Breaking News

តើយើងគួរនិងថ្កោលទោសដល់អ្នកដ៏ទៃដែរឬទេ? ម៉ាថាយ ៧ : ១-៥


សេចក្ដីផ្ដើម:
            មានប្តីប្រពន្ធមួយគូរបានរស់នៅឯជើងភ្នំដែលឆ្ងាយពីស្រុកភូមិ ពូកគេទំាងពីរអ្នកពុំ
មានកូនឡើយ។ដូច្នោះហើយបានជាពួកគេទាំងពីរអ្នកដូចជាមានអារម្មណ៍ថាដូចជាស្ងប់ស្ងាត់ ហើយក៏កាណាស់។ ថ្ងៃមួយស្រាប់តែ មានសត្វសា្ករមួយដែលមានរបួសបានរត់ចូលមកកាន់ផ្ទះរបស់គាត់ហើយប្តីប្រពន្ធនោះមានចិត្តស្រឡាញ់ជាខ្លាំង ក៏បានយកថ្នាំមកលាបអោយ ព្រមទាំងថែរក្សាសត្វស្ការនោះដូចជាកូនរបស់ពួកគេ។ ទោះបីជាសត្វស្ការមួយនោះមិនចេះនិយាយភាសារបស់មនុស្សតែពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងរបស់សត្វស្ការនិងប្តីប្រពន្ធនោះកាន់តែមានភាពស្និទ្ធស្នាលឡើង។​ មួយឆ្នាំក្រោយមកប្តីប្រពន្ធនោះមក៏មានកូនប្រុសមួយ ដែលសថ្លោះល្អណាស់គួរអោយស្រឡាញ់បំផុតដែលនៅជាទារកនៅឡើយ។ ថ្ងៃមួយប្តីប្រពន្ធនោះបានផ្តាំផ្ញើដល់សត្វស្ការនោះអោយជួយមើលថែរក្សាកូនប្រុសរបស់គាត់ផងព្រោះគាត់ទាំងពីរអ្នកត្រូវចេញទៅធ្វើកិច្ចការដ៏សំខាន់នៅខាងក្រៅ។ សត្វស្ការនោះពិតជាមានចិត្តស្មោះស្មគ្រ័ចំពោះម្ចាស់យ៉ាងខ្លាំង​គឺវាមិនបានចេញទៅណាចោលទារកនោះសូម្បីមួយវិនាទី វាតាមមើលរហូតមិនអោយឃ្លាតពីភ្នែកវាសោះ។ កំពុងតែទារកគេងនៅក្នុងអង្រឹងយ៉ាងស្កប់ស្កល់ ស្រាប់តែមានសត្វពស់វែកមួយយ៉ាងធំបានវៀរសំដៅមកកាន់ទារកនោះ។ សត្វស្ការគ្រាន់តែឃើញភ្លាមបានរត់ដង្ហក់មកឃាំងមិនអោយពោះវៀរមកដល់ទារកនោះឡើយ។ បន្ទាប់មកសត្វពោះនិង សត្វស្ការបានខាំគ្នាចុះឡើងហើយសត្វស្ការបានការពារទារកនោះបានដោយមានឈាមជាច្រើនបានប្រលាក់ពេញខ្លួនសត្វស្ការគឺជាឈាមរបស់សត្វពស់ និងខ្លួនវាផង។​ គ្រាន់តែសត្វពោះស្លាប់ភ្លាមវាបានលឺសំឡេងម្ចាស់របស់វានៅខាងមុខផ្ទះ សត្វស្ការសប្បាយចិត្តយ៉ាងខ្លាំង ក៏រត់សំដៅទៅកាន់ម្ចាស់យ៉ាងលឿនហាក់ចង់និយាយប្រាប់អ្វីទៅកាន់ម្ចាស់។ តែពេលដែលម្ចាស់បានឃើញវាប្រលាក់ឈាមលើខ្លួនភា្លមក៏មានចិត្តខឹងហើយស្រែកទ្រហ៊ោយំយ៉ាងខ្លាំងទៅវិញ ព្រោះប្តីប្រពន្ធនោះបានគិតស្មានថាសត្វស្ការបានខាំហែកស៊ីកូនប្រុសរបស់គាត់ហើយ។​ បុរសជាប្តីបានទាញយកដំបងមកវាយសត្វស្កានោះរហូតដល់ស្លាប់ បន្ទាប់មកពួកគេបានដើរចូលទៅខាងក្នុងផ្ទះស្រាប់តែឃើញឈាមនិងសត្វពោះដែលដាច់ជាកង់ៗ ហើយនិងកូនប្រុសរបស់គាត់កំពុងតែគេងលក់គ្មានគ្រោះថ្នាក់អ្វីសោះ។ ពួកគេទាំងពីរបានដើរដំរង់មកសត្វស្ការ​​​ ហើយឃើញវាកំពុងតែរៀបនិងដាច់ខ្យល់ តែភ្នែករបស់វាបានសំឡឹងមកម្ចាស់ទាំងទឹកភ្នែកស្រក់ហាក់ចង់ប្រាប់ម្ចាស់រឿងអ្វីមួយ តែក៏ហួសពេលទៅហើយ។ប្តីប្រពន្ធទាំងពីរបានលើកសត្វស្ការនោះមកអោបហើយថើបទាំងយំខ្សឹបខ្សួលជាខ្លាំងព្រមទាំងមានការសោកស្តាយយ៉ាងខ្លាំង។
សាច់រឿងនេះសម្តែងថាបុរសជាប្តីប្រពន្ធនោះគ្រាន់តែឃើញសត្វស្ការនោះប្រឡាក់ឈាមក៏ថ្កោលទោសភ្លាមថាសត្វនោះបានសម្លាប់កូនប្រុសរបស់គាត់​ ហើយគាត់បានវាយសម្លាប់ភ្លាមៗតែម្តង​ ហើយក្រោយមកទើបពួកគេដឹងថាពួកគេបានយល់ច្រឡំចំពោះសត្វស្ការនោះ ។ ដូចគ្នាផងដែរ​ ក្នុងម៉ាថាយ ៧:-៥ ចែងអំពី បំរាមមួយដែលព្រះយេស៊ូវបានហាមថាកុំអោយថ្កោលទោសគេអោយសោះ។
បទគម្ពីរ ម៉ាថាយ ៧ :-
១ កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ  ២ ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង ៣ ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​កំទេច ដែល​នៅ​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម ដែល​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​សោះ​ដូច្នេះ៤ ឬ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​និយាយ​នឹង​បង​ប្អូន​ថា ចូរ​ឲ្យ​អញ​យក​កំទេច​ពី​ភ្នែក​ឯង​ចេញ តែ​មើល មាន​ធ្នឹម នៅ​ក្នុង​ភ្នែក​ខ្លួន​អ្នក​វិញ  ៥ អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​របស់​ខ្លួន​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន​ដែរ 
                                     សេចក្ដីអធិប្បាយ
ចំណងជើង:    តើយើងគួរនិងថ្កោលទោសដល់អ្នកដ៏ទៃដែរឬទេ?(ម៉ាថាយ ៧ : ១-៥)
សំណួរស្នូល
 ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទបង្គាប់មិនអោយមានការថ្កោលទោស? ចុះតើអត្ថបទគម្ពីរនេះចង់អោយយើងធ្វើយ៉ាងម៉េចវិញនៅពេលដែលយើងចង់ជួយដល់អ្នកដែលបានធ្វើខុស?



គម្រោងអត្ថបទ
I.              មិនគួរថ្កោលទោសអ្នកដ៏ទៃព្រោះមានតែព្រះប៉ុណ្ណោះដែលអាចកាត់ទោសបាន (ដើមខ១)
. ដើម្បីកុំអោយគេថ្កោលទោសមកយើងវិញ​( ចុងខ១​និង​២)
II.            មិនគួរនិងថ្កោលទោសគេតែត្រូវរៀនទទួលស្គាល់ពីកំហុសរបស់ខ្លួនជាមុនសិន(ខ៣)
III.           មិនថ្កោលទោសគេទេ តែជួយកែតំរង់គេឲ្យស្គាល់ពីទោសកំហុសវិញ(ខ៤-៥)
សង្ខេបបទគម្ពីរ
ព្រះយេស៊ូវបានបង្គាប់មកថាមិនអោយអ្នកជឿលើទ្រង់​ ថ្កោលទោសទៅកាន់នរណាឡើយព្រោះដើម្បីមិនអោយគេថ្កោលទោសដល់ខ្លួនងវិញ។​ មួយវិញទៀតគឺមិនត្រូវមើលឃើញតែកំហុសរបស់គេហើយមិនបានមើលឃើញពីកំហុសរបស់ខ្លួនង។ ហើយត្រូវតែរៀននិងស្គាល់ពីកំហុសការដាក់វិន័យចំពោះខ្លួនងជាមុនសិន មុននិងអោយគេបានទទួលស្គាល់នូវកំហុសរបសគេដែរ។
I.          មិនគួរថ្កោលទោសអ្នកដ៏ទៃព្រោះមានតែព្រះប៉ុណ្ណោះដែលអាចកាត់ទោសបាន (ខ១-២)
យើងឃើញថាត្រង់ដើម(ខ១) ព្រះយេស៊ូវមានបន្ទូលហាមមិនឲ្យថ្កោលទោសគេឡើយ ពាក្យថាថ្កោលទោសត្រង់កន្លែងនេះមានន័យថាមិនអោយដាក់ទោសចំពោះនរណាម្នាក់។ មូលហេតុអ្វីបានជាព្រះយេស៊ូវមានបន្ទូលយ៉ាងដូច្នេះ? តាំងពីកំណើតលោកិយមកយើងឃើញថាព្រះជាម្ចាស់មានសិទ្ធិអំណាចក្នុងការជំនុំជំម្រះដល់មនុស្ស គឺការដាក់ទោសដល់មនុស្ស។ តួរយ៉ាងនៅពេលដែលមនុស្សដែលព្រះអង្គបានបង្កើតដំបូងបានបរិភោគផ្លែដឹងខុសត្រូវ ទ្រង់បានកាត់ទោសដល់ពួកគេហើយបណ្តេញគេចេញពីសួនច្បារអេដែនផងដែរ។ ព្រះអង្គទ្រង់យុត្តិធម៍ដូចដែលមាននៅក្នុងព្រះគម្ពីរ លោកុប្បត្តិ៣:១៤-២៤។ ព្រះជាម្ចាស់ទ្រង់បានដាក់ទោសដល់មនុស្សតែព្រះទ័យរបស់ទ្រង់នៅតែស្រលាញ់ដល់មនុស្សព្រះអង្គបានផ្តល់សេចក្តីសន្យា និង ក្តីសង្ឃឹមដល់មនុស្សផងដែរ​​ ដូចដែលមាននៅក្នុងព្រះគម្ពីរលោកុប្បត្តិ ៣:១៥។   ​​ ​​​ មួយវិញទៀតព្រះជាម្ចាស់ទ្រង់បានដាក់ទោសដល់មនុស្សដោយទឹកជំនន់ដោយព្រោះតែមនុស្សបានប្រព្រឹត្តអំពើដ៏អាក្រក់នៅចំពោះទ្រង់ដូចដែលមាននៅក្នុងព្រះគម្ពីរលោកុប្បត្តិជំពូក៦។តែទន្ទឹមនិងការដាក់ទោសដល់មនុស្សព្រះអង្គក៏មានព្រះហឬទយ័មេត្តាដល់មនុស្សគឺព្រះអង្គមិនបានបំផ្លាញមនុស្សទាំងអស់ឡើយគឺទ្រង់បានរក្សានូវក្រុមគ្រួសាររបស់លោកណូអេ។​​​   ​ ​                 ​​​​​​​         ​​​​                      ​​​​​ ​    ​​​​             ​​   ជាបន្តទៅទៀតយើងអាចឃើញពីការដាក់ទោសរបស់ទ្រង់ចំពោះស្តេចសាឡូម៉ូនដែលទ្រង់បានស្រឡាញ់ដល់ស្រ្តីសាសន៍ដ៏ទៃហើយថ្វាយបង្គំរូបព្រះ នោះទ្រង់ បានដាក់ទោសដល់សាឡូម៉ូនដោយទ្រង់បានធ្វើអោយមានអ្នកតតាំងប្រឆាំងនិងសាឡូម៉ូន ហើយដណ្តើមរាជ្យពីកូនរបស់ទ្រង់ ដូចដែលមាននៅក្នុងព្រះគម្ពីរ ១ពង្សាវតាក្សត្រ ១១: ១៤។ ហើយព្រះអង្គក៏បានដាក់ទោសដល់រាស្រ្តអ៊ីស្រាអែលអោយពួកគេក្លាយជាទាសករនៃប្រទេសអាសើរ ហើយនិង បាប៊ីឡួនដោយព្រោះតែពួកគេបានថ្វាយបង្គំរូបព្រះ គេធ្វើបាបទាស់និងព្រះអង្គ ដែលមានចែងនៅក្នុងព្រះគម្ពីរ ២ង្សាវតាក្សត្រ១៧: ២០។                                           បើយើងក្រលេកទៅមើលច្បាប់នៅក្នុងប្រទេសគឺប្រសិនណាជាមានមនុស្សណាបានធ្វើខុសអ្វីនោះគេនិងកាត់ទោសទៅតាមច្បាប់រដ្ឋធម្មនុញ្ញដែលបានចែងថាជាទោសកំរិតស្រាល ឬកំរិតធ្ងន់។តែព្រះជាម្ចាស់ទ្រង់បានកាត់ទោសចំពោះមនុស្សដោយការអត់ទោស ហើយគ្មាននរណាម្នាក់ដែលមានសិទ្ធិក្នុងការកាត់ទោសដល់មនុស្សដែលសុទ្ធតែមានបាបដូចគ្នា។​នៅពេលដែលមានគេទាន់ស្រ្តីម្នាក់ដែលប្រព្រឹត្តសេចក្តីកំផិត ហើយតាមច្បាប់គេត្រូវចោលនាងសម្លាប់និងដុំថ្ម​គេបាននាំនាងនោះមកព្រះយេស៊ូវដើម្បីអោយទ្រង់កាត់ទោសដល់នាង។ ព្រះយេស៊ូវគ្រីស្ទមានបន្ទូលថាបើសិនជានរណាគ្មានបាបសោះនោះគេអាចថ្កោលទោសនាងបាន តែគ្មាននរណាម្នាក់គ្មានបាបសោះ។ ព្រះអង្គមានបន្ទូលទៅកាន់ស្រ្តីនោះថា ពួកអ្នកដែលចោទប្រកាន់នាងគ្មានអ្នកណាកាត់ទោសនាងទេ ហើយព្រះអង្គក៏មិនកាត់ទោសដល់នាងដែរគឺបាបនាងបានអត់ទោសអោយហើយ តែនាងត្រូវតែឈប់ធ្វើបាបទៀត​ដូចដែលមាននៅក្នុងព្រះគម្ពីរ យ៉ូហាន៨:-១១។​ ត្រង់កន្លែងនេះព្រះគ្រីស្ទទ្រង់ចង់បង្ហាញថាមនុស្សគ្រប់រូបសុទ្ធតែមានបាប ហើយពួកគេគ្មានអំណាចណាដើម្បីកាត់ទោសគេបានឡើយ ព្រោះថាពួកគេក៏និងត្រូវឈរនៅមុខទីជំនុំជម្រះរបស់ទ្រង់ ដូចដែលមាននៅក្នុងព្រះគម្ពីររ៉ូម ១៤: ១០។​​ ​ ហើយអ្នកដែលបង្កើតក្រិត្យវិន័យ ការជំនុំជម្រះ ការសង្រ្គោះ និងការបំផ្លាញគឺមកតែពីព្រះមួយប៉ុណ្ណោះ ដូចដែលមាននៅក្នុងព្រះគម្ពីរ យ៉ាកុប ៤: ១២។
. ដើម្បីកុំអោយគេថ្កោលទោសមកយើងវិញ​( ចុងខ១​និង​២)                                                   ចុងខ១​ និង​​​ ខ២ ​ថាដើម្បីកុំឲ្យមានគេថ្កោលទោសយើងវិញ​ ព្រោះបើយើងថ្កោលទោសគេយ៉ាងណានោះគេនិងវាល់អោយយើងវិញដូចគ្នាដែរ។ ការដែលមិនថ្កោលទោសដល់គេនេះគឺជាសេចក្តីបង្គាប់របស់ព្រះគ្រីស្ទដែលទ្រង់ចង់អោយកូនព្រះអង្គបានធ្វើ ព្រះអង្គមានបន្ទូលដូចគ្នាផងដែរថាមានពរហើយអស់អ្នកណាដែលមានចិត្តមេត្តាដល់គេ អ្នកនោះនិងបានសេចក្តីមេត្តាករុណាមកវិញ ដូចដែលមាននៅក្នុងម៉ាថាយ៥:៧។ តែក៏ទ្រង់មានបន្ទូលថាបើយើងបានអត់ទោសអំពើរំលងរបស់បងប្អូនដោយអស់អំពីចិត្ត
នោះព្រះវរបិតាទ្រង់និងប្រព្រឹត្តយ៉ាងដូច្នោះចំពោះយើងដែរ ដែលបានចែងនៅក្នុងព្រះគម្ពីរ ម៉ាថាយ១៨:៣៥។ មួយវិញទៀតព្រះយេស៊ូវទ្រង់បានបង្រៀនដល់ពួកសិស្សទ្រង់អោយអធិស្ឋានអត់ទោសដល់អ្នក
ដែលធ្វើខុសចំពោះខ្លួន គឺមិនអោយដាក់ទោសដល់គេទេ ព្រោះថាព្រះជាម្ចាស់ទ្រង់បានអត់ទោសអំពើរំលងរបស់យើងផងដែរព្រះអង្គមិនបានថ្កោលទោសយើងឡើយ។
​​            មានឧទាហរណ៍មួយ:  យើងឃើញថាជិវិតរបស់លោក យ៉ូសែបបានជួបនិងទុក្ខលំបាកជាច្រើន បងប្រុសរបស់គាត់បានច្រណែននិងគាត់ ហើយចាប់គាត់ទំលាក់ក្នុងអណ្តូង ហើយថែមទាំងលក់យ៉ូសែបអោយទៅពួកអ៊ីសម៉ាអែល ដូចដែលមាននៅក្នុងព្រះគម្ពីរលោកុប្បត្តិ ៣៧:២៨។ តែយ៉ូសែបមិនបានកាត់ទោសបងៗរបស់គាត់អោយសមនិងអំពើដែលបងៗរបស់គាត់បានធ្វើមកលើគាត់វិញឡើយ គឺយ៉ូសែបបានអត់ទោសដល់បងៗរបស់គាត់ដូចដែលមាននៅក្នុងព្រះគម្ពីរ លោកុប្បត្តិ ៥០:២០ -២១។
            ជាពិសេសទៅទៀតព្រះគ្រីស្ទទ្រង់មិនមានព្រះហឬទ័យមេត្តាករុណានិងការអត់ទោសដ៏លើសលប់ចំពោះមនុស្សដែលបានទាស់ប្រឆាំងចំពោះនិងទ្រង់។ ហ្វូងមនុស្សនិងពួកសង្រ្គាជ ពួកចាស់ទុំ​បានស្រែកខ្លាំងៗអោយឆ្គាងព្រះគ្រីស្ទ ព្រះអង្គគ្មានទោសសោះតែពួកគេនាំគ្នាដាក់ទោសព្រះជាម្ចាស់ទាំងប្រមាថដល់ទ្រង់យ៉ាងខ្លាំង​ដូចដែលមាននៅក្នុងព្រះគម្ពីរម៉ាថាយ ២៧: ២២-២៣។ តែព្រះគ្រីស្ទទ្រង់មិនបានសងដល់មនុស្សដោយការដាក់ទោសចំពោះពួកគេវិញឡើយព្រះអង្គបានអធិស្ឋានសូមការអត់ទោសដល់មនុស្សផងរហូតដល់ទ្រង់មរណាដូចដែលមាននៅក្នុងព្រះគម្ពីរលូកា២៣:៣៤។
II.     មិនគួរនិងថ្កោលទោសគេទេ តែត្រូវរៀនទទួលស្គាល់ពីកំហុសរបស់ខ្លួនជាមុនសិនវិញ (ខ៣)
ត្រង់ខ៣​បានបញ្ជាក់យ៉ាងច្បាស់ថានិស្ស័យរបស់យើងចូលចិត្តមើលពីកំទេចដែលនៅក្នុងភ្នែក
របស់បងប្អូនយើងតែ ធ្នឹមនៅក្នុងខ្លួនរបស់យើងបែរជាមើលមិនឃើញទៅវិញ។ ពាក្យថាកំទេចនោះគឺសំដៅថាជាកំហុសតូចៗ ដែលមាននៅក្នុងអ្នកដ៏ទៃ តែធ្នឹមនោះវាធំៗជាងកំទេចតូចៗនោះទៅទៀត ត្រង់កំហុសដ៏ធំរបស់យើង យើងបែរជាមើលមិនឃើញទៅវិញ។ ជាពិតប្រាកដនិស្ស័យបាបដែលយើងមានតាំងតែពីដើមមកម្ល៉េះ ដែលចេះងគ្មានអ្នកណាបង្រៀនក៏ចេះដែរ ដែលបានជាប់មានមកតាំងពីសម័យអ័ដាមនិង​អេវ៉ាមកម្ល៉េះ។ ពេលដែលព្រះជាម្ចាស់បានសួរអ័ដាមពីមូលហេតុដែលគាត់បរិភោគផ្លែដឹងខុសត្រូវ នោះអ័ដាមបានទំលាក់ទោសកំហុសនោះទៅកាន់ស្រ្តីដែលព្រះប្រទានដល់គាត់ភ្លាម គឺគាត់ពុំបានឃើញធ្នឹមរបស់គាត់ដែលបានធ្វើខុសនោះទេ ដូចដែលមាននៅក្នុងព្រះគម្ពីរលោកុប្បត្តិ ៣:១២។
            ព្រះជាម្ចាស់ចង់ឲ្យយើងបានទទួលស្គាល់នៅកំហុសរបស់យើងហើយសារភាពនូវទោសនោះដោយអស់អំពីចិត្ត ព្រះអង្គមិនចង់អោយយើងបានរត់ចេញពីបញ្ហាឬក៏ដាក់ទោសនរណាម្នាក់ដែរ​។ ពីព្រោះថាមនុស្សគ្រប់រូបសុទ្ធតែមានបាបហើយខ្វះមិនដល់សិរីល្អនៃព្រះ ហេតុនេះហើយគេត្រូវពឹងដល់ព្រះក្នុងការជួយសង្រ្គោះដល់គេ គឺគ្មាននរណាម្នាក់ដែលសុចរិត​ហើយល្អលើសគេឡើយ​ ដូចដែលមាននៅក្នុងព្រះគម្ពីរ​រ៉ូម៣:១០ ,  ២៣)។
            មានឧទាហរណ៍មួយនៅក្នុងព្រះគម្ពីរ ២ សាំយ៉ូអែល១២ ដែលបាននិយាយអំពីទោសកំហុសរបស់ស្តេចដាវីឌ។ ពេលដែលហោរាណាថាន់បាននិយាយរឿងមួយអំពីមនុស្សពីរអ្នក ម្នាក់ជាអ្នកមាន និង​ម្នាក់ជាអ្នកក្រ ។ ពេលនោះដាវីឌមានចិត្តខឹងចំពោះអ្នកមានដែលបានយកចៀមពីអ្នកក្រ ដោយដាវីឌបានដាក់ទោសដល់បុរសអ្នកមាននោះថាគាត់គួរនិងស្លាប់។ ស្តេចដាវីឌបានមើលឃើញពីកំទេចនៅក្នុងខ្លួនរបស់បុរសអ្នកមាននោះ តែទ្រង់ពុំបានមើលឃើញពីទោសកំហុសរបស់ទ្រង់សោះ។ ទាល់តែហោរាណាថាន់បានប្រាប់ថាបុរសអ្នកមាននោះគឺជាព្រះអង្គហើយ​នោះទើបដាវីឌមានការភ្ញាក់ខ្លួន។
            មានសុភាសិតមួយនិយាយតៗគ្នាថាបើសិនជាខ្លួនងជាមនុស្សមិនល្អផង កុំមកប្រដៅដល់គេ។ ត្រង់កន្លែងនេះក៏បានផ្តោតសំខាន់ពីការដាក់វិន័យចំពោះខ្លួនងជាមុនសិន មុននិងចង់អោយគេបានទទួលនៅកំហុសផងដែរ។

III.        មិនថ្កោលទោសគេទេ តែជួយកែតំរង់គេឲ្យស្គាល់ពីទោសកំហុសវិញ(ខ៤-៥)
ត្រង់ខ ៤​ និង ៥​បានចង្អុលបង្ហាញដល់យើងថាយើងអាចនិងយកកំទេចចេញពីអ្នកដ៏ទៃបាន
ប្រសិនណាជាយើងបានយកធ្នឹមចេញពីយើងជាមុនសិន។ មនុស្សគ្រប់ៗរូបសុទ្ធតែមានកំហុស ហើយយើងសុទ្ធតែជាមនុស្សមានបាប គឺគ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះឡើយគឺមានតែព្រះប៉ណ្ណោះដែលទ្រង់បរិសុទ្ធ។ តើយើងជាមនុស្សមានកំហុសពិតជាមិនអាចនិងប្រដៅតំរង់ដល់អ្នកដែលធ្វើខុសមែនទេ?​ ត្រង់កន្លែងនេះពុំមែនមានន័យថាយើងមិនអាចនិងប្រដៅតំរង់ដល់អ្នកដែលធ្វើខុសនោះទេ តែទ្រង់ចង់អោយយើងមានការប្រយត្នចំពោះសេចក្តីល្បួង និងសេចក្តីអំណួតដែលយើងគិតថាយើងជាមនុស្សប្រសើរជាងគេហើយមើលមកខ្លួនងគ្មានកំហុសសោះ ដូចដែលមាននៅក្នុងព្រះគម្ពីរ កាឡាទី៦:-៣។
            យើងឃើញពីរបៀបនៃការដោះស្រាយកំហុសដែលកើតមានឡើងនៅក្នុងពួកជំនុំផងដែរ ដែលបានចែងនៅក្នុងព្រះគម្ពីរម៉ាថាយ ១៨:១៥-១៧ ថាជាតំបូងត្រូវចូលទៅប្រាប់គាត់ពីទោសកំហុសតែពីរអ្នកសិន បន្ទាប់មកបើគាត់មិនព្រមកែប្រែនោះត្រូវហៅម្នាក់ទៀតមកនិយាយជាមួយ ហើយបើនូវតែមិនព្រមកែប្រែទៀតនោះត្រូវតែប្រាប់ដល់ពួកជំនុំ។ ដូច្នេះយើងមិនបានចាំតែចាប់កំហុសរបស់គេទេ​ហើយថ្កោលទោសគេនោះទេ។ ការដែលយើងធ្វើយ៉ាងដូច្នេះគឺដើម្បីនិងជួយដល់គេដែលកំពុងតែប្រព្រឹត្តខុសបានមកព្រះអង្គវិញ ហើយយើងអធិស្ឋានដល់គាត់សូមអោយព្រះជាម្ចាស់បានជួយដល់គាត់ក្នុងការទទួលស្គាល់នូវកំហុសហើយកែប្រែចិត្តយ៉ាងពិតប្រាកដ។
 ត្រង់ខ៥ ចង់ប្រាប់ដល់យើងថាត្រូវយកធ្នឹមពីភ្នែករបស់យើងជាមុនសិន ទើបអាចយកកំទេចពីភ្នែករបស់គេបាន។ ប្រសិនជាយើងបានប្រព្រឹត្តមិនល្អដែរ តើយើងមានអំណាចអ្វីក្នុងការទៅប្រដៅតំរង់ដល់គេបាន។ ជាពិតប្រាកដលោកប៉ុលបាននិយាយអំពីគុណសម្បត្តិរបស់អ្នកដឹកនាំនិង គ្រូជំនួយ ដែលត្រូវតែប្រព្រឹត្តឥតមានកន្លែងចាប់ទោសបានដូចជាត្រូវមានប្រពន្ធតែមួយ មានចិត្តធ្ងន់ធ្ងរ ជាអ្នកចៅរ៉ៅ មិនចំណូលស្រា និងចំណុចជាច្រើនទៀតដែលមាននៅក្នុង១ធីម៉ូថេ៣:-១៣។ ការដែលយើងចង់ជួយនរណាម្នាក់បាន លុះត្រាណាតែយើងអាចជួយដល់ខ្លួនងជាមុនសិន ដូចគ្នាផងដែរប្រសិនជាមាននរណាម្នាក់កំពុងតែលង់ទឹក ហើយយើងក៏កំពុងតែលង់ទឹកដូចគ្នាតើយើងអាចជួយដល់អ្នកលង់ទឹកនោះបានទេ។ បើយើងកំពុងតែងងឹតភ្នែកតើយើងអាចជួយនាំផ្លូវដល់អ្នកងងឹតភ្នែកនោះបានទេ។ ត្រឡប់មកខ៥វិញ យើងចង់ជួយកែតំរង់ដល់នរណាម្នាក់ដែលបានធ្វើខុស ចុះបើយើងជាមនុស្សដែលបានប្រព្រឹត្តខុសផងដែរតើយើងគួរនិងធ្វើយ៉ាងម៉េច។យើងឃើញថាមានតួរអង្គជាច្រើនដែលបានកត់ត្រាចុះនៅក្នុងព្រះគម្ពីរដែលពួកគាត់សុទ្ធតែជាអ្នកដែលស្រឡាញ់ព្រះនិងកោតខ្លាចទ្រង់យ៉ាងអស់ពីចិត្ត​ តែនៅក្នុងជិវិតរបស់គាត់ក៏មិនបានគ្រប់លក្ខណ៍ផងដែរគឺមានតែព្រះយេស៊ូគ្រីស្ទប៉ុណ្ណោះដែលទ្រង់គ្មានកំហុសសោះ។ យើងមិនបាក់ទឹកចិត្តក្នុងការប្រដៅតំរង់ដល់អ្នកដែលធ្វើខុសនោះឡើយព្រោះយើងចង់ជួយកែលំអរគ្នាឡើងដោយក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គម្ចាស់ ជាការពិតការដែលយើងចង់ទៅជួយដល់នរណាម្នាក់នោះនិងមិនងាយស្រួលឡើយ។ ព្រះជាម្ចាស់ទ្រង់ក៏មានព្រះហឬទ័យស្រឡាញ់ដល់កូននៃទ្រង់ ដោយព្រះអង្គតែងវាយផ្ចាលដល់យើងផងដែរ គឺទ្រង់បានតំរង់យើងអោយដើរតាមផ្លូវនៃទ្រង់ មិនអោយវង្វេង ដែលមាននៅក្នុងព្រះគម្ពីរ ហេព្រើរ១២:-៨។
សរុបសេចក្តីមកយើងមិនអាចនិងថ្កោលទោសទៅកាន់នរណាម្នាក់បានទេគឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលទ្រង់មានអំណាចក្នុងការកាត់ទោសមនុស្ស។ មនុស្សទាំងអស់សុទ្ធតែមានបាបហើយគ្រប់គ្នាសុទ្ធតែមានកំហុស យើងជាមនុស្សដែលជាប់មានទោសផងដែរ តែព្រះអង្គបានអត់ទោសដល់យើង។ ដោយយើងដឹងថាការដែលយើងបានអត់ទោសដល់គ្នានោះព្រះជាម្ចាស់ទ្រង់និងអត់ទោសដល់យើងផងដែរ ដោយព្រះអង្គបានសុគតនៅលើឈើឆ្គាងជំនួសអំពើរំលងរបស់យើង ។ ព្រះអង្គមិនចង់ឲ្យយើងចាំចាប់តែកំហុសរបស់គេ ហើយចង់អោយគេកែប្រែនៅកំហុស​តែចំពោះខ្លួនយើងផ្ទាល់មិនបានអនុវត្តន៍បានសោះ។យើងគួរនិងមើលឃើញពីកំហុសរបស់ខ្លួន ហើយរៀនទទួលស្គាល់ដោយមិនមានចិត្តអំណួតថាខ្លួនជាមនុស្សដែលប្រសើរជាងគេនោះទេ។ តែត្រូវមានការប្រយត្នក្នុងការចង់កែតំរង់ដល់នរណាម្នាក់គឺត្រូវតែមានភាពជាគំរូល្អដល់គេផងដែរ។
IV.        ចំណុចអនុវត្តន៍
យើងត្រូវទទួលស្គាល់ថាយើងជាមនុស្សមានបាប ហើយត្រូវពឹងអាងលើព្រះអង្គរាល់ថ្ងៃដោយមិនមានអំណួតថាខ្លួនជាមនុស្សដែលសុចរិតជាងគេ។ ត្រូវធ្វើការឆ្លុះបញ្ចាំងចំពោះខ្លួនងថាជាមនុស្សដែលមានកំហុសដូចជាគេផងដែរ ត្រូវប្រែចិត្តហើយអធិស្ឋានសូមការអត់ទោសពីព្រះ សូមទ្រង់ជួយកែតំរង់ដល់យើងរាល់ថ្ងៃអោយមើលឃើញពីកំហុសរបស់ខ្លួន ហើយត្រូវចេះអត់ទោសដល់អ្នកដែលបានធ្វើខុសចំពោះយើង ដូចដែលព្រះអង្គបានអត់ទោសដល់យើងផងដែរ។
ផ្ទៃរឿង
.ព្រះជាម្ចាស់
​ព្រះជាម្ចាស់បានបង្កើតមនុស្សមកយ៉ាងល្អឥតខ្ចោះ ទ្រង់ស្រឡាញ់ដល់មនុស្សទាំងកាលដែលមនុស្សជាប់ក្នុងអំពើបាបផង ទ្រង់មានផែនការសង្រ្គោះដល់មនុស្សទាំងអស់ដោយបញ្ជូនព្រះរាជបុត្រាទ្រង់តែមួយអោយមកជួយរដោះមនុស្សអោយរួចពីក្រិត្យវិន័យ។
. ព្រះគ្រីស្ទ
ព្រះយេស៊ូវគ្រីស្ទទ្រង់យាងមកផែនដីដើម្បីនិងសុគតជួសអំពើរំលងរបស់មនុស្ស​​ ទ្រង់គ្មានទោសសោះតែព្រះអង្គបានបង់ថ្លៃជំនួសមនុស្ស។ ព្រះអង្គមានសិទ្ធក្នុងការជំនុំជម្រះដល់មនុស្សទាំងអស់តែទ្រង់និងមិនដាក់ទោស ឬជំនុំជំរះចំពោះអ្នកណាដែលបានជឿលើព្រះនាមទ្រង់​​​នោះទេ គឺព្រះអង្គនិងប្រទានដល់គេនូវជិវិតដ៏អស់កល្បជានិច្ចវិញ។
.អំពីមនុស្ស
មនុស្សគ្រប់គ្នាសុទ្ធតែមានបាប ហើយគ្មាននរណាសុចរិតសោះសូម្បីតែមួយ គ្រប់គ្នាត្រូវជាប់មានទោសគឺជាសេចក្តីស្លាប់។ មនុស្សទាំងអស់ត្រូវការព្រះដើម្បីនិងជួយសង្រ្គោះគេពីអំពើបាប ព្រោះថាមនុស្សមិនអាចជួយខ្លួនងបានទេ គេត្រូវការសេចក្តីមេត្តាករុណាពីព្រះការអត់ទោសនិងព្រះគុណរបស់
ទ្រង់។ និស្ស័យរបស់មនុស្សគឺមិនចង់អត់ទោសដល់អ្នកដែលធ្វើខុស ហើយក៏មិនចង់មើលពីកំហុសរបស់សខ្លួនងជាមុន ព្រោះមនុស្សមិនចង់បាក់មុខ មិនចង់អោយគេថាជាមនុស្សអន់ តែចូលចិត្តសម្លឹងគេក្នុងផ្លូវអាក្រក់គឺការចោទប្រកាន់ដល់គេភ្លាមៗ។ មានតែការអធិស្ឋានសូមព្រះវិញ្ញាណនៃទ្រង់បានជួយដឹកនាំអោយចេះរៀនអនុវត្តន៍ និងព្រមទទួលស្គាល់ពីកំហុសរបស់ខ្លួនដោយកែប្រែចិត្តចេញពីបាបនោះ។
ឯកសារយោង
១.ព្រះគម្ពីរបរិសុទ្ធសម្រាប់សិក្សា សញ្ញាចាស់ និងសញ្ញាថ្មីភាសារខ្មែរ បោះពុម្ពដោយ : សម័្ពន្ធគម្ពីរកម្ពុជា ឆ្នាំ២០១៣។
.ព្រះរាជ្យរបស់ព្រះភាគទី១  ២៤មេរៀនពីរគម្ពីរម៉ាថាយ និពន្ធដោយ​ ចេឌី.​ក្រោលី
 ​៣. វចនានុក្រមព្រះគម្ពីរសម្រាប់សិក្សាព្រះគម្ពីរ
៤.អត្ថាធិប្បាយព្រះគម្ពីរ កណ្ឌដំណឹងល្អ​ : ម៉ាថាយ  ដល់ កិច្ចការ ភាគទី៦ និពន្ធដោយ ដន ហ្វីលេមីង

0 Comments

Type and hit Enter to search

Close