Breaking News

ផ្លូវដែលនាំទៅរកព្រះពរ ហូសេ ១៤


សេចក្តីផ្តើម៖
            នៅក្នុងគ្រួសារមួយមានរឿងអាស្រូវកើតឡើងម្តងហើយម្តងទៀត ដែលប្រពន្ធជាអ្នកលួចមានសហាយស្មន់ ជាមួយប្រុសផ្សេង។ លោកពួដែលកំពុងតែពិបាកចិត្តនោះ គាត់ពិតជាមាន
អារម្មណ៍ខឹងខ្លាំងណាស់ ចំពោះប្រពន្ធរបស់គាត់ តែផ្ទុយទៅវិញគាត់នៅតែស្រឡាញ់ ហើយមានសេចក្តីមេត្តាករុណាចំពោះនាងដដែរ។ បើយើងគិតមើលទៅបុរសនោះ ខ្ញុំអាចអោយឈ្មោះថា ជាកំពូលបុរសមេត្តាករុណា។ ព្រោះថាទោះបីជាគាត់បានដឹងថាប្រពន្ធរបស់ខ្លួនលួចមានប្រុសក៏ដោយក៏គាត់នៅតែតាមរក ហើយហៅអោយប្រពន្ធគាត់បានមកវិញ ម្តងហើយម្តងទៀត ។ ហើយចំពោះស្ត្រីនោះនាងនៅតែមិនរាងចាលទេ នាងនៅតែលួចទៅមានប្រុសផ្សេងដដែរ យើងអាចនិយាយបានថា ជាកំពូលស្រីរឹងរុស។ បើយើងមើលទៅកំពូលបុរសដែលសុភាព ហើយមេត្តានេះ គាត់នៅតែអត់អោនទោសអោយប្រពន្ធគាត់ម្តងហើយម្តងទៀត  ទោះប្រពន្ធនោះបានកុហក់គាត់ ជាច្រើនដង ថាកែរខ្លួនហើយក៏ដោយ ក៏គាត់នៅតែមិនប្រកាន់។ នាងបាន      កុហក់ប្តីថា ឈប់ទៅប្រព្រឹត្តចឹងទៀតហើយ តែធាតុពិតនាងមិនបានធ្វើតាមពាក្យនាងប្រាប់នោះទេ នាងនៅតែទៅប្រព្រឹត្តបែបមិនគួសមទាស់នឹងប្តីរហូត។ តែប្តីនាងនោះនៅតែតាមហៅអោយនាងបានមកវិញមិនបានបោះបង់នាងចោលទេ។ យើងឃើញថាប្តីនោះគាត់ពិតជាកំពូលអ្នកទ្រាំមែន ព្រោះថាមិនត្រឹមប្រពន្ធបានក្បត់ ហើយអ្នកជិតខាងមានសើចចំអក ហើយថាគាត់ជាមនុស្សល្ងង់ថែមទៀត តែគាត់នៅតែស្រឡាញ់នាង។ គាត់ថែមទាំងបាននិយាយថា បើនាងបានមកវិញ នោះគាត់និងនៅតែផ្តល់សេចក្តីស្រឡាញ់ ហើយនិងនាំនាងអោយចូលមកផ្ទះវិញ ហើយអោយនាងសំរាក កែប្រែជីវិតនាងជាថ្មី។ មិនតែប៉ុណ្ណោះបុរសនោះបានសន្យានិងអោយរបស់ល្អៗ ជាច្រើនដល់នាង អោយតែនាងឈប់ប្រព្រឹត្តបែបនេះទៀត ដោយព្រោះគាត់បានស្រឡាញ់នាងណាស់។ បុរសនោះគឺ ជាលោកហូសេ ហើយស្ត្រី គឺជា​នាង​កូមើរ។យើងឃើញថា នាងកូមើរ បានក្បត់លោកហូសេយ៉ាងណា នោះពួកអ៊ីស្រាអែលបានក្បត់ព្រះយ៉ាងដូច្នេះដែរ។  ពួកគេបានងប់និងប្រព្រឹត្តអំពើបាប ពួកហាក់ដូចជាអត់មានផ្លួវចេញរូចទេ (៥:៤) ពួកគេបាន កំពុងតែក្បត់ចំពោះព្រះអង្គដោយមិនញញើតដៃឡើយ។
សង្ខេបបទគម្ពីរ: នៅរឿងក្នុងព្រះគម្ពីរហូសេជំពូក១៤នេះ ដែលបាននិយាយអំពីរឿងថាព្រះអង្គនិងអំពាវនាវអោយពួកគេមកវិញ កុំបន្តទៅពឹងលើពួកបរទេសនិងព្រះផ្សេងៗ ចូរមកប្រែចិត្តវិញ ហើយដើរ តាមព្រះជាថ្មី នោះព្រះអង្គនិងសន្យាថានិងប្រទានពរដល់គេជាបរិបូរណ៍។
សំនួរស្នួល៖ ដូច្នេះតើពួកគេមានផ្លូវអ្វីដែលអាចចេញរូចបាន? តើមានផ្លូវអ្វីដែលអាចនាំទៅរក    ព្រះពរបាន ហើយតើព្រះផ្តល់ព្រះពរអ្វីខ្លះនៅពេលគេព្រមមកវិញ?




រចនាសម្ព័ន្ធ៖
១)  ការប្រែចិត្ត ១៤:១-៣
២)  លទ្ធផលនេះការវិលត្រលប់មករកព្រះជាម្ចាស់វិញ ១៤:៤-៨
៣) ផ្លូវរបស់ព្រះយេហូវ៉ា ១៤:៩
តួសេចក្តី៖
នៅក្នុងកណ្ឌហូសេទាំងមូលបាននិយាយអំពីដំណើរនៃការដែលរាស្ត្ររបស់ព្រះជាម្ចាស់ បានក្បត់ ទ្រង់ ហើយព្រះអង្គតែមានសេចក្តីមេត្តាករុណា និងស្រឡាញ់ជានិច្ច។នៅជំពួកមុនៗបាននិយាយពីពួក     អ៊ីស្រាអែលបានក្បត់ទ្រង់ ហើយកុហក់ទ្រង់ម្តងហើយម្តងទៀត ដូច្នេះព្រះអង្គទ្រង់ខ្ញាល់និងគេ។ ប៉ុន្តែនៅក្នុងជំពួក១១ បានបង្ហាញអំពី ព្រះជាម្ចាស់ទ្រង់មានសេចក្តីស្រឡាញ់ដ៏មិនអាចកាត់ថ្លៃបានចំពោះអ៊ីស្រា  អែល (១១:៤)។ ហើយរហូតមក ដល់ជំពួក១៤នេះបាននិយាយអំពីព្រះទ័យនៃការយកចិត្តទុកដាក់ចំពោះពួកអ៊ីស្រាអែល ព្រះអង្គទ្រង់ចង់អោយគេបានមករកព្រះវិញ ។
១) ការប្រែចិត្ត ១៤:១-៣
បើយើងមើលនៅក្នុងខ១ បាននិយាយថា ឱ​អ៊ីស្រាអែល​អើយ ចូរ​វិល​មក​ឯ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ​ចុះ នៅក្នុងខនេះលោកហូសេ បានអំពាវនាវអោយ អោយពួកអ៊ីស្រាអែលបានវិលមកឯព្រះយេហូវ៉ាវិញ នៅចុងខនេះបានប្រាប់យើងថា ពួកគេបានភ្លាត់ដួលទៅដោយអំពើបាបរបស់ពួកគេ នេះជាមូលហេតុដែលពួកគេត្រូវត្រលប់មកឯព្រះយេហូវ៉ាវិញ។ លោកហូសេបានប្រើពាក្យថា វិលមក  ហេតុអ្វីបានជាត្រូវវិលមក? ដោយព្រោះតែពួកគេកាលពីមុនបានចេញឆ្ងាយពីព្រះជាម្ចាស់ កាលពីមុនពួកគេបានទៅថ្វាយបង្គំព្រះដទៃ ថ្វាយព្រះបង្គំព្រះបាល ព្រះម៉ែអាសថារ៉ូត ដែលពួកគេថាជាព្រះដែលនាំអោយពួកគេអាចទទួលភោគផលល្អ ពីដំណាំរបស់ពួកគេ និងមានកូនចៅច្រើន។ ពួកគេថ្វាយបង្គំបង្គោលព្រៃភ្នំផ្សេងៗដែលរឿងនេះ អស់លោកអ្នកបងប្អូនបានដឹងហើយតាំងពីជំពូក១ដល់ជំពូក១៣។  រហូតមកដល់ជំពូក១៤នេះ លោកហូសេអំពាវនាវអោយពួកគេត្រលប់មកវិញ ដល់ពេលដែលត្រូវត្រលប់មករកព្រះជាម្ចាស់របស់ពួកគេវិញហើយ។ លោកហូសេបានថា អោយត្រលប់មករកព្រះយេហូវ៉ាវិញ ជាព្រះដែលពួកគេបានស្គាល់ ហើយក៏មានបទពិសោធន៍ជាមួយទ្រង់ ជាព្រះដែលធ្លាប់ស្រលាញ់ ធ្លាប់ថ្នាក់ថ្នម ធ្លាប់ផ្គត់ផ្គង់ ធ្លាប់ថែរក្សា ការពារ។ ការវិលត្រលប់មករកព្រះយេហូវ៉ា ក៏ជាការអោយពួកគេរំលឹកអនុស្សារីយ៍ចាស់ៗ របស់ពួកគេជាមួយនឹងព្រះជាម្ចាស់វិញ ប្រៀបដូចជាអ្នកមានស្នេហារំលឹកស្នេហ៍គ្រាដំបូងរបស់គេដែរ។ ដូច្នេះពួកអ៊ីស្រាអែលត្រូវបង្កាត់រងើកភ្លើងស្នេហ៍ចាស់ឡើងវិញជាមួយនឹងព្រះអង្គ ។  នៅក្នុងខ២ បានប្រាប់ថា «ចូរ​ប្រុង​ប្រៀប​ពាក្យ​សំដី ហើយ​វិល​មក​ឯ​ព្រះ​យេហូវ៉ា​ចុះ។ ហេតុអីបានជាត្រូវប្រុងប្រៀបពាក្យសម្ដី នៅពេលដែលវិលមករកព្រះជាម្ចាស់ ប្រហែលជាអស់លោកអ្នកបងប្អូនខ្លះ​មានបទពិសោធន៍ក្នុងការដែលគ្រូហៅជួបនៅពេលដែលធ្វើកំហុសណាមួយ។ នៅពេលដែលយើងធ្វើខុស ហើយគ្រូហៅជួប យើងដឹងថាគ្រូនឹងនិយាយពីកំហុសរបស់យើង ហើយ ខ្ញុំផ្ទាល់ក៏ដូចគ្នា ដូច្នេះមុនទៅជួបគ្រូ ត្រៀមពាក្យសម្ដីទុកឆ្លើយជាមួយគ្រូ         អោយហើយ មុនទៅជួប គាត់។ ពួកអ៊ីស្រាអែលដូចគ្នា នៅពេលដែលពួកគេវិលត្រលប់ទៅឯព្រះវិញ ពួកគេត្រូវត្រៀមពាក្យសម្ដី ទៅនិយាយជាមួយនឹងព្រះជាម្ចាស់។ វាដូចជាការលេងរឿងមួយ ដែលតួនីមួយៗមានប៉ារ៉ូនិយាយរៀងខ្លួន អាស្រ័យទៅតួអង្គរបស់ខ្លួនជាតួកាច ឬតួស្លូត និងស្ថានភាពនៃសាច់រឿងនោះ ហើយពួកអ៊ីស្រាអែលដូចគ្នា ពួកគេពេលនេះត្រូវដើរតួស្លូត តួដឹងខុស ហើយសំរាប់ប៉ារ៉ូ ឬពាក្យសម្ដី នោះលោកហូសេបានត្រៀមអោយជាស្រេចហើយ។ នៅក្នុងពាក្យកណ្ដាលខ២ បានប្រាប់យើងថា សូមលើកអស់ទាំងអំពើទុច្ចរិតចោលចេញ គឺសូមអោយព្រះអង្គអត់ទោសបាបអោយផង។​ កាលពីមុននៅពេលដែលមានសង្រ្គាម គេធ្លាប់ទៅរកសាសន៍ដទៃអោយជួយពួកគេ មានសាសន៍អាសស៊ើ និងសាសន៍អេសីព្ទជាដើម ប៉ុន្តែនេះជាពេលដែលគេត្រូវប្រែចិត្ត ហើយជាពេលដែលត្រលប់មករកឯព្រះវិញហើយ។ នៅខ៣បានប្រាប់យើងថា ពួកគេត្រូវតែប្រកាសថា ពួកអាស៊ើមិនអាចជួយពួកគេបានឡើយ ហើយអ្នកដែលអាចជួយពួកគេក៏មិនមែនជាពលទ័ព ឬពលសេះទៀតទេ។ ប៉ុន្តែគឺជាព្រះជាម្ចាស់វិញ ហើយនៅក្នុងទ្រង់គឺមាន សេចក្ដីមេត្តាករុណា នៅក្នុងព្រះអង្គ មនុស្សអាចរកបាននូវសន្តិភាព និងសេចក្ដីសុខសាន្តពិតប្រាកដ។
២) លទ្ធផលនេះការវិលត្រលប់មករកព្រះជាម្ចាស់វិញ ១៤:៤-៨
 តើការវិលត្រលប់មករកព្រះជាម្ចាស់វិញ មានន័យដូចម្ដេច? បើយើងមើលចាប់ពីខ៤-៨ បានបង្ហាញអំពីការធានារបស់ព្រះអង្គថានិងប្រទានព្រះពរចំពោះការត្រឡប់មកវិញរបស់គេ។ នៅដើមខ៤ បានបញ្ជាក់ថា «អញ​នឹង​កែ​ការ​រា​ថយ​របស់​គេ​ឲ្យ​ជា» នេះមានន័យថា ព្រះនិងព្យាបាលចិត្តក្បត់របស់ពួកគេ    អោយបានជានានិងព្រះអង្គវិញ ហើយមិនតែប៉ុណ្ណោះព្រះអង្គបាន សន្យាថាទ្រង់នៅតែស្រឡាញ់ដល់គេ ហើយជាសេចក្តីស្រឡាញ់ដែលស្ម័គ្រពីចិត្ត មិនមែនព្រះអង្គបង្ខំចិត្តស្រលាញ់ពួកគេទេ ប៉ុន្តែគឺនៅពេលណាដែលពួកគេត្រលប់មករកព្រះជាម្ចាស់វិញ នោះពួកគេនឹងទទួលបាននូវសេចក្ដីស្រឡាញ់ ។ ម្តាយខ្ញុំគាត់តែងតែនិយាយរឿងពិតចេញមក នៅពេលដែលគាត់ស្រវឹង នៅពេលមួយគាត់បានស្រវឹង ហើយគាត់បាននិយាយជាមួយខ្ញុំថា   អាកូនពៅ ម៉ែស្រឡាញ់កូនឯងណាស់ ដូច្នេះកុំធ្វើអី អោយម៉ែពិបាកចិត្តណាកូន ពេលនោះខ្ញុំឆ្លើយថា ចុះហេតុអីបានជាម៉ែឯងវ៉ៃខ្ញុំចឹង គាត់ឆ្លើយថា មកពីម៉ែស្រឡាញ់កូនហ្នឹង បើម៉ែមិនវ៉ៃ មិនថាអោយ នោះធ្វើមេច អោយកូនបានល្អទៅ ហើយធ្វើម្តេចអោយកូនដឹងខ្លួនបាន។ បងប្អូននៅពេលដែលគាត់និយាយដូច្នេះធ្វើអោយខ្ញុំសប្បាយណាស់ ព្រោះពេលខ្លះខ្ញុំមិនបានស្តាប់បង្គាប់គាត់ ធ្វើខុសចំពោះគាត់។ ចំពោះព្រះអង្គវិញព្រះអង្គស្រឡាញ់មនុស្សខ្លាំង ហើយខ្លាំងជាងឪពុកម្តាយទៅទៀត          (ទំ១០៣:១៣) ហើយការដែលព្រះអង្គទ្រង់ស្រលាញ់ នោះគ្មានអ្នកណាបង្ខំព្រះទេ ហើយក៏មិនមែនព្រះអង្គស្រវឹងទើបព្រះអង្គថាស្រលាញ់ដែរ តែគឺព្រះអង្គទ្រង់ស្រលាញ់ ដោយសារពួកគេគឺជា រាស្រ្តរបស់ព្រះអង្គ ដូចជាម្ដាយខ្ញុំស្រលាញ់ខ្ញុំ ព្រោះខ្ញុំជាកូនពៅរបស់គាត់យ៉ាងដូច្នោះដែរ។ នៅក្នុងហូសេ  ជំពួក ១១:១ បានប្រាប់ថា ដោយសារព្រះអង្គស្រឡាញ់ ទើបព្រះអង្គបានហៅគេអោយចេញស្រុកអេស៊ីព្ទ ជំពួក14:4ហើយដោយសារព្រះអង្គស្រឡាញ់ នោះសេចក្តីកំហឹងរបស់ព្រះបានបែរចេញពីពួកគេ នេះគឺជាការប្រៀបធៀបរវាង ១១:១ និង ១៤:៤  អំពីមួយហេតុដែលទ្រង់បានស្រឡាញ់ពួកគេ។ បើយើងទៅក្នុងខ៥-៧ ព្រះអង្គនិងអោយគេបានប្រែក្លាយជាមនុស្សដែលមានជីវិតថ្មី​ នៅពេលដែលពួកគេវិលត្រលប់មករកព្រះអង្គ។ នោះទ្រង់បានប្រៀបធៀបព្រះអង្គដូចជាទឹកសន្សើម ។ គ្រប់រុក្ខជាតិទាំងអស់ ជាពិសេសរុក្ខជាតិប្រភេទផ្កា គឺត្រូវការទឹកសន្សើមណាស់សម្រាប់រស់នៅ ហើយជីវិតរបស់ពួកគេដូចជាផ្កាចន្ធូរ។ ការពិតផ្កានេះជាប្រភេទផ្កា ម្យ៉ាងដែលមានក្លិនក្រអូបណាស់ ហើយតូចៗ ហើយក៏មានអ្នកខ្លះតែងជាកំណាព្យចំពោះផ្កានេះដែរ ថា    «!ផ្កាចន្ធូ ក្រអូបយន់យូរ សាយគន្ធទងវង ព្រលប់រាត្រី ព្រឹកថ្ងៃកន្លង ក្រអូបលំអង ចិត្តប៉ងប្រាថ្នា។ »ប្រហែលជាមានបងខ្លះធ្លាប់ស្គាល់វា។ ដូច្នេះព្រះអង្គជាទឹកសន្សើម ហើយពួកគេដូចជាផ្កា ពួកគេត្រូវការព្រះសម្រាប់រស់នៅ ពូកគេមិនអាចដាច់ចេញពីព្រះអង្គនោះឡើយ ពេលនោះកិត្តិយសរបស់ពួកគេដូចជាក្លិនដ៏ក្រអូបរបស់ផ្កាចន្ធូ ដែលអ្នកផងគេចូលចិត្ត​ នោះពួកគេនឹងល្បីសុះសាយទៅដូចក្លិនរបស់ផ្កាចន្ធូដែរ (សំរាប់ខ្ញុំក៏ចូលចិត្តផ្កាដែរ)។  មិនតែប៉ុណ្ណោះសោត ឬសរបស់គេនឹងដូចជា ឬសរបស់ឈើនៅព្រៃល្បាណូន ដែលជាប្រភេទព្រៃដែលមានដើមឈើធំៗ និងមាន   ឬសចាក់ជ្រៅ កាលណាយើងនិយាយពីឬចាក់ជ្រៅនោះយើងដឹងហើយ ថាជាប្រភេទដើមឈើដែលមាំ។ ដូចជាក្រុមតួចលោកគ្រូ Joe បានធ្វើការរំលំគាលដើមជ្រៃ នៅជិតដមE ខ្ញុំឃើញថាវាពិតជាពិបាកណាស់ ហើយចុះទំរាំតែដើមឈើនៅព្រៃល្បាណូន នោះវាពិបាកយ៉ាងណាទៅ។ សម្រាប់ពួកអ៊ីស្រាអែល នៅពេលដែលនិយាយថាពួកគេដូចជាដើមឈើដែលចាក់ឬសជ្រៅ នោះគឺសំដៅទៅលើភាពរឹងមាំរបស់ពួកគេ ភាពខ្លាំងក្លារបស់ពួកគេ ដែលជាតិសាសន៍គេនឹងមិនងាយរំលំនោះឡើយ ពោលគឺមានកម្លាំងខ្លាំងណាស់ក្នុងការតតាំងជាមួយនឹងសត្រូវ បានជាក្នុងខ៨ បាននិយាយថា .... អេប្រាអិម​នឹង​ពោល​ថា តើ​ខ្ញុំ​ត្រូវ​ការ​អ្វី​ចំពោះ​រូប​ព្រះ​ទៀត នោះ​អញ​បាន​តប​ឆ្លើយ ហើយ​នឹង​ត្រួត​ត្រា​មើល​គេ អញ​ប្រៀប​ដូច​ជា​ដើម​ក​កោះ​ខៀវ​ខ្ចី ឯង​នឹង​រក​បាន​ផល​របស់​ឯង​ពី​អញ...តើខ្ញុំត្រូវការអ្វីចំពោះរូបព្រះទៀត  ខនេះបានប្រាប់ថា ការវិលត្រលប់មករកឯព្រះជាម្ចាស់ នោះវាគ្រប់គ្រាន់ណាស់ហើយសម្រាប់ពួកគេ ពួកគេមិនចាំបាច់ត្រូវការអ្វី ឬពឹងពាក់ចំពោះរូបព្រះឯណាទៀតទេ នៅក្នុងជីវិតរបស់ពួកគេ វាគ្រប់គ្រាន់ហើយ វាលើសពីគ្រប់គ្រាន់ណាស់ទៅទៀត នៅពេលដែលពួកគេរស់នៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ពួកគេនឹងរីកចម្រើនឡើង ដូចជាមែកទំពាំងបាយជូរដែលមានច្រើនអញ្ចឹងដែរ។ ព្រះអង្គនិងប្រទានប្រទានពរអោយគេសុខសាន្ត ហើយមានជីវិតស្រស់បស់ និង  មាំមូនឡើង ព្រមទាំងជួយអោយគេមានជីវិតដែលពោរពេញទៅដោយផលផ្លែសំរាប់ទ្រង់។  
៣) ផ្លូវរបស់ព្រះយេហូវ៉ា ១៤:៩
នៅក្នុងខ៩ ជាចុងក្រោយ ដូចជាសរុបសេចក្ដីនៃ កណ្ឌហូសេទាំងមូលអញ្ចឹង គ្មានអ្នកណាម្នាក់ដែលអាចយល់ពីផ្លូវនៃព្រះជាម្ចាស់បានឡើយ ហើយក៏គ្មានអ្នកណាម្នាក់ដែលអាចយល់ពីអ្វីដែលព្រះអង្គបានធ្វើនោះឡើយ។ នៅក្នុងកណ្ឌហូសេទាំងមួលបានបើកសម្ដែងពីភាពផិតក្បត់របស់ពួកអ៊ីស្រាអែលដែលជារាស្រ្តរបស់ទ្រង់ ហើយក៏បានបង្ហាញពីការជំនុំជម្រះដល់រាស្រ្តដែលផិតក្បត់របស់ទ្រង់ ប៉ុន្តែក៏បាននិយាយពីព្រះគុណដល់រាស្រ្តដែលផិតក្បត់នោះដែរ។ ទោះបើពួកគេអាក្រក់យ៉ាងណា ព្រះអង្គនៅតែស្រលាញ់ដល់ពួកគេដែរ ដូច្នេះគ្មានអ្នកណាដែលអាចយល់ពីទំហំនៃសេចក្ដីស្រលាញ់ ក៏គ្មានអ្នកណាម្នាក់អាចយល់ពីទំហំនៃសេចក្ដីមេត្តាករុណារបស់ព្រះអង្គបានដែរ។ នៅខ៩នេះបានប្រាប់យើងថា ផ្លូវព្រះជាម្ចាស់សុទ្ធតែទៀងត្រង់ ហើយមានតែពួកសុចរិតទេ ដែលអាចដើរនៅក្នុងផ្លូវរបស់ព្រះអង្គបាន តែមនុស្សអាក្រក់មិនអាចដើរបានឡើយ ពួកគេនឹងជំទប់ដួលដោយសារអំពើអាក្រក់របស់ពួកគេ ពោលគឺព្រះអង្គទ្រង់នឹងជំនុំជម្រះអំពើអាក្រក់របស់ពួកគេជាមិនខានឡើយ។
សរុបសេចក្ដីៈ
សរុបគំនិតស្នូល៖ បងប្អូនយើងឃើញថា បើយើងមើលទៅលើជំពួក១៤នេះ បានបង្ហាញថា អ្វីដែលជាផ្លូវអាចនាំពួកគេទៅរកព្រះពរបាន នោះគឺមានតែការប្រែចិត្ត ការត្រឡបមកវិញ ដោយលន់តួបាបរបស់គេទៅចំពោះព្រះអង្គ។ ព្រោះព្រះអង្គនៅតែស្វែងរកពួកគេ ហើយនៅតែដង្ហើយហៅគេពួក អោយគេបានប្រែចិត្តពិតប្រាកដមករកទ្រង់វិញ។ ហើយមួយទៀត គឺជាការជ្រើសរើសដើរតាមផ្លួវនៃព្រះយេហូវ៉ា នោះទើបអាចអោយគេបានមានសង្ឃឹមឡើងវិញ។ ហើយព្រះអង្គនៅតែមិនបោះបង់គេ  ព្រះអង្គ និងអត់ទោសដោយសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះការការប្រែចិត្ត ហើយព្រះអង្គនៅចង់អោយគេបានវិលត្រឡប់មកវិញ ទោះជាគេបានភ្លាតដូលដោយអំពើទុច្ចរិតក៏ដោយ។ ដូចជានៅព្រះគម្ពីរអេសាយ (១:១៨) បានប្រាប់ថា «មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ»  គឺព្រះអង្គមិនចង់ឃើញពួកគេវិនាស    ឡើយ។ ហើយនៅពេលដែលគេបានមកវិញនោះ ព្រះអង្គធានាថានិងប្រទានព្រះពរ និងធ្វើអោយជីវិតរបស់គេបានរបស់គេ បានរីកស្រស់បស់ឡើងវិញដូចជាដើមឈើ។ ប៉ុន្តែគួរអោយស្តាយ គួរអោយ   ស្តាយណាស់ ដែលពួកគេចូលចិត្តតែអំពើទុច្ចរិត ។ បងប្អូនស្គាល់កូនជ្រួកទេ វាតែងតែចូលចិត្តអីជាងគេនៅពេលវាមានសេរីភាព ពីម្ចាស់បានប្រលែងវា? ការពិតវាតែងចូលចិត្តតែផុក ចូលចិត្តផុកជ្រាំ ទោះបីម្ចាស់បានយកមកលាងអោយស្អាតហើយក៏ដោយ ក៏នៅតែរត់លេងផុកដដែរ។      ពួកអ៊ីស្រាអែលគេមិនបាន ប្រែចិត្តពីអំពើទុច្ទរិតនោះទេ ពួកគេនៅតែប្រព្រឹត្តទាស់និងព្រះអង្គ ពួកគេសាំនិងចូលចិត្តប្រព្រឹត្តបាបទៅហើយ ពួកគេគ្មានផ្លូវចេញរួចពីកណ្តាប់ដៃនៃពួកអាស៊ើដែលជាដំបងរបស់ព្រះបានឡើយ ពួកគេបានទទូលការជំនុំជំរះព្រះជាម្ចាស់ដោយព្រោះមិនបានប្រែចិត្តវិញ។
 ទេវសាស្ត្រ៖
ព្រះជាម្ចាស់:  ប៉ុន្តែបងប្អូនសូមអោយយើងក្រឡេកទៅមើលព្រះទ័យនៃព្រះជាម្ចាស់វិញ យើងឃើញថាព្រះអង្គមានសេចក្តីស្រឡាញ់ដល់មនុស្សលោកណាស់ ហើយព្រះអង្គក៏ចង់ផ្តល់ព្រះពរអោយ  ដែរ។
ព្រះយេស៊ូវគ្រីស្ទ:  ហេតុតែស្រឡាញ់ ហេតុតែចង់អោយមនុស្សបានព្រះពរនៃជីវិត ព្រះអង្គមិនគង់នៅលើឋានសួគ៌នោះទេ ព្រះអង្គបានបញ្ជួនម្នាក់អោយមក នោះគឺអង្គព្រះរាជបុត្រា គឺជាអង្គព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ គឺព្រះយេស៊ួវគ្រីស្ទ (យ៉ូហាន ៣:១៦)។ ព្រះយេស៊ូវគ្រីស្ទ ព្រះអង្គបានលះចោលសេរីល្អទ្រង់ លះចោលស្ឋានសួគ៌ ព្រះអង្គមិនគង់តែនៅក្នុងដំណាក់របស់ទ្រង់ទេ តែព្រះបានមក ដើម្បី​នឹង​រក​ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់​បង់ (លូកា១៩:១០) ហើយព្រមសុគតដើម្បីមនុស្សទាំងអស់ ។ ហើយព្រះអង្គក៏និងប្រទានព្រះពរ ដល់អ្នកដែលណាស្វែងរកទ្រង់ ហើយបែ្រចិត្តពីអំពើបាប ​លះ​ចោល​នូវអ្វីៗទាំងអស់នៅលោកីយនេះនាំទៅប្រព្រឹត្តបាប។ ព្រះយេស៊ូវគ្រីស្ទជាប្រភពនៃពរ ហើយជាផ្លូវ ជាសេចក្តីពិតដែលនាំទៅរកព្រះដ៏ពិតប្រាកដ ក្រៅពីទ្រង់គ្មាននាមណាឡើយ (យ៉ូហាន ១៤:៦)។ ហើយដោយ​សារទ្រង់ នោះទ្រង​នឹងអោយ​បាន​ជា​១​រយ​ភាគ​ឡើង​ ហើយ​នឹង​បាន​គ្រង​ជីវិត​អស់​កល្ប​ជា​និច្ច ទុក​ជា​មរដក​ដែរ (ម៉ាថាយ១៩:២៩)។
អនុវត្តន៍
ដូច្នេះបងប្អូនផ្លូវដែលអាចអោយយើង ទទូលបានព្រះពរនោះគឺ មានតែនៅជាប់និងព្រះអង្គ និងដើរតាមផ្លូវរបស់ទ្រង់ប៉ុណ្ណោះទើបអាចទទូលបានពិតប្រាកដ។ យើងមិនអាចដាច់ចេញពីព្រះបានទេ បើយើងដាច់ចេញពីព្រះនោះមានន័យថា ជីវិតយើងគ្មានន័យអីសោះ សាបគ្មានជីវជាតិ ជីវិតនិងត្រូវក្រៀមស្វិត ដូចបូប្ផាគ្មានសំនើម។ សូមអោយជីវិតយើងបានដូចជាផ្កាចន្ធដែលមានជះក្លិនក្រអូនដល់មនុស្សផងទាំងឡាយដើម្បីអោយគេបានស្គាល់ព្រះគ្រីស្ទយេស៊ូវដែរ។ មួយទៀតសូមអោយយើងបានមើលទៅឯព្រះអង្គ គិតពីព្រះទ័យនៃការយកចិត្តទុកដាក់របស់ទ្រង់ចំពោះ យើង។ ខ្ញុំដឹងថាទោះជាយើងជាអ្នកជឿលើព្រះអង្គហើយក៏ដោយ ក៏ពេលខ្លះខ្លួនយើងបានភ្លាត់ប្រព្រឹត្តបាបដែរ ទាំងចេតនា នឹងអចេតនា។ ពេលខ្លះយើងមានចិត្តច្រណែន ចិត្តស្អប់ ចិត្តលោភលន់ រើសអើង ឬការធ្វើតាមលោកិយ  ឬការចំណាយពេលទៅលើអ្វីមួយច្រើនជាងមានពេលជាមួយព្រះ ជាហេតុភ្លេចព្រះ ប៉ុន្តែសូមអោយប្រែចិត្តវិញ កុំគិតថាជារឿងហួសពេលឡើយ តែត្រូវគិតថាជារឿងស្តាយដែលបានធ្វើខុស។ យើងគ្មានផ្លូវណាដែលអាចនិងនាំទៅរកព្រះពរ នៃជីវិតបានទេក្រៅព្រះយេស៊ូវ សូមកុំអោយព្រះពរដ៏មិនអាចកាត់ថ្លៃនេះ បានកន្លងផុតអោយសោះ។ ហេតុនេះបងប្អូនអើយសូមអោយយើងបានចូលទៅជិតព្រះអង្គដោយការអធិស្ឋាន និងលន់ តួបាបបើសិនយើងជ្រុលធ្វើខុស ហើយឈប់ធ្វើទៀត ព្រះអង្គនិងស្វាគមន៍ចំពោះអស់អ្នកដែលត្រឡប់មករកទ្រង់វិញ ព្រះអង្គមិនបានបដិសេធន៍ទេ៕

0 Comments

Type and hit Enter to search

Close