Breaking News

ការស្វែងរកព្រះដ៏ពិត កិច្ចការ១៧:២២-២៩


សេចក្ដីផ្ដើម:
ខ្ញុំចាំបានថា កាលពីខ្ញុំនៅរៀនថ្នាក់បឋមសិក្សា ប្រហែលជាថ្នាក់ទី២ ឬ៣ ។ ជាទូទៅសាលា
រៀន បឋមភាគច្រើននៅក្នុងវត្តអារ៉ាម នៅពេលចេញលេងម្ដងៗ ខ្ញុំតែងតែទៅក្នុងព្រះវិហារនៅក្នុងវត្តនោះ ដើម្បី ថ្វាយបង្គំរូបព្រះយ៉ាងធំដែលគេដាក់តាំងនៅក្នុងព្រះវិហារ ខ្ញុំមានចិត្តចង់ស្គាល់ ចង់ទៅថ្វាយបង្គំព្រះខ្លាំង ណាស់ យ៉ាងហោចណាស់១ថ្ងៃ ខ្ញុំទៅថ្វាយបង្គំម្ដង ដោយនៅក្នុងចិត្តគំនិតរបស់ខ្ញុំ សង្ឃឹមថា ព្រះ នោះនឹងប្រទានពរសំរាប់ខ្ញុំ អោយខ្ញុំមានសេចក្ដីសុខសាន្ត រៀនពូកែ និងប្រទាននូវអ្វីដែលចិត្តខ្ញុំប្រាថ្នា​ចង់​បានផ្សេងៗទៀត តាមដែលចិត្តរបស់ខ្ញុំត្រូវការ ទាំងដែលខ្ញុំមិនដឹងថា ព្រះនេះមានប្រវត្តិមកពីណា?​តើជា​ព្រះពិតឬមួយអត់? តើអ្នកណា ជាអ្នកដែលបង្កើតព្រះនេះមក? តែខ្ញុំមិនបានទទួលចម្លើយសោះ ហើយ លទ្ធផលចុងក្រោយរបស់ខ្ញុំ ខ្ញុំនៅតែមិនបានទទួលអ្វីសោះ។ ដូចគ្នាទៅនឹងបទគម្ពីរនេះដែរ ពួកអ្នកនៅ ក្រុងអាថែន ពួកគេមានចិត្តក្នុងការស្វែងរកព្រះណាស់ លើសជាងអ្វីទាំងអស់ក្នុងជីវិតរបស់ពួកគេម្នាក់ៗ ហេតុដូចនេះហើយ បានជាពួកគេសាងសង់រូបព្រះជាច្រើននៅក្នុងទីក្រុងរបស់គេ។

រចនាសម្ព័ន្ធ:

1)ព្រះដ៏ពិត ទ្រង់ជាព្រះដែលមានគ្រប់ទាំងអំណាចចេស្ដា  (២២-២៥)
2)ព្រះដ៏ពិត ទ្រង់ជាព្រះដែលបង្កើតមនុស្ស និងគ្រប់គ្រងលើជីវិតមនុស្សទាំងអស់(២៦-២៨)
3)ព្រះដ៏ពិតទ្រង់មិនមែនជាព្រះដូចដែលតាមគំនិតរបស់មនុស្សប្រៀបប្រដូចនោះទេ(២៩)

សង្ខេបបទគម្ពីរ:
ប៉ុល គាត់​ឈរ​នៅ​កណ្ដាល​ទី​អើរីយ៉ូស សំដែង​ថា ឱ​ពួក​អ្នក​នៅ​ក្រុង​អាថែន​អើយ ក្នុង​ការ​ទាំង​អស់​ខ្ញុំ​យល់​ឃើញ​ថា អ្នក​រាល់​គ្នា​ឧស្សាហ៍​​កាន់​សា​ស​នា​ណាស់ ​កំពុង​ដែល​ខ្ញុំ​ដើរ​ចុះ​ឡើង នោះ​ខ្ញុំ​ឃើញ​មាន​អាសនា​១ ដែល​មាន​ចារិក​ថា «‍ព្រះ​ដ៏​ពុំ​ស្គាល់‍» ដូច្នេះ​ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ពី​ព្រះ ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់​នោះ​ឯង ដ្បិត​ព្រះ​ដែល​បង្កើត​លោកីយ នឹង​របស់​សព្វ​សារពើ ព្រះ​អង្គ​នោះ ទ្រង់​ជា​ព្រះ​អម្ចាស់​នៃ​ស្ថាន​សួគ៌ នឹង​ផែន​ដី ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទេ ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បំរើ​ទ្រង់​ដែរ ​គឺ​ទ្រង់ធ្វើគ្រប់ទាំងអស់​ដោយ​ព្រះ​អង្គ​ទ្រង់ ឲ្យ​​មាន​ជីវិត មាន​ដង្ហើម​ ទ្រង់​បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១​ឲ្យ​បាន​នៅ​ពេញ​លើ​ផែន​ដី ព្រម​ទាំង​សំរេច​កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន នឹង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ ក្រែង​គេ​នឹង​រក​ទ្រង់​ឃើញ ទោះ​បើ​ទ្រង់​មិន​គង់​ឆ្ងាយ​ពី​យើង​និមួយ‍ៗ​ក៏​ដោយដ្បិត​គឺ​ដោយ​សារ​ទ្រង់​ហើយ ដែល​យើង​រាល់​គ្នា​បាន​រស់ កំរើក ហើយ​មាន​នៅ​ផង ដូច​ជា​ពួក​អ្នក​លើក​កំណាព្យ​ខ្លះ​របស់​អ្នក​រាល់​គ្នា បាន​និយាយ​ដែរ​ថា «‍មនុស្ស​យើង​ជា​ពូជ​ព្រះ​ដែរ‍»ដូច្នេះ បើ​យើង​រាល់​គ្នា​ជា​ពូជ​ព្រះ​ហើយ នោះ​មិន​ត្រូវ​ឲ្យ​យើង​ស្មាន​ថា ព្រះ​ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ទេ។
សំនួរស្នូល
តើព្រះដ៏ពិតមានលក្ខណ:យ៉ាងដូចម្ដេច?





 I.        ព្រះដ៏ពិតទ្រង់ជាព្រះដែលមានគ្រប់ទាំងអំណាចចេស្ដា  (២២-២៥)
 , ទ្រង់ជាព្រះដែលបង្កើតលោកិយ និងរបស់សព្វសារពើ (២៤a)
ខ២២, ប៉ុល គាត់បានឈរនៅកណ្ដាលទីអើរីយូស  ទីអើរីយូសគឺជាភ្នំ ដែលយើងអាចមើលឃើញ នៅក្នុងខ១៩,៣៤ ដើម្បីបង្ហាញដល់ពួកអ្នកដែលនៅក្រុងអាថែនអំពីព្រះដែលពួកគេថ្វាយបង្គំ ព្រោះប៉ុល យល់ឃើញថា ពួកអ្នកនៅក្រុងអាថែន ពួកគេមានចិត្តឆេះឆួលក្នុងការស្វែងរកព្រះណាស់ បានជាប៉ុល និយាយថា “នៅក្នុងគ្រប់ការទាំងអស់ខ្ញុំយល់ឃើញថា អ្នករាល់គ្នាឧស្សាហ៏ខ្នះខ្នែងកាន់សាសនាណាស់” ព្រះគម្ពីរបានប្រាប់ថា ពួកអ្នកនៅក្រុងអាថែន ពួកគេមានចិត្តស្វែងរកព្រះ លើសអស់​ទាំងកិច្ចការ​ដែល​ពួកគេ ធ្វើក្នុងជីវិតរបស់គេក្នុងការរស់នៅប្រចាំថ្ងៃទៅទៀត។ ប្រសិនបើ​យើងនៅបរិបទខាងលើ យើងនឹង ឃើញ​ថា ពួកអ្នកក្រុងនេះ មានចិត្តចងស្វែងរក ចង់ដឹងអ្វីដែលថ្មីសំរាប់ខ្លួនណាស់ ហេតុដូច្នេះហើយ នៅពេល​ដែល​ពួកគេបានឮប៉ុលអធិប្បាយដូចជាប្លែក បានជាពួកគេនាំប៉ុលទៅកណ្ដាលភ្នំអើរីយូស ដើម្បី​នឹង​អធិប្បាយ​ឲ្យពួកគេស្ដាប់។ ខ២៣, កំពុងដែលខ្ញុំដើរចុះឡើង មើលប្រដាប់​ប្រដាដែល​អ្នករាល់គ្នា​គោរព​បូជា​​​នោះ​​ខ្ញុំ​ឃើញ​មានអាសនា១ ដែលចរិកថា “ព្រះដ៏ពុំស្គាល់” នៅខនេះ យើងបាន​មើល​ឃើញ​ពីភាព​មហិច្ឆតា​​​នៃ​ចិត្ត​​ឆេះ​ឆួលរបស់ពួកអ្នកក្រុងអាថែន ក្នុងការស្វែងរកព្រះ​ រហូតទាល់​តែធ្វើ​ឲ្យ​​ពួកគេ​បាន​សាង​សង់​​រូប​ព្រះជា​ច្រើន ដើម្បីថ្វាយបង្គំ។ នៅក្នុងខ១៦បាន​ប្រាប់ថា នៅពេលដែល​ប៉ុល​បានចូល​មក​ដល់​ក្រុងអាថែន គាត់​មាន​សេចក្ដី​រំជួលក្នុងចិត្តជាខ្លាំង ​ដោយឃើញ​មាន​រូបព្រះពេញ​ក្នុងទីក្រុង។ ប៉ុលមាន​អារម្មណ៏​ក្ដួល​អាណិត​ដល់​ពួក​អ្នកនៅក្រុងអាថែន ដែលពួកគេមានចិត្ត​ស្វែក​រកព្រះ​នោះត្រូ​វ​ហើយ តែអ្វី​ដែលខុស​គឺពួក​គេមិន​បាន​ស្វែរកឃើញព្រះដ៏ពិត តែផ្ទុយទៅវិញ ពួកគេបាន​សាងសង់​រូបព្រះ​ទៅ​តាមគំនិត​របស់គេគិត​ឃើញ។​មិនតែប៉ុណ្ណោះ ពួកគេបានយកចិត្តទុកដាក់ក្នុងការបម្រើថ្វាយ​យញ្ញបូជា​ដល់​ព្រះ​នោះ​ផងថែមទៀតផង។ ប៉ុលបានបន្តថា ដូច្នេះ​ ​​ខ្ញុំនឹងប្រាប់ដល់អ្នករាលគ្នាពីព្រះដែល​អ្នក​រាល់​គ្នា​​គោរពបូជា ដោយ​ឥត​ស្គាល់​​នោះឯង​ (២៣b) ប៉ុល​​ចង់​​បង្ហាញប្រាប់ពួកគេថា ព្រះដែល​ពួកគេ​ស្វែងរកគឺ ទ្រង់មាន​លក្ខណ:​លើស​ពី​គំនិត​ដែល​គេប្រៀបធ្រៀប និងមិនចាំ​អោយ​ពួកគេខ្នះខ្នែងយកចិត្តទុកដាក់ក្នុងការបម្រើ ឬថ្វាយ​យញ្ញ​បូជា​ដល់​ព្រះអង្គឡើយ។ ខ២៤,  ដ្បិតព្រះដែលបង្កើតលោកិយ និងរបស់សព្វសារពើ ព្រះអង្គ នោះ ទ្រង់ជាព្រះអម្ចាស់នៃស្ថាន សួគ៍​ និងផែនដី(២៤a)។ លោកប៉ុលបានអធិប្បាយប្រាប់ ពួកអ្នកនៅក្រុង អាថែនថា ព្រះដែលពួកគេពុំធ្លាប់ស្គាល់ ព្រះអង្គជា ព្រះដែលមានគ្រប់ទាំងអំណាចេស្ដា ទ្រង់ជាព្រះ ដែលបង្កើតផ្ទៃមេឃ ផែនដីនិងរបស់​សព្វសារពើ។មិនតែប៉ុណ្ណោះ ទ្រង់បានគ្រប់គ្រងលើចក្រវាលទាំងមូល ដោយអំណាចចេស្ដារបស់ព្រះអង្គ។ នៅក្នុងព្រះគម្ពីរលោកុប្បត្តិ១:-២៥ យើងអាចមើលឃើញពី ការបង្ក បង្កើតគ្រប់របស់សព្វសារពើរបស់ព្រះ ដោយអំណាចចេស្ដារបស់ទ្រង់គឺ ព្រះអង្គគ្រាន់តែមានបន្ទូល នោះ អ្វីៗទាំងអស់ក៏កើតមានឡើង។ នេះ​បាន​បង្ហាញ ពីភាពអស្ចារ្យ និងភាព​ធំឧត្តមនៃលក្ខណ:​ព្រះដែលទ្រង់​បង្កើតអ្វីៗទាំងអស់ពីរបស់​ដែលគ្មាន​មកអោយ​មាន​​រូបរាង។ បើយើងគិតមើលមនុស្សមិនអាចបង្កើតអ្វី មួយដែលចេញពីភាពគ្មានរូបរាងមក មានរូបរាងបានទេ!  លុះត្រាណាពួកគេត្រូវតែប្រើប្រាស់សំភារ: ដែល ព្រះជាម្ចាស់បង្កើតមកទើបអាចនឹង បង្កើតអ្វីមួយបាន។ ប៉ុន្តែព្រះជាម្ចាស់មិនដូច្នេះទេ គឺទ្រង់បង្កើតអ្វីៗ ទាំងអស់មកពីភាពដែលគ្មាន ហើយ គ្រប់ទាំងបណ្ដារបស់ដែលទ្រង់បង្កើតសុទ្ធតែល្អទាំងអស់។  ប៉ុល បានប្រាប់ទៀតថា ព្រះអង្គដ៏ពិតទ្រង់ មិនគង់នៅក្នុងព្រះវិហារ ដែលធ្វើដោយដៃមនុស្សទេ(២៤b) ដូច ដែលពួកគេបានសាងសង់ ហើយធ្វើរូបព្រះទៅតាមគំនិតនៃការរចនារបស់ពួកគេទេ ព្រមទាំងថ្វាយ យញ្ញ​បូជា ដែលពួកគេខិតខំ​ប្រឹង​ប្រែង​ធ្វើ​ថ្វាយរូបព្រះនោះដែរ។ តើដែលប៉ុលបានប្រើឃ្លាថា”ទ្រង់មិនគង់នៅក្នុង ព្រះវិហារដែលដៃមនុស្សធ្វើទេ” មានន័យយ៉ាងដូចម្ដេច? នៅក្នុងសម័យសញ្ញាចាស់ ព្រះជាម្ចាស់ បាន ប្រទាន​ក្រិត្យវិន័យ១០​ប្រការ​ដល់រាស្រ្ត​របស់ទ្រង់តាមរយ:លោកម៉ូសេ ដើម្បីឲ្យពួកគេប្រព្រឹត្តតាម តែ ព្រះជាម្ចាស់ ទ្រង់ជ្រាបថា ពួកអ៊ីស្រា​អែល​​​ជា​មនុស្សដែលមានបាប ពួកមនុស្សដែលមានក្បាលរឹង​ ពួកគេ មិនអាច​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​របស់​ទ្រង់​ទាំង​ស្រុងបានទេ។ ព្រះទ្រង់ជ្រាបថា ពួកគេមិនស្ដាប់បង្គាប់ ទ្រង់​ទេ! ព្រះអង្គ​ត្រូវតែ​ដាក់​ទោសគេ ដូច្នេះ​ព្រះអង្គ​បានស្វែងរកផ្លូវនៃសេចក្ដីសង្រ្គោះសំរាប់គេវិញ គឺ​ព្រះបាន បង្គាប់ឲ្យ​លោកម៉ូសេ​សាង​សង់​រោង​ឧបោសដ​(និក្ខមនំ២៥:-៩)។ រោង​ឧបោសដដែល​ព្រះ​ជាម្ចាស់បាន ដល់ម៉ូសេឲ្យ​សាង​សង់​ឡើងនេះ មិន​មែន​​​ព្រះអង្គ​ឲ្យពួកគេសាងសង់ឡើង ទុកឲ្យទ្រង់​ស្នាក់​នៅនោះទេ ព្រះជាម្ចាស់គ្មាន​រូបកាយ​ដូច​ជា​មនុស្ស​ទេ ហើយ​ទ្រង់ក៏មិនដែលល្វើយ ដែលនឹង​ត្រូវការ​កន្លែង​សំរាប់ផ្ទុំដែរ ព្រោះព្រះអង្គ​ទ្រង់​ជា​វិញ្ញាណ។ ប៉ុន្តែ ទ្រង់​បង្គាប់​ឲ្យពួកគេសង់ឡើង ដើម្បី​បង្ហាញ​ពីវត្ត​មានរបស់ទ្រង់  ហើយទ្រង់​សន្យា​គង់​នៅ​ជា​មួយ​នឹង​ពួកគេ ដើម្បីមានទំនាក់ទំនងជាមួយនឹងគេ។ នៅ​ពេល​ដែលពួកគេធ្វើ​បាប គេអាច​លុបលាង​បាប​បាន​​ដោយ​ការ​ថ្វាយ​យញ្ញបូជាតាមរយ:សង្ឃ។ ព្រះជាម្ចាស់ មានវត្តមានគង់ នៅ​ក្នុង​ទី​បរិសុទ្ធបំផុត ដែល​ពួក​សង្ឃ​អាច​ចូល​​ទៅ​បាន១ឆ្នាំម្ដងប៉ុណ្ណោះ(និក្ខមនំ២៥:១០-៤០)។ តែក៏មិន​មែន​មាន​ន័យថា ទ្រង់​មាន​​​វត្ត​មាន​​នៅ​តែទី​នោះ​មួយ​កន្លែងដែរ គឺទ្រង់គង់នៅគ្រប់ទីកន្លែង ។ ព្រះទ្រង់​ជ្រាបថា មនុស្សមានបាបមិនអាចនាំមនុស្សឲ្យបរិសុទ្ធរហូតបានទេ ហេតុដូច្នេះ ទ្រង់បាន​តាំងសញ្ញា​ថ្មីនឹង​ពួកគេដោយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទវិញ ដែលទ្រង់យាងមកគង់នៅលើបល័ង្ហនៃចិត្តរបស់គេ ហើយគេនឹងស្គាល់ព្រះអង្គដោយខ្លួនឯង មិនតែប៉ុណ្ណោះ ទ្រង់នឹងអត់ទោស​ចំពោះអំពើរំលង​របស់គេជា​រហូតទៅ ហើយទ្រង់នឹងមិននឹកចាំពីអំពើបាបរបស់គេទៀតទេ(យេរេមា៣១:៣១-៣២)។ ជាមួយគ្នា សព្វ​ថ្ងៃ​នេះ យើងដឹងថា ព្រះយេស៊ូវគ្រីស្ទ ទ្រង់មិនគង់នៅក្នុងព្រះវិហារទេ គឺទ្រង់គង់​នៅក្នុងចិត្ត​នៃពួក​អ្នក​ដែលជឿដល់ព្រះអង្គ ទ្រង់ធ្វើជាព្រះដែលសោយរាជ្យលើចិត្តរបស់ពួកគេ ហើយព្រះគម្ពីរ​បានប្រាប់ថា រូបកាយ​របស់ពួកអ្នកជឿគឺជា ព្រះវិហារនៃព្រះ (១កូរិនថូស ៣:១៦)។
         , ទ្រង់សម្រេចផែនការរបស់ទ្រង់ដោយព្រះអង្គទ្រង់ផ្ទាល់​  (ខ២៥)
            ខ២៥, ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បំរើ​ទ្រង់ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ផង​ដែរ ដ្បិត​គឺ​ទ្រង់​ដែល​ផ្គត់​ផ្គង់​ដោយ​ព្រះ​អង្គ​ទ្រង់ ឲ្យ​គ្រប់​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម​គ្រប់​ជំពូក។ ប៉ុលបានប្រាប់ថា ព្រះដ៏ពិត ទ្រង់មិន ត្រូវការមនុស្សបំរើទ្រង់ ដូចជាដែលពួកគេកំពុងធ្វើដល់រូបព្រះដែលពួកគេបានសាងសង់ឡើង ដោយមាន ទាំងប្រដាប់ប្រដាសំរាប់ថ្វាយយញ្ញបូជាដែលពួកគេបានធ្វើរាល់ថ្ងៃនោះទេ!  ព្រះអង្គជាព្រះ​ដែល​មាន​គ្រប់​ទាំង​អំណាចចេស្ដា ទ្រង់ជាវិញ្ញាណ ទ្រង់មិនត្រូវការ​នឹងរបស់អ្វី​ដែល​មនុស្សបានថ្វាយ​បំរើដល់​ព្រះអង្គ ដើម្បីទ្រទ្រង់ដល់ព្រះអង្គ ដូចជាមនុស្សត្រូវការនោះទេ! ហើយព្រះអង្គក៏មិនត្រូវការអ្នកណាដើម្បីប្រឹក្សា​យោបល់ដល់ទ្រង់ដែរ ដ្បិតគឺព្រះអង្គ​ដែលទ្រង់ធ្វើគ្រប់ការទាំងអស់ដោយព្រះអង្គឯង ឲ្យអ្វីៗ​ទាំងអស់​ដែល​មាន​​ជីវិត​នៅលើផែនដី​នេះ ឲ្យមានដង្ហើម ហើយនិងនៅស្ថិតស្ថេរ​បានដោយសារ​អំណាច​ចេស្ដា​របស់​ទ្រង់​(កូល៉ុស​​១:១៧)។ ព្រះដ៏ពិត ទ្រង់មិនចាំបាច់ត្រូវការមនុស្សប្រឹក្សា ឬផលយោបល់​ក្នុងការ​ដែល​ទ្រង់​ធ្វើ​អ្វី​មួយទេ។ នៅ​ក្នុង រ៉ូម១១:៣៣-៣៦ ប្រាជ្ញារបស់ព្រះជ្រៅណាស់ តើអ្នកណា​អាចនឹងយល់បាន? ឬតើ​អ្នក​ណា​​ដែល​ស្គាល់​គំនិតនៃព្រះ ហើយធ្វើជា​អ្នកជួយ​គំនិតដល់ទ្រង់បាន។ ដូចគ្នាទៅ​នឹង​អេសាយ​៤០:១៣-១៤ ដែរថា តើអ្នកណាដែលស្ទង់​នៃព្រះវិញ្ញាណនៃព្រះយេហូវ៉ាបាន ហើយធ្វើជា​អ្នកប្រឹក្សា​ដល់​ទ្រង់នោះ។ ដូច្នេះ យើងឃើញថាគំនិតរបស់​ព្រះលើសខ្ពស់ពីគំនិតរបស់មនុស្ស ប្រាជ្ញា​នៃព្រះខ្ពស់​ជាង​អស់​ទាំងប្រាជ្ញា​របស់​មនុស្ស ដូច្នេះមនុស្ស​មិនអាចស្គាល់​នូវបំណង​ព្រះហប្ញទ័យ​របស់ព្រះបានទេ ដែលអាច​ធ្វើឲ្យគេផល​យោ​បល់​​ដល់​ព្រះអង្គ ចំពោះកិច្ចការ​អ្វីមួយ​របស់ទ្រង់បានឡើយ! គឺទ្រង់ដែលសម្រេច​ផែន​ការ​គ្រប់​ទាំង​អស់​ដោយ អំណាច​ចេស្ដា​ព្រះអង្គទ្រង់ផ្ទាល់។

  1. ព្រះដ៏ពិតទ្រង់ ជាព្រះដែលបង្កើតមនុស្ស និងគ្រប់គ្រងលើជីវិតមនុស្សទាំងអស់ (២៦-២៨)
ខ២៦,ទ្រង់​បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១​ឲ្យ​បាន​នៅ​ពេញ​លើ​ផែន​ដី ព្រម​ទាំង​សំរេច​កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន នឹង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា។ ប៉ុលបានប្រាប់ដល់ពួកអ្នកនៅ ក្រុងអាថែនថា ព្រះដ៏ពិត ទ្រង់ជាដែលព្រះដែលបានបង្កើតមនុស្ស មិនមែនជាព្រះដែលមនុស្សបង្កើត ដូចជាពួកគេបានសាងសង់រូបព្រះយ៉ាងច្រើននោះទេ! ព្រះអង្គបានបង្កើតមនុស្សឲ្យមាននៅពេញពាសលើ ផែនដីពីឈាមតែ១ គឺពីមនុស្សដំបូងដែលព្រះអង្គបង្កើត ហើយមនុស្សក៏អាចស្គាល់អំពីសណ្ឋាន និង លក្ខណ:របស់ទ្រង់បានដែរ! ព្រះអង្គមិនគង់នៅឆ្លាយពីមនុស្សឡើយ ព្រោះមនុស្សទាំងអស់គឺជាកម្មសិទ្ធិ របស់ទ្រង់។ ព្រះអង្គបានគ្រប់គ្រង់នៅលើជីវិតមនុស្សទាំងអស់ដែលរស់នៅលើផែនដីនេះ ទោះបើគេ មិនមែនជាអ្នកជឿដល់ទ្រង់ក៏ដោយ ទោះបីជាជីវិត  ថ្ងៃកើត ទីលំនៅ ជាតិសាសន៏ ពណ៍សម្បូរគឺសុទ្ធតែ នៅក្រោមអំណាចនៃព្រះហស្ដទ្រង់ទាំងអស់ សូម្បីតែថ្ងៃស្លាប់របស់ពួកគេក៏ព្រះអង្គបានកំណត់ទុករួច ហើយដែរ។ ព្រះជាម្ចាស់បង្កើតមនុស្សមកដើម្បីឲ្យពួកគេមានទំនាក់ទំនងជាមួយព្រះអង្គ ក្នុងគ្រប់របស់ ទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក គ្មានអ្វីណាមួយដែលទ្រង់បង្កើតមកអោយមាននៅអស់កល្ប និងវិសេសដូចជា មនុស្ស​លោកទេ! នៅក្នុងលោកុប្បត្តិ១:២៦-២៧” ទ្រង់​ក៏​មាន​បន្ទូល​ថា ចូរ​យើង​ធ្វើ​មនុស្ស​ឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ឲ្យ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស នឹង​សត្វ​ជើង​៤​ដែល​នៅ​លើ​ផែន​ដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ​ដែល​វារ​នៅ​ផែន​ដី​ផង ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី[1]មាន​គ្រីស្ទ​បរិស័ទជាច្រើន នៅពេល អាន​ខគម្ពីរ​នេះ ពួកគេគិតថា មនុស្សត្រូវបាន​បង្កើតដូច​រូបអង្គ​ទ្រង់នោះ គឺ​សំដៅ​ទៅផ្នែករូបរាងកាយ​ខាងក្រៅ ក៏ប៉ុន្ត​បើ​យើងស្វែងយល់​ឲ្យស៊ីជំរៅ ខគម្ពីរនេះ​មិនមែន​ប្រាប់​យើងដូច្នេះទេ។ ចុះតើព្រះបង្កើតមនុស្សឲ្យចំនឹង​រូបអង្គទ្រង់ មានន័យយ៉ាងម៉េច?  ព្រះជាម្ចាស់​មិន​បានមានបន្ទូលថា ទ្រង់​បង្កើតមនុស្ស​មកឲ្យ​មាន​រូប​កាយ​​ដូចជាព្រះកាយរបស់ទ្រង់ទេ  ព្រោះព្រះ​ទ្រង់​គ្មាន​សាច់ឈាម ឬគ្មាន​ឆ្អឹងដូចជាមនុស្ស​ទេ ព្រះទ្រង់​គឺជា​វិញ្ញាណ។ ដូច្នេះ​ខគម្ពីរនេះ​មិនមែនមានន័យថា ព្រះ​ជា​ម្ចាស់​បង្កើត​មនុស្សមក​ឲ្យមាន​ខ្លួនប្រាណ​ដូចជា​ព្រះកាយរបស់ទ្រង់ទេ! តែផ្នែកដែលដូច​ព្រះអង្គ​នោះគឺ​ជាផ្នែក​ដែល​មើលមិនឃើញ។ ព្រះគម្ពីរ​ហៅផ្នែក​ដែលយើងមើលមិនឃើញនេះថា ជាព្រលឹង​វិញ្ញាណ​។​រូបកាយ​របស់​មនុស្ស​ដែលព្រះ​បាន​បង្កើតឡើង គ្រាន់តែជាកន្លែងសំរាប់វិញ្ញាណ​ដែល​មើល​មិនឃើញ​ស្នាក់​នៅជា​បណ្ដោះ​អាសន្នប៉ុណ្ណោះ គឺព្រលឹង​វិញ្ញាណនេះហើយ ដែលព្រះជាម្ចាស់​បង្កើត​ឲ្យមាន​លក្ខណ:​ដូចអង្គ​ទ្រង់។ ដែលមានបីផ្នែកគឺ សតិប្រាជ្ញា  ឆន្ទ: និង ​​​អារម្មណ៏។  ដូច្នេះមនុស្ស​ទាំង​អស់​អាច​ស្គាល់​ពី​សណ្ឋាន​របស់ព្រះបាន ពីព្រោះព្រះ​ជាម្ចាស់​មិនគង់​នៅឆ្លាយពីពួកគេទេ! ព្រះជាម្ចាស់​បាន​បង្កើត​មនុស្សមក ដើម្បី​ឲ្យពួកគេស្វែងរកព្រះអង្គ (ខ២៧) ប៉ុន្តមនុស្សមិនបានស្វែករកព្រះអង្គទេ គឺពួកគេ​បានបែរចេញ ហើយ​គោរព​​ដល់របស់ដែល​ទ្រង់បាន​បង្កើតជាព្រះរបស់ខ្លួនទៅវិញ។ ទោះបីជា​យ៉ាង​ណា​ក៏ដោយ មនុស្ស​នៅ​តែអាចស្គាល់​ពីព្រះដ៏ពិតបាន​ដោយនៅក្នុងឆន្ទ: និងវិចារណ:ញ្ញាណរបស់គេដែរថា មនុស្ស​ជា​​ពូជរបស់​ព្រះដែរ ព្រោះ​ដែលពួកគេ​អាចមានជីវិតរស់នៅលើផែនដីនេះបាន គឺដោយសារ​តែ​អំណាច​ចេស្ដា​របស់​ទ្រង់ប៉ុណ្ណោះ ប្រសិនបើ​ព្រះ​ជាម្ចាស់មិនផ្ដល់ខ្យល់ដង្ហើម អាកាសធាតុ រដូវកាល ពន្លឺថ្ងៃ នោះ​ពួក​គេមិន​អាចរស់​នៅបានទេ!​ ជា​ពិសេស​បើព្រះអង្គមិនបានគ្រប់គ្រង់ផែនដីដោយ អំណាច​ចេស្ដា​របស់​ទ្រង់ ផែនដី​មិន​អាច​នៅស្ថិតស្ថេរបានទេ ពិភពលោកនឹងក្រឡាប់ចក្រ។
ដូចគ្នាដែរ នៅសព្វថ្ងៃនេះ ព្រះជាម្ចាស់ ទ្រងគ្រប់គ្រងលើពិភពលោកទាំងមូល ទ្រង់បានផ្គត់ផ្គង់ អាហារ ខ្យល់ដកសង្ហើម  ពន្លឺថ្ងៃ ជំរក សំរាប់មនុស្ស  សត្វ។ ទ្រង់បានធ្វើឲ្យរុក្ខជាតិមានភាពស្រស់បំព្រង។ ជាពិសេស ទ្រង់បានការពារ គ្រប់គ្រងលើភពទាំងឡាយអោយមានស្ថេរភាព មិនមានភាពប៉ះទង្គិចគ្នា ឡើយ។ អ្វីទាំងអស់ដែលមាននៅលើផែនដីនេះ អាចមាននៅបានគឺដោយសារអំណាចនៃព្រះបន្ទូលរបស់ ព្រះតែប៉ុណ្ណ។ ប្រសិនបើព្រះជាម្ចាស់ដកការគ្រប់គ្រងរបស់ទ្រង់១ថ្ងៃ ១ម៉ោង ១នាទី ច្បាស់ជាអ្វីៗដែល នៅលើផែនដីនេះនឹងក្រឡាប់ចក្រទាំងអស់។
 III.     ព្រះដ៏ពិត ទ្រង់មិនមែនជាព្រះដូចដែលតាមគំនិតរបស់មនុស្សប្រៀបប្រដូចនោះទេ (២៩)
ខ២៩, ដូច្នេះ បើ​យើង​រាល់​គ្នា​ជា​ពូជ​ព្រះ​ហើយ នោះ​មិន​ត្រូវ​ឲ្យ​យើង​ស្មាន​ថា ព្រះ​ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ទេ។ នៅក្នុងខ២៩ យើងឃើញពាក្យ ថា”ដូច្នេះ” មានន័យថា លោកប៉ុលកំពុងតែសរុបនូវអ្វីដែលគាត់បាននិយាយខាងលើ ដែលពួកអ្នកនៅក្រុង អាថែន មានគំនិតគិតប្រៀបធ្រៀបព្រះដ៏ពិតដូចជារបស់ដែលពួកគេបង្កើត គឺជារូបព្រះដែលពួកគេខំបម្រើ យកចិត្តទុកដាក់ថ្វាយយញ្ញបូជា ថ្វាយបង្គំ។ ប៉ុន្តែប៉ុលអធិប្បាយប្រាប់ពួកគេថា ព្រះដ៏ពិតដែលបង្កើត ផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ ព្រះអង្គទ្រង់មានគ្រប់អំណាចចេស្ដា ទ្រង់គ្រប់គ្រងលើចក្រវាលទាំង មូល ទ្រង់មិនមែនគង់នៅក្នុងព្រះវិហារដែលដៃមនុស្សបានធ្វើដូចជាពួកគេបានសាង ដើម្បីដាក់រូបព្រះ ដែលពួកគេបានបង្កើតនោះទេ! ព្រះអង្គក៏មិនត្រូវការឲ្យមនុស្សបម្រើ ថ្វាយយញ្ញបូជា ឬសំណែនអ្វីដល់ ទ្រង់ទេ គឺទ្រង់ដែលផ្គត់ផ្គង់ដោយព្រះអង្គទ្រង់ផ្ទាល់ ឲ្យគ្រប់ទាំងអស់មានជីវិត ព្រមទាំងមនុស្សផងដែរ ទ្រង់បានបង្កើតគេ ហើយបានគ្រប់គ្រង់លើជីវិតរបស់គេ ដើម្បីឲ្យពួកគេបានស្វែងរកព្រះ ដ្បិតព្រះមិនគង់ នៅឆ្ងាយពីពួកគេទេ ពួកគេក៏អាចស្គាល់ព្រះដ៏ពិតបានដែរ! ហេតុដូច្នេះហើយ ប៉ុលបានសរុបនៅខ២៩ថា
បើសិនជាពួកគេបានដឹងហើយថាមនុស្សជាពូជព្រះដែរ មិនត្រូវឲ្យពួកគេគិតថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សឡើយ  ដូចជាពួកគេបានគិត   ហើយធ្វើ
នោះទេ! ព្រះដ៏ពិតទ្រង់មិនមែនមានលក្ខណ:ដូចដែលពួកគេគិតទេ  គឺទ្រង់មានលក្ខណ:លើសឆ្ងាយ​ពី​គំនិតរបស់គេ។
            ដូចគ្នាដែរ សព្វថ្ងៃនេះ មនុស្សនៅលើពិភពលោកជាច្រើន ដែលពួកគេខំស្វែងរកព្រះណាស់  ប៉ុន្តែពួកគេមិនអាចស្វែងរកព្រះដ៏ពិតឃើញ ដោយព្រោះតែពួកគេបានស្លាប់ខាងឯវិញ្ញាណ ដោយព្រោះ អំពើបាប។ ផ្ទុយទៅវិញ ពួកគេបានស្វែងរកព្រះដែលមិនពិត គឺជាដែលមនុស្សលោកបានបង្កើតឡើង តាមការរចនាទៅតាមគំនិតរបស់ពួកគេយកមកថ្វាយបង្គំ យកគោរពបូជាធ្វើជាព្រះរបស់ខ្លួន ហើយបាន ប្រកែកបដិសេធន៏ព្រះដ៏ពិត ជាព្រះដែលបានបង្កើតពួកគេឡើងមក ដើម្បីឲ្យពួកគេបានស្វែងរកទ្រង់ ទ្រង់បានស្រែកហៅពួកគេរាល់ថ្ងៃ តែគេមិនអាចឮព្រះសូរសៀងរបស់ព្រះបាន តែដោយសារអំណាច​នៃ​អំពើ​បាបបានឃាំងពួកគេ។ ប៉ុន្តែព្រះជាម្ចាស់បានមានផែនការបញ្ជូនព្រះរាជបុត្រារបស់ផងព្រះអង្គគឺ ព្រះ យេស៊ូវគ្រីស្ទមកសុគតនៅលើឈើឆ្កាង ដើម្បីផ្សះផ្សារវាងមនុស្សនឹងព្រះឡើងវិញ។ ទ្រង់បានលុបលាង អំពើបាបរបស់មនុស្សដោយសារព្រះលោកហិតរបស់ទ្រង់ ហើយបានសង្រួបសង្រួមមនុស្សទាំងអស់ឲ្យ តែ១ក្នុងព្រះអង្គវិញ ដើម្បីឲ្យពួកគេមានទំនាក់ទំនងជាគ្នា និងមានទំនាក់ទំនងជាមួយទ្រង់ឡើងវិញ។
          សរុបសេចក្ដីមក:
            ព្រះដ៏ពិត ទ្រង់ជាព្រះដែលមានគ្រប់ទាំងអំណាចចេស្ដា ទ្រង់បានបង្កើតផ្ទៃមេឃ ផែនដី និង​របស់​សព្វសារពើ ព្រមទាំងមនុស្សផងដែរ។ ហើយទ្រង់ជាព្រះដែលគ្រប់គ្រងលើអ្វីៗទាំងអស់ ដោយអំណាច ចេស្ដារបស់ព្រះអង្គ ដើម្បីឲ្យគ្រប់ទាំងអស់មានជីវិត មានស្ថេរភាព។ ទ្រង់ធ្វើការទាំងអស់ដោយព្រះអង្គ ទ្រង់ មិនចាំបាច់មានមនុស្សផ្ដល់យោបល់ ឬជួយជាគំនិតដល់ព្រះអង្គឡើយ។ ព្រះដ៏ពិត ទ្រង់មិនមែនជា ព្រះដូចជាគំនិតរបស់មនុស្សបានគិតថា ទ្រង់ដូចជាមាស ជាប្រាក់ ជាថ្ម ឬជារបស់ឆ្លាក់តាមការរចនា តាមគំនិតរបស់ពួកគេទេ។ តែព្រះដ៏ពិតលក្ខណ:របស់ទ្រង់លើសអស់ទាំងគំនិតរបស់មនុស្ស តែមនុស្សក៏ អាចស្គាល់ពីលក្ខណ:របស់ព្រះអង្គបានដែរ។
          អនុវត្តន៏:
            ក្នុងនាមយើងជាគ្រីស្ទបរិស័ទ ព្រះនៃយើង ព្រះអង្គជាព្រះដ៏ពិត ទ្រង់ជាព្រះដែលមានអំណាច​ចេស្ដា​ដែលបាន បង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ ព្រមទាំងមនុស្សផងដែរ ហើយព្រះអង្គបាន​គ្រប់​គ្រងលើរបស់ដែលទ្រង់បង្កើតមកដោយអំណាចរបស់ព្រះអង្គ។ មិនឲ្យយើងគិត ឬប្រៀបធៀបព្រះអង្គ ដូចជាមាស ឬជាប្រាក់ ឬជាថ្ម តាមការរចនារបស់មនុស្សឡើយ ដូចជាលោកិយគេបានធ្វើនោះឡើយ។


[1] សង់លើគ្រិះមាំ និពន្ធដោយលោក ម៉ាកឺលវេន ​  មេរៀនទី៧

0 Comments

Type and hit Enter to search

Close