សេចក្តីផ្តើម(ការប្រែចិត្ត)
សុភ័ត្រាជានិស្សិតផ្នែករូបវិទ្យារៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ
ហើយគាត់រស់នៅក្នុងដម
និស្សិតរយៈពេល ៤ឆ្នាំ។
នៅក្នុងដមមាននិស្សិតទាំងប្រុសទាំងស្រី១០០នាក់ រស់នៅ
ហើយនៅពេលព្រឹកគេមានរៀនព្រះគម្ពីរ បន្ទាប់ មកគេញ៉ាំបាយ សុភ័ត្រាឃើញដូច្នេះ
ក៏ចូលរៀនជាមួយគេដើម្បីយកបានញ៉ាំ។ គេមានការថ្វាយបង្គំពេលយប់ចាប់ពី
ថ្ងៃច័ន្ទដល់សុក្រ អ្នកដែលរស់នៅក្នុងដមគេតំរូវឲ្យចូលរួមថ្វាយបង្គំ ហើយអ្នកដែលចូលរួមមានទាំងអ្នកជឿនឹងអ្នកមិន
ជឿ ពេលថ្វាយបង្គំចប់គេមានបង្រៀនក្រុមតូចជាមួយគ្នាដែរ។ សុភ័ត្រាជាមនុស្សដែលមានចិត្តរឹងរួសគាត់បាន
បដិសេធជាមួយនឹងដំណឹងល្អរបស់ព្រះយេស៊ូវដែលទ្រង់ជាអ្នកបង្កើតមនុស្សលោកទាំងអស់
ព្រមទាំងចំអកឡក ឡឺយអ្នកដែលដើរតាមព្រះយេស៊ូវជារឿយៗថា ព្រះពុទ្ធជាសាសនារដ្ឋមិនថ្វាយបង្គំ
ភ្លឺទៅថ្វាយបង្គំសាសនាយេស៊ូវជា សាសនាបរទេសទៅវិញ ល្ងង់រៀនដល់បរិញ្ញាប័ត្រ
តែក្បត់សាសនាខ្លួនឯង។ ថ្ងៃមួយគ្រូគង្វាលបានហុយព្រះគម្ពីរ ទៅសុភ័ត្រា តែមុនដំបូងគាត់បដិសេធ
ហើយក្រោយមកគាត់ព្រមទទួលយកព្រះគម្ពីរពីគ្រូគង្វាល ប្រហែលជាមួយ ឆ្នាំក្រោយមក
សុភ័ត្រាចាប់ផ្តើមព្រះគម្ពីរលោកុប្បត្តិដែលនិយាយអំពីទ្រង់ជាអ្នកបង្កើតអ្វីៗសព្វសារពើនៅលើផែនដី
នឹងមនុស្សដូចរូបអង្គទ្រង់
ព្រមទាំងមនុស្សបានប្រព្រឹត្តបាបទាស់ប្រឆាំងជាមួយព្រះជាម្ចាស់។ ចាប់ពីពេលនោះ
សុភ័ត្រាចាប់ផ្តើមកែប្រែចិត្តឈប់រករឿងគ្រីស្ទបរិស័ទ ហើយគាត់បានប្រាប់ទៅគ្រូគង្វាលថា
គាត់ទទួលព្រះយេស៊ូវជា ព្រះសង្រ្គោះ
ព្រមទាំងឲ្យគ្រូគង្វាលធ្វើពិធីជ្រមុជទឹកឲ្យគាត់។ ចាប់ពីពេលនោះ
សុភ័ត្រាចាប់ផ្តើមបំរើព័ន្ធកិច្ចរបស់ ព្រះយេស៊ូវគ្រីស្ទជាមួយគ្រូគង្វាលមួយជិវិតរបស់គាត់។
យើងមើលឃើញថា ទោះបីជា សុភត្រាមានចិត្តរឹងរួសដូចថ្ម យ៉ាងណាក៏ដោយ
ក៏ព្រះយេស៊ូវទ្រង់ផ្លាស់ប្រែចិត្តរឹងរួសរបស់គាត់ឲ្យទន់ចិត្តមកជឿលើទ្រង់
ហើយព្រះអង្គបានប្រើ ជីវិតសុភ័ត្រាជាឧបករណ៍សំរាប់បំពេញបេសកកម្មរបស់ព្រះ។ ដូចគ្នាដែរ
នៅក្នុងព្រះគម្ពីរកិច្ចការ ៩:១-១៩ បានចែង ថា៖
·
សំនួរស្នូល៖
តើមូលហេតុអ្វីបានជាព្រះយេស៊ូវត្រាស់ហៅសូលដើម្បីបំពេញបេសកកម្មរបស់ទ្រង់ធ្វើអ្វី?
·
បរិបទគម្ពីរ៖
នៅជំពូក៧:៦០ បានបញ្ចាក់ថាសូលបានចូលរួមគប់ដុំថ្មសំឡាប់ស្ទេផាន
ក្រោយពេលដែល ស្ទេផានស្លាប់ទៅពួកជំនុំហាក់បីដូចជាមិនរលត់នូវដំណឹងល្អទេ តែទទួលរងការបៀតបៀនយ៉ាងខ្លាំងពីសំណាក់ពួក
មហាអំណាច ដោយនៅជំពូក៨:១ប្រាប់ថា ពួកជំនុំត្រូវខ្ចាត់ខ្ចាយពាសពេញស្រុកយូដា និង
ស្រុកសាម៉ារី តែទោះជា យ៉ាងណា ពួកជំនុំនូវតែរីកចំរើនរឹតតែខ្លាំងឡើង
ដោយសារតែព្រះវិញ្ញាណបរិសុទ្ធជាអ្នកជំរុញឲ្យពួកគេមានកំឡាំង បន្តទៅមុខទៀតបាន។
II.
សង្ខេបបទគម្ពីរ
ហើយនៅព្រះគម្ពីរកិច្ចការ ៩:១-១៩
លោកលូកាបាននិយាយរៀបរាប់ពីបុរសម្នាក់ឈ្មោះសូល ដែលបានធ្វើការ បុកទោម្និញ និង
បៀតបៀនលើគ្រីបរិស័ទ ទាំងស្រីទាំងប្រុស ព្រមទាំងចាស់ ក្មេង ឥតឈប់ឈរ ហើយបានសុំច្បាប់
ពីសម្តេចសង្ឃទៅតាមចាប់នៅក្រុងដាម៉ាស់យកមកទីក្រុងយេរូសាឡឹមវិញ
ដើម្បីធ្វើការដាក់ទោស។ ប៉ុន្តែនៅដែល សូលធ្វើដំណើរជិតដល់ក្រុងដាម៉ាស់
ស្រាប់ព្រះយេស៊ូវធ្វើឲ្យបុរសម្នាក់នេះមើលលែងឃើញអស់រយៈពេលបីថ្ងៃ ដោយគ្មានអ្វីបរិភោគ
ក្រោយមកទ្រង់បានប្រើអាណានាសដាក់ដៃលើសូល ដើម្បីឲ្យមើលឃើញ ហើយព្រះយេស៊ូវ
ទរង់មានព្រះបន្ទូលថា ព្រះអង្គនឹងប្រើជីវិតរបស់សូល
ដើម្បីនាំដំណឹងល្អរបស់ទ្រង់ទៅប្រាប់ដល់សាសន៍ដទៃ។ ពេល ដែលសូលបានមើលឃើញឡើងវិញ
គាត់បានសំរេចចិត្តទទួលពិធីជ្រមុជទឹក។
III.
រចនាសម្ពន្ធបទគម្ពីរ
1.
ព្រះយេស៊ូវទ្រង់នឹងផ្លាស់ប្រែជីវិតរបស់លោកសូលជាថ្មី
(ខ.១-៩)
2.
ព្រះយេស៊ូវទ្រង់នឹងរើសតាំងលោកសូលដើម្បីប្រកាស់ដំណឹងល្អដល់សាសន៍ដទៃ
(ខ.១០-១៩)
IV.
ការកាត់ស្រាយបទគម្ពីរ
1.
ព្រះយេស៊ូវទ្រង់នឹងផ្លាស់ប្រែជីវិតរបស់លោកសូលជាថ្មី
(ខ.១-៩)
តើមូលហេតុអ្វីបានជាព្រះយេស៊ូវទ្រង់នឹងផ្លាស់ប្រែជីវិតរបស់លោកសូលជាថ្មី?
ពីព្រោះដើម្បីឲ្យលោកសូលមាន ចំណែកក្នុងការបំរើព័ន្ធកិច្ចរបស់ទ្រង់ និង
មានជីវិតថ្មី។
តើការផ្លាស់ប្រែមានន័យដូចម្តេច? តាមអត្ថន័យវចនានុក្រមជួនណាត
គឺការផ្លាស់ប្រែគំនិត ផ្លាស់ប្រែចិត្ត ផ្លាស់ ប្តូរចិត្តគំនិត។ ឧទាហរណ៍ថា អាក្រក់
មកល្អ ពីឆ្មើងឆ្មៃ មកសុភាពរាបសារ ស្អប់ មកស្រឡាញ់ លួច មកឈប់លួច។
តែអត្ថន័យក្នុងព្រះគម្ពីរវិញការផ្លាស់ប្រែមានន័យថា ការប្រែចិត្ត
គឺជាការដែលមានព្រះហើយផ្លាស់ប្រែចិត្ត គំនិត និង
ជីវិតតាមរយៈការទុកចិត្តលើព្រះគ្រីស្ទ (យេរេមា ២៦:៣; ២កូរិនថូស
៧:៨-១០)។
ន័យធម្មតាអាចជាការ សោក ស្តាយ ឬផ្លាស់ប្តូរគំនិត (ម៉ាថាយ ២៧:៣)។
ការផ្លាស់ប្រែគំនិតរបស់ព្រះជាម្ចាស់ មិនមែនប្រែពីអំពើបាបនោះទេ ប៉ុន្តែ
ប្រែពីការកាត់ទោសពីអ្វីដែលបានប្រព្រឹត្តហើយ (១សាំយូអែល ១៥:១១,
២៩, ៣៥)។ ការផ្លាស់ប្រែ គឺជាការប្រែ ប្រួល ការផ្លាស់ប្រែផ្នែកខាងក្រៅ (ម៉ាថាយ ១៧:២)។
ពាក្យនេះបង្ហាញពីព្រះកាយរបស់ព្រះយេស៊ូវបានផ្លាស់ប្រែ នៅ
ពេលដែលព្រះយេស៊ូវទទួលសិរីរុងរឿង និងបង្ហាញពីពន្លឺចែងចាំងមកពីស្ថានសួគ៌
ពេលដែលទ្រង់ឈរជាមួយលោក ពេត្រុស យ៉ាកុប និងយ៉ូហាន។ ការផ្លាស់ប្រែចិត្ត, ប្រែចិត្ត
គឺជាការដែលត្រឡប់ក្រោយ បែរចេញពីអំពើបាបទៅរកព្រះ បែរចេញពីអ្វីមួយ (ទំនុកដំកើង ៥១:១៣)។
រួមបញ្ជូលទាំងការប្រែចិត្តពីការប្រព្រឹត្តអាក្រក់ និងអាកប្បកិរិយាអាក្រក់
ឲ្យបានទៅជាត្រឹមត្រូវវិញ (យ៉ាកុប ៥:១៩-២០)។ មនុស្សដែលបានផ្លាស់ប្រែ ត្រូវទុកចិត្ត
និងរៀនពីព្រះជាម្ចាស់ ដូច ជាក្មេង (ម៉ាថាយ ១៨:៣)
ទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងការផ្លាស់ប្រែចិត្ត (កិច្ចការ ៣:១៩)។
ការផ្លាស់ប្រែចិត្តមកពី បទពិសោធន៍នៃការត្រឡប់ទៅរកព្រះជាម្ចាស់ដោយកែប្រែចិត្ត គំនិត
ដើម្បីទទួលអំណោយទាននៃសេចក្តីសង្រ្គោះ (កិច្ចការ ៩:១-២២)។ ហើយការផ្លាស់ប្រែជាថ្មី គឺជាការកើតជាថ្មី
ការបង្កើតជាថ្មី (ម៉ាថាយ ២៨:១៩;
ទីតុស ៣:៥)[1]។
ឥឡូវនេះយើងនឹងធ្វើការវែកញែកជាមួយគ្នា៖
នៅដើមខ.១ ផ្តើមដោយឈ្មោះសូល
តើសូលមានន័យដូចម្តេច ហើយគឺជានរណា? ឈ្មោះសូលមានន័យថា ទូលសុំ។ ហើយសូល
គឺជាអ្នកដឹកនាំសាសន៍យូដាដ៏អស្ចារ្យម្នាក់ ដែលត្រូវបានគេស្គាល់ថាជាសាវ័កប៉ុល
(កិច្ចការ ១៣:៩) ។
សូលបានបៀតបៀនដល់ពួកជំនុំមុនពេលដែលគាត់ក្លាយជាគ្រីស្ទបរិស័ទ (កិច្ចការ ៧:៥៨)[2]។ សូលជា
ជនជាតិយូដាសុទ្ធសាធ កើតនៅក្រុងតើសុស ជាក្រុងមួយនៅស្រុកគីលីគា (ស៊ីលីស៊ី)
នាភាគខាងត្បូង ឆៀងខាង លិចស្រុកអាស៊ីមីន័រ (កិច្ចការ ២២:៣; ភីលីព
៣:៥)។
គាត់មានសញ្ជាតិរ៉ូមតាំងពីកំណើត (កិច្ចការ ១៦:៣៧, ២២:២៦-២៨) មានឈ្មោះរ៉ូម គឺប៉ុល (កិច្ចការ ១៣:៩)
ពេលដែលគាត់ធំឡើង គាត់អាចនិយាយភាសាក្រេក និង ហេព្រើរ (កិច្ចការ ២១:៣៧,
៤០)។ ពេលពេញវ័យ សូលជាយុវជនប្រកាន់សាសនាយ៉ាងខ្ជាប់ខ្ជួន បានធ្វើដំណើរទៅ
ក្រុងយេរូសាឡឹម ដើម្បីរៀនច្បាប់យូដាតាមការកំណត់ដ៏តឹងតែងនៃពួកផារីស៊ី
គ្រូរបស់គាត់ជាមនុស្សដែលមាន ឈ្មោះល្បី គឺលោកគ្រូកាម៉ាលាល (កាម៉ាលីអែល) (កិច្ចការ
២២:៣, ២៣:៦, ២៦:៥)។ គាត់ជាអ្នកដែលសាងសង់ ត្រសាល[3]។ បើយើងក្រឡេកមើល
ខ.១-២ វិញយើងឃើញថា លោកសូលបានបញ្ចេញសកម្មភាពគំរាមកំហែងដល់
ពួកគ្រីស្ទបរិស័ទគ្រប់ស្រទាប់វណ្ណៈទាំងអស់ មិនតែប៉ុណ្ណោះគាត់បានសុំច្បាប់ពីពួកសម្តេចសង្ឃ
ដើម្បីទៅតាមចាប់ និង សំឡាប់ពួកគ្រីស្ទបរិស័ទនៅក្នុងក្រុងដាម៉ាសនៃស្រុកស៊ីរី មិនថា
ចាស់ ឬ ក្មេង ទាំងប្រុសស្រីឲ្យតែដើរតាម ព្រះយេស៊ូវត្រូវចាប់ទាំងអស់ទៅទីក្រុងយេរូសាឡឹម
ដើម្បីធ្វើការជំនុំជំរះ។ នៅទីក្រុងដាម៉ាសមានដំណឹងល្អបានជៀត ចូលហើយ ម្យ៉ាងវិញទៀតមានគ្រីស្ទបរិស័ទច្រើនរស់នៅក្នុងទីក្រុងនេះដែលគ្រប់គ្រងដោយពួករ៉ូម៉ាំង
ហើយពីទីក្រុង ដាម៉ាសទៅទីក្រុងយេរូសាឡឹមមានចំងាយប្រហែល ២៤១ គីឡូម៉ែត្រ។ យើងឃើញថាសូលធ្វើការបុកទោម្និញ
និង បៀតបៀនលើគ្រីស្ទបរិស័ទគ្រប់ទីកន្លែង ជាពិសេសនៅទីក្រុងដាម៉ាសនេះតែម្តង
យ៉ាងសាហាវព្រៃផ្សៃបំផុត។ ទោះ បីយ៉ាងណា អ្វីដែលលោកសូលធ្វើមិនអាចជាឧបស័គ្គរារាំងផែនការណ៍របស់ព្រះយេស៊ូវគ្រីស្ទឲ្យឈប់ត្រឹមហ្នឹងបាន
ឡើយ។ មិនថាអ្នកដែលធ្វើបាបពួកជំនុំជំនាន់ដើម ឬនៅសម័យបច្ចុប្បន្នក៏ដោយ
ក៏មិនអាចបំផ្លាញនូវគោលបំណង របស់ទ្រង់បានទេ។
តើព្រះយេស៊ូវទ្រង់មានផែនការណ៍អ្វីបន្តទៀត សំរាប់ដឹកនាំពួកជំនុំរបស់ទ្រង់នោះ?
បើយើងសំឡឹងមើលមកខ.៣ ប៉ុន្តែ
កំពុងដែលគាត់ដើរតាមផ្លូវ ទៅជិតនឹងដល់ក្រុងដាម៉ាសហើយ
នោះស្រាប់តែមានពន្លឺពីលើមេឃភ្លឺមកនៅជុំវិញខ្លួន នូវ(ខ.៣) បានបង្ហាញថាសូលអស់ល័ក្ខហើយ
ដោយព្រះយេស៊ូវបានបំបាក់ធ្មុង របស់សូល
ហើយព្រមទាំងបើកសំដែងឲ្យគាត់បានមើលឃើញពន្លឺនៃសិរីរុងរឿងរបស់ទ្រង់។ បន្ទាប់មកនូវ(ខ.៤)
សូលបានឮសំឡេងហៅឈ្មោះគាត់ ព្រមទាំងសួរទៅសូលថា ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ?
តើពាក្យខ្ញុំ នេះសំដៅទៅនរណា? គឺសំដៅព្រះយេស៊ូវគ្រីស្ទ
ហើយព្រះយេស៊ូវផ្ទាល់ទ្រង់បានសួរទៅសូលថា ហេតុអ្វីបានជា បៀតបៀនលើទ្រង់ដូច្នេះ?
មានន័យថា បើកាលណាសូលធ្វើការបៀតបៀនលើពួកជំនុំនោះបញ្ជាក់ថា ក៏ដូចជាបៀត
បៀនមកលើទ្រង់ដែរ។ ហេតុអី្វ? ពីព្រោះពួកជំនុំគឺជាព្រះកាយរបស់ទ្រង់ផ្ទាល់ (១កូរិនថូស
១២:២៧;
អេភេសូរ ១:២២-២៣)
បើពួកជំនុំទទួលរងឈឺចាប់ ឬទទួលការរងទុក្ខ នោះព្រះយេស៊ូវក៏ទទួលការឈឺចាប់ដែរ
ពីព្រោះពួកជំនុំ ជាអវៈយវៈរបស់ទ្រង់
ហើយម្យ៉ាងវិញទៀតព្រះគ្រីស្ទទ្រង់ជាសិសារបស់ពួកជំនុំ។ ហើយនៅ(ខ.៥) លោកសូលបាន ឆ្លើយថា
ឱព្រះអម្ចាស់អើយ ព្រះអង្គណានុ៎ះ រួចព្រះអម្ចាស់ទ្រង់តបថា
ខ្ញុំនេះជាព្រះយេស៊ូវដែលអ្នកបៀតបៀន អ្នកធាក់ជល់នឹងជន្លួញដូច្នេះ
នោះពិបាកដល់អ្នកណាស់ នេះមានន័យថាសំឡេងដែលសូលកំពុងតែឮគឺជាសំឡេងរបស់
ព្រះយេស៊ូវ ហើយពន្លឺដែលបានភ្លឺជុំវិញលោកសូលធ្វើឲ្យគាត់ដឹងថាគាត់កំពុងតែស្ថិតនៅក្នុងវត្តមានរបស់ព្រះជាម្ចាស់
ហើយ។ សូមយើងពិនិត្យមើលនៅចុង(ខ.៥) អ្នកធាក់ជល់នឹងជន្លួញដូច្នេះ
នោះពិបាកដល់អ្នកណាស់ ធម្មតាជន្លួញ គេប្រើនៅពេលណា?
គឺអ្នកបររទេះគោហើយម្ចាស់ចាក់នឹងជន្លួញនៅពេលដែលគោមិនដើរ ឬចង់ឲ្យគោដើរលឿន ជាងមុន
ហើយប្រៀបបីដូចជាលោកសូលបានយកជន្លួញចាក់លើគ្រីស្ទបរិស័ទដែរ។ បើលោកសូលបៀតបៀន ព្រម ទាំង
ស្អប់ទ្រង់ដល់ថ្នាក់នឹងទៅហើយ ខ្ញុំឆ្ងល់ថាតើមូលហេតុអ្វីបានជាព្រះយេស៊ូវបែរជាធ្វើការផ្លាស់ប្រែជីវិតលោក
សូលធ្វើអ្វី? ចូរយើងពិចារណាអំពើដែលសូលបានធ្វើលើគ្រីស្ទបរិស័ទ នៅព្រះគម្ពីរកិច្ចការ
(៧:៥៨) គឺគាត់បានចូល រួមសកម្មភាពគប់ដុំថ្មលើលោកស្ទេផាន ហើយ (៨:១)
សូលបានយល់ស្របក្នុងការបៀតបៀនលើគ្រីស្ទបរិស័ទ ចំណែកនៅ (៨:៣)
សូលបានដើរចាប់គ្រីស្ទបរិស័ទគ្រប់ផ្ទះទាំងប្រុសទាំងស្រីយកទៅដាក់គុក ហើយរហូតមកដល់ (៩:១)
សូលដើរគំរាមកំហែងព្រមទាំងបំផ្លាញ និងសំឡាប់ដល់គ្រីស្ទបរិស័ទដោយមិនដាក់ដៃសោះ។
លើសពីនេះ ទៀត សូលបាននិយាយក្នុង (២៦:៩-១១) ថាលោកផ្ទាល់បានធ្វើការទាស់ទទឹងនឹងព្រះនាមព្រះយេស៊ូវ
ព្រមទាំង ចាប់អ្នកពួកបរិសុទ្ធដាក់គុក និងដេញសំឡាប់ពួកគេថែមទៀត
ហើយបានប្រមាថដល់ព្រះអង្គ ដែលជាព្រះសង្រ្គោះ។ ចំពោះយើងវិញគិតថា តើយើងចង់ឲ្យព្រះយេស៊ូវធ្វើយ៉ាងមេចចំពោះលោកសូល?
ប្រហែលយើងចង់ឲ្យព្រះយេស៊ូវ
ដាក់ទោសដល់លោកសូលឲ្យសមនឹងកំហុសដែលគាត់បានធ្វើមកលើគ្រីស្ទបរិស័ទ។
តែផ្ទុយទៅវិញគោលបំណង ព្រះអង្គ និងគោលបំណងរបស់យើងខុសគ្នា
ព្រះអង្គនៅពេលដែលមនុស្សម្នាក់ធ្វើខុសជាមួយទ្រង់ធំប៉ុណាក៏ដោយ ពេលដែលមនុស្សម្នាក់នោះប្រែចិត្តបែរមករកទ្រង់វិញដោយការបន្ទាបខ្លួន
នោះទ្រង់នឹងលើកលែងទោសកំហុសឲ្យ។ ឧទាហរណ៍ ឪពុកម្តាយទោះបីជាកូនរបស់គាត់បានធ្វើខុសចំពោះគាត់
ក៏លែងទោសឲ្យកូនដែរ នៅពេលកូនគាត់ដឹង កំហុសហើយបែរមករកអ្នកទាំងពីរវិញ។
ដូចគ្នាដែរព្រះយេស៊ូវប្រៀបបីដូចជាឪពុកយើងដែរ ឲ្យតែយើងដឹងកំហុស ហើយងាកមកទ្រង់វិញ
នោះទ្រង់នឹងទទួលយើងវិញ។ ដូចគ្នាលោកសូលបានកែប្រែចិត្ត (ខ.៦) នោះគាត់ក៏ញាប់ញ័រ
ទាំងអស្ចារ្យក្នុងចិត្ត ហើយទូលថា ព្រះអម្ចាស់អើយ
តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្ដេច
ព្រះអម្ចាស់មានបន្ទូលថា ចូរក្រោកឡើងចូលទៅក្នុងទីក្រុងទៅ
នោះគេនឹងប្រាប់អ្នកឲ្យដឹងពីការដែលអ្នកត្រូវធ្វើ តើយើងធ្វើយ៉ាង ណាទើបអាចដឹងថា
លោកសូលប្រែចិត្តពិតប្រាកដ? នៅពេលដែលយើងឃើញនរណាម្នាក់មានការប្រែចិត្តនោះ
ពេលដែលឃើញគាត់ងាកចេញពីអំពើបាប ហើយងាកមករកព្រះអង្គដោយសេចក្តីជំនឿ (កិច្ចការ ៣:១៩)
ហើយ សេចក្តីជំនឿនិងការប្រែចិត្តត្រូវតែកើតឡើងទន្ទឹមគ្នាជាដាច់ខាត។ ឧទាហរណ៍
គាត់ចេះពិសាស្រា ហើយក្រោយមក គាត់ឈប់ផឹកស្រា
នេះមិនបញ្ជាក់ថាគាត់បានបែ្រចិត្តតាមបទគម្ពីរសញ្ញាថ្មីបានចែងនោះទេ
វាគ្រាន់តែជាកែប្រែផ្នែក អាកប្បកិរិយារបស់គាត់តែប៉ុណ្ណោះ
គាត់មិនបានទទួលបានសេចក្តីសង្រ្គោះ ហើយទ្រង់ត្រូវតែដាក់ទណ្ឌកម្ម ពីព្រោះ
គាត់មិនបានបែររកព្រះអង្គនោះឡើយ
វាប្រៀបបីដូចជាមនុស្សម្នាក់អំពាវនាវសុំសេចក្តីមេត្តាមកពីព្រះ តែគេមិនបាន
ងាកចេញពីអំពើបាបនោះឡើយ។ ហេតុនេះអ្នកណាដែលមានជំនឿ និងមានការប្រែចិត្តពិតប្រាកដនោះ
លុះត្រាតែ ម្នាក់នោះបានស្តាប់ឮដំណឹងល្អជាមុនសិន (ម៉ាថាយ ៣:២)
ការប្រែចិត្តគឺជាការសំរេចិត្តត្រឹមត្រូវចំពោះនគរព្រះ និង ការដើរតាមព្រះយេស៊ូវ ដូចគ្នាដែរពេត្រុសបានប្រាប់អោយមនុស្សប្រែចិត្ត
បន្ទាប់ពីគាត់បានប្រកាសដំណឹងល្អរបស់ ព្រះគ្រីស្ទទៅកាន់ពួកគេ (កិច្ចការ ២:៣៨)។ នៅពេលយើងប្រែចិត្ត
យើងមាន បំណងចិត្តធំធេង ដើម្បីផ្លាស់ប្តូរជីវិត របស់យើង
និងរស់នៅដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះតែប៉ុណ្ណោះ (កិច្ចការ ២៦:២០)។
ប្រសិនជាមនុស្សម្នាក់មាន ការប្រែចិត្ត តែឥតមានមានជំនឿក៏ទៅមិនរួចដែរ ត្រូវតែមានជំនឿ
គឺជាការទុកចិត្តលើព្រះអម្ចាស់ យេស៊ូវគ្រីស្ទជា ព្រះអង្គសង្គ្រោះតែមួយ ដែលសង្គ្រោះយើងចេញពីអំពើបាបរបស់យើង
(កិច្ចការ ២០:២១; រ៉ូម ៣:២៥)។ សេចក្ដីជំនឿគឺជាការមកឯព្រះគ្រីស្ទ
និងប្រែចិត្ត ទូលសូមសេចក្តីមេត្តាករុណា ហើយដឹងថា មានតែតាមរយៈការ សុគត
និងព្រះជន្មរស់ឡើងវិញរបស់ទ្រង់ប៉ុណ្ណោះ ដែលយើងអាចទទួលសេចក្ដីសង្គ្រោះបាន។ សេចក្តីជំនឿគឺជាការ
ឆ្លើយតបចំពោះព្រះអង្គសង្គ្រោះដែលដំណឹងល្អប្រកាស (១ពេត្រុស ១:២១)។ ការប្រែចិត្តដែលនៅតែបន្តធ្វើការ ប្រែចិត្ត ត្រូវតែបន្តការប្រែចិត្តបន្ទាប់ពីយើងបានសង្គ្រោះហើយ។
ហេតុនេះ យើងអាចសន្និដ្ឋាន ពីការប្រែចិត្តរបស់ សូល ពីមុនគាត់ជាមនុស្សដែលស្រឡាញ់ក្រិត្យវិន័យ
ចូលចិត្តសិក្សាក្រិត្យវិន័យ គោរពក្រិត្យវិន័យ ព្រមទាំងរស់នៅ ក្រោមក្រិត្យវិន័យ
អ្វីដែលគាត់ធ្វើទាំងអស់នេះ គឺដើម្បីរស់នៅគាប់ព្រះហឫទ័យដល់ព្រះ និងទទួលបានសេចក្តី
សង្រ្គោះព្រលឹងវិញ្ញាណរបស់គាត់ តែផ្ទុយទៅវិញក្រិត្យនាំឲ្យគាត់ស្លាប់ទៅវិញ។ តើក្រិត្យវិន័យអាចជួយសង្រ្គោះ
មនុស្សរួចពីបាបបានដែរទេ? អត់ទេ ហេតុអ្វី? ពីព្រោះនៅក្នុងព្រះគម្ពីរអេភេសូរចែងថា
មនុស្សទទួលបានសេចក្តី សង្រ្គោះដោយសារព្រះគុណរបស់ទ្រង់ (អេភសូរ ២:៨-៩)។ ហើយក៏គ្មានមនុស្សណាម្នាក់រាប់ជាសុចរិតនៅចំពោះ
ទ្រង់ដោយអាងលើក្រិត្យវិន័យនោះឡើយ
ពីព្រោះក្រិត្យវិន័យតែគ្រាន់បង្ហាញឲ្យមនុស្សស្គាល់អំពើបាបប៉ុណ្ណោះ (រ៉ូម ៣:២០)។ ម្យ៉ាងវិញទៀតក្រិត្យវិន័យនាំមនុស្សមានទោស (យ៉ាកុប ២:១០)។ លើសពីនេះទៀត គ្មានអ្នកណាម្នាក់ សុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង
(រ៉ូម ៣:១០-២៣) ។ យើងឃើញនៅដើមខ.៦
សូលក៏ញប់ញ័រ នេះបញ្ជាក់ថា សូលបានបន្ទន់ចិត្តយ៉ាងខ្លាំងទៅលើព្រះយេស៊ូវ
ហើយនៅពាក់កណ្តាលខ.៦ សូលទូលទៅព្រះយេស៊ូវថា ព្រះអម្ចាស់អើយ
តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្ដេច? ទ្រង់ចង់ឲ្យសូលដឹងថា គាត់បានប្រព្រឹត្តរំលោភបំពានលើ
បញ្ញត្តទី៦របស់ទ្រង់ (លេវិវិន័យ ១៩:១៨; និក្ខមនំ ២០:១៣)។ ហើយទ្រង់សង្រ្គោះមនុស្សមិនមែនដោយសារគេ
ប្រព្រឹត្តល្អនោះទេ ដោយសារសំអាតឲ្យកើតជាថ្មី
ហើយការប្រោសជាថ្មីឡើងវិញនៃព្រះវិញ្ញាណបរិសុទ្ធ (ទីតុស ៣:៥)
។ ដ្បិតស្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់ (រ៉ូម ៦:២៣)។ អំពើបាបចាប់ផ្តើមរាលដាលតាំងពីសម័យអ័ដាំមកម៉្លេះ
លទ្ធផលនៃអំពើបាបគឺសេចក្តីស្លាប់ (រ៉ូម ៥:១២)។
បើអ្នកជឿជាក់ក្នុងចិត្តថា ព្រះបានប្រោសទ្រង់ឲ្យរស់ពីស្លាប់ឡើង វិញ
នោះអ្នកនឹងបានសង្រ្គោះពិត។ ហើយអ្នកត្រូវតែជឿថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត
ហើយជាជីវិត (យ៉ូហាន ១៤:៦)។ បើអ្នកអំពាវនាវព្រះអម្ចាស់នោះអ្នកនឹងទទួលបានសេចក្តីសង្រ្គោះ
(រ៉ូម ១០:១៣)។ នៅ(ខ.៧) បានប្រាប់ថា ដែលធ្វើ
ដំណើរជាសូលក៏បានឮសំឡេងដែរ (២២:៩)។ នៅខ.៨-៩ បង្ហាញសូលបើកភ្នែកមិនរួចបីថ្ងៃ ដោយគ្មានបរិភោគទេ ព្រមទាំងអធិស្ឋានតម
ហើយត្រូវបានពួកដែលធ្វើដំណើរជាគាត់ដឹកដៃទៅទីក្រុងដាម៉ាស។ យើងនឹងធ្វើការមើលជា មួយគ្នាបន្តទៀត
ថាតើ មានអ្វីកើតឡើងចំពោះជីវិតសូល?
2.
ព្រះយេស៊ូវទ្រង់នឹងរើសតាំងលោកសូលដើម្បីប្រកាសដំណឹងល្អដល់សាសន៍ដទៃ
(ខ.១០-១៩)
តើព្រះយេស៊ូវទ្រង់នឹងរើសតាំងលោកសូលដើម្បីប្រកាសដំណឹងល្អដល់សាសន៍ដទៃយ៉ាងដូចម្តេច?
ដើម្បីឲ្យ សាសន៍ដទៃបានឮដំណឹងល្អ ប្រយោជន៍ឲ្យសាសន៍ដទៃកែប្រែចិត្ត
ទទួលជឿលើព្រះយេស៊ូវដើម្បីទទួលបានសេចក្តី
សង្គ្រោះពីទ្រង់តាមរយៈលោកសូលប្រកាសដំណឹងល្អដល់ពួកគេ។
ក្រោយពីព្រះយេស៊ូវធ្វើឲ្យសូលមើលអ្វីៗលែងឃើញហើយ
ទ្រង់បានហៅបាវបំរើរបស់ទ្រង់ឈ្មោះថា អាណានាស ដែលរស់នៅក្នុងទីក្រុងដាម៉ាស (ខ.១០-១២)
ហើយទ្រង់ប្រាប់អាណានាសចេញទៅរកសូលដែលកំពុង អធិស្ឋានតមនៅ ក្នុងផ្ទះយូដា។
យើងពិចារណាពីអាណានាស គាត់ហាក់បីដូចជារួញរាក្នុងការត្រាស់ហៅរបស់ ព្រះយេស៊ូវ
គាត់ដូចជាមិនចង់ទៅជួយលោកសូល មើលទៅអាណានាហាក់បីដូចជាបាក់ស្បាតនូវអ្វីដែលសូលបាន
ធ្វើមកគ្រីស្ទបរិស័ទខ្លាំងណាស់ (ខ.១៣) អាន្ន៉ានាសទូលឆ្លើយថា
ព្រះអម្ចាស់អើយ ទូលបង្គំបានឮមនុស្សជាច្រើន
និយាយពីការអាក្រក់ទាំងប៉ុន្មានដែលអ្នកនោះបានប្រព្រឹត្ត
ដល់ពួកបរិសុទ្ធរបស់ទ្រង់ នៅក្រុងយេរូសាឡិម ត្រង់នេះ
អាណានាសជាបាវបំរើរបស់ទ្រង់កំពុងតែរកលេសដោះសារចំពោះព្រះយេស៊ូវ
គាត់ហាក់បីដូចជាមិនទុកចិត្តនូវ អំណាចចេស្តារបស់ទ្រង់
អាណានាសជាបាវបំរើដែលមានចិត្តស្ទាក់ស្ទើរក្នុងការឆ្លើយតបជាមួយព្រះជាម្ចាស់ ហើយ
គាត់ហាក់បីដូចជាអត់យល់ពីគោលបំណងរបស់ព្រះយេស៊ូវដែលប្រើគាត់ឲ្យទៅជួយសូល។
វាជាការពិបាកណាស់ សំរាប់អាណានាសដែលសំរេចចិត្តទៅជួយមនុស្សដែលដើរសំឡាប់គ្រីស្ទបរិស័ទដោយមិនញញើតដៃនោះ
ហើយ សូលនេះក៏មិនមែនជាមនុស្សធម្មតាដែរ។ ដែលនៅ (ខ.១៤) បានបញ្ជាក់ថា
អាណានាសពិតជាមានការភ័យខ្លាចពី អំណាចរបស់សូលពិតប្រាកដមែន ដែលគាត់និយាយថា គាត់ក៏មានអំណាចពីពួកសង្គ្រាជ
អាចនឹងទៅចាប់ចងនូវអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមទ្រង់ដែរ តាមរយៈពត៌មានដែលគាត់បានឮពីសូលជាមនុស្សអាក្រក់ហើយ
ចិត្តសាហាវព្រៃផ្សៃមកលើពួកគ្រីស្ទបរិស័ទដូច្នេះ បំផ្លាញព្រះវិហារ
ប្រហែលគាត់មិនចង់ទៅជួយទេ ម្យ៉ាងវិញទៀត
ប្រហែលជាគាត់ចង់ឲ្យព្រះយេស៊ូវទ្រង់ដាក់ទណ្ឌកម្មលើសូលឲ្យសមអ្វីដែលគាត់បានធ្វើ។
ពេលខ្លះយើងមានផ្នត់ គំនិតដូចអាណានាសដែរ យើងមិនចង់ជួយអ្នកដែលយើងស្អប់នោះទេ ហើយពេលយើងឃើញខ្មាំងសត្រូវ
របស់ យើងលំបាកវេទនា ប្រហែលជាយើងត្រេកអរ នូវអ្វីដែលកើតឡើងចំពោះមនុស្សដែលយើងមិនចូលចិត្ត
ពេលខ្លះ ប្រហែលជាយើង
អធិស្ឋានសុំឲ្យព្រះជាម្ចាស់ជំនុំជំរះលើខ្មាំងសត្រូវរបស់យើងថែមទៀតផង។ បើយើងធ្វើទង្វើបែប
នេះ តើយើងបានធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះយេស៊ូវដែរឬទេ? អត់ទេ ហេតុអ្វី
ពីព្រោះនៅក្នុងព្រះគម្ពីរ ម៉ាថាយ ២២:៣៧-៤០
បានចែងថា ៣៧ នោះព្រះយេស៊ូវឆ្លើយថា «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់
ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» ៣៨ នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ ៣៩
ហើយបញ្ញត្តទី២ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» ៤០ បណ្ដាក្រិត្យវិន័យ
នឹងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន
ក៏សំរេចនៅបទបញ្ញត្តទាំង២ប្រការនេះឯង ។ នេះជាបទបញ្ញាត្តរបស់ព្រះយេស៊ូវដែលតំរូវឲ្យគ្រីស្ទបរិស័ទគ្រប់
រូបត្រូវតែអនុវត្តន៍ដើម្បីរស់ នៅតាមបំណងព្រះហឫទ័យរបស់ទ្រង់។
ដូចគ្នាដែលព្រះយេស៊ូវចង់ឲ្យសិស្សរបស់ទ្រង់ ឈ្មោះថា អាណានាសនេះ
រស់នៅតាមព្រះហឫទ័យទ្រង់ និងយល់ពីគោលបំណងរបស់ទ្រង់ដែលបានត្រាស់ហៅ មកធ្វើជាបាវបំរើរបស់ព្រះអង្គ
ដែលទ្រង់បានបង្ហាញអាណានាសបានឃើញពីគោលបំណងរបស់ទ្រង់ ដែលចង់ឲ្យ គាត់ទៅជួយសូល (ខ.១៥-១៦)
១៥ ប៉ុន្តែព្រះអម្ចាស់មានបន្ទូលថា ចូរទៅចុះ
ពីព្រោះអ្នកនោះជាប្រដាប់រើសតាំងដល់ខ្ញុំ សំរាប់នឹងប្រកាសឈ្មោះខ្ញុំ
ដល់ពួកសាសន៍ដទៃនឹងពួកស្ដេច ហើយនឹងពួកកូនចៅសាសន៍អ៊ីស្រាអែលផង ១៦
ដ្បិតខ្ញុំនឹងបង្ហាញ ឲ្យគាត់ដឹងជាត្រូវរងទុក្ខលំបាកទាំងអម្បាលម៉ាន
ដោយព្រោះឈ្មោះខ្ញុំ។ តើការរើសតាំងឬ
ជ្រើសរើសមានន័យដូចម្តេច? មានន័យ ថា តែងតាំង រើសយក ត្រាស់ហៅ (១សាំយូអែល ១៨:៨; ម៉ាថាយ
២០:១៦)។ ជំរើសរបស់ព្រះជាម្ចាស់ ដើម្បីបង្កើត
ទំនាក់ទំនងដ៏អស្ចារ្យ ដោយការត្រាស់ហៅមនុស្ស សំរាប់ជាកម្ម សិទ្ធិទ្រង់ផ្ទាល់
(ចោទិយកថា ៧:៦-១១)។
ការត្រាស់ ហៅមានពីរប្រភេទ ប្រភេទទី១ ការត្រាស់ហៅខាងក្នុង
គឺកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពេលខ្លះយើងឆ្ងល់ថា យើងខំផ្សាយដំណឹងល្អមនុស្សម្នាក់ច្រើនដង
ច្រើនសារ តែនូវតែមិនព្រមទទួលជឿលើព្រះយេស៊ូវទៀត អ្នកខ្លះទៀត បដិសេធតែម្តង
មូលហេតុអ្វី? ពីព្រោះប្រសិនបើ ព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការក្នុងចិត្តគេជាមុនទេ
ទោះបីជាយើងខំប្រឹងប្រែងផ្សាយដំណឹងល្អទៅគាត់ ក៏គាត់មិនព្រម ទទួលជឿដែរ។
ប្រសិនជាព្រះវិញ្ញាណបរិសុទ្ធធ្វើការប្រែចិត្តគេរួច ហើយ
ពេលដំណឹងល្អទៅដល់នោះគាត់នឹងទទួល ជឿភ្លាមៗតែម្តង។ ឧទាហរណ៍ដូចជា លោកអ័ប្រាហាំ យ៉ាកុប
អ៊ីសាក់ ណូអេ យ៉ូសែប ម៉ូសេ ពួកហោរា ស្តេចដាវិឌ ពួកសាវ័ក លោកប៉ុល
និងព្រមទាំងយើងទាំងអស់គ្នាផងដែរ។ យើងកុំមានការព្រួយបារម្ភចំពោះបញ្ហានេះឡើយ
ព្រោះព្រះជាម្ចាស់បានត្រាស់យើងតាំងពីផ្ទៃម្តាយមកម៉្លេះ (កាឡាទី ១:១៥)។
មានអ្នកខ្លះសួរថា តើយើងត្រូវផ្សាយ ដំណឹងល្អធ្វើអ្វី
បើនេះជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះ? សំនួរនេះល្អ តែយើងចាំបាច់ត្រូវតែផ្សាយដំណឹងល្អ
ហេតុអ្វី? ពីព្រោះព្រះអង្គចង់ឲ្យយើងទាំងអស់គ្នាចូលរួមចំណែក ក្នុងការបំរើនគររបស់ទ្រង់។
តើអ្វីទៅជាដំណឹងល្អ? ដំណឹងល្អគឺជាពត៌មានល្អ (ម៉ាកុស ១:១៤)
គ្រីស្ទបរិស័ទនាំដំណឹងល្អពីជីវិត និងការសុគតរបស់ព្រះគ្រីស្ទដែលនាំ
សេចក្តីសង្រ្គោះដល់អ្នកជឿ។
កណ្ឌគម្ពីរ៤ដំបូងនៃព្រះគម្ពីរសញ្ញាថ្មីដែលនិយាយអំពីព្រះយេស៊ូវគឺសំដៅអំពីដំណឹង ល្អ[4]។ ទីពីរ ការត្រាស់ហៅខាងក្រៅ គឺជាការត្រាស់ហៅទូទៅ
តាមរយៈព្រះអង្គ និងបាវបំរើ របស់ទ្រង់ផ្សាយដំណឹង ល្អ ឬក៏តាមរយៈការបើកសំដែងតាមព្រះគម្ពីរ។
ម្យ៉ាងវិញទៀត តើសាសន៍ដទៃមាន
អត្ថន័យដូចម្តេច? គឺមានន័យថា មនុស្សដែលមិនមែនជាសាសន៍យូដា (នេហេមា ៥:១៧;
ទំនុកដំកើង ៤៧:៨;
កាឡាទី ២:៩)។ ឬក៏ជាមនុស្សដែល
មិនស្គាល់ ឬមិនស្តាប់បង្គាប់ព្រះដ៏ពិត (២ពង្សាវតារក្សត្រ ១៧:១៥;
ម៉ាថាយ ៦:៧)[5]។ នៅពេលដែល
អាណានាសយល់ពីគោលបំណងរបស់ព្រះយេស៊ូវហើយ អាណានាសចាប់ផ្តើមស្តាប់បង្គាប់
ព្រមមានជំនឿទ្រង់ ហើយធ្វើតាមនូវអ្វីដែលទ្រង់មានព្រះបន្ទូលទៅគាត់
ហេតុនេះនៅពេលព្រះជាម្ចាស់ត្រាស់ហៅយើងធ្វើកិច្ចការអ្វីមួយ
សូមឲ្យយើងឆ្លើយតដោយសេចក្តីជំនឿ (ហេព្រើរ ១១:១)។ ហើយយើងត្រូវកាន់តាមបទបញ្ជារបស់ទ្រង់ ព្រមទាំង
អនុវត្តន៍ ដើម្បីឲ្យគាប់ព្រះហឫទ័យទ្រង់ (យូហាន ១៤:១៥;
១៤:២១)។ ហើយយើងក៏ឃើញជាក់ស្តែងពី
អាណានាសដែលយល់ព្រមធ្វីតាមបំណងព្រះហឫទ័យរបស់ព្រះយេស៊ូវទៅជួយលោកសូល (ខ.១៧) ១៧
ដូច្នេះ អាន្ន៉ានាសក៏ទៅ ហើយចូលក្នុងផ្ទះនោះ ដាក់ដៃលើគាត់ និយាយថា
អ្នកសុលអើយ ព្រះអម្ចាស់ គឺព្រះយេស៊ូវ ដែលលេចមកឲ្យអ្នកឃើញតាមផ្លូវ
ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យអ្នកបានភ្លឺភ្នែក
ហើយឲ្យអ្នកបានពេញជាព្រះវិញ្ញាណបរិសុទ្ធ។ តើមនុស្សដែលជឿលើព្រះយេស៊ូវសុទ្ធតែពេញដោយព្រះវិញ្ញាណបរិសុទ្ធដែរទេ?
អ្នកដែលជឿលើ ព្រះយេស៊ូវទាំងអស់សុទ្ធតែពេញព្រះវិញ្ញាណបរិសុទ្ធ។ អ្នកខ្លះគេគិតថា
អ្នកដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ តែចេះភាសាដទៃ ប្រោសជំងឺ
ចំពោះគំនិតនេះខ្ញុំមិនគ្រាំទ្រទេ ពីព្រោះការនិយាយភាសាដទៃ ឬប្រោសជំងឺគឺជា
អំណោយទានដែលព្រះបានផ្តល់ឲ្យប៉ុណ្ណោះ បើអ្នកដែលចេះនិយាយភាសាដទៃ ឬប្រោសជំងឺ
ជាអ្នកពេញដោយ ព្រះវិញ្ញាណបរិសុទ្ធជាគំនិតត្រឹមត្រូវនោះ
តើអ្នកដែលមិនចេះនិយាយភាសាដទៃ ឬប្រោសជំងឺមិនអាចពេញដោយ ព្រះវិញ្ញាណបរិសុទ្ធ?។
មិនថាចាស់ឬក្មេងឡើយឲ្យតែទទួលជឿលើព្រះយេស៊ូវនោះគឺពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយ។
បន្តាប់ពីអាណានាសដាក់ដៃលើសូលហើយបានធ្វើឲ្យភ្នែករបស់គាត់បានមើលឃើញផែនដីនេះដូចដើមវិញ
ហើយគាត់បានធ្វើការសំរេចចិត្តធ្វើពិធីបុណ្យជ្រមុជទឹក (ខ.១៨)។
តើពិធីបុណ្យជ្រមុជទឹកមានន័យដូចម្តេច? ពិធី បុណ្យជ្រមុជទឹកជាពិធីបុណ្យលាងសំអាតឲ្យបរិសុទ្ធ
(ហេព្រើរ ៦:២, ៩:១០)។ ឬជាការជ្រមុជក្នុងទឹក (រ៉ូម ៦:១-៤)។
ការជ្រមុជដល់គ្រីស្ទបរិស័ទថ្មី ដែលមានការប្តេជ្ញាចិត្តដ៏មុតមាំ (ម៉ាយ ២៨:១៨-២០)។
ការជ្រមុជទឹកនេះមិនបញ្ជាក់ ថា ឲ្យយើងទទួលសេចក្តីសង្គ្រោះឲ្យរួចពីបាបទេ
តែជាសញ្ញាមួយនៃការស្តាប់បង្គាប់ព្រះគ្រីស្ទ។ ពិធីជ្រមុជទឹកនេះ
ធ្វើឡើងបានតែមួយម្តងគត់សំរាប់មនុស្សម្នាក់។ វាជាពិធីដែលកើតឡើងរវាងព្រះ និងមនុស្ស។
ហើយការជ្រមុជចូល ទឹកមានន័យថា និស្ស័យចាស់ត្រូវបានស្លាប់
ហើយនៅពេលដែលងើបពីវិញមានន័យថា មានជីវិតថ្មីក្នុងព្រះគ្រីស្ទ និង
ត្រៀមខ្លួនចូលក្នុងគ្រួសារនៃព្រះ។ ពិធីបុណ្យជ្រមុជទឹកគឺសំដែងពីការស្លាប់របស់អ្នកជឿនិងការកើតជាថ្មី
(យ៉ូហាន ១:១៩-៣៤)។ ចំណុចសំខាន់នៃការជ្រមុចទឹកសំរាប់គ្រីស្ទបរិស័ទ
មានការប្រែចិត្ត ការលន់តួ ភស្តុតាងនៃការផ្លាស់ ប្រែជីវិតថ្មី
ការមកដល់នៃការជំនុំជំរះ និងសំដៅទៅលើព្រះយេស៊ូវ និងព្រះវិញ្ញាណរបស់ទ្រង់។
យើងមើលពីជីវិត សូលមុននឹងព្រះអង្គទ្រង់ត្រាស់ហៅ
ព្រះអង្គត្រូវការផ្លាស់ប្រែជីវិតលើសូល ឲ្យមានជំនឿហើយ ទើបព្រះយេស៊ូវទ្រង់
ប្រើជីវិតលោកសូលដើម្បីបំពេញតយុទ្ធមហាបេសកកម្មរបស់ទ្រង់នៅខាងមុខ
ដែលព្រះគម្ពីរកិច្ចការចែងស្រាប់។ (ខ.១៩)
ព្រះជាម្ចាស់ចំរើនកំឡាំងដល់សូលដើម្បីត្រៀមខ្លួននាំសេចក្តីពិតដល់សាសន៍ដទៃ។
V.
សេចក្តីបញ្ចប់
សរុបសេចក្តីមកមូលហេតុដែលព្រះយេស៊ូវត្រាស់ហៅសូលដើម្បីបំពេញបេសកកម្មរបស់ទ្រង់
ពីព្រោះទ្រង់ចង់ កែប្រែជីវិតសូលជាថ្មី ដើម្បីញែកសូលពីបាប និង
ឲ្យសូលទទួលបានភាពបរិសុទ្ធពីទ្រង់ ហើយតាមរយៈជីវិតសូល ដែលព្រះយេស៊ូវបានកែច្នៃរួចហើយ
ទ្រង់នឹងប្រើជីវិតរបស់គាត់ដើម្បីប្រកាសដំណឹងល្អ ដែលជាសេចក្តីពិតមួយអាច
ជំរុញមនុស្សផ្សេងទៀតបានឮហើយ
បានផ្លាស់ប្តូរចិត្តគំនិតបែររកព្រះយេស៊ូវគ្រីស្ទដោយសេចក្តីជំនឿ នោះពួកគេនឹង
ទទួលបានសេចក្តីសង្រ្គោះ
VI.
ទេវសាស្រ្ត
VII.
អនុវត្តន៍
ដូច្នេះយើងត្រូវពិតប្រាកដខ្លួនឯងថា
យើងបានផ្លាស់ប្រែចិត្តគំនិតចេញពីអំពើបាបហើយឬនៅ ហើយយើងពិតជា ចង់រួមចំណែកក្នុងការបំរើនគររបស់ដែរឬទេ
តើយើងឲ្យមនុស្សផ្សេងទៀតចូលមកក្នុងនគរទ្រង់ដែរឬទេ ហេតុនេះ
អ្នករាល់គ្នាព្រមទាំងខ្ញុំត្រូវតែសំរេចចិត្តធ្វើឲ្យខ្លួនយើងមានក្លិនក្រអូបឈ្ងុយឈ្ងប់សំរាប់ក្នុងសង្គម។
[2]
សៀភៅ វចនានុក្រមសំរាប់សិក្សាព្រះគម្ពីរ, ទំព័រ២០៨
[5]
សៀភៅ វចនានុក្រមសំរាប់សិក្សាព្រះគម្ពីរ, ទំព័រ១៨៤,២០៣
0 Comments