Breaking News

សេចក្តីអធិស្ឋានរបស់អ្នកជឿសម្រាប់ខ្លួនឯង (កិច្ចការ៤:២៣-៣៧)

សេចក្តីផ្តើម ( រឿងស្ត្រីមេម៉ាយម្នាក់ )
          មានស្រី្តមេម៉ាយម្នាក់រស់នៅតែលតោលម្នាក់ឯងគ្មានសាច់ញាតិ ឬ បងប្អូនសោះ ពីព្រោះបងប្អូន និង ឪពុកម្តាយរបស់គាត់ត្រូវបានគេសម្លាប់អស់តាំងពីសម័យប្រល័យពូជ
សាសន៍មកម្លេះ។ គាត់ពិតជាមានការលំបាកណាស់កក្នុងការរស់នៅតែម្នាក់ឯង ម្យ៉ាងខ្លួនជាស្រីមិនដឹងប្រកបរបររកស៊ីអ្វីដូចបុរស    ឡើយ។ រៀងរាល់ថ្ងៃគាត់រស់នៅដោយការភ័យខ្លាចសឹងតែមិនហ៊ានចេញពីផ្ទះ គាត់មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងនូវការបាត់បង់សមាជិកគ្រួសាររបស់គាត់ទាំងមូល។ អ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺ គាត់កំពុងតែរស់នៅក្នុងភូមិជាមួយម្នាក់ដែលបានសម្លាប់ឪពុករបស់គាត់ ដូច្នេះគាត់មានអារម្មណ៍ទើសទាល់ ចិត្តជាខ្លាំង ហើយនៅខ្លាចញញើតចំពោះបុរសម្នាក់នោះដែលបន្សល់នូវស្នាកស្នាមចាស់ពីមុន។ នៅពេលដែលបុរសនោះបានសារភាពប្រាប់ពីកំហុស គាត់ពិតជាមិនអាចទទួលយកបានឡើយ គាត់សឹងតែស្ទុះ ច្របាច់កបុរសម្នាក់នោះឲ្យស្លាប់ភ្លាមៗ ឲ្យសមនឹងអ្វីដែឡគាត់បានធ្វើចំពោះឪពុកគាត់វិញ ពីព្រោះគាត់ មានឈឺចាប់ណាស់ដែលមើលឃើញមុខម្នាក់ដែលជាឃាតករសម្លាប់ឪពុក តែបែរជាគាត់នៅមានជីវិតរស់នៅធម្មតា។ គាត់ប្រើរយៈពេលយ៉ាងយូរក្នុងការសម្រេចចិត្តថានឹងលើកលែងទោសឲ្យបុរសម្នាក់នោះ បុរសនោះក៏សឹងតែមិនហ៊ានជួនមុខគាត់ដែរ ពីព្រោះគាត់ខ្មាស់និងខ្លាចកំហឹងរបស់នាងនៅតែមិនអស់។ អ្វីដែលព្រះធ្វើការនៅក្នុងរបស់នាងគឺ នាងបានអធិស្ឋានអស់រយៈពេលជាច្រើនខែក្នុងការសម្រេចថានឹងអត់ទោសឲ្យបុរសម្នាក់នោះ ពីព្រោះវាមិនមែនជារឿងងាយស្រួលទេដែលធ្វើការអត់ទោសឲ្យបុរសម្នាក់នោះសម្រាប់នាង ទៅជាគាត់បានសារភាពកំហុសនិងសូមការអត់ទោសពីនាងក៏ដោយ។ នៅចុងបញ្ចប់ព្រះបានធ្វើការអស្ចារ្យនៅក្នុងចិត្តរបស់នាង តាមរយៈសេចក្តីអធិស្ឋានយ៉ាងអត់ធ្មត់ នាងលើកលែងទោសឲ្យបុរសម្នាក់នោះដោយនិយាយទៅកាន់គាត់ថា ដោយសារតែព្រះយេស៊ូវទ្រង់បានអត់ទោសរាល់អំពើបាបរបស់ខ្ញុំ ដូច្នេះខ្ញុំក៏អត់ទោសបាបឲ្យអ្នកដែរ មិនមែនដោយសារខ្ញុំទេគឺជាព្រះយេស៊ូវទៅវិញទេដែលខ្ញុំអាចអត់ទោសឲ្យអ្នកបាន ទ្រង់បណ្តាលឲ្យចិត្តខ្ញុំអត់ទោសឲ្យអ្នក។ ដូច្នេះគេទាំងពីរនាក់ផ្សះផ្សាជាមួយគ្នាហើយក៏បង្កើតទំនាក់ទំនងថ្មីជាមួយគ្នាឡើងវិញ បុរសនោះក៏តែងតែមកជួយស្រ្តីនោះរាល់ពេលដែលនាងចង់ធ្វើអ្វីមួយ។
            តាមរយៈរឿងនេះបានបង្ហាញអត្តន័យនៃសេចក្តីអធិស្ឋានចំពោះខ្លួនឯង សូមឲ្យទ្រង់ធ្វើការនៅក្នុងចិត្តដែលអាចធ្វើកិច្ចការមួយដែលពិបាកធ្វើបំផុតនៅក្នុងជីវិត។ ព្រះជាម្ចាស់ក៏បានឆ្លើយតបចំពោះសេចក្តីអធិស្ឋានដែលបំផ្លាស់បំប្រែចិត្តរបស់នាងទាំងស្រុងសូម្បីតែចិត្តរបស់នាងមិនចង់ធ្វើផងនោះ ប៉ុន្តែសេចក្តីអធិស្ឋានរបស់អ្នកជឿពិតជាអស្ចារ្យពិតមែន។
សង្ខេប
          នៅពេលដែលលោកពេត្រុស និង យ៉ូហានបានប្រឈមមុខហើយបានបដិសេធន៍ចំពោះការឈប់ ផ្សាយដំណឹងល្អពីព្រះយេស៊ូវនៅមុខពួកសង្គ្រាជហើយពួកចាស់ទុំរួចមក ពួកគេក៏ចាប់លោកទាំងពីរតែក៏ត្រូវដោះលែងមកវិញដោយមិនឃើញមានទោសត្រូវចាប់ពួកគេឡើយ(៤:១៧-២២)។ ពេត្រុសនិងយ៉ូហាន បានត្រឡប់មកចំណោមអ្នកជឿវិញនៅកន្លែងដែលពួកគេប្រជុំគ្នាវិញ ក៏បានរៀបរាប់ប្រាប់ពីហេតុការណ៍ដែលបានកើតឡើងឲ្យពួកគេបានដឹង ដូច្នេះពួកគេក៏ចាប់ផ្តើមរួមចិត្តគ្នាតែមួយដើម្បីអធិស្ឋានទៅកាន់ព្រះ ជាម្ចាស់ឲ្យនៅតែមានសេចក្តីក្លាហានក្នុងការប្រកាសពីព្រះយេស៊ូវ មានជំនឿរឹងមាំដែលអាចឲ្យពួកគេឈរ រឹងមាំចំពោះការបៀតបៀនបន្តទៀត។ ពួកគេគឺជាពួកជំនុំដើមដំបូងបង្អស់ដែលបានទទួលនូវបទពិសោធន៍ នៃការបៀតបៀនបន្តពីព័ន្ធកិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ ពួកគេដឹងយ៉ាងច្បាស់ថាពួកគេនឹងជួបការបៀតបៀនច្រើនជាងនោះទៀតនៅពេលក្រោយ។ ដូច្នេះហើយទើបពួកគេបានព្យាយាមអធិស្ឋានចាំយាមជានិច្ច ដើម្បី ឲ្យពួកគេមានភាពរឹងមាំក្នុងជំនឿ និងភាពក្លាហានក្នុងប្រកាសពីព្រះយេស៊ូវគ្រីស្ទហើយព្រះជាម្ចាស់ក៏បានឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់ពួកគេភ្លាម ដោយទ្រង់បានបំពេញពួកគេដោយព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះដ៏ជាជំនួយនិងមានអំណាចចេស្តានៅក្នុងកិច្ចការបម្រើព្រះរបស់ពួកគេបន្តទៀត។ ពួកគេបានដឹងជាក់ថាសារនៃដំណឹងល្អមិនសាបសូន្យឡើយ ទោះជាគ្រាមុនព្រះយេស៊ូវត្រូវបានគេហាមមិនឲ្យបង្រៀនឬ អធិប្បាយ ពួកគេបានរៀបចំគម្រោងការបញ្ឈប់ទ្រង់ ទោះជាស្តេចហេរ៉ូឌ និង ប៉ុតទាសពីឡាត់អាចសម្លាប់ទ្រង់បានក៏ដោយ ប៉ុន្តែសារនៃដំណឹងល្អរបស់ទ្រង់មិនបញ្ចប់ឡើយ ទ្រង់បានឈ្នះលើសេចក្តីស្លាប់ហើយ សារដំណឹងល្អនៃទ្រង់នៅតែមានជីវិតរស់រវើកផងដែរសម្រាប់ពួកគេជាអ្នកជឿ។ នៅត្រង់នោះបានបង្ហាញថា ពួកជំនុំបានកើតឡើងនៅក្នុងបរិយាកាសនៃសេចក្តីអធិស្ឋាន ហើយសេចក្តីអធិស្ឋានបន្តបន្សល់ទុកនៅក្នុងគំនិតរបស់ពួកជំនុំ គឺជាតំណភ្ជាប់រវាងសេចក្តីអធិស្ឋាន ព្រះវត្តមាន ហើយនឹងអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ។
តើសេចក្តីអធិស្ឋានរបស់គ្រីស្ទបរិស័ទមានន័យដូចម្តេច?







            សេចក្តីអធិស្ឋានៈ នៅក្នុងព្រះគម្ពីរ សេចក្តីអធិស្ឋានជាការថ្វាយបង្គំដែលរួមមានឥរិយាបថទាំងអស់ខាងវិញ្ញាណមនុស្សនៅក្នុងការចូលទៅជិតព្រះជាម្ចាស់។ ការអធិស្ឋានជាសកម្មភាពខ្ពង់ខ្ពស់បំផុតដែលយើងអាចគិតថាជាការប្រកបទាក់ទងគ្នាជាមួយនឹងព្រះជាម្ចាស់។ បើយើងបានបញ្ជាក់ថាសកម្មភាពនេះចាប់ផ្តើមដោយព្រះហឬទ័យរបស់ព្រះ។ សេចក្តីអធិស្ឋាននៅក្នុងព្រះគម្ពីរមិនមែនជាករឆ្លើយតបបែបធម្មជាតិណាមួយឡើយ គឺទ្រង់បានឮនូវរាល់សេចក្តីអធិស្ឋានទំាងអស់។ គោលលទ្ធិនៃសេចក្តីអធិស្ឋាននៅក្នុងព្រះគម្ពីរបានបញ្ជាក់ពីលក្ខណៈរបស់ព្រះជាម្ចាស់ និងភាពចាំបាច់នៃទំនាក់ទំនងជាមួយទ្រង់តាម    រយៈសម្ព័នមេត្រីជាមួយនឹងទ្រង់ ហើយការចូលរួមយ៉ាងពេញលេញនៅក្នុងគ្រប់ទាំងអភ័យឯកសិទ្ធ និង   កត្តព្វកិច្ចនៃទំនាក់ទំនងជាមួយព្រះជាម្ចាស់។ និយាយរួមសេចក្តីអធិស្ឋានគឺផ្តោតសំខាន់ទៅលើទំនាក់ទំនងរវាងគ្រីស្ទបរិស័ទទៅចំពោះព្រះជាម្ចាស់។
v  សំណួរស្នូល
ហេតុអ្វីបានជាការអធិស្ឋានសម្រាប់ខ្លួនផ្ទាល់ជាមុនដំបូងបង្អស់មានសារៈសំខាន់សម្រាប់យើង?
គ្រីស្ទបរិស័ទត្រូវតែអធិស្ឋានសម្រាប់ខ្លួនឯងពីព្រោះ:
v  ការកាត់ស្រាយ

. ដើម្បីឲ្យខ្លួនមានជំនឿរឹងមាំលើព្រះជាម្ចាស់(ខ២៣-២៨)
        បើយើងក្រឡេកមើលពួកអ្នកជឿនៅពេលនោះ ពួកគេបានរួមគ្នាក្នុងការអធិស្ឋានដោយពួកគេបាន  សម្លឹងឃើញពីសេចក្តីបៀតបៀនចូលមកកាន់ពួកគេ។ ពួកគេមិនបានអធិស្ឋានសូមព្រះឲ្យពួកសង្គ្រាជឬ ពួកចាស់ទុំក្នុងព្រះវិហារបញឈប់ការបៀតបៀនឬការអាក្រក់របស់ពួកគេឡើយ ប៉ុន្តែផ្ទុយទៅវិញពួកគេបានអធិស្ឋានសូមឲ្យព្រះជាម្ចាស់លើកទឹកចិត្តពួកគេ និងផ្តល់នូវសេចក្តីក្លាហានដល់ពួកគេអាចបន្តប្រកាសពីទ្រង់ទៅមនុស្សទាំងឡាយ។ ម្យ៉ាងទៀតគឺដើម្បីឲ្យពួកគេមានជំនឿនិងជំហរដ៏រឹងមាំមួយលើទ្រង់ ដោយមិនចុះចាញ់ចំពោះការបៀតបៀនរបស់ពួកសង្គ្រាជឬពួកចាស់ទុំឡើយ។ ការអធិស្ឋានដោយមានជំនឿធ្វើឲ្យពួកគេមានសង្ឃឹមមិនចុះញមចំពោះការគំរាមគំហែងរបស់មនុស្សដូចជា លោកពេត្រុស និង លោកយ៉ូហានផងដែរ លោកមិនបានខ្លាចមិនចុះញមចំពោះការហាមមិនឲ្យប្រកាសពីព្រះគ្រីស្ទឡើយ លោកបានប្រាប់ដល់ពួកគេថា បើគួរគប្បីនៅចំពោះព្រះ ឲ្យយើងខ្ញុំស្តាប់តាមលោករាល់គ្នា ជាជាងស្តាប់តាមព្រះនោះសូមពិចារណាចុះ (៤:១៩)។ នេះបង្ហាញឲ្យឃើញថាគាត់នៅតែមានជំហររឹងមាំចំពោះព្រះជាជាងខ្លាចដល់ការបង្គាប់បញ្ជារបស់មនុស្ស លោកពេត្រុសនិងយ៉ូហានបានយកព្រះជាអាទិភាពទី១ នៅក្នុងជីវិតរបស់ពួកគាត់ នេះបញ្ជាក់ថាពួកគាត់ស្តាប់តាមបង្គាប់របស់ព្រះជាជាងពួកគាត់គោរពសង្គ្រាជ និង ពួកចាស់ទុំដែលជាចាស់ទុំនៅក្នុងព្រះវិហារ ប៉ុន្តែពួកគាត់កោតខ្លាចដល់ព្រះជាម្ចាស់ដែលជាព្រះហើយជាស្តេចដ៏ខ្ពស់។
            មានសេចក្តីអធិស្ឋានជាច្រើនដែលយើងតែងតែ សូមឲ្យព្រះជាម្ចាស់ផ្តល់មកតាមបំណងចិត្តរបស់យើងទាំងសម្រាប់ខ្លួនឯង បងប្អូន មិត្តភក្តិ និង អ្នកដទៃ ប៉ុន្តែប្រហែលជាពេលខ្លះយើងភ្លេចអធិស្ឋានសម្រាប់ខ្លួនឯងសូមឲ្យព្រះជាម្ចាស់ផ្តល់ឲ្យយើងមានជំនឿរឹងមាំក្នុងការល្បួង ឬ ការបៀតបៀនផ្សេងៗ ហើយមិនដឹង ពីព្រោះយើងភ្លេចខ្លួនថាខ្លួនមានជំនឿរឹងមាំល្មមហើយមិនចាច់សូមរឿងនឹងទេ សូមទ្រង់នៅរឿងផ្សេងដែលសំខាន់ជាងនឹងវិញល្អជាង។ សូមចងចាំបើយើងអធិស្ឋានទូលសូមដល់ព្រះចូរសូមនូវសេចក្តីជំនឿនិងត្រូវមានចិត្តជឿជាមុនសិនទើបយើងទទួលបានការឆ្លើយតបពីព្រះ បើខ្លួនយើងមិនទាន់មានជំនឿផងតើការទូលសូមដល់ព្រះមានសារៈប្រយោជន៍ទេ គឺគ្មានទេ ព្រោះសូម្បីតែជំនឿនៅក្នុងខ្លួនគ្មានផងតែគិតសូមទ្រង់ឲ្យបំពេញតាមបំណងចិត្តរបស់ខ្លួនដោយចិត្តសង្ស័យនោះមិនបានទេ។ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើងអធិស្ឋានទូលសូមទ្រង់ដោយជំនឿ នោះនឹងបានប្រទានឲ្យមែនពិត ប៉ុន្តែយើងត្រូវមានជំនឿ ថាទ្រង់នឹងឲ្យទើបបានមក។ មុននឹងអាចអធិស្ឋានសម្រាប់អ្វីមួយ ឬ សម្រាប់អ្នកណាម្នាក់សូមនឹកចាំពីខ្លួនឯងជាមុនសិន សូមព្រះនូវសេចក្តីជំនឿរឹងមាំ សូមព្រះផ្តល់នូវការទុកចិត្តដល់ព្រះ។ តើយើងគួរអធិស្ឋានឲ្យគេឈប់ជេរប្រមាថយើងតែម្តង ឬ យើងអធិស្ឋានឲ្យយើងឈររឹងមាំដោយជំនឿ អត់ធ្មត់ និង អនុវត្តន៍តាមព្រះបន្ទូលឲ្យអត់ទោសដល់គេ។ ប្រហែលពេលហ្នឹងនឹកមិនឃើញដល់ការនោះទេ ទាំងខ្ញុំនឹងទាំងបងប្អូន ប្រហែលអធិស្ឋានឲ្យព្រះបំផ្លាញគេផងមិនដឹង ឲ្យព្រះសងសឹកគេផងមិនដឹង។ យើងត្រូវតែពិនិត្យមើលពីខ្លួនយើងសិន កុំឲ្យមើលឃើញតែភាពអវិជ្ជមានរបស់គេ ចូរអធិស្ឋានសម្រាប់ខ្លួនឯងជាមុនសិន សិមអធិស្ឋានសម្រាប់គេតាមក្រោយ ពីព្រោះព្រះមិនលំអៀងឡើយពេលយើងអធិស្ឋានយើងនឹងប្រាប់ថា យើងជាអ្នកត្រូវគេជាអ្នកខុសហើយសូមចងចាំថាទ្រង់ជាព្រះដែលយុត្តិធម៌សម្រាប់មនុស្សគ្រប់គ្នា។
            . ឈរមាំចំពោះការបៀតបៀនឬបញ្ហាផ្សេងៗនៅក្នុងជីវិត(ខ២៩-៣០)
            ការបៀតបៀននិងបញ្ហាជាច្រើនតែងតែកើតមានចំពោះយើងគ្រប់គ្នាដែលជាគ្រីស្ទបរិស័ទ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងគួរសួរទៅចំពោះខ្លួនឯងថា ហេតុអ្វីបានជាព្រះជាម្ចាស់ផ្តល់ការអស់ទាំងនោះមកយើង? តើមានសារៈសំខាន់សំរាប់យើង? បើយើងក្រលេកំើលទៅពួកជំនុំដើមរួមទាំងពួកសាវកផងដែរគឺទទួលការបៀតបៀនយ៉ាងខ្លាំង ហេតុអ្វីពួកគេនៅតែមានជំនឿរឹងមាំកាន់តែចង់បម្រើព័ន្ធកិច្ចរបស់ព្រះបន្តទៀតដោយឥតឈប់ឈរ ពួកគេមិនរាថយឡើយ ពួកគេនៅតែព្យាយាមជាមួយគ្នា រួបរួមជាមួយគ្នាជាពិសេសគឺមិនលក់ឧត្តមគតិដើម្បីបោះបង់ចោលដំណឹងល្អឡើយ ទោះជាពួកគេត្រូវបៀតបៀនរហូតដល់ស្លាប់ឬធ្វើទណ្ឌកម្មយ៉ាងសាហាវក៏ដោយ ក៏មិនអាចឲ្យពួកគេឈប់ជឿដល់ព្រះឬ អស់សង្ឃឹមពីសេចក្តីជំនឿរបស់ខ្លួនឡើយ។ ពួកជំនុំនៅពេលនេះពយកគេជឿទុកចិត្តលើសេចក្តីអធិស្ឋានយ៉ាងខ្លាំងទោះជាពួកគេកំពុងស្ថិតនៅក្នុងការបៀតបៀននិងជួនបញ្ហាជាច្រើននៅក្នុងជីវិតរបស់ពួកគេក៏ដោយ ពួកគេមិនបានអធិស្ឋានសូមព្រះថា ព្រះអម្ចាស់អើយសូមដកហូតអស់ទាំងការបៀតបៀនឬទុក្ខលំបាកផ្សេងៗដែលទូលបង្គំកំពុងតែជួបចេញទៅ ពីព្រោះទូលបង្គំរងទុក្ខណាស់លំបាកណាស់ ទ្រង់មិនទតមើលពីទុកលំបាករបស់ទូលបង្គំទេឬអី។ ផ្ទុយទៅវិញពួកគេបានអធិស្ឋានឲ្យពួកគេអាចរងទ្រាំបាន ប្រឈមមុខបាននឹងការលំបាកទាំងប៉ុន្មានដែលពួកគេកំពុងជួបបាន មិនឲ្យពួកគេទន់ខ្សោយបាក់ទឹកចិត្ត ចុះចាញ់និងទុក្ខលំបាកដែលពួកគេកំពុងជួបនោះឡើយ ជាពិសេសគឺសូមទ្រង់ប្រទានអំណាចចេស្តាដើម្បីឲ្យពួកគេតតាំងនឹងការបៀត  បៀនបានដោយសេចក្តីជំនឿរឹងមាំតែម្តង។ នៅពេលខ្លះយើងសឹងតែមិនអាចឈរមាំបានឡើយចំពោះការបៀតបៀនរបស់អ្នកដទៃឬអ្នកដែលនៅជុំវិញខ្លួន ឬបញ្ហាយ៉ាងលំបាកដែលយើងបានជួននៅក្នុងជីវតរស់នៅសព្វថ្ងៃ ប្រហែលជាយើងមានចិត្តសង្ស័យចំពោះព្រះហើយ ថាទ្រង់មិនឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់យើងឡើយបានជាយើងចេះតែមានលំបាកនៅក្នុងជីវិត ចេះតែមានបញ្ហាផ្សេងៗចូលមកអស់ពីមួយមកមួយរហូត។ ពេលខ្លះទៀតយើងសម្លេងមើលទៅអ្នកដទៃព្រះចេះតែឆ្លើយតបចំពោះសំណូមអធិស្ឋានរបស់គេធ្វើឲ្យយើងបាកទឹកចិត្តក្នុងការអធិស្ឋានបន្តទៀត ហើយធ្វើឲ្យយើងមានគំនិតថាព្រះអយុត្តិធម៌ចំពោះយើង មានការលំអៀងចំពោះអ្នកផ្សេងៗទៀតផងក៏មិនដឹង។ ពេលខ្លះទៀតព្រះឆ្លើយតបយូរពេកក៏ធ្វើឲ្យយើងនឿយណាយចំពោះសេចក្តីអធិស្ឋានរហូតដល់ឈប់អធិស្ឋានក៏មាន ហើយលែងមានជំនឿក៏មានផងដែរ នេះគឺដោយតែពួកគេសម្លេងមើលមនុស្សដែលនៅជុំវិញខ្លួនគេ មិនបានសម្លេងមើលទៅកាន់ព្រះឡើយ។ មានសំណួរមួយបានលេចឡើយថា តើមនុស្សទាំងអស់នៅផែនដីមានតែយើងទេឬដែលត្រូវរងទុក្ខ ឬ ជួបទុក្ខនោះ? ទេគឺមនុស្សទាំងអស់តែងតែជួបទុក្ខលំបាកផ្សេងៗគឺទាំងអ្នកជឿ និង អ្នកដែលមិនជឿ។ ព្រះយេស៊ូវចង់ឲ្យយើងបានឆ្លងកាត់នូវបទពិសោធន៍រងទុក្ខដូចជាទ្រង់បានឆ្លងកាត់ការរងទុក្ខជាខ្លាំងជួសយើងនៅលើឈើឆ្កាង ដូច្នេះយើងបានស្លាប់ខាងឯសាច់ឈាមមែន ប៉ុន្តែយើងបានរស់ឡើងវិញខាងព្រលឹងវិញ្ញាណហើយ។ ពេលខ្លះទ្រង់ចង់ឲ្យយើងកាន់ខ្ជាប់ខ្ជួនខាងឯសេចក្តីជំនឿទើបទ្រង់ ផ្តល់ការល្បួងផ្សេងៗមកក្នុងជីវិតយើង ព្រោះបើគ្មានទុក្ខលំបាកសោះនោះជីវិតរបស់យើងនឹងភ្លេចពីបណ្តាព្រះគុណរបស់ព្រះ យើងដូចជាមិនខ្វល់ពីជីវិតសោះព្រោះយើងល្មមហើយគ្រប់គ្រាន់ សប្បាយហើយ   (យ៉ាកុប១:-៤) មានគ្រីស្ទានជាច្រើនបានត្អូញត្អែរពីទុក្ខលំបាកកម្រមាននរណាម្នាក់ជួបទុក្ខលំបាកហើយអំណរណាស់ ពីព្រោះយើងតែងតែខ្វល់ខ្វាយ ពិបាកចិត្ត នៅមិនស្រួលក្នុងចិត្តឡើយ ដោយសារតែយើងមិនបានថ្វាយភាពលំបាកខ្វល់ខ្វាយនោះទៅកាន់ព្រះ ហើយអនុញាតិឲ្យទ្រង់ជាអ្នកដោះស្រាយឡើយ។ យើងចង់ពឹងតែលើខ្លួនឯង គិតថាខ្លួនឯងមានសមត្ថភាពអាចដោះស្រាយវាបានហើយ តែព្រះចង់ឲ្យយើងសូម ចង់ឲ្យយើងនៅតែអធិស្ឋានទៅកាន់ទ្រង់ស្វែងរកទ្រង់គ្រប់ពេលទាំងអស់ ទោះពេលខ្លះយើងអាចដោះស្រាយវាបានពិតមែនតែទ្រង់ចង់មានភាពស្និទ្ធស្នាលជាមួយយើង មានទំនាក់តំនងល្អ ចង់ឲ្យយើងនឹកឃើញទ្រង់ ពិភាក្សាជាមួយទ្រង់ តែងតែសូមប្រាជ្ញាពីទ្រង់ក្នុងការធ្វើកិច្ចការទាំងអស់(យ៉ាកុប១:៥)។ ព្រះជាម្ចាស់មិនសព្វព្រះហឬទ័យឲ្យអ្នកដែលដើរតាមទ្រង់ចេះតែសូមនូវរបស់ល្អ សូមសេចក្តីសុខពីទ្រង់គ្រប់ពេលតែបែរជាមិនខ្វល់ពីអ្នកដទៃនោះឡើយ តែទ្រង់ចង់ឲ្យយើងចេះបន្ទាបខ្លួនសូមការដឹកនាំពីទ្រង់ក្នុងសេចក្តីជំនឿ ទោះជាការនោះមិនសូវល្អចំពោះយើងក៏ដោយយើងត្រូវចេះទ្រាំទ្រ ហើយអត់ធ្មត់នឹងការនោះដោយសេចក្តីអធិស្ឋានចាំយាមជានិច្ច។ Ex: យ៉ូសែបគាត់បានប្រាប់ទៅបងៗគាត់ថា អ្នករាល់គ្នាបានធ្វើអាក្រក់តែព្រះបានធ្វើឲ្យវាជាការល្អវិញ ដើម្បីការពារអ្នករាល់គ្នា(លោកប្បត្តិ៤៥:-៨)។ ដូច្នេះមិនមានន័យថាឲ្យតែយើងជួបទុក្ខលំបាកគឺជាអំពើបាប គិតថាប្រហែលជាព្រះដាក់ទោសយើង​ឬក៏យើងបានធ្វើអ្វីខុសនោះទេ ពេលខ្លះទ្រង់បានផ្តល់ការអាក្រក់ដល់យើងដើម្បីឲ្យការនោះប្រែជាការល្អសម្រាប់យើងវិញ បើយើងមើលទៅដូចជាលំបាកទ្រាំណាស់នៅពេលដំបូង តែក្រោយមកព្រះធ្វើការនោះកែប្រែជាល្អយ៉ាងខ្លាំងដែលយើងមិនអាចនឹកស្មានដល់ឡើយ។ ដូច្នេះការដែលយើងអធិស្ឋានសូមឲ្យការអាក្រក់ទាំងឡាយចេញពីយើង មានន័យថាយើងកំពុងមានគំនិតអាត្មានិយម យើងគិតតែចង់បានការល្អសម្រាប់ខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែបើពួកយើងធ្វើដូចនេះគឺមានន័យថាយើងកំពុងធ្វើឲ្យខ្លួនឯងធ្លាក់ក្នុងភាពអាត្មានិយមកាន់តែជ្រៅហើយ ព្រោះយើងមិនបានយកចិត្តទុកដាក់ចំពោះខ្លួនឯងឲ្យដិតដល់ឡើយ បើយើងយកចិត្តទុកដាក់ពីសេចក្តីជំនឿរបស់យើង នោះយើងត្រូវអធិស្ឋានសម្រាប់ខ្លួនឯងឲ្យមានជំនឿរឹងមាំក្នុងសេចក្តីទុក្ខលំបាកជាមុនសិន ដើម្បីកុំឲ្យយើងមានចាញ់សេចក្តីល្បួង ទ្រាំទ្រនូវទុក្ខលំបាកទាំងឡាយបានផងដែរដោយសេចក្តីជំនឿនៅក្នុងជីវិតជាគ្រីស្ទាន។ ជាការពិតការដែលសូមបែបនេះមិនសូវមាននោះឡើយ ពីព្រោះគ្រីស្ទានទាំងឡាយតែងគិតថាការរងទុក្ខជាបន្ទុកមួយ ឬជាឧបសគ្គមួយសម្រាប់គាត់បើសូមព្រះដកចេញគឺគាត់លែងមានឧបសគ្គទៀតហើយ តែអ្វីដែលជាឧបសគ្គដ៏ធំនោះគឺគាត់ទៅវិញទេដែលមិនមានទំនុកចិត្តលើខ្លួនឯង បើគាត់មានទំនុកចិត្តលើខ្លួនឯងដោយសេចក្តីអធិស្ឋាននោះគាត់នឹងបានឈ្នះនូវឧបសគ្គនោះដោយស្វ័យប្រវត្តិជាមិនខាន។ ជាការពិតជាជំនួយមកពីព្រះជាម្ចាស់និងព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែបើយើងមានជំនឿត្រូវមានទំនុកចិត្តលើជំនឿរបស់យើងសិន ទើបយើងអាចឆ្លងកាត់ឧបសគ្គនិងតតាំងបានចំពោះ សេចក្តីល្បួងពីលោកិយនិងអារក្សដែលជាសត្រូវខាងព្រលឹងវិញ្ញាណផងដែរ។ បើគ្រាន់តែភាពរងទុក្ខខាងសាច់ឈាមយើងមិនអាចឆ្លងកាត់បានផង ចុះទម្រាំតែការរងទុក្ខខាងវិញ្ញាណវិញយ៉ាងណាទៅ។
 . មិនមែនសូមទ្រង់ដកបញ្ហាចេញតាមបំណងចិត្ត គឺតាមបំណងព្រះហឬទ័យរបស់ព្រះវិញ(ខ៣១-៣៧)
            យើងអាចមើលឃើញពីគម្រូរបស់ពួកជំនុំដើម គឺពួកគេបានរួមចិត្តគ្នាតែមួយដើម្បីអធិស្ឋានរួមគ្នា មិនតែប៉ុណ្ណោះពួកគេបានយករបស់ទ្រព្យ ដែលពួកគេមានទាំងអស់ទៅលក់ហើយដាក់របស់រួមវិញ ពួកគេ មិនបានគិតពីជីវិតរស់នៅរបស់ពួកគេទៅជាយ៉ាងណាទេ ថ្ងៃក្រោយទៅជួបលំបាកយ៉ាងណាទៅបើអស់របស់ទាំងនោះទៅ តែពួកគេបានគិតពីប្រយោជន៍រួម មានចិត្តថ្វាយព្រះទាំងទ្រព្យសម្បត្តិ ពេលវេលា និង ជីវិតរបស់ពួកគេផងដែរ។ ពួកគេបានអធិស្ឋានដោយការបន្ទាបខ្លួនទៅចំពោះព្រះនោះពួកគេក៏ទទួលបានការឆ្លើយតបភ្លាមៗតែម្តងដោយព្រោះ វាជាការសមស្របតាមបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ ពួកគេបានស្វែងរកនគរព្រះជាមុន មុនអ្វីៗទាំងអស់(ម៉ាថាយ៦:៣៣) ពួកគេកំពុងប្រមូលទ្រព្យសម្បត្តិនៅស្ថានសួគ៌ ទោះជាពួកគេមិនមានទ្រព្យសោះនៅផែនដីក៏ដោយ(ម៉ាថាយ៦:១៩-២១)។
            នៅខាងលើយើងបានដឹងរួចមកហើយថា ព្រះជាម្ចាស់ចង់ហ្វឹកហ្វឺនយើងឲ្យយើងចេះការពារសេចក្តីរបស់យើងឲ្យបានរឹងមាំក្នុងសេចក្តីរងទុក្ខផ្សេងៗនៅក្នុងជីវិត។ ការអធិស្ឋានសម្រាប់ខ្លួនឯងគឺសំខាន់ណាស់សម្រាប់យើងម្នាក់ៗដែលជាគ្រីស្ទាន មិនមានន័យថាយើងមិនអធិស្ឋានសម្រាប់អ្នកដទៃទៀតត្រូវតែអធិស្ឋានសម្រាប់ខ្លួនឯងតែម្នាក់នោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីខ្លួនឯងជាមុនសិន។ យើងដឹងថាទោះជាយើងបានក្លាយជាគ្រីស្ទានមែនពិត ប៉ុន្តែយើងនូវតែមានមហិច្ឆតាចំពោះខ្លួនខ្ពស់ដដែលរាល់សំណូមអធិស្ឋានរបស់យើងគឺតែងតែសូមព្រះទៅតាមបំណងចិត្តរបស់យើង។ Ex: យើងបានច្រៀងព្រះថាមិនដែលស្តាយដែលបានសម្រេចចិត្តដើរតាមទ្រង់ ធ្វើតាមបំណងព្រះហឬទ័យរបស់ទ្រង់ជានិច្ចប៉ុន្តែនៅពេលដែលយើងអធិស្ឋានគឺចង់ឲ្យទ្រង់ជាអ្នកតម្រូវតាមចិត្តរបស់យើងទៅវិញ។ នោះជារបៀបមួយដែលយើងអាចមើលឃើញនៅពេលដែលមនុស្សភាគច្រើនអធិស្ឋានទៅកាន់ព្រះ ពួកគេពិតជាដឹងថាព្រះទ្រង់សប្បុរស ស្មោះត្រង់ មានមេត្តាករុណា និង ផ្តល់ព្រះគុណហូរហៀរដល់ពួកគេ ប៉ុន្តែគេមិនដែលយល់ពីបំណងព្រះហឬទ័យរបស់ព្រះឡើយ យូរៗទៅគេចាត់ទុកព្រះជាធនាគារមួយដែលមានជាងគេលើពិភពលោកគិតតែពីដកតែមិនដែលដាក់ចូលសោះ។ ព្រះជាម្ចាស់ចង់ឲ្យយើងចេះសូម ចេះទទូល ចេះតមស្នងសងគុណដោយការស្តាប់បង្គាប់ ទោះជាយើងគ្មានអ្វីសម្រាប់សងទ្រង់ក៏ដោយតែទ្រង់ក៏ឲ្យយើងយល់ពីបំណងព្រះឬទ័យរបស់ទ្រង់ ដោយចេះអរព្រះគុណដល់ទ្រង់នូវបណ្តាព្រះគុណដែឡទ្រង់បានផ្តល់មកផងដែរគឺត្រូវមានគំនិតគិតនូវអ្វីដែលគួរគប្បីតាមខ្នាតនៃសេចក្តីជំនឿរបស់យើង(រ៉ូម១២:៣)។ យើងនៅតែសូម ព្រះដកនូវការឈឺចាប់ឬការរងទុក្ខចេញពីជីវិតរបស់យើងបាន ប៉ុន្តែសូមកុំតាមតែចិត្តរបស់យើងឡើយ សូមឲ្យទ្រង់ជាអ្នកគ្រប់គ្រងវាចុះ សូមឲ្យវាតាមបំណងព្រះហឬទ័យរបស់ព្រះចុះ។ Ex:មុនពេលព្រះយេស៊ូវទ្រង់ត្រូវគេធ្វើទារុណកម្ម ទ្រង់បានអធិស្ឋានឲ្យព្រះវរបិតាដកពែងចេញពីទ្រង់ ពីព្រោះទ្រង់ដឹងថាវានឹងពិបាកខ្លោចផ្សាណាស់ ប៉ុន្តែទោះជាទ្រង់ដឹងមុនថាវានេងពិបាកទ្រាំក៏ដោយតែទ្រង់នៅតែសូមឲ្យការនោះ ស្របតាមបំណងព្រះហឬទ័យរបស់ព្រះដដែល មិនមែនតាមចិត្តទ្រង់ឡើយ ទ្រង់នៅតែឆ្លងកាត់ការរងទុក្ខនោះដដែលមិនអាចជៀសផុត មិនមែនដើម្បីខ្លួនឯងគឺដើម្បីយើងរាល់គ្នាដែលជាមនុស្សមានបាបទៅវិញទេ ដើម្បីលោះយើងពីបាបនិងសង្គ្រោះជីវិតយើងរាល់គ្នាទៅវិញទេ(ម៉ាថាយ២៦:៣៩)។ យើងមើលឃើញីការទទួលខុសត្រូវដ៏ឧត្តុងឧត្តមរបស់ទ្រង់ចំពោះការលះបង់របស់ទ្រង់ ទោះជាទ្រង់ដឹងពីហេតុការណ៍ច្បាស់ដែលនឹងកើតឡើងចំពោះទ្រង់ក៏ដោយ ក៏ទ្រង់នៅតែទទួល ចុះយើងវិញគ្រាន់តែមិនបានដឹងហេតុការណ៍អ្វី ឬគ្រាន់តែមានអារម្មណ៍មិនល្អគឺអធិស្ឋានភ្លែតសូមទ្រង់ដកវាចេញវិញភ្លាមតែម្តង តើឯណាទៅជាទំនួលខុសត្រូវក្នុងជីវិតជាអ្នកដើរតាមព្រះ​ យើងពោលដដែលៗថាសូមឲ្យទ្រង់ជួយយើង ផ្តល់ឲ្យយើងសព្វគ្រប់បែបយ៉ាងតាមចិត្តរបស់យើង តែចំពោះយើងវិញនៅពេលយើងអធិស្ឋានសូមអ្វីទ្រង់ថាសូមតាមបំណងព្រះហឬទ័យរបស់ទ្រង់ ដល់ពេលទ្រង់មិនផ្តល់មកបែរជាគិតថាទ្រង់មិនយុត្តិធម៌ទៅវិញ។ យើងត្រូវគិតពិចំណុចនេះបើយើងបានសូមឲ្យតាមបំណងព្រះហឬទ័យរបស់ព្រះហើយចុះហេតុអ្វីខឹងនឹងទ្រង់ពេលទ្រង់មិនផ្តល់មក គឺទ្រង់សព្វព្រះហឬទ័យមិនផ្តល់មកនឹងឯងដើម្បីកុំឲ្យយើងជួនបញ្ហាអ្វីមួយ គឺទ្រង់មានហេតុផលដែលមិនផ្តល់ នោះយើងបែរជាសង្ស័យទ្រង់ទៅវិញតើបានប្រយោជន៍អ្វីដល់យើង? ដូច្នេះយើងមិនបានអធិស្ឋានតាមបំណងទ្រង់គឺតាមចិត្តយើងដដែលនឹង។ ទ្រង់មានសិទ្ធផ្តល់ហើយទ្រង់មានសិទ្ធមិនផ្តល់មកយើងដូចគ្នា យើងគ្មានខឹងនឹងទ្រង់ឡើយព្រោះយើងគ្រាន់តែឧបករណ៍របស់ទ្រង់ យើងតែងតែសូមពីទ្រង់រហូតគ្រប់យ៉ាង ពេលខ្លះមានចិត្តអំណួតចំពោះខ្លួនឯងទៀតថាសូមបានៗពីព្រះ សូមពេលណាបានពេលនឹងដូចអ្នកកម្ម៉ងម្ហូបនៅហាងបាយអញ្ចឹង តើយើងបានឲ្យអ្វីដល់ទ្រង់ខ្លះហើយឬនៅ មិនបានធ្វើអ្វីសម្រាប់ទ្រង់សោះហើយបែរជាលែងគោរពកោតខ្លាចដល់ទ្រង់ទៅវិញ។ ការអធិស្ឋានគឺសំខាន់នៅពេលដែលយើងជួបបញ្ហា ប៉ុន្តែអ្វីសំខាន់យើងត្រូវប្រឈមមុខនិងមានទំនួលខុសត្រូវចំពោះសេចក្តីជំនឿរបស់យើង។
v  ទេវសាស្រ្ត
  ព្រះ: ព្រះជាម្ចាស់ទ្រង់សព្វព្រះហឬទ័យចំពោះសេចក្តីអធិស្ឋានជាចម្បង ទ្រង់បានប្រទានពរដល់អ្នកដែលចង់មានទំនាក់ទំនងជាមួយទ្រង់យ៉ាងខ្លាំង ទ្រង់មិនចង់ឲ្យកូនណាម្នាក់ត្រូវឃ្លាតឆ្ងាយពីទ្រង់ដោយគ្មានទំនាក់ទំនងជាមួយទ្រង់ឡើយ។ ទោះជាទ្រង់សព្វញូញ្ញាណក៏ដោយក៏ទ្រង់ពិតជាចង់ឲ្យយើងមានចិត្តចង់ពិភាក្សាជាមួយទ្រង់ដោយផ្ទាល់ ចង់ទៅជិតទ្រង់ថែមទៀត។
  មនុស្ស:  មនុស្សគ្រប់គ្នាតែងតែអធិស្ឋានតែនៅពេលដែលជួបទុក្ខលំបាកប៉ុណ្ណោះ ហើយជាពិសេសគឺអធិស្ឋានសូមឲ្យបញ្ហាចេញឆ្ងាយ តែតែមានទំនាក់ទំនងជាមួយទ្រង់ដោយផ្ទាល់ទេដែលអាចធ្វើមនុស្សកាន់តែដូចព្រះគ្រីស្ទ។ ពួកគេចាំបាច់ត្រូវតែពិភាក្សាជាមួយនឹងព្រះបើពួកគេចង់បានអំណរនៅក្នុងជីវិតនិង មានភាពជោគជ័យនៃជិវិតជាគ្រីស្ទាននៅលើផែនដីនេះ។
សេចក្តីបញ្ចប់ និង ការអនុវត្តន៍
          តាមរយៈអត្ថបទខាងលើយើងអាចរៀនបានមេរៀន៣ ពីរបៀបនៃការអធិស្ឋានសម្រាប់ខ្លួនឯងជាមុន មុននឹងយើងអធិស្ឋានសម្រាប់អ្នកដទៃដែលនៅជុំវិញខ្លួនយើង។ ទី១ ដើម្បីឲ្យខ្លួនមានជំនឿរឹងមាំលើព្រះជាម្ចាស់ ទី២ ឈរមាំចំពោះការបៀតបៀនឬបញ្ហាផ្សេងៗនៅក្នុងជីវិតក្នុង និងទី៣ មិនមែនសូមព្រះដកការបៀតបៀនចេញពិយើងតមាចិត្តរបស់យើងឡើយ គឺតាមបំណងព្រះហឬទ័យរបស់ព្រះ។ យើងអាចរៀនបានពីអាកប្បកិរិយាដែលពួកជំនុំនៅពេលនោះធ្វើក្នុងពេលអធិស្ឋាន ដំបូងគឺពួកគេបានហៅព្រះថាជាព្រះនៃគ្រប់ទាំងអស់ ដើម្បីរំលឹកពួកគេថាទ្រង់ជាព្រះអាទិករយ៉ាងពិតប្រាកដសម្រាប់ពួកគេ។ ទ្រង់ជាព្រះដែលព្រះដែលគ្រប់គ្រង់លើគ្រប់ទាំងអស់ យើងត្រូវតែរំលឹកខ្លួនឯងរាល់ពេលពីការនេះ។ ទ្រង់ជាព្រះដែលមានអំណាចលើទុក្ខលំបាកឬបញ្ហាទាំងឡាយហើយទ្រង់ក៏អាចធ្វើអ្វីៗគ្រប់យ៉ាង ប៉ុន្តែអ្វីដែលសំខាន់នោះគឺទ្រង់នៅតែចង់ឲ្យយើងចេះសូមដល់ទ្រង់ដោយការបន្ទាបខ្លួន និង គោរពកោតខ្លាចដល់ទ្រង់ផងដែរ។ ព្រះជាម្ចាស់បានឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់ពួកអ្នកជឿនៅសម័យនោះភ្លាមតែម្តង ដោយព្រោះតែពួកគេបានអធិស្ឋានដោយមានសេចក្តីជំនឿនៅក្នុងចិត្តនិងជឿទុកចិត្ត ពីការឃុំគ្រងរប​ស់ទ្រង់ចំពោះពួកគេ។
            ដូច្នេះក្នុងនាមយើងជាគ្រីស្ទបរិស័ទនៅពេលដែលយើងអធិស្ឋាន សូមកុំគ្រាន់តែនឹកចាំពីតម្រូវការប្រចាំថ្ងៃសូមរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន សូមឲ្យទ្រង់ជួយដោះស្រាយបញ្ហាដែលជួបនៅក្នុងជីវិត បញ្ហាសុខភាព ការសិក្សា ការរកស៊ី សុភមង្គលក្នុងគ្រួសារ ប៉ុន្តែសូមលើកទឹកចិត្តនឹកចាំពីខ្លួនឯងជាមុនសិន ចូរអធិស្ឋានសូមឲ្យព្រះប្រទាននូវភាពរឹងមាំក្នុងសេចក្តីជំនឿ បើយើងមានភាពរឹងមាំហើយនោះសេចក្តីអធិស្ឋានរបស់យើងនឹងមានប្រសិទ្ធភាព ហើយយើងក៏មានលទ្ធភាពអធិស្ឋានសម្រាប់អ្នកដទៃបានសម្រេចតាមបំណងរបស់ព្រះជាម្ចាស់ផងដែរ។ ក្នុងការអធិស្ឋានសូមកុំមានគំនិតអត្មានិយមចំពោះខ្លួនឯងតែអយុត្តិធម៌សម្រាប់អ្នកដទៃអី គឺសូមឲ្យព្រះវិញ្ញាណជួយដឹកនាំយើងនិងផ្តល់អំណាចឲ្យយើងឈរមាំមួន ក្នុងសេចក្តីជំនឿបានមិនរត់គេចពីបញ្ហាឬ គិតតែពីសូមទ្រង់ឲ្យដកអស់ទាំងសេចក្តីរងទុក្ខហើយឲ្យយើងមានអំណរនោះឡើយ។ បើយយើងអាចឈរមាំនឹងសេចក្តីបៀតបៀនឬរងទុក្ខបាននោះមានន័យថាយើងបានរស់នៅដោយអំណរហើយ ពីព្រោះយើងមិនបានចុះចាញ់ចំពោះបទពីសោធន៍នៃការរងទុក្ខនៅលើលោកិយនេះ។ ទោះយើងមើលទៅឃើញថាវាពិបាកក្នុងការរស់នៅ ប៉ុន្តែព្រះជាម្ចាស់នឹងប្រទានរង្វាន់សម្រាប់យើងនៅពេលក្រោយ យើងពិបាកមុនហើយស្រណុកក្រោយ។ ព្រះជាម្ចាស់មិនត្រឹមតែចង់ឲ្យយើងដែលជាកូនទ្រង់មានទំនាក់ទំនងល្អជាមួយឡើយ គឺទ្រង់ថែមទាំងចង់ឲ្យយើងចេះការពារសេចក្តីជំនឿរបស់យើងខ្លួនឯង ដោយការអធិស្ឋានពីព្រោះមិនប្រាកដថាកូនគ្រូគង្វាលទាំងអស់សុទ្ធតែមានជំនឿទាំងអស់នោះទេ មិនប្រាកដថាអ្នកដែលទៅព្រះវិហាររៀងរាល់អាទិត្យសុទ្ធតែជាអ្នកជឿពិតទាំងអស់ដែរ យើងមិនអាចមើលនឹងភ្នែកឃើញពីសេចក្តីជំនឿរបស់គេបានទេ តែយើងអាចវាស់សេចក្តីជំនឿគេបានតាមរយៈសកម្មភាពរបស់គេ។ ដូច្នេះមានតែបុគ្គលម្នាក់ៗផ្ទាល់នឹងព្រះប៉ុណ្ណោះទើបអាចដឹងពីសេចក្តីជំនឿរបស់គេជាមួយនឹងព្រះបានតាមរយៈការប្រកបជាមួយនឹងព្រះនិងផលផ្លែ ការផ្លាស់ប្រែនៃជីវិតថ្មីរបស់គេ។



ឯកសារយោង
វចនានុក្រមព្រះគម្ពីរ
ព្រះគម្ពីរសិក្សាព្រះគម្ពីរសញ្ញាថ្មី រៀបរៀងដោយសម្ព័ន្ធព្រះគម្ពីរកម្ពុជា ប្រអប់សំបុត្រលេខ២០៤០ ភ្នំពេញ កម្ពុជា ផ្សព្វផ្សាយព្រះបន្ទូលតាំងពីឆ្នាំ១៩៣៨
Bible Commentary Easy English by MissionAssist

0 Comments

Type and hit Enter to search

Close