Breaking News

គ្រីស្ទបរិស័ទរួចផុតពីសេចក្ដីស្លាប់ដោយសារព្រះគ្រីស្ទ អេភេសូរ ២:១-៦


សេចក្ដីផ្ដើម
នៅលើកោះមួយមានសត្វទន្សាយមួយហ្វូងធំ ដោយសារតែមានគ្នាច្រើនពេក ធ្វើអោយពួកគេខ្វះ
ចំណីអាហារ  ក្រុមទន្សាយទាំងនោះបានពិគ្រោះគ្នាថាបើសិនជាយើងនៅតែរស់នៅលើកោះនេះទៀត នោះយើងទាំងអស់គ្នានឹងដាច់ពោះស្លាប់ហើយ។  ដូច្នេះពួកគេក៏សហកាណ៏គ្នាដើម្បីធ្វើយ៉ាងណា អាចឆ្លងទៅត្រោយម្ខាងអោយបាន ព្រោះគេដឹងនៅទៅនោះសំបូរអាហារឆ្ងាញ់ជាច្រើន ហើយងាយ ស្រួលរស់នៅទៀតផង  នោះពួកគេក៏សម្រេចចិត្តថានាំគ្នាប្រមៀលគល់ឈើមួយដើម្បីនឹងជិះ។ សត្វទន្សាយទាំងអស់គេរួបរួមគ្នាយ៉ាងសស្រាក់សស្រាំង ដើម្បីប្រមៀលគល់ឈើជិះឆ្លងទៅ ត្រោយម្ខាង តាមបណ្ដោយទឹកហូរតិចៗ។ នៅពេលពួកគេបានប្រមៀលហើយ នោះគេក៏នាំគ្នាឡើងជិះ ដោយភាព អរសប្បាយ ក្នុងគំនិតពួកគេគិតថាគេនឹងបានសម្រេចដូចបំណង ដោយនឹងរស់នៅលើកោះនៃក្តីសង្ឃឹមនោះដ៏សុខសាន្ត។ រយៈពេលកន្លៈថ្ងៃបានកន្លងផុតទៅ នោះគល់ឈើបានអណ្ដែតជិតដល់កោះ មែនទែនហើយ  នោះស្រាប់តែផ្ទៃមេឃបានប្រែជាងងឹត ហើយចាប់ផ្ដើមមានខ្យល់បក់កាន់តែខ្លាំង   ឡើយៗ  មានផ្លេចបន្ទោលព្រោងព្រាត់លាយឡំជាមួយសូរនៃផ្គរគ្រហឹងអឺងកង រំពេចន៏នោះខ្យល់     កន្ទាក់ក៏បានបក់ពួកគេធ្លាក់ពីលើគល់ឈើ ហើយគល់ឈើបានអណ្ដែតចេញពីពួកគេ នោះពួកគេក៏លង់ទឹក។ គ្រានោះមាន សត្វដំរីបានកាច់មែងឈើដ៏វែងមួយហើយស្រែកថា ៖ ចូរតោងទៅខ្ញុំនឹងទាញអ្នកអោយមកដល់ត្រោយម្ខាង តែហ្វូងទន្សាយទាំងអស់បានបដិសេធន៏មិនព្រមតោងសោះ  គេបែរជាខំព្រឹងហែលសំដៅទៅរកគល់ឈើនោះវិញ ពេលនោះស្រាប់តែកូនទន្សាយមួយឈ្មោះ តុលា បានសម្រេចចិត្តតោងមែកឈើដែលដំរីបានបោះ ហើយដំរីបានសង្គ្រោះតុលាមកដល់ខាង។ ឯទន្សាយឯទៀតដែលមិនតោងមែកឈើខ្លះត្រូវបានក្រពើស៊ី ហើយខ្លះក៏ត្រូវបានលង់ទឹងស្លាប់អស់ទៅ។

            តាមរយៈសាច់រឿងខាងលើនេះបានបង្ហាញពីជំនឿរបស់សត្វទន្សាយ ជំនឿគឺជាការ ទុកចិត្តថានឹងបានដូចបំណង តែបើជំនឿនោះខុសនោះនាំអោយជីវិតវិនាស ដូចជាសត្វទន្សាយមួយចំនួនដែលគេមិនទុកចិត្ត លើជំនួយរបស់ដំរីអញ្ចឹង គឺពួកគេត្រូវស្លាប់។ តែតុលាជាកូនទន្សាយមួយ មានការទុកចិត្តលើជំនួយរបស់សត្វដំរី នោះធ្វើអោយគាត់រួចផុតពីសេចក្ដីស្លាប់ បើសិនជាគាត់ទុកចិត្ត លើការខំព្រឹងហែលទឹករបស់គាត់ មិនបានប្រែចិត្តមកតោងមែកឈើដែលដំរីបោះអោយទេ នោះគាត់ ប្រាកដជាស្លាប់ជាមួយសត្វទន្សាយឯទៀតដែរ។ សាច់រឿងខាលើនេះក៏បាននិយាយស្រដៀងនៅព្រះ គម្ពីរដែរ  ទាក់ទងទៅនឹងជីវិតចាស់ពីដំបូងដែលរស់នៅក្នុងលោកីយ៏ គិតតែពីខាងសាច់ឈាម ពឹងលើ តែខ្លួនឯង រស់ពោពេញដោយអំពើបាបគ្រប់គ្រង តែលទ្ធផលនោះគឺជាសេចក្ដីស្លាប់ តែដោយសារ របព្រះគ្រីស្ទ នោះបានកែប្រែជីវិតយើងឡើងវិញ ដូចជានៅគម្ពីរ អេភេសូរ ២:-៦ បានបង្ហាញប្រាប់ថា  គ្រីស្ទបរិស័ទរួចផុតពីសេចក្ដីស្លាប់ដោយសារព្រះគ្រីស្ទ

តើការរួចផុតពីសេចក្ដីស្លាប់ដោយសារព្រះគ្រីស្ទមានអត្ថន័យដូចម្ដេច?
តើព្រះយេស៊ូវគ្រីស្ទទ្រង់សង្រ្គោះយើងតាមរយៈអ្វី?






   II.      ការសង្ខេបបទគម្ពីរ
នៅក្នុងអេភេសូរ ២:-៦ បាននិយាយពីជីវិតពីដើមដែលរស់ក្នុងលោកីយ៏ គឺជីវិតរស់ក្រោម ការគ្រប់គ្រងរបស់អារក្ស គឺមិនបានស្គាល់ពីជំនឿអ្វីដែលខុសជំនឿអ្វីដែលត្រូវនោះទេ។ ជីវិតពោពេញទៅដោយសេចក្ដីប្រាថ្នាតាមបំពេញចិត្តខ្លួនឯង ធ្វើអ្វីគិតតែពីខ្លួនឯងរស់នៅក្នុងអំពើដ៏ខ្មៅងងឹតដែលជាសេចក្ដីស្លាប់។ តែដោយព្រះគុណនឹងក្ដីស្រលាញ់ដ៏អស្ចារ្យ របស់ព្រះគ្រីស្ទ បានប្រោសលោះអោយមានជីវិតថ្មីវិញ គឺទ្រង់បានជួយរំដោះអោយចេញពីអំពើបាប រួចចេញពីការគ្រប់គ្រងរបស់អារក្ស។

  III.      រចនាសម្ព័ន្ធ
១. ជីវិតពីដើមត្រូវស្លាប់ជាពិត (ខ១-៣)
          a. រស់ក្នុងពំពើបាបគ្រប់គ្រងដោយសាតាំង (ខ១-២)
          b. ទង្វើអាក្រក់ខាងសាច់ឈាម (ខ៣)
២. ព្រះគ្រីស្ទប្រទានជីវិតអស់កល្បដល់គ្រីស្ទបរិស័ទ (ខ៤-៦)
          a. ដោយព្រះគុណនៃសេចក្ដីសង្រ្គោះ (ខ៤-៥)
                   b.ព្រះគ្រីស្ទឲ្យយើងមានចំណែកជាមួយទ្រង់ (ខ៦)


  IV.      បរិបទប្រវត្តិសាស្ត្រ
សំបុត្រនេះលោកប៉ុលបានសរសេរទៅកាន់ពួកជំនុំជាច្រើន ក្នុងនោះបូករួមក្រុមជំនុំអេភេសូរ ផងដែរ (អេភេសូរ ១:១,១៥,៣:១)។ សំបុត្រនេះប្រហែលជាសរសេរនៅអំឡុងពេលដែលគាត់ជាគុក នៅក្រុង   រ៉ូមក្នុងឆ្នាំទី៦០នៃគ.ស (៣:,:១,៦:២០)។

   V.      ការកាត់ស្រាយ
១. ជីវិតពីដើមត្រូវស្លាប់ជាពិត (ខ១-៣)
  ដូចម្ដេចដែលហៅថាសេចក្ដីស្លាប់?
     a. រស់ក្នុងពំពើបាបគ្រប់គ្រងដោយសាតាំង (ខ១-២)
          នៅខ១បាននិយាយថាពីដើមអ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង នៅខនេះបានលើកឡើង នូវទិដ្ឋភាពអតីតកាលរបស់គ្រីស្ទបរិស័ទមុនពេលដែលជឿដល់ព្រះគ្រីស្ទ គឺជីវិតផ្សាភ្ជាប់ទៅនឹងអំពើបាប យ៉ាងស្អិតរមួតតាំងពីពេលកើតមក អំពើបាបបានក្លាយជានិស្ស័យរបស់មនុស្សមិនមែនត្រឹមតែ ចាប់ ផ្ដើមពីឪពុកម្ដាយ មិនមែនចាប់ផ្ដើមត្រឹមជីដូនជីតា តែអំពើបាបបានចាប់ផ្ដើមចាក់ឬសលើផែនដី តាំងពី មនុស្សជំនាន់ដើមមកម្លេះ គឺតាំងពីសម័យអាដាំ នឹងអេវ៉ា គេមិនស្ដាប់បង្គាប់ព្រះគេបះបោរជាមួយព្រះជាម្ចាស់ (លោកុប្បត្តិ ជំពូក៣)។ អាដាំ និងអេវ៉ា មិនស្ដាប់បង្គាប់ព្រះត្រូវស្លាប់ ពួកអ៊ីស្រាអែលមិនស្ដាប់ បង្គាប់ព្រះត្រូវស្លាប់ (ចោទិយកថា ២៨:១៥,៤៥) អាន៉ា្ននាស និងសាភីរ៉ា កុហក មិនស្ដាប់បង្គាប់ព្រះត្រូវ ស្លាប់ (កិច្ចការ ៥:-១១) ហើយទាំងខ្ញុំនិងអ្នកទាំងអស់គ្នាដែលអង្គុយនៅទីនេះ ពីមុនយើងជាមនុស្សដែលអត់បានស្ដាប់បង្គាប់ព្រះ យើងក៏ត្រូវស្លាប់ដូចគ្នា។ សេចក្ដីស្លាប់គឺជាការដាច់ចេញពីព្រះ ទាំងវិញ្ញាណ និងសាច់ឈាមយើង គឺគំនិត សីលធម៌ការរស់នៅយើងគឺមិនអាចធ្វើអោយព្រះសព្វ           ព្រះហឬទ័យបានទេ ដូចជានៅយ៉ូហានបានប្រាប់ថា ព្រះយេស៊ូវជាដើមទំពាំងបាយជូរ យើងជាខ្នែង ឬមែក បើខ្នែងដាច់ចេញពីដើមហើយគឺរស់មិនបានឡើយ ( យ៉ូហាន ១៥:-៦)។ បើយើងបន្តទៅទៀតនៅក្នុងខ២វិញ បានបង្ហាញពីពួកជំនុំអេភេសូរថាជាការប្រព្រឹត្តតាម ឬដើរតាមទំលាប់របៀបលោកីយ៍ ជីវិតរស់ពោពេញដោយភាពពុករលួយ ការស៊ីសំណូក គិតអ្វីតែពីផងប្រយោជន៍ខ្លួនឯង ដែលទង្វើបែប នេះ គឺជាទង្វើដែលគ្មានព្រះជាម្ចាស់ គឺដើរតាមតែគំនិតខ្លួនឯងយល់ថាត្រូវ។  ហើយដែលទង្វើអាក្រក់នេះកើតឡើង គឺដោយសារមានការគ្រប់គ្រងរបស់អារក្សាសាតាំង យើងមិនអាចមើលវាឃើញដោយភ្នែកបានទេ គឺវាជាវិញ្ញាណដែលគ្រងរាជ្យលើអាកាស  គឺតែងតែជម្រុញអោយមនុស្សគិតពីខ្លួនឯងគិតពីជីវិតដើរត្រូវដើរតាមអំពើបាប គឺប្រៀបដូចជារស់នៅភពងងឹតមួយសូន្យសូងដែលមិនអាចមើលឃើញអ្វីផ្សេងទៀតបាន   ( ភេអេសូរ ៦:១២,យ៉ូប១:៦) ដោយសារតែការរឹងចចេះមិនស្ដាប់បង្គាប់ព្រះបែបនេះ ទើបអារក្ស សាតាំងមានអំណាចគ្រប់គ្រងជីវិតគេទាំងស្រុង។
   b. ទង្វើអាក្រក់ខាងសាច់ឈាម (ខ៣)
            តើទង្វើអាក្រក់ខាងសាច់ឈាមមានអ្វីខ្លះ? អ្នកជាអ្នកខ្ញាល់? តើសេចក្ដីខ្ញាល់មកពីអ្វី?
  ​លើសពីនេះទៅទៀតមើលនៅខ៣នេះ វិញ  លោកប៉ុលគាត់ប្រើការទាក់ទាញចំណាប់អារម្មណ៍យ៉ាងប្រសើរ ដោយគាត់និយាយបូករួមទាំង ខ្លួនគាត់ផងដែរ គាត់ប្រើពាក្យយើង  គឺបង្ហាញថាទាំងលោក    ប៉ុល និងពួកជំនុំអេភេសូរពីមុន ក៏ជាមនុស្សដែលមានទោស ត្រូវជាប់សេចក្ដីជំនុំជំរះ ដោយព្រោះយើងរស់នៅខាងផ្នែកសាច់ឈាម ប្រហែលមានដូចជាការលោភលន់ ប៉ងប្រាថា្នអាក្រក់ កម្មតណ្ហាដែលរាប់ទុកដូចជា   ការថ្វាយបង្គំរូបព្រះជាដើម ដែលនេះជាបំពើបាបដែលទ្រង់ស្អប់ (កូឡូស ៣:៥)។ បើមើលនៅនិក្ខមនំ ព្រះជាម្ចាស់ទ្រង់មានសេចក្ដីក្រោធជាមួយយើង មិនមានន័យថាទ្រង់ជាព្រះដែលឆាប់ក្រោធនោះទេ មិនមែនមានន័យថាព្រះអង្គជាព្រះដែលចង់តែជំនុំជំរះមនុស្សនោះទេ (និក្ខមនំ៣៤:៦ ) ។ តែទ្រង់ជាព្រះស្អប់នូវអំពើអាក្រក់ ទ្រង់ប្រឆាំងជានិច្ចចំពោះអំពើអាក្រក់ ពីព្រោះទ្រង់ជាព្រះដ៏បរិសុទ្ធ ហើយភាពបរិសុទ្ធព្រះអង្គ មិនអាចនៅស្ងៀមចំពោះអំពើបាបបានទេ ហើយភាពបរិសុទ្ធគឺជាលក្ខណៈ របស់ទ្រង់ ហើយព្រះអង្គក៏ចង់រាស្ត្រទ្រង់បរិសុទ្ធផងដែរ (ទំនុកដំកើង ៩៩:៥, ១ពេត្រុស ១:១៥) បង្ហាញពីភាពគ្មានបាបរបស់ទ្រង់។ ហើយពាក្យថាកំណើតយើងនៅពាក់កណ្ដាលខ៣នេះ គឺមិនមែនសំដៅទៅលើ សញ្ជាត្តិ ខ្មែរ បារាំង អាមេរិចកាំង ឬគួយនោះទេ ប៉ុន្តែពាក្យកំណើតនៅកន្លែងនេះគឺសំដៅទៅលើ មនុស្សយើងទាំងអស់គ្នាបានធ្វើបាប ដូចជារ៉ូម ៣:២៣ បានប្រាប់ថាយើងបាបធ្វើបាប ហើយខ្វះមិនដល់សិរីល្អរបស់ព្រះ។  ហើយនៅចុងខ៣នេះបានបញ្ចាក់បន្ថែមទៀតថា យើជាមនុស្សដែលនៅជាប់ក្នុងសេចក្ដីខ្ញាល់ដូចជាមនុស្សឯទៀតដែរ  មានន័យថាពីមុនយើងជាមនុស្ស រស់ក្នុងបំពើបាប តែងតែមានកំហឹង ការច្រណែនឈ្នានីស ការរើសអើន ភាពលោភលន់ ការសំអប់គ្នា ការពុករលួយជាដើម   ហើយដែលជាមូលហេតុទាំងនោះហើយដែលនាំអោយព្រះទ្រង់ខ្ញាល់ លទ្ធផល នោះគឺជាសេចក្ដីស្លាប់ ដូច្នេះមនុស្សដែលមិនទាន់បានទទួល ជឿព្រះយេស៊ូវគ្រីស្ទនៅពេលនេះ គេកំពុងតែរស់នៅក្នុងសេចក្ដីស្លាប់ទាំងមិនដឹងខ្លួន។

      ២. ព្រះគ្រីស្ទប្រទានជីវិតអស់កល្បដល់គ្រីស្ទបរិស័ទ (ខ៤-៦)
    a. ដោយព្រះគុណនៃសេចក្ដីសង្រ្គោះ (ខ៤-៥)
បើយើងសម្លឹងមើលនៅខ៤ វិញលោកប៉ុលបានបង្ហាញថាសេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ គឹមានលើសលប់សំរាប់មនុស្សទាំងអស់ ដែលព្រះអង្គមានពេញដោយសេចក្ដីស្រលាញ់ជាខ្លាំង ទោះបីជាមនុស្សគេមិនសមនឹងទទួលនូវព្រះគុណរបស់ផងព្រះអង្គ គេមិនសមទទួលនូវសេចក្ដីស្រលាញ់របស់ព្រះទ្រង់  តែព្រះអង្គនៅតែស្ដាជីវិតមនុស្សទាំងអស់ឡើងវិញ។ គឺព្រះអង្គចង់រំដោះមនុស្សអោយចេញពីទាសករនៃអំពើបាប ដែលនៅពីក្រោមការគាប់សង្កត់របស់អារក្ស ដែលមានតាំងពីសម័យអាដាំមកម្លេះ ដូចជា១កូរិនថូស ១៥:២២ បានបង្ហាញថាដោយមនុស្សត្រូវស្លាប់ដោយអ័ដាមយ៉ាងណា នោះក៏រស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ។ យើងដឹងថាឈ្នួលនៃអំពើបាបគឺជាសេចក្ដីស្លាប់ គ្មានអ្វីអាចយកមកជំនួយបានទេ ដូច្នេះបានជាព្រះគ្រីស្ទទ្រង់បានសុគតនៅលើឈើឆ្កាងដោយអំពើបាប ចំពោះមនុស្សលោកទាំងអស់ គឺបានធ្វើអោយយើងមានជីវិតថ្មីតាមរយៈព្រះអង្គ យើងអាចទំនាក់ទំនងជាមួយព្រះអង្គគ្រប់ពេល ហើយព្រះជាម្ចាស់រាប់យើងជាមនុស្សសុចរិចដោយសារព្រះយេស៊ូវ  គ្រីស្ទ ទ្រង់បង្ហូរព្រះលោហិតទ្រង់ជំនួយយើង (រ៉ូម ៥:៨,១ថែស្សាឡូនីច ៥:៩,២កូរិនថូស ៥:១៥,          ភីលីព១:១១) បានបង្ហាញពីការសុគតជំនួយអំពើបាបរបស់យើង។ ជាការពិតណាស់បើយើងមើលនៅ ខ៥  យើងឃើញថាពីមុនយើងមនុស្សដែលទ្រង់មិនសព្វព្រះហឬទ័យ តែឥឡួវនេះយើងជាមនុស្សដែលទ្រង់សព្វព្រះហឬទ័យ ដែលទ្រង់ស្រលាញ់យើង គឺព្រះយេស៊ូវទ្រង់បានសង្រ្គោះយើងទ្រង់បានផ្ដល់ព្រះគុណដ៏ឧត្តង្គឧត្តមដល់យើងជាមនុស្សមានបាប។ ពីមុនអំពើបាបបានបាំងយើងប្រៀបដូចជា       ជញ្ចាំងដ៏ខ្មៅងងឹត រវាងយើងនិងព្រះជាម្ចាស់គឺបានញែកយើងចេញពីព្រះ តែតាមរយៈការសុគតរបស់ទ្រង់នោះបានទំលាយជញ្ចាំងនោះចេញវិញ។ ជីវិតយើងប្រៀបដូចជាមនុស្សកំពង់តែលង់ទឹក យើងមិន អាចហែលក្នុងទឹកបានដោយខ្លួនឯងនោះ ដូច្នេះយើងត្រូវពឹងអ្នកណាដែលចេះហែលទឹកដើម្បីអាចជួយយើងបាន តែអ្វីដែលជាបញ្ហានោះមានមនុស្សជាច្រើនគេកំពុងតែលង់ទឹកហើយ គេបែរជាថាគេមិនលង់ទឹកវិញ ហើយគេក៏មិនត្រូវសេចក្ដីសង្រ្គោះអ្វីដែរ។ បើយើងមើលនៅពាក់កណ្ដាលខ៥ យើងឃើញថាព្រះគ្រីស្ទទ្រង់ជួយសង្រ្គោះយើងដោយបង់ព្រះជន្ម តើព្រះអង្គទ្រង់សុគតរហូតឬ? មិនមែនទេ ព្រះអង្គទ្រង់សុគតពិតប្រាកដ ហើយទ្រង់បានមានព្រះជន្មរស់ឡើងវិញជាពិតប្រាដក ដែលទ្រង់មានជ័យជំនះ ទាំងរូបកាយ នឹងព្រលឹងវិញ្ញាណ ហើយរូបកាយនោះគឺជារូបកាយដ៏ឧត្តម  (យ៉ូហាន ២១:-១៣,២០:២៦-២៧) ជារូបកាយដែលល្អឥតខ្ចោះ ដែលអាចយាងកាត់ជញ្ចាំងបាន។ នៅពាក់កណ្ដាលខ៥ ហើយនៅពេលយើងរស់ឡើយវិញជាមួយព្រះអង្គ ពេលដែលព្រះគ្រីស្ទយាងមកលើទី២ នោះទ្រង់នឹងប្រទានរូបកាយថ្មីដ៏យើងដែរ គឺដូចជារូបកាយព្រះអង្គដែលល្អឥតខ្ចោះ ដូចពេលដែលទ្រង់មានព្រះជន្មរស់នោះ គឺយើងបាននៅជាមួយព្រះអង្គហើយ មានរូបកាយដូចទ្រង់ទៀត (១កូរិនថូស ១៥:៥១-៥៦,៤២-៤៤) រូបកាយដែលល្អឥតខ្ចោះដែលនឹងទទួលបាន។  បើយើងមើលនៅចុងខ៥ វិញ គឺទ្រង់ប្រោសអោយយើងមានជីវិតជាមួយព្រះអង្គ ដោយសារព្រះគុណទ្រង់ ហើយជីវិតដែលយើងមានជាមួយព្រះអង្គនោះគឺជាជីវិតអស់កល្ប ជីវិតនៅនគរស្ថានសួគ៌ ជាជីវិតដែលគ្មានទុក្ខព្រួយ ប្រហែលជាពេលយើងនៅផែនដី ពេលខ្លះយើងជួបរឿងទុក្ខព្រួយ យើងឈឺ យើងជួបរឿងអយុត្តិធម៌ តែនៅពេលដែលយើងទៅនៅជាមួយព្រះអង្គ នោះនឹងគ្មានទឹកភ្នែកហូរទៀតទេ (យ៉ូហាន២១:-៤) ដែលនិយាយពីកន្លែងដ៏សុខសាន្ត ដែលទ្រង់គង់នៅ។
  b.ព្រះគ្រីស្ទឲ្យយើងមានចំណែកជាមួយទ្រង់ (ខ៦)
            បើយើងមើលនៅខ៦ វិញ បានបង្ហាញថាព្រះយេស៊ូវគ្រីស្ទមិនត្រឹមតែរស់ឡើងវិញ ហើយយាង ទៅស្ថានសួគ៌ ហើយគង់នៅខាងស្ដាប់ព្រះវបិតាប៉ុណ្ណោះទេ តែព្រះអង្គក៏ផ្ដល់ជីវិតថ្មីដល់ពួកអ្នកជឿ។ ហើយព្រះជាម្ចាស់ថែមទាំងផ្ដល់នូវកិត្តិយសដល់ប្រពៃ ដែលព្រះអង្គលើកយើងឡើង ជាមួយនឹងព្រះគ្រីស្ទហើយរៀបចំអោយមានកន្លែងអង្គុយដ៏វិសេស ដោយសារយើងរួមសម្ពន្ធមានចំណែកជាមួយនឹងព្រះគ្រីស្ទ នៅឯស្ថានសួគ៌។ នៅខ៦នេះដដែល លោកប៉ុលដូចជាបានបង្ហាញពីពួកជំនុំនៃព្រះគ្រីស្ទ ដោយពួកជំនុំទាំងអស់ជារូបកាយព្រះគ្រីស្ទ ទោះបីជាមានសញ្ជាត្តិផ្សេងៗគ្នា មានភេទខុសគ្នា មានរបៀបរស់នៅខុសគ្នា តែយើងជាផ្នែកនៃរូបកាយព្រះគ្រីស្ទ ហើយឥឡូវនេះព្រះគ្រីស្ទទ្រង់សោយ រាជ្យនៅស្ថានសួគ៌ ហើយដូច្នេះយើងនឹងទៅដល់ទីនោះផងដែរ (១កូរិនថូស៦:១៥,១២:១២)។
  VI.      សរុបសេចក្ដី
និយាយរួមមកនៅអេភេសូរ ២:-៦ លោកប៉ុលបាននិយាយអំពីជីវិតពីដំបូងដែលមិនទាន់ជឿ ដល់ព្រះយេស៊ូវគ្រីស្ទ និងជីវិតដែលបាបស្គាល់ពីព្រះគុណរបស់ព្រះគ្រីស្ទ។ លោកសាវកប៉ុលបាន     ពិព៌ណនាទាំងជីវិតគាត់ និងជីវិតពួកជំនុំនៅអេភេសូរថា ពេលដែលមិនទាន់ស្គាល់ព្រះគ្រីស្ទ គឺយើងជាមនុស្សដែលមានបាប ដែលរស់នៅគិតតែពីសាច់ឈាម ដែលផ្សាភ្ជាប់ទៅនឹងអំពើបាប ពោពេញភាព លោភលន់ កម្មតណ្ហា នឹងគំនិតអាក្រក់ជាច្រើនដែលមានសាតាំងជាអ្នកដឹកនាំ ដែលវាមានអំណាចគ្រប់គ្រង់លើអ្នកដែលគ្មានព្រះជាម្ចាស់។ ហើយជីវិតដែលប្រព្រឹត្តតាមរបៀបលោកីយ៍ ហើយដែលជា ភាពខ្មៅងងឹតនៃអំពើបាប យើងមិនអាចដោះខ្លួនឯងអោយរួចបានទេ ព្រោះនិស្ស័យបាបមិនមែនមាន កើតឡើងថ្មីៗនោះទេ គឺវាកើតឡើយតាំងពីសម័យមនុស្សដំបូងមកម្លេះ ហើយលទ្ធផលនៃអំពើបាបគឺ ជាសេចក្ដីស្លាប់ ដែលមនុស្សមិនអាចជៀសផុតឡើយ។ ប៉ុន្តែនៅពេលដែលព្រះគុណដ៏ធំរបស់ព្រះ   គ្រីស្ទបានចូលមក តាមរយៈការពលីព្រះជន្មដ៏វិសេស របស់ទ្រង់នោះបានផ្សះផ្សាគ្រប់ទាំងការបែកបាក់ពីមុន គឺយើងបន្ទាបខ្លួនទៅកាន់ទ្រង់ ទទួលសេចក្ដីសង្រ្គោះពីព្រះអង្គ តាមរយៈសេចក្ដីស្រលាញ់តាមរយៈព្រះលោហិត​នៅលើឈើឆ្កាង។ ហើយអំពើបាបទាំងប៉ុន្មានរបស់យើងគឺដោះចេញ យើងមានសេរីភាពក្នុងការស់នៅ យើងមិននៅក្នុងជីវិតចាស់ទៀតទេ លើសពីនេះទៅទៀតទ្រង់អោយយើងបានមានចំណែកជាមួយព្រះ អង្គនៅឯនគរស្ថានសួគ៌ ដែលជាកន្លែងអស់កល្ប។
Ø  គំនិតស្នូល :  ជាការពិតណាស់យើងជាគ្រីស្ទាន យើងរួចផុតពីសេចក្ដីស្លាប់ ដែលពីមុនយើងមនុស្សមិនស្គាល់ព្រះអង្គ យើងរស់នៅតាមរបៀបលោកីយ៍យើងធ្វើអ្វីតាមតែបំណងចិត្តខ្លួនឯង គិតថាត្រូវ ការថ្វាយបង្គំរូបព្រះដទៃ ភាពលោភលន់ ការច្រណែនឈ្នានីស កម្មតណ្ហា ដែលយើងមានមេដ៏អាក្រក់ជាអ្នកគ្រប់គ្រង ជាអ្នកជួយជម្រុញចត្តិយើងបន្ថែមអោយប្រព្រឹត្តបាប។ លើពីនេះដោយសារនិស្ស័យយើងពីដើមគឺវាផ្សាភ្ជាប់ជាមួយនឹងអំពើបាបតែម្ដង ធ្វើអោយគំនិតយើងរស់នៅក្នុងងងឹតមិនស្គាល់អ្វីស អ្វីល្អអ្វីខ្មៅ អោយប្រាកដ ដែលលទ្ធផលទាំងនេះនាំអោយព្រះទ្រង់ក្រោធ ហើយទ្រង់ជំនុំ   ជំរះយើងអោយវិនាស ស្លាប់អន្តរាយ។ តែដោយសារសេចក្ដីជំនឿលើព្រះគុណ នៃសេចក្ដីសង្រ្គោះដ៏ធំឧត្តមរបស់ព្រះគ្រីស្ទ ទ្រង់បានពលីនៅលើឈើឆ្កាង ដើម្បីរំដោះយើងអោយចេញពីទាសករនៃអំបាប ដោះយើងអោយចេញពីសេចក្ដីក្រោធរបស់ព្រះ នោះយើងបានមានជីវិតថ្មីវិញនៅក្នុងព្រះអង្គ ដោយសារព្រះលោហិតទ្រង់ដ៏ធួននិងបាបរបស់យើង គឺទ្រង់ធ្វើមួយដងជាសម្រេច។

Ø  ទេវសាស្រ្ត : ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះដែលមានពេញដោយសេក្ដីស្រលាញ់  ព្រះអង្គជាព្រះដែលបន្ទាបព្រះកាយ មកប្រសូត្រនៅផែនដីយកនិស្ស័យជាមនុស្ស ដើម្បីនឹងជួយមនុស្សដែលកំពុងតែជាប់ជាទាសករនៃអំពើបាបទាំងអស់បានរួចចេញ (យ៉ូហាន៣:១៦, រ៉ូម ៦:១៧)។ ហើយដោយសារព្រះគុណនៃសេចក្ដីដ៏អស្ចារ្យរបស់ព្រះអង្គ បានផ្ដល់ជីវិតថ្មីដល់យើងទាំងអស់គ្នា ព្រះអង្គបានស្ដាយើងឡើង ហើយរាប់ជាកូនរបស់ទ្រង់ លើសពីនេះទៅទៀតដោយសារយើងទាំងអស់គ្នាបានរួមសម្ពន្ធជាមួយទ្រង់ នោះព្រះអង្គបានអោយយើងមានចំណែកជាមួយព្រះអង្គនៅនគរស្ថានសួគ៌ (អេភេសូរ ២:-៦)។

Ø    មនុស្ស : លោកប៉ុលបាននិយាយពីពួកជំនុំអេភេសូរ ទាក់ទងនឹងជីវិតចាស់របស់ពួកគេ គឺជាជីវិតរស់នៅបែបលោកីយ៍ តាមអារក្សសាតាំង គឺជាជីវិតដែលត្រូវស្លាប់ដោយសារសេចក្ដីក្រោធរបស់ព្រះ។ តែដោយសារព្រះគុណនៃសេចក្ដីសង្រ្គោះរបស់ព្រះគ្រីស្ទ នោះពួកគេបានកែប្រែពួកគេអោយស្គាល់ពីព្រះដ៏ពិត ព្រះដែលនាំមកនូវជីវិតអស់កល្បវិញ ដែលនាំគេទៅកាន់ផ្លូវដ៏សុចរិត ដោយទទួលនូវសេចក្ដីសង្រ្គោះ។

v  ការអនុវត្តន៍
ក្នុងនាមយើងជាគ្រីស្ទបរិស័ទ ទាំងខ្ញុំនិងបងប្អូនទាំងអស់នៅទីនេះយើងត្រូវចេះរស់នៅ រក្សាសេចក្ដីជំនឿយើងលើព្រះយេស៊ូវគ្រីស្ទអោយខ្ជាប់ខ្ចួន យើងបានលោះដោយព្រះលោហិតដ៏ថ្លៃថ្លារបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងមិនត្រូវអោយអារក្សសាតាំងអូសទាញយើងទៅធ្វើជាទាសករនៃអំពើបាបទៀតទេ។ លើសពីនេះទៅទៀតយើងត្រូវដឹងយើងបានសង្រ្គោះដោយសារអង្គព្រះយេស៊ូវ ដួច្នេះយើង ត្រូវតែរស់នៅដោយថ្វាយសិរីល្អដល់ទ្រង់ បំរើព័ន្ធកិច្ចព្រះអង្គ  ផ្សាយដំណឹងល្អដ៏អ្នកដទៃ ចូលរួមយ៉ាង សកម្មក្នុងការបំរើព្រះ ទោះបីជាការងារខ្លះវាដូចជាមានលក្ខណៈតូច តែយើងជាពួកជំនុំត្រូវតែជួយធ្វើគ្នា ដោយយើងត្រូវដឹងថាយើងកំពុងតែបំរើដ៏ព្រះដ៏ពិត។ មួយវិញទៀតយើងត្រូវតែមានសេចក្ដីស្រលាញ់ដល់គ្នាទៅវិញទៅមក គឺបង្ហាញពីភាពយកចិត្តទុកដាក់ដល់គ្នា គឺខ្វល់ខ្វាយពីពួកជំនុំ បើសិនជាមានសមាជិកខ្លះគេ មិនបានមកព្រះវិហារនោះយើងគួរតែចុះសួរសុខទុក្ខគេ លើកទឹកចិត្តគេ គឺបង្ហាញពីភាពត្រូវការគ្នាទៅវិញទៅមក ដើម្បីធ្វើអោយពួកជំនុំនៃព្រះមានភាពរីកចំរើន និងមានភាពកក់ក្ដៅ។

§  ចំនុច/គនិតខុសឆ្គងដែលងាយច្រឡំ
ចំនុចដែលធ្វើអោយយើងងាយយល់ច្រឡំគឺ នៅពេលដែលយើងទទួលជឿព្រះយេស៊ូវគ្រីស្ទ មិនមែន យើងមិនស្លាប់ពីផែនដីនេះនោះទេ។ តែនៅពេលយើងស្លាប់ទៅនោះទ្រង់នឹងទទួល វិញ្ញាណយើងមួយរំពេចន៍អោយបាននៅជាមួយព្រះអង្គ ហើយពេលទ្រង់យាងមកលើកទី២នោះទ្រង់នឹងផ្ដល់រូបដ៏ឥតខ្ចោះថ្មីដល់យើង។
ឯកសារយោង
១. វចនានុក្រមព្រះគម្ពីរ
២. ព្រះគម្ពីរបរិសុទ្ធសម្រាប់សិក្សាសញ្ញាចាស់ និងថ្មី
៣. ប៉ែន តារាឬទ្ធិ, អត្ថធិប្បាយអំពីកណ្ឌអេភេសួរ


0 Comments

Type and hit Enter to search

Close