សេចក្តីផ្តើម(មិត្តសម្លាញ់ពីរនាក់)
មានមិត្តភក្តិពីរនាក់ឈ្មោះសុខ និង សៅ
បាននាំគ្នាទៅដើរលេងនៅមាត់សមុទ្រហើយ
បានមុជទឹកសមុទ្រនោះ។ ពេលនោះស្រាប់តែសុខលង់ទឹក
ហើយសៅក៏រត់ទៅជួយមិត្តរបស់ខ្លួនយ៉ាងរហ័សរហួនដោយភ័យផងខំជួយផង
នៅពេលដែលសុខដឹងខ្លួនឡើងវិញសុខបានអរគុណដល់មិត្តសម្លាញ់របស់ខ្លួន
ហើយក៏នឹកឃើញសរសេរការល្អដែលសៅជាមិត្តសម្លាញ់បានធ្វើចំពោះខ្លួននៅលើថ្មទុក។
ថ្ងៃក្រោយមក ទាំងពីរនាក់ក៏បាននាំគ្នាទៅដើរលេងសមុទ្រម្តងទៀតជាមួយគ្នា
នៅពេលកំពុងលេងជាមួយគ្នាស្រាប់តែ សៅបានច្រានសៅទៅក្នុងទឹកសមុទ្រយ៉ាងខ្លាំង
ធ្វើឲ្យគាត់ឈ្លក់ទឹកហើយមានអារម្មណ៍ខឹងនឹងសៅជាខ្លាំង ហើយសៅក៏ដឹងថាសុខខឹងនឹងគាត់ជាខ្លាំងដែរ
ប៉ុន្តែសុខមិនបានបញ្ចេញកំហឹងដាក់សៅវិញទេ
គាត់ក៏បានរត់មកលើខ្សាច់ហើយសរសេរការដែលសៅបានធ្វើមកលើរូបខ្លួននៅលើដីខ្សាច់
ហើយសៅក៏ឃើញសុខសរសេរដែរ។ ទាំងពីរនាក់ក៏បានទៅផ្ទះវិញ
នៅពេលដែលកំពុងដើរទៅវិញនោះសៅបានក្រឡេកមើលទៅលើថ្មឃើញអក្សររបស់សុខដែលបាន
សរសេរពីលើកមុនពីការដែលសៅបានជួយសុខពេលលង់ទឹកមានថ្ងៃ ខែច្បាស់លាស់ផងដែរ។
សៅក៏បានសួរទៅសុខថា ហេតុអីបានជាពេលមុនឯងសរសេរលើថ្មពីការល្អរបស់យើងនៅលើថ្ម
តែសរសេរពីការអាក្រក់របស់ខ្ញុំនៅលើដីខ្សាច់ទៅវិញ
សុខក៏និយាយទៅកាន់មិត្តដោយទន់ភ្លន់ថា
ពីព្រោះខ្ញុំចង់ចងចាំការដែលមិត្តធ្វើល្អដាក់ខ្ញុំរហូត ប៉ុន្តែពេលមិត្តធ្វើអាក្រក់ដាក់ខ្ញុំ
ខ្ញុំមិនចង់ចងចាំវាទុកយូរទេ
ពេលនេះខ្ញុំសរសេរលើដីខ្សាច់ព្រោះពេលទឹករលកបោកមកនោះវានឹងរលុបអស់ហើយ
ខ្ញុំនឹងបំភ្លេចវាចោល។ ពេលឭដូច្នោះ សៅក៏មកអោបសុខហើយនិយាយពាក្យថា
អរគុណដល់សុខដែលជាមិត្តដ៏ល្អ មិនចង់ចងចាំរឿងដែលអាក្រក់ៗទុកឡើយនាំឲ្យនឹកឃើញខឹងគ្នាពេលក្រោយ
តែបានកត់ទុកការល្អៗទុក ដើម្បីរលឹកហើយកាន់តែធ្វើឲ្យពួកគេមានទំនាក់ទំនងល្អជាមួយគ្នា
ជាមិត្តល្អជាមួយគ្នារហូត មិនមែនដោយរឿងតិចតួចធ្វើឲ្យពួកគេបែកបាក់គ្នាឡើយ។
តាមរយៈសាច់រឿងខាងលើតួអង្គសុខគឺប្រៀបដូចជាយ៉ូសែប
ដែលគាត់ជាម្នាក់ដែលមិនបានរលឹក ការអាក្រក់ដែលបងៗគាត់បានធ្វើមកលើគាត់ពីមុនឡើយ
តែបែរជាមានចិត្តចង់ជួប ចង់ជួយ ហើយអត់ទោសឲ្យពួកគេថែមទៀតផង។
សង្ខេបបទគម្ពីរ
បន្ទាប់ពីយ៉ូសែបបានជួបជាមួយបងប្អូនទាំង១០នាក់
ព្រមទាំងបេនយ៉ាមីនដែលគាត់ចង់ជួបរួចមក យ៉ូសែបក៏សម្រេចចិត្តថាបង្ហាញខ្លួន និង
ណែនាំខ្លួនឲ្យបងប្អូនរបសគាត់បានស្គាល់។ គម្រោងការរបស់ គាត់បានសម្រេច
បងប្រុសរបស់គាត់បានសារភាពកំហុសដែលគាត់បានធ្វើពីមុន ហើយឥលូវបានប្តូរទាំង ចិត្តគំនិត
និង ការប្រព្រឹត្តិផងដែរ។ នៅពេលដែលគាត់ប្រាប់បងប្អូនគាត់ថាគាត់ជាយ៉ូសែប
គាត់មិនបានស្តី បន្ទោសដល់បងៗពីកំហុសរបស់គាត់ឡើយ ផ្ទុយទៅវិញគាត់បានបង្ហាញពីព្រះហឬទ័យរបស់ព្រះជាម្ចាស់
ដែលទ្រង់បានរៀបចំគាត់ឲ្យបានមកស្រុកអេស៊ីព្ទ
ដើម្បីនឹងជួយសង្គ្រោះដល់គ្រួសារនៃព្រះបន្ទូលសន្យា បានរស់នៅនាពេលមានទុរភិក្ស។
គាត់បានប្រាប់ឲ្យពួកគេទៅនាំយ៉ាកុប និង ក្រុមគ្រួសារមករស់នៅស្រុក អេស៊ីព្ទវិញ
ដើម្បីអាចឲ្យគាត់មើលថែទាំពួកគេបាននៅទីនោះ ព្រោះគាត់ជាអ្នកគ្រប់គ្រងនៅស្រុកអេស៊ីព្ទ ហើយជាម្នាក់ដែលស្តេចផារ៉ោនផ្តល់អំណាច និង
ទុកចិត្តស្រាប់។
v សំនួរស្នូល
តើហេតុអ្វីបានជាយ៉ូសែបមិនបានខឹងនឹងបងបងរបស់ខ្លួន
ហើយអត់អោនទោសឲ្យ? ឬ ហេតុអ្វីបានជាគាត់
នៅតែមានចិត្តអាណិតដល់ពួកគេ?
v ការកាត់ស្រាយ
យ៉ូសែបគឺជាតួអង្គអភិជនដ៏ចំណានម្នាក់
ក្នុងចំណោមតួអង្គអភិជនទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញា ចាស់។
ជីវិតរបស់យ៉ូសែបជាគំរូដ៏ល្អមួយក្នុងចំណោមឧទាហរណ៍ទាំងឡាយនៅក្នុងព្រះគម្ពីរ
អំពីការថែរក្សាការពារដោយអំណាចចេស្តារបស់ព្រះជាម្ចាស់។ តាមរយៈយ៉ូសែប ទើបគ្រួសាររបស់យ៉ាកុបបានផ្លាស់ទៅកាន់ទឹកដីអេស៊ីព្ទ។
មានមូលហេតុ៤យ៉ាង ដែលយ៉ូសែបមិនបានមានគំនិតចង់សងសឹក ឬ
នៅតែខឹងដល់បងបងរបស់ខ្លួន យើងនឹងសិក្សាជាមួយគ្នា
ថាតើអ្វីដែលអាចធ្វើឲ្យចិត្តគាត់អាចរំសាយកំហឹងបាន រហូតនៅតែមានចិត្ត
អាណិតចង់ជួយដល់ទាំងក្រុមគ្រួសារទាំងមូលឲ្យរួចពីទុក្ខលំបាកថែមទៀត។
I.
យ៉ូសែបមានសេចក្តីនឹករលឹកដល់បងប្អូនជាខ្លាំង
(ខ១-៤)
នៅខ១-២ យ៉ួសែបខំអត់ទប់នៅពេលដែលគាត់បានឃើញបងប្អូនគាត់ទាំងប៉ុន្មាន
តែមិនអាចចូលទៅ ជិតពួកគេបានឡើយ
នេះគឺបានបង្ហាញពីទឹកចិត្តជាបងប្អូនដែលមិនដែលភ្លេចបងប្អូនម្តងណាឡើយដោយ
សារតែការបែកគ្នាជាយូរឆ្នាំរហូតដល់៧ឆ្នំា បានធ្វើឲ្យសេចក្តីកំហឹងបានប្រែក្លាយទៅជាការនឹករលឹកយ៉ាង
ខ្លាំងបំផុតសម្រាប់គាត់។ នៅពេលដែលគាត់បានឲ្យអ្នកផ្សេងចេញទៅ គាត់ក៏បានស្រែកយំយ៉ាងខ្លាំង
មានមនុស្សជាច្រើនដែលបានលឺសម្លេងគាត់យំ គឺទាំងពួកសាសន៍អេស៊ីព្ទ ព្រមទាំងពួកនៅដំណាក់
ផារ៉ោនផងដែរ។ ចូរយើងស្រមៃមើលថា តើការយំរបស់គាត់មានកម្រិតប៉ុណ្ណា ប្រហែលជាស្រែកទ្រហោយំខ្លាំង ៗណាស់ហើយមើលទៅ
បានជាឭដល់គេដល់ឯងយ៉ាងនេះ។ ពីគ្រាមុនយ៉ូសែបទៅលួចយំនៅក្នុងបន្ទប់តែម្នាក់ឯង
ហើយលុបមុខចេញមិនឲ្យគេឃើញឡើយហើយខំទប់មិនឲ្យយំនៅមុខបងៗឡើយ
នៅពេលដែលបានឃើញបងៗរបស់ខ្លួនជាលើកដំបូង(លោកុប្បត្តិ៤៣:៣០) តែពេលនេះគាត់ទប់លែងបានហើយគាត់បានបញ្ញេញអ្វីដែលនៅក្នុងចិត្តរបស់គាត់មិនលាក់ទុកទៀតទេ
គឺបង្ហាញពីសេចក្តីនឹករលឹកដ៏ធំធេង របស់គាត់តែម្តង
គាត់លែងខ្មាស់នរណាហើយគឺគាត់បានស្រែកយំយ៉ាងខ្លាំង។
នៅខ៣-៤ យ៉ូសែបបានបង្ហាញខ្លួនប្រាប់ដល់បងប្អូនរបស់គាត់ទាំងអស់ថាគាត់ជាយ៉ូសែបម្តងហើយម្តងទៀត
ពិតជាយ៉ូសែបដែលពួកគាត់បានលក់រហូតមកដល់អេស៊ីព្ទពេលនេះក្លាយជាអ្នកមានអំណាចនៅស្រុកគេមែន។
មុនពេលនោះយ៉ួសែបបាននិយាយជាមួយបងៗរបស់គាត់តាមរយៈអ្នកបកប្រែ
ព្រោះយ៉ូ សែបនិយាយភាសាអេស៊ីព្ទ ហើយបងៗគាត់និយាយភាសាហេព្រើរ
បងៗគាត់គិតថាប្រហែលជាគាត់មិនយល់ភាសាហេព្រើរឡើយ។ ប៉ុន្តែនៅពេលនេះយ៉ូសែបបានបញ្ជូនសាសន៍អេស៊ីព្ទទៅខាងក្រៅអស់
ដូច្នេះពេលនេះគ្មានអ្នកបកប្រែទៀតឡើយ
ហើយយ៉ូសែបបាននិយាយភាសាហេព្រើរជាមួយបងៗរបស់គាត់ឲ្យដឹងថាគាត់ជាយ៉ូសែបប្អូនរបស់ពួកគេពិតមែន។
គាត់បានពន្យល់ថាគាត់ជាពិតត្រូវបាននាំមកអេស៊ីព្ទ
មិនមែនបងៗគាត់ជាអ្នកលក់គាត់ តែដោយសារពួកបងៗគាត់ទើបមានអ្នកលក់គាត់មកដល់អេស៊ីព្ទដូច្នេះ
គឺពួកម៉ាឌានគេបាននាំគាត់ទៅដល់ស្រុកអេស៊ីព្ទ ទៅលក់ឲ្យប៉ូទីផាជាមេទ័ពរបស់ផារ៉ោន
គឺជាមេក្រុមរក្សា អង្គ(លោកុប្បត្តិ៣៧:៣៦)។
II.
យ៉ូសែបមិនបានប្រកាន់ទោសចំពោះបងៗរបស់គាត់ឡើយ(ខ៥-៦)
នៅខ៥
យ៉ូសែបបានប្រាប់ទៅបងៗថាកុំខឹងនឹងខ្លួនឯងអី
កុំបន្ទោសខ្លួនពីកំហុសដែលខ្លួនបានធ្វើទលើរូបគាត់អី គឺព្រះបានបញ្ជូនគាត់មកអេស៊ីព្ទ។
កាត់មិនបានបន្ទោសទៅបងៗថា ពួកគាត់បានធ្វើខុសមកលើខ្ញុំហើយ តែខ្ញុំលើកលែងទោសឲ្យនោះទេ
គាត់មិនអាចនិយាយដូច្នោះបានទេ ពីព្រោះវាជាផែនការរបស់ព្រះ បើគាត់និយាយដូច្នេះបានន័យថាគាត់កំពុងបន្ទោសទៅលើព្រះហើយ។
អ្វីៗដែលបានកើតឡើងគឺវាត្រឹមត្រូវ ហើយជាការល្អប្រសើរព្រះជាអ្នកធ្វើវាឲ្យដូច្នេះ
ដោយទ្រង់បានបណ្តាលឲ្យយ៉ូសែបឲ្យយ៉ូសែប មកដល់អេស៊ីព្ទ។
ទ្រង់ធ្វើដូច្នេះដើម្បីបង្ហាញពីផែនការសង្គ្រោះដល់ក្រុមគ្រួសារយ៉ាកុបនៅក្នុងគ្រោះទុរភិក្ស
ទ្រង់ក៏ចង់រក្សាជីវិតរបស់គ្រួសារយ៉ាកុបទុក
ហើយក៏ដូចបានជួយសង្គ្រោះដល់សាសន៍អេស៊ីព្ទផងដែរ ពីព្រោះយ៉ូសែបនៅទីនោះ។
ដោយសារតែព្រះមានផែនការផ្សេងទៀត
សាសន៍អេស៊ីព្ទគឺបានទទូលព្រះគុណតាមរយៈអ្នកដែលទ្រង់ជ្រើសរើសប្រើ
ទើបពួកគេរួចផុតពីគ្រោះទុរភិក្សដូចប្រទេសជិតខាងទាំងឡាយ។
យើងអាចមើលឃើញថាព្រះជាម្ចាស់បានរៀបចំជីវិតរបស់យ៉ូសែបឲ្យបានទៅដល់អេស៊ីព្ទតាម រយៈការច្រណែនឈ្នានីស និង
អំពើដ៏ព្រៃផ្សៃរបស់បងៗរបស់គាត់(កិច្ចការ៧:៩)
តែក្រោយមកគ្រប់យ៉ាងគឺទទួលបានលទ្ធផលល្អសម្រាប់គ្រួសារទាំងមូលតែម្តង។ អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ
តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន
ដូចជាបានកើតមានសព្វថ្ងៃនេះ (លោកុប្បត្តិ៥០:២០)។
នៅខ៦ នៅពេលនេះយ៉ូសែបមានអាយុ៣៩ឆ្នាំហើយ
ពីព្រោះគាត់ឡើងគ្រប់គ្រងនៅអេស៊ីព្ទអាយុ៣០ឆ្នាំ ភាពសប្បូរស្បៀងបានកន្លងផុតទៅ៧ឆ្នាំ
ហើយភាពអំណត់ស្បៀងក៏ចូលមកដល់បាន២ឆ្នាំទៀតហើយ(លោកុប្បត្តិ៤១:៤៦,៥៣)។
យ៉ូសែបបានដឹងថានៅ៥ឆ្នាំទៅមុខទៀតប្រទេសទាំងឡាយ
នឹងត្រូវជួបគ្រោះខ្វះខាតស្បៀងខ្លាំងមែនទែន គ្មានការភ្ជួររាស់ឬច្រូតកាត់អ្វីទៀតឡើយ
ហើយមនុស្សគ្រប់ទីកន្លែងនឹងមករកទិញស្បៀងនៅអេស៊ីព្ទជាមិនខានឡើយ។ ដូច្នេះបងបងរបស់យ៉ូសែបពិតជាមានឱកាសល្អណាស់ដែលបានមកជួបយ៉ូសែបមុនពេលនោះមកដល់
ហើយបានយ៉ូសែបរៀបរាប់ប្រាប់ពីពេលអនាគតដល់ពួកគេឲ្យដឹងមុន។
បើព្រះមិនរៀបចំផែនការឲ្យយ៉ូសែបមកដល់អេស៊ីព្ទឡើងធ្វើជាអ្នកគ្រប់គ្រងដ៏មានអំណាចទេ
នោះពួកគេក៏មិនបានជួបយ៉ូសែបហើយមិនបានដឹងពីព័ត៌មានដ៏សំខាន់នោះដែរ ទាំងនោះគឺមកពីព្រះទ្រង់ជ្រាបនិងរៀបចំផ្លូវជាមុនសម្រាប់ឲ្យពួកគេបានជួបគ្នា។
ម្យ៉ាងវិញទៀតព្រះជាម្ចាស់ទ្រង់ចង់ឲ្យពួកគេមើលឃើញពីព្រះគុណដ៏អស្ចារ្យសម្រាប់គ្រួសារពួកគេតាមរយៈយ៉ូសែបនោះឯង
គឺទ្រង់យកព្រះទ័យទុក
ដាក់ចំពោះពូជរបស់យ៉ាកុបដែលទ្រង់ជ្រើសរើសដែលទ្រង់សន្យាថានឹងសង្គ្រោះពួកគេផងដែរ ទ្រង់មិនបោះបង់ចោលពួកគេឡើយ។
III.
យ៉ូសែបបានបង្ហាញពីបំណងព្រះហឬទ័យរបស់ព្រះ(ខ៧-៨)
នៅខ៧
យ៉ូសែបបានប្រើពាក្យថាសំណល់ ទោះបីជាគ្មាននរណាម្នាក់បានបាត់បង់ក៏ដោយ
ហើយពួកគេថែមទាំងបានរួចពីគ្រោះទុរភិក្សក៏ដោយ
គាត់បានប្រើពាក្យនេះដោយសារតែគាត់មានទំនុកចិត្តថា
ពួកគេពិតជារស់នៅដើម្បីបង្កើតនគរយ៉ាងរីកចម្រើនមួយជាមិនខានទៅថ្ងៃមុខ។
ដោយសារតែសេចក្តីប្រោសលោះជីវិតនៃពួកគេ គឺពួកគេមានឱកាសក្នុងការបង្ហាញដល់សាសន៍អេស៊ីព្ទថាព្រះនៃយ៉ាកុបគឺមានអំណាចចេស្តាដ៏អស្ចារ្យសម្រាប់ពួកគេតាំងពីដើមរហូតមកដល់ពេលនោះ។
ពួកសំណល់នេះហើយដែល ដើរតួរយ៉ាងសំខាន់នៅក្នុងសេចក្តីសន្យា និង
ផែនការរបស់ព្រះជាម្ចាស់ឲ្យបានសម្រេច។
នៅខ៨ យ៉ូសែបបានអះអាងម្តងទៀតថាមិនមែនដោយសារតែពួកបងៗទេ
ដែលគាត់មកដល់ទីនេះ គឺជាព្រះ ទ្រង់ប្រទានឲ្យរូបគាត់មានអំណាចអាចគ្រប់គ្រងលើសាសន៍ដទៃ
មានចំណេះដឹងល្មមឲ្យគេទុកចិត្តទាំងស្រុងក្នុងការដឹកនាំប្រទេស
សូម្បីតែគាត់ជាសាសន៍ដទៃក៏ដោយ។ គាត់ត្រូវបានផារ៉ោនចាត់ទុកជាឪពុកដល់ផារ៉ោន
នេះមានន័យថាគាត់ជាអ្នកគ្រប់គ្រងជំនួញឲ្យផារ៉ោន ឬ
ប្រហែលមកពីនេះជាភាសាតាទូតនៃរៀបរាប់ពីតំណែងរបស់គាត់ក៏ថាបាន។
នេះជាកិត្តិយសដ៏ធំធេងមួយដែលគេបានឲ្យទៅដល់គាត់ដើម្បីត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូល(លោកុប្បតិ៤១:៤៣-៤៤)។ មុខតំណែងទំាង៣របស់យ៉ូសែប នៅក្នុងខនេះ
ដែលជាឪពុកនៃស្តេចផារ៉ោន ជាម្ចាស់នៃដំណាក់ទ្រង់ទាំងអស់ និង
ជាចៅហ្វាយត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូល គឺបានបញ្ញាក់ពីជនជាតិដើមរបស់អេស៊ីព្ទ ។
យើងកម្រឃើញនរណាម្នាក់នៅក្នុងព្រះគម្ពីរមានតំណែងដល់ទៅ៣ក្នុងពេលតែមួយដូចយ៉ូសែបណាស់
នោះពិតជាផែនការដ៏
អស្ចារ្យរបស់ព្រះសម្រាប់គាត់ដើម្បីធ្វើជាអ្នកសង្គ្រោះដល់ពួកគ្រួសារយ៉ាកុបណាស់។
គ្មានងំណាចអ្វីដែលអាចហាមគាត់មិនឲ្យជួយដល់គ្រួសាររបស់គាត់ឡើយ
ព្រោះគាត់មានតំណែងធំជាងគេក្នុងចំណោមមនុស្សទាំងអស់នៅស្រុកអេស៊ីព្ទ
មានតែយ៉ូសែបប៉ុណ្ណោះទើបអាចសម្រេចកិច្ចការផ្សេងៗបានដោយមិនចាំបាច់សួរដល់នរណាឡើយសូម្បីតែស្តេចផារ៉ោន
ពីព្រោះស្តេចផារ៉ោនបានប្រគល់អំណាចដល់គាត់រួចទៅហើយនៅពេលនោះ។
IV.
យ៉ូសែបប្រាប់បងៗឲ្យទៅនាំយ៉ាកុបមករស់នៅអេស៊ីព្ទជាមួយគ្នា(៩-១៥)
នៅខ៩ យ៉ូសែបមានចិត្តអន្ទះអន្ទែងចង់ជួបនឹងឪពុកគាត់ជាខ្លាំង
គាត់បានបង្គាប់ទៅបងៗឲ្យប្រញាប់ទៅអញ្ជើញឪពុករបស់គាត់(យ៉ាកុប)មកជាបន្ទាន់កុំបង្អង់ឡើយ
ទៅតាមលទ្ធភាពដែលអាចធ្វើបានភ្លាមតែម្តង
ពីព្រោះគាត់មានការនឹករលឹកដល់ឪពុកជាខ្លាំងបំផុត។
ណាមួយដោយសារតែគាត់ជាកូនម្នាក់ដែលឪពុកស្រឡាញ់ជាងបងៗ
ហើយឪពុកតែងយកចិត្តទុកដាក់ជាមួយគាត់ណាស់កាលពីនៅតូច ដូច្នេះគាត់
ក៏ដឹងច្បាស់ដែរថាឪពុកគាត់ពិតជាឈឺចាប់ពេក្រៃពេលដែលបាត់បង់គាត់
ជាពិសេសពេលដែលដឹងថាគាត់ស្លាប់នោះ។ ហើយបើឪពុកគាត់ដឹងថាគាត់នៅរស់នោះ
ឪពុកគាត់ពិតជាមានចិត្តអរសប្បាយណាស់រកអ្វីថ្លៃមិនបានឡើយ គឺប្រាកដជាចង់ជួបគាត់ដូចគា្នដោយមិនរង់ចាំ
ឬ បង្អង់ដូចគ្នា។
នៅខ១០-១១
យ៉ូសែបបានសន្យាថានឹងបងៗថា
ពេលឪពុកនិងក្រុមគ្រួសាររបស់គាត់មកដល់ស្រុកអេស៊ីព្ទ
នោះគាត់នឹងចិញ្ចឹមពួកគេនៅស្រុកកូសែនដែលជាស្រុកនៅជិតគាត់។ ស្រុកកូសែន
គឺជាស្រុកដែលនៅភាគខាងកើតនៃទន្លេនីល វាជាដែនដីដែលមានជីជាតិល្អនៅក្នុងស្រុកអេស៊ីព្ទ(ខ១៨)
ហើយក៏ជាស្រុកមួយដែលមានកេរិ៍ឈ្មោះផងដែររហូតមកដល់បច្ចុប្បន្ននេះ។ គាត់បានសន្យាថានឹងមើលថែរក្សាហើយផ្គត់ផ្គង់ឪពុក
និង
ក្រុមគ្រួសារទាំងមូលមិនឲ្យត្រូវវិនាសដោយសារតែការខ្វះខាតស្បៀងនៅរយៈពេល៥ឆ្នាំនោះទៀតទេ។
គាត់បានបង្ហាញពីទឹកចិត្តដ៏សប្បុរសចំពោះក្រុមគ្រួសាររបស់គាត់
ដោយការយកចិត្តទុកដាក់ចំពោះពួកគេ ស្រឡាញ់ពួកគេ បារម្មណ៍ពីសុខទុករបស់ពួកគេ
មិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
គាត់បានចូលរួមក្នុងការសម្រេចផែនការរបស់ព្រះជាម្ចាស់សម្រាប់គ្រួសាររបស់គាត់ហើយក៏
នៅតែបន្តជួយជ្រុមជ្រែងគ្រួសាររបស់គាត់បន្តទៀតដែរ។
នៅខ១២-១៣ យ៉ូសែបបានបញ្ជាក់ទៅបងៗម្តងទៀតថា
គាត់ដែលកំពុងនិយាយនៅចំពោះមុខរបស់អ្នករាល់គ្នាហ្នឹងហើយជាយ៉ូសែបជាបងប្អូនឪពុកតែមួយនឹងពួកគេ
ហើយពេលនេះគឺគាត់បាននិយាយភាសាហេព្រើរជាភាសាកំណើមរបស់ខ្លួនយ៉ាងច្បាស់ទៀតផង។
នៅក្នុងស្ថានភាពនោះបើទោះជាពួកគេមិនជឿក៏ពិបាកដែរព្រោះគាត់បានបញ្ជាក់យ៉ាងច្បាស់ពីហេតុការពីមុន
តាំងពីគាត់ត្រូវបានបងៗធ្វើបាប មានអ្នកទិញលក់គាត់ យកមកស្រុកអេស៊ីព្ទ
គាត់ត្រូវបានធ្វើអ្នកមានអំណាចនៅទីនោះ
ជាពិសេសគឺគាត់នឹកចាំពីប្អូនប្រុសរបស់គាត់(បេនយ៉ាមីន)
នឹកចាំពីឪពុករបស់គាត់យ៉ាងខ្លោចចិត្ត ភស្តុតាងប៉ុណ្ណឹងគឺល្មមឲ្យពួកគេទទួលយកការពិត
ហើយទទួលស្គាល់ថាគាត់ពិតជាយ៉ូសែបហើយ។
គាត់បានបង្ខំឲ្យបងៗរបស់គាត់ទៅជំរាបដល់ឪពុករបស់គាត់ពីអ្វីដែលពួកបងៗគាត់បានឃើញ បានឮ
និងដឹងជាប្រញាប់
ហើយឲ្យប្រាប់ពីសេចក្តីរុងរឿងរបស់គាត់ផងដែរក្នុងកំឡុងពេលនៅស្រុកអេស៊ីព្ទនោះ
ជាពិសេសគឺរលឹកម្តងហើយម្តងទៀតបេលប្រាប់ឪពុកពីរឿងនោះហើយ
កុំភ្លេចនាំគាត់មកស្រុកអេស៊ីព្ទជាមួយគ្នាផង។
ពីព្រោះយើងអាចយល់បានពីទឹកចិត្តមុនស្សចាស់ដូចគ្នានឹងយ៉ាកុបដែរ
គាត់មិនចង់ឃ្លាតពីកន្លែងដែលគាត់រស់នៅជួបជុំគ្នាជាយូរណាស់មកហើយទេ
គាត់នឹងស្តាយទីកន្លែងចាស់គិតថាកន្លែងថ្មីពិបាករស់នៅមិនស្រួលដូចកន្លែងចាស់ទេ ជាពិសេសគឺជាប្រទេសដទៃរស់នៅជាមួយសាសន៍ដទៃ។
ណាមួយគាត់ប្រហែលជាគិតថាកូនៗរបស់គាត់កុហកគាត់ដើម្បីឲ្យបានទៅអេស៊ីព្ទប៉ុណ្ណោះ
មិនដែលមនុស្សស្លាប់ហើយអាចនៅរស់នៅ រស់នោះទេ
ប៉ុន្តែមានហេតុផលតែម្យ៉ាងដែលគាត់អាចមកអេស៊ីព្ទបានគឺដំណឹងពីយ៉ូសែប
គាត់ពិតជាចង់ដឹងថាវាជាការពិតឬអត់ ចឹងគាត់នឹងមកតាមកូនៗដើម្បីឲ្យបានដឹងការពិត។
នោះគឺបងៗត្រូវប្រើ
សមត្ថភាពបញ្ចុះបញ្ជូលយ៉ាងណាឲ្យឪពុកគាត់មកអេស៊ីព្ទបានព្រោះវាជាការបង្គាប់ពីយ៉ូសែប។
បើបងប្អូន ចង់ដឹងច្បាស់ថាតើគាត់បដិសេធន៍ឬទេ ចំពោះការអញ្ជើញមកអេស៊ីព្ទ
គាត់មកឬអត់សូមបងប្អូនអាននូវ ជំពូកនេះពីខ១៦-២៧ នោះបងប្អូននឹងដឹងថាមានហេតុការណ៍អីកើតឡើងនៅពេលដែលបងៗទៅប្រាប់ដល់ឪពុកហើយ។
នៅខ១៤-១៥ បន្ទាប់ពីយ៉ូសែបបានប្រាប់ដល់បងបងប្អូនពីដំណើររឿងនៃជីវិតចប់សព្វគ្រប់ហើយនោះគាត់ក៏បានបង្ហាញពីភាពអាលោះអាល័យចំពោះបងប្អូនទាំងអស់ដោយការឱប
ថើបម្នាក់ម្តងៗព្រមទាំងយំទំាងអស់គ្នាផងដែរ។ បងប្អូនរបស់គាត់ក៏បាននិយាយរោះរាយនឹងគាត់វិញ
ពីព្រោះពួកគេគិតថាការចងមិត្តគឺប្រសើរជាងការធ្វើជាសត្រូវ និង បង្កជម្លោះ
ពីព្រោះនោះជាលើកដំបូងដែលពួកគេជួបគ្នាបន្ទាប់ពីបែកគ្នាអស់រយៈពេល២០ឆ្នាំមក(លោកុប្បត្តិ៣៧:២,៤៥:៦)។
នៅពេលដែលបែកគ្នាអស់រយៈជាច្រើនឆ្នាំមក ពួកគេមិនស្មានថាបានជួបគ្នាឡើយជាពិសេសគឺពួកបងៗ
ណាមួយពួកបងបងមិនចង់ជួបយ៉ូសែបដូចដែលយ៉ូសែបចង់ជួបពួកគេឡើយ
ព្រោះពួកគេខ្លាចយ៉ូសែបសងសឹក និង
ធ្វើឲ្យពួកគេត្រូវអាម៉ាសជាខ្លាំងនៅក្នុងចំណោមសាសន៍អេស៊ីព្ទ។
ផ្ទុយទៅវិញយ៉ូសែបចង់ជួបប្អូនព្រមទាំងឪពុកជាខ្លាំង គាត់មិនបាន
ទម្លាក់កំហុសលើបងៗរបស់គាត់ណាម្នាក់ឡើយ គាត់មានតែស្វាគមន៍ពួកគេឲ្យចូលមកកាន់គាត់
ហើយប្រកបជាមួយគ្នាដោយរីករាយ
គាត់មានអរព្រះគុណដល់ព្រះទៅវិញទេដែលទ្រង់បានរៀបចំផែនការសម្រាប់ជីវិតរបស់ឲ្យមកដល់អេស៊ីព្ទ
ហើយអាចមានសមត្ថភាពជួយសង្គ្រោះដល់គ្រួសាររបស់ខ្លួនដូច្នេះ។
គាត់មិនបានភ្លេចពីព្រះគុណរបស់ព្រះចំពោះគាត់ និង គ្រួសាររបស់គាត់ឡើយ
ទោះជាគាត់ឆ្លងកាត់បទពិសោធន៍ឈឺចាប់ដោយការច្រណែនពីបងៗ ត្រូវគេលក់ ត្រូវគេតាមសម្លាប់
ត្រូវគេចោទប្រកាន់ក៏ដោយក៏គាត់នៅតែមានអំណរនិងសេចក្តីសង្ឃឹមមកពីព្រះ។
គាត់ទទួលទាំងការល្អ និងការអាក្រក់ដែលគាត់មាន គាត់មិនបន្ទោសដល់ព្រះឡើយ
គាត់នៅតែមានជំនឿថាព្រះមានផែនការបង្វែរការអាក្រក់ទាំងឡាយឲ្យទៅជាការអាក្រក់បានយ៉ាងអស្ចារ្យ។
តាមរយៈសាច់រឿងខាងលើ យើងអាចរៀនបានពីខ្សែជីវិតរបស់យ៉ូសែបដែលព្រះបានមានផែនការ
សម្រាប់ជីវិតរបស់គាត់
ដើម្បីឲ្យគាត់មើលឃើញពីបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ចំពោះគាត់ផ្ទាល់ និង
សម្រាប់គ្រួសាររបស់គាត់។ ឧទាហរណ៍: យើងបានជួបស្ថានភាពដូចជាយ៉ូសែបនៅពេលនោះចឹង
មានមិត្តភក្តិរបស់យើងដែលនៅសាលាតែងតែធ្វើបាបយើងពីខាងក្រោយខ្នងយើង
ដោយសារតែការច្រណែនឈ្នានីសរហូតធ្វើឲ្យយើងខ្មាស់គេពេញសាលា តែយើងបានដឹងហើយថាជាពួកគេ។
អស់រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅ មិនដែលបានជួបមុខគ្នាសោះ តែមានពេលមួយពួកយើងបានជួបមុខគ្នាសារជាថ្មីនៅកន្លែងញុំាអីមួយ
តើយើងនឹងប្រឈមមុខនឹងពួកគេដូចម្តេច? តើយើងនឹងធ្វើដូចម្តេចចំពោះពួកគេដែលបានធ្វើការអាក្រក់ដល់យើងនោះ?
តើយើងអាចអត់ទោសដល់គេបានទេ? តើពេលយើងជួបគពួកគេដំបូង យើងស្តីបន្ទោសដល់ពួកគាត់នៅកណ្តាលចំណោមមុខមនុស្សគ្រប់គ្នានៅកន្លែងនោះវិញទេ?
ប្រហែលជាចម្លើយមិនដូចគ្នាទេ
ព្រោះបើយើងជាគ្រីស្ទបរិស័ទយើងមិនចង់ទាំងចងចាំការអាក្រក់ដែលពួកគេបានធ្វើមកលើយើងផង។
ម្យ៉ាងវិញទៀតរឿងនោះបានកន្លងហួសយូរទៅហើយ មិនចាំបាច់សើររើឲ្យមានទំនាស់កាន់តែធំនោះទេ
គ្រីស្ទបរិស័ទត្រូវតែមានគំរូល្អនៅក្នុងជីវិតដល់អ្នកដទៃ ជាពិសេសព្រះបន្ទូលរបស់ព្រះបង្រៀនថាឲ្យយើងស្រឡាញ់ដល់ខ្មាំងសត្រូវរបស់យើង
មិនតែប៉ុណ្ណោះព្រមទាំងអធិស្ឋានឲ្យគេ ផង។
ប្រហែលជាគេមានភាពខ្មាស់អៀនដែលគេបានធ្វើដូច្នោះមកលើយើង ឬ
ក៏គេគេចមុខពីយើងមិនចង់ជួបមុខយើង តែយើងមានឱកាសអាចចូលទៅកាន់គេវិញដោយការលើកទឹកចិត្តគេ
បន្ទាបខ្លួន រាប់អាន គេ ប្រហែលជាទំនាក់ទំនងរវាងយើងនឹងគេបានល្អឡើងវិញ
ក៏អាចមានភាពប្រសើរជាងមុនក៏ថាបាន។ ពេលខ្លះព្រះជាម្ចាស់បានប្រទានការអាក្រក់មកយើង
តែតាមរយៈការនោះយើងនឹងទទួលបានមេរៀនល្អ និង ទទួលបានលទ្ធផលផងដែរ
មិនមែនឲ្យតែយើងជួបរឿងមិនសូវល្អ យើងគិតថាព្រះជាម្ចាស់អយុត្តិធម៌សម្រាប់យើង ឬ ព្រះជាម្ចាស់កំពុងតែដាក់ទោសដល់យើងនូវកំហុសណាមួយរបស់យើងឡើយ។
ព្រះជាម្ចាស់តែងតែមានផែនការសម្រាប់ជីវិតរបស់យើងម្នាក់ៗ
ទ្រង់បានបង្រៀនយើងឲ្យចេះឆ្លងកាត់ទាំងការល្អ និង
ទាំងការអាក្រក់ដើម្បីហ្វឹកហ្វឺនយើងឲ្យមានសេចក្តីជំនឿរឹងមាំដូចជាយ៉ូសែបដូច្នោះដែរ។ យ៉ូសែបមិនមែនជាវីរៈបុរសរបស់យើងទេ
តែព្រះចហ់បង្រៀនយើងឲ្យមានចិត្តជឿ និង
ចេះទទួលនូវអ្វីដែលផ្តល់មកដូចជាទ្រង់បានផ្តល់ទៅយ៉ូសែបដូច្នោះដែរ។
v ទេវសាស្រ្ត
ព្រះជាម្ចាស់
ព្រះជាម្ចាស់តែងតែរៀបចំផ្លូវសម្រាប់មនុស្សទាំងឡាយ
របៀបដែលទ្រង់រៀបចំជីវិតរបស់យើងគឺមានភាពខុសៗគ្នា។ ទ្រង់ស្មោះត្រង់ចំពោះសេចក្តីសន្យារបស់ទ្រង់ជានិច្ច
ទ្រង់ពិតជាជួយសង្គ្រោះដល់អ្នកដែលទ្រង់បានសន្យាថាសង្គ្រោះ។ ទ្រង់មានផែនការសម្រាប់មនុស្សទាំងអស់នៅលើផែនដី
ដោយសេចក្តីមេត្តាករុណា និង សេចក្តីសុចរិតរបស់ទ្រង់ផងដែរ
ជាពិសេសសម្រាប់អ្នកដែលដើរតាមទ្រង់។
មនុស្ស
មនុស្សគ្រប់គ្នាត្រូវតែរស់នៅពឹងផ្អែកលើសេចក្តីសម្រេចរបស់ព្រះជាម្ចាស់
ដោយព្រោះទ្រង់ជាអ្នកផ្តល់មកយើងហើយទ្រង់ក៏អាចដកចេញពីយើងបានផងដែរ។
យ៉ូសែបជាគំរូល្អដែលអាចធ្វើឲ្យគ្រីស្ទាន ទាំងឡាយមើលឃើញពីជំនឿរបស់គាត់
និងសេចក្តីទុកចិត្តរបស់ទៅកាន់ព្រះផងដែរ។ មនុស្សគ្រប់គ្នាត្រូវ ពេញចិត្តនិងទទួលនូវអ្វីដែលព្រះផ្តល់មកទោះជាល្អ
អាក្រក់ក៏ដោយ
ពីព្រោះទ្រង់មានផែនការសម្រាប់យើងសូម្បីតែខ្លួនយើងមិនបានដឹងពីផ្លូវដែលយើងត្រូវដើរផង។
សេចក្តីបញ្ចប់
សរុបមកយ៉ូសែបគឺជាម្នាក់ដែលយល់ពីបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ច្បាស់
គាត់បានរៀន ពីការអាក្រក់ដើម្បីទទួលបានការល្អមកវិញដោយអំណរមិនត្រឹមតែខ្លួនគាត់
តែព្រមទាំងគ្រួសារគាត់ផង ដែរ។
គាត់មានអំណរចំពោះគម្រោងការរបស់ព្រះក្នុងការសង្គ្រោះដល់គ្រួសារគាត់
គាត់មិនត្រឹមតែមិនបានបន្ទោសដល់បងៗរបស់គាត់ដែលធ្វើខុសលើគាត់ទេ
គឺគាត់ថែមទាំងបង្ហាញពីបំណងព្រះហឬទ័យរបស់ព្រះឲ្យពួកគេបានមើលឃើញពីព្រះគុណដ៏អស្ចារ្យរបស់ទ្រង់ថែមទៀតផង
ដើម្បីឲ្យពួកគេមានទំនុកចិត្ត និង ជឿលើសេចក្តីសន្យារបស់ព្រះដូចជាគាត់ដែរ។
គាត់បានអរព្រះគុណដល់ព្រះក្រៃលេងដែលបន្ទាប់ពីមានភាពរកាំររកុស
គឺព្រះបានផ្តល់នូវអ្វីដែលគាត់មិននឹកស្មានដល់វិញ គឺវាប្រៀបដូចជាមេឃភ្លៀងហើយស្រឡះវិញចឹង
ដូចសុភាសិតខ្មែរថា ”ក្រោយភ្លៀងមេឃស្រឡះ”។
ការអនុវត្តន៍
តាមរយៈសាច់រឿងរបស់យ៉ួសែបយើងទទួលបានមេរៀនល្អមួយពីជីវិតរបស់គាត់
តាមរយៈផែន ការរបស់ព្រះសម្រាប់សង្គ្រោះគ្រួសារយ៉ាកុប។
ព្រះជាម្ចាស់ពិតជាសព្វព្រះទ័យឲ្យយើងរាល់គ្នាបានដើរតាមការបង្កាប់របស់ទ្រង់ ស្រឡាញ់នូវសេចក្តីសន្យារបស់ទ្រង់ដោយមានសង្ឃឹម។
ដូច្នេះយើងដែលជា អ្នកដើរតាមព្រះបន្ទូលរបស់ទ្រង់ យើងត្រូវយល់ព្រមអនុញ្ញាតឲ្យទ្រងដឹកនាំផ្លូវជីវិតរបស់យើងរហូត។
យើងត្រូវបង្ហាញសេចក្តីស្រឡាញ់ និង យកចិត្តទុកដាក់ចំពោះបងប្អូន
គ្រួសារគ្រីស្ទានជាមួយគ្នា និង មនុស្សផ្សេងទៀតដែលនៅជុំវិញយើងផងដែរ។
យើងត្រូវទទួលយកនូវអ្វីដែលព្រះជាម្ចាស់ប្រទានមកដល់ យើង
ព្រោះពេលខ្លះទ្រង់បង្វែរការទាំងនោះឲ្យទៅជាការល្អសម្រាប់យើងជាប្រយោជន៍ដល់អ្នកដទៃ
ដែល យើងមិនអាចដឹងបានឡើយ។
ទ្រង់បានផ្តល់សេចក្តីស្រឡាញ់ដល់យើងដោយការយកព្រះទ័យទុកដាក់ចំពោះយើងយ៉ាងខ្លាំង
ព្រមទាំងផ្តល់ព្រះគុណដ៏ហូរហៀរដល់យើងផងដែរ
ដូច្នេះយើងក៏ត្រូវផ្តល់សេចក្តីស្រឡាញ់នោះអ្នកមិនត្រឹមតែស្រឡាញ់យើងប៉ុណ្ណោះទេ
គឺព្រមទាំងអស់អ្នកដែលស្អប់យើង ធ្វើបាបយើង និងធ្វើឲ្យយើងឈឺចាប់ផងដែរ។ យើងត្រូវធ្វើជាអ្នកដែលបញ្ចេញពរដល់លោកិយទាំងមូល
ពីព្រោះយើងមានព្រះដែលទ្រង់បញ្ចេញព្រះពរដល់យើងមិនមែនខានឡើយ។
យើងត្រូវបង្រៀនដល់ពួកជំនុំឲ្យពួកគេសម្លឹងមើលទៅបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់មុន
មិនត្រូវគិតតែពីការបំពេញបមនងចិត្តរបស់ខ្លួនឡើយ។
យើងត្រូវទទួលគ្រប់យ៉ាងដែលព្រះប្រទានមកទាំងល្អ ទាំងអាក្រក់
មានរឿងខ្លះយើងគិតថាវាមិនល្អតែព្រះទ្រង់នឹងធ្វើឲ្យវាក្លាយទៅជាល្អវិញបានដោយអំណាចព្រះចេស្តារបស់ទ្រង់
ដើម្បីជាការរលឹកយើងឲ្យចងចាំពិព្រះគុណ និង
ផែនការរបស់ទ្រង់សម្រាប់ជីវិតរបស់យើងសព្វថ្ងៃ។
ឯកសារយោង
ព្រះគម្ពីរសម្រាប់សិក្សាសញ្ញាចាស់និងសញ្ញាថ្មី រៀបរៀងដោយ:
សម្ព័នព្រះគម្ពីរកម្ពុជា ប្រអប់សំបុត្រលេខ: ២០៤០ ភ្នំពេញ កម្ពុជា, ទំព័រ១០១-១០២
គន្ថៈធិប្បាយព្រះគម្ពីរ
មគ្គទេសសិក្សាព្រះគម្ពីរ និពន្ធដោយ: បណ្ធិត ហេនរីអេតា ស៊ី មៀរ្ស, គ្រឹះស្ថាន ផលិតសៀវភៅ” ប្រភពប្រាជ្ញា”,
ទំព័រ៣៨-៣៩
ស្ពានចម្លងអត្ថាធិប្បាយព្រះគម្ពីរ
បញ្ចកណ្ឌៈ លោកុប្បត្តិ ដល់ ចោទិយកថា, និពន្ធដោយៈ លោក ដន ហ្វីឡេមីង,
ទំព័រ៤៧
Bible
Commentary Easy English
0 Comments