក្នុងជីវិតយឺនវែងក៏ត្រលប់ទៅជាអ្នករើសតាំងដ៏ពិតប្រាកដរបស់ព្រះ ហើយបានទទួលការស្កប់ចិត្តចំពោះជីវិតដែលព្រះបានប្រទានមកដល់ពួកគេក្នុងគ្រានៃការបង្កើតថ្មីរបស់ព្រះជាម្ចាស់ (អេសាយ ៦៥:២១-២២) ។
            បុរសម្នាក់ជាសមាជិកសកម្មនៅក្នុងព្រះវិហារមួយ លោកតែងតែធ្វើការងារជាច្រើននៅក្នុងព្រះវិហារ ហើយមានក្រុមជំនុំជាច្រើនស្រឡាញ់រាប់អានគាត់ណាស់ ប៉ុន្តែក៏នៅតែមានមនុស្សមួយចំនួនមិនចូលចិត្តគាត់ដែរ ដោយគិតថា គាត់ជាមនុស្សធ្វើឫក ធ្វើពារ សំដែងខ្លួនជាអ្នកដែលស្រឡាញ់ព្រះ សកម្មក្នុងព្រះវិហារ ដើម្បីយកមុខ យកមាត់ និងអោយគេសរសើរតែប៉ុណ្ណោះ ។ ជារៀងរាល់ពេលដែលប្រពន្ធរបស់គាត់ត្រលប់ពីព្រះវិហារទៅផ្ទះវិញ គឺតែងតែនិយាយប្រាប់ប្តីវិញថា “បងមានអ្នកនេះមួយនិយាយអាក្រក់ពីបង” តែបុរសម្នាក់នោះនៅតែធ្វើមិនដឹង ហើយមិនតបជាមួយប្រពន្ធគាត់វិញទេ ។ ហើយពេលមួយទៀតប្រពន្ធក៏ប្រាប់ប្តីទៀតថា “បងមានម្នាក់នេះមួយទៀតហើយនិយាយមិនល្អពីបង គឺបង្ខូចឈ្មោះរបស់បងហើយ” ប្តីក៏នៅតែមិនឆ្លើយតបជាមួយនឹងប្រពន្ធទៀត បន្ទាប់មកប្រពន្ធក៏បានប្រាប់នូវការដដែលនេះដែលគាត់បានឮរៀងរាល់ក្រោយពេលមកពីព្រះវិហារវិញ ប្តីក៏តបសំដីមួយមាត់ទៅប្រពន្ធវិញថា “អូន! បើអូនឮគេនិយាយអាក្រក់អំពីបង អូនកុំប្រាប់បងអី តែបើឮគេនិយាយល្អអំពីបង នោះចូរប្រាប់បងមកចុះ” ។ ប្រពន្ធគាត់ក៏ឈប់និយាយតែក្នុងចិត្តរបស់គាត់នៅតែមិនយល់ពីអ្វីដែលប្តីគាត់គិតដែរ ។ រហូតដល់ពេលមួយប្រពន្ធទប់នឹងចំងល់មិនបានក៏សួរប្តី “បង ហេតុអ្វីបានជាបងមិនអោយអូនប្រាប់ពីការដែលគេនិយាយអាក្រក់ពីបង ដើម្បីបងអាចនិយាយដោះស្រាយជាមួយនឹងពួកគេ ហើយបញ្ជាក់ពីលក្ខណៈល្អរបស់បងដល់ពួកគេទៅ ក្នុងនាមអូនជាប្រពន្ធរបស់បងពេលដែលឮគេនិយាយមិនល្អពីប្តី គឺមានការប៉ះពាល់ខ្លាំងណាស់” ។ បុរសជាប្តីតបវិញ “អូន! មនុស្សពេញដោយអំពើបាប ទាំងការគិត ការនិយាយស្តី និងទង្វើ យើងមិនអាចហាមពួកគេមិនអោយគិត និយាយ ឬធ្វើឡើយ ប៉ុន្តែព្រះទ្រង់មានភាពពេញបរិបូរក្នុងគ្រប់ការទាំងអស់ យើងគួរតែសំលឹងមើលពីភាពពេញបរិបូររបស់ព្រះជាជាងមើលទៅកាន់មនុស្សដែលនៅជុំវិញខ្លួនយើង បើទ្រង់ផ្តល់អោយយើងនូវជីវិតបែបណា យើងគួរតែស្កប់ចិត្តនឹងជីវិតបែបនោះទៅ នេះជាហើយជាជីវិតពេញបរិបូរនោះឯង” ។ ប្រពន្ធឮពាក្យប្តីនិយាយយ៉ាងដូច្នោះហើយក៏ញញឹម ហើយយល់អំពីហេតុផលដែលប្តីមិនឆ្លើយតបទៅចំពោះអស់អ្នកដែលនិយាយមិនល្អពីគាត់ ហើយនៅទីបំផុតទីបន្ទាល់ដ៏ល្អនៅនៃការរស់នៅរបស់ផងបុរសនោះក៏បានធ្វើមនុស្សដែលនិយាយមិនល្អពីគាត់ស្រឡាញ់រាប់អាន និងចូលចិត្តគាត់គ្រប់ៗគ្នា ហើយជាការល្អគាត់ក៏មិនបានធ្វើអោយមានភាពថ្នាំងថ្នាក់នៅក្នុងពួកជំនុំដែរ ។
            ទោះជារឿងនេះមិនបានបង្ហាញអំពីគ្រានៃការបង្កើតថ្មីរបស់ព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែរឿងនេះបានបង្ហាញអោយឃើញអំពីភាពស្កប់ចិត្តរបស់គាត់ ដែលប្រាប់អោយដឹងថាគាត់បានទទួលនូវកំរៃជីវិតរបស់ផងគាត់តាមរយៈអ្វីដែលបានធ្វើដែរ ដូចដែលព្រះគម្ពីរអេសាយ ៦៥:២១-២៣ បានប្រាប់ពីអ្វីដែលពួករាស្រ្តរបស់ព្រះបានធ្វើនោះនឹងត្រលប់ទៅជាផលប្រយោជន៍ដល់គេវិញ ការខិតខំរបស់ផងគេនោះនឹងមិនជាការឥតប្រយោជន៍ឡើយ ហើយផលនៃជីវិតរបស់គេក៏មិនត្រូវវិនាសដែរ ពីព្រោះពួកគេនឹងត្រូវបានត្រលប់ជាពួកដ៏មានពររបស់ផងព្រះ ព្រមទាំងកូនចៅរបស់គេផងដែរ ទោះជាគ្រានៃការបង្កើតថ្មីរបស់ព្រះនេះ មិនទាន់ដឹងពីពេលវេលាច្បាស់លាស់ណាមួយក៏ដោយ តែនេះគឺបង្ហាញពីសេចក្តីសង្ឃឹមដល់រាស្រ្តរបស់ព្រះអោយសំលឹងមើលអំពីការដែលព្រះហស្តទ្រង់នឹងធ្វើ ហើយផ្តល់សំរាប់ពួកគេនៅជីវិតដែលពេញបរិបូរនោះ ដូចដែលទ្រង់បានមានបន្ទូលហើយថា “មុនដែលពួកគេចេញសំដីនោះទ្រង់បានស្តាប់ឮ ហើយក៏ឆ្លើយតបផង” (អេសាយ ៦៥:២៤) ។

III. សេចក្តីសុខសាន្តក្នុងគ្រានៃការបង្កើតឡើងជាថ្មី (អេសាយ ៦៥:២៥)
            អំពើបាបជាច្រើនដែលពួកអ៊ីស្រាអែលជារាស្រ្តរបស់ព្រះបានធ្វើនៅក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ តាមរយៈការមិនស្តាប់បង្គាប់ ការថ្វាយបង្គំរូបព្រះផ្សេងៗ អំពើពុករលួយ គាបសង្កត់ កេងប្រវ័ញ្ចនិងការអាក្រក់ជាច្រើនទៀត ទោះបើមានការព្រមានពីសំណាក់ហោរាតាមរយៈព្រះបន្ទូលរបស់ព្រះយ៉ាងណាក៏ដោយ តែការដែលធ្វើអំពើបាបនោះគឺនៅតែកើតមានឡើងនៅក្នុងចំណោមពួកគេដដែរ បើសិនជារំលឹកទៅអតីតកាលដែលលោកម៉ូសេបានប្រាប់នូវពាក្យសំដីចុងក្រោយរបស់លោកចំពោះពួកគេដែលមានការពីរដែលពួកគេត្រូវដឹងនោះគឺ ការទទួលបានព្រះពរតាមរយៈការស្តាប់បង្គាប់ និងបណ្តាសាតាមរយៈការមិនស្តាប់បង្គាប់ ដើម្បីអោយពួកគេអាចនឹងជ្រើសរើសរស់នៅដោយសុខសាន្តក្នុងការការស្តាប់បង្គាប់ព្រះដ៏ព្រះនៃពួកគេ (ចោទិយកថា ២៨) ប៉ុន្តែមិនយ៉ាងដូច្នេះទេ គឺពួកគេបានជ្រើសរើសផ្លូវដែលទទួលនូវបណ្តាសាទៅវិញត្រូវរងទុក្ខត្រូវទទួលការជំនុំជំរះអំពីព្រះជាច្រើនលើក ច្រើនសារ រហូតដល់ត្រូវនិរទេសទៅកាន់ប្រទេសដទៃឃ្លាតឆ្ងាយពីស្រុកកំណើតរបស់ខ្លួន គួរអោយអនិច្ចា ខ្លោចផ្សាពន់ពេកក្រៃ (២ពង្សាវតារក្សត្រ ២៤, និង២របាក្រត្ស ៣៦)ហើយអេសាយ ៦៥:-១៦ ក៏នៅតែនិយាយអំពីអំពើបាបរបស់ពួកគេដែលមានបន្តទៀត ។ ទោះយ៉ាងនោះក្តី សេចក្តីមេត្តាករុណារបស់ព្រះនោះមិនដែលផុតឡើយ ទ្រង់នៅតែផ្តល់នូវសេចក្តីសង្ឃឹមដល់ពួកគេតាមរយៈសេចក្តីសុខសាន្តដ៏ពិតនៃការបង្កើតថ្មីរបស់ទ្រង់ នៅក្នុងសង្គមថ្មីនោះពួកគេនឹងមិនត្រូវលំបាកដោយសារអំពើបាបរបស់ពួកគេទៀតទេ ពួកគេនឹងមានពេញដោយសន្តិភាពដ៏ពិតមកពីព្រះជាម្ចាស់ លោកអេសាយលើកឡើងថា ឆ្កែព្រៃ និងកូនចៀមនឹងរស់នៅ ហើយរកស៊ីជាមួយនឹងគ្នា ហើយសិង្ហជាសត្វដ៏កាចសាហាវ ហើយជាទីគួរខ្លាចនៃសត្វផងទាំងពួងតែបែរជាត្រលប់ទៅជាស៊ីចំបើងដូចជាសត្វគោទៅវិញ អាហាររបស់ពស់ជាធូលីដី គ្មានការបៀតបៀន គ្មានការធ្វើទុក្ខ គ្មានការបំផ្លាញអ្វីទាំងអស់ (អេសាយ ៦៥:២៥) ទាំងនេះគឺមានភាពផ្ទុយស្រឡះអំពីជីវិតរបស់មនុស្សដែលកំពុងរស់នៅលើផែនដីនេះពេញដោយភាពល្វីងជូរចត់វេទនា ហើយបើសិនជាគ្រាន់តែសញ្ជឹងគិតមើលនោះពិតជាពិបាកនឹងជឿ ហើយទទួលយកខ្លាំងណាស់ វាគឺពិតជាពិបាកនឹងទៅរួចណាស់ដែលឆ្កែព្រៃតែងតែសំលឹងមើលឃើញគោជាចំណីរបស់វា តែបែរត្រលប់ទៅជាមិត្តនឹងគ្នាវិញនោះ ហើយតើសិង្ហនឹងស៊ីស្មៅ ឬចំបើងយ៉ាងដូចម្តេចបាន? ទាំងេះគឺជាសេចក្តីសុខ គឺពួកគេបែរជាាយនៅក្នុងផ្ទាំងគំនូរមួយនេះនេះជាសំនួរដែលកើតចេញពីគំនិតដែលយល់មិនដល់របស់មនុស្សតែប៉ុណ្ណោះ តែនេះគឺជាសេចក្តីសុខសាន្ត និងសន្តិភាពដ៏ពិតប្រាកដមែនដែលព្រះនឹងនាំមកតាមរយៈការបង្កើតថ្មីរបស់ផងទ្រង់ចំពោះរាស្រ្តរបស់ទ្រង់ដែលបានរងទុក្ខជាយូរមកហើយ ហើយការនេះជាការដែលមនុស្សមិនអាចនឹងយល់បានអំពីអ្វីដែលព្រះទ្រង់នឹងធ្វើអោយកើតមានឡើងនោះ ។ នេះដោយព្រោះអំពើបាបនឹងរលាយបាត់អស់ ពួកគេអាចរស់នៅយ៉ាងសុខសាន្តប្រកបជាមួយព្រះជាម្ចាស់ ទោះទំាងធម្មជាតិលើផែនដីទាំងមូលក៏នឹងមានពេញដោយសេចក្តីសុខសាន្ត និងសន្តិភាពដែរ ដ្បិតនោះជាគ្រានៃសន្តិភាព គ្រាដ៏រុងរឿងបំផុតគ្រប់ទាំងមនុស្សនឹងស្គាល់ព្រះជាម្ចាស់ ដែលបានប្រាប់រួចមកនៅក្នុងអេសាយ ១១:-១០ ហើយនឹងគ្មានការបំផ្លិចបំផ្លាញទៀតឡើយ គ្រប់យ៉ាងនឹងពេញដោយសេចក្តីសុខសាន្តពិតប្រាកដ។
            នារីត្រកូលអ្នកអភិជនម្នាក់ បានលង់ចិត្តស្រឡាញ់បុរសក្រីក្រម្នាក់ ដែលពីដំបូងគ្រាន់តែរាប់អានគ្នាជាមិត្តភក្ត្រ័តែប៉ុណ្ណោះ។ រៀងរាល់ថ្ងៃនារីនោះកាន់តែឃើញអំពីលក្ខណៈដ៏ល្អសប្បុរសរបស់បុរសនោះ ដែលជាមនុស្សដែលចេះជួយយកអាសារអ្នកដទៃ ស្រឡាញ់អ្នកឯទៀត លះបង់ដើម្បីអ្នកឯទៀត ហើយជាមនុស្សស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់សក្តិសមជាកូនប្រុស          ទីបំផុតអារម្មណ៍នៃមិត្តភ័ក្រ្តក៏ត្រលប់ទៅជាសេចក្តីស្នេហាដែលពិបាកនឹងថ្លែងបានដោយមិនដែលបានដឹងថាតាមពិតបុរសអ្នកក្រនោះ គាត់គឺមានចិត្តស្រឡាញ់នាងនោះយូរដែរហើយ តែដោយខ្លួនក្រទើបមិនហ៊ានប្រាប់ ហើយអ្នកទាំងពីរក៏ចាប់ផ្តើមសេចក្តីស្នេហាឡើង ទោះបីមានការជំទាស់ពីសំណាក់ឳពុកម្តាយខាងស្រីក៏ដោយ ។ នារីនោះក៏សំរេចចិត្តចាកចេញពីផ្ទះទៅរស់នៅជាមួយនឹងបុរសដែលនាងស្រឡាញ់ដែលមានត្រឹមផ្ទះឈើតូចមួយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលចំឡែកសំរាប់នាងនោះគឺ ផ្ទះបុរសនោះគឺមានពេញដោយភាពសុខសាន្ត ដែលផ្ទះអ្នកក្រនោះដាំបន្លែ ចិញ្ចឹមគោ និងមាន់ព្រមទាំងមានកូនខ្លាជំទង់មួយរស់នៅជាមួយផង តែកូនខ្លានោះមិនដែលធ្វើទុក្ខបៀតបៀនដល់សត្វដទៃនោះទេ គឺវារស់នៅនឹងសត្វឯទៀតដូចជាមិត្តនឹងគ្នា បុរសអ្នកក្រនោះបានប្រាប់នាងថា គាត់បានយកកូនខ្លានោះមកចិញ្ចឹមតាំងពីតូចហើយបង្ហាត់វាអោយស៊ាំរស់នៅជាមួយសត្វឯទៀត ។ នារីនោះក៏ដាក់ឈ្មោះផ្ទះនោះថា ផ្ទះនៃសេចក្តីសុខសាន្ត ហើយរស់នៅយ៉ាងសប្បាយរីករាយជាមួយបុរសនោះយ៉ាងមានសុភមង្គលក្រៃលែង ពីព្រោះទីនោះពិតជាទីដ៏សុខសាន្តមែនសំរាប់នាង គ្មានអ្វីដែលធ្វើអោយនាងភ័យខ្លាចឡើយ ហើយបុរសអ្នកក្រនោះក៏មានចិត្តពេញដោយសុភមង្គលដូចគ្នាដែរ ។ ប៉ុន្តែជីវិតរបស់មនុស្សពិតជាមិនទៀងទាត់មែន ពេលក្រោយមកឳពុកម្តាយនារីនោះក៏បានមករកនាង ហើយនាំទាំងគូដណ្តឹងរបស់នាងដែលជាអ្នកជំនួញម្នាក់មកជាមួយផង ពេលមកដល់ផ្ទះបុរសអ្នកក្រ អ្នកទាំងនោះមានការចំលែកក្នុងចិត្តមែនទែនដោយព្រោះឃើញនារីនោះដែលខ្លួនជាត្រកូលអភិជនតែបែរជាមានពេញដោយភាពរីករាយនៅក្នុងដីចំការតូចមួយទៅវិញ ពេលនោះបុរសជាគូដណ្តឹងនាងត្រកូលអភិជនក៏ដើរទៅជួបបុរសក្រីក្រហើយនិយាយថា “គ្រាន់តែខ្ញុំមកដល់ផ្ទះរបស់អ្នកភ្លាម ខ្ញុំអាចយល់បានហើយថា ហេតុអ្វីបានគូដណ្តឹងរបស់ខ្ញុំស្រឡាញ់អ្នក” ។ បុរសអ្នកក្រនោះស្រឡាំងកាំងដោយព្រោះមួយម៉ាត់នេះ តែបុរសជាគូដណ្តឹងក៏បន្តថា “តើលោកត្រូវការប្រាក់ប៉ុន្មានជាថ្លៃនៃការព្រមបញ្ចប់ទំនាក់ទំនងជាមួយនឹងគូដណ្តឹងរបស់ខ្ញុំ” ។ បុរសក្រីក្រតបថា “តើលោកពិតជាគិតថា ប្រាក់អាចដោះស្រាយគ្រប់ទាំងបញ្ហាទាំងអស់បានឬ? ខ្ញុំមិនត្រូវការប្រាក់របស់លោកទេ ខ្ញុំចង់ជួបនិយាយជាមួយគូដណ្តឹងរបស់លោកតែពីរនាក់សិន” ។ បុរសជាគូដណ្តឹង និងឳពុកម្តាយនាងក៏នាំគ្នាចេញទៅ បុរសក្រីក្រនោះក៏នាំនារីនោះដើរស្រោចដំណាំក្នុងចំការរបស់គាត់ ទាំងនាំទៅអោយចំណីកូនខ្លាដែលបានធំឡើងនោះដែរ រួមជាសត្វឯទៀត ហើយនិយាយថា “នេះគឺជាសកម្មភាពដ៏រីករាយដែលយើងធ្លាប់ធ្វើជាមួយគ្នា តែស្តាយណាស់ចាប់ពីថ្ងៃនេះទៅយើងលែងមានសកម្មភាពនេះទៀតហើយ”  ចំណែកឯនារីនោះតបវិញ “ចិត្តអូនចំពោះបងយ៉ាងណា បងគួរតែដឹង តើរឿងដែលអូនមានគូដណ្តឹងនោះពិតជាសំខាន់ចំពោះបងណាស់ឬ?” ។ បុរសនោះតប “ចិត្តនាងចំពោះខ្ញុំយ៉ាងណា ខ្ញុំដឹងច្បាស់ណាស់ នៅក្នុងជាតិនេះគ្មានអ្នកណាជំនួសរូបនាងនៅក្នុងចិត្តខ្ញុំបានឡើយ ប៉ុន្តែបើនាងមានគូដណ្តឹងទៅហើយ គួរតែមានចិត្តស្មោះចំពោះគូដណ្តឹងរបស់នាង គួរបន្ទោសថា មកពីយើងស្គាល់គ្នាយឺតពេក” ។ ទីបញ្ចប់អ្នកទាំងពីរក៏បែកគ្នា ឯផ្ទះនៃសេចក្តីសុខសាន្តនោះ នៅសល់បានត្រឹមតែឈ្មោះ និងស្រមោលនៃអតីតកាលតែប៉ុណ្ណោះ ។
            ជាការពិតណាស់នៅលើផែនដីនេះគ្មានភាពស្ថិតស្ថេរទេ ទោះបីជាស្ថានភាពខ្លះដែលមើលទៅឃើញដូចជាកំពុងតែល្អប្រសើរក៏ដោយ ប៉ុន្តែពេលមួយនឹងត្រលប់ទៅក្នុងសេចក្តីប្រួលប្រែដែលមនុស្សនឹកស្មានមិនដល់ ពីព្រោះពិភពលោកដែលពេញដោយអំពើបាបនេះ មានពេញដោយសេចក្តីពុករលួយ ហើយមិនស្ថិតស្ថេរនៅឡើយ ប៉ុន្តែសេចក្តីសង្ឃឹមនៃការបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មីរបស់ព្រះនោះផ្តល់នូវសេចក្តីសុខសាន្តយ៉ាងពិតប្រាកដ ហើយពូជពង្សរបស់រាស្រ្តទ្រង់ ក៏នឹងជាប់ស្ថិតស្ថេរនៅយ៉ាងនោះដែរ (អេសាយ ៦៦:២២) ។
            សរុបសេចក្តីមកការបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មីរបស់ព្រះ គឺចង់បង្ហាញអោយឃើញអំពីរូបភាពនៃជីវិតដែលមានពេញដោយសេចក្តីសង្ឃឹមនៅថ្ងៃអនាគតដែលទ្រង់នឹងផ្តល់អោយរាស្រ្តរបស់ទ្រង់មានសេចក្តីអំណរដ៏ពិតក្នុងគ្រាដែលបង្កើតថ្មីនោះ ហើយនឹងមិនត្រូវបាត់បង់ទៀតឡើយទាំងរស់នៅក្នុងជីវិតដ៏ពេញបរិបូរ ហើយមានពេញដោយសេចក្តីសុខសាន្តដ៏ពិតមកពីព្រះ គ្មានទុក្ខវេទនានៃអំពើបាប ជំងឺឈឺថ្កាត់ សេចក្តីស្លាប់ ឬសេចក្តីបៀតបៀនណាទៀតឡើយ ក៏គ្មានអ្នកណាអាចនឹងបំផ្លាញនូវស្នាព្រះហស្តថ្មីរបស់ព្រះទៀតដែរ ហើយព្រះទ្រង់គឺជាព្រះអម្ចាស់ដ៏ជាព្រះដែលគ្រប់គ្រងលើទំាំងអស់ ។
            បើយើងមើលពីព្រះគម្ពីរអេសាយពេញមួយជំពូក៦៥នេះតែម្តង យើងឃើញថាព្រះអម្ចាស់ដ៏ជាព្រះទ្រង់ពេញដោយភាពបរិសុទ្ធ ទ្រង់ស្អប់អំពើបាបរបស់មនុស្ស (អេសាយ ៦៥:៥)  ទ្រង់ពេញដោយសេចក្តីសុចរិត ទ្រង់នឹងសងគ្រប់ទាំងការដែលមនុស្សបានធ្វើ (អេសាយ ៦៥:-៧) ហើយទ្រង់ជាព្រះដ៏ស្មោះត្រង់ ទ្រង់នៅតែនឹកចាំពីសេចក្តីសន្យារបស់ទ្រង់ចំពោះរាស្រ្តរបស់ផងទ្រង់      (អេសាយ ៦៥:៩) មិនតែប៉ុណ្ណោះទ្រង់ជាព្រះអាទិករដែលពេញដោយអំណាចព្រះចេស្តា ដែលបានបង្កើតគ្រប់ទាំងអស់ ហើយក៏នឹងបង្កើតជាថ្មីឡើងវិញនូវរបស់ដែលស្ថិតស្ថេរនៅ ជាព្រះនៃសេចក្តីអំណរ ជាព្រះនៃជីវិត និងសេចក្តីសុខសាន្តដ៏ពិត ដែលមិនមានអ្នកណាមានលក្ខណៈដូចជាទ្រង់ឡើយ (អេសាយ ៦៥:១៧-២៥) ។
            តែបើយើងរំពឹងគិតទៅលក្ខណៈរបស់មនុស្សវិញ ពួកគេពេញដោយការប្រព្រឹត្តនូវអំពើបាប ពេញដោយសេចក្តីទុច្ចរិតនៅចំពោះព្រះ (អេសាយ ៦៥:-៧) ជាមួយគ្នាមនុស្សបោះបង់ចោលព្រះ ហើយគោរព និងថ្វាយបង្គំដល់រូបព្រះ ដែលជាការអាក្រក់នៅចំពោះព្រះ (អេសាយ ៦៥:១១-១២) ពួកគេពុំអាចនឹងរស់នៅដោយមានសេចក្តីអំណរដ៏ពិត ពុំមានភាពស្កប់ចិត្តក្នុងជីវិតទេ ហើយក៏មិនអាចមានសេចក្តីសុខសាន្តដ៏ពិតបានដែរ គឺពួកគេត្រូវការពឹងព្រះ (អេសាយ ៦៥:១៧-២៥) ។
            ព្រះយេស៊ូវគ្រីស្ទ ទ្រង់គឺអង្គដែលបានបង្កើតគ្រប់ទាំងរបស់ទំាងអស់ឡើងមក ទ្រង់ជាព្រះបន្ទូលរបស់ព្រះ ហើយគ្រប់ទាំងអស់បានកើតមកពីព្រះបន្ទូលទ្រង់ មុននឹងមានអ្វីកើតឡើងមក នោះមានវត្តមានទ្រង់រួចទៅហើយ (យ៉ូហាន ១:-៥) ទោះទាំងរបស់ដែលមើលឃើញ និងរបស់ដែលមើលមិនឃើញក្តី គឺទ្រង់ដែលបង្កើតឡើងមក ក៏ស្ថិតស្ថេរនៅដោយសារទ្រង់ដែរ (កូល៉ុស ១:១៤-១៧) ជាមួយគ្នាទ្រង់បានយាងមកលើផែនដីនេះ ដើម្បីប្រទាននូវសេចក្តីសង្ឃឹម និងសេចក្តីអំណរដ៏ពិតដល់គ្រប់មនុស្សតាមរយៈសេចក្តីបង្រៀនរបស់ទ្រង់ (ម៉ាថាយ ៥:-១២ ) ព្រមទាំងការអស្ចារ្យដែលទ្រង់បានបំពេញដោយការប្រោសមនុស្សជាច្រើនអោយបានជា (ម៉ាថាយ ៤:២៣-២៥) ទាំងអត់ទោសចំពោះមនុស្សដែលមានបាបផងដែរ ជាក់ស្តែងទ្រង់បានអត់ទោសចំពោះស្តី្រដែលទាន់នៅដំណេក ដែលមនុស្សជាច្រើនគិតថា នាងមានទោសត្រូវតែស្លាប់ តែទ្រង់បានអត់ទោសវិញ           (យ៉ូហាន ៨:-១១) មិនតែប៉ុណ្ណោះសោត ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់គឺជាជីវិតដ៏ពិតពេញបរិបូរដែលសំរាប់មនុស្សទាំងអស់ (យ៉ូហាន ១០:១០) ហើយទ្រង់សន្យាថានឹងប្រទាននូវសេចក្តីសុខសាន្តដល់អស់ដែលទទួល និងរង់ចាំទ្រង់ (យ៉ូហាន ១៤:២៧) ការដែលសំខាន់ទ្រង់គឺជាតួអង្គដែលនឹងត្រូវបង្កើតថ្មីទាំងផ្ទៃមេឃ និងផែនដីផង ព្រមទាំងជំនុំជំរះលោកីយដោយសេចក្តីយុត្តិធម៌របស់ទ្រង់ ហើយប្រទានអោយអស់អ្នកដែលជឿទ្រង់បានទទួលនូវសេចក្តីសង្ឃឹមដ៏នៅអស់កល្បជានិច្ច គ្មានការភ័យខ្លាច ការឈឺចាប់ សោកសង្រេង សេចក្តីស្លាប់ និងការបៀតបៀនទៀតហើយ (វិវរណៈ    ២០:១៤-១៥, ២១:-៥) ។

            សំរាប់យើងជាគ្រីស្ទបរិស័ទ ដែលមានជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះយើងបានទទួលនូវសេចក្តីសង្ឃឹមដ៏ពិតនៃជីវិតដែលកើតជាថ្មី (២កូរិនថូស ៥:១៧) គ្រប់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅហើយ នឹងពេញដោយភាពសុខសាន្ត ពេញដោយអំណរ និងភាពពេញបរិបូរនៃការបង្កើតជាថ្មីឡើងវិញរបស់ទ្រង់ តាមយរៈសេចក្តីសន្យាដែលទ្រង់បានប្រទានមកដល់យើងដែលបានត្រលប់ជាកូនរបស់ទ្រង់ ទោះជាពេលវេលានោះយើងមិនដឹងច្បាស់ថា ពេលណាក៏ដោយ តែនៅក្នុងជីវិតដែលយើងរស់នៅជារាល់ថ្ងៃនៅលើផែនដីនេះ ក៏ទ្រង់ប្រទានមានសេចក្តីអំណរក្នុងទ្រង់ដែរ (ភីលីព :៤)​ ទ្រង់សព្វព្រះហឫទ័យអោយយើងមានសង្ឃឹមដោយរួចពីទោសនៃអំពើបាបហើយ  (រ៉ូម ៨:) ព្រមទាំងអោយយើងមានចិត្តស្កប់ចំពោះអ្វីដែលទ្រង់ប្រទានអោយយើង ពីព្រោះទ្រង់គង់នៅជាមួយនឹងយើង (ហេព្រើរ ១៣:៥) ព្រះវិញ្ញាណរបស់ព្រះដៅចំណាំយើង ហើយជាទីបញ្ចាំចិត្តយើង (អេភេសូរ ១:១៣-១៤) ទីបំផុតនៃរង្វាន់ជីវិតជាគ្រីស្ទបរិស័ទរបស់យើង គឺរស់នៅក្នុងការបង្កើតជាថ្មីរបស់ទ្រង់ គឺរស់នៅក្នុងនគរស្ថានសួគ៌ជាកន្លែងសុខសាន្តដ៏នៅអស់កល្បជានិច្ច ដែលព្រះទ្រង់សព្វព្រះទ័យរៀបចំទុកសំរាប់យើង (យ៉ូហាន ១៤:-៣) ។

0 Comments

Type and hit Enter to search

Close