Breaking News

ភាពគ្មានទំនួលខុសត្រូវរបស់មនុស្ស​​ និងសេចក្តីសន្យាព្រមទាំងព្រះគុណរបស់ព្រះចំពោះមនុស្សជាតិ លោកុប្បត្តិ ៣ :៩-២១



សេចក្ដីផ្ដើម:                                                                              
មានក្រុមគ្រួសារមួយដែលរស់នៅយ៉ាងឆ្ងាយពីទីក្រុង​ បើយើងចូលទៅខាងក្នុងផ្ទះនោះ
យើងនិងឃើញថាផ្ទះតូចចង្អៀតបន្តិច​ហើយម្ចាស់ផ្ទះមានឈ្មោះថាមីងសំ។​ ​​មីងសំជាស្រ្តីមេម៉ាយ ប្តីរបស់គាត់បានស្លាប់ក្នុងរបបប្រល័យពួជសាសន៍ខ្មែរក្រហម។អ្នកមីងមានកូនចំនួនប្រាំអ្នក​ហើយកូនៗរបស់គាត់បានរៀបការរស់នៅឆ្ងាយៗពីគាត់។​  កូនខ្លះក៏មានប្រពន្ធនៅតាមខេត្ត ហើយកូនខ្លះទៀតក៏បានទៅធ្វើការនៅប្រទេសថៃ។​ តែអ្នកមីងរស់នៅជាមួយចៅប្រុសម្នាក់របស់គាត់ ឈ្មោះថា​ សីហាដែលមានអាយុ៨ឆ្នាំ។​ ថ្ងៃមួយអ្នកមីងសំបានទៅផ្សាហើយមុននិងគាត់ចេញទៅគាត់បានហៅ​សីហាមកផ្តែផ្តាំដោយការហាមមិនអោយចៅរបស់គាត់យកបាល់មកលេងនៅក្នុងផ្ទះ ព្រោះនិងនាំអោយបែកបាក់សំភារះនៅក្នុងផ្ទះហើយសីហាបានងក់ក្បាលយល់ព្រមតាមពាក្យប្រាប់របស់អ្នកមីងសំ។​​ សីហាមិនបានធ្វើតាមយាយរបស់គាត់ឡើយដោយការលេងសប្បាយរបស់គាត់ធ្វើអោយគាត់ភ្លេចខ្លួនក៏ទាត់បាល់ចូលក្នុងផ្ទះទាត់ចុះឡើងបានបន្តិចស្រាប់តែបាល់បានប៉ះថូផ្កាមួយលឺសំឡេងគ្រាំងក៏បានធ្លាក់ពីលើតុបែកខ្ទិចខ្ទីអស់។ សីហាភ័យយ៉ាងខ្លាំង ហើយរត់ទៅគេងនៅក្នុងបន្ទប់បាត់ហើយមីងសំក៏មកដល់ឃើញថូផ្កាបែកខ្ទេចគាត់ក៏ហៅចៅរបស់គាត់មកសួរ។ ​ គាត់បានចូលទៅក្នុងបន្ទប់ក៏ឃើញចៅរបស់គាត់កំពុងតែគេងដណ្តប់ភួយដូចជាគ្រុណក្តៅនៅក្នុង
បន្ទប់រួចគាត់ក៏សួរចៅរបស់គាត់ថាតើចៅមានធ្វើអោយថូផ្កាបែកដែរទេ។​​​​​​​ ​សីហាបានឆ្លើយដូចជាភ័យថាខ្ញុំមិនបានធ្វើអោយបែកទេ​​​​  ​សីហាក្រលេកភ្នែកទៅមាត់ទ្វារស្រាប់តែឃើញឆ្មាក៏ឆ្លើយទៀតថាប្រហែលជាឆ្មារត់បុកហើយលោកយាយព្រោះពេលខ្ញុំគេងខ្ញុំបានលឺសំលេងឆ្មាស្រែកក្បែរថូផ្កាហើយក៏លឺសំឡេងគ្រាំង។
តាមរយះសាច់រឿងនេះទោះបីជាមិនមានលក្ខណះដូចទាំងស្រុងទៅនិងបទគម្ពីរនេះ តែយើងអាចឃើញចំណុចខ្លះដែលមានភាពស្រដៀងគ្នាខ្លះដែរ ដូចជាពេលដែលអ័ដាមបានធ្វើខុសចំពោះព្រះជាម្ចាស់​អ័ដាមមានចិត្តភ័យហើយរត់ពួននិងព្រះជាម្ចាស់ហើយពេលដែលព្រះអង្គសួរពីអ្វីដែលគាត់បានធ្វើខុសចំពោះព្រះនោះគាត់ពុំបានទទួលកំហុសរបស់គាត់ឡើយគឺគាត់បានទំលាក់កំហុសទៅកាន់ស្ត្រីដែលព្រះអង្គបានប្រទានដល់គាត់ទៅវិញ ដូចជាសីហាមានចិត្តភ័យខ្លាច​ នៅពេលដែលគាត់បានធ្វើអោយថូផ្កាបែក។  ហើយគាត់ក៏មិនបានទទួលកំហុសរបស់ខ្លួនដែរ គឺបែជាទំលាក់កំហុសទៅលើសត្វឆ្មាវិញ។

សំនួរស្នូល
តើអ័ដាមមានទំនួលខុសត្រូវយ៉ាងដូចម្តេចខ្លះ ចំពោះការប្រព្រឹត្តខុសរបស់គាត់?
តាមរយះអត្ថបទគម្ពីរនេះ  តើព្រះជាម្ចាស់មានព្រះហឬទ័យ​ និង ផែនការយ៉ាងដូចម្តេចខ្លះចំពោះមនុស្សជាតិ?





សង្ខេបបទគម្ពីរ:
ព្រះជាម្ចាស់បានហៅរកអ័ដាម តែអ័ដាមបានរត់ពួនចំពោះព្រះជាម្ចាស់ដោយការភ័យខ្លាចហើយអ័ដាមនៅខ្លួនទទេ។ ​​​​​​​​​​ព្រះអង្គបានសួរទៅអ័ដាមថា នរណាជាអ្នកប្រាប់ដល់អ័ដាមឲ្យដឹងថាងនៅខ្លួនទទេហើយ​ តើអ័ដាមបានស៊ីផ្លែឈើដែលព្រះអង្គបានហាមដែរឬអត់។​​  ​​​​​អ័ដាមពុំបានសារភាពនូវកំហុសរបស់គាត់នោះទេគឺគាត់បែរជាទំលាក់កំហុសទៅលើអេវ៉ាជាស្រ្តីដែលព្រះអង្គបានប្រទានដល់គាត់បានអោយផ្លែឈើនោះមកគាត់ទទួលទាន។ ព្រះយេហូវ៉ាក៏បានសួរទៅកាន់ស្រ្តីថាតើនាងបានប្រព្រឹត្តយ៉ាងដូច្នោះតែស្រ្តីបានបានទូលឆ្លើយថា ពស់វាបានល្បួងបញ្ឆោតដល់នាងអោយទទួលទាន។​​រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅពស់ ដោយព្រោះសត្វពស់បានធ្វើដូច្នេះ​ នោះសត្វពស់និងត្រូវបណ្តាសា​ គឺត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដឺអស់មួយជិវិត​  ហើយព្រះអង្គនិងធ្វើអោយពូជសត្វពស់ និងពួជស្រ្តីមានសេចក្តីខ្មាំងនិងគ្នា គឺពូជស្រ្តីនិងកិនក្បាលពស់ ហើយពស់និងចឹកកែងជើងគេ។ ចំណែកស្រ្តីវិញក៏ត្រូវបណ្តាសាផងដែរគឺ
ទ្រង់​​នឹង​ចំរើន​ឲ្យ​ស្រ្តី​មាន​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន​ឡើង ក្នុង​វេលា​ដែល​មាន​ផ្ទៃ​ពោះ ហើយស្រ្តី​នឹង​បង្កើត​កូន​ដោយ​ឈឺ​ចាប់ ចិត្ត​នាង​នឹង​ប្រាថ្នា​ខាង​ឯ​ប្ដី ហើយ​ប្ដី​នឹង​ត្រួត​ត្រា​លើ​នាង។ រួច​ទ្រង់​ក៏​មាន​បន្ទូលទៅ​អ័ដាម​ ដោយ​ព្រោះ​អ័ដាមបាន​ស្ដាប់​តាម​ប្រពន្ធ​របស់គាត់ ហើយ​ស៊ី​ផ្លែ​ឈើ​នោះ ដែល​ទ្រង់​បាន​ហាម​មិន​ឲ្យ​ស៊ី​ឡើយ នោះ​ដី​ត្រូវ​បណ្ដាសា​ដោយ​ព្រោះ​អ័ដាម ។ ដូច្នេះអ័ដាម​ត្រូវ​រក​ស៊ី​ពី​ដី​ដោយ​នឿយ​ហត់​អស់​១​ជីវិត ហើយ ដី​នឹង​ដុះ​ជា​បន្លា​ហើយ​នឹង​អញ្ចាញ​ អ័ដាម​ត្រូវ​ស៊ី​អស់​ទាំង​តិណជាតិ​ដែល​ដុះ​នៅ​ស្រែ​ចំការដោយអ័ដាម​នឹង​បាន​អាហារ​ស៊ី​ដោយ​ការ​បែក​ញើស ដរាប​ដល់​គាត់ត្រឡប់​ទៅ​ជា​ដី​វិញ។  អ័ដាម​បាន​ឲ្យ​ឈ្មោះ​ប្រពន្ធ​គាត់​ថា «‍អេវ៉ា‍» ពី​ព្រោះ​នាង​ជា​ម្ដាយ​នៃ​មនុស្ស​ទាំង​អស់។​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ក៏​ធ្វើ​អាវ​ពី​ស្បែក ឲ្យ​អ័ដាម​នឹង​ប្រពន្ធ​គាត់​ពាក់​បិទ​បាំង​កាយ 

១. ភាពគ្មានទំនួលខុសត្រូវរបស់អ័ដាម និង អេវ៉ាចំពោះកំហុសដែលបានប្រព្រឹត្ត  (៩-១១)
    ក. មិនទទួលខុសត្រូវដោយព្រោះភាពភ័យខ្លាចហើយរត់ពួនពីព្រះជាម្ចាស់ ខ៩-១០
ខ៩,​​ ព្រះយេហូវ៉ាបានហៅអ័ដាម​ដោយបន្ទូលថា​​​​​​​​​​​​​​ងនៅណា​ តើព្រះទ្រង់សួរបែបនេះមានន័យថាព្រះអង្គមិនដឹងថាអ័ដាមនៅណា​ ហើយទ្រង់ក៏មិនជ្រាបថាអ័ដាមបានធ្វើអ្វីខ្លះមែនទេ ? ព្រះជាម្ចាស់ទ្រង់ជាព្រះសព្វញ្ញុតញ្ញាណជាព្រះដែលទតឃើញ ហើយជ្រាបដឹងដូចដែលមាននៅក្នុងបទគម្ពីរ ( ទំនុកដំកើង៣៣:១៣-១៥ និង សុភាសិត១៥:៣)។ ព្រះអង្គទ្រង់ជ្រាបហើយដឹងពីកិច្ចការដែលអ័ដាមបានប្រព្រឹត្ត ហើយព្រះអង្គក៏បានដឹងថាអ័ដាមកំពុងតែរត់ពួន​​ និង​​​​ ព្រះអង្គ។  ​មិនតែប៉ុណ្ណោះព្រះអង្គទ្រង់ជ្រាបដឹងពីអារម្មណ៍ភ័យខ្លាចរបស់អ័ដាម ពីព្រោះព្រះអង្គជាព្រះដែលបានបង្កើតមនុស្សមកហើយទ្រង់ស្គាល់ពីចិត្តគំនិតរបស់មនុស្សដូចដែលមាននៅក្នុងបទគម្ពីរ​( លោកុប្បត្តិ ១​:២៧ និង​ទំនុកដំកើង​១៣៩ : ១៣-១៦)​។ ទន្ទឹមនិងនេះយើងឃើញថានៅក្នុងព្រះគម្ពីរលោកុប្បត្តិ ៤​:​៩ បានប្រាប់ពីសាច់រឿងមួយដែលនិយាយពីកូន
របស់អ័ដាម និង អេវ៉ាគឺ កាអ៊ីន និង អេបិល។ បន្ទាប់ពីកាអ៊ីនបានសម្លាប់ប្អូនប្រុសរបស់គាត់ នោះព្រះជាម្ចាស់បានសួរសំណួរទៅកាន់លោកកាអ៊ីនថា តើអេបិល​ប្អូន​ឯង​នៅ​ឯ​ណា។ ព្រះអង្គទ្រង់ជ្រាបច្បាស់ពីអ្វីដែលកាអ៊ីបានធ្វើ តែព្រះអង្គនៅចោទសួរទៅកាន់គាត់ទៀត។  តើព្រះជាម្ចាស់សួរសំណួរបែបនេះដោយក្នុងគោលបំណងអ្វី?​​ ជាការពិតណាស់ព្រះជាម្ចាស់ ចង់បានទឹកចិត្តដែលបានដឹងខ្លួនខុស ហើយមានការផ្លាស់ប្រែយ៉ាងពិតប្រាកដ។​ ព្រះអង្គចង់អោយមនុស្សទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយមានចិត្តពិតប្រាកដក្នុងការលន់តួសូមការអត់ទោសពីព្រះអង្គ។​ តួយ៉ាងមានសាច់រឿងមួយដែលបាននិយាយពីព្រះហឬទ័យរបស់ព្រះជាម្ចាស់នៅពេលដែលស្តេចដាវីឌបានប្រព្រឹត្តសេចក្តីកំផិត។​​ព្រះ​យេហូវ៉ា​ទ្រង់​ចាត់ហោ​រាណាថាន់ ឲ្យ​ទៅ​ឯ​ដាវីឌដើម្បីនិយាយពីអំពើបាបដែលដាវីឌបានធ្វើដូចដែលបានចែងនៅក្នុងព្រះគម្ពីរ ២ សាំយ៉ូអែល ១២ : ១ ។ យើងឃើញទៀតថាដាវីឌបានដឹងខ្លួនដែលបានធ្វើបាបចំពោះព្រះជាម្ចាស់​ ហើយដាវីឌពិតជាមានឥរិយាបថកែប្រែចិត្តយ៉ាងពិតប្រាកដ​ព្រះអង្គបានលើកទោសដល់ដាវីឌ។ តែដោយ
លទ្ធផលនៃអំពើបាបរបស់ទ្រង់ នោះរាជ្យវង្សរបស់ដាវីឌបានជួបនិងបញ្ហាជាច្រើន។ ព្រះជាម្ចាស់មានព្រះហឬទ័យស្រលាញ់ដល់មនុស្សទាំងអស់​​​ ទោះបើមនុស្សពេញទៅដោយ​បាបដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ​ អោយតែរាស្រ្តរបស់ទ្រង់បានប្រែចិត្តមករកព្រះអង្គវិញដូចដែលចែងនៅក្នុងបទគម្ពីរ អេសាយ១:១៨)។
សព្វថ្ងៃនេះព្រះអង្គនៅតែផ្តល់កាសដល់មនុស្សទាំងអស់ដែលយើងជាមនុស្សមានបាបហើយខ្វះមិនដល់សិរីល្អនៃព្រះ​​  បានចុះចូលមករកព្រះជាម្ចាស់ដោយទទួលស្គាល់ថា ខ្លួនជាមនុស្សមានបាប​​​ និងព្រមយកព្រះអង្គជាព្រះង្រ្គោះនោះព្រះអង្គនិងអត់ទោស ហើយធ្វើជាម្ចាស់នៃជិវិត ( យ៉ូហាន​១​:១២​ និង​ ៣:១៦) ។
            ខ១០​ អ័ដាមបានឆ្លើទៅកាន់ព្រះជាម្ចាស់ ថាគាត់បានលឺសំឡេងដែលទ្រង់ហៅ​ តែដោយព្រោះតែលោកនៅខ្លួនទទេ  ហើយមានការភ័យខ្លាចក៏រត់ពួននិងព្រះអង្គ។ ត្រង់កន្លែងនេះអ័ដាមរត់ពួនពីព្រះជាម្ចាស់ដោយព្រោះតែគាត់បានធ្វើអំពើបាប ពីព្រោះថាបន្ទាប់ពីគាត់បានបរិភោគផ្លែឈើដែលព្រះអង្គបានហាមនោះស្រាប់តែភ្នែករបស់អ័ដាមនិងអេវ៉ាបានភ្លឺឡើងហើយក៏ដឹងថាខ្លួននៅអាក្រាត(ខ​៧​)។​ ភ្នែករបស់គាត់បានភ្លឺឡើងហើយក៏ដឹងថាខ្លួនរបស់គាត់នៅអាក្រាត នេះអាចនិយាយបានថាពួកគាត់បានទទួលចំណេះដឹងពីការល្អនិងការអាក្រក់ដោយពួកគេមានសតិសម្បជញ្ញះនិងការយល់ដឹងថ្មីពីភាពអាក្រាតរបស់ខ្លួនគេ​​​​​ ​​​​ដែលឈរលើទស្សនះនៃអំពើបាប​​​​​​​​​​​​​​​ ​ហើយពួកគេបានស្គាល់ការអាក្រក់តាមរយះការប្រព្រឹត្ត​ ដែលនាំអោយពួកគេមានការអៀនខ្មាសហើយរត់ពួនពីព្រះជាម្ចាស់។​​​​​​​​​ ព្រោះថានៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សមកដំបូង​ អ័ដាម ​នឹង​ប្រពន្ធ​គាត់​ក៏​នៅ​ជា​អាក្រាត​ទទេ ឥត​មាន​សេចក្ដី​អៀន​ខ្មាស​ឡើយ ។​​
 ព្រះជាម្ចាស់បានហាមដល់អ័ដាមរួចស្រេចហើយថា កាលណាគាត់បរិភោគផ្លែឈើដឹងខុសត្រូវ​ នោះគាត់និងត្រូវស្លាប់ ដូចដែលបានចែងនៅក្នុង ព្រះគម្ពីរ លោកុប្បត្តិ ២:១៦-១៧។​ អំពើបាបបានធ្វើអោយអ័ដាមដាច់ចេញពីព្រះវត្តមាននៃព្រះដោយលទ្ធផលនៃអំពើបាបនោះគឺជាសេចក្តីស្លាប់ហើយក៏បានចូលមករាលដាលបន្តដល់មនុស្សទាំងអស់ដូចដែលចែងនៅក្នុងបទគម្ពីរ(រ៉ូម៥:១២)។
មួយវិញទៀតការរត់ពួនរបស់អ័ដាម​​​​​​ ចំពោះព្រះជាម្ចាស់​ ប្រហែលជាការរត់គេចពីការកាត់ទោសរបស់ព្រះជាម្ចាស់ពីព្រោះអ័ដាមបានដឹងយ៉ាងច្បាស់ថា គាត់បានល្មើសនិងបទបញ្ជារបស់ព្រះជាម្ចាស់ដូច្នេះហើយគាត់ខ្លាចមិងហ៊ាននិងប្រឈមមុខចំពោះព្រះជាម្ចាស់។​​  ឧទាហរណ៍:  មានបុគ្គលិកធនាគារម្នាក់បានធ្វើការខាងគ្រប់គ្រងថវិការ។  មុននិងគាត់ចាប់ផ្តើមធ្វើការនោះគេបានប្រាប់ច្បាប់នៃការងារដល់គាត់យ៉ាងច្បាស់ថាត្រូវមានភាពស្មោះត្រង់ចំពោះការចាត់ចែងលុយនៅធានាគារនោះបើមិនដូច្នោះទេនោះធានាគារនិងមានសិទ្ធដាក់ទោសគាត់ទៅតាមច្បាប់។ តែថ្ងៃមួយបុគ្គលិកម្នាក់នោះបានលួចយកលុយជាច្រើននៅក្នុងធនាគារដោយបានប្រព្រឹត្តល្មើសចំពោះច្បាប់ក្នុងធនាគារ។ដូច្នោះហើយទើបបុគ្គលិកម្នាក់នោះបានរុតគេចទៅលាក់ខ្លួននៅកន្លែងដែលខាងធនាគាររកពុំឃើញ ដោយគាត់មិនហ៊ានប្រឈមមុខចំពោះមុខច្បាប់ដូច្នេះមានតែការរត់លាក់ខ្លួនដើម្បីគេចវេសពីការដាក់ទោស។សាច់រឿងនេះប្រហែលអាចនិងមានភាពស្រដៀងនិងអ័ដាមក្នុងការរត់ពួនចំពោះព្រះជាម្ចាស់ពីព្រោះតែគាត់ខ្លាចការដាក់ទោសពីព្រះជាម្ចាស់។
 ខ.មិនទទួលខុសត្រូវដោយការមិនទទួលស្គាល់កំហុសរបស់ខ្លួនហើយទំលាក់កំហុសទៅ
      កាន់គ្នា ខ១២-១៣
            ខ១១ ព្រះជាម្ចាស់បានសួរទៅកាន់អ័ដាមពីដំណើដើមទងដែលនាំអោយគាត់បរិភោគផ្លែដឹងខុសត្រូវ។ យើងឃើញនៅក្នុង ខ១២​​ អ័ដាមបានឆ្លើយតបទៅកាន់ព្រះជាម្ចាស់ថា គឺជាស្ត្រីដែលព្រះបានប្រទានឲ្យនៅជាមួយនឹងគាត់ ដែលបាន ឲ្យផ្លែឈើនោះមកគាត់ពិសាហើយគាត់ក៏ទទួលទានទៅ។ ការឆ្លើយតបរបស់អ័ដាមបានបង្ហាញពីភាពមិនទទួលស្គាល់នូវកំហុសដែលខ្លួនគាត់ផ្ទាល់បានប្រព្រឹត្ត។ប៉ុន្តែផ្ទុយមកវិញអ័ដាមបានស្តីបន្ទោសដល់ព្រះ ហើយនិងស្ត្រីដែលនាំអោយគាត់ប្រព្រឹត្តខុស ហើយគាត់ផ្ទាល់មិនបានធ្វើខុសសោះ។​​​ជាការពិតព្រះជាម្ចាស់បានប្រាប់អ័ដាមមិនអោយបរិភោគផ្លែដឹងខុសត្រូវនោះឡើយ​ កាលណាគេបរិភោគនោះនិងត្រូវស្លាប់​​​​​​​​​ ​ដូចដែលមាននៅក្នុង​ ជំពូក ២:  ១៧។ ​ដូច្នេះហើយអ័ដាមជាអ្នកដែលលឺនូវបំរាមនេះពីព្រះជាម្ចាស់មុននិងអេវ៉ាបានលឺទៅទៀត។​​​​​  ​​អ័ដាមក៏បានយល់ព្រមក្នុងការស្តាប់តាមព្រះជាម្ចាស់ហើយរស់នៅក្នុងសួនច្បារអេដែនយ៉ាងសប្បាយជាមួយនិងអេវ៉ាហើយនិងព្រះជាម្ចាស់។​  អ័ដាមគួរនិងប្រាប់ដល់អេវ៉ាកុំអោយបរិភោគ​​​​​ ​ហើយមិនគួរនិងយកបរិភោគផងដែរ។​​​​​​​​​​​​  ដូច្នេះអ័ដាមក៏មានការសំរេច
ចិត្តផ្ទាល់ខ្លួនក្នុងការទទួលយកផ្លែឈើនោះមកបរិភោគទាំងគាត់បានដឹងយ៉ាងច្បាស់ថា ​ព្រះជាម្ចាស់មិនអនុញ្ញាតិអោយគាត់បរិភោគ។ 
ខ១៣ ​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​បន្ទូល​សួរ​ទៅ​ស្ត្រី​ អំពីអ្វីដែលនាងបានធ្វើ ឯង​បាន​ធ្វើ​អ្វី អេវ៉ា​ទូល​ឆ្លើយ​ថាដោយមកពីសត្វពស់​វា​មក​ល្បួង​បញ្ឆោត​ដល់នាង ទើបបានជានាង​ទទួល​ទាន។ អេវ៉ាឆ្លើយដោយទំលាក់កំហុសទៅសត្វពស់ ហើយមិនទទួលកំហុសដូចជាអ័ដាមផងដែរ។ យើងឃើញថាអេវ៉ាគួរនិងបានដឹងពីបទបញ្ញត្តិរបស់ព្រះជាម្ចាស់ផងដែរ​​ ​ដោយព្រោះប្តីនាងអាចនិងប្រាប់ដល់នាង។​​​ ​ម្យ៉ាងវិញទៀតនៅពេលដែលពស់ល្បួងចំពោះនាង​នោះអេវ៉ាក៏បានចងចាំនូវព្រះបន្ទូលរបស់ទ្រង់ ដោយនាងបានឆ្លើយតបទៅសត្វពោះវិញថា << តែ​ត្រង់​ដើម​ឈើ​១​ដែល​នៅ​កណ្ដាល​សួន​ច្បារ​នោះ ព្រះ​ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​បរិភោគ​ផ្លែ​នោះ​ឡើយ​​​ ​ថែម​ទាំង​កុំ​ឲ្យ​ពាល់​ប៉ះ​ផងក្រែង​លោ​ស្លាប់​ ​​​>>។​​​ ​ ដូច្នេះយើងអាចនិយាយបានថាអេវ៉ាបានដឹងថាការដែលនាងបេះផ្លែដឹងខុសត្រូវបរិភោគ នោះគឺជាការល្មើសនិងបទបញ្ញត្តិរបស់ព្រះជាម្ចាស់។ តែត្រង់កន្លែងនេះគឺជាបំណងចិត្តរបស់នាងផ្ទាល់ក្នុងការសំរេចចិត្តបរិភោគ​។អេវ៉ាផ្ទាល់បានមើល
ឃើញថាផ្លែឈើនោះ ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ជា​ដើម​ដែល​ល្មម​គួរ​នឹង​ចង់​បាន ដើម្បី​ឲ្យ​បាន​ប្រាជ្ញា នោះ​នាង​ក៏​យក​ផ្លែ​មក​បរិភោគ។ព្រះជាម្ចាស់បានបង្កើតមនុស្សស្រីដើម្បីជាជំនួយនៃបុរស។ តែត្រង់បទគម្ពីរនេះស្រ្តីបែរជានាំអោយបុរសប្រពឹត្តខុសនិងព្រះជាម្ចាស់ទៅមិនតែប៉ុណ្ណោះដូចជាស្រ្តីបានដឹកនាំបុរសក្នុងផ្លូវខុសទៅវិញ។​នាងពុំបានធ្វើទៅតាមតួរនាទីដែលនាងជាជំនួយរបស់អ័ដាមសោះ ហើយនាងក៏មិនបានពិភាក្សាជាមួយនិងស្វាមីរបស់នាងជាមុននោះដែ​​រ​​​​​​​​​ ​គឺនាងបានសម្រេចចិត្តថាបរិភោគតែម្តង។​  ដូច្នេះយើងឃើញថា​​​​​​​​​​ មានបញ្ហាជាច្រើនដែលបានកើតឡើងយ៉ាងអាក្រក់ពីទំនាក់ទំនងបែកបាក់របស់ប្តីប្រពន្ធតាំងពីពេលនោះរហូតមកដល់បច្ចុប្បន្នដោយព្រោះតែការមិនយល់ពីតូនាទីរបស់ស្វាមី ហើយនិងភរិយា។
២.លទ្ធផលនៃការមិនស្តាប់បង្គាប់ព្រះនាំមកនូវបណ្តាសា   (១៤-២០)
   . បណ្តាសាដល់សត្វពស់ ខ១៤ និង​​ ខ ១៥
ខ១៤ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលទៅកាន់ពស់ថា​​ ​​​​ ដោយព្រោះឯងបានធ្វើដូច្នេះនោះ ឯងជាសត្វត្រូវបណ្ដាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់១ជីវិត។ យើងឃើញ ថាសត្វពោះបានមកល្បួងអេវ៉ា គឺវាជាសាតាំងដែលបានមកបន្លំខ្លួន ហើយបានបង្ខូចសេចក្តីទៀងត្រង់នៃព្រះបន្ទូលទ្រង់ដូចដែលមានចែងនៅក្នុងព្រះគម្ពីរ ( ២កូរិនថូស​១១:៣ រួមនិងខ១៤ )។ អារក្សសាតាំងត្រូវបានព្រះជាម្ចាស់ទំលាក់វាមកផែនដីនេះហើយបាននាំឲ្យលោកិយទាំងមូលវង្វេងចេញពីព្រះអង្គ។អារក្សសាតាំងតែងតែមកខ្សឹបដាក់ត្រចៀកដល់កូនរបស់ព្រះអង្គអោយដើរតាមផ្លូវរបស់វាហើយទាស់ប្រឆាំងជាមួយនឹងព្រះជាម្ចាស់។ ខ១៥ មានទំនាយមួយពីចំបាំងរវាងពូជរបស់សត្វពស់​ និងពួជពង្សរបស់ស្រ្តី ដែលនិងមានអ្នកសង្រ្គោះម្នាក់មកប្រសូតចេញពីពូជរបស់ស្រ្តី។​​
.បណ្តាសាដល់ស្ត្រី ខ១៦
ខ១៦ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់ស្ត្រីថា  ទ្រង់នឹងចំរើនឲ្យស្ត្រីមានសេចក្ដីព្រួយលំបាកជាច្រើនឡើង ក្នុងវេលាដែលមានផ្ទៃពោះ ហើយនាងនឹងបង្កើតកូនដោយឈឺចាប់ ចិត្តនាងនឹងប្រាថ្នាខាងឯប្ដី ហើយប្ដីរបស់នាងនឹងត្រួតត្រាលើនាងផងដែរ។ទោះបីជាស្រ្តីបានទទួលនៅការឈឺចាប់ក្នុងការសំរាលកូនរបស់នាង​ តែការឈឺចាប់នោះបានបំពេញដោយសេចក្តីសង្ឃឹមពីព្រោះនៅថ្ងៃណាមួយ អង្គសង្រ្គោះនិងយាងមក ដូច្នេះស្រ្តីទាំងឡាយអាចមានភាពអរសប្បាយ ទោះបីជាពួកគេស្ថិតក្នុងការឈឺចាប់របស់ខ្លួនដ្បិតនៅថ្ងៃមួយពួកគេនឹងត្រូវបានសង្រ្គោះតាមរយះដំណើរការដែលបណ្តាលអោយគេមានការឈឺចាប់នោះង។ នៅទីបំផុតក្បាលរស់សត្វពស់និងត្រូវបានកំទេច ដោយសារព្រះរាបុត្រានៃព្រះដែលនិងយាងមកប្រសូត្រនិងក្រមុំ​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ហើយ​ព្រះ​នាម​បុត្រ​នោះ​ត្រូវ​ហៅ​ថា អេម៉ាញូអែល‍» ដែល​ប្រែ​ថា ព្រះ​អង្គ​ទ្រង់​គង់​ជា​មួយ​នឹង​យើង​ខ្ញុំ ដូចដែលមាននៅក្នុងព្រះគម្ពីរម៉ាថាយ១:២៣។មួយវិញទៀតលោកអេសាយបានធ្វើបទទំនាយថាព្រះអង្គសង្រោះនិងយាងមកដើម្បីនិងរងទុក្ខហើយមកសុគតដើម្បីនិងអត់ទោសបាបដល់យើងផង (អេសាយ៥៣)។ ព្រះរាជបុត្រាមកដើម្បីផ្សះផ្សាទំនាក់ទំនងរបស់យើងជាមួយនិងព្រះអង្គឡើងវិញ ដូចដែលមាននៅក្នុងព្រះគម្ពីរ(កាឡាទី ៤:-៦)។ ហើយ
សេចក្តីសន្យារបស់ទ្រង់ត្រូវបានបំពេញសម្រេច គឺបានកំទេចក្បាលពស់ ដោយការសុគត និង ការរស់ឡើងវិញរបស់ព្រះគ្រីស្ទដែលបានស្រង់យើងចេញពីទាសភាពរបស់សាតាំង ដូចដែលមាននៅក្នុងព្រះគម្ពីរ (ហេព្រើរ ២: ១៤-១៥)។
  .បណ្តាសាដល់បុរស ខ១៧-១៩
ខ១៧-១៩ ព្រះអង្គបានមានបន្ទូលទៅអ័ដាមថាដោយព្រោះតែគាត់បានបរិភោគផ្លែឈើដែលទ្រង់បានហាម នោះដីត្រូវបណ្ដាសាហើយគាត់ក៏ត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត។​​​​​​  មិនតែប៉ុណ្ណោះដីនឹងដុះជាបន្លា​ហើយនឹងអញ្ចាញព្រមទាំងបានអាហារស៊ីដោយការបែកញើស រហូតពេញមួយជិវិតរបស់គាត់។ យើងឃើញថាបណ្តាសានេះមិនគ្រាន់តែសំរាប់អ័ដាមប៉ុណ្ណោះទេតែបានប៉ះពាលទៅដល់ធម្មជាតិទាំងអស់ដែលព្រះបានបង្កើតឡើងមក។ ជាពិតប្រាកដនៅក្នុងលោកុប្បត្តិជំពូក ១ និង ២ គ្រប់អ្វីទំាងអស់ដែលព្រះអង្គបានបង្កើតសុទ្ធតែល្អប្រពៃ​ ហើយអ័ដាមជាអ្នកថែរក្សានិងគ្រប់គ្រងផង។​ ហើយព្រះជាម្ចាស់បានបង្កើតមនុស្សមកឲ្យមានទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងលើសួនច្បារអេដែន ព្រះអង្គក៏ប្រទានអំណាចដល់គេ​ លើគ្រប់ទាំងស្នាព្រះហស្ថនៃទ្រង់ ជំពូក១:២៨។​​  តែត្រង់បទគម្ពីរកន្លែងនេះបានប្រាប់ថាដីត្រូវបណ្តាសា​​ ​ ​មិនតែប៉ុណ្ណោះដីនឹងដុះជាបន្លា​​​​​  ហើយនិងអញ្ចាញដែលមានលក្ខណះខុសពីមុន គឺលែងល្អប្រពៃទៀតហើយ។ មនុស្សមិនបានបំពេញកាតព្វកិច្ចឲ្យទៅជាអ្នកដែលផ្សាយ ព្រះពររបស់ព្រះជាម្ចាស់ទៅដល់ធម្មជាតិទេ គឺពូកគេបានធ្វើអោយអ្វីៗច្របូកច្របល់អស់ដោយព្រោះតែអំពើបាបបានចូលមក។
អ័ដាមនិងត្រូវធ្វើការយ៉ាងលំបាក តែព្រះអង្គនិងប្រទានពរឲ្យគាត់មានកំលាំង ក៏ដូចជាសម្ថភាពគ្រប់គ្រាន់ក្នុងការប្រកបរបរចិញ្ចឹមជិវិតពេញមួយជិវិតរបស់គាត់​​ ហើយក៏បានបន្តមកពួជពង្សរបស់មនុស្សរហូតមកដល់សព្វថ្ងៃនេះ។​​​​​​​​​​​ ​មនុស្សកើតមកគឺមានកិច្ចការដែលត្រូវធ្វើជាច្រើន ហើយប្រសិនណាមិនបានបញ្ចេញកំលាំងពលកម្ម ឬ ជំនាញណាមួយនោះគាត់មិនទទួលបាននូវប្រាក់កំរៃក្នុងការផ្គត់ផ្គង់ដល់ក្រុមគ្រួសារ។
៣. សេចក្តីសន្យា និងព្រះគុណរបស់ព្រះចំពោះមនុស្ស  (ខ ១៥ និងខ ២១)
ខ១៥ និង ខ ២១ ព្រះជាម្ចាស់ទ្រង់មានព្រះហឬទ័យមេត្តាករុណាដល់មនុស្សយ៉ាងខ្លាំង ទោះបើអំពើបាបបានចូលមកតែព្រះអង្គមិនបោះបង់មនុស្សចោលឡើយ។ ព្រះអង្គយកចិត្តទុកដាកចំពោះមនុស្សទ្រង់បានធ្វើអាវពីស្បែក ឲ្យអ័ដាមនឹងប្រពន្ធគាត់ពាក់បិទបាំងកាយ។
ព្រះជាម្ចាស់បានបង្កើតមនុស្សមកឲ្យ​ដូចរូបអង្គទ្រង់ហើយទ្រង់បានប្រទានពរអោយពួកគេបង្កើតកូនចំរើនឡើង។ មនុស្សរស់នៅយ៉ាងសប្បាយរីករាយ ពួកគេបានប្រកបជាមួយនិងទ្រង់យ៉ាងស្និទ្ធស្នាល ហើយព្រះអង្គចង់អោយមនុស្សដែលទ្រង់បានបង្កើតឡើងរីករាយនឹងជិវិតដ៏ពេញបរិបូណ៍។ តែមនុស្សមិនបានស្តាប់បង្គាប់ដល់ទ្រង់ ពួកគេបានបរិភោគផ្លែឈើដែលព្រះអង្គបានហាម។ មនុស្សត្រូវទទួលនូវលទ្ធផលដែលគេបានធ្វើខុសគឺជាសេចក្តីស្លាប់។​​​ ​  យើងឃើញថាសំរាប់ច្បាប់របស់ប្រទេសដែលបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញដែលបានបង្កើតឡើងសំរាប់ការគ្រប់គ្រងប្រទេសជាតិ​​ ​គឺគេត្រូវតែគោរព ​និងអនុវត្តន៏តាម។​​​​ ​ឧទាហរណ៍ថាមនុស្សម្នាក់ទៅសំម្លាប់មនុស្សម្នាក់នោះនិងត្រូវមានទោសសំម្លាប់មនុស្សហើយនិងត្រូវកាត់ទោសដល់បុគ្គលនោះទៅតាមច្បាប់មិនមានការលើកលែងទោសឡើយ។​​​​ ​ជាមួយគ្នាផងដែរព្រះអង្គបានប្រាប់អ័ដាមថាកាលណាគាត់បរិភោគផ្លែឈើដែលព្រះអង្គបានហាម នោះគាត់និងត្រូវស្លាប់។
អំពើបាបបានចូលមកធ្វើអោយមនុស្សបានដាច់ទំនាក់ទំនងជាមួយនិងព្រះជាម្ចាស់ ក៏ប៉ុន្តែរឿងរ៉ាវមិនបានបញ្ចប់ត្រឹមនឹងដោយការអស់សង្ឃឹមនោះទេ។ យើងឃើញថាទន្ទឹមនិងការទទួលបណ្តាសាពីព្រះជាម្ចាស់មនុស្សក៏បានទទួលនូវសេចក្តីសន្យាមួយយ៉ាងថ្លៃវិសេស ថានិងមានការចាប់កំណើតពីពួជស្រ្តីមកកិនក្បាលរបស់សត្វពស់។ ជាការពិតណាស់មនុស្សបានធ្លាក់ទៅក្នុងអំពើបាប ហើយឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ គឺចាប់តាំងពីអ័ដាមបរិភោគផ្លែដឹងខុសត្រូវមកម្ល៉េះដែលមនុស្សត្រូវស្លាប់ហើយក៏ឆ្លងមកដល់សព្វថ្ងៃនេះ។ មានឧទាហរណ៏មួយជាក់ស្តែងគឺមានក្រុមគ្រួសារមួយដែលក្រមែនទែន ហើយជំពាក់បំណុលគ្រួសារអ្នកមានម្នាក់។ គ្រួសារដ៏ក្រីក្រនោះត្រូវតែសងប្រាក់ដែលពួកគាត់បានជំពាក់។ ថ្ងៃមួយម្ចាស់បំណុលបានព្យាយាមលុយជំពាក់មកវិញទាំងដើមទាំងការ តែដោយក្រុមគ្រួសារអ្នកក្រនោះគ្មានប្រាក់សង​ ក៏ប្រគល់ដីធ្លីទាំងអស់ ព្រមទាំងអោយកូនទៅធ្វើជាខ្ញុំបំរើទៀតផង។ សាច់រឿងនេះបាននិយាយពីលទ្ធផលនៃការជំពាក់លុយគឺមិនអាចលើកលែងបាន គឺត្រូវតែសងជាដាច់ខាត។
      ដូចគ្នាផងដែរលទ្ធផលនៃការមិនស្តាប់បង្គាប់ព្រះជាម្ចាស់គឺនិងត្រូវទទួលមកវិញនៅសេចក្តីស្លាប់ តែដោយព្រោះព្រះគុណនិង សេចក្តីមេត្តាករុណាដ៏ធំរបស់ព្រះចំពោះមនុស្សជាតិ​បានជាទ្រង់ប្រទាននូវសេចក្តីសន្យាមកថាទ្រង់និងចាត់អ្នកសង្រ្គោះមកតាមរយះពួជស្រ្តី។ ជាពិតប្រាកដមនុស្សបានជាប់នៅអំពើបាប គឺជាប់មានទោស ដែលមនុស្សត្រូវតែសងថ្លៃឈ្នួលនៃអំពើបាប។ ព្រះគម្ពីរបានប្រាប់យើងពីបទទំនាយរបស់ហោរាថាព្រះសង្រ្គោះយាងមកប្រសូត្រជាមនុស្សដោយការរងទុក្ខ ត្រូវរំពាត់ការប្រមាថ ហើយ ដោយព្រះលោហិតនៃទ្រង់នោះអស់អ្នកណាដែលជឿលើទ្រង់និងបានរួចពីអំពើបាបទ្រង់ត្រូវសុគត ហើយព្រះអង្គទ្រង់រស់ឡើងវិញដូចដែលមាននៅក្នុងព្រះគម្ពីរ(អេសាយ៥៣,ហេព្រើ២:១៤-១៥​ យ៉ូហាន ៣:១៦)។
ព្រះជាម្ចាស់បានមានផែនការសង្រ្គោះដល់មនុស្សជាតិដោយទ្រង់បានបញ្ជូនព្រះរាជបុត្រារបស់ផងព្រះអង្គគឺព្រះយេស៊ូវគ្រីស្ទមកសុគតនៅលើឈើឆ្កាង ដើម្បីផ្សះផ្សារវាងមនុស្សនឹងព្រះឡើងវិញ​ដូចដែលបានចែងនៅក្នុងព្រះគម្ពីរ (កូល៉ុស ១:២០)។ ទ្រង់បានសងថ្លៃអំពើបាបរបស់មនុស្សដោយសារព្រះលោកហិតរបស់ទ្រង់ហើយ​ បានសង្រួបសង្រួមមនុស្សទាំងអស់ឲ្យតែ១ក្នុងព្រះអង្គវិញ ដើម្បីឲ្យពួកគេមានទំនាក់ទំនងជាគ្នា និងមានទំនាក់ទំនងជាមួយទ្រង់ឡើងវិញ។
          សរុបសេចក្ដីមក:
            មនុស្សបានធ្លាក់ទៅក្នុងអំពើបាប ពួកគេបានភ័យខ្លាចហើយបានដាច់ចេញពីព្រះជាម្ចាស់។ ជាការពិតលទ្ធផលនៃអំពើបាបគឺជាសេចក្តីស្លាប់ ហើយពួកគេត្រូវទទួលនូវការជំនុំជម្រះរបស់ព្រះ។ ប៉ុន្តែដោយសេចក្តីមេត្តាករុណានិងព្រះគុណរបស់ព្រះជាម្ចាស់ចំពោះមនុស្សទើបធ្វើអោយការរស់នៅក្នុងនិស្ស័យសាច់ឈាមរបស់មនុស្សក្នុងសេចក្តីរងទុក្ខវេទនា នៅតែមានសង្ឃឹមចំពោះថ្ងៃអនាគតដែលនិងមានអ្នកសង្រ្គោះនិងមករំដោះពួកគេចេញពីចំណងនៃអំពើបាប។ ព្រះយេស៊ូវគ្រីស្ទបានយាងមកយកនិស្ស័យជាមនុស្សហើយព្រះអង្គបានមកសុគតដើម្បីសងថ្លៃបាបជំនួសមនុស្សគឺព្រះអង្គបានស្តារឡើងវិញអោយគ្របទាំងអស់បានល្អប្រពៃឡើងវិញ។​  ដូច្នេះហើយអស់អ្នកណាដែលចុះចូលព្រមទទួលជឿលើព្រះអង្គនោះគេនិងបានត្រលប់ជាកូនរបស់ព្រះហើយអំពើបាបត្រូវបានអត់ទោសអោយគេនិងបានជិវិតអស់កល្បជានិច្ច។
          អនុវត្តន៏:
            ក្នុងនាមយើងជាគ្រីស្ទបរិស័ទ ហើយជាសិស្សសាលាព្រះគម្ពីរ យើងគួរនិងអរព្រះគុណដល់ព្រះដែលព្រះអង្គបានសុគតជំនួសអំពើបាបរបស់មនុស្ស។ ជាការពិតដោយព្រោះព្រះគុណនៃទ្រង់ បានជាយើងអាចមានទំនាក់ទំនងជាមួយនិងទ្រង់ឡើងវិញ ដូច្នេះយើងត្រូវរស់នៅដោយពឹងអាងដល់ទ្រង់ ហើយទុកចិត្តនិងមានជំនឿក្នុងការដើរតាមព្រះអង្គរាល់ថ្ងៃ។ ព្រះអង្គបានរងទុក្ខជំនួសមនុស្សដែលបះបោរចំពោះទ្រង់​   យើងពុំសមនិងទទួលការលះបង់ដ៏ធំរបស់ទ្រង់នោះឡើយ។​ យើងគួរនិងប្រាប់ដំណឹងល្អពីសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ទៅកាន់អ្នកមិនជឿ ​ហើយប្រាប់គេពីអំពើបាបដែលមនុស្សជាប់មានតាំងពីសម័យអ័ដាមមកម្ល៉េះ។ តែឥឡូវនេះដោយគ្រាន់តែគេបានជឿដល់ទ្រង់ ជឿលើព្រះនាមទ្រង់ ហើយអនុញ្ញាតអោយទ្រង់មកគង់នៅក្នុងជិវិតរបស់គេ នោះគេនិងបានសេចក្តីសង្រ្គោះហើយព្រះអង្គនិងអត់ទោសបាបព្រមទាំងប្រទានជិវិតដ៏អស់កល្ប។
ឯកសារយោង

    ១.គន្ថះធិប្បាយព្រះគម្ពីរ និពន្ធដោយបណ្ឌិត ហេនរីអេតា ស៊ីមៀរ្ស  បោះពុម្ពនៅរោងពុម្ព ហាវៃ    ក្នុងប្រទេសកម្ពុជា ខែមិនា ឆ្នាំ២០១១
    ២. ទេវសាស្រ្តព្រះគម្ពីរទី១  សាកលវិទ្យាល័យទេវសាស្រ្តមួររៀនដោយការសិក្សាទាក់ទងគ្នា
    ៣.ព្រះគម្ពីរបរិសុទ្ធសម្រាប់សិក្សា សញ្ញាចាស់ និងសញ្ញាថ្មីភាសារខ្មែរ បោះពុម្ពដោយ : សម័្ពន្ធព្រះគម្ពីរកម្ពុជា ឆ្នាំ២០១៣។
   ៤.អត្ថាធិប្បាយព្រះគម្ពីរ បញ្ចកណ្ឌ: លោកុប្បត្តិ​​  ដល់ ចោទិយកថា ភាគទី១ និពន្ធដោយ ដន ហ្វីលេមីង

0 Comments

Type and hit Enter to search

Close