Breaking News

ការស្ដារឡើងវិញ អែសរ៉ា៣:១-១៣



សេចក្ដីផ្ដើម
            នៅពេលដែលមានសង្រ្គាមកើតឡើង ប្រទេសដែលឈ្នះសង្រ្គាមតែងតែប្រមូលនូវទ្រព្យសម្បត្តិដែលជាជ័យភណ្ឌរបស់ខ្លួនចេញពីប្រទេសដែលចាញ់សង្រ្គាម។ ដូចគ្នាដែលនៅពេលដែល
ពួកអ៊ីស្រាអែលចាញ់សង្រ្គាមពួកបាប៊ីឡូន នោះពួកបាប៊ីឡូនបានបំផ្លាញគ្រប់យ៉ាងនៅក្នុងក្រុងយេរូសាឡិម ពួកអ៊ីស្រាអែលហាក់បីដូចជាបាត់បង់អ្វីគ្រប់យ៉ាង សូម្បីតែព្រះវិហារដែលជាមជ្ឈមណ្ឌលសាសនាដ៏សំខាន់ ក៏ត្រូវបានបំផ្លាញយ៉ាងទាំងអស់គ្មានសល់ដែរ។ ពួកបាប៊ីឡូនបានប្រមូលគ្រប់របស់មានតម្លៃទាំងអស់ចេញពីព្រះវិហារក្រុងយេរូឡិម ហើយមនុស្សស្រីដែលស្អាត ប្រុសដែលសង្ហារដូចខ្ញុំ និងអ្នកដែលមានចំណេះដឹងខ្ពស់ក៏ត្រូវគេនិទេសទៅបាប៊ីឡូនដែរ ប៉ុន្តែក៏មានអ្នកដែលជាសំណល់ខ្លះដែលជាមនុស្សដែលគ្មានចំណេះដឹងមិនស្អាត មិនសង្ហារ ដែលគេមិននិរទេសទៅឯប្រទេសបាប៊ីឡូននោះទេ គឺគេទុកអោយនៅក្នុងក្រុងយេរូសាឡិមវិញ។ ការចាញ់សង្រ្គាមយ៉ាងដំណំនេះ យើងដឹងពីមូលហេតុថាដោយសារតែការដែលពួកគេបះបោរជាមួយនឹងព្រះជាម្ចាស់ ពួកគេមិនស្ដាប់បង្គាប់ព្រះ នេះគឺជាការជំនុំជម្រះរបស់ព្រះទៅចំពោះពួកគេ ទ្រង់កាត់ទោសគេដោយសេចក្ដីយុត្តិធម៌របស់ព្រះ ហើយទ្រង់ក៏ប្រោសគេដោយសេចក្ដីមេត្តាករុណារបស់ព្រះអង្គ។ ប៉ុន្តែព្រះជាម្ចាស់ទ្រង់បានសន្យាយ៉ាងច្បាស់ថា ទ្រង់នឹងមិនជំនុំជម្រះពួកគេជាដរាបទេ ទ្រង់នឹងរំដោះពួកគេចេញពីបាប៊ីឡូនមកវិញ នៅក្រោយ70ឆ្នាំដែលពួកគេត្រូវរងទុក្ខ។ នៅក្នុងកណ្ឌអែសរ៉ា យើងនឹងមើលជាមួយគ្នាពីការដែលព្រះជាម្ចាស់បំពេញនូវសេចក្ដីសន្យារបស់ព្រះអង្គក្នុងការរំដោះពួកអ៊ីស្រាអែលចេញពីបាប៊ីឡូនមកវិញ។ អានគម្ពីរ   អធិស្ឋាន។






១. ការស្ដារឡើងវិញនូវប្រព័ន្ធសាសនា 1-6

            នៅក្នុងកណ្ឌអែសរ៉ា ប្រៀបដូចជាកណ្ឌនិក្ខមនំទី២ នៅក្នុងនិក្ខមនំគេធ្វើដំណើរចាកចេញពីអេសីព្ទមកទឹកដីសន្យាគឺកាណាន គ្រានោះពួកអ៊ីស្រាអែលអាចរៀន​បានពីភាពស្មោះត្រង់របស់ព្រះជាម្ចាស់ក្នុងការបំពេញសេចក្ដីសន្យារបស់ព្រះអង្គ នៅគ្រានេះពួកគេបានធ្វើដំណើរជាលើកទី២ចេញពីបាប៊ីឡូន មកទឹកដី  សន្យាដដែលគឺជា ទឹកដីកាណាន ប៉ុន្តែគ្រានេះមិនដូចគ្រាមុនទេ គ្រានេះពួកគេអាចរៀនបានពីភាពឈឺចាប់ដែលបណ្ដាលមកពីការដែលមិនស្ដាប់តាមបង្គាប់ព្រះជាម្ចាស់។ នៅពេលដែលពួកបាប៊ីឡូនត្រូវបានដួលរំលំទៅ របបថ្មីមួយបានកើតឡើង ស្ដេចថ្មី មាននយោបាយថ្មី ស្ដេចទ្រង់បានអនុញ្ញាត្តិអោយទាសករទាំងអស់មានសិទ្ធិក្នុងការត្រលប់ទៅកាន់ទឹកដីកំណើតរបស់ខ្លួនវិញ។ ក្នុងការធ្វើមាតុភូមិនិវត្តលើកទី១របស់              អ៊ីស្រាអែលត្រូវបាននៅក្រោមការដឹកនាំរបស់ សូរ៉ូបាបិល នេហេមា និងយេសួ នៅពេលដែលពួកគេត្រលប់មកដល់ក្រុងយេរូសាឡិមវិញភ្លាម តើរឿងអ្វីដែលគេធ្វើ? សាងសង់អាសនាថ្វាយដង្វាយដល់ព្រះជាម្ចាស់ឡើងវិញ ពួកគេហាក់បីដូចជាទទួលស្គាល់ថា រឿងឈឺចាប់ដែលគេបានជួបប្រទះគឺ បណ្ដាលមកពី            ព្រះជាម្ចាស់ដែលទ្រង់ជំនុំជម្រះពួកគេ ដូច្នេះរឿងដំបូងដែលពួកគេត្រូវធ្វើនោះគឺ សាងសង់អាសនាឡើង        វិញ។ ពួកគេមិនទាន់ដាក់អាសនានៅកន្លែងចាស់របស់ពួកគេទេ ព្រោះព្រះវិហារក៏ត្រូវបំផ្លាញ មួយវិញទៀតនៅក្នុងខ3បានបញ្ជាក់ថា ពួកគេខ្លាច អ្នកស្រុកដែលនៅជុំវិញពួកគេមិនសប្បាយចិត្តនោះទេ នៅពេលដែលឃើញពួកអ៊ីស្រាអែលត្រលប់មកវិញ។ ពួកគេសាង់អាសនា ពួកគេចាប់ផ្ដើមថ្វាយដង្វាយទៅដល់ព្រះជាម្ចាស់ ពួកគេធ្វើបុណ្យថ្វាយ   ដង្វាយផ្សេងៗដែលបានចែងទុកនៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ប៉ុន្តែនៅចុងខ6បានបញ្ជាក់ថា ជើងជញ្ជាំងព្រះវិហារមិនទាន់បានដាក់នៅឡើយ គឺព្រះវិហារមិនទាន់បានសាងសង់នៅឡើយទេ។ គោលបំណងរបស់ពួកអ៊ីស្រាអែលក្នុងការថ្វាយដង្វាយគោលបំនងរបស់ពួកគេ គឺពួកគេចង់ស្ដារឡើងវិញនូវប្រព័ន្ធសាសនាដែលពួកគេបានបាត់បង់អស់រយៈយ៉ាងយូរហើយ ក៏ចង់សម្ដែងពីការស្ដាប់បង្គាប់របស់ពួកគេទៅចំពោះព្រះ ពួកគេបានដឹងថាដោយសារតែអំពើបាបទើបពួកគេបានទទួលនូវបទពិសោធន៍នៃការឈឺចាប់ខ្លាំងយ៉ាងនេះ ដូច្នេះអ្វីដែលពួកគេចង់បាននោះគឺ ការស្ដារឡើងវិញ នូវទំនាក់ទំនងរវាងពួកគេចំពោះព្រះជាម្ចាស់ ពួកគេត្រូវការ ការពារពីព្រះជាម្ចាស់ចំពោះសុវត្ថិភាពរបស់ពួកគេក្នុងការរស់នៅក្នុងទឹកដីសន្យា។ ការស្ដារឡើងវិញនេះវាហាក់ដូចជាហួសពេលបន្តិចទៅហើយ អំពើបាបដ៏ជោរជន់របស់ពួកអ៊ីស្រាអែលបានធ្វើអោយព្រះជាម្ចាស់ទ្រង់ជំនុំជម្រះពួកគេរួចទៅហើយ ទំនាក់ទំនងរវាងពួកគេត្រូវបានបែកបាក់ដោយសារតែអំពើបាបរបស់ពួកគេ ដូច្នេះវាហាក់ដូចជាពិបាកបន្តិចសម្រាប់ពួកគេក្នុងការស្ដារឡើងវិញនូវទំនាក់ទំនងរបស់ពួកគេទៅចំពោះព្រះជាម្ចាស់តាមរយៈដង្វាយរបស់ពួកគេ។ មួយវិញទៀត ការថ្វាយដង្វាយវាហាក់ដូចជាកំប្លែងបន្តិច ពីព្រោះមកដល់ជំនាន់ថ្មីនេះ របៀបរបបនៃការថ្វាយដង្វាយដូចជាពិបាកបន្តិច ព្រោះសង្ឃចាស់ៗដែលមាននាទីក្នុងការថ្វាយដង្វាយស្លាប់បាត់ហើយ នៅសល់តែក្មេងៗជំនាន់ក្រោយខ្លះ ហើយខានធ្វើយូរក្រែលដែរហើយធ្វើអោយភ្លេច មិនដឹងថ្វាយស្អីមុន ថ្វាយស្អីក្រោយទេ។ យើងនឹងតាមដានសាច់រឿងបន្តទៀត

២.ការស្ដារព្រះវិហារឡើងវិញ 7-13

            កិច្ចការសំខាន់ទីពីរនៃជីវិតសាសនារបស់ពួកយូដាបន្ទាប់ពីការថ្វាយដង្វាយនោះគឺ ការសាងសង់ព្រះវិហារឡើងវិញ។ ក្នុងប្រព័ន្ធសាសនារបស់ពួកយូដាមាន៣យ៉ាងសំខាន់ គឺ ដង្វាយសង្ឃ និងព្រះវិហារ ឥលូវនេះដង្វាយមានហើយ សង្ឃមានហើយ ប៉ុន្តែពួកគេត្រូវការព្រះវិហារ អោយការថ្វាយយញ្ញបូជារបស់ពួកគេបានពេញលេញឡើង ទោះបីជានៅក្នុងសម័យលោកម៉ូសេក្នុងទីរហោស្ថានពួកអ៊ីស្រាអែលគ្មានព្រះវិហារប៉ុន្តែពួកគេក៏មានរោងឧបោសថសម្រាប់ថ្វាយយញ្ញបូជា។​ ក្នុងការសាងសង់នេះពួកគេត្រូវការជំនួយក្នុងការទៅយកឈើ ដូច្នេះពួកគេបានជួលពួកស៊ីដូន និងទីរ៉ុសដើម្បីអោយទៅយកឈើតាត្រៅដែលជាប្រភេទឈើដែលល្អមានតែភ្នំល្បាណូនទេ ទើបសម្បូរជាងគេ ហើយការសាងសង់ព្រះវិហារនេះគឺ វាស្ថិតនៅក្រោមការឧបត្ថម្ភរបស់ស្ដេចស៊ីរ៉ូស។ នៅក្នុងការទិញឈើនេះ ពួកគេមិនបានទិញដោយប្រើប្រាក់ទេ នៅក្នុងខ7បានបញ្ជាក់ថា ពួកគេធ្វើការដោះដូរគ្នាគឺ ដូរជាមួយនឹងស្បៀងអាហារ គ្រឿងផឹក និងប្រេង។ ការសាងសង់ត្រូវបានចាប់ផ្ដើមនៅក្នុងខ10នេះគឺជា ការសាងសង់នេះគឹជា ការសាងសង់ព្រះវិហារលើកទី២របស់ពួកគេ ការសាងសង់មុនរបស់ស្ដេចសាឡូម៉ូនគឺជា រាជ្យដែលពោរពេញព្រះពរ ជីវិតរបស់ពួកអ៊ីស្រាអែលគឺសុខស្រួលណាស់ បើសិនជាយើងទៅសួរពួកអ៊ីស្រាអែលណាមួយថា តើអ្នកគិតយ៉ាងម៉េចចំពោះសេចក្ដីសន្យារបស់ព្រះទៅចំពោះអ័ប្រាហាំ ពួកគេនឹងឆ្លើយថាព្រះជាម្ចាស់បានបំពេញសេចក្ដីសន្យារបស់ទ្រង់ហើយ ព្រោះជីវិតរបស់ពួកគេពោរពេញទៅដោយព្រះពរមកពីព្រះជាម្ចាស់។ នៅក្នុងខ10នេះយើងអាចមើលឃើញពីតួអង្គម្នាក់ទៀតគឺ ស្ដេចដាវីឌ លើកទី១យើងមើលឃើញថា ពួកអ៊ីស្រាអែលបានថ្វាយដង្វាយដុតនៅលើអាសនាតាមរបៀបលោកម៉ូសេ និងលើកនេះគេបានសរសើរដំកើងព្រះជាម្ចាស់តាមរបៀបដាវីឌម្ដង បុគ្គលទាំងពីរនេះសុទ្ធតែជាបុគ្គលសំខាន់ សុទ្ធតែជាអ្នកសំណប់របស់ផងព្រះ ដូច្នេះការធ្វើតាមរបៀបអ្នកទាំងពីរនេះ បានបញ្ជាក់ថា ពួកគេបានធ្វើការដែលព្រះអង្គទ្រង់សព្វព្រះទ័យដូចជាអ្នកសំណប់របស់ព្រះបានធ្វើហើយ។ ពួកគេបានច្រៀងចម្រៀងពីរបទទីមួយគឺ ចម្រៀងនៃការសរសើរ និងចម្រៀងនៃការអរព្រះគុណព្រះជាម្ចាស់។ នៅពេលដែលជើងជញ្ជាំងត្រូវបានដាក់រួចហើយ ពួកស្រែកហ៊ោយ៉ាងខ្លាំងពោរពេញដោយអំណរ ប៉ុន្តែក៏មានអ្នកដែលកើតទុក្ខដែរ គឺជាមនុស្សចាស់ដែលបានឃើញពីភាពរុងរឿងនៃព្រះវិហារមុនដែលល្អប្រសើរ មានគ្រឿងប្រដាប់សុទ្ធតែមាស ប្រាក់ លង្ហិន ហើយបើប្រៀបធៀបជាមួយនឹងព្រះវិហារថ្មីសាងសង់លើទឹកដីចាស់នេះ វាខុសគ្នាឆ្ងាយណាស់។

Conclusion

            តាមរយៈការវិលត្រលប់មកវិញរបស់ពួកអ៊ីស្រាអែល យើងអាចមើលឃើញពីព្រះគុណរបស់ព្រះជាម្ចាស់សម្រាប់ពួកគេ ជាថ្មីម្ដងទៀតព្រះអង្គទ្រង់បានបំពេញនូវសេចក្ដីសន្យារបស់ទ្រង់ជាមួយនឹងហោរាយេរេមាថា ទ្រង់នឹងនាំពួកគេវិលត្រលប់មកវិញក្រោយ70ឆ្នាំដែលពួកគេបានរងទុក្ខ(យេរេមា២៥ខ១១-១២)។ នៅគ្រានោះបើសិនជាយើងសួរពួកអ៊ីស្រាអែលម្ដងទៀត ពីការយល់ឃើញរបស់ពួកគេចំពោះសេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះអ័ប្រាហាំ ពួកគេនឹងឆ្លើយថាពួកគេមើលមិនឃើញពីសេចក្ដីសន្យារបស់ព្រះទេ សេចក្ដីសន្យានោះដូចជារលាយអស់ហើយ។ យើងមើលឃើញថា នៅពេលដែលព្រះអង្គបង្កើតអ័ដាម ព្រះអង្គមានទំនាក់ទំនងជាមួយនឹងអ័ដាមយ៉ាងល្អ ប៉ុន្តែទំនាក់នោះត្រូវបានបាក់បែកអស់ នៅពេលដែលអ័ដាមបានប្រព្រឹត្តបានទាស់នឹងព្រះជាម្ចាស់ ប៉ុន្តែព្រះអង្គទ្រង់មិនបានបញ្ឈប់ទំនាក់ទំនងរបស់ព្រះអង្គជាមួយមនុស្សត្រឹមនោះទេ ព្រះអង្គទ្រង់បានជ្រើសរើសអ័ប្រាហាំ អោយបង្កើតជាតិសាសន៍ធំមួយ ដោយព្រះអង្គទ្រង់ចង់ស្ដារទំនាកទំនងនោះឡើងវិញ ព្រះអង្គប្រទានអោយពួកគេមានក្រឹត្យវិន័យដើម្បីនឹងអោយពួកគេអាចប្រព្រឹត្តល្អត្រឹមត្រូវដោយកោតខ្លាចដល់ព្រះជាម្ចាស់ ប៉ុន្តែជាញយដងពួកអ៊ីស្រាអែលបាបបះបោរ ហើយព្យាយាមបំផ្លាញទំនាក់ទំនងរវាងពួកគេជាមួយនឹងព្រះជាម្ចាស់ រហូតដល់ការធ្លាក់ចុះរបស់ពួកគេដោយការចាញ់សង្រ្គាមជាមួយនឹងពួកបាប៊ីឡូន។ ប៉ុន្តែព្រះអង្គទ្រង់នៅតែសប្បុរសចំពោះពួកគេ នៅពេលដែលពួកគេត្រលប់មកពីការនិរទេសមកវិញ ពួកគេមិនបានសាងសង់កំផែងក្រុងសម្រាប់ការពារសត្រូវមុនទេ ប៉ុន្តែពួកគេគេបានព្យាយាមសងសាងឡើងវិញនូវប្រព័ន្ធសាសនា ដោយសង្ឃឹមថា ពួកគេអាចនឹងស្ដារឡើងវិញនូវទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះជាម្ចាស់ ប៉ុន្តែវាដូចជាជ្រុលពេលទៅហើយ ទំនាក់ទំនងមួយនេះមនុស្សមិនអាចមានសមត្ថភាពក្នុងការផ្សះផ្សារឡើងវិញបាននោះទេ មានតែព្រះជាម្ចាស់ដែលទ្រង់អាចផ្សះផ្សារទំនាក់ទំនងនេះ ព្រោះតាំងពីដើមព្រះអង្គតែមួយអង្គប៉ុណ្ណោះដែលជាអ្នកដែលស្ដារឡើងវិញនូវទំនាក់ទំនងរបស់ព្រះអង្គជាមួយនឹងមនុស្ស មនុស្សមិនដែលចង់មានទំនាក់ទំនងជាមួយនឹងព្រះនោះឡើយ។ តើព្រះអង្គធ្វើអីដើម្បីផ្សះផ្សារទំនាក់ទំនងរបស់ព្រះអង្គឡើងវិញ? វិធីមានតែមួយគត់ គឺមានតែតាមរយៈព្រះយេស៊ូគ្រីស្ទតែប៉ុណ្ណោះដែលមនុស្សអាចនឹងមានទំនាក់ទំនងជាមួយនឹងព្រះឡើងវិញ ដូច្នេះការព្យាយាមសាងសង់ប្រព័ន្ធសាសនារបស់ពួកអ៊ីស្រាអែលមិននាំអោយពួកគេមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ឡើងវិញឡើយ ព្រោះមានតែព្រះយេស៊ូវមួយប៉ុណ្ណោះដែលអាចនាំមនុស្សអោយមានទំនាក់ទំនងល្អឡើងវិញជាមួយនឹងព្រះជាម្ចាស់បាន។ តើមានរឿងអីកើតឡើងនៅពេលដែលព្រះយេស៊ូវសុគត? មេឃងងឹងដាបតាំងពីថ្ងៃត្រង់ រហូតដល់ម៉ោងបីព្រះយេស៊ូវស្រែកថាម៉េច?​ អេលីៗឡាម៉ាសាបាច់ថានីដែលប្រែថា ព្រះអង្គនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ?(ម៉ាថាយ២៧ខ៤៥-៤៦) ព្រះយេស៊ូវមិនដែលដាច់ទំនាក់ទំនងជាមួយនឹងព្រះវរបិតានោះទេ នៅក្នុងយ៉ូហានព្រះយេស៊ូវមានបន្ទូលថា ខ្ញុំនៅក្នុងព្រះវរបិតា ព្រះវរបិតាគង់នៅក្នុងខ្ញុំដូច្នេះមិនដែលមានពេលណាមួយដែលព្រះយេស៊ូវ មានតែពេលនៅលើឈើឆ្កាងតែប៉ុណ្ណោះដែលទំនាក់ទំនងនោះបានកាត់ផ្ដាច់ ព្រោះតែពេលដែលព្រះអង្គនៅលើឈើឆ្កាងព្រះអង្គទ្រង់បានប្រមូលអស់ទាំងអំពើបាបរបស់មនុស្សជាតិទាំងអស់ ដាក់នៅលើអង្គទ្រង់ ហើយអំពើបាប បានកាត់ផ្ដាច់ព្រះអង្គជាមួយនឹងព្រះវរបិតា នៅក្នុងអេសាយ៥៩ខ១-២បាន មិនមែនព្រះហស្តរួញខ្លី ហើយមិនមែនត្រចៀកធ្ងន់ស្ដាប់មិនលឺពួកអ៊ីស្រាអែលនោះទេ ប៉ុន្តែដោយសារតែអំពើបាបដែលបានខណ្ឌចែករវាងព្រះជាម្ចាស់ និងមនុស្សមិនអោយមានទំនាក់ទំនងគ្នា។ ព្រះយេស៊ូវទ្រង់បានកាត់ផ្ដាច់ទំនាក់ទំនងររវាងព្រះវរបិតា នឹងព្រះអង្គទ្រង់ជំនួសមនុស្សមានបាបទាំងអស់  ដូច្នេះខ្ញុំចង់បញ្ជាក់ថា ការសុគតរបស់ព្រះយេស៊ូវ មិនមែនដើម្បីនាំមនុស្សអោយចូលទៅក្នុងនគរស្ថានសួគ៌តែប៉ុណ្ណោះទេ ប៉ុន្តែគឺសុគតគឺនិយាយអំពីទំនាក់ទំនង ព្រះយេស៊ូវមានបន្ទូលនៅក្នុងយ៉ូហាន១៤ខ៦ថា​  ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​ឡើយ ដូច្នេះក្រៅពីព្រះយេស៊ូវនោះគ្មានផ្លូវណាទៀតឡើយដែលអាចនាំមនុស្សអោយរួចពីអំពើបាប និងអាចនាំអោយយើងរាល់គ្នាមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់វិញនោះឡើយ។

ចំណុចអនុវត្តន៍

            យើងមើលឃើញថា ការថែរក្សាទំនាក់ទំនងរវាងយើងដែលជាអ្នកជឿ និងព្រះជាម្ចាស់នោះសំខាន់ណាស់ នេះជាសប្ដាហ៍ទី2នេះ នៃឆ្នាំថ្មីហើយ ទោះបីជាឆ្នាំថ្មីនេះយើងគ្មានសមត្ថភាពនឹងទិញឡានថ្មី ទិញផ្ទះថ្មី យើងមិនអាចដូរសង្សារថ្មី ដូរប្រពន្ធថ្មី ឬសាងសង់ផ្ទះថ្មីនោះទេ ប៉ុន្តែយើងអាចនឹងសាងសង់ ឡើងវិញនូវទំនាក់របស់យើងជាមួយនឹងព្រះជាម្ចាស់ មិនដឹងថាឆ្នាំមុនទំនាក់ទំនងរបស់យើងជាមួយនឹងព្រះជាម្ចាស់ យ៉ាងម៉េចទេ ប៉ុន្តែសង្ឃឹមថាឆ្នាំនេះ យើងអាចស្ដារឡើងវិញនូវទំនាក់ទំនងរបស់យើងជាមួយនឹងព្រះជាម្ចាស់ ព្រះយេស៊ូវបានសុគតដើម្បីសាងសង់នូវទំនាក់ទំនងរវាងព្រះជាម្ចាស់ជាមួយនឹងយើងហើយ នៅក្នុងយ៉ូហាន១ខ១២បានមានសេចក្ដីសន្យាមួយថា អស់អ្នកណាដែលជឿដល់ព្រះយេស៊ូវនឹងត្រលប់ទៅជាកូនរបស់ព្រះ ដូច្នេះក្នុងនាមយើងជាកូនយើងមានសិទ្ធិក្នុងការមានទំនាក់ទំនងជាមួយនឹងឪពុករបស់យើង ហើយគ្មានអ្នកណាដែលមានសិទ្ធិក្នុងការដែលបញ្ឈប់ទំនាក់ទំនងនោះបានឡើយ។ នៅពេលដែលព្រះយេស៊ូវសុគតផ្ទាំងវាំងនននៅក្នុងព្រះវិហារត្រូវបានរហែកដូច្នេះយើងមានផ្លូវក្នុងការ មានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ឡើងវិញ។ មិនត្រឹមតែស្ដារឡើងវិញនូវទំនាក់ទំនងរវាងយើងជាមួយនឹងព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែទំនាក់ទំនងរវាងក្រុមគ្រួសារ បងប្អូន មិត្តភក្ដិ និងពួកជំនុំក៏ត្រូវតែស្ដារឡើងវិញដែរ ឆ្នាំចាស់កន្លងផុតទៅហើយ សូមអោយការអាក់អន់ចិត្ត ការយល់ច្រឡំ ការមិនពេញចិត្ត ការបាក់ទឹកចិត្តជាមួយគ្នា បានកន្លងផុតទៅ បើសិនជាឆ្នាំចាស់ទំនាក់ទំនងរបស់យើងល្អូកល្អឺនប៉ុណ្ណា សូមអោយឆ្នាំថ្មីនេះយើងបានបន្ថែមសេចក្ដីស្រលាញ់ ការអត់ទោសនោះបន្ថែមទៀត ហើយបើសិនជាឆ្នាំចាស់យើងមានការអាក់អន់ចិត្តជាមួយយើងត្រូវអត់ទោសអោយគ្នា ផ្សះផ្សារជាមួយគ្នា សូមអោយឆ្នាំថ្មីនេះយើងជាឆ្នាំដែលយើងអាចមានទំនាក់ទំនងល្អ ទាំងជាមួយនឹងព្រះជាម្ចាស់ ព្រមទាំងជាមួយគ្រួសារ បងប្អូន មិត្តភក្ដិ និងពួកជំនុំរបស់យើងទាំងអស់គ្នា សូមអធិស្ឋានជាមួយខ្ញុំ។


0 Comments

Type and hit Enter to search

Close