Breaking News

សារសំខាន់នៃព្រះបន្ទូលព្រះ នេហេមា​៨:១-១២


សេចក្តីផ្តើម
ខ្ញុំរំភើបណាស់ព្រឹកនេះ ព្រោះខ្ញុំមិនដែលអធិប្បាយចេញពីកណ្ឌគម្ពីរនេហេមាទេពីមុន។ នេះជារឿងថ្
មី​សម្រាប់​ខ្ញុំ។ ខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាដឹងច្រើនប៉ុណ្ណាទេ អំពីគម្ពីរនេហេមានិងអែសរ៉ា។ យើងដឹងពីរឿង​របស់​សាសន៍​អ៊ីស្រាអែលហើយ​ មែនទេ?

ក្រោយសម័យស្តេចសាឡូម៉ូន នគរបានបែកជាពីរ ខាងជើង​ហៅថា​នគរអ៊ីស្រាអែល ខាងត្បូងហៅ​ថា​នគរយូដា។ ដោយសារអំពើបាបរបស់នគរខាងជើង​ទាស់ប្រឆាំង​នឹងព្រះ ព្រះបានអនុញ្ញាតឲ្យពួក អាស៊ើរមកកំទេចនគរខាងជើងនៅឆ្នាំ៧២២មុនគ.ស។ នគរយូដាបាន​ប្រព្រឹត្ត​អំពើបាប​ទាស់នឹង​ព្រះជាម្ចាស់​ដែរ ហើយព្រះបានអនុញ្ញាតឲ្យពួកបាប៊ីឡូនមកកំទេច​នគរយូដា​នៅឆ្នាំ៥៨៧មុនគ.ស។

បាប៊ីឡូន​បានចាប់ពួកយូដាជា ឈ្លើយដឹកទៅប្រទេសរបស់ខ្លួន។ ពួកយូដា​នៅទីនោះ​៧០ឆ្នាំ តាមបន្ទូលរបស់ព្រះប្រាប់ជាមុន។ នៅចុងបញ្ចប់នៃ៧០ ឆ្នាំ ពួកយូដាបានវិលត្រលប់​មក​យេរូសាឡិមវិញ។ ហើយកណ្ឌនេហេមានិងអែសរ៉ាបានរៀបរាប់ពីការវិលត្រឡប់មកវិញរបស់ពួកយូដា។

នេះជាពេល​ដែលពួកគេវិលមកស្រុកកំណើតរបស់គេវិញ។ ហើយយើងអានគម្ពីរនេហេមា​និងអែសរ៉ា ពួកគេសង់ទីក្រុង​ឡើងវិញ  ពួកគេសង់ព្រះវិហារឡើងវិញ ​ហើយពួកគេការពារខ្លួនពីខ្មាំងសត្រូវដោយសង់ ជញ្ជាំងក្រុង​ឡើងវិញ។ នេះកើតឡើងក្នុងកណ្ឌនេហេមា និងអែសរ៉ា។

ដូច្នេះ អត្ថបទគម្ពីរដែលយើងអាន​នៅ​ថ្ងៃនេះ គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ជាអត្ថបទដ៏អស្ចារ្យ​សម្រាប់យើងព្រឹកនេះ។ វាស្រដៀងនឹងអ្វីដែល​យើង​​ធ្វើ​រាល់​អាទិត្យ យើងជួបជុំគ្នា ថ្វាយបង្គំ​ព្រះ។ យើងជួបជុំគ្នាដើម្បីស្តាប់ព្រះបន្ទូលព្រះ​ ព្រះបន្ទូលមក​ដល់​យើងតាមរយៈ​សេចក្តីអធិប្បាយ​ព្រះបន្ទូល។​ យើងឃើញក្នុងគម្ពីរនេហេមា ពីអ្វីដែលយើង​ធ្វើ​រាល់អាទិត្យ។

សំណួរស្នូល៖ ហេតុអ្វីបានជាយើងដែលជារាស្រ្តរបស់ព្រះត្រូវការបន្តឮ​ព្រះបន្ទូលព្រះ​
ឲ្យបានញឹកញាប់?




សង្ខេបអត្ថបទគម្ពីរ៖
នេហេមានិងបណ្តាជនបានមកដល់ទឹកដីរបស់ខ្លួនវិញ កំពុងសង់ជញ្ជាំងក្រុងឡើងវិញ សង់ព្រះវិហារ​ឡើងវិញ និងឥឡូវពួកគេបានជួបជុំគ្នា ដើម្បីស្តាប់ព្រះបន្ទូលព្រះ។ ពួកគេជួបជុំគ្នាដើម្បី ថ្វាយបង្គំព្រះ អាចនិយាយថា ជាពិធីថ្វាយបង្គំព្រះលើកដំបូងបង្អស់បន្ទាប់ពី៧០ឆ្នាំនៅបាប៊ីឡូន! អស់៧០ឆ្នាំ ដែល ពួកគេមិនដែលអាចជួបជុំគ្នា​ដើម្បី​ស្តាប់​ព្រះបន្ទូលព្រះទេ ហេតុនេះបានជានេហេមា អែសរ៉ា និងសង្ឃលេវី បានឈរ​ឡើង ហើយបើក​គម្ពីរក្រិត្យវិន័យ (គម្ពីរទាំងប្រាំកណ្ឌដំបូងនៅក្នុងសញ្ញាចាស់ ពីលោកុប្បត្តិដល់​ចោទិយកថា)។

ពួកគេចាប់ផ្តើមថ្លែង​ព្រះបន្ទូល ដោយអានព្រះបន្ទូលទៅកាន់បណ្តាជន ពន្យល់បទគម្ពីរ​ទៅពួកគេ រយៈពេល៦ម៉ោង ហើយព្រះគម្ពីរបានប្រាប់យើងថា បណ្តាជនបានយំ។ ពួកគេយំមិនមែន​ដោយព្រោះ​សេចក្តីអធិប្បាយ៦ម៉ោងទេ ! ពួកគេយំ ព្រោះមិនធ្លាប់ដែលបានស្តាប់ឮព្រះបន្ទូលព្រះ​ដូច្នេះ​ជាង៧០ឆ្នាំមកហើយ ! ហេតុនេះ វាជាពេលមួយដែលពោរពេញដោយអារម្មណ៍រំភើប និងរំជួលចិត្ត។ នៅពេលនោះ នេហេមា អែសរ៉ា និងសង្ឃលេវីបានប្រាប់បណ្តាជនថា “កុំយំ​ឡើយ នេះជាពេលដែលត្រូវ​អបអរទេ ជាពេលដែលត្រូវអរសប្បាយវិញ ព្រោះយើងបានមកដល់ស្រុកកំណើតយើង វិញហើយ ព្រះ​របស់យើង​ជាព្រះស្មោះត្រង់ណាស់!”។

ចំណុចភ្ជាប់ទៅការកាត់ស្រាយ(សំណួរកាត់ស្រាយ)
ខ្ញុំគិតថា នៅពេលខ្ញុំអានរឿងពីសាសន៍អ៊ីស្រាអែលជាច្រើនដង មានសំណួរពីរលេចឡើង ក្នុងគំនិតរបស់ខ្ញុំ៖ ១.ហេតុអ្វីបានជារាស្រ្តរបស់ព្រះត្រូវការឮព្រះបន្ទូលព្រះឲ្យបានច្រើន? ​ហេតុអ្វីបានជាត្រូវការមានការ​អធិប្បាយ​ព្រះបន្ទូល​ដល់រាស្រ្តរបស់ព្រះ?

ថ្ងៃនេះខ្ញុំចង់បញ្ជាក់ឲ្យច្បាស់អំពី ៖ សារសំខាន់នៃព្រះបន្ទូលព្រះ។

១. ព្រះបន្ទូលជាដំណោះស្រាយនៅពេលជីវិតជួបបញ្ហា (ខ៣,៨)
ឧទាហរណ៍៖ យើងទាំងអស់គ្នាសុទ្ធតែមានចំណូលចិត្តលើកីឡាប្រភេទផ្សេងៗ ដូចជាបាល់ទាត់ បាល់ទះ ប្រដាល់ ហែលទឹក​។ល។ យើងដឹងថា កីឡាករតែងធ្វើការហ្វឹកហាត់រាល់ថ្ងៃ ដើម្បីបង្កើនសមត្ថភាព យកឈ្នះលើ​សត្រូវ​នៅលើទីលានប្រកួត។​ ឯគ្រូបង្វឹកវិញគាត់មានសៀវភៅតាមដានសមត្ថភា​ព​កីឡាករ​របស់គាត់។ នៅពេលមានបញ្ហា ឬទទួល​លទ្ធផលមិនល្អ ត្រូវការអភិវឌ្ឍថែមទៀត  គាត់ទៅបើកសៀវភៅ​របស់គាត់ ដើម្បីពិនិត្យមើលថាត្រូវធ្វើឲ្យកីឡាកររបស់គាត់រីកចំរើនយ៉ាងដូចម្តេច។

ខ្ញុំគិតថានេះជាការប្រៀបធៀបមួយ​យ៉ាងល្អ​សំរាប់យើង។ នៅក្នុងជីវិតយើង នៅពេលអ្វីមួយកើតឡើង យើងត្រូវវិលទៅពិនិត្យមើលព្រះបន្ទូលព្រះ។ រៀងរាល់អាទិត្យយើងមកថ្វាយបង្គំព្រះ គឺដើម្បីវិល​ត្រឡប់ទៅ​ឯព្រះបន្ទូល ពីព្រោះយើងមានពេញមួយសប្តាហ៍ដែលយើងបានប្រព្រឹត្តអំពើបាប យើងមិនបានស្តាប់បង្គាប់ ព្រះតាមដែលយើងគួរស្តាប់បង្គាប់ រឿងអាក្រក់ឬអវិជ្ជមានបានកើតឡើងចំពោះយើង យើងរងទុក្ខដោយសារ​រឿង​អ្វីមួយ  ហេតុនេះយើងត្រូវវិលត្រឡប់ទៅព្រះបន្ទូល ហើយព្រះបន្ទូលបង្ហាញប្រាប់យើងនូវអ្វី​ដែល​យើង​ចង់​ដឹង។

(ខ៣) ហើយចាប់តាំងពីព្រលឹមដរាបដល់ថ្ងៃត្រង់ នោះលោកក៏អាន​មើល​ក្នុង​គម្ពីរនោះ នៅមុខគេទាំងអស់គ្នា ត្រង់ទីធ្លាដែលនៅមុខទ្វារទឹក ឯបណ្តាជនទាំងឡាយ គេក៏ផ្ទៀងត្រចៀក​ស្តាប់ ក្នុងគម្ពីរក្រិត្យវិន័យនោះ
(ខ៨)  ពួកអ្នកទាំងនោះ​បានអាន​មើលក្នុងគម្ពីរក្រិត្យវិន័យរបស់ព្រះ ព្រមទាំងស្រាយន័យសេចក្តីឲ្យ​គេបាន​យល់​បទ​ដែលអាន​មើល​នោះ

ព្រះបន្ទូលប្រាប់យើងពីមូលហេតុដែលយើងមានអារម្មណ៍ជាប់ពិរុទ្ធ ដោយសារធ្វើខុស ហើយផ្តល់​ដំណោះ​ស្រាយឲ្យ​យើង​ចេញ​រួចពីបញ្ហានោះ។ ព្រះបន្ទូលបង្ហាញទិសដៅ និងរបៀបដែលយើង​ធ្វើដំណើរ​ទៅមុខ​ទៀត។ មិនតែប៉ុណ្ណេះទេ កាន់តែសំខាន់ទៅទៀត គឺព្រះបន្ទូលនាំយើងទៅដល់ព្រះគ្រីស្ទ ព្រះបន្ទូល​ផ្តល់​ព្រះយេស៊ូវ​​ឲ្យយើង។ នៅពេល​យើងនាំយកការខូចចិត្ត អស់សង្ឃឹម និងអំពើបាបរបស់យើងមកទ្រង់ ព្រះយេស៊ូវប្រោសយើង​ឲ្យជា អត់ទោសយើង ស្អាងចិត្តយើងឡើងវិញ។ ព្រះបន្ទូលបានចូលមកក្នុង​ត្រចៀក​យើង ចូលក្នុងចិត្តយើង ព្រះបន្ទូលមកដល់យើងតាមរបៀបពីរយ៉ាង៖ទីមួយមកដល់យើង​តាមរយៈ​ការអាន​ព្រះគម្ពីរ   ហើយទីពីរតាមរយៈសេចក្តីអធិប្បាយរបស់គ្រូ​អធិប្បាយ។

យើងមើលឃើញយ៉ាងច្បាស់អ្វីដែល​កើតឡើង​ក្នុងអត្ថបទគម្ពីរនេហេមាថ្ងៃនេះ។​ នេះជាអ្វីដែលបានកើត ឡើងក្នុងនេហេមា៖ ប្រជាជនដែលបាននិរទេសទៅបាប៊ីឡូនបានវិលមកទឹកដីរបស់ខ្លួនវិញ។ លោក​នេហេមា អែសរ៉ា និងពួកសង្ឃលេវីបានប្រមូលផ្តុំប្រជាជន។ ពួកគាត់បានធ្វើកិច្ចការពីរយ៉ាង(ក្នុងខ៨)៖​
ពួកអ្នកទាំងនោះបានអាន​មើលក្នុ​ង​គម្ពីរ​​ក្រិត្យវិន័យរបស់ព្រះ ព្រមទាំងស្រាយន័យសេចក្តីឲ្យគេបាន​យល់បទ​ដែលអានមើលនោះ  ទីមួយ​ពួកគាត់​អានព្រះបន្ទូលឲ្យប្រជាជនបានស្តាប់។ ទីពីរពួកគាត់​ស្រាយ​ន័យ​​​សេចក្តីឲ្យពួកគេបានយល់ ពួកគាត់​បាន​កាត់ស្រាយព្រះបន្ទូលឲ្យប្រជាជន​បានយល់​និង​អនុវត្តតាម។

 នៅទីនេះ មានព្រះបន្ទូល  ហើយមានការ​អធិប្បាយដល់ប្រជាជន។ ហេតុអ្វីបានជាយើង​អាន​ព្រះបន្ទូល? ដូចខ្ញុំបាននិយាយពីដើមមកអញ្ចឹង ព្រះបន្ទូលជាគ្រឹះ ដើម្បីឲ្យយើងដឹងថា ព្រះបានធ្វើអ្វីខ្លះ​សម្រាប់ឲ្យយើង​មានជំនឿ។ នេះជាអ្វីដែលយើងជឿអំពីព្រះបន្ទូលព្រះ នៅក្នុង​ពួកជំនុំ៖  យើងជឿថា គឺព្រះជាម្ចាស់ជាអ្នក​បណ្តាល​ឲ្យសរសេរព្រះបន្ទូលព្រះ។ ហើយព្រះគម្ពីរជាព្រះបន្ទូលរបស់​ព្រះជាម្ចាស់។

ព្រះវិញ្ញាណ​​បណ្តាល​ឲ្យតែង។ ព្រះបន្ទូលគ្មានចំណុចខុសទេ តែងតែប្រាប់យើងពីសេចក្តីពិត។ យើងជឿថា ព្រះ​បន្ទូល​ជា​ព្រះបន្ទូល​ដែលព្រះបណ្តាលឲ្យសរសេរ។​ អ្វីដែលព្រះបន្ទូលចែង ជាអ្វីដែលព្រះ​មានបន្ទូល។ ព្រះបន្ទូលជាបន្ទូលព្រះប្រាប់យើងអំពីអ្វីៗដែលព្រះចង់បានយើងជឿអំពីទ្រង់។

ព្រះបន្ទូលជាផ្នែកមួយ​ដែល​បង្ហាញ​ព្រះគ្រីស្ទ​ដល់យើង បង្វែរយើងចេញពីអំពើបាប និងចង្អុលប្រាប់យើង​ឲ្យទៅព្រះគ្រីស្ទ។ នេះជាហេតុផល​ចម្បងដែលយើងស្តាប់ព្រះបន្ទូល គឺដើម្បីបង្វែរយើងចេញពីបាប និងនាំយើងទៅព្រះគ្រីស្ទ។ មានន័យ​ដូចម្តេច?

មាន​ន័យថា ព្រះបន្ទូលមិនមែន ចែងអំពីខ្លួនអ្នកទេ! មិនមែនជាសៀវភៅដំបូន្មាន ក្រមសីលធម៌ ដែលបង្ហាញ​ពីរបៀបរស់នៅជាគ្រីស្ទានដែលមានក្រម សីលធម៌ខ្ពស់នោះទេ។ មិនមែនជាច្បាប់​សម្រាប់​រស់នៅទេ។ គោលបំណង​ធំ​បំផុតនៃព្រះគម្ពីរ គឺចង្អុលប្រាប់យើង និងនាំយើងទៅ​ព្រះគ្រីស្ទ។

ព្រះយេស៊ូវ​​​ឃើញ​នៅគ្រប់ទំព័រទាំងអស់​ក្នុងព្រះគម្ពីរ! គម្ពីរក្រិត្យវិន័យចង្អុលទៅព្រះយេស៊ូវ គម្ពីរប្រវត្តិសាស្រ្ត​ចង្អុលទៅព្រះយេស៊ូវ គម្ពីរហោរាចង្អុល​ទៅ​ព្រះយេស៊ូវ ​សំបុត្រពួកសាវកចង្អុលទៅព្រះយេស៊ូវ កណ្ឌ ដំណឹងល្អប្រាប់យើងពីព្រះជន្ម​ ព័ន្ធកិច្ច និងការ​បង្រៀន​របស់ព្រះយេស៊ូវ។ ដូចនេះ ព្រះគម្ពីរទាំងមូល​នាំយើងទៅព្រះយេស៊ូវ។ ចុះហេតុអ្វីបានជាយើងត្រូវការការអធិប្បាយ បើព្រះគម្ពីរទាំងមូលនាំយើងទៅ​ព្រះយេស៊ូវ​ហើយនោះ? ហេតុអ្វីត្រូវការពន្យល់ព្រះគម្ពីរ?

ពីព្រោះព្រះជាម្ចាស់​ចាត់បញ្ជូន​អ្នកអធិប្បាយ​ចេញទៅ ព្រះអង្គចាត់បញ្ជូនពួកជំនុំទ្រង់ចេញ ទៅប្រកាស​ដំណឹងល្អ មិនត្រឹមតែអាន​ព្រះបន្ទូល​ប៉ុណ្ណោះ តែត្រូវប្រកាសសេចក្តីពិតដែរ ប្រកាសអ្វីដែលព្រះបន្ទូល​បាននិយាយមកកាន់អ្នករាល់គ្នា ផ្តល់​អំណោយ​ដល់អ្នក នោះគឺព្រះយេស៊ូវគ្រីស្ទ
២. ព្រះបន្ទូលវាយប្រហារចំអំពើបាបរបស់យើង(ខ៩)

យើងតែងតែឮការ​អធិប្បាយព្រះបន្ទូលមានន័យដូចជាការទេសនាធម៌វិន័យ  ឬការ​បង្រៀន​សីលធម៌។   មិនមែនទេ !  នៅពេល​អ្នក​ប្រឈមមុខនឹងនរណាម្នាក់​ពេលអ្នកនោះធ្វើខុសរឿងអ្វីមួយ ហើយ​​អ្នកនោះ​មិន​ចូលចិត្តការពន្យល់របស់អ្នក ​គេថា “កុំមកទេសនាដាក់ខ្ញុំ! កុំប្រាប់ខ្ញុំថាត្រូវធ្វើអ្វី!”។

ព្រះបន្ទូលមិន មែនជា​ច្បាប់សីលធម៌ មិនមែនជាមេរៀនប្រវត្តិសាស្រ្តដែរ។ បើការអធិប្បាយព្រះបន្ទូល​ដូចជាមេរៀនប្រវត្តិសាស្រ្ត​ នោះព្រះបន្ទូលមិនសំលាប់អ្នក​ និងឲ្យអ្នករស់ឡើយ។ គោលបំណងនៃ​ព្រះបន្ទូល​គឺ​វាយប្រហារ​ឲ្យចំអំពើបាប​របស់​យើង៖  នែ ព្រះបន្ទូលត្រង់នេះកំពុងបន្ទោសយើងហើយ អ្នក​អាច​នឹងប្រព្រឹត្តដូចគេដែរ អំពើបាប​ទាំងអស់​នេះ​អាចជាអំពើ​បាបរបស់យើងដែរ ហើយយើងមិនអាចគេចរួច​ឡើយ។ តែព្រះយេស៊ូវបាន​យាង​មក នោះជាដំនឹងល្អ ទ្រង់សុគត លោហិតទ្រង់ហូរសម្រាប់អ្នក ទ្រង់ទូលអស់ទាំងអំពើបាបរបស់យើង ទ្រង់អត់ទោស​អ្នក​និងខ្ញុំហើយ”។

នេះដូចជាអ្វីដែលយើងឃើញក្នុងនេហេមា។ នៅក្នុងនេហេមា ពួកគេមិនបានបោះបង់ចោលទេ ពួកអ្នកដឹកនាំបានប្រាប់ពីប្រវត្តិអ៊ីស្រាអែល។ នេហេមាបានក្រោកឡើង អាននិងអធិប្បាយ​ព្រះបន្ទូល​ដល់បណ្តាជនចាប់​តាំងពីព្រលឹមរហូតដល់ថ្ងៃត្រង់។

៩ឯនេហេមាជាចៅហ្វាយទីក្រុង នឹងស្មៀន​អែសរ៉ា ដ៏ជាសង្ឃ ព្រមទាំងពួកលេវីដែល​បង្ហាត់​បង្រៀន​ដល់​ពួកជន គេក៏និយាយនឹងពួកជនទាំងឡាយថា ថ្ងៃនេះជា ថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃយើង​រាល់គ្នា កុំឲ្យសុបសៅ ឬយំយែកអ្វីឡើយ នេះដ្បិតជនទាំងឡាយបានយំ ដោយឮពាក្យក្នុងក្រិត្យវិន័យនោះ


៣. ព្រះបន្ទូលឲ្យយើងបានប្រាជ្ញាដល់ទីសង្គ្រោះ(២ធីម៉ូថេ ៣: ១៤-១៥)

ព្រះបន្ទូលសំខាន់ណាស់។ ព្រះមានបន្ទូលមកកាន់យើងតាមរយៈព្រះបន្ទូលទ្រង់នៅក្នុងព្រះគម្ពីរ។ ព្រះបន្ទូល​ផ្តល់ឲ្យ​យើងមានប្រាជ្ញាដល់សេចក្តីសង្គ្រោះ។ ព្រះបន្ទូលព្រះបង្រៀនយើងអំពីព្រះគ្រីស្ទ ផ្តល់​សេចក្តីជំនឿ ដូចជាសាវកប៉ុលសរសេរសំបុត្រ២ធីម៉ូថេផ្ញើរជូនទៅគ្រូគង្វាលវ័យក្មេងឈ្មោះធីម៉ូថេថា តែឯអ្នក ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្តីដែ​ល​អ្នកបានរៀន ហើយជឿប្រាកដវិញ ដោយដឹងថា អ្នកបាន​រៀន​សេចក្តីនោះពីអ្នកណា ១៥ហើយថា តាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន​ដែល​អាចនឹង​នាំ​ឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តី ជំនឿ​ជឿដល់ព្រះគ្រីស្ទយេស៊ូផង (២ធីម៉ូថេ ៣: ១៤-១៥)។

យើងជួបជុំគ្នាដើម្បីស្តាប់ព្រះបន្ទូលព្រះ ព្រោះព្រះបន្ទូលឲ្យ យើងបានប្រាជ្ញា​ដល់ទី​សង្គ្រោះតាមរយៈ​ព្រះយេស៊ូវគ្រីស្ទ។ តាមរយៈព្រះបន្ទូលទ្រង់ ព្រះជាម្ចាស់មានបន្ទូលមកយើងផ្តល់​ព្រះគ្រីស្ទមកយើង ឲ្យយើងបានជីវិត និងសេចក្តីសង្គ្រោះ ហើយយើងត្រូវការព្រះបន្ទូល រាល់ថ្ងៃ ខ្ញុំ​ចូលចិត្ត​ប៉ុល និយាយថា ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្តីដែ​ល​អ្នកបានរៀន ព្រោះអី?

យើងមិននៅជាប់នឹង​ព្រះវត្តមាន​របស់ព្រះជា​ម្ចាស់គ្រប់ពេលនោះឡើយ  មានរបស់ច្រើនណាស់ក្នុងជីវិត​យើង​ដែលកំពុង​ទាញ​យើង​ចេញ​ពីព្រះគ្រីស្ទ  ខាងសាច់ឈាមយើង លោកិយនៅជុំវិញយើង និងអារក្ស​សាតាំង​កំពុង​ព្យាយាម​ទាញ​យើងឲ្យចេញឆ្ងាយពីព្រះបន្ទូល ឲ្យភ្នែកយើងសម្លឹងទៅអ្វីផ្សេងទៀត​ដែល​មិនមែន​ជាព្រះគ្រីស្ទ។ យើងតែងតែច្បាំងទាស់នឹងសេចក្តីទាំងនោះ ដូច្នេះ ជាការសំខាន់និងការចាំបាច់ ដែលយើងត្រូវត្រលប់ទៅ​កាន់ព្រះបន្ទូល​ទ្រង់ឲ្យបានញឹកញាប់ ដើម្បីឲ្យព្រះគ្រីស្ទពង្រឹងសេចក្តីជំនឿយើង។

សេចក្តីបញ្ចប់
តាមរយៈការអធិប្បាយព្រះបន្ទូលព្រះ ព្រះយេស៊ូវបានយាងមកឯយើង ដោះបាបយើង​ ដករូបព្រះចេញពីយើង វាយប្រហារអំពើបាប​យើង និងអត់ទោសបាបយើង ប្រកាសថាយើង​ទទួលការរាប់ជាសុចរិត និងបង្កើតយើងថ្មី

 ហេតុនេះប៉ុលបាន​និយាយក្នុងរ៉ូម10:17ថា ដូច្នេះ សេចក្តីជំនឿ​កើតឡើងដោយការឮ ហើយដែលឮនោះ ដោយសារព្រះបន្ទូលនៃព្រះ” ព្រះគ្រីស្ទមិនបានមានបន្ទូល​មកកាន់​យើងពីពពក ឬពីលើមេឃមកឡើយ ទ្រង់ប្រើយើងឲ្យអធិប្បាយ ទ្រង់ប្រើសារ ទ្រង់ប្រើមាត់មនុស្ស នោះដូចប៉ុលនិយាយក្នុងរ៉ូម10:14 “ដូច្នេះបើគេមិនជឿ ធ្វើដូចម្តេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្តេច​ឲ្យគេ​ជឿដល់ព្រះបាន ហើយធ្វើដូចម្តេចឲ្យគេឮបាន បើគ្មានអ្នកណា ប្រាប់សោះ”។
ជំនឿរបស់យើងត្រូវការការអធិប្បាយ! ត្រូវការព្រះបន្ទូលដើម្បីទ្រទ្រង់យើង។ នេះជាហេតុផលដែល​ការផ្សាយដំណឹងល្អសំខាន់ខ្លាំង ពីព្រោះមនុស្សនឹងមិនស្គាល់ព្រះគ្រីស្ទឡើយ ទាល់តែលោកអ្នកទៅប្រកាស​ដំណឹងល្អ ដល់ពួកគេ។ សូមចាំថាការអធិប្បាយគឺជាអំណោយ គឺឲ្យព្រះគ្រីស្ទដល់គេ។ មនុស្សមិនដឹងទេ លុះត្រាតែគេឮព្រះបន្ទូលប្រកាសដល់ត្រចៀកគេ។​

យើងក៏ត្រូវការព្រះបន្ទូលប្រកាសដល់ត្រចៀកយើ​ង​ជានិច្ច​កាលដែរ មិនមែនប្រកាសពាក្យរបស់យើង​ តែប្រកាសព្រះបន្ទូលព្រះ។ ពេលយើង​ប្រកាសដំណឹងល្អដល់អ្នកដទៃ លោកអ្នកប្រកាសអ្វីដែល ព្រះបន្ទូលបាននិយាយប៉ុណ្ណោះ។ ឧទាហរណ៍ពីនេហេមា និង អែសរ៉ាសំខាន់សម្រាប់យើង ពួកគាត់​ប្រកាសព្រះបន្ទូល។ បើសិនជាការអធិប្បាយមានគ្រឹះមិនមែនជាព្រះគម្ពីរទេ មិនមានសុវត្ថិភាព​ឡើយ។

ការអនុវត្តន៍៖
នោះជាហេតុផលដែលលោកអ្នកសិក្សាព្រះបន្ទូលព្រះ ស្តាប់ឮព្រះបន្ទូលព្រះ និងសញ្ជឹងគិតលើ​ព្រះបន្ទូលព្រះ។ សំខាន់ណាស់សម្រាប់​លោកអ្នកក្នុងការសិក្សាព្រះបន្ទូល ចូរសិក្សាព្រះបន្ទូលដោយខ្លួនអ្នក ដើម្បីឲ្យលោកអ្នកដឹងព្រះបន្ទូលនិយាយអ្វីខ្លះ។ នៅពេលលោកអ្នកស្តាប់ឮការអធិប្បាយ នោះលោកអ្នក​អាច​ដឹងថា​តើជាការអធិប្បាយព្រះបន្ទូលដោយស្មោះត្រង់ឬអត់ បើសិនជាការអធិប្បាយមិនស្មោះត្រង់ លោកអ្នកអាចប្រាប់អ្នកអធិប្បាយនោះ។ ទំនួលខុសត្រូវរបស់គ្រីស្ទាន គឺត្រូវដឹងព្រះបន្ទូលព្រះ។ ព្រះគ្រីស្ទ​មក​ដល់យើងតាមរយៈសេចក្តីអធិប្បាយ។ ព្រះបន្ទូលប្រាប់លោកអ្នកថា អំពើបាបលោកអ្នកបានទទួល​ការអត់ទោស​ពីព្រះជាម្ចាស់ហើយ តាមពិតព្រះបានប្រកាសថាលោកអ្នកបានសុចរិតហើយ ដោយសារ​ព្រះគ្រីស្ទ វិញ្ញាណរបស់អ្នកបានសង្គ្រោះ ហើយការនិរទេសបានបញ្ចប់ ហើយជីវិតអស់កល្បជានិច្ចរបស់ លោកអ្នកមានភាពប្រាកដប្រជានិងមានសុវត្ថិភាពហើយ។ មានរបស់មួយដែលនៅស្ថិតស្ថេរ​ជាដរាប នោះគឺព្រះ​បន្ទូលព្រះ   សម្រាប់លោកអ្នក។

សូមអធិស្ឋានជាមួយខ្ញុំ៖
ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ កូនសូមអរព្រះគុណ ដែលទ្រង់បានប្រទានព្រះបន្ទូលរបស់ទ្រង់ ដល់យើងខ្ញុំ។ ទូលបង្គំសូមទ្រង់ពង្រឹងសេចក្តីជំនឿរបស់ទូលបង្គំយើងខ្ញុំ​លើព្រះរាជបុត្រាទ្រង់ផង។ កុំឲ្យទូលបង្គំ​យើងខ្ញុំឃ្លាតឆ្ងាយពីព្រះបន្ទូលទ្រង់ឡើយ តែសូមបង្រៀនទូលបង្គំយើងខ្ញុំឲ្យជឿទុកចិត្ត​លើព្រះបន្ទូលសន្យា​របស់ព្រះអង្គវិញ។ ព្រះបន្ទូលទ្រង់ពិតជាសំខាន់ណាស់សម្រាប់ជីវិតយើងខ្ញុំ ព្រះបន្ទូលទ្រង់ជាដំណោះស្រាយ បញ្ហាជីវិត​និងអំពើបាបយើងខ្ញុំ ព្រះបន្ទូលទ្រង់ប្រទានឲ្យ​យើងខ្ញុំ​បានប្រាជ្ញាដល់ទីសង្គ្រោះ។ សូមព្រះអង្គថែរក្សា ដឹកនាំយើងខ្ញុំ ឆ្ពោះទៅជីវិតអស់កល្បជានិច្ច។ ទូលបង្គំអរព្រះគុណក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។


ឯកសារពិគ្រោះ
-        Fleming, Don. Bridge Bible Commentary (Volume2), Joshua-Esther, Phnom Penh: Fount of Wisdom, 2007.
-         Walton, John H. The IVP Bible Background Commentary Old Testament, IVP, 2000.  (221.7 WAL)
-         http://www.dkdl.org/wp-content/uploads/2014/12/Ezra-Nehemiah-Intro.pdf

0 Comments

Type and hit Enter to search

Close