Breaking News

ថ្ងៃទី៧និងគោលបំណងរបស់ព្រះសម្រាប់មនុស្សជាតិ (លោកុប្បត្តិ១:២-២:៣)


ផ្តើម៖ កើត ចាស់ ឈឺ ស្លាប់​ ជាទស្សនៈពុទ្ធសាសនាដែលមនុស្សរាប់លាននាក់បានជឿតាម។
កាលពីបួនឆ្នាំកន្លងមុន មានស្ត្រីម្នាក់បានរងទុក្ខយ៉ាងខ្លាំងដោយជំងឺមហារីកមាត់ ទោះជាទទួលការព្យាបាលជាច្រើន
នៅតែ​មិន​អាច​ជាទេ​ យើងបានឃើញពីស្ថានភាព​ទ្រុឌទ្រោម​ខាងរូបកាយរបស់គាត់ នៅពេលគាត់ឈាន ជិតដល់ សេចក្តីស្លាប់ ។ វាពិតជារឿងមួយដ៏​ឈឺចាប់ណាស់ ដែលឃើញការណ៍នោះកើតឡើងចំពោះ​គាត់ គាត់គឺជាអ្នកជាទី ស្រឡាញ់របស់យើង ប្រពន្ធរបស់ខ្ញុំបាន​ខូចចិត្ត​ខ្លាំងណាស់ ។ គាត់បានទទួលមរណភាពនៅចុងខែសីហា ឆ្នាំ២០១២ ស្រ្តីនោះគឺជាម្តាយក្មេករបស់ខ្ញុំ។ តើគាត់នឹងបានចូលទៅក្នុងសេចក្តីសំរាករបស់ព្រះឬទេ? បន្តិចទៀតចាំខ្ញុំប្រាប់។ (មានរូបភាពស្លាយ)


ឃ្លាភ្ជាប់៖ ក្នុងពេលនោះខ្ញុំបានសួរខ្លួនឯងនូវសំណួរមួយ៖ តើអ្វីទៅជាគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការ ដែលទ្រង់បង្កើតជីវិត មនុស្សឲ្យរស់នៅលើផែនដីនេះ? តើជីវិតមនុស្សរស់នៅលើផែនដីនេះសម្រាប់តែស្លាប់ទៅវិញ តែប៉ុណ្ណោះឬ?  តើថ្ងៃទី៧ទាក់ទងអ្វី​ជាមួយនឹងគោលបំណងរបស់ព្រះជាម្ចាស់សម្រាប់ជីវិតមនុស្សជាតិ?​  

សង្ខេបព្រះគម្ពីរ(លោកុប្បត្តិ១:២-២:៣)៖
            ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃនិងផែនដី។ ថ្ងៃទីមួយទ្រង់បានបង្កើតពន្លឺ  ថ្ងៃទីពីរទ្រង់បានបង្កើតទឹក និងមេឃ ថ្ងៃទីបីទ្រង់​បាន​បង្កើតដីគោក ថ្ងៃទីបួនទ្រង់បានបង្កើតព្រះអាទិត្យ ព្រះច័ន្ទ និងហ្វូងផ្កាយ  ថ្ងៃទីប្រាំ ទ្រង់បានបង្កើតពពួកមច្ឆានិងបក្សីគ្រប់ប្រភេទ  ថ្ងៃទីប្រាំមួយ​ទ្រង់បានបង្កើតសត្វស្រុក សត្វព្រៃ សត្វលូនវាគ្រប់ប្រភេទ និងបង្កើតមនុស្ស។ ថ្ងៃទីប្រាំពីរព្រះអង្គសម្រាកពីការបង្កើត ព្រះអង្គប្រទាន​ព្រះពរថ្ងៃទី៧ និងញែកថ្ងៃទី៧ជាបរិសុទ្ធ​។  រាល់ថ្ងៃទីមួយដល់ទីប្រាំមួយសុទ្ធតែ​មានល្ងាចមានព្រឹក។ ប៉ុន្តែថ្ងៃទីប្រាំពីរអត់មានល្ងាចមានព្រឹកឡើយ។

ជាការសំខាន់ដែលត្រូវជ្រើសរើសយកជម្រើសណាមួយ ទាក់ទងនឹងអ្វីៗដែលព្រះបានបង្កើត។ ជម្រើសទីមួយ តាមទ្រឹស្តីនៃការវិវត្តន៍ Materialistic evolution ជឿថាគ្មានព្រះ ហើយធម្មជាតិកើតមកឯកឯង។ ជម្រើសទីពីរ តាមទ្រឹស្តីនៃ theistic evolution ជឿថាមាន​អទិទេព ហើយធម្មជាតិកើតឡើងដោយមានជំនួយពីអំណាចរបស់ អទិទេពខ្លះ បូកជាមួយនឹងការវិវត្តន៍ខ្លះ។ រីឯជម្រើសទីបី គឺ divine creation ជឿថា មានព្រះអទិករ ដែលពោរពេញ ដោយគតិបណ្ឌិត សព្វញ្ញុញាណ បានបង្កើតធម្មជាតិទាំងអស់មក។ ទ្រង់ប្រើ​ពេល៦ថ្ងៃ​ដើម្បីបង្កើតទាំងអស់។ បន្ទាប់ពីអ្វីៗដែលទ្រង់បានបង្កើតបានចប់សព្វគ្រប់ គឺគ្មានអ្វីថ្មីផ្សេងៗទៀតបានកើតក្រោយមកឡើយ។
យើងបានដឹងថាជម្រើសទីមួយដែលថាគ្មានព្រះ ហើយធម្មជាតិកើតឡើងដោយឯកឯងនោះមិនពិតឡើយ ព្រោះភាព អស្ចារ្យនៃពិភព​ចក្រវានេះស្តែងឲ្យឃើញថា មានអទិករដែលបានបង្កើតពួកវាមក​។ ជម្រើសទីពីរក៏មិនអាចដែរ ព្រោះយើងមិនឃើញមានការវិវត្តន៍បន្ត ទៀតទេនៅសព្វថ្ងៃនេះ។ នៅសល់តែជម្រើសទីបី ហើយជាអ្វីដែលព្រះគម្ពីរ​បរិសុទ្ធ​ជាព្រះបន្ទូលនៃព្រះនៅក្នុងលោកុប្បត្តិជំពូកទី១-២បានប្រាប់យើង​ គឺថា មានព្រះអទិករបានបង្កើតចក្រវាឡ​នេះ។​ ព្រះបានបង្កើតទាំងអស់ក្នុងរយៈពេល៦ថ្ងៃ។ ហើយថ្ងៃទី៧ទ្រង់បាន សម្រាក។


សំណួរស្នូល៖ តើអត្ថបទគម្ពីរនេះនិយាយអ្វីខ្លះ​ពី​គោលបំណង​របស់ព្រះជាម្ចាស់សម្រាប់ថ្ងៃទី៧?





គំនិតស្នូល៖ គោលបំណងនៃថ្ងៃទី៧យ៉ាងតិចណាស់មាន៣យ៉ាង៖

1.ព្រះជាម្ចាស់ទ្រង់ធ្វើការ៦ថ្ងៃ ហើយថ្ងៃទី៧ទ្រង់សម្រាកទុកជាគំរូឲ្យយើងសម្រាក(១:២-២:​២)
"ទ្រង់ក៏ឈប់ផ្អាកសំរាកនៅថ្ងៃទី៧នោះ ពីគ្រប់ទាំងការដែលទ្រង់ធ្វើ"(២:២)

នៅជំពូក២:១-៣ បានថ្លែពី" ថ្ងៃទី៧ " ដល់ទៅបីដង ដើម្បីបញ្ជាក់ថាជាថ្ងៃយ៉ាងសំខាន់បំផុត។

ជាដំបូងយើងមើល​កិរិយាស័ព្ទ​នៅ២:"ឈប់ផ្អាកសម្រាក" គឺជាកិរិយាស័ព្ទគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ភាសាហេ​ព្រើរ​គឺសប្ប័ទ។យើងត្រូវយល់ឲ្យច្បាស់ថា មិនមែនព្រះជាម្ចាស់ត្រូវការសំរាកដោយព្រោះនឿយហត់ទេ។


នៅជិតចុងឆមាសអញ្ចឹង ​និស្សិតកំពុងតែរវល់យ៉ាងខ្លាំងក្នុងការធ្វើលំហាត់ និងសម្រុករៀនដើម្បីប្រឡង។ និស្សិតខ្លះ​អស់កម្លាំងចង់សំរាក​តែនៅមានលំហាត់ច្រើន ទោះជាសុំច្បាប់សម្រាក ក៏គ្មានអំណរ ព្រោះអារម្មណ៍នៅតែវិលវល់​នឹងលំហាត់គ្រប់មុខវិជ្ជា។ ដេកក៏យល់សប្តិឃើញ​លំហាត់ហោះកាត់មុខ។ នេះមិនមែនជាការសម្រាកពិតប្រាកដទេ។

អេសាយ 40:28, ប្រាប់ថា "ព្រះយេហូវា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ទ្រង់មិនដែលល្វើយឡើយ ក៏មិនដែល​អស់កំឡាំង​ផង" ទំនុកដំកើង​ 121:4 បានថ្លែងថា ទ្រង់មិនដែលងោកងុយ ឬផ្ទុំលក់ឡើយ។ ទ្រង់មិន​ត្រូវការ​​ស្តារកម្លាំង​ឡើងវិញ​ឡើយ ព្រោះទ្រង់មិនដែលអស់កម្លាំង ទ្រង់មិនដែលខ្សោយ។

អញ្ចឹងការ"ឈប់ផ្អាកសម្រាក"របស់ព្រះមានន័យដូចម្តេច? នេះជាពាក្យដែលអាចឲ្យយល់ច្រឡំថាព្រះត្រូវការសម្រាក។ ហេតុនេះខ្ញុំ ចំណាយពេលបន្តិចដើម្បីពន្យល់ពាក្យនេះ។ អត្ថន័យនៃពាក្យភាសាហេព្រើរ សប្ប័ទមានន័យថា "មិនធ្វើការ" អត្ថន័យតែប៉ុណ្ណឹងទេ។ ដោយសារទ្រង់បានបញ្ចប់​ការបង្កើត​របស់សព្វសារពើររួចរាល់ហើយ ដូច្នេះគ្មានអ្វីទៀតដែលទ្រង់ត្រូវបង្កើតឡើយ។ អញ្ចឹងទ្រង់ឈប់​ពីការ​បង្កើត។ ពាក្យហ្នឹងមានន័យអញ្ចឹង។ ព្រះសម្រាកដោយអំណរ ព្រោះឃើញថាកិច្ចការបង្កើតរបស់សព្វសារពើរ​បាន​បញ្ចប់​​ហើយ។ ព្រះអង្គទតមើលស្នាព្រះហស្ថដែលទ្រង់ បានបង្កើត ឃើញថា ល្អប្រពៃ ហើយ(លោកុប្បត្តិ១:៣១)។   ទ្រង់បានបង្កើតដោយគ្មាន​អំពើបាប គ្មានសេចក្តីពុករលួយ គ្មានបណ្តាសា គ្មានសេចក្តីស្លាប់។ ពេលទ្រង់ឃើញ​ផ្ទៃមេឃ​​​ពណ៌ខៀវ ស្រងាត់ ធម្មជាតិស្រស់បំព្រង មានផ្ការីក​ក្លិនក្រអូបនិងចំរុះពណ៌គួរឲ្យចង់គយគន់ ហើយមាន​ផ្កាយបំភ្លឺ​នៅពេលរាត្រី។ ពេលទ្រង់ឃើញមានព្រៃព្រឹក្សា មានសត្វ​គ្រប់ប្រភេទ តើទ្រង់មានអំណរយ៉ាងណា នៅពេល​ទ្រង់​​យាង​កាត់​សួនអេដែន? តើទ្រង់មាន​អំណរយ៉ាងណា​ពេលទ្រង់មានសេចក្តីប្រកប​ជាមួយ​អ័ដាមនិងអេវ៉ាដែល​ទ្រង់​បាន​បង្កើតមក? ទ្រង់មានអំណរ ព្រោះថាអ្វីៗដែលមនុស្ស ត្រូវការ គឺទ្រង់បានបង្កើតនិងប្រទានឲ្យ​សព្វគ្រប់ អ្វីៗដែល​សំខាន់ចាំបាច់ដើម្បីឲ្យអ័ដាម​និងអេវា​មានសុភមង្គល។ គម្រូនៃថ្ងៃសម្រា​ក​របស់ព្រះជាម្ចាស់ មិនមែនព្រះបង្កើត​ដោយ​ចៃដន្យ ​ឬគ្មានគោលបំណងនោះទេ។ ទ្រង់បានបង្កើតថ្ងៃសម្រាក មនុស្សដែលទ្រង់បាន​បង្កើត​តាមរូបអង្គទ្រង់ ទ្រង់​ឲ្យ​មាន​រូបកា​យ​និងចំណង់​ចង់បាន​ថ្ងៃសម្រាក ដើម្បីឲ្យ​មានអំណររីករាយ។

ចូរស្តាប់និក្ខមនំជំពូក២០:៨-១១ នៅក្នុងបញ្ញតិ១០ប្រការចែងថា "ចូរនឹកចាំពីថ្ងៃឈប់សំរាក" នឹកចាំពីថ្ងៃសប្ប័ទ។ "ចូរញែកថ្ងៃនោះ​ជាបរិសុទ្ធ។ រយៈពេល៦ថ្ងៃ ត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់​សំរាក​​ថ្វាយព្រះយេហូវ៉ាជាព្រះ​នៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឲ្យសោះ ទោះខ្លួនឯងឬកូនប្រុសកូនស្រីឯងក្តី ទោះ​បាវប្រុស ឬបាវស្រីឯងក្តី ទោះសត្វរបស់ឯង ឬអ្នកដទៃដែលនៅផ្ទះឯងក្តី ដ្បិតក្នុង៦ថ្ងៃ ព្រះយេហូវ៉ាទ្រង់បានធ្វើ​ផ្ទៃមេឃ ផែនដី ហើយនិងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅ ស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សំរាក ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់សំរាក ហើយក៏ញែក ចេញជាបរិសុទ្ធ" ។ នេះជាពាក្យ "ឈប់សំរាក" ដូចគ្នានឹងពាក្យដែលអ្នកនិពន្ធលោកុប្បត្តិបានប្រើ។ តាមន័យត្រង់ៗគឺមានន័យថា​មិន​ត្រូវធ្វើការ​នៅ​ថ្ងៃទី៧ឡើយ។ ដូច្នេះសំរាកនៅថ្ងៃទី៧ មិនមែនដើម្បីស្តារកម្លាំងទេ តែគឺមានន័យថាមិន​ធ្វើការងារណាឡើយ។  

2.ព្រះបានប្រទានព្រះពរនិងញែកទុកជាថ្ងៃបរិសុទ្ធ(២:៣)
"ព្រះក៏ទ្រង់ក៏ប្រទានពរដល់ថ្ងៃទី៧នោះ ព្រមទាំងញែកទុកជាថ្ងៃបរិសុទ្ធ…"(២:៣ក)

នៅ​ថ្ងៃ​ទី​ប្រាំ​ទ្រង់​ប្រទាន​ពរ​ដល់​សត្វ​រស់​រវើក​និង​បក្សា​បក្សី​ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ​ព្រះអង្គ​ទ្រង់​ប្រទាន​ពរ​ដល់​មនុស្ស ប៉ុន្តែ​ពី​ថ្ងៃ​ទី​មួយ​ដល់​ថ្ងៃ​ទី​ប្រាំ​មួយមិនមានប្រាប់​ថា ព្រះជាម្ចាស់​បាន​ប្រទាន​ពរ​ដល់"​ថ្ងៃ"នោះទេ។  ដូច្នេះ​នេះ​បង្ហាញ​ថា ថ្ងៃ​ទី​ប្រាំ​ពីរ​គឺ​ជា​ពេលវេលា​​ដែល​ពោរ​ពេញ​ដោយ​ព្រះ​ពរ ជាថ្ងៃយ៉ាងវិសេសដាច់ឡែក។ ថ្ងៃទី១ដល់ទី៦មានល្ងាច​មាន​ព្រឹក តែថ្ងៃទី៧ អត់មានទេ។
ថ្ងៃទី៧ជាថ្ងៃដ៏វិសេស។ ជាថ្ងៃដែលព្រះញែកទុកដោយឡែកពីថ្ងៃទាំង៦។ តាមន័យភាសាហេព្រើរ ថា​ទ្រង់ធ្វើ​ឲ្យថ្ងៃទី៧នេះបរិសុទ្ធ ហើយទ្រង់ប្រកាសថាជាថ្ងៃបរិសុទ្ធ គឺធ្វើឲ្យបរិសុទ្ធនិងប្រកាសថាបរិសុទ្ធ។ អញ្ចឹងតាមន័យ​ភាសា​ហេព្រើរ​គឺញែកទុកទ្វេរដងដោយ ធ្វើឲ្យបរិសុទ្ធ និងប្រកាសជាបរិសុទ្ធ។ អញ្ចឹងវាជាពេលវេលាយ៉ាងវិសេសៗ​ដាច់ឡែក។ ចំពោះថ្ងៃទី១ដល់ទី៦ គ្មានថ្ងៃណាមួយដែល ព្រះដំកើងឡើង ឬញែកជាបរិសុទ្ធដូចថ្ងៃទី៧ទេ។
មានហេតុផលដែលថ្ងៃទី៧វិសេសដាច់ឡែកពីថ្ងៃទាំង៦។ ហេតុផលនោះបង្ហាញក្នុង២:១-៣ ដោយពាក្យបួនម៉ាត់៖
·         ពាក្យ"បានរួចជាស្រេច" នៅខ1 ឃើញម្តងទៀតនៅខ2 
·         កិរិយាស័ព្ទ"ឈប់ផ្អាកសំរាក"នៅខ2និង
·         3 កិរិយាស័ព្ទ"ប្រទានពរ"
·         3កិរិយាស័"ញែកជាបរិសុទ្ធ"
 ថ្ងៃទី៧ជាថ្ងៃដែលព្រះញែកជាបរិសុទ្ធ ថ្ងៃដែលទ្រង់លើកដំកើង បង្ហាញថាព្រះបានបញ្ចប់រួចជាស្រេច ហើយទ្រង់បាន​សម្រាក និងទ្រង់បានប្រទានពរ។ គឺមានន័យថា ថ្ងៃទី៧ទ្រង់បានបញ្ចប់  ថ្ងៃទី៧ទ្រង់បានសម្រាក ហើយទ្រង់​ប្រទានពរ​ដល់ថ្ងៃទី៧នោះ។  
ពាក្យទាំងបួនម៉ាត់នោះសុទ្ធតែទាក់ទងនឹងព្រះរាជកិច្ចដែលទ្រង់ធ្វើ។ ក្នុងខ2 "ការដែលទ្រង់ធ្វើ នោះបាន​ហើយជា​ស្រេច"។ នៅខ2ម្តង ទៀត "ទ្រង់ក៏ឈប់ផ្អាកសំរាកនៅថ្ងៃទី៧នោះ ពីគ្រប់ទាំងការដែលទ្រង់ធ្វើ"  នៅខ3 "ព្រះក៏​ប្រទានពរ​ដល់ថ្ងៃទី៧នោះ ទ្រង់បានឈប់​សំរាកពីគ្រប់ទាំងការដែលទ្រង់បានបង្កើតបានធ្វើ"
ដូច្នេះថ្ងៃទី៧ជាថ្ងៃដែលព្រះប្រទានព្រះពរ ជាថ្ងៃដែលបានញែកជាបរិសុទ្ធ។ ជាថ្ងៃបរិសុទ្ធ។ ជាថ្ងៃដែលបាន​ញែក​ចេញ ជាថ្ងៃដែល​វិសេស ព្រោះព្រះជាម្ចាស់បានបញ្ចប់កិច្ចការរបស់ទ្រង់ ទ្រង់បានសម្រាកពីកិច្ចការរបស់ទ្រង់ ហើយ​ទ្រង់បានប្រទានពរថ្ងៃវិសេសនោះ។
ភាសានៃខទីបីនេះគឺច្បាស់ណាស់ថាកិច្ចការបង្កើតផ្ទៃមេឃ ផែនដី និងអ្វីៗសព្វសារពើរនៅផែនដីត្រូវបានបញ្ចប់។ នេះតាមន័យពាក្យ ភាសាហេព្រើរ។ នៅថ្ងៃទី៧គឺអ្វីៗសព្វសារពើរត្រូវបានបង្កើតចប់សព្វគ្រប់។ ហើយព្រះអង្គបាន​សម្រាកពី​កិច្ចការរបស់ទ្រង់។ ចាប់តាំងពីការបង្កើតសព្វសារពើរបានបញ្ចប់ទៅ គឺគ្មានការបង្កើតទៀតទេ។ អ្វីៗនៅស្ថានសួគ៌ដែលព្រះបានបង្កើតគឺចប់សព្វគ្រប់។ អ្វីៗនៅផែនដី បានបង្កើតនិងបានចប់សព្វគ្រប់។

៣. រាល់ថ្ងៃ​ពី​ទី​មួយ​ដល់​ថ្ងៃ​ទី​ប្រាំមួយ​មាន​ល្ងាច​មាន​ព្រឹក​ឡើង ប៉ុន្តែ​ថ្ងៃ​ទី​ប្រាំពីរ​ឥត​មាន​ពាក្យ​នេះ ដូច្នេះ​​ហាក់​ដូច​ជា​ថ្ងៃ​
នេះ​​មិន​ចប់​ទេ គ្មាន​ថ្ងៃ​ទី​ប្រាំបី​ហើយ​យើង​ក៏​មិន​ត្រឡប់​ទៅ​ថ្ងៃ​ទី​មួយ​វិញ​ដែរ។  ​ដូច្នេះ​ ថ្ងៃ​ទី​ប្រាំ​ពីរ​​​តំណាង​​​
ពេលវេលា​​ដ៏​បរិសុទ្ធ​​ដែល​ពោរ​ពេញ​ដោយ​ព្រះ​ពរ​ហើយ​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។
តើ​ហេតុ​អ្វី​បាន​ជា​ព្រះជាម្ចាស់​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ?  តើ​ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មិន​បន្ត​ទៅ​ថ្ងៃ​ទី​ប្រាំបី?  និទានកថា​បាន​បញ្ចប់​នៅ​ទី​នេះ​ពីព្រោះ​ថ្ងៃ​ទី​ប្រាំ​ពីរ​គឺ​ជា​ទី​បញ្ចប់​ ហើយ​ជា​គោល​បំណង​នៃ​ការ​បង្កើត​របស់​សព្វសារពើ។ 
ឧទាហរណ៍៖ ​ពេល​មានការ​រត់​ប្រណាំង ​អ្នក​ប្រកួត​រត់ រត់​​រហូត​​ដល់​ខ្សែ​ជ័យ ប៉ុន្តែ​នៅពេលដល់ខ្សែជ័យហើយ ​អ្នកនោះលែងរត់ទៀតហើយ ពីព្រោះ​​បាន​ទៅដល់​គោលដៅ​ហើយ។
នោះ​ជា​រូប​ភាព​ដែល​យើង​មាន​នៅ​ក្នុង​លោកុប្បត្ដិ​ ២:១-៣។  ព្រះជាម្ចាស់​ទ្រង់​ក៏​ឈប់​សំរាក​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​ពីព្រោះ​ថ្ងៃ​ទី៧​ជា​ពេលវេលាអស់កល្បជានិច្ចគ្មានទីបញ្ចប់។  ដូច្នេះ​នេះ​បង្រៀន​ពីគោលបំណងរបស់ព្រះជាម្ចាស់ដែលចង់ ឲ្យយើងបានរស់នៅក្នុងកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងរបស់ព្រះ ទទួលព្រះពរពីព្រះ។  ប្រ​សិន​បើ​នេះ​ជា​គោល​បំណង​របស់​ព្រះជាម្ចាស់​ ដូច្នេះ​នេះ​ក៏​ជា​គោល​បំណង​ក្នុង​ជីវិត​របស់​យើង​ផង​ដែរ។ 
 ប៉ុន្តែ​ បើ​សិន​ជា​យើង​​ពិនិត្យ​មើល​លោកីយ៍​បច្ចុប្បន្ន​កាល​ យើង​ឃើញ​ថា​យើង​មិន​ រស់​នៅ​ក្នុង​ពេលវេលា​​ដ៏​បរិសុទ្ធ​ដែល​ពោរ​ពេញ​ដោយ​ព្រះ​ពរ​នោះ​ទេ ប៉ុន្តែយើងកំពុងរស់នៅក្នុង​សម័យ​ពុករលួយ​ដែល​មាន​បញ្ហា​​និង​សេចក្ដី​ទុក្ខ​លំបាក​​ជា​ច្រើន ​។  តើ​ដោយមូលហេតុអ្វី​?   ចម្លើយ​ខ្លី​គឺ មនុស្ស​បាន​បះបោរ​ជំទាស់​នឹង​ព្រះអង្គ​ ហើយ​យើង​ខាត​បង់​សេចក្ដី​​សម្រាក​នេះ ដែល​ជា​ពេល​វេលា​​ដ៏​បរិសុទ្ធ​ដែល​ពោរ​ពេញ​ដោយ​ព្រះ​ពរ​នេះ។
តាំងពីអ័ដាមអេវ៉ាបានធ្លាក់ក្នុងអំពើបាបមក មនុស្សជាតិមិនដែលបានសំរាកឡើយ។ អ័ដាមត្រូវធ្វើការ យ៉ាង​នឿយ​ហត់​ដើម្បីចិញ្ចឹមជីវិត  អេវ៉ាត្រូវឈឺចាប់យ៉ាងខ្លាំងពេលបង្កើតកូន ដីត្រូវបណ្តាសា  កាអ៊ីនសំលាប់អេបិល សំរែក​ឈាមរបស់ អេបិលបានទៅដល់ព្រះ កាអ៊ីនត្រូចរសាត់ខ្ចាត់ព្រាត់ទៅ ប្រឈមនឹងមនុស្សដែលនឹងធ្វើបាបគាត់។ ជំនាន់​លោកណូអេ អំពើបាបរបស់ មនុស្សកាន់តែច្រើនឡើងៗ​នៅផែនដី ​(លោកុប្បត្តិ៦:៥)ថាអស់ទាំងគំនិតក្នុងចិត្ត​មនុស្ស​សុទ្ធតែអាក្រក់។ ព្រះទ្រង់ស្តាយដោយបានបង្កើតគេមក។ លោកុប្បត្តិ៨:២១ថា គំនិតក្នុងចិត្តមនុស្ស នោះ​អាក្រក់តាំងតែពីក្មេងមក។ រឿងប៉មបាបិលកាន់តែបញ្ជាក់ថាមនុស្សកាន់តែឃ្លាត ឆ្ងាយពីព្រះជាម្ចាស់។ សញ្ញាចាស់​បង្ហាញថាសាសន៍អ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប ហើយត្រូវរងទុក្ខវេទនាដោយការឈ្លានពាន និង ការនិរទេស​ព្រោះតែ​ជាតិសាសន៍នេះមិនបានរស់នៅតាមសេចក្តីសន្យាថាពួកគេនឹងស្មោះត្រង់ចំពោះព្រះជាម្ចាស់។
ព្រះ​គម្ពីរ​ទាំង​មូល​បាន​និទាន​អំពី​ផែនការ​របស់​ព្រះជាម្ចាស់​ដើម្បី​ នឹង​ស្តារគោល​បំណងរបស់ព្រះអង្គ​សំរាប់​​​របស់​សព្វ​សារពើ​​(គឺ​សេចក្ដី​សម្រាក​)ជា​ថ្មី​ឡើង​វិញ។  ព្រះអង្គ​បាន​ជ្រើស​រើស​ពួក​អ៊ីស្រាអែល​​ទៅ​ជា​ប្រជារាស្ត្រ​ដែល​ជា​ចំណែក​មត៌ក​របស់​ទ្រង់ ​ហើយ​បាន​សន្យា​ថា ទ្រង់​នឹង​ប្រទាន​ស្រុក​មួយ​ហើយ​ស្រុក​នោះ​គឺ​ជា​«​សេចក្តី​សំរាក»​
ចោទិយកថា​ ១២:៩ ថា៖ លោកម៉ូសេបានរំឭកសាសន៍អ៊ីស្រាអែលថា "ដ្បិតឯងរាល់គ្នាមិនទាន់បានចូល            ដ​ល់សេចក្តី​សំរាក និងមរដក​ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទាននៅឡើយទេ"
យ៉ូស្វេ​ ១:១៣ លោកយ៉ូស្វេបានរំឭកសាសន៍អ៊ីស្រាអែលថា "ចូរនឹកចាំពីពាក្យដែលលោកម៉ូសេ ជាអ្នកបំរើរបស់​ព្រះយេហូវ៉ា​បានបង្គាប់ម​កឯងរាល់គ្នាថា គឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលប្រទានឲ្យឯងឈប់សំរាក ទ្រង់នឹងប្រទាន​ស្រុកនេះដល់ឯង"
ទឹកដីសន្យាគឺ​ជា​កន្លែង​ដែល​ព្រះអង្គ​នឹង​ប្រទាន​ពរ​ដល់​ពួក​អ៊ីស្រាអែល​ ហើយ​ជា​ទី​កន្លែង​បរិសុទ្ធ​របស់​ព្រះអង្គដែល​ពួកគេ​អាចសំរាក។  ​
ទោះ​យ៉ាង​ណា​ក៏​ដោយ​ ព្រះជាម្ចាស់​បាន​ប្រកាស​ថា ជនជាតិ​អ៊ីស្រាអែល​ខ្លះ​នឹង​មិន​ដែល​ចូល​មក​ក្នុង​សេចក្តី​សំរាក​របស់​​ព្រះអង្គ​​ឡើយ​ពីព្រោះ​គេ​ទាស់​ទទឹង​នឹង​សេចក្តី​បង្គាប់​របស់​ព្រះជាម្ចាស់។  
ទំនុកដំកើង​ ៩៥:៩-១១" ជាគ្រាដែលពួកព្វយុកោឯងរាល់គ្នាបានល្បងអញ ព្រមទាំងលអញមើល ហើយបានឃើញ​ការ​របស់អញ អញមានចិត្តជិនទ្រាន់នឹងមនុស្សដំណនោះអស់៤០ឆ្នាំ ហើយក៏ថា នេះជាបណ្តាមនុស្សដេលតែងតែ​មាន​ចិត្តវង្វេងឥតដែលស្គាល់ផ្លូវ របស់អញឡើយ ដូច្នេះអញបានស្បថដោយសេចក្តីក្រោធរបស់អញថា វារាល់គ្នា​នឹង​មិនដែលចូលមកក្នុងសេចក្តីសំរាករបស់អញឡើយ"
អ្នក​និពន្ធ​នៃ​កណ្ឌ​ហេព្រើរ​បាន​ប្រើ​ផ្ទៃរឿង​នេះ​​ប្រយោជន៍​​ដើម្បី​អប់​រំ​គ្រីស្ទបរិស័ទថាការចូលទៅក្នុងសេចក្តីសំរាក​របស់​ព្រះ​នៅតែបើកចំហ។​ នៅ​ហេព្រើរ​ ៣:៧-៤:១១ គាត់​បាន​ដក​ស្រង់​ពី​ទំនុកដំកើង​ ៩៥ យ៉ាង​ហោច​ណាស់​បួន​ដង ហើយ​បាន​ដក​ស្រង់​លោកុប្បត្ដិ​ ២:២ អំពី​ថ្ងៃ​ទី​ប្រាំ​ពីរ​យក​មក​​អនុវត្តន៍​ចំពោះ​គ្រីស្ទបរិស័ទ។ 
(សូមអានហេព្រើរ៣:៧-៤:១១)………………
"ដូច្នេះនៅតែបើកចំហឲ្យអ្នកខ្លះបានចូលទៅក្នុងសេចក្តីសំរាកនោះ ហើយពួកអ្នកដែលឮដំណឹងល្អពីដើម គេមិន​បាន​ចូលទេ ដោយ ព្រោះមិនជឿ"(ហេព្រើរ៤:៦)
ការ​អនុវត្ត​នៅ​ក្នុង​អត្ថបទ​នេះ​ គឺ​ថា យើង​ដែល​បាន​ជឿ​លើ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​បាន​ចូល​សេចក្ដី​​សម្រាក​នោះ​ហើយ (៤:៣) ហើយ​យើង​ត្រូវ​បន្ត​ជឿ​លើ​ព្រះគ្រីស្ទ​ហើយ​បង្ហាញ​ជំនឿ​នោះ​ដោយ​យើង​ស្ដាប់​តាម​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ​ប្រយោជន៍​ឲ្យ​យើង​នឹង​ចូល​សេចក្ដី​សម្រាក​​ចុងក្រោយ​ដែល​យើង​នឹង​ទទួល​នៅ​ថ្ងៃ​ដែល​ព្រះគ្រីស្ទ​យាង​មក​វិញ (ហេព្រើរ​ ៤:៩-១១; ១១:១-១២:៣)។ ព្រះយេស៊ូវ ព្រះអង្គ សង្គ្រោះ ជាព្រះមេស្ស៊ី​ទ្រង់នឹងប្រទានសេចក្តីសំរាក សេរីភាពរួចពីសេចក្តីបាបនិងសេចក្តីស្លាប់ ដល់មនុស្សគ្រប់ជាតិសាសន៍ អស់អ្នក ជឿទ្រង់នឹងមានជីវិតងអស់កល្ប​ជានិច្ចក្នុងនគររបស់ព្រះ។
សេចក្តីសំរាករបស់ព្រះ ក្នុងលោកុប្បត្តិន២:២-៣ និងក្នុងសញ្ញាចាស់នៅតែបើកចំហសំរាប់មនុស្សទាំងអស់ សំរាប់អ្នក និងខ្ញុំដែរ។ សេចក្តីសំរាក​របស់ព្រះ បានដោយព្រះរាជកិច្ចប្រោសលោះរបស់ព្រះយេស៊ូវ។ ម៉ាថាយ ១១:២៨ ព្រះ​យេស៊ូវមានបន្ទូលថាអស់អ្នក​ដែលមាន​បន្ទុកធ្ងន់អើយ ចូរមកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នក បានសំរាក នឹមខ្ញុំងាយទេ បន្ទុកខ្ញុំ​ក៏ស្រាលដែរ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹងព្រះយេស៊ូវបាន​សន្យា​ប្រទានសេចក្តីសំរាកអស់កល្បជានិច្ចដល់ព្រលឹងណាដែលមកឯទ្រង់។ សេចក្តីសំរាកក្នុងគម្ពីរសញ្ញាថ្មី ជា​សេចក្តីសំរាកក្នុងព្រះគ្រីស្ទ ជាសេចក្តីសំរាកចុងបំផុត។ គោលបំណងរបស់ព្រះជាម្ចាស់ក្នុងលោកុប្បត្តិ២:២-៣បានបើកសម្តែងនិងបំពេញសម្រេចដោយព្រះគ្រីស្ទ។ Paul Tripp សរសេរពីការសម្រាកដ៏ពិតប្រាកដថា៖
"អស្ចារ្យណាស់ មិនគិតថាជីវិតលំបាកនិងច្របូកច្របល់យ៉ាងណាទេ មិនគិតថាស្ថានភាពរបស់លោកអ្នក​កំពុងស្ថិត​នៅ​ក្នុងគ្រោះអាសន្ន​យ៉ាងណាទេ នៅមានសេចក្តីសំរាករង់ចាំលោកអ្នក។ សេចក្តីសំរាកជាអំណោយនៃព្រះគុណរបស់ព្រះ បានដោយការទទួលចូលក្នុង​គ្រួសារនៃស្តេចលើអស់ទាំងស្តេច ព្រះលើអស់ទាំងព្រះ[1]
នោះជាសេចក្តីសំរាកដែលលោកអ្នក ហើយខ្ញុំ និងមនុស្សទាំងអស់ចង់បាន។
នៅថ្ងៃនេះ លោកអ្នកអាចសួរខ្លួនឯងថា៖តើខ្ញុំនឹងបានចូលទៅក្នុងសេចក្តីសំរាករបស់ព្រះជាម្ចាស់ឬទេ?
សេចក្តីអធិប្បាយត្រូវតែបញ្ចប់ឲ្យបានល្អ បើមិនដូច្នេះទេ ការចាប់ផ្តើមក៏គ្មានន័យ។ ដូចគ្នាដែរ ជីវិតត្រូវតែបញ្ចប់ឲ្យ បានល្អក្នុងនគរព្រះ មិនមែនក្នុងបឹងភ្លើងស្ថាននរកទេ។
ចូរសង្វាតឲ្យបានចូលក្នុងសេចក្តីសំរាករបស់ព្រះ ដោយការពឹងផ្អែកលើព្រះ និងជឿទុកចិត្តលើទ្រង់និងព្រះបន្ទូល​សន្យា​របស់ទ្រង់ទាំងស្រុង។ អ្នកមិនអាចទុកចិត្តលើបុណ្យកុសលនិងការខំប្រឹងប្រព្រឹត្តរបស់ខ្លួនដើម្បីចូលក្នុងសេចក្តី សំរាករបស់ព្រះបានឡើយ។ ព្រះបានប្រទានផ្លូវមួយឲ្យយើងអាចដើរតម្រង់ទៅសេចក្តីសំរាករបស់ព្រះ គឺព្រះយេស៊ូវ​ជាផ្លូវតែមួយគត់ ដែលមនុស្សអាចទទួលការអត់ទោសបាបនិងចូលទៅក្នុងសេចក្តីសំរាករបស់ព្រះ ដែលជាជីវិតអស់​កល្ប​ជានិច្ចក្នុងនគររបស់ទ្រង់។ "តើទ្រង់បានស្បថនឹងអ្នកណាថា វារាល់គ្នាមិនត្រូវចូលទៅក្នុងសេចក្តីសំរាករបស់
អញសោះឡើយ
" បើមិនមែននឹងអស់អ្នកដែលមិនស្តាប់បង្គាប់ទេ ដូច្នេះយើងឃើញថា អ្នកទាំងនោះពុំអាចចូលបាន​ទេ ដោយព្រោះគេមិនជឿ។ យើងប្រាកដក្នុងចិត្តណាស់ថា យើងនឹងចូលក្នុងសេចក្តីសំរាករបស់ព្រះតាមរយៈសេចក្តី​ជំនឿលើព្រះយេស៊ូវ ជាអំណោយនៃព្រះគុណរបស់ព្រះជាម្ចាស់។
ព្រះគម្ពីរបានព្រមានអ្នកដែលមានចិត្តរឹង មិនព្រមប្រែចិត្តទទួលព្រះយេស៊ូវគ្រីស្ទថា​ ពួកគេនឹងមិនអាចចូលទៅក្នុង​សេចក្តី​សំរាករ​បស់ព្រះជាម្ចាស់​បានឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងប្រឈមចំពោះសេចក្តីជំនុំជំរះរបស់ព្រះធ្លាក់ទៅ​ក្នុងបឹងភ្លើងនៃស្ថាននរក វេទនាអស់កល្បជានិច្ច។ បានជាយើងត្រូវប្រែចិត្តជឿព្រះយេស៊ូវ ហើយប្រកាសដំណឹងល្អ ពីសេចក្តីសង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទទៅដល់គ្រប់មនុស្ស ដើម្បីឲ្យពួកគេបានចូលក្នុងសេចក្តីសំរាកនេះដែរ។ 
អំបាញ់មិញ ខ្ញុំបាននិយាយពីរឿងម្តាយក្មេករបស់ខ្ញុំ ខ្ញុំបានសួរថា តើគាត់នឹងចូលក្នុងនគររបស់ព្រះ ចូលក្នុងសេចក្តី សំរាករបស់ព្រះទេ? ចម្លើយ គួរឲ្យសង្វេគ គឺគាត់ចូលមិនបានទេ ព្រោះគាត់បានស្លាប់ទៅដោយមិនជឿព្រះយេស៊ូវ​ទេ។
សូមអធិស្ឋានជាមួយខ្ញុំ៖ ព្រះវរបិតា ទូលបង្គំយើងខ្ញុំជាអ្នកមានបាប មិនសមចូលទៅក្នុងសេចក្តីសំរាក​របស់ទ្រង់ឡើយ តែយើងខ្ញុំសូម​អរព្រះគុណចំពោះព្រះគុណ មេត្តាករុណា និងសេចក្តីស្រឡាញ់របស់ព្រះរាជបុត្រា ដែលបានបង់ថ្លៃលោះបាប របស់យើងខ្ញុំ ប្រោសយើងខ្ញុំឲ្យមានសេរីភាពរួចពីបាប និងនាំយើងខ្ញុំចូលក្នុងនគរ​របស់ទ្រង់។ តាមរយៈព្រះយេស៊ូវ យើងអាចចូលក្នុងព្រះវត្តមាននិងសេចក្តីសំរាករបស់ព្រះជាម្ចាស់​ គឺជាជីវិត​អស់កល្ប​ជានិច្ច​ជាមួយទ្រង់។ នៅក្នុងជីវិត នៅលើផែនដីនេះ សូមជួយយើងខ្ញុំរស់នៅ​ដោយសេចក្តីជំនឿ​និងការ​ស្តាប់បង្គាប់ដល់ទ្រង់ផង សូមជួយឲ្យយើងខ្ញុំបាន នៅជាប់នឹងព្រះបន្ទូលទ្រង់ជានិច្ច។ យើងខ្ញុំអធិស្ឋានទូលសូមក្នុ​ង​ព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។


[1] Paul Tripp is the president of Paul Tripp Ministries, a nonprofit organization whose mission statement is "Connecting the transforming power of Jesus Christ to everyday life." Tripp has written many books on Christian living that are read and distributed internationally. He has been married for many years to Luella, and they have four grown children. For more information, visit www.paultrippministries.org.

0 Comments

Type and hit Enter to search

Close