សេចក្តីផ្តើម៖
នៅក្នុងគ្រួសារមួយមានរឿងអាស្រូវកើតឡើងម្តងហើយម្តងទៀត
ដែលប្រពន្ធជាអ្នកលួចមានសហាយស្មន់ ជាមួយប្រុសផ្សេង។ លោកពួដែលកំពុងតែពិបាកចិត្តនោះ
គាត់ពិតជាមាន
អារម្មណ៍ខឹងខ្លាំងណាស់ ចំពោះប្រពន្ធរបស់គាត់ តែផ្ទុយទៅវិញគាត់នៅតែស្រឡាញ់
ហើយមានសេចក្តីមេត្តាករុណាចំពោះនាងដដែរ។ បើយើងគិតមើលទៅបុរសនោះ ខ្ញុំអាចអោយឈ្មោះថា
ជាកំពូលបុរសមេត្តាករុណា។ ព្រោះថាទោះបីជាគាត់បានដឹងថាប្រពន្ធរបស់ខ្លួនលួចមានប្រុសក៏ដោយក៏គាត់នៅតែតាមរក
ហើយហៅអោយប្រពន្ធគាត់បានមកវិញ ម្តងហើយម្តងទៀត ។
ហើយចំពោះស្ត្រីនោះនាងនៅតែមិនរាងចាលទេ
នាងនៅតែលួចទៅមានប្រុសផ្សេងដដែរ យើងអាចនិយាយបានថា ជាកំពូលស្រីរឹងរុស។
បើយើងមើលទៅកំពូលបុរសដែលសុភាព ហើយមេត្តានេះ
គាត់នៅតែអត់អោនទោសអោយប្រពន្ធគាត់ម្តងហើយម្តងទៀត ទោះប្រពន្ធនោះបានកុហក់គាត់ ជាច្រើនដង ថាកែរខ្លួនហើយក៏ដោយ
ក៏គាត់នៅតែមិនប្រកាន់។ នាងបាន កុហក់ប្តីថា
ឈប់ទៅប្រព្រឹត្តចឹងទៀតហើយ តែធាតុពិតនាងមិនបានធ្វើតាមពាក្យនាងប្រាប់នោះទេ
នាងនៅតែទៅប្រព្រឹត្តបែបមិនគួសមទាស់នឹងប្តីរហូត។ តែប្តីនាងនោះនៅតែតាមហៅអោយនាងបានមកវិញមិនបានបោះបង់នាងចោលទេ។
យើងឃើញថាប្តីនោះគាត់ពិតជាកំពូលអ្នកទ្រាំមែន ព្រោះថាមិនត្រឹមប្រពន្ធបានក្បត់
ហើយអ្នកជិតខាងមានសើចចំអក ហើយថាគាត់ជាមនុស្សល្ងង់ថែមទៀត តែគាត់នៅតែស្រឡាញ់នាង។ គាត់ថែមទាំងបាននិយាយថា
បើនាងបានមកវិញ នោះគាត់និងនៅតែផ្តល់សេចក្តីស្រឡាញ់ ហើយនិងនាំនាងអោយចូលមកផ្ទះវិញ
ហើយអោយនាងសំរាក កែប្រែជីវិតនាងជាថ្មី។ មិនតែប៉ុណ្ណោះបុរសនោះបានសន្យានិងអោយរបស់ល្អៗ
ជាច្រើនដល់នាង អោយតែនាងឈប់ប្រព្រឹត្តបែបនេះទៀត ដោយព្រោះគាត់បានស្រឡាញ់នាងណាស់។ បុរសនោះគឺ
ជាលោកហូសេ ហើយស្ត្រី គឺជានាងកូមើរ។យើងឃើញថា នាងកូមើរ បានក្បត់លោកហូសេយ៉ាងណា
នោះពួកអ៊ីស្រាអែលបានក្បត់ព្រះយ៉ាងដូច្នេះដែរ។ ពួកគេបានងប់និងប្រព្រឹត្តអំពើបាប
ពួកហាក់ដូចជាអត់មានផ្លួវចេញរូចទេ (៥:៤) ពួកគេបាន
កំពុងតែក្បត់ចំពោះព្រះអង្គដោយមិនញញើតដៃឡើយ។
សង្ខេបបទគម្ពីរ:
នៅរឿងក្នុងព្រះគម្ពីរហូសេជំពូក១៤នេះ ដែលបាននិយាយអំពីរឿងថាព្រះអង្គនិងអំពាវនាវអោយពួកគេមកវិញ
កុំបន្តទៅពឹងលើពួកបរទេសនិងព្រះផ្សេងៗ ចូរមកប្រែចិត្តវិញ ហើយដើរ តាមព្រះជាថ្មី នោះព្រះអង្គនិងសន្យាថានិងប្រទានពរដល់គេជាបរិបូរណ៍។
សំនួរស្នួល៖ ដូច្នេះតើពួកគេមានផ្លូវអ្វីដែលអាចចេញរូចបាន?
តើមានផ្លូវអ្វីដែលអាចនាំទៅរកព្រះពរបាន? ហើយតើផ្តល់ព្រះពរអ្វីខ្លះនៅគេព្រមមកវិញ?
រចនាសម្ព័ន្ធ៖
១) ការប្រែចិត្ត
១៤:១-៣
២) លទ្ធផលនេះការវិលត្រលប់មករកព្រះជាម្ចាស់វិញ
១៤:៤-៨
៣) ផ្លូវរបស់ព្រះយេហូវ៉ា ១៤:៩
តួសេចក្តី៖
នៅក្នុងកណ្ឌហូសេទាំងមូលបាននិយាយអំពីដំណើរនៃការដែលរាស្ត្ររបស់ព្រះជាម្ចាស់
បានក្បត់ ទ្រង់ ហើយព្រះអង្គតែមានសេចក្តីមេត្តាករុណា និងស្រឡាញ់ជានិច្ច។នៅជំពួកមុនៗបាននិយាយពីពួក អ៊ីស្រាអែលបានក្បត់ទ្រង់
ហើយកុហក់ទ្រង់ម្តងហើយម្តងទៀត ដូច្នេះព្រះអង្គទ្រង់ខ្ញាល់និងគេ។ ប៉ុន្តែនៅក្នុងជំពួក១១
បានបង្ហាញអំពី ព្រះជាម្ចាស់ទ្រង់មានសេចក្តីស្រឡាញ់ដ៏មិនអាចកាត់ថ្លៃបានចំពោះអ៊ីស្រា អែល (១១:៤)។ ហើយរហូតមក
ដល់ជំពួក១៤នេះបាននិយាយអំពីព្រះទ័យនៃការយកចិត្តទុកដាក់ចំពោះពួកអ៊ីស្រាអែល
ព្រះអង្គទ្រង់ចង់អោយគេបានមករកព្រះវិញ ។
១) ការប្រែចិត្ត ១៤:១-៣
បើយើងមើលនៅក្នុងខ១ បាននិយាយថា ឱអ៊ីស្រាអែលអើយ ចូរវិលមកឯព្រះយេហូវ៉ា
ជាព្រះនៃឯងវិញចុះ នៅក្នុងខនេះលោកហូសេ បានអំពាវនាវអោយ
អោយពួកអ៊ីស្រាអែលបានវិលមកឯព្រះយេហូវ៉ាវិញ នៅចុងខនេះបានប្រាប់យើងថា ពួកគេបានភ្លាត់ដួលទៅដោយអំពើបាបរបស់ពួកគេ
នេះជាមូលហេតុដែលពួកគេត្រូវត្រលប់មកឯព្រះយេហូវ៉ាវិញ។ លោកហូសេបានប្រើពាក្យថា វិលមក
ហេតុអ្វីបានជាត្រូវវិលមក? ដោយព្រោះតែពួកគេកាលពីមុនបានចេញឆ្ងាយពីព្រះជាម្ចាស់
កាលពីមុនពួកគេបានទៅថ្វាយបង្គំព្រះដទៃ ថ្វាយព្រះបង្គំព្រះបាល ព្រះម៉ែអាសថារ៉ូត ដែលពួកគេថាជាព្រះដែលនាំអោយពួកគេអាចទទួលភោគផលល្អ
ពីដំណាំរបស់ពួកគេ និងមានកូនចៅច្រើន។ ពួកគេថ្វាយបង្គំបង្គោលព្រៃភ្នំផ្សេងៗដែលរឿងនេះ
អស់លោកអ្នកបងប្អូនបានដឹងហើយតាំងពីជំពូក១ដល់ជំពូក១៣។ រហូតមកដល់ជំពូក១៤នេះ
លោកហូសេអំពាវនាវអោយពួកគេត្រលប់មកវិញ
ដល់ពេលដែលត្រូវត្រលប់មករកព្រះជាម្ចាស់របស់ពួកគេវិញហើយ។ លោកហូសេបានថា អោយត្រលប់មករកព្រះយេហូវ៉ាវិញ
ជាព្រះដែលពួកគេបានស្គាល់ ហើយក៏មានបទពិសោធន៍ជាមួយទ្រង់ ជាព្រះដែលធ្លាប់ស្រលាញ់
ធ្លាប់ថ្នាក់ថ្នម ធ្លាប់ផ្គត់ផ្គង់ ធ្លាប់ថែរក្សា ការពារ។ ការវិលត្រលប់មករកព្រះយេហូវ៉ា
ក៏ជាការអោយពួកគេរំលឹកអនុស្សារីយ៍ចាស់ៗ របស់ពួកគេជាមួយនឹងព្រះជាម្ចាស់វិញ ប្រៀបដូចជាអ្នកមានស្នេហារំលឹកស្នេហ៍គ្រាដំបូងរបស់គេដែរ។
ដូច្នេះពួកអ៊ីស្រាអែលត្រូវបង្កាត់រងើកភ្លើងស្នេហ៍ចាស់ឡើងវិញជាមួយនឹងព្រះអង្គ ។ នៅក្នុងខ២ បានប្រាប់ថា «ចូរប្រុងប្រៀបពាក្យសំដី
ហើយវិលមកឯព្រះយេហូវ៉ាចុះ។ ហេតុអីបានជាត្រូវប្រុងប្រៀបពាក្យសម្ដី
នៅពេលដែលវិលមករកព្រះជាម្ចាស់ ប្រហែលជាអស់លោកអ្នកបងប្អូនខ្លះមានបទពិសោធន៍ក្នុងការដែលគ្រូហៅជួបនៅពេលដែលធ្វើកំហុសណាមួយ។
នៅពេលដែលយើងធ្វើខុស ហើយគ្រូហៅជួប យើងដឹងថាគ្រូនឹងនិយាយពីកំហុសរបស់យើង ហើយ
ខ្ញុំផ្ទាល់ក៏ដូចគ្នា ដូច្នេះមុនទៅជួបគ្រូ ត្រៀមពាក្យសម្ដីទុកឆ្លើយជាមួយគ្រូ អោយហើយ មុនទៅជួប គាត់។
ពួកអ៊ីស្រាអែលដូចគ្នា នៅពេលដែលពួកគេវិលត្រលប់ទៅឯព្រះវិញ ពួកគេត្រូវត្រៀមពាក្យសម្ដី
ទៅនិយាយជាមួយនឹងព្រះជាម្ចាស់។ វាដូចជាការលេងរឿងមួយ ដែលតួនីមួយៗមានប៉ារ៉ូនិយាយរៀងខ្លួន
អាស្រ័យទៅតួអង្គរបស់ខ្លួនជាតួកាច ឬតួស្លូត និងស្ថានភាពនៃសាច់រឿងនោះ
ហើយពួកអ៊ីស្រាអែលដូចគ្នា ពួកគេពេលនេះត្រូវដើរតួស្លូត តួដឹងខុស ហើយសំរាប់ប៉ារ៉ូ
ឬពាក្យសម្ដី នោះលោកហូសេបានត្រៀមអោយជាស្រេចហើយ។ នៅក្នុងពាក្យកណ្ដាលខ២
បានប្រាប់យើងថា សូមលើកអស់ទាំងអំពើទុច្ចរិតចោលចេញ គឺសូមអោយព្រះអង្គអត់ទោសបាបអោយផង។
កាលពីមុននៅពេលដែលមានសង្រ្គាម គេធ្លាប់ទៅរកសាសន៍ដទៃអោយជួយពួកគេ មានសាសន៍អាសស៊ើ
និងសាសន៍អេសីព្ទជាដើម ប៉ុន្តែនេះជាពេលដែលគេត្រូវប្រែចិត្ត ហើយជាពេលដែលត្រលប់មករកឯព្រះវិញហើយ។
នៅខ៣បានប្រាប់យើងថា ពួកគេត្រូវតែប្រកាសថា ពួកអាស៊ើមិនអាចជួយពួកគេបានឡើយ
ហើយអ្នកដែលអាចជួយពួកគេក៏មិនមែនជាពលទ័ព ឬពលសេះទៀតទេ។ ប៉ុន្តែគឺជាព្រះជាម្ចាស់វិញ
ហើយនៅក្នុងទ្រង់គឺមាន សេចក្ដីមេត្តាករុណា នៅក្នុងព្រះអង្គ
មនុស្សអាចរកបាននូវសន្តិភាព និងសេចក្ដីសុខសាន្តពិតប្រាកដ។
២) លទ្ធផលនេះការវិលត្រលប់មករកព្រះជាម្ចាស់វិញ ១៤:៤-៨
តើការវិលត្រលប់មករកព្រះជាម្ចាស់វិញ
មានន័យដូចម្ដេច? បើយើងមើលចាប់ពីខ៤-៨ បានបង្ហាញអំពីការធានារបស់ព្រះអង្គថានិងប្រទានព្រះពរចំពោះការត្រឡប់មកវិញរបស់គេ។
នៅដើមខ៤ បានបញ្ជាក់ថា «អញនឹងកែការរាថយរបស់គេឲ្យជា»
នេះមានន័យថា ព្រះនិងព្យាបាលចិត្តក្បត់របស់ពួកគេ
អោយបានជានានិងព្រះអង្គវិញ ហើយមិនតែប៉ុណ្ណោះព្រះអង្គបាន
សន្យាថាទ្រង់នៅតែស្រឡាញ់ដល់គេ ហើយជាសេចក្តីស្រឡាញ់ដែលស្ម័គ្រពីចិត្ត មិនមែនព្រះអង្គបង្ខំចិត្តស្រលាញ់ពួកគេទេ
ប៉ុន្តែគឺនៅពេលណាដែលពួកគេត្រលប់មករកព្រះជាម្ចាស់វិញ នោះពួកគេនឹងទទួលបាននូវសេចក្ដីស្រឡាញ់
។ ម្តាយខ្ញុំគាត់តែងតែនិយាយរឿងពិតចេញមក នៅពេលដែលគាត់ស្រវឹង នៅពេលមួយគាត់បានស្រវឹង
ហើយគាត់បាននិយាយជាមួយខ្ញុំថា អាកូនពៅ ម៉ែស្រឡាញ់កូនឯងណាស់ ដូច្នេះកុំធ្វើអី អោយម៉ែពិបាកចិត្តណាកូន
ពេលនោះខ្ញុំឆ្លើយថា ចុះហេតុអីបានជាម៉ែឯងវ៉ៃខ្ញុំចឹង គាត់ឆ្លើយថា
មកពីម៉ែស្រឡាញ់កូនហ្នឹង បើម៉ែមិនវ៉ៃ មិនថាអោយ នោះធ្វើមេច អោយកូនបានល្អទៅ ហើយធ្វើម្តេចអោយកូនដឹងខ្លួនបាន។
បងប្អូននៅពេលដែលគាត់និយាយដូច្នេះធ្វើអោយខ្ញុំសប្បាយណាស់
ព្រោះពេលខ្លះខ្ញុំមិនបានស្តាប់បង្គាប់គាត់ ធ្វើខុសចំពោះគាត់។
ចំពោះព្រះអង្គវិញព្រះអង្គស្រឡាញ់មនុស្សខ្លាំង ហើយខ្លាំងជាងឪពុកម្តាយទៅទៀត (ទំ១០៣:១៣) ហើយការដែលព្រះអង្គទ្រង់ស្រលាញ់
នោះគ្មានអ្នកណាបង្ខំព្រះទេ ហើយក៏មិនមែនព្រះអង្គស្រវឹងទើបព្រះអង្គថាស្រលាញ់ដែរ
តែគឺព្រះអង្គទ្រង់ស្រលាញ់ ដោយសារពួកគេគឺជា រាស្រ្តរបស់ព្រះអង្គ ដូចជាម្ដាយខ្ញុំស្រលាញ់ខ្ញុំ
ព្រោះខ្ញុំជាកូនពៅរបស់គាត់យ៉ាងដូច្នោះដែរ។ នៅក្នុងហូសេ ជំពួក ១១:១ បានប្រាប់ថា ដោយសារព្រះអង្គស្រឡាញ់
ទើបព្រះអង្គបានហៅគេអោយចេញស្រុកអេស៊ីព្ទ ជំពួក14:4ហើយដោយសារព្រះអង្គស្រឡាញ់
នោះសេចក្តីកំហឹងរបស់ព្រះបានបែរចេញពីពួកគេ នេះគឺជាការប្រៀបធៀបរវាង ១១:១ និង ១៤:៤ អំពីមួយហេតុដែលទ្រង់បានស្រឡាញ់ពួកគេ។ បើយើងទៅក្នុងខ៥-៧
ព្រះអង្គនិងអោយគេបានប្រែក្លាយជាមនុស្សដែលមានជីវិតថ្មី
នៅពេលដែលពួកគេវិលត្រលប់មករកព្រះអង្គ។ នោះទ្រង់បានប្រៀបធៀបព្រះអង្គដូចជាទឹកសន្សើម
។ គ្រប់រុក្ខជាតិទាំងអស់ ជាពិសេសរុក្ខជាតិប្រភេទផ្កា គឺត្រូវការទឹកសន្សើមណាស់សម្រាប់រស់នៅ
ហើយជីវិតរបស់ពួកគេដូចជាផ្កាចន្ធូរ។ ការពិតផ្កានេះជាប្រភេទផ្កា ម្យ៉ាងដែលមានក្លិនក្រអូបណាស់
ហើយតូចៗ ហើយក៏មានអ្នកខ្លះតែងជាកំណាព្យចំពោះផ្កានេះដែរ ថា «ឱ!ផ្កាចន្ធូ
ក្រអូបយន់យូរ សាយគន្ធទងវង ព្រលប់រាត្រី
ព្រឹកថ្ងៃកន្លង ក្រអូបលំអង ចិត្តប៉ងប្រាថ្នា។ »ប្រហែលជាមានបងខ្លះធ្លាប់ស្គាល់វា។
ដូច្នេះព្រះអង្គជាទឹកសន្សើម ហើយពួកគេដូចជាផ្កា
ពួកគេត្រូវការព្រះសម្រាប់រស់នៅ ពូកគេមិនអាចដាច់ចេញពីព្រះអង្គនោះឡើយ ពេលនោះកិត្តិយសរបស់ពួកគេដូចជាក្លិនដ៏ក្រអូបរបស់ផ្កាចន្ធូ
ដែលអ្នកផងគេចូលចិត្ត នោះពួកគេនឹងល្បីសុះសាយទៅដូចក្លិនរបស់ផ្កាចន្ធូដែរ
(សំរាប់ខ្ញុំក៏ចូលចិត្តផ្កាដែរ)។ មិនតែប៉ុណ្ណោះសោត ឬសរបស់គេនឹងដូចជា
ឬសរបស់ឈើនៅព្រៃល្បាណូន ដែលជាប្រភេទព្រៃដែលមានដើមឈើធំៗ និងមាន ឬសចាក់ជ្រៅ
កាលណាយើងនិយាយពីឬចាក់ជ្រៅនោះយើងដឹងហើយ ថាជាប្រភេទដើមឈើដែលមាំ។ ដូចជាក្រុមតួចលោកគ្រូ
Joe បានធ្វើការរំលំគាលដើមជ្រៃ នៅជិតដមE ខ្ញុំឃើញថាវាពិតជាពិបាកណាស់ ហើយចុះទំរាំតែដើមឈើនៅព្រៃល្បាណូន នោះវាពិបាកយ៉ាងណាទៅ។
សម្រាប់ពួកអ៊ីស្រាអែល នៅពេលដែលនិយាយថាពួកគេដូចជាដើមឈើដែលចាក់ឬសជ្រៅ នោះគឺសំដៅទៅលើភាពរឹងមាំរបស់ពួកគេ
ភាពខ្លាំងក្លារបស់ពួកគេ ដែលជាតិសាសន៍គេនឹងមិនងាយរំលំនោះឡើយ
ពោលគឺមានកម្លាំងខ្លាំងណាស់ក្នុងការតតាំងជាមួយនឹងសត្រូវ បានជាក្នុងខ៨ បាននិយាយថា
.... អេប្រាអិមនឹងពោលថា តើខ្ញុំត្រូវការអ្វីចំពោះរូបព្រះទៀត នោះអញបានតបឆ្លើយ
ហើយនឹងត្រួតត្រាមើលគេ អញប្រៀបដូចជាដើមកកោះខៀវខ្ចី ឯងនឹងរកបានផលរបស់ឯងពីអញ...តើខ្ញុំត្រូវការអ្វីចំពោះរូបព្រះទៀត
ខនេះបានប្រាប់ថា
ការវិលត្រលប់មករកឯព្រះជាម្ចាស់ នោះវាគ្រប់គ្រាន់ណាស់ហើយសម្រាប់ពួកគេ
ពួកគេមិនចាំបាច់ត្រូវការអ្វី ឬពឹងពាក់ចំពោះរូបព្រះឯណាទៀតទេ នៅក្នុងជីវិតរបស់ពួកគេ
វាគ្រប់គ្រាន់ហើយ វាលើសពីគ្រប់គ្រាន់ណាស់ទៅទៀត
នៅពេលដែលពួកគេរស់នៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ពួកគេនឹងរីកចម្រើនឡើង
ដូចជាមែកទំពាំងបាយជូរដែលមានច្រើនអញ្ចឹងដែរ។ ព្រះអង្គនិងប្រទានប្រទានពរអោយគេសុខសាន្ត
ហើយមានជីវិតស្រស់បស់ និង មាំមូនឡើង
ព្រមទាំងជួយអោយគេមានជីវិតដែលពោរពេញទៅដោយផលផ្លែសំរាប់ទ្រង់។
៣) ផ្លូវរបស់ព្រះយេហូវ៉ា ១៤:៩
នៅក្នុងខ៩
ជាចុងក្រោយ ដូចជាសរុបសេចក្ដីនៃ កណ្ឌហូសេទាំងមូលអញ្ចឹង
គ្មានអ្នកណាម្នាក់ដែលអាចយល់ពីផ្លូវនៃព្រះជាម្ចាស់បានឡើយ
ហើយក៏គ្មានអ្នកណាម្នាក់ដែលអាចយល់ពីអ្វីដែលព្រះអង្គបានធ្វើនោះឡើយ។
នៅក្នុងកណ្ឌហូសេទាំងមួលបានបើកសម្ដែងពីភាពផិតក្បត់របស់ពួកអ៊ីស្រាអែលដែលជារាស្រ្តរបស់ទ្រង់
ហើយក៏បានបង្ហាញពីការជំនុំជម្រះដល់រាស្រ្តដែលផិតក្បត់របស់ទ្រង់
ប៉ុន្តែក៏បាននិយាយពីព្រះគុណដល់រាស្រ្តដែលផិតក្បត់នោះដែរ។ ទោះបើពួកគេអាក្រក់យ៉ាងណា
ព្រះអង្គនៅតែស្រលាញ់ដល់ពួកគេដែរ
ដូច្នេះគ្មានអ្នកណាដែលអាចយល់ពីទំហំនៃសេចក្ដីស្រលាញ់
ក៏គ្មានអ្នកណាម្នាក់អាចយល់ពីទំហំនៃសេចក្ដីមេត្តាករុណារបស់ព្រះអង្គបានដែរ។ នៅខ៩នេះបានប្រាប់យើងថា
ផ្លូវព្រះជាម្ចាស់សុទ្ធតែទៀងត្រង់ ហើយមានតែពួកសុចរិតទេ ដែលអាចដើរនៅក្នុងផ្លូវរបស់ព្រះអង្គបាន
តែមនុស្សអាក្រក់មិនអាចដើរបានឡើយ ពួកគេនឹងជំទប់ដួលដោយសារអំពើអាក្រក់របស់ពួកគេ ពោលគឺព្រះអង្គទ្រង់នឹងជំនុំជម្រះអំពើអាក្រក់របស់ពួកគេជាមិនខានឡើយ។
សរុបសេចក្ដីៈ
សរុបគំនិតស្នូល៖ បងប្អូនយើងឃើញថា
បើយើងមើលទៅលើជំពួក១៤នេះ បានបង្ហាញថា អ្វីដែលជាផ្លូវអាចនាំពួកគេទៅរកព្រះពរបាន
នោះគឺមានតែការប្រែចិត្ត ការត្រឡបមកវិញ ដោយលន់តួបាបរបស់គេទៅចំពោះព្រះអង្គ។
ព្រោះព្រះអង្គនៅតែស្វែងរកពួកគេ ហើយនៅតែដង្ហើយហៅគេពួក អោយគេបានប្រែចិត្តពិតប្រាកដមករកទ្រង់វិញ។
ហើយមួយទៀត គឺជាការជ្រើសរើសដើរតាមផ្លួវនៃព្រះយេហូវ៉ា
នោះទើបអាចអោយគេបានមានសង្ឃឹមឡើងវិញ។ ហើយព្រះអង្គនៅតែមិនបោះបង់គេ ព្រះអង្គ និងអត់ទោសដោយសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះការការប្រែចិត្ត
ហើយព្រះអង្គនៅចង់អោយគេបានវិលត្រឡប់មកវិញ ទោះជាគេបានភ្លាតដូលដោយអំពើទុច្ចរិតក៏ដោយ។
ដូចជានៅព្រះគម្ពីរអេសាយ (១:១៨) បានប្រាប់ថា «មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ
គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ»
គឺព្រះអង្គមិនចង់ឃើញពួកគេវិនាស ឡើយ។ ហើយនៅពេលដែលគេបានមកវិញនោះ ព្រះអង្គធានាថានិងប្រទានព្រះពរ
និងធ្វើអោយជីវិតរបស់គេបានរបស់គេ បានរីកស្រស់បស់ឡើងវិញដូចជាដើមឈើ។ ប៉ុន្តែគួរអោយស្តាយ
គួរអោយ ស្តាយណាស់
ដែលពួកគេចូលចិត្តតែអំពើទុច្ចរិត ។ បងប្អូនស្គាល់កូនជ្រួកទេ វាតែងតែចូលចិត្តអីជាងគេនៅពេលវាមានសេរីភាព
ពីម្ចាស់បានប្រលែងវា? ការពិតវាតែងចូលចិត្តតែផុក ចូលចិត្តផុកជ្រាំ ទោះបីម្ចាស់បានយកមកលាងអោយស្អាតហើយក៏ដោយ
ក៏នៅតែរត់លេងផុកដដែរ។ ពួកអ៊ីស្រាអែលគេមិនបាន
ប្រែចិត្តពីអំពើទុច្ទរិតនោះទេ ពួកគេនៅតែប្រព្រឹត្តទាស់និងព្រះអង្គ ពួកគេសាំនិងចូលចិត្តប្រព្រឹត្តបាបទៅហើយ
ពួកគេគ្មានផ្លូវចេញរួចពីកណ្តាប់ដៃនៃពួកអាស៊ើដែលជាដំបងរបស់ព្រះបានឡើយ
ពួកគេបានទទូលការជំនុំជំរះព្រះជាម្ចាស់ដោយព្រោះមិនបានប្រែចិត្តវិញ។
ទេវសាស្ត្រ៖
ព្រះជាម្ចាស់: ប៉ុន្តែបងប្អូនសូមអោយយើងក្រឡេកទៅមើលព្រះទ័យនៃព្រះជាម្ចាស់វិញ
យើងឃើញថាព្រះអង្គមានសេចក្តីស្រឡាញ់ដល់មនុស្សលោកណាស់
ហើយព្រះអង្គក៏ចង់ផ្តល់ព្រះពរអោយ ដែរ។
ព្រះយេស៊ូវគ្រីស្ទ: ហេតុតែស្រឡាញ់
ហេតុតែចង់អោយមនុស្សបានព្រះពរនៃជីវិត ព្រះអង្គមិនគង់នៅលើឋានសួគ៌នោះទេ
ព្រះអង្គបានបញ្ជួនម្នាក់អោយមក នោះគឺអង្គព្រះរាជបុត្រា គឺជាអង្គព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ
គឺព្រះយេស៊ួវគ្រីស្ទ (យ៉ូហាន ៣:១៦)។ ព្រះយេស៊ូវគ្រីស្ទ ព្រះអង្គបានលះចោលសេរីល្អទ្រង់
លះចោលស្ឋានសួគ៌ ព្រះអង្គមិនគង់តែនៅក្នុងដំណាក់របស់ទ្រង់ទេ តែព្រះបានមក ដើម្បីនឹងរកហើយជួយសង្គ្រោះដល់មនុស្សបាត់បង់
(លូកា១៩:១០) ហើយព្រមសុគតដើម្បីមនុស្សទាំងអស់ ។ ហើយព្រះអង្គក៏និងប្រទានព្រះពរ ដល់អ្នកដែលណាស្វែងរកទ្រង់
ហើយបែ្រចិត្តពីអំពើបាប លះចោលនូវអ្វីៗទាំងអស់នៅលោកីយនេះនាំទៅប្រព្រឹត្តបាប។ ព្រះយេស៊ូវគ្រីស្ទជាប្រភពនៃពរ
ហើយជាផ្លូវ ជាសេចក្តីពិតដែលនាំទៅរកព្រះដ៏ពិតប្រាកដ ក្រៅពីទ្រង់គ្មាននាមណាឡើយ
(យ៉ូហាន ១៤:៦)។ ហើយដោយសារទ្រង់ នោះទ្រងនឹងអោយបានជា១រយភាគឡើង ហើយនឹងបានគ្រងជីវិតអស់កល្បជានិច្ច
ទុកជាមរដកដែរ (ម៉ាថាយ១៩:២៩)។
អនុវត្តន៍៖
ដូច្នេះបងប្អូនផ្លូវដែលអាចអោយយើង
ទទូលបានព្រះពរនោះគឺ មានតែនៅជាប់និងព្រះអង្គ និងដើរតាមផ្លូវរបស់ទ្រង់ប៉ុណ្ណោះទើបអាចទទូលបានពិតប្រាកដ។
យើងមិនអាចដាច់ចេញពីព្រះបានទេ បើយើងដាច់ចេញពីព្រះនោះមានន័យថា ជីវិតយើងគ្មានន័យអីសោះ
សាបគ្មានជីវជាតិ ជីវិតនិងត្រូវក្រៀមស្វិត ដូចបូប្ផាគ្មានសំនើម។ សូមអោយជីវិតយើងបានដូចជាផ្កាចន្ធដែលមានជះក្លិនក្រអូនដល់មនុស្សផងទាំងឡាយដើម្បីអោយគេបានស្គាល់ព្រះគ្រីស្ទយេស៊ូវដែរ។
មួយទៀតសូមអោយយើងបានមើលទៅឯព្រះអង្គ គិតពីព្រះទ័យនៃការយកចិត្តទុកដាក់របស់ទ្រង់ចំពោះ យើង។
ខ្ញុំដឹងថាទោះជាយើងជាអ្នកជឿលើព្រះអង្គហើយក៏ដោយ ក៏ពេលខ្លះខ្លួនយើងបានភ្លាត់ប្រព្រឹត្តបាបដែរ
ទាំងចេតនា នឹងអចេតនា។ ពេលខ្លះយើងមានចិត្តច្រណែន ចិត្តស្អប់ ចិត្តលោភលន់ រើសអើង
ឬការធ្វើតាមលោកិយ ឬការចំណាយពេលទៅលើអ្វីមួយច្រើនជាងមានពេលជាមួយព្រះ
ជាហេតុភ្លេចព្រះ ប៉ុន្តែសូមអោយប្រែចិត្តវិញ កុំគិតថាជារឿងហួសពេលឡើយ
តែត្រូវគិតថាជារឿងស្តាយដែលបានធ្វើខុស។ យើងគ្មានផ្លូវណាដែលអាចនិងនាំទៅរកព្រះពរ
នៃជីវិតបានទេក្រៅព្រះយេស៊ូវ សូមកុំអោយព្រះពរដ៏មិនអាចកាត់ថ្លៃនេះ
បានកន្លងផុតអោយសោះ។ ហេតុនេះបងប្អូនអើយសូមអោយយើងបានចូលទៅជិតព្រះអង្គដោយការអធិស្ឋាន
និងលន់ តួបាបបើសិនយើងជ្រុលធ្វើខុស ហើយឈប់ធ្វើទៀត ព្រះអង្គនិងស្វាគមន៍ចំពោះអស់អ្នកដែលត្រឡប់មករកទ្រង់វិញ
ព្រះអង្គមិនបានបដិសេធន៍ទេ៕ អាមែន!!!
ឯកសាយោង
-
ព្រះគម្ពីរសម្រាយបច្ចុប្ប កណ្ឌហូសេ
-
គន្ថៈធិប្បាយ ព្រះគម្ពីរ និពន្ធដោយ បណ្ឌិត ហេនរីអេតា
ស៊ីមៀរ្យ (ទំព័រ៣៤០-៣៤២)
-
ស្ពានចម្លង អត្ថាធិប្បាយព្រះគម្ពីរ កណ្ឌហោរា ហូសេ ដល់
ម៉ាឡាគី (ភាគទី៥)
និពន្ធដោយ ដន ហ្វីលេមីង (ទំព័រ១-១៨)
0 Comments