- សេចក្តីផ្តើម
ចាប់ផ្តើមដោយរឿងការបង្កើតសួនច្បារដ៏ស្រស់ត្រកាលមួយ...
- សំនួរស្នូល
តើការបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មីនោះបង្ហាញប្រាប់យើងពីអ្វី?
-
រចនាសម្ព័ន្ធ
I. សេចក្តីអំណរដែលមានក្នុងគ្រាបង្កើតឡើងជាថ្មី
(អេសាយ ៦៥:១៧-១៩)
II. ជីវិតពេញបរិបូរក្នុងគ្រានៃការបង្កើតឡើងជាថ្មី
(អេសាយ ៦៥:២០-២៤)
III. សេចក្តីសុខសាន្តក្នុងគ្រានៃការបង្កើតឡើងជាថ្មី
(អេសាយ ៦៥:២៥)
- សរុបសេចក្តី
សរុបសេចក្តីមកការបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មីរបស់ព្រះ
គឺចង់បង្ហាញអោយឃើញអំពីរូបភាពនៃជីវិតដែលមានពេញដោយសេចក្តីសង្ឃឹមនៅថ្ងៃអនាគតដែលទ្រង់នឹងផ្តល់អោយរាស្រ្តរបស់ទ្រង់មានសេចក្តីអំណរដ៏ពិតក្នុងគ្រាដែលបង្កើតថ្មីនោះ...
-
ទេវសាស្រ្ត
- ភ្ជាប់ទៅសញ្ញាថ្មី
- ការអនុវត្តន៍
សេចក្តីផ្តើម:
សេដ្ឋីនីម្នាក់បានស្រឡាញ់គ្នាជាមួយបុរសម្នាក់ដែលខ្សែស្រឡាយរាជ្យវង្ស
ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរគឺជ្រាលជ្រៅខ្លំាងមែនទែនដែលចាប់ផ្តើមនឹងគ្នាឡើងនៅក្នុងសួនច្បារដ៏ធំហើយស្រស់ត្រកាលមួយដែលមានពេញទៅដោយដើមឈើ
និងផ្កាយចំរុះពណ៌ជាច្រើន រួមជាមួយនឹងសត្វបក្សាបក្សី
ជាពិសេសគឺសត្វមេអំបៅដែលតំណាងអោយសេរីភាពនៃសេចក្តីស្នេហារបស់អ្នកទាំងពីរ ។ សេដ្ឋីនីនោះជាអ្នកដែលបានបង្កើតសួនច្បារដ៏ស្រស់ត្រកាលនោះឡើងមកសំរាប់មនុស្សប្រុសជាទីស្រឡាញ់របស់នាង
ហើយបុរសដែលជាខ្សែស្រឡាយរាជ្យវង្សនោះគាត់ក៏មាន សេចក្តីរីករាយចំពោះសួនច្បារដ៏ស្រស់ស្អាតហើយធំនោះដែរ
ជាមួយគ្នាគាត់ក៏តែងតែចំណាយពេលជាមួយនារីដែលជាគូកំណាន់ចិត្តសាងនូវភាពផ្អែមល្ហែមនៅក្នុងសួនច្បារនោះផងដែរ
ដែលធ្វើអោយអ្នកទាំងពីរមានអនុស្សាវរីយជាមួយគ្នាយ៉ាងច្រើន ដែលមិនអាចនឹងបំភ្លេចបានឡើយ
មិនតែប៉ុណ្ណោះបុរសនោះបានសន្យាថា
គាត់នឹងធ្វើជាអ្នកដែលថែរក្សាសួនច្បារនោះអោយស្រស់ត្រកាលរហូត ពីព្រោះវាជាការដែលនារីនោះបានបង្កើតឡើងដើម្បីបង្ហាញអំពីសេចក្តីស្រឡាញ់ដ៏ធំរបស់នាងចំពោះគាត់
។ ប៉ុន្តែមិនយូរប៉ុន្មានវេលានៃភាពផ្អែមល្ហែមនោះ ក៏ត្រូវផ្លាស់ប្តូរជាភាពសោកសៅវិញដែលមិននឹកស្មានដល់ឡើយ
ដោយព្រោះបុរសនោះជាខ្សែរាជ្យវង្ស ពេលមួយគេបានហៅគាត់អោយចូលទៅក្នុងវាំងវិញ
ហើយរៀបចំភ្ជាប់ពាក្យគាត់ជាមួយនឹងនារីម្នាក់ទៀតដែលជាខ្សែរាជ្យវង្សដូចគ្នាដែរ
ហើយដោយសារអំណាចបុណ្យស័ក្តិនៃជីវិតសាច់ឈាម បុរសនោះក៏ចាកចេញពីនារីនោះបាត់ទៅ
ទាំងមិនចាប់អារម្មណ៍ពីភាពឈឺចាប់របស់នាងទាល់តែសោះ
ព្រមទាំងចាត់ទាហានអោយទៅបំផ្លាញសួនច្បារដ៏ស្រស់ត្រកាលដែលនាងបានបង្កើតឡើងសំរាប់គាត់ទៀតផង
ដើម្បីឲ្យនាងបំភ្លេចរូបគាត់ចោល ។ ចំពោះនារីនោះវិញ
ជួបនឹងហេតុការយ៉ាងដូច្នេះនោះក៏មានអារម្មណ៍ឈឺចាប់ សោកស្តាយ ទាំងខឹងផងដែរ
ចំពោះការដែលមិនគួរគប្បីដែលបុរសខ្លួនស្រឡាញ់ជាទីបំផុតបានធ្វើចំពោះខ្លួននោះ
ប៉ុន្តែចិត្តដែលស្រឡាញ់គឺនៅតែស្រឡាញ់
ទោះបើសួនច្បារដ៏ស្រស់ស្អាតត្រូវបានបំផ្លាញ់អស់ក៏ដោយ តែនៅតែមានចិត្តអត់ទោស
ហើយនិយាយប្រាប់ខ្លួនឯងថា ខ្លួននឹងបង្កើតសួនច្បារនេះជាថ្មីឡើងវិញ ហើយអោយស្រស់ស្អាត
និងវិសេសជាងសួនច្បារមុនទៅទៀត ដើម្បីអោយបុរសនោះនឹកចាំអំពីការដែលគាត់ធ្លាប់បានរស់នៅដោយសុខសាន្តជាមួយនឹងនាង
។ ទីបំផុតសួនច្បារដែលនាងបង្កើតឡើងវិញនោះក៏បានធ្វើរួចរាល់
ហើយមានភាពវិសេសវិសាលជាងពេលមុនទៅទៀត
បានជាមានមនុស្សជាច្រើនមានសេចក្តីរីករាយចំពោះសួននោះណាស់
ក៏តែងនាំគ្នាមកកំសាន្តលេងមើលអំពីការដែលនឹងនាងបានធ្វើសួននោះឡើងមក
ក៏មានសេចក្តីស្ញប់ស្ញែងចំពោះនារីម្នាក់នោះផងដែរ ។ ក្រោយមកទៀតបុរសនោះក៏បានត្រលប់មករកនាងវិញ
ដោយសុំការអត់ទោសអំពីនាង ហើយប្រាប់នាងថា ខ្លួនមិនបានរៀបអភិសេកនៅក្នុងវាំងនោះទេ
គ្រាន់តែវង្វេងមួយពេលជាមួយនឹងបុណ្យស័ក្តិ ទ្រព្យសម្បត្តិប៉ុណ្ណោះ តែរបស់ទាំងអស់នោះមិនបានផ្តល់អោយគាត់មានចិត្តស្កប់នោះទេ
តាមពិតភាពស្រស់បំព្រងនៃជីវិតរបស់គាត់គឺសេចក្តីសុខដែលរស់នៅក្នុងសួនច្បារដ៏ស្រស់ត្រកាលជាមួយនឹងមនុស្សដែលគាត់ស្រឡាញ់
។ នាងក៏អត់ទោសអោយគាត់ ហើយចាប់ផ្តើមសេចក្តីសេ្នហារបស់ពួកគេឡើងវិញ
ទាំងរស់នៅដោយសុខសាន្តជាមួយគ្នា ។
រឿងនេះវាមានភាពស្រដៀងគ្នាទៅនឹងបរិបទព្រះគម្ពីរអេសាយ
៦៥:១៧-២៥
ដែលបានបង្ហាញអំពីការដែលព្រះជាម្ចាស់ប្រាប់អំពីការដែលព្រះអង្គនឹងបង្កើតផ្ទៃមេឃថ្មី
និងផែនដីថ្មី ។ ហេតុអ្វីបានជាទ្រង់មានព្រះហឫទ័យចង់បង្កើតឡើងវិញអោយថ្មី? ពាក្យថាបង្កើតថ្មីទាល់តែមានរបស់ចាស់ដែលបានខូចទៅហើយ
ឬក៏មានបញ្ហាចំពោះរបស់ចាស់នោះ
នេះបើយើងក្រលេកទៅការធ្លាក់ចុះក្រោយពីការបង្កើតដំបូងដែលមានតាំងតែពីក្នុងព្រះគម្ពីរលោកុប្បត្តិជំពូកទី៣មកម្ល៉េះ
គឺអំពើបាបបានចូលមកក្នុងផែនដីដោយសារការមិនស្តាប់បង្គាប់របស់មនុស្សដំបូងដែលព្រះបានបង្កើតមក
និងមនុស្សនៅតែបន្តធ្វើបាបកាន់តែអាក្រក់ឡើងៗថែមទៀត បានជានៅក្នុងបរិបទនៃព្រះគម្ពីរ
អេសាយ ៦៥:១៧-២៥ លោកអេសាយបានរៀបរាប់អំពីទិដ្ឋភាពនៃការបង្កើតថ្មីរបស់ព្រះជាម្ចាស់ដូចជា
ការទាក់ទៅសេចក្តីត្រូវការរបស់មនុស្សផ្នែកចិត្ត គំនិត អារម្មណ៍ ហើយក៏មានការទាក់ទងទៅនឹងភាពជាក់ស្តែងនៃជីវិតរស់នៅ
និងជាពិសេសពីភាពសុខសាន្តរបស់មនុស្សសត្វ និងធម្មជាតិផងដែរ ដូច្នេះ តើការបង្កើតផ្ទៃមេឃថ្មី
និងផែនដីថ្មីនោះបង្ហាញប្រាប់យើងពីអ្វី?
I. សេចក្តីអំណរដែលមានក្នុងគ្រាបង្កើតឡើងជាថ្មី
(អេសាយ ៦៥:១៧-១៩)
លោកអេសាយបានបង្ហាញអំពីលក្ខណៈនៃការបង្កើតថ្មីរបស់ព្រះដែលពេញដោយសេចក្តីអំណរ
ហើយរីករាយដែលមានភាពផ្ទុយគ្នាស្រឡះទាំងស្រុងរបស់ស្ថានភាពអ៊ីស្រាអែលនៅក្នុងសម័យកាលពួកហោរា
ដែលពួកគេពុំបានទទួលនូវសេចក្តីអំណរដ៏ពិតរបស់ព្រះនោះឡើយ ពីព្រោះតែអំពើបាបរបស់ពួកគេ
នេះបើសិនជាយើងមើលតាំងពីរខ១មក ក្នុងព្រះគម្ពីរអេសាយជំពូក៦៥នេះ
ដែលប្រាប់អំពីទង្វើរដែលពួកគេបានធ្វើអោយខ្លួនឯងត្រលប់ទៅជាអ្នកដែលបះបោរចំពោះព្រះទៅវិញ
(អេសាយ ៦៥:៦) តែព្រះជាម្ចាស់ទ្រង់នៅតែមានព្រះហឫទ័យចង់អោយពួកគេរស់នៅក្នុងសេចក្តីអំណររបស់ទ្រង់
ជាពិសេសនៅក្នុងគ្រានៃការបង្កើតឡើងនូវផ្ទៃមេឃថ្មី និងផែនដីថ្មីរបស់ទ្រង់ ។
ប្រហែលជាអ៊ីស្រាអែលឆ្ងល់
ហើយពុំទាន់បានដឹងថាតើពេលវេលានៃការបង្កើតថ្មីរបស់ព្រះនៅពេលណាទេ? ហើយក៏មិនដឹងថាតើពួកគេត្រូវចាំដល់ពេលណាទៀតដែរ
ប៉ុន្តែនេះជាសេចក្តីសន្យារបស់ព្រះតាមរយៈលោកអេសាយអោយប្រកាសប្រាប់អំពីការនេះ ។
យើងមើលប្រយោគពាក្យ “ការបង្កើត”
គឺមានតែព្រះដ៏ជាម្ចាស់តែប៉ុណ្ណោះដែលទ្រង់អាចមានបន្ទូលអោយកើតឡើងមកបាន
ហើយពាក្យនេះរុញច្រានយើងអោយនឹកឃើញ ហើយក្រលេកទៅមើលព្រះគម្ពីរលោកុប្បត្តិជំពូក១
និងជំពូក២ដែលបង្ហាញអោយឃើញអំពីភាពល្អឥតខ្ចោះនៃស្នាព្រះហស្តរបស់ព្រះដែលបង្កើតឡើងមក
ហើយអោយមនុស្សដែលទ្រង់បានបង្កើតមករស់នៅក្នុងសេចក្តីអំណររបស់ទ្រង់ជារៀងរហូត
ប៉ុន្តែពួកគេបានធ្លាក់ចេញ តែផែនការរបស់ព្រះក៏មិនត្រូវបានបំផ្លាញចោលដែរ
បានជាទ្រង់មានបន្ទូលថា ទ្រង់នឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី
ព្រមទាំងអោយមនុស្សមានសេចក្តីអំណរចំពោះការដែលបង្កើតនោះផង ដោយនៅគ្រានោះគ្មានអ្នកណានឹកចាំពីរបស់មុនៗទៀតឡើយ
(អេសាយ ៦៥:១៧) ដែលជាភាពឈឺចាប់ ទុក្ខសោកដែលធ្លាប់មានចំពោះពួករាស្រ្តរបស់ផងទ្រង់
នេះគឺជាស្ថានភាពដែលអេសាយប្រាប់អំពីការដែលទាក់ទងទៅនឹងបញ្ហាផ្លូវចិត្តរបស់មនុស្ស
ជាអ្វីដែលពួករាស្រ្តរបស់ទ្រង់កំពុងជួបប្រទះ គឺនឹងមិនត្រូវកើតមានទៀតទេ ក៏មិនចូលទៅក្នុងគំនិតរបស់ពួកគេដែរ
នោះពីព្រោះទ្រង់បានរាប់ពួករាស្រ្តរបស់ទ្រង់ជាសេចក្តីអំណររបស់ទ្រង់
ហើយទីក្រុងបរិសុទ្ធរបស់ព្រះដែលជាយេរូសាឡិម
ដែលត្រូវបានបំផ្លាញនោះក៏ក្លាយជាទីរីករាយដែរ ពីព្រោះក្រុងយេរូសាឡិមជាទីក្រុងរបស់ព្រះបានត្រូវរងសេចក្តីទុក្ខវេទនា
ហើយត្រូវបានបំផ្លាញបាត់អស់ភាពលំអដែលនាំអោយមានភាពរីករាយទៀតហើយ (អេសាយ ៥៤:១១-១២)
ប៉ុន្តែមានគ្រាដែលព្រះជាម្ចាស់ទ្រង់នឹងបង្កើតជាថ្មីឡើងវិញអំពីទីក្រុងនោះ គឺជាទីក្រុងដែលមានភាពល្អប្រសើរដែលព្រះជាម្ចាស់នឹងមានភាពរីក
រាយចំពោះទីក្រុងនោះផងដែរ ហើយការនេះក៏ចង់ប្រាប់ថា មិនមែនតែរាស្រ្តរបស់ទ្រង់នឹងមានអំណរចំពោះការបង្កើតថ្មីនោះទេ
ប៉ុន្តែព្រះជាម្ចាស់ទ្រង់ក៏មានសេចក្តីរីករាយចំពោះស្នាព្រះហស្តថ្មីដែលទ្រង់បានបង្កើតឡើងមក
ព្រមមានសេចក្តីអំណរចំពោះប្រជារាស្រ្តរបស់ទ្រង់ផង (អេសាយ ៦៥:១៩) ។
ស្រ្តីម្នាក់ជាម្តាយមានកូនប្រុសមួយ
ហើយគាត់បានគូរគំនូរមួយផ្ទាំងអោយទៅកូនប្រុសរបស់គាត់
ហើយក្មេងនោះស្រឡាញ់គំនូរដែលម្តាយគាត់អោយខ្លាំងណាស់
តែថ្ងៃមួយឳពុករបស់ក្មេងនោះបានជ្រុលដៃធ្វើអោយគំនូរនោះត្រូវទឹកហើយខូច
កូនប្រុសរបស់គាត់ពិតជាសោកសៅមែនទែន គាត់ក៏និយាយប្រាប់កូនគាត់ថា
គាត់នឹងទិញផ្ទាំងគំនូរថ្មីមួយទៀតអោយដែលមានតំលៃថ្លៃជាង និងស្អាតជាងនេះទៅទៀត
តែកូននោះមិនព្រមយកទេ
ពីព្រោះគាត់ស្រឡាញ់តែផ្ទាំងគំនូរដែលម្តាយរបស់ផងគាត់បានអោយដល់គាត់ប៉ុណ្ណោះ។
កូនប្រុសនោះមិនហ៊ានខឹងនឹងឳពុកទេ តែរូបគេផ្ទាល់ក៏គ្មានភាពរីករាយដែរ ទីបំផុតស្ត្រីជាម្តាយឃើញយ៉ាងដូច្នោះ
ក៏សុខចិត្តព្យាយាមគូរនៅរូបគំនូរដដែលនោះមួយទៀតឡើងវិញ រួចប្រគល់ទៅឲ្យកូនប្រុសរបស់គាត់
ហើយប្រាប់ថា “នេះគឺអ្វីដែលម៉ាក់ធ្វើជាថ្មីសំរាប់កូន
ហើយវាមានភាវិសេសជាងរបស់ដែលបានខូចទៅហើយនោះទៅទៀត ពីព្រោះម៉ាក់បានដាក់ចិត្តដែលរីករាយនៅក្នុងផ្ទាំងគំនូរមួយនេះ”
។ កូននោះសប្បាយចិត្តខ្លំាងណាស់ចំពោះរបស់ថ្មីដែលម្តាយបានធ្វើឡើងអោយម្តងទៀត
ហើយក៏ពេញដោយសេចក្តីរីករាយឡើងវិញ ឃើញដូចនោះប្តីប្រពន្ធពីរនាក់ក៏និយាយគ្នាថា
នៅពេលដែលពួកគាត់ឃើញកូនរបស់គាត់ត្រលប់មកកាន់ភាពរីករាយវិញ នោះពួកគាត់ក៏រីករាយដែរ
ពីព្រោះកូនរបស់ពួកគាត់គឺជាសេចក្តីអំណរសំរាប់គ្រួសារគាត់ ។
ដូចគ្នាផងដែរ
សេចក្តីចាស់ពីមុនដែលកើតមានឡើងនោះ ត្រូវបានបំផ្លាស់បំប្រែដោយការបង្កើតជាថ្មីរបស់ព្រះដែលពេញដោយសេចក្តីអំណរដែលមកពីព្រះ
ជាពិសេសមិនមែនតែទ្រង់ឲ្យរាស្រ្តរបស់ទ្រង់មានសេចក្តីអំណរតែមួយមុខនោះទេ
តែពួកគេត្រូវបានទ្រង់ធ្វើជាអោយក្លាយទៅជាទីរីករាយនៅចំពោះទ្រង់ផងដែរ ។
II. ជីវិតពេញបរិបូរក្នុងគ្រានៃការបង្កើតឡើងជាថ្មី (អេសាយ ៦៥:២០-២៤)
ពាក្យថា
ជីវិតពេញបរិបូរគឺចង់បង្ហាញពីជីវិតដែលរស់នៅដោយភាពពុំមានការភ័យខ្លាចចំពោះការរស់នៅជារៀងរាល់ថ្ងៃ
ជាជីវិតដែលស្កប់ចិត្តនឹងអ្វីដែលខ្លួនឯងកំពុងតែមាន គ្មានភាពច្រណែន កាប់សំលាប់
ជំងឺឈឺថ្កាត់អ្វីឡើយ ។ លោកអេសាយបានបង្ហាញអោយឃើញអំពីជីវិតបែបយ៉ាងដូច្នេះដែលជាសេចក្តីចង់បានរបស់ពួកអ៊ីស្រាអែល
ហើយនិងមនុស្សជាទូទៅចង់បានដែរ ។ នៅគ្រានៃការបង្កើតផ្ទៃមេឃថ្មី
និងផែនដីថ្មីរបស់ផងព្រះ នោះពិតជានាំមកនូវជីវិតដ៏ពេញលេញយ៉ាងដូច្នោះមែន
ដែលខុសពីប្រវត្តិសាស្រ្តរបស់ពួកអ៊ីស្រាអែលចាប់តាំងចេញពីស្រុកអេស័ព្ទមក
ទទួលរងនូវដោយសេចក្តីអត់ឃ្លាន ការវង្វេង ការស្លាប់នៅទីរហោរស្ថាន ត្រូវរងទុក្ខ
និងមានពេញដោយសេចក្តីវេទនា (និក្ខមនំ ១៧:១-៧) រហូតដល់ធ្វើអោយពួកគេភ្លេចអំពីការអស្ចារ្យដែលព្រះបានធ្វើសំរាប់ពួកគេ
ហើយនាំអោយពួកគេត្រលប់ទៅជាធ្វើនូវអំពើបាបដែលនាំអោយទាស់ប្រឆាំងនឹងព្រះ
ហើយក៏ត្រលប់ទៅជាអ្នកដែលរងសេចក្តីវេទនាយ៉ាងខ្លាំងផងដែរ (ចោទិយកថា ៩:៧-៨)
ក៏មកដល់ជំនាន់នៃហោរាអេសាយនេះនៅតែមានលក្ខណៈយ៉ាងដូច្នោះដែរ (អេសាយ ១:៣-៤, ៦៥:២-៧) ជាមួយនឹងការដែលបានឃើញនូវភាពវេទនានេះហើយ
នោះសេចក្តីសន្យានៃជីវិតពេញបរិបូរក៏បានផ្តល់មកជាសេចក្តីសង្ឃឹមសំរាប់អ៊ីស្រាអែលដែលអាចនាំអោយពួកគេរំពឹងមើលពីសេចក្តីដែលនឹងត្រូវមកនោះ
ក៏សញ្ជឹងគិតពីលក្ខណៈនៃដ៏ជីវិតពេញបរិបូរនោះផងដែរ ដូចជាក្នុងអេសាយ ៦៥:២០ ទោះជាកូនតូចដែលកើតមកហើយ
នោះនឹងរស់នៅពេញអាយុរបស់វា គឺគ្មានអ្វីធ្វើអោយវាត្រូវអន្តរាយជីវិតឡើយ
ហើយអាយុ១០០ឆ្នាំសំរាប់មនុស្សចាស់នោះតិចណាស់ ក៏ជាសេចក្តីបណ្តាសាសំរាប់មនុស្សបាបដែលរស់បានតែអាយុ១០០ឆ្នាំដែរ
នេះគឺជំរុញអោយពួកគេសំឡឹងមើលពីជីវិតដំបូងដែលព្រះបានបង្កើតនៅក្នុងព្រះគម្ពីរលោកុប្បត្តិ
៥:៥ ដែលព្រះជាម្ចាស់បានផ្តល់អោយអ័ដាមមានអាយុយ៉ាងច្រើនគឺ
៩៣០ឆ្នាំ នេះបើគិតពីអាយុរបស់ពួកគេបច្ចុប្បន្ន និងសេចក្តីដែលពួកគេបានទទួលនោះគឺមានភាពខុសគ្នាឆ្ងាយណាស់
។ មិនតែប៉ុណ្ណោះអ្វីដែលពួកគេបានធ្វើនោះពួកនឹងបានទទួលពីផលកំរៃនៃកំលាំងរបស់ខ្លួន
គ្មានអ្នកដែលអាចមកដណ្តើមយករបស់ពួកគេបានឡើយ គេនឹងបានបរិភោគផលរបស់ពួកគេ
ហើយរស់នៅក្នុងជីវិតយឺនវែងក៏ត្រលប់ទៅជាអ្នករើសតាំងដ៏ពិតប្រាកដរបស់ព្រះ ហើយបានទទួលការស្កប់ចិត្តចំពោះជីវិតដែលព្រះបានប្រទានមកដល់ពួកគេក្នុងគ្រានៃការបង្កើតថ្មីរបស់ព្រះជាម្ចាស់
(អេសាយ ៦៥:២១-២២)
។
បុរសម្នាក់ជាសមាជិកសកម្មនៅក្នុងព្រះវិហារមួយ
លោកតែងតែធ្វើការងារជាច្រើននៅក្នុងព្រះវិហារ
ហើយមានក្រុមជំនុំជាច្រើនស្រឡាញ់រាប់អានគាត់ណាស់ ប៉ុន្តែក៏នៅតែមានមនុស្សមួយចំនួនមិនចូលចិត្តគាត់ដែរ
ដោយគិតថា គាត់ជាមនុស្សធ្វើឫក ធ្វើពារ សំដែងខ្លួនជាអ្នកដែលស្រឡាញ់ព្រះ
សកម្មក្នុងព្រះវិហារ ដើម្បីយកមុខ យកមាត់ និងអោយគេសរសើរតែប៉ុណ្ណោះ ។
ជារៀងរាល់ពេលដែលប្រពន្ធរបស់គាត់ត្រលប់ពីព្រះវិហារទៅផ្ទះវិញ
គឺតែងតែនិយាយប្រាប់ប្តីវិញថា “បងមានអ្នកនេះមួយនិយាយអាក្រក់ពីបង”
តែបុរសម្នាក់នោះនៅតែធ្វើមិនដឹង ហើយមិនតបជាមួយប្រពន្ធគាត់វិញទេ ។
ហើយពេលមួយទៀតប្រពន្ធក៏ប្រាប់ប្តីទៀតថា “បងមានម្នាក់នេះមួយទៀតហើយនិយាយមិនល្អពីបង
គឺបង្ខូចឈ្មោះរបស់បងហើយ” ប្តីក៏នៅតែមិនឆ្លើយតបជាមួយនឹងប្រពន្ធទៀត បន្ទាប់មកប្រពន្ធក៏បានប្រាប់នូវការដដែលនេះដែលគាត់បានឮរៀងរាល់ក្រោយពេលមកពីព្រះវិហារវិញ
ប្តីក៏តបសំដីមួយមាត់ទៅប្រពន្ធវិញថា “អូន! បើអូនឮគេនិយាយអាក្រក់អំពីបង
អូនកុំប្រាប់បងអី តែបើឮគេនិយាយល្អអំពីបង នោះចូរប្រាប់បងមកចុះ” ។ ប្រពន្ធគាត់ក៏ឈប់និយាយតែក្នុងចិត្តរបស់គាត់នៅតែមិនយល់ពីអ្វីដែលប្តីគាត់គិតដែរ
។ រហូតដល់ពេលមួយប្រពន្ធទប់នឹងចំងល់មិនបានក៏សួរប្តី “បង
ហេតុអ្វីបានជាបងមិនអោយអូនប្រាប់ពីការដែលគេនិយាយអាក្រក់ពីបង
ដើម្បីបងអាចនិយាយដោះស្រាយជាមួយនឹងពួកគេ ហើយបញ្ជាក់ពីលក្ខណៈល្អរបស់បងដល់ពួកគេទៅ
ក្នុងនាមអូនជាប្រពន្ធរបស់បងពេលដែលឮគេនិយាយមិនល្អពីប្តី គឺមានការប៉ះពាល់ខ្លាំងណាស់”
។ បុរសជាប្តីតបវិញ “អូន! មនុស្សពេញដោយអំពើបាប ទាំងការគិត ការនិយាយស្តី និងទង្វើ
យើងមិនអាចហាមពួកគេមិនអោយគិត និយាយ ឬធ្វើឡើយ
ប៉ុន្តែព្រះទ្រង់មានភាពពេញបរិបូរក្នុងគ្រប់ការទាំងអស់
យើងគួរតែសំលឹងមើលពីភាពពេញបរិបូររបស់ព្រះជាជាងមើលទៅកាន់មនុស្សដែលនៅជុំវិញខ្លួនយើង
បើទ្រង់ផ្តល់អោយយើងនូវជីវិតបែបណា យើងគួរតែស្កប់ចិត្តនឹងជីវិតបែបនោះទៅ
នេះជាហើយជាជីវិតពេញបរិបូរនោះឯង” ។ ប្រពន្ធឮពាក្យប្តីនិយាយយ៉ាងដូច្នោះហើយក៏ញញឹម
ហើយយល់អំពីហេតុផលដែលប្តីមិនឆ្លើយតបទៅចំពោះអស់អ្នកដែលនិយាយមិនល្អពីគាត់
ហើយនៅទីបំផុតទីបន្ទាល់ដ៏ល្អនៅនៃការរស់នៅរបស់ផងបុរសនោះក៏បានធ្វើមនុស្សដែលនិយាយមិនល្អពីគាត់ស្រឡាញ់រាប់អាន
និងចូលចិត្តគាត់គ្រប់ៗគ្នា
ហើយជាការល្អគាត់ក៏មិនបានធ្វើអោយមានភាពថ្នាំងថ្នាក់នៅក្នុងពួកជំនុំដែរ ។
ទោះជារឿងនេះមិនបានបង្ហាញអំពីគ្រានៃការបង្កើតថ្មីរបស់ព្រះជាម្ចាស់ក៏ដោយ
ប៉ុន្តែរឿងនេះបានបង្ហាញអោយឃើញអំពីភាពស្កប់ចិត្តរបស់គាត់
ដែលប្រាប់អោយដឹងថាគាត់បានទទួលនូវកំរៃជីវិតរបស់ផងគាត់តាមរយៈអ្វីដែលបានធ្វើដែរ
ដូចដែលព្រះគម្ពីរអេសាយ ៦៥:២១-២៣ បានប្រាប់ពីអ្វីដែលពួករាស្រ្តរបស់ព្រះបានធ្វើនោះនឹងត្រលប់ទៅជាផលប្រយោជន៍ដល់គេវិញ
ការខិតខំរបស់ផងគេនោះនឹងមិនជាការឥតប្រយោជន៍ឡើយ
ហើយផលនៃជីវិតរបស់គេក៏មិនត្រូវវិនាសដែរ
ពីព្រោះពួកគេនឹងត្រូវបានត្រលប់ជាពួកដ៏មានពររបស់ផងព្រះ ព្រមទាំងកូនចៅរបស់គេផងដែរ
ទោះជាគ្រានៃការបង្កើតថ្មីរបស់ព្រះនេះ មិនទាន់ដឹងពីពេលវេលាច្បាស់លាស់ណាមួយក៏ដោយ
តែនេះគឺបង្ហាញពីសេចក្តីសង្ឃឹមដល់រាស្រ្តរបស់ព្រះអោយសំលឹងមើលអំពីការដែលព្រះហស្តទ្រង់នឹងធ្វើ
ហើយផ្តល់សំរាប់ពួកគេនៅជីវិតដែលពេញបរិបូរនោះ ដូចដែលទ្រង់បានមានបន្ទូលហើយថា
“មុនដែលពួកគេចេញសំដីនោះទ្រង់បានស្តាប់ឮ ហើយក៏ឆ្លើយតបផង” (អេសាយ ៦៥:២៤) ។
III. សេចក្តីសុខសាន្តក្នុងគ្រានៃការបង្កើតឡើងជាថ្មី (អេសាយ ៦៥:២៥)
អំពើបាបជាច្រើនដែលពួកអ៊ីស្រាអែលជារាស្រ្តរបស់ព្រះបានធ្វើនៅក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ
តាមរយៈការមិនស្តាប់បង្គាប់ ការថ្វាយបង្គំរូបព្រះផ្សេងៗ អំពើពុករលួយ គាបសង្កត់
កេងប្រវ័ញ្ចនិងការអាក្រក់ជាច្រើនទៀត
ទោះបើមានការព្រមានពីសំណាក់ហោរាតាមរយៈព្រះបន្ទូលរបស់ព្រះយ៉ាងណាក៏ដោយ
តែការដែលធ្វើអំពើបាបនោះគឺនៅតែកើតមានឡើងនៅក្នុងចំណោមពួកគេដដែរ
បើសិនជារំលឹកទៅអតីតកាលដែលលោកម៉ូសេបានប្រាប់នូវពាក្យសំដីចុងក្រោយរបស់លោកចំពោះពួកគេដែលមានការពីរដែលពួកគេត្រូវដឹងនោះគឺ
ការទទួលបានព្រះពរតាមរយៈការស្តាប់បង្គាប់ និងបណ្តាសាតាមរយៈការមិនស្តាប់បង្គាប់ ដើម្បីអោយពួកគេអាចនឹងជ្រើសរើសរស់នៅដោយសុខសាន្តក្នុងការការស្តាប់បង្គាប់ព្រះដ៏ព្រះនៃពួកគេ
(ចោទិយកថា ២៨) ប៉ុន្តែមិនយ៉ាងដូច្នេះទេ
គឺពួកគេបានជ្រើសរើសផ្លូវដែលទទួលនូវបណ្តាសាទៅវិញត្រូវរងទុក្ខត្រូវទទួលការជំនុំជំរះអំពីព្រះជាច្រើនលើក
ច្រើនសារ រហូតដល់ត្រូវនិរទេសទៅកាន់ប្រទេសដទៃឃ្លាតឆ្ងាយពីស្រុកកំណើតរបស់ខ្លួន
គួរអោយអនិច្ចា ខ្លោចផ្សាពន់ពេកក្រៃ (២ពង្សាវតារក្សត្រ ២៤, និង២របាក្រត្ស ៣៦)ហើយអេសាយ ៦៥:១-១៦ ក៏នៅតែនិយាយអំពីអំពើបាបរបស់ពួកគេដែលមានបន្តទៀត ។ ទោះយ៉ាងនោះក្តី
សេចក្តីមេត្តាករុណារបស់ព្រះនោះមិនដែលផុតឡើយ ទ្រង់នៅតែផ្តល់នូវសេចក្តីសង្ឃឹមដល់ពួកគេតាមរយៈសេចក្តីសុខសាន្តដ៏ពិតនៃការបង្កើតថ្មីរបស់ទ្រង់
នៅក្នុងសង្គមថ្មីនោះពួកគេនឹងមិនត្រូវលំបាកដោយសារអំពើបាបរបស់ពួកគេទៀតទេ
ពួកគេនឹងមានពេញដោយសន្តិភាពដ៏ពិតមកពីព្រះជាម្ចាស់ លោកអេសាយលើកឡើងថា ឆ្កែព្រៃ
និងកូនចៀមនឹងរស់នៅ ហើយរកស៊ីជាមួយនឹងគ្នា ហើយសិង្ហជាសត្វដ៏កាចសាហាវ
ហើយជាទីគួរខ្លាចនៃសត្វផងទាំងពួងតែបែរជាត្រលប់ទៅជាស៊ីចំបើងដូចជាសត្វគោទៅវិញ
អាហាររបស់ពស់ជាធូលីដី គ្មានការបៀតបៀន គ្មានការធ្វើទុក្ខ
គ្មានការបំផ្លាញអ្វីទាំងអស់ (អេសាយ ៦៥:២៥) ទាំងនេះគឺមានភាពផ្ទុយស្រឡះអំពីជីវិតរបស់មនុស្សដែលកំពុងរស់នៅលើផែនដីនេះពេញដោយភាពល្វីងជូរចត់វេទនា
ហើយបើសិនជាគ្រាន់តែសញ្ជឹងគិតមើលនោះពិតជាពិបាកនឹងជឿ ហើយទទួលយកខ្លាំងណាស់
វាគឺពិតជាពិបាកនឹងទៅរួចណាស់ដែលឆ្កែព្រៃតែងតែសំលឹងមើលឃើញគោជាចំណីរបស់វា តែបែរត្រលប់ទៅជាមិត្តនឹងគ្នាវិញនោះ
ហើយតើសិង្ហនឹងស៊ីស្មៅ ឬចំបើងយ៉ាងដូចម្តេចបាន? ទាំង នេះជាសំនួរដែលកើតចេញពីគំនិតដែលយល់មិនដល់របស់មនុស្សតែប៉ុណ្ណោះ
តែនេះគឺជាសេចក្តីសុខសាន្ត
និងសន្តិភាពដ៏ពិតប្រាកដមែនដែលព្រះនឹងនាំមកតាមរយៈការបង្កើតថ្មីរបស់ផងទ្រង់ចំពោះរាស្រ្តរបស់ទ្រង់ដែលបានរងទុក្ខជាយូរមកហើយ
ហើយការនេះជាការដែលមនុស្សមិនអាចនឹងយល់បានអំពីអ្វីដែលព្រះទ្រង់នឹងធ្វើអោយកើតមានឡើងនោះ
។ នេះដោយព្រោះអំពើបាបនឹងរលាយបាត់អស់ ពួកគេអាចរស់នៅយ៉ាងសុខសាន្តប្រកបជាមួយព្រះជាម្ចាស់
ទោះទំាងធម្មជាតិលើផែនដីទាំងមូលក៏នឹងមានពេញដោយសេចក្តីសុខសាន្ត និងសន្តិភាពដែរ ដ្បិតនោះជាគ្រានៃសន្តិភាព
គ្រាដ៏រុងរឿងបំផុតគ្រប់ទាំងមនុស្សនឹងស្គាល់ព្រះជាម្ចាស់ ដែលបានប្រាប់រួចមកនៅក្នុងអេសាយ
១១:៦-១០ ហើយនឹងគ្មានការបំផ្លិចបំផ្លាញទៀតឡើយ
គ្រប់យ៉ាងនឹងពេញដោយសេចក្តីសុខសាន្តពិតប្រាកដ។
នារីត្រកូលអ្នកអភិជនម្នាក់
បានលង់ចិត្តស្រឡាញ់បុរសក្រីក្រម្នាក់
ដែលពីដំបូងគ្រាន់តែរាប់អានគ្នាជាមិត្តភក្ត្រ័តែប៉ុណ្ណោះ។
រៀងរាល់ថ្ងៃនារីនោះកាន់តែឃើញអំពីលក្ខណៈដ៏ល្អសប្បុរសរបស់បុរសនោះ
ដែលជាមនុស្សដែលចេះជួយយកអាសារអ្នកដទៃ ស្រឡាញ់អ្នកឯទៀត លះបង់ដើម្បីអ្នកឯទៀត
ហើយជាមនុស្សស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់សក្តិសមជាកូនប្រុស ទីបំផុតអារម្មណ៍នៃមិត្តភ័ក្រ្តក៏ត្រលប់ទៅជាសេចក្តីស្នេហាដែលពិបាកនឹងថ្លែងបានដោយមិនដែលបានដឹងថាតាមពិតបុរសអ្នកក្រនោះ
គាត់គឺមានចិត្តស្រឡាញ់នាងនោះយូរដែរហើយ តែដោយខ្លួនក្រទើបមិនហ៊ានប្រាប់
ហើយអ្នកទាំងពីរក៏ចាប់ផ្តើមសេចក្តីស្នេហាឡើង ទោះបីមានការជំទាស់ពីសំណាក់ឳពុកម្តាយខាងស្រីក៏ដោយ
។
នារីនោះក៏សំរេចចិត្តចាកចេញពីផ្ទះទៅរស់នៅជាមួយនឹងបុរសដែលនាងស្រឡាញ់ដែលមានត្រឹមផ្ទះឈើតូចមួយប៉ុណ្ណោះ
ប៉ុន្តែអ្វីដែលចំឡែកសំរាប់នាងនោះគឺ ផ្ទះបុរសនោះគឺមានពេញដោយភាពសុខសាន្ត ដែលផ្ទះអ្នកក្រនោះដាំបន្លែ
ចិញ្ចឹមគោ និងមាន់ព្រមទាំងមានកូនខ្លាជំទង់មួយរស់នៅជាមួយផង
តែកូនខ្លានោះមិនដែលធ្វើទុក្ខបៀតបៀនដល់សត្វដទៃនោះទេ គឺវារស់នៅនឹងសត្វឯទៀតដូចជាមិត្តនឹងគ្នា
បុរសអ្នកក្រនោះបានប្រាប់នាងថា
គាត់បានយកកូនខ្លានោះមកចិញ្ចឹមតាំងពីតូចហើយបង្ហាត់វាអោយស៊ាំរស់នៅជាមួយសត្វឯទៀត ។
នារីនោះក៏ដាក់ឈ្មោះផ្ទះនោះថា ផ្ទះនៃសេចក្តីសុខសាន្ត
ហើយរស់នៅយ៉ាងសប្បាយរីករាយជាមួយបុរសនោះយ៉ាងមានសុភមង្គលក្រៃលែង
ពីព្រោះទីនោះពិតជាទីដ៏សុខសាន្តមែនសំរាប់នាង គ្មានអ្វីដែលធ្វើអោយនាងភ័យខ្លាចឡើយ
ហើយបុរសអ្នកក្រនោះក៏មានចិត្តពេញដោយសុភមង្គលដូចគ្នាដែរ ។
ប៉ុន្តែជីវិតរបស់មនុស្សពិតជាមិនទៀងទាត់មែន ពេលក្រោយមកឳពុកម្តាយនារីនោះក៏បានមករកនាង
ហើយនាំទាំងគូដណ្តឹងរបស់នាងដែលជាអ្នកជំនួញម្នាក់មកជាមួយផង ពេលមកដល់ផ្ទះបុរសអ្នកក្រ
អ្នកទាំងនោះមានការចំលែកក្នុងចិត្តមែនទែនដោយព្រោះឃើញនារីនោះដែលខ្លួនជាត្រកូលអភិជនតែបែរជាមានពេញដោយភាពរីករាយនៅក្នុងដីចំការតូចមួយទៅវិញ
ពេលនោះបុរសជាគូដណ្តឹងនាងត្រកូលអភិជនក៏ដើរទៅជួបបុរសក្រីក្រហើយនិយាយថា
“គ្រាន់តែខ្ញុំមកដល់ផ្ទះរបស់អ្នកភ្លាម ខ្ញុំអាចយល់បានហើយថា ហេតុអ្វីបានគូដណ្តឹងរបស់ខ្ញុំស្រឡាញ់អ្នក”
។ បុរសអ្នកក្រនោះស្រឡាំងកាំងដោយព្រោះមួយម៉ាត់នេះ តែបុរសជាគូដណ្តឹងក៏បន្តថា
“តើលោកត្រូវការប្រាក់ប៉ុន្មានជាថ្លៃនៃការព្រមបញ្ចប់ទំនាក់ទំនងជាមួយនឹងគូដណ្តឹងរបស់ខ្ញុំ”
។ បុរសក្រីក្រតបថា “តើលោកពិតជាគិតថា ប្រាក់អាចដោះស្រាយគ្រប់ទាំងបញ្ហាទាំងអស់បានឬ? ខ្ញុំមិនត្រូវការប្រាក់របស់លោកទេ ខ្ញុំចង់ជួបនិយាយជាមួយគូដណ្តឹងរបស់លោកតែពីរនាក់សិន”
។ បុរសជាគូដណ្តឹង និងឳពុកម្តាយនាងក៏នាំគ្នាចេញទៅ បុរសក្រីក្រនោះក៏នាំនារីនោះដើរស្រោចដំណាំក្នុងចំការរបស់គាត់
ទាំងនាំទៅអោយចំណីកូនខ្លាដែលបានធំឡើងនោះដែរ រួមជាសត្វឯទៀត ហើយនិយាយថា
“នេះគឺជាសកម្មភាពដ៏រីករាយដែលយើងធ្លាប់ធ្វើជាមួយគ្នា តែស្តាយណាស់ចាប់ពីថ្ងៃនេះទៅយើងលែងមានសកម្មភាពនេះទៀតហើយ”
ចំណែកឯនារីនោះតបវិញ
“ចិត្តអូនចំពោះបងយ៉ាងណា បងគួរតែដឹង
តើរឿងដែលអូនមានគូដណ្តឹងនោះពិតជាសំខាន់ចំពោះបងណាស់ឬ?” ។ បុរសនោះតប “ចិត្តនាងចំពោះខ្ញុំយ៉ាងណា ខ្ញុំដឹងច្បាស់ណាស់
នៅក្នុងជាតិនេះគ្មានអ្នកណាជំនួសរូបនាងនៅក្នុងចិត្តខ្ញុំបានឡើយ ប៉ុន្តែបើនាងមានគូដណ្តឹងទៅហើយ
គួរតែមានចិត្តស្មោះចំពោះគូដណ្តឹងរបស់នាង គួរបន្ទោសថា មកពីយើងស្គាល់គ្នាយឺតពេក” ។
ទីបញ្ចប់អ្នកទាំងពីរក៏បែកគ្នា ឯផ្ទះនៃសេចក្តីសុខសាន្តនោះ នៅសល់បានត្រឹមតែឈ្មោះ
និងស្រមោលនៃអតីតកាលតែប៉ុណ្ណោះ ។
ជាការពិតណាស់នៅលើផែនដីនេះគ្មានភាពស្ថិតស្ថេរទេ
ទោះបីជាស្ថានភាពខ្លះដែលមើលទៅឃើញដូចជាកំពុងតែល្អប្រសើរក៏ដោយ
ប៉ុន្តែពេលមួយនឹងត្រលប់ទៅក្នុងសេចក្តីប្រួលប្រែដែលមនុស្សនឹកស្មានមិនដល់
ពីព្រោះពិភពលោកដែលពេញដោយអំពើបាបនេះ មានពេញដោយសេចក្តីពុករលួយ ហើយមិនស្ថិតស្ថេរនៅឡើយ
ប៉ុន្តែសេចក្តីសង្ឃឹមនៃការបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មីរបស់ព្រះនោះផ្តល់នូវសេចក្តីសុខសាន្តយ៉ាងពិតប្រាកដ
ហើយពូជពង្សរបស់រាស្រ្តទ្រង់ ក៏នឹងជាប់ស្ថិតស្ថេរនៅយ៉ាងនោះដែរ (អេសាយ ៦៦:២២) ។
សរុបសេចក្តីមកការបង្កើតផ្ទៃមេឃថ្មី
និងផែនដីថ្មីរបស់ព្រះ គឺចង់បង្ហាញអោយឃើញអំពីរូបភាពនៃជីវិតដែលមានពេញដោយសេចក្តីសង្ឃឹមនៅថ្ងៃអនាគតដែលទ្រង់នឹងផ្តល់អោយរាស្រ្តរបស់ទ្រង់មានសេចក្តីអំណរដ៏ពិតក្នុងគ្រាដែលបង្កើតថ្មីនោះ
ហើយនឹងមិនត្រូវបាត់បង់ទៀតឡើយទាំងរស់នៅក្នុងជីវិតដ៏ពេញបរិបូរ
ហើយមានពេញដោយសេចក្តីសុខសាន្តដ៏ពិតមកពីព្រះ គ្មានទុក្ខវេទនានៃអំពើបាប ជំងឺឈឺថ្កាត់
សេចក្តីស្លាប់ ឬសេចក្តីបៀតបៀនណាទៀតឡើយ ក៏គ្មានអ្នកណាអាចនឹងបំផ្លាញនូវស្នាព្រះហស្តថ្មីរបស់ព្រះទៀតដែរ
ហើយព្រះទ្រង់គឺជាព្រះអម្ចាស់ដ៏ជាព្រះដែលគ្រប់គ្រងលើទំាំងអស់ ។
បើយើងមើលពីព្រះគម្ពីរអេសាយពេញមួយជំពូក៦៥នេះតែម្តង
យើងឃើញថាព្រះអម្ចាស់ដ៏ជាព្រះទ្រង់ពេញដោយភាពបរិសុទ្ធ
ទ្រង់ស្អប់អំពើបាបរបស់មនុស្ស (អេសាយ ៦៥:៥)
ទ្រង់ពេញដោយសេចក្តីសុចរិត ទ្រង់នឹងសងគ្រប់ទាំងការដែលមនុស្សបានធ្វើ (អេសាយ
៦៥:៦-៧) ហើយទ្រង់ជាព្រះដ៏ស្មោះត្រង់
ទ្រង់នៅតែនឹកចាំពីសេចក្តីសន្យារបស់ទ្រង់ចំពោះរាស្រ្តរបស់ផងទ្រង់ (អេសាយ ៦៥:៩) មិនតែប៉ុណ្ណោះទ្រង់ជាព្រះអាទិករដែលពេញដោយអំណាចព្រះចេស្តា
ដែលបានបង្កើតគ្រប់ទាំងអស់ ហើយក៏នឹងបង្កើតជាថ្មីឡើងវិញនូវរបស់ដែលស្ថិតស្ថេរនៅ
ជាព្រះនៃសេចក្តីអំណរ ជាព្រះនៃជីវិត និងសេចក្តីសុខសាន្តដ៏ពិត
ដែលមិនមានអ្នកណាមានលក្ខណៈដូចជាទ្រង់ឡើយ (អេសាយ ៦៥:១៧-២៥) ។
តែបើយើងរំពឹងគិតទៅលក្ខណៈរបស់មនុស្សវិញ
ពួកគេពេញដោយការប្រព្រឹត្តនូវអំពើបាប ពេញដោយសេចក្តីទុច្ចរិតនៅចំពោះព្រះ (អេសាយ ៦៥:១-៧) ជាមួយគ្នាមនុស្សបោះបង់ចោលព្រះ ហើយគោរព និងថ្វាយបង្គំដល់រូបព្រះ
ដែលជាការអាក្រក់នៅចំពោះព្រះ (អេសាយ ៦៥:១១-១២) ពួកគេពុំអាចនឹងរស់នៅដោយមានសេចក្តីអំណរដ៏ពិត ពុំមានភាពស្កប់ចិត្តក្នុងជីវិតទេ
ហើយក៏មិនអាចមានសេចក្តីសុខសាន្តដ៏ពិតបានដែរ គឺពួកគេត្រូវការពឹងព្រះ (អេសាយ ៦៥:១៧-២៥) ។
ព្រះយេស៊ូវគ្រីស្ទ
ទ្រង់គឺអង្គដែលបានបង្កើតគ្រប់ទាំងរបស់ទំាងអស់ឡើងមក ទ្រង់ជាព្រះបន្ទូលរបស់ព្រះ
ហើយគ្រប់ទាំងអស់បានកើតមកពីព្រះបន្ទូលទ្រង់ មុននឹងមានអ្វីកើតឡើងមក
នោះមានវត្តមានទ្រង់រួចទៅហើយ (យ៉ូហាន ១:១-៥) ទោះទាំងរបស់ដែលមើលឃើញ និងរបស់ដែលមើលមិនឃើញក្តី គឺទ្រង់ដែលបង្កើតឡើងមក
ក៏ស្ថិតស្ថេរនៅដោយសារទ្រង់ដែរ (កូល៉ុស ១:១៤-១៧) ជាមួយគ្នាទ្រង់បានយាងមកលើផែនដីនេះ ដើម្បីប្រទាននូវសេចក្តីសង្ឃឹម
និងសេចក្តីអំណរដ៏ពិតដល់គ្រប់មនុស្សតាមរយៈសេចក្តីបង្រៀនរបស់ទ្រង់ (ម៉ាថាយ ៥:១-១២ ) ព្រមទាំងការអស្ចារ្យដែលទ្រង់បានបំពេញដោយការប្រោសមនុស្សជាច្រើនអោយបានជា
(ម៉ាថាយ ៤:២៣-២៥) ទាំងអត់ទោសចំពោះមនុស្សដែលមានបាបផងដែរ ជាក់ស្តែងទ្រង់បានអត់ទោសចំពោះស្តី្រដែលទាន់នៅដំណេក
ដែលមនុស្សជាច្រើនគិតថា នាងមានទោសត្រូវតែស្លាប់ តែទ្រង់បានអត់ទោសវិញ (យ៉ូហាន ៨:១-១១)
មិនតែប៉ុណ្ណោះសោត
ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់គឺជាជីវិតដ៏ពិតពេញបរិបូរដែលសំរាប់មនុស្សទាំងអស់ (យ៉ូហាន ១០:១០) ហើយទ្រង់សន្យាថានឹងប្រទាននូវសេចក្តីសុខសាន្តដល់អស់ដែលទទួល និងរង់ចាំទ្រង់
(យ៉ូហាន ១៤:២៧)
ការដែលសំខាន់ទ្រង់គឺជាតួអង្គដែលនឹងត្រូវបង្កើតថ្មីទាំងផ្ទៃមេឃ និងផែនដីផង
ព្រមទាំងជំនុំជំរះលោកីយដោយសេចក្តីយុត្តិធម៌របស់ទ្រង់
ហើយប្រទានអោយអស់អ្នកដែលជឿទ្រង់បានទទួលនូវសេចក្តីសង្ឃឹមដ៏នៅអស់កល្បជានិច្ច
គ្មានការភ័យខ្លាច ការឈឺចាប់ សោកសង្រេង សេចក្តីស្លាប់ និងការបៀតបៀនទៀតហើយ (វិវរណៈ ២០:១៤-១៥, ២១:១-៥)
។
សំរាប់យើងជាគ្រីស្ទបរិស័ទ ដែលមានជំនឿលើព្រះយេស៊ូវគ្រីស្ទ
នោះយើងបានទទួលនូវសេចក្តីសង្ឃឹមដ៏ពិតនៃជីវិតដែលកើតជាថ្មី (២កូរិនថូស ៥:១៧) គ្រប់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅហើយ នឹងពេញដោយភាពសុខសាន្ត ពេញដោយអំណរ និងភាពពេញបរិបូរនៃការបង្កើតជាថ្មីឡើងវិញរបស់ទ្រង់
តាមយរៈសេចក្តីសន្យាដែលទ្រង់បានប្រទានមកដល់យើងដែលបានត្រលប់ជាកូនរបស់ទ្រង់
ទោះជាពេលវេលានោះយើងមិនដឹងច្បាស់ថា ពេលណាក៏ដោយ តែនៅក្នុងជីវិតដែលយើងរស់នៅជារាល់ថ្ងៃនៅលើផែនដីនេះ
ក៏ទ្រង់ប្រទានមានសេចក្តីអំណរក្នុងទ្រង់ដែរ (ភីលីព ៤:៤) ទ្រង់សព្វព្រះហឫទ័យអោយយើងមានសង្ឃឹមដោយរួចពីទោសនៃអំពើបាបហើយ (រ៉ូម ៨:១) ព្រមទាំងអោយយើងមានចិត្តស្កប់ចំពោះអ្វីដែលទ្រង់ប្រទានអោយយើង
ពីព្រោះទ្រង់គង់នៅជាមួយនឹងយើង (ហេព្រើរ ១៣:៥)
ព្រះវិញ្ញាណរបស់ព្រះដៅចំណាំយើង ហើយជាទីបញ្ចាំចិត្តយើង (អេភេសូរ ១:១៣-១៤) ទីបំផុតនៃរង្វាន់ជីវិតជាគ្រីស្ទបរិស័ទរបស់យើង
គឺរស់នៅក្នុងការបង្កើតជាថ្មីរបស់ទ្រង់ គឺរស់នៅក្នុងនគរស្ថានសួគ៌ជាកន្លែងសុខសាន្តដ៏នៅអស់កល្បជានិច្ច
ដែលព្រះទ្រង់សព្វព្រះទ័យរៀបចំទុកសំរាប់យើង (យ៉ូហាន ១៤:១-៣) ។
0 Comments