Breaking News

ជីវិតដែលបញ្ចប់ដោយសប្បាយរីករាយអស់កល្បជានិច្ច ម៉ាថាយ ២៧:៥៧-២៨:១០


សេចក្តីផ្តើម៖
ឧទាហរណ៍៖ ជីវិតមនុស្សពោរពេញដោយភាពតានតឹង។ ការធ្វើជាឪពុកម្តាយគេមានភាពតានតឹង​ជាច្រើន
ពិសេស លោកអ្នកចង់​បានកូនលោកអ្នកមានសុខភាពល្អ ប្រព្រឹត្តការអ្វីដែលល្អ ត្រឹមត្រូវ ចិញ្ចឹមកូន​ក្នុងរបៀបដែលពួកគេធំឡើង អាចចេះធ្វើសេចក្តីសម្រេចចិត្តបានល្អត្រឹមត្រូវ ជារៀងរាល់ថ្ងៃ មានប្រាជ្ញាឈ្លាសវៃ មានមិត្តល្អៗ។ លោកអ្នកចង់ឲ្យពួកគេមានគំនិតវិជ្ជមាន មិនមែនគំនិតអវិជ្ជមាន  ចង់ឲ្យពួកគេចេះស្តាប់អ្វីល្អៗដែលមានគុណប្រយោជន៍ ។ លោកអ្នកចង់ឲ្យជីវិតកូនៗបញ្ចប់ទៅដោយ​ Happy Ending សប្បាយរីករាយ។ ត្រូវទេ?

ជីវិតរបស់យើងប្រៀបដូចជារឿងភាគមួយរឿង។ យើងចូលចិត្តគិតថា ខ្លួនជាតួឯក ដែលនៅ ចុងបញ្ចប់នឹងមានជីវិតដែលបញ្ចប់ដោយ​ Happy Ending សប្បាយរីករាយ​អស់កល្ប​ជានិច្ច យើងខំប្រឹងធ្វើការងារ ដើម្បីឲ្យប្រាកដថា នឹងបញ្ចប់ជីវិត​បានល្អ យើងទៅធ្វើការ ខំប្រឹងធ្វើជាបុគ្គលិកដែលល្អ ឬចៅហ្វាយដែលល្អ ហើយឲ្យមេ ឬកូនចៅចូលចិត្ត។ បើមិន​ដូច្នោះទេ យើងនឹងបាត់បង់ការងារ!

យើងខំប្រឹងធ្វើយ៉ាងណាឲ្យបានបន្តធ្វើការងារយើងទៀត ខំប្រឹងដើម្បីចាស់ទៅ នឹងចូលនិវត្តន៍ដោយ​សប្បាយចិត្ត។ ហ្នឹងជា Happy Ending របស់យើង។ ចំណែកជីវិតគ្រួសារវិញ យើងខំប្រឹងធ្វើឲ្យ គ្រួសារមានស្ថានភាពល្អ  ខំប្រឹងធ្វើឲ្យប្រពន្ធឬប្តីសប្បាយចិត្ត ខំប្រឹងថែរក្សាកូនឲ្យធំឡើង​មានសុខភាពល្អ និងចេះធ្វើសេចក្តីសម្រេចចិត្តបានល្អ។ យើងខំប្រឹងចិញ្ចឹមកូន ដើម្បីធំឡើង​កុំឲ្យធ្វើការណាដែលមិនល្អ។ យើងខំប្រឹងជាខ្លាំង ដើម្បីធ្វើជាឪពុកម្តាយដែលល្អ។

សម្រាប់ខ្លួនយើង យើងខំប្រឹងឲ្យខ្លួនមានសុខភាពល្អ។ ចំណែកទំនាក់ទំនងជាមួយព្រះជាម្ចាស់ យើងខំប្រឹងប្រព្រឹត្តតាមព្រះបន្ទូល ដើម្បីឲ្យព្រះជាម្ចាស់រីករាយជាមួយយើង។ មានតែ១អង្គប៉ុណ្ណោះ​ដែល គ្រប់គ្រងអ្វីៗទាំងអស់ ដែលអាចផ្តល់ Happy Ending ឲ្យយើងបាន នោះគឺជាព្រះជាម្ចាស់។ យើងត្រូវតែខំប្រឹងធ្វើគ្រប់ការទាំងអស់ដើម្បីផ្គាប់ចិត្តព្រះ ឲ្យព្រះអង្គសប្បាយព្រះទ័យជាមួយយើង។ តើយើងធ្វើយ៉ាងដូចម្តេច? គឺយើងទៅព្រះ​វិហារ ព្យាយាមយកចិត្តអ្នកនៅព្រះវិហារឲ្យសប្បាយចិត្ត​ជាមួយយើង។

យើងព្យាយាមរស់នៅតាមរបៀបដែលពួកជំនុំមិនសង្ស័យលើសេចក្តីជំនឿរបស់យើង យើងព្យាយាម​បញ្ចេញ​សកម្មភាពនានាដែលឲ្យពួកជំនុំសប្បាយចិត្ត។ យើង​ព្យាយាមប្រព្រឹត្តតាមពួកគេ ផ្គាប់ចិត្ត​ពួកគេ។ នេះជាជីវិតដែលយើងកំពុងរស់នៅ! វាពិបាកខ្លាំងណាស់! មានភាពតានតឹងខ្លាំងណាស់! យើងខំរុញជីវិតនេះដើម្បីឲ្យបញ្ចប់ដោយ Happy Ending។

 តែ អ្វីៗតែងតែមានការប្រែប្រួល​ជាអាក្រក់ក្នុងពេលតែមួយពព្រិចភ្នែក។ ពេលសេដ្ឋកិច្ចធ្លាក់ចុះ ឬ ចៅហ្វាយមិនសប្បាយចិត្ត នាំឲ្យយើងបាត់បង់ការងារ។

​ជីវិតក្នុងគ្រួសារមិនងាយស្រួល​ដូចយើងគិតនោះទេ  ពេលខ្លះកូនមិនស្តាប់បង្គាប់ បង្កបញ្ហា។ សុខភាពរបស់យើងក៏មិនល្អ​រហូតដែរ ​យើងខំប្រឹងថែរទាំវា ស្រាប់តែថ្ងៃណាមួយកើតមហារីក!

ជីវិតក្នុងពួកជំនុំហាក់បីដូចជាគ្រប់គ្នាមើលងាយដល់យើង ដោយព្រោះស្តង់ដារស់នៅជាគ្រីស្ទាន​របស់យើង​ទាបជាងពួកគេ សេចក្តីសុចរិតរបស់យើងទាបជាងពួកគេ ពួកគេថាយើងមិនបាន​រស់នៅតាមស្តង់ដារបស់ព្រះជាម្ចាស់ទេ។

យើងមានអារម្មណ៍ថា ពិបាកណាស់ ! យើងរស់នៅ ក្នុងជីវិតដែលចង់បានសម្រេចនូវHappy Ending។ យើងគិតថាជីវិតដែលមានតុល្យភាពគឺជាជីវិតដែលមានHappy Ending។ ប្រហែលលោកអ្នក​បានសម្រេចការនេះហើយ។ ប៉ុន្តែលោកអ្នកនឹងខ្ញុំនៅប្រឈមនឹង​សត្រូវរួមរបស់យើងគឺ​សេចក្តីស្លាប់។

យើងមានសត្រូវរួមមួយ ឈ្មោះរបស់វាគឺជាសេចក្តីស្លាប់ ហើយវា​ហាក់បីដូចជា​ឈ្នះយើងជានិច្ច។ គួរឲ្យអស់សង្ឃឹមណាស់ ពេលខ្លះវាមកដល់យើងភ្លាម ពេលខ្លះវាមកដល់យើងនៅពេលអនាគត។ មនុស្សសព្វថ្ងៃដូចជាមិនខ្វល់ទេ អ្នកណាខ្វល់! ផឹកស៊ីទៅនៅថ្ងៃនេះទៅ សប្បាយទៅទាន់ខ្លួននៅរស់ មិនដឹងស្លាប់ពេលណាទេ !


សំណួរស្នូល៖ តើយើងនឹងទទួលបានជីវិតដែលបញ្ចប់ដោយភាពសប្បាយរីករាយ អស់កល្បជានិច្ចដោយរបៀបណា?





សង្ខេបអត្ថបទគម្ពីរ៖
នៅក្នុងម៉ាថាយ២៨:១-១០ យើងឃើញថា នៅថ្ងៃទី១នៃសប្តាហ៍ ស្រ្តីមួយក្រុមបានមកផ្នូរព្រះយេស៊ូវ។ ពេលពួកគាត់បានមកដល់ផ្នូរ  ឃើញថា ថ្មមាត់ផ្នូរត្រូវគេប្រមៀល​ចេញ ឃើញទេវតាកំពុងអង្គុយពីលើ​ថ្ម បាននិយាយប្រាប់​ពី​ការ​រស់ពី​សុគត​ឡើងវិញរបស់ព្រះយេស៊ូវ។  នេះជាព្រឹត្តិការណ៍​ដ៏មានអំណរ​បំផុត ! ពួកស្រ្តីទាំងនោះក៏បាន​រត់ត្រឡប់ទៅផ្ទះវិញ ទៅប្រាប់ពួកសាវក។  ពេលពួកនាងកំពុងរត់ទៅប្រាប់ពួក សវក  នោះព្រះយេស៊ូវបានជួបពួកនាងកណ្តាលផ្លូវ និងបានមានបន្ទូលផ្តាំឲ្យពួកគេប្រាប់ពួកសិស្សទ្រង់​ឲ្យទៅកាលីឡេ ដើម្បីឲ្យពួកគេបានឃើញទ្រង់នោះទីនោះ។

(សំណួរកាត់ស្រាយ)៖តើព្រះជន្មរបស់ព្រះយេស៊ូវបានបញ្ចប់នៅត្រង់ផ្នូរនោះឬទេ?
                                  តើការរស់​ឡើងវិញរបស់ព្រះយេស៊ូវទាក់ទងនឹងជីវិត​របស់​
                                 យើង​ជាអ្នកជឿ​ព្រះអង្គ​​យ៉ាងណា? តើជីវិតយើងនឹងបញ្ចប់
                                 យ៉ាងដូចម្តេច?

១.ពួកសិស្សរបស់ទ្រង់បានគិតថាព្រះយេស៊ូវបានចាញ់សេចក្តីស្លាប់ហើយ៖
ម៉ាថាយ២៧:៥៦-២៨:
ពួកសិស្សរបស់ព្រះយេស៊ូវកំពុងស្ថិតនៅ​ក្នុងភាពអស់សង្ឃឹម សេចក្តីសង្ឃឹម​របស់​ពួកគេគឺរលាយ​អស់ហើយ។ សេចក្តីសង្ឃឹមរបស់ពួកគេ​បានដាក់លើព្រះយេស៊ូវទាំងអស់។ ឥឡូវ ព្រះយេស៊ូវចាញ់​សេចក្តីស្លាប់ហើយ។ សេចក្តីស្លាប់បាន​មានជ័យជំនះលើទ្រង់ហើយ។ ហេតុនេះ​ពួកគេមានអស់សង្ឃឹម ហើយ។  

ពួកគេស្រឡាញ់ព្រះយេស៊ូវ តែឥឡូវទ្រង់បានសុគតហើយ។ ពួកគេទៅផ្នូរដើម្បីសម្តែងការ គោរពចំពោះការបង្រៀនរបស់ទ្រង់ ទស្សនៈរបស់ទ្រង់សម្រាប់ពួកគេរស់នៅ។ ព្រះយេស៊ូវគ្មានអ្វី​លើសជាង​គ្រូ​បង្រៀនម្នាក់ដែលបានបង្ហាញពួកគេពីរបៀបរស់នៅឲ្យបានល្អឡើយ។ បើអ្នក​ចង់​រស់​នៅ​ក្នុងពិភពលោកនេះ អ្នកត្រូវតែធ្វើដូចជាព្រះយេស៊ូវបានបង្រៀន ក្លាយដូចជាទ្រង់ ប្រព្រឹត្តដូចទ្រង់ រស់នៅដូចទ្រង់ ស្រឡាញ់អ្វីៗដូចទ្រង់បានស្រឡាញ់។ បើអ្នកធ្វើបាន នោះអ្នកនឹងជោគជ័យក្នុងជីវិត។ ព្រះយេស៊ូវជាហ្គូរូរបស់អ្នក ចូរធ្វើតាមអ្វីដែលទ្រង់បានធ្វើទៅ។

មនុស្សគិតថាព្រះយេស៊ូវមិនមែនជាព្រះទេ ទ្រង់មិនបានធ្វើអ្វីដើម្បីបំផ្លាស់បំប្រែពិភពលោកនេះទេ។ អ្វីៗដែល ទ្រង់បានធ្វើគឺបណ្តាលឲ្យគេស្អប់និងសំឡាប់ទ្រង់ប៉ុណ្ណោះ។ គោលការណ៍បង្រៀន​របស់ទ្រង់ធ្វើឲ្យមនុស្សម្នាខឹងសម្បា ហេតុនេះគេឆ្កាងទ្រង់ ព្រះយេស៊ូវបានធ្វើឲ្យគេស្អប់ ហេតុនេះ គេសំឡាប់ទ្រង់។ ទ្រង់សុគតយ៉ាងអាម៉ាស់បំផុត។ សេចក្តីស្លាប់នៅតែឈ្នះ។ Happy Ending ហាក់ដូចជាគ្មានទេក្នុងពិភពលោកនេះ។ លោកិយនេះមិនដែលបានសង្គ្រោះឡើយ។ ព្រះយេស៊ូវធ្វើបានតែប៉ុណ្ណេះទេ។ តើមានន័យអ្វីទៅ? ក្រុមស្រ្តីទាំងនោះទៅផ្នូរក្នុងគោលបំណង គោរពនិងនឹករឭកទ្រង់ក្នុងនាមជាគ្រូរបស់ពួកគេប៉ុណ្ណោះ។ រឿងព្រះយេស៊ូវបានបញ្ចប់នៅត្រង់ផ្នូរនោះ។

ទេ ! ឈប់សិន !!! រឿងរបស់ព្រះយេស៊ូវមិនទាន់បញ្ចប់ទេ ! ពួកស្រ្តីបានមកផ្នូរ ហើយឃើញថា ថ្មមាត់ផ្នូរត្រូវគេប្រមៀល​ចេញ។ ពួកទាហានដែលបានយាមផ្នូរទៅណាអស់ហើយ? ពួកស្រ្តីមានអារម្មណ៍មិនស្រួលទាល់តែសោះ។ តើមានអ្វីបានកើតឡើង? ផ្នូរទទេស្អាត !!

២.ព្រះយេស៊ូវបានឈ្នះសេចក្តីស្លាប់ដោយទ្រង់មានព្រះជន្មរស់ឡើងវិញពីសុគត៖
ម៉ាថាយ២៨: ២-១០
ទេវតាកំពុងអង្គុយពីលើថ្មបាននិយាយទៅពួកស្រ្តីថា កុំឲ្យភ័យអី ដ្បិតខ្ញុំដឹងហើយថា នាង​រកព្រះយេស៊ូវដែលត្រូវឆ្កាង តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះ ជន្មរស់ឡើងវិញហើយ ដូចជា​ទ្រង់​បាន​មានបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ រួចទៅឲ្យឆាប់ ប្រាប់​ដល់ពួកសិស្សទ្រង់ថា ទ្រង់មាន​ព្រះជន្ម​រស់ពីស្លាប់ឡើងវិញហើយ មើល​ទ្រង់យាងទៅឯស្រុកកាលីឡេ មុនអ្នករាល់​គ្នាៗនឹងឃើញទ្រង់នៅស្រុកនោះ នែ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ (២៨:៥-៧)។

កាលណានិយាយអំពីសេចក្តីស្លាប់ គ្មានអ្នកណានិយាយដូចទេវតានេះទេ! គ្មានអ្នកណាមកផ្នូរ ហើយគេប្រាប់ថា​ កុំឲ្យភ័យ ឡើយ។ ខ្ញុំដឹងហើយថា នាង​រកព្រះយេស៊ូវដែលត្រូវឆ្កាង  តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះ ជន្មរស់ឡើងវិញហើយ។ អ្នកគិតថា ទ្រង់គ្រាន់តែជាហ្គូរូ ។ អ្នកគិតថាការបង្រៀនរបស់ទ្រង់ល្អ អាចឲ្យអ្នកសម្រេចបានតុល្យភាពក្នុងជីវិត។ ទេ ! មិនមែនឡើយ ! ទេវតាបាននិយាយប្រាប់ពីការរស់ពីសុគតឡើងវិញ! ទ្រង់បានសម្រេចហើយ! នេះជាព្រឹត្តិការណ៍​ដ៏មានអំណរ​បំផុត ! ពួកស្រ្តីទាំងនោះក៏បានរត់ត្រឡប់ទៅផ្ទះវិញ ទៅប្រាប់ពួកសាវក។

រឿងរបស់ព្រះយេស៊ូវខុសពីរឿងរបស់មនុស្ស។ រឿងរបស់មនុស្សបញ្ចប់ដោយការស្លាប់។ ក្នុងរឿងព្រះយេស៊ូវ  សេចក្តីស្លាប់បានចាញ់ហើយ។ ព្រះយេស៊ូវបានយាងមក​ដើម្បីប្រយុទ្ធជាមួយនឹងសេចក្តីស្លាប់។ នៅលើឈើឆ្កាង ទ្រង់បានផ្ទុកគ្រប់ទាំងអំពើបាបរបស់យើង​ហើយបានសុគត។ ហេតុដែលមនុស្សត្រូវស្លាប់ ព្រោះតែអំពើបាបរបស់ខ្លួន។ អំពើបាបរបស់យើង​ធ្វើឲ្យយើងធ្វើឲ្យយើងក្លាយ​ជា​ទាសករ​នៃសេចក្តីស្លាប់។ ផ្នូរជាកន្លែងសម្រាប់យើង។ តែព្រះយេស៊ូវបានយាងមក ដើម្បីសុគតលើ​ឈើឆ្កាង ដើម្បីប្រយុទ្ធជាមួយសេចក្តីស្លាប់។ ហើយទ្រង់បានទទួលជ័យជំនះ។ គោលដៅរបស់ទ្រង់ មិនមែនយាងមកដើម្បីតែ​បង្រៀន​យើងឲ្យមាន​សីលអម៌ល្អ ឬមានតុល្យភាពក្នុងជីវិតប៉ុណ្ណោះឡើយ។

ព្រះយេស៊ូវបានយាងមកដើម្បីសំឡាប់សេចក្តីស្លាប់។ ហើយទ្រង់បានសំឡាប់វាហើយ ដោយរស់​ពីសុគតឡើងវិញ។ ទ្រង់បានសម្រេចហើយសម្រាប់អ្នកនិងខ្ញុំ។ ដោយសារអំពើបាបយើង យើងបានក្លាយជាអ្នកទោស​រង់ចាំតែស្លាប់ ប៉ុណ្ណោះ។ តែព្រះយេស៊ូវបានឈ្នះសេចក្តីស្លាប់។ ទ្រង់មានកូនសោរ ដើម្បីដោះលែងយើងពីគុកនៃសេចក្តីស្លាប់ តោះយើង ចូរចេញពីគុកនេះទៅ!”។      

នៅថ្នាក់ក្រុមកុមារថ្ងៃអាទិត្យ  នៅពេលគ្រូសួរកុមារថា បើប្អូនចង់ធ្វើជាវិរបុរសsuperhero តើប្អូនចង់ធ្វើជា superhero ណាមួយ?” ខ្លះថាចង់ធ្វើជា ​Superman ខ្លះថាចង់ធ្វើជា Spiderman ។ ពេលសួរថា តើប្អូនណាចង់ដូច ព្រះយេស៊ូវ ដែលខ្លាំងជាងអ្នកណាទាំងអស់ អាចឲ្យខ្យល់ស្ងប់ មនុស្សខ្វាក់មើលឃើញ ខ្វិនដើរបាន មនុស្សស្លាប់ រស់ឡើងវិញ។ ព្រះអង្គខ្លាំងជាង superman ទៅទៀត!។

នេះហើយជាដំណឹងល្អ! មិនមែនជារឿងនិទានទេ តែជារឿងពិត! អំពីព្រះដែលយកឈ្នះ​លើសេចក្តីស្លាប់! ព្រះដែលយកកំណើតជាសាច់ឈាម តែសេចក្តីស្លាប់គ្មានអំណាចឈ្នះទ្រង់ទេ។ ហេតុនេះ យើងក៏ឈ្នះសេចក្តីស្លាប់ដែរ ព្រះយេស៊ូវបានទាញយើងចេញពីផ្នូរ ព្រះអង្គទទួលយើងទៅស្ថានសួគ៌។ ទ្រង់នឹងយាងមកម្តងទៀត ហើយពេលទ្រង់ យាងម្តងទៀត ទ្រង់នឹងឈរនៅមុខផ្នូរយើងទាំងអស់គ្នា ហើយស្រែកហៅឈ្មោះយើងម្នាក់ៗ យើងចេញពីផ្នូរមក ដូចជាទេវតាបានប្រាប់ដល់ពួកស្រ្តីថា អ្នករាល់​គ្នានឹងឃើញទ្រង់

៣.សេចក្តីស្លាប់មិនមែនជាចុងបញ្ចប់នៃជីវិតយើងទៀតទេ ជីវិតយើងនឹង​បញ្ចប់​ដោយសប្បាយរីករាយអស់កល្បជានិច្ច៖
យ៉ូហាន ៣:១៦-១៨
១៦ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យ​អស់​អ្នកណា​ដែលជឿលើព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ១៧ពីព្រោះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកិយ ដើម្បីនឹងជំនុំជំរះលោកិយនោះទេ គឺ ឲ្យលោកិយបានសង្គ្រោះដោយសារទ្រង់វិញ ១៨ឯអ្នកណាដែលជឿដល់ទ្រង់ នោះមិនជាប់មាន​ទោសទេ តែអ្នកណាដែលមិនជឿវិញ នោះនឹងត្រូវមានទោសហើយពីព្រោះមិនបានជឿដល់ព្រះនាមនៃ ព្រះរាជបុត្រាតែ១របស់ព្រះ។ 

វិវរណៈ ២១ : ៤
ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ។

 អ្នកនឹងបានឃើញព្រះ។ ទ្រង់ប្រោសអ្នកឲ្យរស់ឡើងវិញ ទ្រង់នឹងឲ្យជីវិតអស់កល្បជានិច្ច ជាអំណោយដែលព្រះយេស៊ូវនឹងប្រទានឲ្យអ្នក។ រឿងនេះខុសគ្នាទាំងស្រុងនឹងរឿងរបស់មនុស្ស។ យើងតែងតែគិតថា តើយើងត្រូវធ្វើអ្វី ត្រូវធ្វើអ្វីខ្លះដើម្បីបានទៅស្ថានសួគ៌? តើខ្ញុំត្រូវធ្វើតាមច្បាប់អ្វីខ្លះ ដើម្បីបានទៅស្ថានព្រះ  តើខ្ញុំត្រូវចូលរួមកម្មវិធីអ្វីខ្លះក្នុងព្រះវិហារដើម្បីបានទៅស្ថានសួគ៌? តើខ្ញុំត្រូវធ្វើអ្វី​ដើម្បីបានទៅទីនោះ? មិនបាច់ធ្វើអ្វីទាំងអស់ ! ព្រះយេស៊ូវបានធ្វើចប់សព្វគ្រប់​អស់ហើយ។ ជីវិតថ្មីគឺជាអំណោយពីព្រះ!

សេចក្តីបញ្ចប់៖
យើងឃើញថាព្រះយេស៊ូវពិតជាបានឈ្នះសេចក្តីស្លាប់ហើយ ទ្រង់បានសំឡាប់វាហើយ ដោយរស់​ពីសុគតឡើងវិញ។ សេចក្តីស្លាប់មិនមែនជាចុងបញ្ចប់របស់ទ្រង់ទេ ហើយសេចក្តីស្លាប់ក៏មិនមែនជាចុង បញ្ចប់នៃជីវិតពួកអ្នកដែលបានប្រែចិត្តជឿលើទ្រង់ដែរ ព្រោះទ្រង់បានសន្យាហើយថា ជីវិតអ្នកជឿលើ ទ្រង់នឹងបញ្ចប់ដោយសប្បាយអស់កល្បជានិច្ចជាមួយទ្រង់នៅក្នុងនគររបស់ទ្រង់។

ការអនុវត្តន៍
មនុស្សតែងប្រាប់យើងថា ចូរខំប្រព្រឹត្តល្អទៅ “ចូរខំប្រឹងធ្វើឲ្យប្រសើរជាងនេះទៀត”                    “ចូរខំ​សន្សំបុណ្យកុសល​ទៅ”   ជួយខ្លួនឯងទៅ” នេះជារឿងអំពីអ្នកខ្លួនឯងផ្ទាល់។ មិនមែនជារឿង​ព្រះយេស៊ូវទេ ព្រះយេស៊ូវមិនមែនជាផ្នែកណាមួយនៃរឿងរបស់អ្នកទេ។ តែអ្នកជាផ្នែកមួយ​នៃរឿងរបស់ទ្រង់។ ទ្រង់បានយាងមកដើម្បីសង្គ្រោះអ្នក។ រឿងរបស់ទ្រង់ គឺយាងមក​យកកំណើតជាសាច់ឈាម សុគតដើម្បីសង្គ្រោះអ្នក នោះជាអំណោយរបស់ទ្រង់ អំណោយឥតគិតថ្លៃ អ្នកគ្រាន់តែជឿលើទ្រង់ អ្នកគ្រាន់តែទទួលយកអំណោយនេះប៉ុណ្ណោះ។ មិនមែនរឿងយើង តែជារឿងទ្រង់ រឿងទ្រង់ប្រសើរជាងរឿងយើង ព្រោះទ្រង់រស់ពីស្លាប់ និងឈ្នះសេចក្តីស្លាប់។ ជឿលើព្រះយេស៊ូវ នោះយើងនឹងបញ្ចប់ដោយអំណររីករាយអស់កល្បជានិច្ច។ តែបើមិនជឿលើព្រះយេស៊ូវទេ នោះនឹងបញ្ចប់ដោយសេចក្តីវេទនា​អស់កល្ប​ជានិច្ច។

សូមអធិស្ឋានជាមួយខ្ញុំ៖
ព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយ ! កូនសូមអរព្រះគុណ ដែលទ្រង់បានប្រទាន ព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីសុគតលោះបាបទូលបង្គំយើងខ្ញុំ។ ទូលបង្គំសូមអរព្រះគុណទ្រង់ ដែលទទួលយើងខ្ញុំទៅនៅស្ថានសួគ៌ជាមួយទ្រង់ ពេលយើងខ្ញុំចាកចេញ ពីផែនដីនេះទៅ។ សូមទ្រង់ពង្រឹងសេចក្តីជំនឿរបស់ទូលបង្គំយើងខ្ញុំ ​លើព្រះរាជបុត្រាទ្រង់ផង។ សូមព្រះអង្គថែរក្សា ដឹកនាំយើងខ្ញុំ ឆ្ពោះទៅជីវិតអស់កល្បជានិច្ច។ ទូលបង្គំអរព្រះគុណ​ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។


ឯកសារពិគ្រោះ
-         Fleming, Don. Bridge Bible Commentary (Volume 6), Matthew-Acts, Phnom Penh: Fount of Wisdom, 2007.
-         Fee, Gordon D. and Stuart Douglas. How to read the Bible for all Its Worth, London: Scripture Union,
1982.  (220.61 FEE)

0 Comments

Type and hit Enter to search

Close