Breaking News

សេចក្តីជំនឿដោយឥតសង្ស័យលើព្រះយេស៊ូវ ម៉ាកុស ៥:២៥-៣៤


សេចក្តីផ្តើម
            តើបងប្អូនសុខសប្បាយជាទេថ្ងៃនេះ? សំរាប់ខ្ញុំក៏សុខសប្បាយធម្មតាទេ។ តែខ្ញុំបាននៅនឹក
ចាំកាលពី ពីរបីខែមុន ខ្ញុំអត់សុខសប្បាយទេ គឺនៅពេលនោះខ្ញុំបានមានជំងឺមួយ ដែលអស់លោកអ្នកតែងថាខ្ញុំនឹងលើសឈាម។ នៅពេលនោះភ្នែកខ្ញុំត្រូវស្រអាប់ ហើយកំដៅខ្លាំង ធ្វើអោយខ្ញុំទៅជាទាញមាត់ម្ខាង។ នៅពេលនោះអ្នកគ្រូខាងព័ន្ធកិច្ច ក៏បាននាំខ្ញុំទៅមន្ទីពេទ្យសុខា។ លោកគ្រូក៏បានចាក់ថ្នាំអោយខ្ញុំបីថ្ងៃ មួយថ្ងៃមួយ ម្ជុយ ហើយព្យូសារ៉ូមបីកប្លោក។ តែនៅដល់ពេលត្រូវចេញពីពេទ្យវិញ ខ្ញុំដូចជានៅដដែល​ មាត់នៅ តែទាញម្ខាងដដែល។ ខ្ញុំពិតជាអរគុណព្រះអង្គណាស់នៅពេលមករៀនវិញ មានមិត្រភ័ត្រនៅសាលា បានអធិស្ឋានអោយ។ ពួកគាត់បានកំណត់គ្នាថា នៅពេលចប់ស្ងៀមស្ងាត់ត្រូវប្រជុំគ្នាអធិស្ឋានអោយខ្ញុំ។ ពីមួយថ្ងៃទៅមួយទៅជំងឺនេះបានបាត់បន្តិចម្តងៗ រហូតបានមួយអាទិត្យខ្ញុំបានបាត់ទៅដោយមិនដឹងខ្លួន។ ខ្ញុំតែងមានជឿថាព្រះពិតជាព្យាលបាលខ្ញុំ នៅថ្ងៃណាមួយ ពេលនោះអារម្មណ៍ខ្ញុំពិតជាពិបាកណាស់ចំពោះជំងឺបែបនេះ ខ្ញុំពិតជាអរគុណព្រះអង្គណាស់ ដែលបានព្យាបាលខ្ញុំពេលនេះខ្ញុំបានជាសះស្បើយហើយ។
អាមែន!           
 ខ្ញុំដឹងថានៅលើផែនដីនេះ មនុស្សគ្រប់រូបក៏គេតែងតែប្រាថ្នាចង់បាននូវសេចក្តីសុខសាន្ត នៅក្នុងជីវិតរបស់គេជានិច្ច។ មិនថាអ្នកណា ជាអ្នកណាទេ មិនថាបងប្អូន ឬក៏ខ្ញុំទេ គឺតែងតែចង់បាននូវសេចក្តីសុខសាន្តនៅក្នុងជីវិតជានិច្ច។ ប៉ុន្តែជាការពិតមានកត្តាជាច្រើនយ៉ាងណាស់ ដែលចេះតែទាញ មនុស្សឲ្យចាកផុត ពីសេចក្តីសុខសាន្តទាំងនោះ។ ដូចជាអ្នកខ្លះ មានជម្ងឺ អ្នកខ្លះបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ ព្រាត់ប្រាសឪពុកម្តាយជាដើម។ ឯកត្តាចំបងដែលធ្វើឲ្យយើង មិនមាន សុខសាន្តនោះ គឺជម្ងឺនេះឯង ពីព្រោះបើសិនជាមានអ្នកណាម្នាក់កើតជម្ងឺនៅក្នុងខ្លួន យើងឃើញថា ជីវិតរបស់អ្នកនោះពោរពេញទៅ ដោយការឈឺចាប់ និងភាពអស់សង្ឃឹម ព្រមទាំងគ្មានជំនឿ ជឿជាក់លើខ្លួនទៀតផង។ ឧទាហរណ៍ជាក់ ស្តែងចេញពីព្រះគម្ពីរ អំពីរឿងមួយដែលបានកើតជាយូរមកហើយ គឺមានស្រ្តីម្នាក់ គាត់មានជម្ងឺអស់រយៈពេល១២ឆ្នាំ។ ស្រ្តីនោះ គាត់ខំស្វះស្វែងរកគ្រូពេទ្យជា​ច្រើនដើម្បីព្យាបាល ប៉ុន្តែ ពុំអាចព្យាបាលជាឡើយ ហើយជម្ងឺគាត់ក៏កាន់តែធ្ងន់ថែមទៀត ជាហេតុធ្វើឲ្យគាត់មានភាពអស់សង្ឃឹមយ៉ាងខ្លាំង នៅក្នុងជីវិតរបស់គាត់។ ប៉ុន្តែថ្ងៃមួយគាត់បានឮដំណឹងពីព្រះយេស៊ូវគ្រីស្ទថា ទ្រង់អាច​​នឹងព្យាបាលមនុស្សខ្វាក់ មនុស្សខ្វិន មនុស្សពិការឲ្យជាសះស្បើយបាន។ គាត់ក៏ចូលទៅក្នុងហ្វូងមនុស្សជាច្រើនដើម្បីចូលទៅជិតព្រះយេស៊ូវ។​ នៅពេលដែលគាត់ចូលទៅជិតព្រះយេស៊ូវ គាត់ក៏បានគិតក្នុងចិត្តថា បើគាត់គ្រាន់តែពាល់ព្រះពស្រ្តរបស់ទ្រង់ នោះគាត់នឹងបានជាហើយនៅពេលដែលគាត់បានពាល់ ស្រាប់តែពេលនោះឯងមានព្រះចេស្តា ចេញពីព្រះយេស៊ូវ ហើយជម្ងឺរបស់គាត់បានជាភ្លាមមួយរំពេចនោះ។ យើងឃើញថា ស្រ្តីម្នាក់នេះ គាត់ បានជាពីជម្ងឺរបស់គាត់ មានន័យថា គាត់បានទទួលនូវសេចក្តីសុខសាន្តនៅក្នុងជីវិតរបស់គាត់ឡើងវិញ​ ហើយសេចក្តីសុខសាន្តនេះឯង គឺបានមកដោយសារការដែលគាត់មានសេចក្តីជំនឿដោយឥតសង្ស័យលើព្រះយេស៊ូវគ្រីស្ទ។
សំនួរស្នូល៖  តើសចក្តីជំនឿដោយឥតសង្ស័យលើព្រះយេស៊ូវគ្រីស្ទ គឺជាសេចក្តីជំនឿយ៉ាងដូចម្តេច?




តួសេចក្តី
            សូមអានបទគម្ពីរម៉ាកុស ៥:២៥-៣៤ ។ នៅក្នុងបទគម្ពីរនេះ ខ្ញុំបានបែង ចែកជាបីផ្នែកធំៗ​ដូចខាងក្រោមនេះ៖           
ជាបន្តទៀតនេះ សូមឲ្យ​យើងមើលពីការបកស្រាយនូវចំណុចនីមួយៗខាងក្រោមនេះ៖
I- សេចក្តីជំនឿដោយឥតសង្ស័យ គឺជាការដែលជឿដោយអស់ពីចិត្ត (ខ២៥-២៩)
នៅខ២៥-២៦ បានប្រាប់ថា មានស្រ្តីម្នាក់មានជម្ងឺធ្លាក់ឈាមអស់រយៈពេល១២ឆ្នាំ។ មិនមែនមានន័យថា ស្រ្តីនេះគាត់ទុកជម្ងឺរបស់គាត់ឲ្យឈឺរហូតដល់១២ឆ្នាំដោយមិនរវល់ក្នុងការព្យាបាលនោះទេ។ តាមពិត​ស្រ្តី​ម្នាក់នេះ គាត់ស្រឡាញ់ខ្លួនគាត់ណាស់ គឺគាត់បានយកចិត្តទុកដាក់ក្នុងការព្យាបាលណាស់ ពីព្រោះ ខ២៦​បានប្រាប់យើងថា នាងបានឈឺសន្ធឹកនៅក្នុងដៃគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន នេះមានន័យថា គាត់យកចិត្តទុកដាក់នឹងការព្យាបាលជម្ងឺរបស់គាត់ណាស់ ដោយព្យាបាល​នឹង​គ្រូពេទ្យជាច្រើន ក្នុងនោះប្រហែលជាមិនត្រឹមតែគ្រូពេទ្យជាជនជាតិយូដាប៉ុណ្ណោះទេ ប្រហែលជាមាន​គ្រូ​ពេទ្យសាសន៍ដទៃផងដែរ ដោយព្រោះសម័យនោះ ពួកយូដាស្ថិតនៅក្រោមការគ្រប់គ្រងរបស់​ចក្រភព​រ៉ូម។ ទោះបីជាគាត់ខំរកគ្រូពេទ្យព្យាបាលជម្ងឺរបស់គាត់យ៉ាងណា ក៏ជម្ងឺមិនបានជា ហើយកាន់តែធ្ងន់ថែម​ទៀតផង។ ម្យ៉ាងទៀតបើតាមទំនៀមទម្លាប់របស់សាសន៍យូដា ជាពិសេស ក្រិត្យវិន័យរបស់ពួកយូដាដែរ បើមានជម្ងឺបែបនេះ គេរាប់ថា ជាមនុស្សមិនស្អាត ហើយគាត់ត្រូវរស់នៅ ដាច់ដោយឡែកពីគេ (លេវីវិន័យ ១៥:២៥-២៨)។ ដូច្នេះយើងមើលពីអារម្មណ៍របស់ស្រ្តីម្នាក់នេះបន្តិច តើគាត់ មានអារម្មណ៍យ៉ាងណា? យើង​​មើលពី​​មនុស្សដែលមានជម្ងឺប្រចាំកាយ ដែលមិនអាចព្យាបាលជា ឬអ្នកដែលមានទុក្ខលំបាកខ្លាំង ​ដែលមិន​អាច​មាន​​អ្នកណាជួយបានដើម្បីដោះស្រាយនូវបញ្ហានៅក្នុងជីវិតរបស់គេបាន តើពួកគេមានអារម្មណ៍បែបណា? ឬមានលទ្ធផលដូចម្តេច? គឺពួកគេមាន ការអស់សង្ឃឹម យ៉ាងខ្លាំងរហូតដល់ទៅសម្លាប់ខ្លួន ដើម្បី​ឲ្យ​ជីវិត​បានចាកផុតពីទុក្ខលំបាកទាំងអស់នេះ។ ចុះចំណែកស្រ្តីដែលមានជម្ងឺម្នាក់នេះវិញ  នៅពលដែល​គាត់​​​កំពុង​តែមានជម្ងឺដែលមិនអាចព្យាបាលបាន ហើយថែមទាំងសង្គមម​នុស្សបានបោះបង់នាងចោល តើជីវិតរបស់គាត់ទៅជាយ៉ាងម៉េចវិញ?​ ការដែលគាត់ មានជម្ងឺនេះ គឺជាបញ្ហាដ៏លំបាកខ្លាំងមែនទែន សម្រាប់ការរស់នៅរបស់គាត់ ពិបាកទាំងខ្លួនឯងផង និងពិបាកជាមួយអ្នកដទៃផង។ បើយើងមើលពី​ អារម្មណ៍របស់គាត់ គឺគាត់​ចង់បានជាពីជម្ងឺណាស់ ពីព្រោះជីវិតទទួលការឈឺចាប់យ៉ាងខ្លាំង តែមើល​គាត់មិនបានសម្លាប់ខ្លួននោះទេ គាត់ខំតស៊ូជាមួយជម្ងឺរបស់គាត់រហូតដល់ទៅ១២ឆ្នាំវិញ។ ដូច្នេះ តើអ្នកណាដែលអាចនឹងជួយដោះស្រាយនូវបញ្ហារបស់គាត់បាន? នៅក្នុងខ២៧ បានប្រាប់យើងថា​ គាត់បានឮពីព្រះយេស៊ូវ។ ដូច្នេះកាលណាយើងកំពុងតែជួបប្រទះនូវបញ្ហាក្នុងជីវិត ឬមានជម្ងឺដែរ ហើយបាន  ឮគេនិយាយ​ពីគ្រូ​ពេទ្យ ឬអ្នកណាម្នាក់ដែលអាចនឹងព្យាបាលជម្ងឺឲ្យជាបាន នោះយើងក៏ខំស្វែងរកគ្រូពេទ្យនោះ​ដើម្បីនឹង​ព្យាបាល​ជម្ងឺ​របស់ខ្លួនដែរ ឬក៏ឲ្យអ្នកនោះជួយដោះស្រាយនូវបញ្ហារបស់យើងជាមិនខាន។ នៅស្រុកខ្មែរយើង អ្នកដែលមានជម្ងឺ ឲ្យតែបានឮល្បីថា នៅទីណាមានគ្រូពូកែមើលជម្ងឺ គឺពួកគេនាំគ្នាសម្រុកទៅរកគ្រូនោះភ្លាម។ ជាក់ស្តែងដូចជាឳពុកខ្ញុំមានជំងឺ ធ្លាយក្រពះ ហើយអាការៈចេះតែចុកក្នុងពោះ​ក៏បានឮគ្រូខ្មែរពូកែម្នាក់នៅក្នុងស្រុកក៏ទៅរកតែជួយមិនបានទេ ក៏បានទៅពេទ្យ មិត្រភាពខ្មែរសូវៀតម្តង នៅទៅនោះក៏ត្រូវវះកាត់ភ្លាមៗតែម្តង ព្រោះវាជាដំណាក់កាលចុងក្រោយហើយ  ហើយខ្ញុំផ្ទាល់ក៏បានអធិស្ឋានអោយគាត់ដែរ។ បន្ទាប់ពីបានចេញពីពេទ្យមួយខែ គាត់នៅតែចុកខ្លះទៀត ខ្ញុំហើយបងប្រុសខ្ញុំ ពិភាក្សាគ្នាក៏ត្រូវបញ្ជួនគាត់មកពេទ្យម្តងទៀត តែមុនពេលមកពេទ្យ ខ្ញុំក៏បានសុំអនុញ្ញាតិអោយគាត់បានទៅព្រះវិហារ      អោយគ្រួអធិស្ឋានអោយ ព្រោះនៅពេលនោះគឺជាថ្ងៃដែលក្រុមគ្រូៗនៅភ្នំពេញ និងសង្ហាក់បូរីបង្រៀនពីរបៀនអធិស្ឋានប្រោសជំងឺ។ អរគុណព្រះអង្គឃើញថា ក្រោយមកឳពុកខ្ញុំបានជាវិញ។ តែឥឡូវនេះយើងមើលពីស្រ្តីដែលធ្លាក់​ឈាម​១២ឆ្នាំនេះវិញ នៅពេលដែលគាត់បានឮដំណឹងពីព្រះយេស៊ូវ ហើយគាត់ក៏បានឮល្បីពីព្រះនាម​ទ្រង់​ផងដែរ នោះគាត់ក៏បានស្វែងរកទ្រង់ដែរ​ តើព្រះយេស៊ូវនឹងធ្វើឲ្យគាត់អស់សង្ឃឹមឬទេនៅក្នុងខ២៧ បានប្រាប់យើងថា ស្រ្តីនោះក៏បាន ប្រជ្រៀត​ចូល​ទៅ ក្នុងហ្វូងមនុស្ស នេះបញ្ជាក់ថា សេចក្តីជំនឿរបស់គាត់ខ្លាំងមែនទែនលើព្រះយេស៊ូវ។ ពីព្រោះយើង​មើល គាត់ប្រជ្រៀតចូលទៅក្នុងហ្វូងមនុស្ស គឺពិបាកណាស់ ម្យ៉ាងទៀត គាត់ជាស្រ្តីដែលមានកំលាំង​ខ្សោយ ហើយថែមទាំងមានជម្ងឺទៀត ហើយប្រហែលជាគាត់ខំបិទបាំងមុខមាត់គាត់កុំឲ្យគេមើលស្គាល់ហើយ ពីព្រោះបើគេស្គាល់គាត់​ថា គាត់ជាមនុស្សមិនស្អាត​ (ធ្លាក់ឈាម) នោះគេនឹងមិនអោយគាត់មកជិតទេ។ ប៉ុន្តែដោយសារគាត់មានជំនឿយ៉ាងអស់ពីចិត្តចំពោះព្រះយេស៊ូវ គាត់ខិតខំពុះពារគ្រប់បែប​យ៉ាង​ដើម្បីឲ្យបានចូលទៅជិតព្រះយេស៊ូវ។ ខ២៨ បានប្រាប់ថា គាត់គិតថា បើគ្រាន់ តែពាល់​ព្រះពស្រ្ត​ទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយនេះបញ្ជាក់ថា សេចក្តីជំនឿរបស់គាត់ គឺជា សេចក្តីជំនឿ​ដោយឥត​មានការសង្ស័យអ្វីទាំងអស់​ មានន័យថា គាត់បានជឿយ៉ាងអស់ពីចិត្ត របស់គាត់ លើព្រះយេស៊ូវគ្រីស្ទ។  នៅខ២៩ បានប្រាប់ថា​ គាត់បានរួចពី      សេចក្តី​វេទនា​របស់គាត់ដូចជាការដែល គាត់មានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទមែន។ ចុះចំណែកយើងនៅ​ពេល​ដែល​យើងមានជម្ងឺ ឬបញ្ហាលំបាក ដូចជាយើងទទួលការបៀតបៀនពីមនុស្សនៅក្នុងសង្គម​ដោយ​ព្រោះជំនឿរបស់យើង ឬសង្គមមិន​រាប់អានយើង​ ឬមានបញ្ហានៅក្នុង គ្រួសារដែលមិនអាច​ដោះស្រាយ​បាន តើយើងនៅតែមានជំនឿដោយឥតសង្ស័យលើព្រះយេស៊ូវគ្រីស្ទ ដូចជាស្រ្តីធ្លាក់ឈាមនេះដែរឬទេ? ដូច្នេះ នៅពេលដែលយើងមានបញ្ហាលំបាកនៅក្នុងជីវិត សូមឲ្យ យើងបានដាក់សេចក្តីជំនឿ​របស់យើង​យ៉ាង​អស់​ពីចិត្តលើព្រះយេស៊ូវ នោះទ្រង់អាចនឹងជួយដោះ ស្រាយនូវបញ្ហារបស់យើងបាន។ ព្រះយេស៊ូវ ទ្រង់ជាព្រះដែលមានអំណាចអស្ចារ្យ ទ្រង់នឹង ព្យាបាលយើង ដោះស្រាយបញ្ហា​ឲ្យយើង​បានពិតប្រាកដ ដែលទ្រង់ខុសពីគ្រូដែលល្បីនៅលើផែនដីនេះ ឲ្យតែយើងមានសេ​ចក្តីជំនឿដោយអស់​ពី​ចិត្ត​ដោយឥតសង្ស័យលើទ្រង់។
II-សេចក្តីជំនឿដោយឥតសង្ស័យ គឺត្រូវមានភាពស្មោះត្រង់ និងការទទួលស្គាល់ (៣០-៣៣)
            សេចក្តីជំនឿដោយឥតសង្ស័យលើព្រះយេស៊ូវគ្រីស្ទ មិនត្រឹមតែឲ្យជឿដោយអស់ពីចិត្តប៉ុណ្ណោះ ទេ គឺយើងក៏ត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនឯង និងចំពោះព្រះយេស៊ូវគ្រីស្ទ ព្រមទាំងទទួលស្គាល់នូវ​​អ្វីដែលខ្លួនបានធ្វើដែរ។ ដូចជានៅខ៣០ បានប្រាប់ថា ព្រះយេស៊ូវ ទ្រង់បានជ្រាបថា មានព្រះ ចេស្តាចេញពីទ្រង់ហេតុអ្វីបានជាព្រះចេស្តារបស់ព្រះចេញពីអង្គទ្រង់? ហេតុអីបានជាទៅគ្របដណ្តប់លើមនុស្សតែម្នាក់វិញ? ដូច្នេះព្រះចេស្តារបស់ព្រះមិនមែន​ចេះតែចេញនោះទេ លុះត្រាតែអ្នកដែល ត្រូវការទ្រង់ មាន  សេចក្តីជំនឿផងដែរ។ នៅក្នុងចំណោមមនុស្សជាច្រើន​នាក់ ព្រះចេស្តារបស់ព្រះ បានចេញទៅលើស្រ្តីដែលធ្លាក់ឈាមតែម្នាក់​ គឺដោយព្រោះតែសេចក្តីជំនឿរបស់គាត់ មានការប្រកបជាមួយព្រះចេស្តារបស់ព្រះ ហើយទ្រង់ក៏ប្រោសឲ្យគាត់បានជាដោយសារសេចក្តីជំនឿរបស់គាត់ នោះឯង។ នៅពេលដែលព្រះយេស៊ូវបានដឹងថា មានព្រះចេស្តាចេញពីទ្រង់ ទ្រង់ក៏បានបែរអង្គទ្រង់ ទៅរកហ្វូងមនុស្ស ហើយសួររកអ្នកដែលបានធ្វើការនេះ។ ប៉ុន្តែនៅខ៣១ ពួកសិស្សបានទូលទ្រង់ថា ទ្រង់ឃើញថា​ ហ្វូងមនុស្សប្រជ្រៀត​ទ្រង់ដែរ ម្តេចឡើយក៏មានបន្ទូលថា អ្នកណាពាល់ទ្រង់ដូច្នេះ?។​ ពួកសិស្សគេអត់ដឹងការនេះទេ តែព្រះយេស៊ូវទ្រង់ជ្រាបការនេះ ហើយទ្រង់ចង់ឲ្យស្រ្តីដែលពាល់ទ្រង់ នេះមានភាពស្មោះត្រង់ និងទទួលស្គាល់ចំពោះអ្វីដែលនាងបានធ្វើ នៅខ៣២ ទ្រង់ក៏ងាកទត ទីជុំវិញ នឹងរកអ្នកណាដែលបានធ្វើនោះ។ ដូច្នេះនៅខ៣៣ បានប្រាប់ថា ក្រោយពីព្រះអង្គបានសួររក អ្នកដែលបានពាល់ទ្រង់នាងក៏បានចូលមកសារភាពទាំងភ័យញ័រនេះបញ្ជាក់ថា នាងមានភាព ស្មោះត្រង់ ហើយទទួលស្គាល់នូវអ្វីដែលនាងបានធ្វើ ចំពោះព្រះយេស៊ូវ​ ។ យើងឃើញថា ហេតុអ្វី បា​នជាស្រ្តីម្នាក់នេះភ័យញ័រ? គឺដោយព្រោះនាងបា​នធ្វើការនេះដោយលាក់កំបាំងមិនឲ្យគេដឹង។ មួយទៀត អំពីភាពមិនស្អាតរបស់ខ្លួន ខ្លាចក្រែងព្រះអង្គរករឿង ដោយព្រោះនាងជាស្រ្តីដែលគេរាប់ថា មិនស្អាតដែលមិនអាចនៅក្នុងចំណោមមនុស្សដែលស្អាតបានឡើយ (ច្បាប់របស់សាសន៍យូដា)។ នាងបានប្រាប់រឿងរ៉ាវទាំងអស់ដែលកើតឡើងចំពោះនាងដោយភាពស្មោះត្រង់ បញ្ជាក់ថានាងហ៊ាន ទទួលនូវអ្វីៗដែលខ្លួនបានប្រព្រឹត្ត។ ដូច្នេះនៅក្នុងខ៣៣នេះ បានប្រាប់យើងថាស្រ្តីម្នាក់នេះ នាងមាន ភាពស្មោះត្រង់នឹងសេចក្តីជំនឿរបស់ខ្លួន ព្រមទាំងហ៊ានទទួលស្គាល់នូវអ្វីដែលនាងបានប្រព្រឹត្ត ផងដែរ។ សេចក្តីជំនឿមិនត្រឹមតែឲ្យយើងជឿឲ្យអស់ពីចិត្តប៉ុណ្ណោះទេ តែយើងក៏ ត្រូវមានភាពស្មោះត្រង់ និងទទួលស្គាល់ផងដែរ។ ចុះចំណែកយើងវិញ នៅពេលដែលយើងបានប្រព្រឹត្តការមិនល្អ នៅក្នុងជីវិត តើយើងហ៊ានសារភាពចំពោះព្រះយេស៊ូវគ្រីស្ទដែរឬទេ?  នៅពេលដែលយើងហ៊ាន​សារ​ភាពនូវអ្វី ដែលយើងបានប្រព្រឹត្ត ហើយឈប់ប្រព្រឹត្តការនោះទៀត​មានន័យថា យើងមានសេចក្តីជំនឿស្មោះត្រង់ចំពោះព្រះយេស៊ូវ ហើយព្រះអង្គនឹង​អត់ទោស​ឲ្យ​យើងជា​មិនខាន
III-សេចក្តីជំនឿដែលជឿអស់ពីចិត្ត និងមានភាពស្មោះត្រង់នាំឲ្យមានការសង្រ្គោះ (៣៤)
            យើងឃើញថា ស្រ្តីធ្លាក់ឈាម១២ឆ្នាំនេះដោយសារការដែលគាត់មានសេចក្តីជំនឿស្មោះត្រង់ ហើយជឿដោយអស់ពីចិត្តរបស់គាត់ នោះគាត់ក៏បានទទួលនូវសេចក្តីសង្រ្គោះ ដូចជាមានគាត់មានជំនឿមែន ពីព្រោះនៅខ៣៤ បានប្រាប់ថា កូនស្រីអើយ គឺបញ្ជាក់ ថា ព្រះយេស៊ូវ ទ្រង់បានទទួលនាងធ្វើជាសមាជិកម្នាក់នៅក្នុងគ្រួសារទ្រង់។ សេចក្តីជំនឿនាងបានជួយ សង្រ្គោះនាងហើយ មានន័យថា នាងបានរួចពីសេចក្តីឈឺចាប់ និងសេចក្តីវេទនា ហើយនាងបានទទួលនូវសេចក្តីសុខសាន្តនៅក្នុងជីវិត មិនត្រឹមតែជីវិតខាងសា​ច់ឈាម​ ប៉ុណ្ណោះទេ គឺថែមទាំងជីវិតខាងព្រលឹងវិញ្ញាណផងដែរ។ ព្រះយេស៊ូវ ទ្រង់បានជួយសង្រ្គោះនាង ដោយព្រោះសេចក្តីជំនឿរបស់នាងដែលជឿលើទ្រង់ដោយស្មោះត្រង់អស់ពីចិត្ត ដោយឥតមានការសង្ស័យអ្វីឡើយ។ ដូច្នេះយើងឃើញថា ដោយសារជំនឿស្មោះត្រង់ដោយអស់ពីចិត្ត ហើយហ៊ានទទួល ស្គាល់នូវអ្វី ដែលខ្លួនបានប្រព្រឹត្តនាំឲ្យយើងបានទទួលនូវសេចក្តីសង្រ្គោះសម្រាប់ជីវិតរបស់យើងម្នាក់ៗ។ ហើយព្រះអង្គក៏បានរាប់យើងថា ជាសមាជិកនៅក្នុងគ្រួសារនៃព្រះដែរ។ នៅពេលដែលយើង ទទួលជឿលើទ្រង់ហើយ នោះទ្រង់បានរាប់យើងជាកូនទ្រង់។ តែកុំអោយយល់ច្រឡុំថា ពេលជឿលើព្រះអង្គហើយលែងមានជំងឺ ឬមិនមានភាពលំបាក់នោះ គឺយើងនៅតែមានជៀសមិនរួចព្រោះយើងលើ ផែនដី រស់នៅជាមួយនឹងបាប តែសំខាន់យើងនៅតែជឿលើទ្រង់វិញ ព្រោះយើងបានសង្គ្រោះហើយ។
សេចក្តីបញ្ចប់
សរុបគំនិតស្នូល
          សរុបសេចក្តីមក សេចក្តីជំនឿរបស់ស្រ្តីធ្លាក់ឈាមនេះ គឺជឿដោយស្មោះត្រង់អស់ពីចិត្ត ហើយឥតសង្ស័យអ្វីទាំងអស់ ហើយនៅទីបញ្ចប់ដោយសារសេចក្តីជំនឿនេះ នាងក៏បានទទួលនូវ សេចក្តីសង្រ្គោះ គឺបានជាសះស្បើយពីជម្ងឺរ៉ាំរ៉ៃរបស់នាង មិនត្រឹមតែជម្ងឺប៉ុណ្ណោះទេ ថែមទាំងជីវិតខាងព្រលឹងវិញ្ញាណរបស់នាងក៏បានសង្រ្គោះដែរ។
ព្រះយេស៊ូវគ្រីស្ទ
            ជាមួយគ្នានៅក្នុងអត្ថបទនេះ បានបង្ហាញឲ្យយើងមើលឃើញថា ព្រះយេស៊ូវទ្រង់ជា​ព្រះដែល​ ជ្រាបដឹងពីអ្វីៗដែលបានកើតឡើង​ (មានព្រះចេស្តាចេញពីទ្រង់) ដែលមនុស្សមិនអាចដឹងបាន ដ្បិតទ្រង់ ជាព្រះ ហើយមានព្រះចេស្តាផង ដូច្នេះទ្រង់ដឹងថា មានអ្វីកើតឡើង។ ជាមួយគ្នា ព្រះអង្គមានអំណាចចេស្តាអាចប្រោសជម្ងឺរ៉ាំងរ៉ៃដែលគ្រូពេទ្យនៅលើលោកនេះមិនអាចព្យាបាលជាបាន តែទ្រង់អា​ចព្យាបាល​ជាបានចំពោះអស់អ្នកដែលពិតជាជឿលើទ្រង់ដោយអស់ពីចិត្ត ឥតមានសង្ស័យអ្វីសោះលើទ្រង់។
មនុស្ស
 ព្រះអង្គសព្វព្រះទ័យ ចង់ឲ្យមនុស្សបានសារភាពនូវអំពើបាបរបស់ខ្លួនដែលបានប្រព្រឹត្ត ហើយបែរមករកទ្រង់វិញ ដោយទទួលជឿលើទ្រង់ដោយស្មោះត្រង់អស់ពីចិត្ត នោះទ្រង់នឹងអត់ទោសបាបឲ្យ ហើយបានរាប់ជាកូនទ្រង់ទៀតផង ដូចជាស្ត្រីនោះដែរ។
ការអនុវត្ត
យើងទាំងអស់គ្នា នៅពេលដែលយើងមានបញ្ហាលំបាកដូចស្រ្តីនេះ តើយើងមានសេចក្តីជំនឿដូចស្រ្តីនេះដែរឬទេ? នៅពេលដែលយើងមានបញ្ហា តើយើងហ៊ានចូលមកជិតព្រះអង្គដែរឬទេ? ដូច្នេះ      បងប្អូនទាំងអស់គ្នាអើយ! នៅពេលយើងមានបញ្ហាលំបាកសូមឲ្យ យើងទាំងអស់គ្នាមានសេចក្តីជំនឿដូចស្រ្តីធ្លាក់ឈាមម្នាក់នេះ ហើយចូលមកជិតព្រះអង្គ ដោយសេចក្តីជំនឿ ដោយអស់ពីចិត្តរបស់យើង នោះព្រះអង្គនឹងជួយយើង។ សូមឲ្យយើង នៅតែបន្តរក្សាសេចក្តីជំនឿដោយស្មោះត្រង់ អស់ពីចិត្តដោយឥតសង្ស័យលើព្រះយេស៊ូវ ទោះបីជាពេលខ្លះ យើងជួបការលំបាកក៏ដោយ ក៏យើងនៅតែរក្សាសេចក្តីជំនឿនេះ ដោយមានសង្ឃឹមថា​ ព្រះអង្គនឹងជួយយើងឲ្យបានរួចពីការទាំងអស់ ដែលបានកើតឡើងនៅក្នុងជី​វិតរបស់យើង សូមចូលទៅជិតទ្រង់ដោយអធិស្ឋាន ទាំងមានចិត្តចង់អោយទ្រង់ជួយ រូមទាំងការដាក់ជំនឿលើទ្រង់១០០%។ ព្រះអង្គបានរាប់ យើងជាសមាជិករបស់ទ្រង់ ហើយយើងក៏បានទទួលសេចក្តី សង្រ្គោះ ដ៏ធំឧត្តមសម្រាប់ជីវិតរបស់យើងម្នាក់ៗដែរ ចូរឲ្យយើងថ្លែងការអរព្រះគុណទ្រង់ចំពោះសេចក្តីមេត្តាករុណា សេចក្តីស្រឡាញ់ដែលទ្រង់មាន ចំពោះយើងទាំងអស់គ្នា។ កិច្ចការ១៦:៣១ ចូរជឿដល់ ព្រះ      អម្ចាស់យេស៊ូវទៅនោះនឹងបានសង្រ្គោះហើយ ព្រមទាំង ក្រុមគ្រួសារលោកផង អាម៉ែន!
                                                                       
ឯកសារយោង

        ១-ព្រះគម្ពីរសិក្សា សញ្ញាចាស់ និងសញ្ញាថ្មី
       ២-សៀវភៅស្ពានចម្លងអត្ថាធិប្បាយព្រះគម្ពីរ ភាគទី៦ (កណ្ឌដំណឹងល្អ ម៉ាថាយ ដល់កិច្ចការ)
        និពន្ធដោយលោក ហ្វីលេមីង ដន, បកប្រែដោយ កញ្ញាហុង សុម៉ាល័យ កែសម្រួលដោយ              អ្នកគ្រូ អាលីស កំបាំង បោះពុម្ពដោយគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា
      ៣- ព្រះគម្ពីរជាភាសាខ្មែរបច្ចុប្បន្ន សញ្ញាថ្មី
      ៤- កម្មវិធីព្រះគម្ពីរជាភាសាខ្មែរ (Khmer Bible Concordance)

0 Comments

Type and hit Enter to search

Close