Breaking News

ប្រាជ្ញាដ៏ពិត យ៉ូប ២៨:១២-២៨



សេចក្ដីផ្ដើម :

          មនុស្សជាច្រើននៅលើពិភពលោកនេះ  គេខិតខំស្វែងរកអោយបានប្រាជ្ញា ដើម្បីគេរស់នៅ
ស្រួល ឬរស់នៅបានល្អត្រឹមត្រូវ។ មនុស្សមានប្រាជ្ញាជាមនុស្សដែលអាច ដោះស្រាយបញ្ហានៅចំពោះមុខ ជាពិសេសកំឡុងពេលដែលអ្នកដ៏ទៃទៀតមិនអាចធ្វើបាន ។ នេះជាគំនិតរបស់មនុស្សទូទៅ តែចំនុចនេះផ្ទុយពីកណ្ឌយ៉ូប ២៨:១២-២៨ ដែលលោកយ៉ូបបានកំពុងនិយាយពីប្រាជ្ញាដ៏ពិត ដែលមិនអាចរកឃើញនៅស្ថានរបស់មនុស្សរស់នេះទេ។ ប៉ុន្តែមុនចូលទៅដល់កណ្ឌយ៉ូប២៨:១២-២៨ យើងសិក្សាពីបរិបទ ប្រវត្តិសាស្រ្ត ក្នុងកណ្ឌយ៉ូបបន្តិចសិន ។
កណ្ឌយ៉ូបប្រហែលសរសេរនៅសម័យកាលរបស់ អ័ប្រាហាំ អ៊ីសាក យ៉ាកុប ព្រោះលោកយ៉ូបមានគ្រួសារធំ១ ទ្រព្យសម្បត្តិ មានហ្វូងសត្វច្រើន មានអ្នកបម្រើច្រើន ដូចជាសម័យអ័ប្រាហាំ អ៊ីសាក យ៉ាកុបដែរ។   ប្រហែលជាគេសរសេរឡើងក្នុងពេលនិរទេស ព្រោះពួក       អ៊ីស្រាអែល​កំពុងមានសំនួរថា ហេតុអ្វីបានជាមនុស្សសុចរិតត្រូវរងទុក្ខ ឈឺចាប់ខ្លោចផ្សារយ៉ាង​នេះ។ ឬប្រហែលសរសេរនៅក្រោយនិរទេសជាពេលដែលគេត្រឡប់មកវិញ ព្រោះកណ្ឌនេះកំពុងពន្យល់ពីរបៀបដែលមនុស្សសុចរិតរបស់រងទុក្ខ គេកំពុងតែស្វែងរកព្រះដើម្បីដើរតាមទ្រង់​។
យើងសិក្សាត្រួសពីសាច់រឿងនៅក្នុងកណ្ឌយ៉ូប: លោកយ៉ូប ជាមនុស្សម្នាក់ដែលសុចរិតនៅចំពោះព្រះ (១:) តែត្រូវរងការឈឺចាប់ដោយសារព្រះអនុញ្ញាតអោយសាតាំង សម្លាប់កូនគាត់ទាំង១០នាក់  និងបំផ្លាញ​ទ្រព្យសម្បត្តិទាំងអស់ដែលគាត់មាន ទាំងហ្វូងសត្វ និងអ្នកបម្រើ ហើយខ្លួនលោកក៏កើតដំបៅពេញខ្លួន។ ក្រោយមកមិត្តសម្លាញ់របស់គាត់ទាំង៣បានមកដើម្បីជួយកំសាន្តទុក្ខដល់គាត់ តែពួកគាត់សុទ្ធតែមានគំនិតថា យ៉ូបបានប្រព្រឹត្តអំពើទុច្ចរិតបានជាព្រះជាម្ចាស់កាត់ទោសគាត់ (១-២៥) តែជំពូក២៦-៣១ លោកយ៉ូបឆ្លើយតបទៅមិត្តទាំង៣របស់គាត់ថា គាត់ជាមនុស្សសុចរិត ហើយគាត់នឹងរក្សាខ្លួនឲ្យសុចរិតរហូតដល់គាត់ស្លាប់។ ទោះជាព្រះបានទាស់ប្រឆាំងនឹងគាត់ ធ្វើអោយគាត់ឈឺចាប់យ៉ាងណាក៏ដោយ ក៏នៅមានសេចក្តីជំនឿចំពោះព្រះ ហើយ​គាត់ដឹងច្បាស់ថាព្រះជ្រាបគ្រប់ទាំងអស់។ ការកម្សាន្តចិត្តមិត្ត៣របស់គាត់បានបន្ថែមការឈឺចាប់ដល់គាត់ ព្រោះពួកបានចោទប្រកាន់គាត់ថាជាមនុស្សប្រព្រឹត្តអាក្រក់។ ទើបបានជាលោកយ៉ូបបានសួរថា តើប្រាជ្ញានៅឯណា? ហើយមានការបកស្រាយឆ្លើយឆ្លងជាច្រើននៅក្នុងកណ្ឌនេះពីយ៉ូបផ្ទាល់មានតែព្រះទេដែលមានប្រាជ្ញាពីការកើតមានដ៏ឈឺចាប់សម្រាប់គាត់ មនុស្សមិនអាចយល់បានឡើយ។ កណ្ឌនេះក៏បានបន្សល់ទុកនៅសំនួរមួយថា ហេតុអ្វីបានជាមនុស្សសុចរិតត្រូវរងទុក្ខ?




តួសេចក្តី

            សង្ខេបបទគម្ពីរ :
            បរិបទមុខ:
            ក្នុងយ៉ូប២៨:-១១ ថាមានកន្លែងជីករកមាស ប្រាក់ យកទៅសំរងបាន។ ឯដែក និងទង់ដែងរំលាយមកពីថ្ម មនុស្សរកថ្មលាក់បាំងនៅទីជ្រៅបំផុត ហើយជីករន្ធឆ្ងាយពីផ្ទះមនុស្ស  ឯជើងដើរជាន់ពីលើ ទៅមក ក៏ឥតដឹង គេសំរុតចុះ ហើយរត់ទៅ។ ក្នុងដីនោះក៏ចេញជាអាហារ នៅខាងក្រោមត្រឡប់ត្រឡិនដូចភ្លើងឆេះ។ ក្នុងថ្មទាំងនោះមានត្បូងកណ្តៀង ទង់ដែង ហើយនិង​មាស។ សត្វឥតស្គាល់កន្លែងនោះ ហើយធ្វើមិនបានផង ទោះសត្វក្លាហាន ឬសត្វសាហាវ តែមនុស្សគេទាំងលូកថ្មរឹង ក៏គាស់ភ្នំអោយត្រឡប់ឡើង ចោះថ្មក៏ឃើញរបស់ទាំងអស់ដែលមានតម្លៃ។ គេទប់ទឹកមិនអោយហូរចូលដល់ ហើយអោយយករបស់នៅទីកំបាំងនោះមកទីភ្លឺ ។  
            បរិបទកំពុងសិក្សា:
            ២៨:១២-២៨ តែប្រាជ្ញាវិញរកពីណាបាន ចិត្តមនុស្សមិនស្គាល់តម្លៃប្រាជ្ញាទេ ក៏រកនៅស្ថានមនុស្សរស់មិនឃើញដែរ ដ្បិតកន្លែងនេះនៅកំបាំងពីភ្នែកមនុស្ស ទីជំរៅហើយសមុទ្រក៏មិនឃើញដែរ  ឯនៅស្ថានវិនាសនិងស្ថានស្លាប់ថាគ្រាន់តែឮនិយាយ ហើយទិញដោយមាសប្រាក់ ត្បូងទទឹមក៏មិនបាន ។ ព្រះជ្រាបផ្លូវនៃប្រាជ្ញា  ហើយស្គាល់កន្លែងព្រោះទ្រង់ទត ឃើញទាំងអស់។ ទ្រង់កំណត់ទំងន់ខ្យល់ និង កំណត់រង្វាល់ទឹកភ្លៀង ហើយធ្វើអោយមានផ្លែកបន្ទោរ ។ ក្នុងកាលនោះទ្រង់បានឃើញប្រាជ្ញា ក៏ប្រាប់អោយស្គាល់គឺ ទ្រង់តាំងអោយមានប្រាជ្ញាហើយប្រមូលទុករួចមានបន្ទូលដល់មនុស្សថា សេចក្តីកោតខ្លាចព្រះអម្ចាស់ នោះឯងជាប្រាជ្ញា ហើយថយចេញពីការអាក្រក់ជាយោបល់។       

សំនួរស្នូល ៖  តើហេតុអ្វីបានជាមនុស្សត្រូវការប្រាជ្ញា? តើប្រាជ្ញានៅឯណា?  តើប្រាជ្ញាមានតម្លៃប៉ុណ្ណា?

            រចនាសម្ព័ន្ធ

   I.        តើប្រាជ្ញានៅឯណា ? ២៨:១២-១៤ ,២០-២២
            ក្នុងកណ្ឌយ៉ូប២៨:១២-១៤ ,២០-២២ តើរកប្រាជ្ញានៅឯណាបាន?  នៅក្នុងខ១-១១លោកយ៉ូបបាននិយាយពីភាពអស្ចារ្យរបស់មនុស្សដែលអាចរុករករ៉ែមាស ដែក ទង់ដែង និងត្បូងដែលជារបស់មានតម្លៃបា​ន។ ទោះរបស់​ទាំង​អស់នោះ​នៅ​ទីអាថ៌កំបាំង​ពិបាក​រក ហើយ​សត្វសាហាវ សត្វ​ក្លាហាន​ សត្វ​មាន​ភ្នែក​ភ្លឺ​ និងមនុស្សជាច្រើន​ទៀតឥតដឹង​ក៏ដោយ។ គេ​អាចរុករក​ ហើយយក​របស់​ទាំងនោះកែច្នៃក្លាយ​ជារបស់​ដ៏មានតម្លៃសម្រាប់មនុស្សទូទៅ។ ផ្ទុយទៅវិញក្នុងខ១២-១៤មនុស្ស​មិនអាចរកប្រាជ្ញាបានទេ។ ខ១២ថា “ប៉ុន្តែ​ចំណែកប្រាជា្ញ តើនឹងរកឯណាបាន​ ហើយ​យោបល់​តើនឹងមានកន្លែង​នៅឯណា” និងចុងខ១៣ថា “ក៏រកមិនឃើញក្នុង​ស្ថានរបស់មនុស្ស​រស់ដែរ”។ ទីជំរៅ​ក៏មិននៅដែរ ទោះមានជំរៅជ្រៅដូចជា​សមុទ្រ​ក៏មិនមានដែរ។ ប្រាជ្ញាមិននៅស្ថាន​មនុស្ស​រស់ទេ​ តិចនៅស្ថានស្លាប់ និងស្ថានវិនាសទៅ? ខ២១ក៏ថា “ស្ថានវិនាស និងស្ថានស្លាប់គា្រន់តែឮនិយាយ” ក៏មិនដែលបានឃើញដែរ។ ស្ថានមនុស្សរស់មិននៅ ឯស្ថានស្លាប់ក៏មិននៅ​ តើធ្វើដូចម្តេចឲ្យបាន​ប្រាជ្ញាទៅចឹង? ចុះបើរកមិនឃើញ​ មិនមានទេ ហេតុ​ដូចម្តេចបានជាមនុស្ស​ចូលចិត្តថា អ្នកនេះមាន​ប្រាជ្ញា អ្នកនោះមានប្រាជ្ញា។ ជាពិសេសនៅសម័យ​របស់យ៉ូប គេចាត់ទុកពាក្យចាស់បុរាណថាជាប្រាជ្ញាដ៏អស្ចារ្យ (យ៉ូប៨:-១០)។ ឧទាហរណ៍: ខ្ញុំធ្លាប់ឮគេថានៅលើពិភពលោកនេះមានអ្នកប្រាជ្ញ គឺសំដៅដល់អ្នកមានប្រាជ្ញា​ណាស់ ដូចជាទស្សនៈវិទូក្រិចលោកសូក្រាត។ តែគាត់ពោលថា “គាត់កាន់តែរៀនច្រើន គាត់កាន់តែដឹងថាខ្លួនគាត់មិនចេះអ្វីសោះ”។ ទោះលោកសូក្រាត​កើត​ក្រោយ​លោកយ៉ូប​ឆ្ងាយក៏ដោយក៏គំនិតអ្នកទាំងពីរមានលក្ខណៈដូចគ្នាដែរ ព្រោះលោកសូក្រាតខិតខំស្វែងរកប្រាជ្ញាសម្រាប់ជីវិត​ តែគាត់កាន់តែខំរកគឺកាន់តែមិនឃើញសោះ។ ដូចនេះមនុស្សមិនមែនជាកន្លែងដែលត្រូវរកប្រាជ្ញាទេ ព្រោះមានមួយអង្គដែលបានដាក់ប្រាជ្ញាក្នុងចិត្តមនុស្ស ហើយប្រាជ្ញារបស់មនុស្សជាទទេនៅចំពោះទ្រង់ (៣៨:៣៦ ធៀបនឹង៤២:២)។ 
យើងបកមកគិតវិញថា មនុស្ស​ពូកកែអស្ចារ្យណាស់ ហេតុអ្វី​បានជារកប្រាជ្ញាប៉ុណ្នឹងរកមិនឃើញទៅវិញ។ បើក្រោយៗនេះវិញគេរកឃើញរហូត​ដល់ដឹងថាផែនដីនេះមានរាងមូល រកឃើញភពជាច្រើន ភពរណប ភពផ្កាយ រាប់ម៉ឺនរាប់លានកោណឯនោះ។ ប្រហែលមកពី​លោកយ៉ូប​កើតមុនយូរហើយ​ យូរពេក បុរាណពេកទេដឹងបានមិនដឹងថា មនុស្ស​អស្ចារ្យណាស់អាចរកឃើញទាំងអស់ដែលលាក់កំបាំង និងអ្វីដែលនៅឆ្ងាយណាស់ផងនោះ។ តែការពិតក្រោយមកទៀតមនុស្សដែលបានរកឃើញ​ទាំងអស់បង្កើតអាវុធនុយក្លេអ៊ែរដើម្បីបំផ្លាញផែនដី និងមនុស្សលោកទាំងអស់។ តើគេឆ្លាតណាស់ឬ? មិនមែនទេគេជាមនុស្ស​ដែលអត់ប្រាជ្ញាទេ។ ប្រាកដណាស់មនុស្សជាច្រើនបានខិតខំស្វែងរកឲ្យបានប្រាជ្ញាតែរកមិនឃើញទេ សាស្តា១:១៣-១៤ថា “យើងបានផ្ចង់ចិត្តពិនិត្យមើល ហើយស្វែងរកដោយប្រាជ្ញាពីគ្រប់ទាំងអស់នៅក្រោមមេឃ...តែឥតប្រយោជន៍ទេ”។​ អ្នកនិពន្ធកណ្ឌសាស្តាស្តេចសាឡូម៉ូនថាបានខំប្រឹងប្រែងស្វែងរកអស់ហើយ តែមិនបានឃើញសោះ បានឃើញតែការឥតប្រយោជន៍ទៅវិញ គាត់រកប្រាជ្ញាពិតមិនឃើញសោះ។ ទោះជាស្តេចជាម្នាក់ក្នុងព្រះគម្ពីរដែលជាអ្នកមានប្រាជ្ញាលើសអស់ទាំងមនុស្ស  ហើយជាស្តេចសាឡូម៉ូននេះឯងដែលមានជាងគេទោះអ្នកមុនអ្នកក្រោយណាក៏មិនមានបា្រជ្ញាឲ្យស្មើទ្រង់ឡើយ(១ពង្ស.៤:៣០-៣១)។ តែចុងក្រោយប្រាជ្ញារបស់ទ្រង់បែរទៅជាឥតប្រយោជន៍វិញដល់ទ្រង់ ព្រោះប្រាជ្ញានោះបាន​ធ្វើឲ្យស្តេច​ជំពប់ដួល ហើយបែរចេញពីព្រះ(១ពង្ស.១១:៩) ហើយស្តេចបាននិពន្ធកណ្ឌសាស្តាដែលយើងអានមិញៗថាសុទ្ធតែជាការឥតប្រយោជន៍នៅចំពោះទ្រង់ទេ។ បើសម្រាប់យើងជាមនុស្សធម្មតាពិបាក​រកយ៉ាងនេះ​យើងសន្សំតែលុយទុកឲ្យច្រើនចាំទិញពីអ្នកអស្ចារ្យ ឬអ្នកជំនាញខាងស្វែងរកទៅអញ្ចឹង។ តើប្រាជ្ញាអាចទិញដោយមាសប្រាក់បានទេ បើយើងមានលុយច្រើន?

    II.        តម្លៃនៃប្រាជ្ញា ២៨: ១៥-១៩

ក្នុងខ១៥-១៩​ថា “តម្លៃនៃប្រាជ្ញា”។ ខ១៥-១៦ប្រាជ្ញានឹង “ទិញដោយមាសមិនបាន...ប្រាក់ក៏មិនបានដែរ ទោះមាសពីស្រុអូភារ ឬ​ត្បូងអូនីក្ស ត្បូងកណ្តផង”។ “មាសពីស្រុកអូភារ” ជាមាសដែលល្អបំផុតល្អប្រណិត ល្អណាស់ ព្រោះស្រុកអូភារជាប្រភពធនធានរ៉ែមាស។ ឯ”ត្បូងកណ្តៀង”វិញនៅស្រុកខ្មែរធ្លាប់ ឮដែរគឺមានតម្លៃណាស់មិនមានអ្នកណាចង់ពាក់មានលុយទិញពាក់នោះទេ ហើយត្បូងនេះមានពណ៌ខៀវ។
ខ១៧-១៨ថា​មាសពេជ្រ​ ឬគ្រឿងមា​នសុទ្ធ ក៏មិន​អាចប្តូរបានដែរ គឺផ្ទឹមស្មើមិនបានផង។ ឯផ្កាថ្ម ឬកែវមុក្តាមិនបាច់និយាយទេ ព្រោះត្បូងទទឹម​មិនស្មើផង។ មិន​តេមតែមិនស្មើទេ តម្លៃនៃរបស់ទាំងនេះរាប់មិនបានផង(ខ១៩)។ តើមាសពេជ្រ​ ត្បួងទទឹមជារ​បស់​អន់ណាស់ឬបានមិនអាច​ផ្ទឹមនឹងប្រាជ្ញាបាន? មិនយ៉ាងដូច្នោះទេរបស់ទាំងអស់នេះមានតម្លៃណាស់ ពីព្រោះវាពិបាករក ហើយកម្រនឹងរកបានទៀតផង។ ជាងនេះទៀតមនុស្សព្យាយាមរកមាសពេជ្រណាស់ ទោះជាប្រថុយប្រថាន គ្រោះថ្នាក់ដល់ជីវិតយ៉ាងណាក៏ដោយក៏គេព្យាយាមស្វែងរកឲ្យខានតែបាន។ ឧទាហរណ៍: ខ្ញុំធ្លាប់ឮពត៌មានមួយកន្លងមកយូរហើយមិនសូវច្បាស់​ តែអ្វីដែលខ្ញុំបានចាប់អារម្មណ៍នោះគឺថាមានក្រុមហ៊ុន​មួយ​បានជួលកម្មករជីក​រ៉ែជាច្រើននាក់។ គេបានកំពុង​ថា ជីកដី ហើយ​សំរូតមនុស្សចុះយ៉ាងជ្រៅ ហើយមនុស្សជាច្រើនកាប់គាស់លីសែង រត់ទៅរត់មកតាមផ្លូវក្នុងរូងដីនោះ។ ស្រាប់តែថ្ងៃមួយដែលកំពុងធ្វើការយ៉ាសស្រាក់សស្រាំនោះ ស្រាប់តែមានរញ្ជួយដីយ៉ាងខ្លាំង បណ្តាលឲ្យបាក់ដីសង្កត់លើមនុស្សប្រហែល៤០នាក់នៅក្នុងរូងនោះ។ ទោះជាបន្ទាប់រញ្ជួយនោះគេបានខិតខំស្វះស្វែងរក​មនុស្សទាំងនោះ ដើម្បីជួយ សង្រ្គោះបន្ទាន់យ៉ាងណាក៏ដោយក៏មិនអាចជួយបួកគេទាំងអស់គ្នាបានដែរ។ ពួកគេបានត្រឹមតែកាយយក​សាកសព ដែលបានស្លាប់បាត់បង់ជីវិតប៉ុណ្ណោះ។ មានតែម្នាក់ក្នុងចំនោម​៤០នាក់ដែលបានរស់នៅ ហើយគាត់បាន​និយាយពីហេតុការណ៍នោះទាំងការឈឺដល់សារពត៌មាន។ បើមើលឲ្យជាក់លាក់មនុស្សជាច្រើនគិតថាមាសពេជ្រមានតម្លៃណាស់ ទោះមានគ្រោះយ៉ាងណាក៏ដោយ ព្រោះសព្វថ្ងៃនេះនៅតែមានមនុស្ស​ជាច្រើននៅតែបន្តជីកយករ៉ែក្រោមដី ទោះនៅប្រទេសកម្ពុជាក៏មានដែរ។ ហេតុនេះតម្លៃវាគឺថ្លៃជាង​ជីវិតមនុស្សទៅទៀតនៅត្រង់ចំណុចនេះ។ គួរភ្ញាក់ផ្អើលដែលលោកយ៉ូបថា មាសពេជ្រមានតម្លៃទាបពេកផ្ទឹមនឹងប្រាជ្ញាមិនបានទេ។ តើធ្វើដូចម្តេចឲ្យបានប្រាជ្ញា បើខំប្រឹងប្រែងរកក៏មិនឃើញ ហើយទិញក៏មិនបាននោះ?

   III. ព្រះជាដើមចមនៃប្រាជ្ញា ២៨: ២៣-២៨

ក្នុងកណ្ឌយ៉ូប២៨: ២៣-២៨ មានចម្លើយដែលឲ្យយើងរកប្រាជ្ញាឃើញគឺ “ព្រះជាដើមចមនៃប្រាជ្ញា”​។ ខ២៣ថា ព្រះជា្របផ្លូវនៃប្រាជ្ញា ហើយស្គាល់កន្លែងប្រាជ្ញា គឺទ្រង់​ទតមើលដល់ចុងផែនដីបំផុត ទ្រង់វាល់​ទំងន់ខ្យល់ កំរិតទឹកភ្លៀងឲ្យមានផ្លូវផ្លេកបន្ទោរ។ ក្នុងកាលនោះទ្រង់បានឃើញប្រាជ្ញា ហើយក៏ថ្លែងប្រាប់​ឲ្យស្គាល់។ ទ្រង់តាំងឲ្យមានប្រាជ្ញា​ ហើយទ្រង់ប្រមូលទុក។ មានន័យថា ព្រះជាអ្នកបបង្កើតប្រាជ្ញា ហើយទ្រង់ក៏បង្កើតផែនដីដោយប្រាជ្ញាទ្រង់ដែរ។ នៅក្នុងសុភាសិត៣:១៩;:២២-២៣ក៏បានចែងថា “ព្រះបានប្រតិស្ឋានផែនដ៏ដោយសារប្រាជ្ញា។ ទ្រង់បានបង្កើតឲ្យមានប្រាជ្ញាឡើងតាំងពីអស់កល្បរៀងមក។ ក្នុងខ២៧ថា “ក្នុងកលដែលទ្រង់បង្កើតផែនដ៏ទ្រង់បានឃើញប្រាជ្ញា” ​គ្រាន់តែចង់បញ្ជាក់ថា ទ្រង់បង្កើតផែនដីដោយសារប្រាជ្ញាទ្រង់ប៉ុណ្ណោះ ដើម្បីមនុស្សយល់ថា បើទ្រង់គ្មានប្រាជ្ញាដ៏អស្ចារ្យទេ តើធ្វើម្តេចឲ្យទ្រង់បង្កើត​ផែនដីដ៏មហិមារ និងដ៏ស្រស់ស្អាតនេះបាន? តែនៅក្នុសុភាសិត៨ចុងខ២៣បានបញ្ជាក់យ៉ាងច្បាស់ទៀតថា ទ្រង់បានបង្កើប្រាជ្ញាតាំងពីអស់កល្ប មុនផែនដីនេះមកម្លេះ។ ដូចនេះបានន័យថា​ប្រាជ្ញានៅជាមួយព្រះរហូត ទ្រង់ជាប្រភពប្រាជ្ញា ហើយក៏ជាម្ចាស់នៃប្រាជ្ញា ហើយប្រាជ្ញាក៏នៅនឹងទ្រង់ដែឬ។ ទ្រង់ស្គាល់ប្រាជ្ញា ទ្រង់ស្គាល់ផ្លូវនៃប្រាជ្ញា។ ខ២៨​ ទ្រង់មានបន្ទូលទៅមនុស្សថា “សេចក្តីកោតខ្លាចព្រះអម្ចាស់ នោះ​ហើយជាប្រាជ្ញា ហើយថយឆ្ងាយ​ពីការអាក្រក់ នោះឯងជាយោបល់”។ ព្រះបន្ទូលនេះផ្តល់សង្ឃឹមដល់មនុស្សហើយ! យើងមានសង្ឃឹមថានឹងរកប្រាជ្ញាដ៏ពិតបានហើយ។ សុភាសិត៩:១០ ក៏អះអាងថា “ការកោតខ្លាចព្រះ ជាដើមចមនៃប្រាជ្ញា ស្គាល់ព្រះជាយោបល់” ហើយសាស្តា២:២៦ព្រោះមនុស្សណាដែលគាប់ព្រះហឫទ័យ នោះទ្រង់ប្រទានឲ្យអ្នកនោះមានប្រាជ្ញា ដំរិះ និងសេចក្តីរីករាយផង”។ ឧទាហរណ៍:នៅក្នុងព្រះគម្ពីរយ៉ូបជាម្នាក់ដែលគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្តីអាក្រក់។ គាត់ដើរក្នុងផ្លូវរបស់ព្រះជាផ្លូវដែលត្រឹមត្រូវ ហើយសុចរិត ហើយនោះជាប្រាជ្ញា(យ៉ូប១:១,៨)។

សរុបសេចក្ដី  
            សរុបសេចក្ដីមកនៅក្នុងព្រះគម្ពីរយ៉ូប២៨:១២-២៨បាននិយាយថា មនុស្សមិនអាចរកប្រាជ្ញាដ៏ពិតបានទេ ទោះជានៅលើផែនដីនេះ ឬកន្លែងណាមួយក៏ដោយ។ មានតែតាមរយៈការកោតខ្លាចព្រះជាម្ចាស់ដែលម្ចាស់នៃប្រាជ្ញា ហើយទ្រង់នឹងផ្តល់ឲ្យអ្នកស្គាល់ ដើរក្នុងទ្រង់ និងដើរតាមព្រះទ័យទ្រង់ប៉ុណ្ណោះ។ ព្រះនឹងប្រទានឲ្យអ្នកនោះមានប្រាជ្ញាដើរក្នុងផ្លូវត្រឹមត្រូវសុចរិតរបស់ទ្រង់។ និយាយដោយខ្លីថា​”ការកោតខ្លាចព្រះ ជាប្រាជ្ញាដ៏ពិត”

            ទេវសាស្រ្ត
          ដូចនេះយើងមើលឃើញថាព្រះជាម្ចាស់ជាអ្នកបង្កើតឲ្យមានប្រាជ្ញា។ ព្រះអង្គស្គាល់ប្រាជ្ញា ទ្រង់មានប្រាជ្ញា ហើយប្រាជ្ញានោះនៅនឹងទ្រង់ផង។ ទ្រង់បង្កើតផែនដីនេះដោយសារប្រាជ្ញារបស់ទ្រង់។ ព្រះជាម្ចាស់ចង់ឲ្យមនុស្សមានប្រាជ្ញា ទ្រង់ចង់ឲ្យគេទទួលប្រាជ្ញាពីទ្រង់ ព្រោះទ្រង់បានមានបន្ទូលដល់មនុស្សថាការកោតខ្លាចព្រះជាម្ចាស់ នោះហើយជាប្រាជ្ញា។
មនុស្ស​គេខំប្រឹងប្រែងស្វែងរកប្រាជ្ញា តែមិនអាចរកឃើញបានទេក្រៅពីព្រះជាម្ចាស់គឺមនុស្សត្រូវគោរពកោតខ្លាចព្រះ ជាម្ចាស់នៃប្រាជ្ញា ទើបទ្រង់ប្រទានឲ្យ។ មនុស្សត្រូវស្គាល់ព្រះ ស្គាល់​បំណងព្រះហឫទ័យទ្រង់ ដើរក្នុងផ្លូវសុចរិតរបស់ទ្រង់ ព្រោះនោះជាប្រាជ្ញាដែលព្រះបានប្រទានឲ្យ។ មនុស្សដែលគេគោរពកោតខ្លាចព្រះ នោះគេមិនប្រព្រឹត្តអាក្រក់ទេ។ ប្រាជ្ញាដ៏ពិតនេះមានតម្លៃលើសជាងអ្វីទាំងអស់ ទោះជាមាសប្រាក់ក៏ដោយ​។

          ភ្ជាប់ទៅសញ្ញាថ្មី និងព្រះយេស៊ូវគ្រីស្ទ

          ដូចគ្នាដែរនៅក្នុង (យ៉ាកុប១:៥) បាននិយាយថា “អ្នករាល់គ្នាណាដែលខ្វះប្រាជ្ញាមានតែសូមពីព្រះ ដែលទ្រង់ប្រទានឲ្យដល់មនុស្សទាំងអស់ដោយសទ្ធា​ ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ”។ សូមទ្រង់ នោះទ្រង់នឹងប្រទានឲ្យ ទ្រង់អត់បន្ទោសអ្នករាល់គ្នា និងខ្ញុំទេ។ ទ្រង់មិនដូចជាមនុស្សឡើយនៅពេលសូម ឬយើងសួរគេមិនចង់ឆ្លើយជាមួយនឹងយើងទេ ព្រោះគេគិតថាយើងល្ងង់។ ព្រះវិញទ្រង់ឲ្យសូមទ្រង់ ដើម្បីយើងមានប្រាជ្ញាដើរក្នុងផ្លូវទ្រង់ដ៏ត្រឹមត្រូវ ជាផ្លូវសុចរិតរបស់​ទ្រង់។ ទន្ទឹមនឹងនេះលោកប៉ុល​និយាយថា ពួកយូដា និងពួកក្រិចគេខំស្វែងរកប្រាជ្ញា តែពួកគេទៅជាល្ងង់ល្ងើរវិញ ព្រោះលោកប្រកាសថាព្រះគ្រីស្ទត្រូវបានឆ្កាងគេមិនអាចទទួជឿទ្រង់បាន។ តែព្រះគ្រីស្ទជាប្រាជ្ញារបស់ព្រះដល់អស់អ្នកដែលទ្រង់ហៅក្នុងពួកយូដា និងក្រិចវិញ។ ហើយលោកបានបន្ថែមទៀតថា សេចក្តីល្ងង់ល្ងើររបស់ព្រះ នោះមានប្រាជ្ញាលើសជាមនុស្ស​វិញ (១កូរិនថូស១:២២-២៥)។ សង្គមក្រិចជាទូទៅសុទ្ធតែជាអ្នកចេះដឹង ហើយគេមានគំនិតមួយថារូបធាតុអាក្រក់ ឯវិញ្ញាណល្អគេមិនគិតថាទ្រង់ជាព្រះជាម្ចាស់បែរជាមកយកកំណើតជាមនុស្ស​ ហើយត្រូវគេឆ្កាងលើឈើឆ្កាងយ៉ាងអាម៉ាស់យ៉ាងនេះទេ។ គេគិតថាគេជាមនុស្សប្រសើរជាងព្រះ ព្រះជ្រើសរើសនេះខុស​មិនតែប៉ុណ្ណោះទេ គេធ្វើដូចជាព្រះដែលយល់ពីប្រាជ្ញា និងផ្លូវព្រះ។ ផ្ទុយទៅវិញគឺគេមិនមែនមានប្រាជ្ញាតែជាមនុស្សល្ងង់វិញ។ ខុសពីប្រាជ្ញាមនុស្ស ព្រះជាព្រះដែលពេញដោយប្រាជ្ញាដ៏ពិតអស្ចារ្យដែលមនុស្សមិនអាចយល់បានទេ ដូចនៅ(អេសាយ៥៥:៩)ចែងថា ”ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញ ខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិត​របស់អញ ក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ”។

អនុវត្តន៍

          ហេតុដូច្នេះហើយបងប្អូនអើយចូរចង់ចាំក្នុងចិត្តថា គ្មានប្រាជ្ញានៅឯណាផ្សេងទៀតក្រៅពីព្រះជាម្ចាស់នៃយើងរាល់គ្នាទេ។ សូមគោរពកោតខ្លាចព្រះជាម្ចាស់ ព្រោះនោះហើយជាប្រាជ្ញាដ៏ពិតដែលទ្រង់ប្រទានដល់យើង។ សូមស្វែងរកប្រាជ្ញានេះចុះព្រោះប្រាជ្ញានេះមានតម្លៃជាជាងអ្វីទាំងអស់។ ប្រាជ្ញាពិតជាពិបាកស្វែងរកណាស់ តែដោយយើងបានស្គាល់ព្រះហើយ បងប្អូនសូមបន្តស្វែងរកទ្រង់ កោតខ្លាចទ្រង់ ហើយសូមប្រាជ្ញាពីទ្រង់នោះទ្រង់នឹងប្រទានឲ្យជាមិនខាន​។           



0 Comments

Type and hit Enter to search

Close