សេចក្ដីផ្ដើម:
សុវណ្ណបានជឿលើព្រះយេស៊ូវគ្រីស្ទរយះពេល៧ឆ្នាំមកហើយ
គាត់តែងតែទៅព្រះវិហារ
ថ្វាយបង្គំព្រះអង្គ។គាត់គឺជាអ្នកដឹកនាំកម្មវិធីនៅក្នុងពន្ធ័កិច្ចយុវជន។សុវណ្ណតែងតែអធិស្ឋានហើយចែករំលែកបទពិសោធន៍ដល់ពួកជំនុំនិងយុវជននៅក្នុងព្រះវិហាររបស់គាត់។
មានថ្ងៃមួយគាត់បានចែកចាយពីសេចក្តីជំនឿរបស់គាត់ចំពោះព្រះជាម្ចាស់មកកាន់កម្មវិធីយុវជនដែលមានមនុស្សចូលរួមប្រហែល៣០នាក់
នៅរសៀលថ្ងៃសៅរ៍។គាត់បាននិយាយថានៅពេលដែលគាត់សប្បាយរីករាយនោះគាត់គិតថាព្រះជាម្ចាស់កំពុងតែនៅជាមួយនិងគាត់ ជាពិសេសពេលដែលគាត់កំពុងតែមានភាពជោគជ័យទាំងការងារ
ការសិក្សា ស្នេហា ឬ អ្វីផ្សេងទៀត នោះគាត់ក៏នៅតែមើលឃើញពីព្រះវត្តមាននៃព្រះដែលព្រះអង្គគង់នៅជាមួយនិង
គាត់ហើយព្រះអង្គក៏កំពុងតែអរសាទរចំពោះគាត់ផងដែរ។ក៏ប៉ុន្តែនៅពេលដែលគាត់ជួបនិងភាពបរាជ័យការឈឺចាប់នោះគាត់គិតថព្រះជាម្ចាស់មិនបាននៅជាមួយគាត់នោះឡើយ
គឺព្រះអង្គនៅឆ្ងាយពីគាត់។ហើយនៅក្នុងស្ថានភាពនោះគាត់មានអារម្មណ៍ថាឯកា
ហើយក៏សង្ឃឹមយ៉ាងខ្លាំង។ ផ្ទុយមកវិញសុវណ្ណបានញញឹមមកកាន់យើងទាំងអស់គ្នាថា
ការគិតរបស់គាត់គឺខុសទាំងស្រុង តាមពិតព្រះយេស៊ូវបានដើរជាមួយនិងយើង
គ្រប់ពេលទាំងអស់មិនថាជាពេលដែលយើងកំពុងតែសប្បាយ
ឬជាពេលដែលពិបាកបំផុតក៏ដោយគឺប្រៀបដូចជាពេលដែលយើងកំពុងតែដេកដួលគ្មានកំម្លាំងក្រោកដើរនោះព្រះអង្គត្រកងបីយើង
ទ្រង់អៀវយើងហើយយើងកំពុងតែស្ថិតនៅលើស្មារបស់ទ្រង់
កំពុងតែតោងព្រះអង្គ នោះយើងពុំបានឃើញស្នាមជើងរបស់ទ្រង់សោះតាមពិតទៅស្នាមជើងដែលដើរនោះគឺជាស្នាមជើងរបស់ព្រះអង្គសោះគឺព្រះអង្គកំពុងតែជួយយើងអោយដើរទៅមុខជាមួយនិងទ្រង់។
តែយើងមិនបានឃើញពីការជួយរបស់ទ្រង់សោះដោយគិតថាយើងកំពុងតែទូលភ្នំម្នាក់ឯង។ហើយនៅពេលដែលយើងកំពុងតែត្រូវដុំថ្មដែលគេគុបចោលយើងត្រូវតែពីរបីដុំប៉ុណ្ណោះ នោះយើងតែងតែស្រែកថាឈឺខ្លាំងណាស់
តើព្រះអង្គនៅឯណាហេតុអ្វីបានជាទ្រង់មិនជួយដល់ខ្ញុំសោះ។
តាមការពិតទៅព្រះជាម្ចាស់បានរងដុំថ្មជាច្រើនជំនួសយើង ហើយជាដុំថ្មដែលធំៗ ហើយយើង
ត្រូវព្រះអង្គការពារជំនួសយើង ដោយព្រះអង្គបានដើរជាមួយនិងយើង
ទើបយើងត្រូវតែបន្តិចបន្តួច
តែយើងពុំបានមើលឃើញសោះពីព្រះវត្តមាននៃទ្រង់ដែលព្រះអង្គយករូបកាយទ្រង់មកប្តូររងទុក្ខលំបាកជំនួសយើងរហូត ហើយក៏មិនដែលប្រែប្រួលសោះ។
បន្ទាប់ពីការចែកចាយរបស់គាត់ ធ្វើអោយយុវជនដែលបានចូលរួមមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ហើយពួកគេបានអធិស្ឋានអរព្រះគុណដល់ព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គបានស្រលាញ់ដល់មនុស្សមានបាបទាំងអស់
ហើយទ្រង់បានសុគតដើម្បីលោះបាបមនុស្សអោយរួចពីចំណងនៃអំពើបាបហើយបានទទួលសេចក្តីសង្រ្គោះពីព្រះអង្គ។
ដូចគ្នាផងដែរដែលពួកសិស្សរបស់ព្រះគ្រីស្ទបានដើរជាមួយនិងព្រះអង្គ
ហើយឃើញការអស្ចារ្យជាច្រើនពីភាពជាព្រះរបស់ទ្រង់តែពួកគេក៏មានភាពអស់សង្ឃឹមនៅពេលដែលព្រះគ្រីស្ទទ្រង់ត្រូវគេឆ្កាង។
ហើយពួកគេបានរៀន ហើយក៏
ស្គាល់អស់ទាំងក្រឹត្យវិន័យនៅក្នុងសាលាប្រជុំក្នុងរយះពេលយ៉ាងយូ
ពួកគេក៏បានឃើញពីការអស្ចារ្យនិងភាពជាព្រះរបស់ព្រះគ្រីស្ទជាច្រើន ប៉ុន្តែចិត្តរបស់គេពុំបានជឿលើព្រះអង្គយ៉ាងពិតប្រាកដនោះទេ
ដោយគ្រាន់តែព្រះគ្រីស្ទត្រូវគេឆ្កាងនោះបានធ្វើអោយគេមានការអស់សង្ឃឹម
ហើយវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។
រចនាសម្ព័ន្ធ:
១.
មូលហេតុនៃការបោះបង់ការដើរជាមួយព្រះគ្រីស្ទ
ក. ដោយព្រោះការបាក់ទឹកចិត្តនិងភាពអស់សង្ឃឹម
(១៣-១៥)
ខ. ដោយព្រោះការរំពឹងចង់បានរបស់យើងខុសពីបំណងព្រះហឬទ័យព្រះខ(១៧-២៤)
២. ព្រះជាម្ចាស់ទ្រង់ផ្តល់សេចក្តីសង្ឃឹម
ហើយចង់ឃើញការជឿចេញពីចិត្តយ៉ាងពិត ប្រាកដ
ក. ព្រះយេស៊ូវដើរជាមួយពួកសិស្សហើយពន្យល់ដល់សិស្សទ្រង់
(ខ២៥-៣០)
ខ.ព្រះយេស៊ូវចង់បង្រៀនសិស្សទ្រង់អោយដើរដោយជំនឿមិនមែនតាម
ការដែលមើលឃើញ ( ខ២៨-២៩
,៣០-៣៥ )
សង្ខេបបទគម្ពីរ:
បន្ទាប់ពីព្រះគ្រីស្ទទ្រង់ត្រូវបានគេឆ្កាង
ហើយគេបានយកព្រះសពទ្រង់ទៅបញ្ចុះនៅក្នុងផ្នូរដែលដាប់ក្នុងថ្ម។ លុះថ្ងៃអាទិត្យមានគេយកគ្រឿងក្រអូបទៅឯផ្នូរតែគេបានឃើញថ្មរមៀលចេញពីមាត់ផ្នូរ។
ពួកស្រីៗក៏បានចូលទៅខាងក្នុងផ្នូរតែមិនឃើញព្រះសពទ្រង់សោះ។
ពួកគេបានយកដំណឹងមកប្រាប់ដល់ពួកសាវ័កពុំបានជឿឡើយ។ ហើយថ្ងៃនោះមានសិស្ស២នាក់ កំពុងតែដើរទៅឯភូមិអេម៉ោស
ដែលមានចំងាយ១១គីឡូម៉ែត្រពីក្រុងយេរូសាឡិម។
ពួកគេបាននិយាយគ្នា ពីអស់ទាំងការដែលកើតមានមកនោះព្រះយេស៊ូវក៏ចូលមក ដោយព្រះអង្គបានយាងជាមួយនឹងគេដែរ តែភ្នែករបស់ពួកសិស្សត្រូវថ្ពឹន
មិនឲ្យស្គាល់ទ្រង់ទេ។
ព្រះយេស៊ូវបានសួរពីអ្វីដែលគេកំពុងតែជជែកគ្នាហើយសិស្សរបស់ទ្រង់ម្នាក់ដែលមានឈ្មោះថាក្លេវប៉ាស បានឆ្លើយទៅកាន់ព្រះអង្គថា តើទ្រង់ស្នាក់នៅក្នុងក្រុងយេរូសាឡិមតែម្នាក់ឯងទេឬអី
បានជាមិនដឹងការដែលកើតមកនៅគ្រានេះ។
ព្រះអង្គនៅតែសួរពីដំណើរនោះម្តងទៀតហើយពួកសិស្សទ្រង់ក៏បានប្រាប់ថាពួកគេកំពុងតែនិយាយពីដំណើរលោកលោកយេស៊ូវ
ពីស្រុកណាសារ៉ែតដែលជាហោរាហើយការលោកធ្វើ នឹងពាក្យសំដីរបស់លោក សុទ្ធតែមានឫទ្ធិ
នៅចំពោះព្រះ នឹងបណ្ដាជនទាំងឡាយផង។
តែទ្រង់ត្រូវគេបញ្ជូនឲ្យជាប់ទោសហើយត្រូវឆ្កាង។ពួកយើងខ្ញុំបានសង្ឃឹមថា
គឺលោកនេះហើយ ជាព្រះដែលរៀបនឹងប្រោសលោះសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន តែឥឡូវនេះគំរប់បីថ្ងៃហើយ
។ ពួកយើងក៏មានការឆ្ងល់ដែរ ដោយបានទៅឯផ្នូរពីព្រលឹមតែរកសពលោកមិនឃើញសោះ
ហើយគេមកប្រាប់យើងថា ឃើញទេវតាលេចមកប្រាប់ថា លោករស់ឡើងវិញហើយ។ មានពួកយើងខ្ញុំខ្លះបានទៅឯផ្នូរដែរ
ក៏ឃើញដូចជាពួកស្រីបានថាមែន តែមិនបានឃើញរូបលោកទេ។នោះទ្រង់មានបន្ទូលទៅគេថា
ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្ដី
ដែលពួកហោរាបានទាយទុកមកអើយ តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខទាំងនោះ
ហើយចូលទៅក្នុងសិរីល្អនៃទ្រង់វិញទេឬអី។រួចទ្រង់ក៏ស្រាយន័យសេចក្ដី
ដែលដំរូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្ដាប់
ចាប់តាំងពីគម្ពីរលោកម៉ូសេ នឹងគម្ពីរពួកហោរារៀងមក។
ពេលដែលពួកគេបានធ្វើដំណើរជិតដល់ភូមិដែលគេគិតទៅ នោះព្រះគ្រីស្ទទ្រង់ធ្វើដូចជាចង់យាងបង្ហួស។
តែពួកសិស្សបានឃាត់ទ្រង់ សូមដល់ទ្រង់ឲ្យនៅជាមួយនឹងពួកគេ
ពីព្រោះល្ងាច ថ្ងៃទាបណាស់ហើយ ដូច្នេះ ទ្រង់ក៏យាងចូលទៅគង់ជាមួយនឹងគេ។
កាលព្រះអង្គគង់នៅតុជាមួយនិងពួកគេ នោះទ្រង់យកនំប៉័ងមកប្រទានពរ រួចកាច់ប្រទានទៅឲ្យគេនោះភ្នែកគេ
បានបើកភ្លឺឡើង ហើយគេបានស្គាល់ទ្រង់ តែទ្រង់បាត់ពីមុខគេទៅភ្លាម។ ពួកសិស្សទ្រង់ក៏មានសេចក្ដីខ្មួលខ្មាញ់នៅក្នុងចិត្ត
ក្នុងពេលដែលទ្រង់កំពុងតែមានបន្ទូលទៅកាន់ពួកគេ ហើយសំដែងពីគម្ពីរ
តាមផ្លូវ។ នៅវេលានោះឯង ពួកសិស្សទ្រង់ក៏ក្រោកឡើងត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ
ក៏បានឃើញពួកសាវក១១នាក់ នឹងអស់អ្នកដែលនៅជាមួយបានប្រជុំគ្នា
កំពុងតែនិយាយពី ព្រះអម្ចាស់ ដែលទ្រង់មានព្រះជន្មរស់ឡើងវិញមែន
ក៏បានលេចមកឲ្យស៊ីម៉ូនឃើញ។នោះគេក៏និយាយប្រាប់ពីការដែលកើតមានមកតាមផ្លូវ
ហើយដែលគេបានស្គាល់ទ្រង់ជាក់ ដោយទ្រង់កាច់នំប៉័ងឲ្យ ។
សំនួរស្នូល
តើមូលហេតុអ្វីដែលធ្វើអោយយើងបោះបង់ការដើរតាមព្រះយេស៊ូវគ្រីស្ទ?
ហើយតើព្រះ
យេស៊ូវចង់បានចិត្តនៃការដើរតាមព្រះអង្គយ៉ាងដូម្តេច?
១.
មូលហេតុនៃការបោះបង់ការដើរជាមួយព្រះគ្រីស្ទ
ក.
ដោយព្រោះការបាក់ទឹកចិត្តនិងភាពអស់សង្ឃឹម (១៣-១៥)
សិស្សទាំងពីររបស់ព្រះយេស៊ូវ
គឺមានតែម្នាក់ប៉ុណ្ណោះដែលព្រះគម្ពីរបានប្រាប់ថាឈ្មោះក្លេវប៉ាស
ហើយម្នាក់ទៀតយើងពុំបានដឹងពីឈ្មោះនោះឡើយ ។ ពួកសិស្សរបស់ព្រះអង្គពួកគេគួរនឹងរៀនបានច្រើនពីក្រិត្យវិន័យ គម្ពីរហោរា
ហើយពួកគេក៏បានឃើញពីភាពជាព្រះគ្រីស្ទនិងការអស្ចារ្យជាច្រើនដែលព្រះអង្គបានធ្វើនៅផែនដី។ ប៉ុន្តែនៅពេលដែលពួកគេបានឃើញព្រះគ្រីស្ទត្រូវគេឆ្កាង
នោះពួកគេក៏សំរេចចិត្តវិលត្រលប់ទៅស្រុកកំណើតរបស់ពួកគេវិញ។
តាមពិតក្តីសង្ឃឹមរបស់ពួកសិស្សទ្រង់គឺពួកគេចង់អោយព្រះគ្រីស្ទបានសង្រ្គោះពួកគេឲ្យរួចពីអំណាចនៃចក្រភពរ៉ូម។
តែអ្វីដែលគេចង់ឃើញ ហើយចង់បានពីព្រះអង្គនោះបានរលាយបាត់ទៅហើយដោយព្រោះថាព្រះអង្គបានសុគតទៅហើយ។ ដូច្នេះហើយពួកសិស្សបានដើរតាមព្រះជាម្ចាស់
ហើយដោយព្រោះតែសេចក្តីសង្ឃឹមរបស់គេចំពោះទ្រង់មិនបានដូចបំណង ដូចដែលគេចង់បាននោះបានធ្វើអោយពួកគេបោះបង់នៅជំនឿការដើរតាមព្រះជាម្ចាស់ហើយវិលត្រឡប់ទៅរកជិវិតដើមរបស់ពួកគេវិញ។ ចុះចំណែកបងប្អូនវិញ
បើសិនជាយើងមិនបានទទួលតាមអ្វីដែលយើងសង្ឃឹម
ទៅលើទ្រង់
តើយើងនិងត្រឡប់ទៅរកជិវិតចាស់របស់យើងវិញដែរឬទេ?
ខ.
ដោយព្រោះការរំពឹងចង់បានរបស់យើងខុសពីបំណងព្រះហឬទ័យព្រះ(១៧-២៤)
ខ២១ព្រះយេស៊ូវបានសួរដល់សិស្សទាំងពីរពីអ្វីដែលគេបាននិយាយគ្នានៅតាមផ្លូវមិនមែនមកពីព្រះអង្គមិនដឹងទើបបានជាទ្រង់ព្យាយាមសួរម្តងហើយម្តងទៀត
តែការដែលព្រះអង្គចង់អោយពួកគេប្រាប់ដល់ទ្រង់ប្រហែលជាទ្រង់ចង់ដឹងពីចិត្តរបស់គេតើគេគិតយ៉ាងដូចម្តេចចំពោះព្រះអង្គ។
គោលបំណងរបស់ពួកសិស្សគឺគេបានគិតថាព្រះគ្រីស្ទទ្រង់និងរំដោះពួកគេឲ្យបានរួចពីកណ្តាប់ដៃរ៉ូម ទ្រង់និងជួយដល់គេឲ្យរួចពីការគាបសង្កត់ផ្នែកនយោបាយ។ ព្រះជាម្ចាស់យាងមកផែនដីនេះមិនមែនមកដើម្បីតែរំដោះមនុស្សខាងឯសាច់ឈាមនោះទេ
តែទ្រង់បានប្រទានដល់មនុស្សទាំងអស់លើសពីការរំពឹងចង់បានរបស់ពួកសិស្សទៅទៀត
គឺព្រះអង្គយាងមករំដោះមនុស្សអោយបានរួចពីទាសករនៃអំពើបាប ឲ្យពួកគេមានសេរីភាព ហើយទទួលបានជិវិតដ៏អស់កល្បជានិច្ចជាមួយនិងព្រះអង្គដូចដែលមាននៅក្នុងព្រះគម្ពីរ
(កូល៉ុស១:១៣ និង រ៉ូម៨ :២)។ យើងនិងមើលទៅក្នុងឧទាហរណ៍ : មួយដែលបានបង្ហាញពីរាស្រ្តអ៊ីស្រាអែលគេចង់
បានស្តេច។ នៅពេលដែលសាំយ៉ូអែលមានវ័យកាន់តែចាស់
នោះគេបានពិគ្រោះគ្នាហើយក៏ទាមទារចង់បានស្តេចដើម្បីគ្រប់គ្រងប្រទេសដូចជាសាសន៍ដ៏ទៃដែរ។
គេបានបដិសេធការគ្រប់គ្រងរបស់ព្រះជាម្ចាស់ហើយគេចង់បានស្តេចខាងសាច់ឈាម។
ព្រះជាម្ចាស់បានប្រាប់ពួកគេពីលក្ខណះនៃស្តេចដែលគេចង់បានហើយនិងគុណវិបត្តរបស់ស្តេចនោះដែលនិងប្រព្រឹត្តចំពោះពួកគេ។
ព្រះយេស៊ូវគ្រីស្ទទ្រង់មិនគ្រាន់តែធ្វើជាស្តេចរបស់ពួកគេប៉ុណ្ណោះទេ
តែព្រះអង្គមករំដោះគេចេញពីអំណាចនៃអំពើបាបផងដែរដែលមាននៅក្នុងព្រះគម្ពីរ ១សំាយ៉ូអែលជំពូក៨។
២. ព្រះជាម្ចាស់ទ្រង់ផ្តល់សេចក្តីសង្ឃឹម
ហើយចង់ឃើញការជឿចេញពីចិត្តយ៉ាងពិតប្រាកដ
ក.
ព្រះយេស៊ូវដើរជាមួយពួកសិស្សហើយពន្យល់ដល់សិស្សទ្រង់ (ខ ១៦,
ខ២៥-៣០)
ខ១៦,ហេតុអ្វីបានសិស្សពីរអ្នកនេះមិនស្គាល់ព្រះគ្រីស្ទថាទ្រង់កំពុងតែដើរជាមួយនិងពួកគេទាំងពីរអ្នក
ព្រោះថាពួកគេបានដើរតាមព្រះគ្រីស្ទជាយូណាស់មកហើយ ពួកគេគួរនិងចំណាំព្រះអង្គបាន។
មូលហេតុមកពីព្រះជាម្ចាស់បានថ្ពិនភ្នែករបស់ពួកគេមិនអោយស្គាល់ដល់ទ្រង់ ហេតុនេះហើយបានជាសិស្សទ្រង់ពុំអាចនិងចំណាំទ្រង់បាន។ ខ២៥
ម្យ៉ាងវិញទៀតដោយមកពីសិស្សទាំងពីពុំបានពិចារណា ហើយក្រនិងជឿអស់ទាំងសេចក្តីដែលពួកគេបានលឺពីពួកហោរាបានទាយ។
តែទោះបីជាយ៉ាងណាក៏ព្រះជាម្ចាស់ពុំបានបោះបង់ចោលសិស្សទាំងពីររបស់ទ្រង់ឡើយ។ព្រះអង្គបានដើរជាមួយនិងគេហើយ
ពន្យល់ន័យសេចក្តីដល់សិស្សទ្រង់បានយល់ចាប់តាំងពីព្រះគម្ពីរម៉ូសេរហូតដល់គម្ពីរពួកហោរា។
ព្រះអង្គបានពន្យល់ដល់សិស្សទ្រង់បើកបំភ្លឺអោយពួកគេបានយល់ថាអ្វីដែលបានកើតឡើនេះសុទ្ធតែជាផែនការរបស់ព្រះ។យើងនិងពិនិត្យមើលពី
ឧទាហរណ៍ : មួយដែលព្រះម្ចាស់បានចាត់ទេវតានៃទ្រង់អោយមកពន្យល់សប្តិដល់យ៉ូសែបប្រាប់គាត់អោយដឹងពីនាងម៉ារីដែលមានកូនគឺជាកូនដែលកើតពីព្រះវិញ្ញាណបរិសុទ្ធនៃព្រះទេ។ដូច្នេះការប្រាប់អោយដឹងរបស់ទេវតាគឺបានធ្វើអោយយ៉ូសែបឈប់ខ្វាយខ្វល់
ហើយមិនភ័យខ្លាច
ក្នុងការយកម៉ារីធ្វើជាប្រពន្ធដែលមាននៅក្នុងព្រះគម្ពីរ(ម៉ាថាយ២:២០-២៤)។ សព្វថ្ងៃនេះព្រះវិញ្ញាណបរិសុទ្ធបានគង់នៅក្នុងចិត្តរបស់យើង
ហើយទ្រង់បានបោះត្រាចំណាំដល់យើង ទ្រង់បានបង្រៀននិងដឹកនាំហើយធ្វើបន្ទាល់ពីព្រះគ្រីស្ទអោយយើងបានឃើញថាយើងជាមនុស្សមានបាបហើយត្រូវការព្រះយេស៊ូវជាព្រះសង្រ្គោះដល់ជិវិតរបស់យើង
ដែលមាននៅក្នុងព្រះគម្ពីរ( យ៉ូហាន៣:៣១- ៣៣)។
ខ.ព្រះយេស៊ូវចង់បង្រៀនសិស្សទ្រង់អោយដើរដោយជំនឿមិនមែនតាម
ការដែលមើលឃើញ
( ខ២៨-២៩ ,៣០-៣៥
)
ខ២៨,
ហេតុអ្វីបានជាព្រះយេស៊ូវទ្រង់ធ្វើដូចជាចង់ដើរបង្ហួសនៅពេលដែលពួកគេដើរជិតដល់ភូមិ
តើទ្រង់ពិតជាចង់ដើរហួសទៅមែន ឬ មួយយ៉ាងណា? ជាការពិតព្រះអង្គមិនចង់ចាកចេញពីពួកសិស្សនៅឡើយទេ តែព្រះអង្គចង់បានការឆ្លើយតបរបស់ពួកគេ
បន្ទាប់ពីព្រះអង្គបានពន្យល់នៅអត្ថន័យបទគម្ពីរមកតើចិត្តរបស់គេបានគិតយ៉ាដូចម្តេចពីព្រះអង្គ។
ហើយជាពិតប្រាកដ នៅក្នុងខ ២៩ សិស្សពីរអ្នកនោះបានឃាត់ដល់ទ្រង់ ហើយសូមដល់ទ្រង់នៅជាមួយនិងពួកគេ។
ដូចគ្នាផងដែរព្រះអង្គចង់អោយយើងមានចំណង់ចង់អោយព្រះអង្គគង់ក្នុងជិវិតរបស់យើងហើយព្រះអង្គមិនចង់បង្ខំដល់យើងឡើយ។កាលបើទ្រង់បានចូលទៅក្នុងផ្ទះរបស់ពួកគេនោះព្រះអង្គបានយកនំបុ័ងមកប្រទានពរ
រួចប្រទានទៅអោយពួកគេ។
ការកាច់នំបុ័ង
នេះបានបង្ហាញពីនិមិត្តរូបនៃរូបកាយរបស់ទ្រង់ដែលបានសុគត ហើយត្រូវខ្ទិចខ្ទាំដោយសារអំពើបាបរបស់មនុស្ស។
វាគឺជាពិធីមួយដែលរំលឹកដល់យើងអោយនឹកចាំពីការរងទុក្ខរបស់ទ្រង់ ដូច្នេះយើងត្រូវចូលរួមធ្វើពីធិលាងព្រះអង្គមា្ចស់នៅក្នុងពួកជំនុំ
ដើម្បីអោយយើងនូវតែចាំពីការលះបង់ដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ទដែលទ្រង់បានធ្វើសំរាប់មនុស្ស។
ខ៣១ សិស្សទាំងពីរបានភ្លឺភ្នែកហើយពួកគេបានស្គាល់ទ្រង់ ព្រះអង្គបានបាត់ពីមុខគេទៅភ្លាម។
ត្រង់កន្លែងនេះព្រះអង្គចង់អោយសិស្សរបស់ទ្រង់បានជឿដល់ទ្រង់ក្នុងកាលដែលជឿដោយមិនបានឃើញទ្រង់
ហេតុនេះទ្រង់មិនចង់នៅឲ្យពួកគេបានឃើញនោះទេ។ មានឧទាហរណ៍មួយ
: ថូម៉ាស ជាសិស្សម្នាក់ក្នុងពួកសិស្សទាំង១២
ដែលគេហៅថាឌីឌីម។ ពួកសិស្សបានមកឯគាត់ហើយប្រាប់ថា ពួកគេបានឃើញព្រះអម្ចាស់
តែគាត់ឆ្លើយថា បើគាត់មិនបានឃើញស្នាមដែកគោល នៅព្រះហស្តទ្រង់
ទាំងលូកម្រាមទៅក្នុងស្នាមដែកគោលនោះ ហើយលូកដៃរបស់គាត់ទៅក្នុងចំហៀងទ្រង់
នោះថូម៉ាសមិនព្រមជឿទេ។ ដល់៨ថ្ងៃក្រោយមក
ពួកសិស្សទ្រង់នៅក្នុងផ្ទះម្ដងទៀត ហើយថូម៉ាសក៏នៅជាមួយដែរ
នោះព្រះយេស៊ូវទ្រង់យាងមក ឈរកណ្ដាលពួកគេ ទាំងទ្វារនៅបិទ
ហើយមានបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត។
ព្រះអង្គក៏មានបន្ទូលទៅកាន់ថូម៉ាសថា ចូរលូកម្រាមដៃអ្នកមក
ស្ទាបមើលដៃខ្ញុំឯណេះ ហើយលូកដៃមកក្នុងចំហៀងខ្ញុំផង
កុំឲ្យមានចិត្តមិនជឿឡើយ ត្រូវឲ្យជឿចុះ។ នោះថូម៉ាសទូលឆ្លើយថា
ឱព្រះអម្ចាស់ទូលបង្គំ ឱព្រះនៃទូលបង្គំអើយ។តែព្រះយេស៊ូវមានបន្ទូលទៅគាត់ថា
ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ
អ្នកណាដែលជឿឥតឃើញសោះ ។តាមរយះសាច់រឿងនេះព្រះយេស៊ូវពុំសព្វព្រះហឬទ័យចំពោះសេចក្តីជំនឿដែលទាមទារការមើលឃើញនោះទេដូចជាថូម៉ាសដែលត្រូវការទៅស្ទាបមើលដៃទៅប៉ះអោយបានអស់ចិត្តរបស់លោកជាមុនសិនទើបគាត់អាចជឿបាន។
តែព្រះអង្គទ្រង់ប្រទានពរដល់ជំនឿដែលជឿដោយការ
មើលមិនឃើញ ព្រះអង្គចង់អោយយើងបានជឿលើទ្រង់ដោយអស់អំពីចិត្ត
ដូចដែលមានចែងនៅក្នុងព្រះគម្ពីរ (យ៉ូហាន ២០:
២៤-២៩)។ហើយដោយព្រោះតែសេចក្តីជំនឿនោះទើបព្រះជាម្ចាស់បានរាប់អ័ប្រាហាំជាសុចរិត(លោកុប្បត្តិ១៥:៦)។ ហើយដំណឹងល្អបានមកដល់បងប្អូនហើយគឺដោយគ្រាន់តែមានចិត្តជឿលើព្រះរាជបុត្រាគឺជាអង្គព្រះយេស៊ូវគ្រីស្ទនោះយើងបានរួចពីការជាប់ទោស
ហើយនិងបានជិវិតអស់កល្បជានិច្ចដូចដែលបានចែងនៅក្នុងព្រះគម្ពីរ (យ៉ូហាន
៣:១៥-១៨)។
មួយវិញទៀតយើងឃើញពីការបំ
រើព័ន្ធកិច្ចរបស់លោកសាវកប៉ុលដែលលោកបានខិតខំនៅក្នុងដំណឹងល្អរបស់ព្រះយ៉ាងខ្លំាងគឺជានឿដែលសង្ឃឹមថានិងបានដូចបំណងដូចជាលោកសាវកប៉ុលនៅតែមមុលទៅមុខដោយលោកជឿថាមនុស្សនិងទទួលបាននូវរង្វាន់ពីព្រះអង្គទៅតាមអ្វីដែលគេបានប្រព្រឹត្ត
ដែលមាននៅក្នុងព្រះគម្ពីរ (១កូរិនថូស៣:៨)។
ខ៣២ ហើយបន្ទាប់មកស្រាប់តែសិស្សទាំងពីរអ្នកនោះមានសេចក្ដីខ្មួលខ្មាញ់នៅក្នុងចិត្តក្នុងពេលដែលទ្រង់កំពុងតែមានបន្ទូលនឹងពួកគេហើយសំដែងពីគម្ពីរនៅតាមផ្លូវ។
ចិត្តរបស់ពួកគេបានមើលឃើញព្រះគ្រីស្ទនៅក្នុងបទគម្ពីរ។ មានឧទាហរណ៍
: មួយដែលមាននៅក្នុងព្រះគម្ពីរកិច្ចការ១៦:១៤ ដែលបាននិយាយអំពីស្រ្តីម្នាក់ដែលមានឈ្មោះថា
លីឌាគាត់បានស្តាប់សេចក្តីអធិប្បាយរបស់សាវកប៉ុលយ៉ាងយកចិត្តទុកដាក់ នាងប្រុងស្តាប់
ព្រះជាម្ចាស់ទ្រង់ក៏បើចិត្តនាង។ ដូចគ្នានិងសិស្សទ្រង់ទាំងពីរដែរ ដោយសារព្រះគ្រីស្ទបានមានបន្ទូលទៅកាន់ពួកគេ
ហើយសម្តែងអោយគេស្គាល់ពីគម្ពីរនៅតាមផ្លូវដែលពួកគេបានធ្វើដំណើរ នោះពួកគេក៏មានសេចក្តីខ្មួលខ្មាញ់ក្នុងចិត្ត។
ហើយនៅវេលានោះឯង ពួកគេក៏ក្រោកឡើងត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ
ដោយមិនគិតពីការអស់កំលាំងពីគ្រោះថ្នាក់អ្វីឡើយដោយពួកគេចេញទៅមិនតំអែតំអង់សោះឡើយ។នេះមកពីពួកគេចង់ប្រាប់ពីដំណឹងដ៏សំខាន់ទៅកាន់សិស្សដ៏ទៃទៀតអោយបានឃើញការអស្ចារ្យដែលពួកគេបានជួប។ សិស្សទាំងពីរនោះក៏បានទៅជួបនិងពួកសាវក ទាំង១១
នៅយេរូសាឡិមដែលកំពុងតែនិយាយពីព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ។ពួកគេបានប្រាប់ពីការដែលកើតឡើងនៅតាមផ្លូវទៅភូមិអេម៉ោស
ហើយគេពិតជាបានឃើញព្រះអង្គច្បាស់ ហើយថែមទាំងធ្វើពិធីកាច់នំបុ័ងជាមួយនិងព្រះអង្គផង។
សរុបសេចក្ដីមក:
សិស្សពីរអ្នកដែលបានដើរតាមព្រះគ្រីស្ទពួកគាត់ដូចជាអស់សង្ឃឹមហើយបានសម្រេចចិត្តត្រលប់ទៅផ្ទះរបស់ពួកគេវិញ។
ទោះបីជាពួកគេបានដើរតាមព្រះគ្រីស្ទក្នុងរយះពេលយូយ៉ាងណាក៏ដោយ តែចិត្តរបស់ពួកគេមិនបានជឿលើព្រះអង្គយ៉ាងពិតប្រាកដឡើយ។
ហើយសេចក្តីសង្ឃឹមរបស់ពួកគេគឺចង់អោយព្រះគ្រីស្ទបានជួយរំដោះពួកគេអោយរួចពីអំណាចរបស់ចក្រភពរ៉ូមប៉ុណ្ណោះ។
ព្រះជាម្ចាស់ទ្រង់មិនបោះបង់សិស្សរបស់ទ្រង់ឡើយ
ព្រះអង្គបានពន្យល់ស្រាយពីអត្ថន័យអោយគេបានយល់ពីផែនការរបស់ទ្រង់។
ព្រះអង្គចង់អោយពួកគេជឿលើព្រះអង្គដោយមិនមែនមកពីការមើលឃើញតែជឿដោយការមើលមិនឃើញវិញដែលជាការជឿចេញពីចិត្តដ៏ពិតប្រាកដ។ព្រះយេស៊ូវបានធ្វើពិធីកាច់នំបុ័ងជាមួយនិងសិស្សពីរអ្នកនោះ។បន្ទាប់មកសិស្សទាំងពីនោះក៏មានចិត្តខ្មួលខ្មាញ់ភ្នែរបស់គេក៏បានភ្លឺឡើងគឺចិត្តរបស់ពួកគេទំាងពីរបានមើលឃើញព្រះគ្រីស្ទពួកគេបានទៅប្រាប់ដំណឹងដល់ពួកសាវកទាំង១១នាក់ទៀត។ពួកសាវកបានរង់ចាំព្រះវិញ្ញាណបរិសុទ្ធដែលព្រះគ្រីស្ទបានសន្យាថានិងប្រទានដល់ពួកគេហើយពួកគេនិងមានអំណាចក្នុងការប្រកាសដំណឹងល្អដល់មនុស្សរហូតដល់ចុងផែនដី។
អនុវត្តន៏:
ក្នុងនាមយើងជាគ្រីស្ទបរិស័ទ
ហើយជាសិស្សសាលាព្រះគម្ពីរយើងត្រូវដឹងពីគោលបំណងដែល
យើងដើរតាមព្រះអង្គតើមកពីមូហេតុអ្វី
ហើយយើងពិតប្រាកដជានូវតែជឿលើទ្រង់ទេប្រសិនណាជាជិវិតរបស់យើងបានជួបនិងការបៀតបៀនក៏ដូចជាទុក្ខលំបាកជាច្រើនតើយើងនូវតែបន្តដើរជាមួយទ្រង់
ឬក៏វិលត្រឡប់ទៅជិវិតចាស់របស់យើង។
នៅក្នុងពួកជំនុំរបស់យើងក៏ដូចគ្នាដែរ ដែលថាមិនមែនពួកជំនុំទាំងអស់គ្នាសុទ្ធតែមានជំនឿយ៉ាងពិតប្រាកដនិងការប្តេជ្ញាចិត្តដើរតាមព្រះនៅក្នុងគ្រប់ទាំងស្ថានភាពទាំងអស់នោះទេ។ពួកជំនុំអាចនិងមានគោលបំណងក្នុងការមកព្រះវិហារខុសៗគ្នាអ្នកខ្លះមកព្រះវិហារដើម្បីរកការងារធ្វើហើយអ្នកខ្លះទៀតមកព្រះវិហារដើម្បីរកដៃគូជិត
តែក៏មានអ្នកខ្លះទៀតដែលចិត្តរបស់គាត់ពិតប្រាកដជាមកថ្វាយបង្គំព្រះអង្គដោយចង់បានព្រះអង្គជាងអ្វីទាំងអស់។យើងអាចនិយាយបានវាមានការងាយស្រួលណាស់ថា
ដោយគ្រាន់តែនិយាយថាខ្ញុំជឿលើព្រះយេស៊ូវគ្រីស្ទ ហើយខ្ញុំស្រឡាញ់ដល់ព្រះគ្រីស្ទ
តែសំណួរសួរថាតើយើងពិតជាស្រឡាញ់់ហើយចង់លីឈើឆ្កាងតាមទ្រង់ដែរឬទេ។
![]() |
ឯកសារយោង
១.គន្ថះធិប្បាយព្រះគម្ពីរ
និពន្ធដោយបណ្ឌិត ហេនរីអេតា ស៊ីមៀរ្ស បោះពុម្ពនៅរោងពុម្ព ហាវៃ ក្នុងប្រទេសកម្ពុជា ខែមិនា ឆ្នាំ២០១១
២. ទេវសាស្រ្តព្រះគម្ពីរទី១
សាកលវិទ្យាល័យទេវសាស្រ្តមួររៀនដោយការសិក្សាទាក់ទងគ្នា
៣.ព្រះគម្ពីរបរិសុទ្ធសម្រាប់សិក្សា
សញ្ញាចាស់ និងសញ្ញាថ្មីភាសារខ្មែរ បោះពុម្ពដោយ : សម័្ពន្ធ ព្រះគម្ពីរកម្ពុជា ឆ្នាំ២០១៣។
៤.អត្ថាធិប្បាយព្រះគម្ពីរ
កណ្ឌ កំណាព្យ ភាគទី៣ និពន្ធដោយ ដន ហ្វីលេមីង
0 Comments