Breaking News

ការរៀបចំរចនាសម្ព័ន្ធក្នុងព្រះវិហារនឹងការរស់នៅរបស់ពួកជំនុំ នេហេមា ១៣:៤-២៩


សេចក្តីផ្តើម (ការរៀបចំមានព្រះវិហារ)
  លោកអ៊ូលី ជាអតីតនិសិ្សតទើបតែបញ្ចប់ការសិក្សាផ្នែកព្រះគម្ពីរ។ គាត់បានធ្វើការជាមួយបេសកជន កូរ៉េម្នាក់ ហើយបេសកជន និង លោកអ៊ូលី ចាប់ផ្តើមបង្កើតពួកជំនុំជាមុនសិន
ក្រោយមកទើបសាងសង់ ព្រះវិហារ។ បេសកជន និង លោកអ៊ូលីចុះទៅផ្សាយដំណឹងល្អនៅតាមភូមិ ហើយប្រមូលពួកគេឲ្យមកចូល រៀនព្រះគម្ពីរជាក្រុមតូច មានការបណ្តុះបណ្តាលផែ្នកអ្នកដឹកនាំ ផ្នែកភ្លេង ចំរៀង និងផ្នែកគ្រូកុមារដល់ពួក គេ។ ក្នុងរយៈពេលមួយឆ្នាំសមាជិកកើនឡើងដល់ទៅ៥០នាក់ ហើយសេចក្តីជំនឿរបស់ពួកគេក៏រឹងមាំ ដែរ។ ហេតុនេះហើយ ទើបលោកអ៊ូលី និង បេសកជន គិតថា រកកន្លែងដើម្បីថ្វាយបង្គំព្រះអង្គនៅថៃ្ង អាទិត្យ ពួកគាត់ទាំងពីរនាក់ក៏សុំផ្ទះអ្នកភូមិម្នាក់ឈ្មោះថា មីងសំណាង ដើម្បីថ្វាយបង្គំព្រះអង្គ។ ចាប់ពី ពេលនោះមក បេសកជន និង លោកអ៊ូលី ចាប់ផ្តើមបែងចែកតួនាទីទៅតាមអំណោយទានរបស់ពួកគេ អ្នកខ្លះជាអ្នកដឹកនាំចំរៀង, អ្នកខ្លះច្រៀងចំរៀង, អ្នកខ្លះលេងភ្លេង, អ្នកបង្រៀនក្រុមតូច, អ្នកខ្លះជាអ្នកទុក ដាក់ប្រាក់ដង្វាយ និងចាត់ចែងប្រាក់ដង្វាយ, អ្នកខ្លះខាងដឹងនាំកម្មពិធីផ្សេងៗទៀត អ្នកខ្លះទៀតបង្រៀន ព្រះបន្ទូលដល់ក្មេងៗ។ មើលឃើញថា រយៈពេលបីឆ្នាំសមាជិកពួកជំនុំកើនដល់១២០នាក់ ដែលពិបាក ថ្វាយបង្គំពីព្រោះកន្លែងតូចពេក ទើបលោកអ៊ូលី និង បេសកជន សំរេចចិត្តថា នឹងកសាងព្រះវិហារ ដើម្បី ងាយស្រួលក្នុងការថ្វាយបង្គំដល់ព្រះអង្គ ហើយក៏ងាយស្រួលក្នុងការប្រកបគ្នា និងងាយស្រួលធ្វើពិធី ផ្សេងៗទៀត នៅក្នុងព្រះវិហារដែរ។ ដំណើរការថ្វាយបង្គំមិនមានបញ្ហា ហើយបញ្ហាការរស់នៅរបស់ពួក ជំនុំចាស់ៗ មិនសូវមានបញ្ហាប៉ុន្មានទេ តែបញ្ហាដែលធ្ងន់ធ្ងរគឺយុវជន ជាវ័យដែលឈានចូលមានគូរស្រករ អ្នកខ្លះនៅជាមួយគ្នាមុនរៀបការ, អ្នកខ្លះទៀតស្រឡាញ់អ្នកមិនជឿ ដែលបង្កបញ្ហាដ៏ឈឺក្បាលមែនទែន។ អ្នកទាំងពីរដោះស្រាយបញ្ហាទាំងអស់ដោយពឹងផ្អែកលើព្រះបន្ទូលព្រះ។
       II.            សង្ខេបបទគម្ពីរ
·         សំនួរស្នូល៖ តើអ្នកដឹកនាំចាំបាច់ត្រូវរៀបចំរចនាសម្ព័ន្ធក្នុងព្រះវិហារនឹងការរស់នៅរបស់ពួកជំនុំ ដែរឬទេ? តើមូលហេតុអ្វីត្រូវរៀបចំទុកប្រាក់ដង្វាយក្នុងព្រះវិហារ? តើគ្រូគង្វាលត្រូវរៀបចំអ្នកបំរើក្នុង ព្រះវិហារដោយរបៀបណា? តើថ្ងៃឈប់សំរាកមានសារៈសំខាន់ចំពោះគ្រីស្ទបរិស័ទដែរឬទេ? តើមូលអ្វី បានជាអ្នកដឹកនាំខ្វល់ខ្វាយចំពោះការរស់របស់ពួកជំនុំ?





·         សង្ខេបបទគម្ពីរ
នេហេមា ១៣:-២៩ ដែលលោកនេហេមាពិពណ៌នាហេតុការណ៍បានកើតឡើងក្នុងព្រះវិហារនៅក្រុង យេរូសាឡឹម ខណៈដែលគាត់មិននៅ ហើយពេលដែលគាត់វិលត្រឡប់វិញ ឃើញស្ថានភាពព្រះវិហារមាន សភាពដុនដាប។ លោកអេលីយ៉ាស៊ីបជាសង្ឃ បានយកកន្លែងដែលទុកដង្វាយ រៀបចំសំរាប់ថូប៊ីយ៉ា (ជាដន្លង) សំរាប់ស្នាក់នៅទៅវិញ លោកនេហេមា ខឹងនឹងលោកអេលីយ៉ាស៊ីបយ៉ាងខ្លាំង ហើយលោកក៏ ប្រមូលប្រដាប់ប្រដារបស់លោកថូប៊ីយ៉ាយកទៅបោះចោលនៅខាងក្រៅ ហើយរៀបចំបន្ទប់ឡើងវិញ នឹង យកដង្វាយទៅដាក់ក្នុងបន្ទប់ដូចដើមវិញ។ ហើយលោកអេលីយ៉ាស៊ីប មិនបានរៀបចំដង្វាយសំរាប់ពួក លេវី និង ពួកចំរៀងដែលបំរើនៅក្នុងព្រះវិហារទេ ដែលជាហេតុជំរុញឲ្យពួកគេវិលត្រឡប់ទៅធ្វើការងារ នៅឯស្រុកកំណើតវិញរៀងៗខ្លួន ពេលលោកនេហេមាឃើញហេតុការណ៍នេះ លោកក៏ប្រមូលហៅពួកគេ ឲ្យមកបំរើក្នុងព្រះវិហារតាមតួនាទីរបស់គេដូចដើមវិញ។ ម្យ៉ាងវិញទៀត ពួកយូដាបាននាំគ្នាធ្វើការងារនៅ ថ្ងៃឈប់សំរាក និងនាំយកទំនិញមកលក់នៅក្នុងក្រុងយេរូសាឡឹមនៅថ្ងៃឈប់សំរាកដែរ លោកនេហមា បានគំរាមកំហែងដល់ពួកគេថា ប្រសិនបើ ពួកគេនូវតែបន្តធ្វើទៀត នោះលោកនឹងចាប់ពួកគេហើយ។ បន្ថែមពីនេះទៅទៀត ពួកយូដាបានលើកកូនប្រុសស្រីរបស់គេ ឲ្យជាប់សាច់ឈាមជាមួយសាសន៍ដទៃ ទៀតផង លោកនេហេមា វាយពួកគេ ហើយបោចសក់ នឹងហាមមិនឲ្យពួកគេលើកកូនប្រុសស្រីទៅឲ្យ សាសន៍ដទៃជាដាច់ខាត។
     III.            រចនាសម្ព័ន្ធ
1.       ការរៀបចំទុកដាក់ប្រាក់ដង្វាយក្នុងព្រះវិហារ (ខ៤-៩)
2.       ការរៀបចំអ្នកដឹកនាំក្នុងការបំរើក្នុងព្រះវិហារ (ខ១០-១៤)
3.       ការរៀបចំថៃ្ងឈប់សំរាកឲ្យមានសណ្តាប់ធ្នាប់ (ខ១៥-២២)
4.       ការរៀបចំការរស់នៅរបស់ពួកជំនុំ (ខ២៣-២៩)
    IV.            ការកាត់ស្រាយបទគម្ពីរ
1.       ការរៀបចំទុកដាក់ប្រាក់ដង្វាយក្នុងព្រះវិហារ (ខ៤-៩)
មុនចូលកាត់ស្រាយ ខ៤-៩ នេះ ខ្ញុំចង់និយាយប្រវត្តិខ្លះៗ និងគោលបំណងរបស់លោកនេហេមា។ លោកនេហេមារស់នៅជំនាន់លោកបូជាចារ្យអែសរ៉ាដែរ។ លោកជាមន្ត្រីមួយរូបដ៏សំខាន់របស់ព្រះចៅ អើថាស៊ើកសេសជាអធិរាជរបស់ចក្រភពពែរ្ស។ លោកបានទទួលរាជាអនុញ្ញាត្តវិលត្រឡប់ទៅទីក្រុង យេរូសាឡឹម ដើម្បីស្តារស្រុកទេសឡើងវិញ ផែ្នកខាងនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។​ យើងនឹង មើលគ្នានូវ ខ៤-៩ នៅជំនាន់លោកសូរ៉ូបាបិល និងហេនេមា នៅក្នុងជំពូក១២ យើងមើលឃើញថា ការរៀបចំព្រះវិហារមានលក្ខណៈរៀបរយហើយ ទាំងផ្នែកប្រាក់ដង្វាយ និងការចាត់ចែងតួនាទីបំរើនៅក្នុង ព្រះ។ [1]ហើយលោកនេហមាបានធ្វើជាអ្នកដឹងនាំនៅទីក្រុងយេរូសាឡឹមអស់រយៈពេល១២ឆ្នាំ អំឡុងពេល លោកនេហមាគ្រប់គ្រងនោះ គឺថាការស្តាឡើងវិញ ទីក្រុងយេរូសាឡឹមបានរីកចំរើនយ៉ាងឆាប់រហ័ស លោកនេហេមាដឹកនាំពួកអ៊ីស្រាអែល គឺលោកមិនបានពឹងពាក់លើស្ដេច​អើថាស៊ើកសេសទេ គឺដើរដោយ ពឹងផ្អែកលើព្រះជាម្ចាស់ទាំងស្រុង។ លោកនេហេមាបានធ្វើចៅហ្វាយក្រុងយេរូសាឡឹម១២ឆ្នាំ ហើយវាក៏ ជាពេលដែលលោកនេហមាវិលត្រឡប់ទៅជួបអើថាស៊ើកសេសជា​ស្ដេច​បាប៊ីឡូនវិញ (នេហេមា ៥:១៤, ១៣:៦)។ ខណៈពេលលោកនេហេមាមិននៅ មានសម្តេចសង្ឃថ្មីឈ្មោះលោកអេលីយ៉ាស៊ីបត្រូវឲ្យគ្រប់ គ្រងបន្ត (ខ.៤)។ តែគួរឲ្យសោកស្តាយដែលពួកអ៊ីស្រាអែលមានប្រភេមនុស្សដូចលោកអេលីយ៉ាស៊ីបជា អ្នកដឹកនាំ មានចិត្តមិនខ្វល់ខ្វាយ មិនអើពើ មិនយកចិត្តទុកក្នុងថែទាំព្រះវិហារ មិនមានទំនួលខុសត្រូវ និង មិនគិតគូរ ពីអ្នកបំរើនៅក្នុងព្រះវិហារអំពីជីវិតរស់នៅរបស់ពួកគេឡើយ។  ហើយលោកអេលីយ៉ាស៊ីបជា អ្នកទទួលរាប់រង និងមើលការខុសត្រូវចាត់ចែងនៅក្នុងព្រះវិហារទាំងមូល តែផ្ទុយទៅវិញលោកអេលីយ៉ា បានបណ្តែតបណ្តោយឲ្យលោកថូប៊ីយ៉ាមានឥទ្ធិពល និងមានអំណាចគ្រប់គ្រងក្រុងយេរូសាឡឹមទៅវិញ ព្រម ទាំងអនុញាតពួកសង្ឃជាប់ជាសាច់ឈាមជាមួយលោកថូប៊ីយាថែមទៀត (ខ.២៨) ហើយលោក អេលីយ៉ាស៊ីបយកចិត្តយកថ្លើមដល់លោកថូប៊ីយ៉ា ដោយបានយកបន្ទប់ដែលដាក់​ដង្វាយ​ម្សៅ កំញាន គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន នឹង​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​ស្រូវ ទឹក​ទំពាំង​បាយ​ជូរ នឹង​ប្រេង រៀបចំទុកដាក់ សំរាប់ឲ្យថូប៊ីយ៉ាធ្វើជាបន្ទប់ផ្ទាល់ខ្លួន(ខ.៥)។ នេះជាការប្រឆាំងដោយផ្ទាល់ ទៅនឹងច្បាប់លោកនេហមា ប្រឹងប្រែងប្រកាន់ភ្ជាប់ ពីព្រោះលោកថូប៊ីយ៉ាជាពួកអាំម៉ូន (នេហេមា ៤:៣, ១៣:១)។ ពេលលោកនេហេមា វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ (ចុងខ.៦) លោកនេហេមាជាដឹងនាំមួយរូបបានសសំដែងអារម្មណ៍ ស្រងាកចិត្តយ៉ាងខ្លាំងចំពោះទង្វើដ៏អាក្រក់ដែលលោកអេលីយ៉ាស៊ីបបានធើ្វ [2]ពីព្រោះលោកអេលីយ៉ាស៊ីប មិនត្រឹមតែរៀបចំបន្ទប់មួយទេ ប្រហែលជាអាចលើសពីមួយដែលអេលីយ៉ាស៊ីបរៀបចំឲ្យថូប៊ីយ៉ា។ ហើយ រឿងមួយជាន់ទៀត គឺជាការប្រមាថដល់ព្រះវិហារពីថូប៊ីយ៉ានៅក្នុងប្រទេសអេស៊ីព ដែលព្រះវិហារជា កន្លែងពួកទាហានស៊ីឈ្នួលជនជាតិក្រិកបានស្នាក់អាស្រ័យ។ ហេតុនេះហើយ ទើបលោកនេហេមាបាន ប្រមូលឥវ៉ាន់របស់លោកថូប៊ីយ៉ា បោះចោលទៅក្រៅ(ខ.៨) ហើយក៏ប្រមូលយក​គ្រឿង​ប្រដាប់​របស់​ព្រះ​វិហារ​នៃ​ព្រះ ព្រម​ទាំង​ដង្វាយ​ម្សៅ នឹង​កំញាន ទៅ​ដាក់​ទុក​ក្នុង​បន្ទប់ដង្វាយដូចដើម​វិញ។ លោកនេហេមា មិនឈរអោបដៃមើលឲ្យលោកអេលីយ៉ាស៊ីបធ្វើបន្តទៀតទេ លោកនេហេមាត្រូវតែរារាំងជាដាចខាត ហើយលោកត្រូវតែរៀបចំអ្វីគ្រប់ យ៉ាងឲ្យមានសណ្តាប់ធ្នាប់ឡើង​វិញ។ ទង្វើនិងសកម្មភាពរបស់លោក នេហេមា បានរំលឹកពួកយើងដឹងអំពីការ ដែលព្រះយេស៊ូវទ្រង់បានបណ្តេញពួកអ្នកលក់ដូរចេញពី ព្រះវិហារ (ម៉ាថាយ ២១:១២-១៣)។ សូម្បីតែ ព្រះយេស៊ូវទ្រង់ក៏សំដែងសេចក្តីក្រោធចំពោះអ្នកដឹកនាំ ដែលធ្វើឲ្យព្រះវិហារមានការច្របូកច្របល់ ចំពោះអ្នកដឹកនាំបង្កើតឲ្យមានការលក់ដូរនៅក្នុងព្រះវិហារ ដើម្បីឲ្យអ្នកដែលធ្វើដំណើរមកពីឆ្ងាយទិញរបស់របរថ្វាយដល់ព្រះជាម្ចាស់។ នេះជាទង្វើខុសឆ្គងដ៏ធ្ងន់ធ្ងរ សំរាប់យើងជាអ្នកដឹងនាំ ដែលយកដំណាក់របស់ព្រះមកធ្វើលេងសើចទៅវិញ។ តើយើងគិតថា វាត្រឹមត្រូវ ឬទេ ប្រសិនបើក្នុងព្រះមានការលក់ដូរ? វាមិនត្រឹមត្រូវទេ វាធ្វើឲ្យព្រះវិហារជាកន្លែងមួយដែលមានសកម្ម ស្មុគស្មាញមែនទែន បើស្រមៃមើលទៅ ព្រះវិហារប្រៀបដូចជាកន្លែងផ្សារលក់ដូរដែលមានសភាពអ៊ូរអរ លែងមានអារម្មណ៍ផ្តោតលើព្រះបន្ទូល ព្រះ មិនឲ្យតម្លៃកន្លែងទីបរិសុទ្ធរបស់ព្រះទាល់តែសោះ។
          ឧទាហរណ៍៖ ព្រះវិហារមួយមានការលក់ដូរនៅមុខព្រះវិហារ មុនពេលថ្វាយបង្គំពួកដែលមកថ្វាយ បង្គំនៅព្រះវិហារ ពួកគេទិញអ្វីញ៉ាំនៅមុខព្រះវិហាររួចរាល់ហើយទើបចូលទៅថ្វាយបង្គំព្រះ ហើយគ្រូ គង្វាលក៏មិនថាអ្វីដែរ។ តែមានអ្នកខ្លះបានរិះគន់ថា វាមិនស័ក្តិសមទេ ដែលយើងអស់គ្នាយកទីកន្លែង បរិសុទ្ធរបស់ព្រះចាត់ទុកដូចជាសាលារៀនធម្មតា។ ហើយអ្នកខ្លះនិយាយថា ពីព្រោះចាប់ពីថៃ្ងច័ន្ទដល់ ថ្ងៃ សុក្រ កន្លែងនេះយើងបើកបង្រៀនភាសាអង់គ្លេសសំរាប់ក្មេងៗ បើសិនជាយើងដេញអ្នកលក់ចេញទៅ បាត់អស់ក្មេងៗ បាននំអ្វីញ៉ាំ ទោះបីគេលក់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យក៏វាមិនខុសអ្វីដែរ ហើយពេលយើង ថ្វាយបង្គំចប់ យើងអាចញ៉ាំសិន មុនយើងទៅផ្ទះកុំឲ្យវាឃ្លានពេក។ មតិទាំងពីរចាប់ផ្តើមខ្វែងគំនិតគ្នា នាំ ឲ្យកើតជំលោះ។
          យើងអាចវិភាគឃើញថា មតិទីមួយ មានលក្ខណៈត្រឹមត្រូវ ប្រហាក់ប្រហែលទៅនឹងគំនិតរបស់ លោកនេហេមា គាត់មិនឃើញរចនាសម័្ពន្ធនៅក្នុងព្រះវិហារមានការធ្លាក់ខ្សោយនោះទេ។
2.       ការរៀបចំអ្នកដឹកនាំក្នុងការបំរើក្នុងព្រះវិហារ (ខ១០-១៤)
លោកនេហេមាបានឃើញរូបភាពមួយហើយមួយទៀតដែលកើតឡើងនៅក្នុងព្រះវិហារ ធ្វើឲ្យលោក មានចិត្តខ្លោចផ្សាចំពោះអ្វីដែលគាត់បានខំស្តារឡើង តែឥឡូវត្រូវបាត់បង់អ្នកបំរើក្នុងព្រះវិហារ (ខ.១០-១១)។ [3]លោកនេហេមាបានដឹងថា ប្រជារាស្រ្តបានធ្វើខុសនឹងពាក្យ សន្យាសម្ពន្ធមេត្រីដ៏សំខាន់ ដែលពួក គេបានធ្វើនៅក្នុងពេលសម្ភោធកំផែងក្រុង។ ពួកគេមិនបានថ្វាយដង្វាយដប់ហូតមួយទេ ជាហេតុធ្វើឲ្យពួក លេវីត្រូវឈប់ធ្វើការនៅក្នុងព្រះវិហារ ដើម្បីនឹងទៅប្រកបមុខរបរចិញ្ចឹមជីវិតនិងជីវភាពគ្រួសារនៅឯស្រែ ចំការវិញ(ខ.១០)។ សម្តេចសង្ឃ អេលីយ៉ាស៊ីបជាប្រភេទអ្នកដឹកនាំដែលគិតតែផលប្រយោជន៍ខ្លួនឯង ជា អ្នកដឹកនាំចាញ់ក្រាបចុះញ៉មនូវអំណាចរបស់គេ ជាមនុស្សអាត្មានិយម ចង់សុខស្រួលតែឯង មិនផ្តោត អារម្មណ៍ទៅលើការខ្វះខាត និង ការទុក្ខលំបាកអ្នកដែលបំរើនៅក្នុងព្រះវិហារ ទោះបីជាអ្នកណាមានស៊ី អត់ឃ្លាន យ៉ាងណាអ្នកដឹកនាំមិនខ្ចីអើពើ។ លោកនេហេមា ក៏សួរសំនួរថា ហេតុ​អ្វី​បាន​ជា​បោះ​បង់​ចោល​ព្រះ​វិហារ​នៃ​ព្រះ​ដូច្នេះ?(ខ.១១) លោកនេហេមា បានមើលឃើញពីបញ្ហាទុក្ខលំបាករបស់ពួកលេវី ដែល អេលីយ៉ាស៊ីបមិនបានផ្គត់ផ្គង់សំរាប់ពួកគេឡើយ។ [4]ពួកលេវី គឺជាពូជអំបូរមួយ ក្នុងចំណោមពូជអំបូរទាំង ១២ (ជនគណនា ៣:៦)។ ពូជអំបូរលេវី មិនមានឈ្មោះទទួលទឹកដីជាកេរ្តិ៍អាករទេ ប៉ុន្តែត្រូវបានអនុញ្ញាត ឲ្យរស់នៅក្នុងទីក្រុង ៤៨ (យ៉ូស្វេ ២១)។ ពួកលេវីមានមុខងារបំរើការងារនៅក្នុងរោងឧបោសថ ហើយ ក្រោយមកបំរើការងារនៅក្នុងព្រះវិហារ។ ពួកគេបានទទួលការទំនុកបំរុងប្រាក់ពីការ ថ្វាយដង្វាយ និង ដង្វាយ ១ភាគ១០។ ភាពជាសង្ឃនៃពួកលេវីមានលោកអ៊ើរ៉ុន និង ពួកកូនចៅរបស់គាត់។ ហេតុនេះ លោក នេហេមាត្រូវតែដោះស្រាយជាបន្ទាន់សំរាប់ពួកលេវី [5]ហើយលោកនឹងធ្វើការកែទំរង់ លើការរំលោភបំពាន ពីសំណាក់អេលីយ៉ាស៊ីបដែលមានយូរមកហើយ។ ច្បាប់តឹងរឹងមួយសំរាប់ពួកលេវី គឺ ពួកគេម្នាក់ៗ មិនត្រូវ ទទួលបានកេមរតអ្វីឡើយ (ជនគណនា ១៨:២០, ២៣-២៤; ចោទិយកថា ១៤:២៩, ១៨:១)។ ប៉ុន្តែពួកគេ មួយចំនួនទៀត អាចមានចំណូលផ្ទាល់ខ្លួនពីឪពុកម្តាយ (ចោទិយកថា ១៨:៨)។ ដូច្នេះ ការរស់នៅរបស់ ពួកលេវីត្រូវពឹងផ្អែកលើការជួយឧបត្ថម្ភពីពួកអ្នកដែលមានសេចក្តីជំនឿលើព្រះជាម្ចាស់។ ដោយសារកក្តា នេះហើយ បានធ្វើឲ្យពួកលេវីជាច្រើនមានការស្ទាក់ស្ទើរក្នុងការសំរេចចិត្តចាកចេញពីស្រុកបាប៊ីឡូន ដើម្បី ឲ្យរួចពីឈ្លើយ (អែសរ៉ា ៨:១៥-២០)។ មិនតែប៉ុណ្ណោះ លោកនេហេមា លើកទឹកចិត្តពួកគេ ឲ្យ​យក​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​ស្រូវ ទឹក​ទំពាំង​បាយ​ជូរ នឹង​ប្រេង មក​ដាក់​ក្នុង​ឃ្លាំង ដើម្បីជួយដល់ពួក លេវី(ខ.១២)។ ហើយលោកនេហមា ក៏ចាត់តាំងឲ្យមានមើលការខុសត្រូវឃ្លាំង ដោយតំរូវទៅលើ ពួកសង្ឃ ពួកលេវី និង ពួកស្មៀន។ លោកនេហេមា ជ្រើសរើសមនុស្សដែលមានចិត្តស្មោះត្រង់ ដើម្បីត្រួតត្រាឃ្លាំងដែលមាន ភាពច្បាស់ ហើយពួកគេអាចចែកទ្រព្យសម្បត្តិឲ្យគ្នាទៅវិញទៅមកស្មើៗគ្នា ដោយសេចក្តីយុត្តិធម៌ (ខ.១៣)។
          ឧទាហរណ៍៖ នៅក្នុងព្រះវិហារមួយមានបញ្ហាក្នុងទុកដាក់ប្រាក់ដង្វាយ ដោយគ្រូគង្វាលរវល់រកស៊ី ជារៀងរាល់ថ្ងៃ គាត់ទៅព្រះវិហារនៅពេលអធិប្បាយនៅព្រះវិហារតែប៉ុណ្ណោះ។ ហើយគាត់មិនបានចាត់ ចែងប្រាក់ដង្វាយឲ្យបានត្រឹមត្រូវ និងមិនបានចាត់ចែងឲ្យអ្នកបំរើនៅក្នុងព្រះវិហារដែរ។ រឿងរាវនេះ វា កើតឡើងរយៈពេល៣ឆ្នាំ តែគ្រូគង្វាលនូវតែព្រងើយកន្តើយដោយមិនរវីរវល់ចំពោះអ្នកដែលបំរើនៅក្នុង ព្រះវិហារ ហេតុអ្នកបំរើនៅក្នុងព្រះវិហារពួកគាត់ថវិកាដើម្បីចិញ្ចឹមគ្រួសារ ដោយមិនទ្រាំទ្រពុំបាននូវតំរូវការ របស់ខ្លួន និងគ្រួសារ ក៏នាំគ្នាសំរេចចិត្តថា វិលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីប្រកបមុខរបរចិញ្ចឹម ជីវិត។ នេះចំណុចខ្លះខាត ដែលគ្រូគង្វាលមើលរំលងពីបញ្ហាទាំងអស់នេះ ដោយគាត់មិនដោះស្រាយ បញ្ហាដែលកើតឡើងចំពោះកូនចៀមរបស់ខ្លួន ព្រមទាំងមិនមានទំនួលខុសត្រូវមិនសមជាអ្នកដឹកនាំ។
3.       ការរៀបចំថៃ្ងឈប់សំរាកឲ្យមានសណ្តាប់ធ្នាប់ (ខ១៥-២២)
ដោះស្រាយមួយបានចប់ហើយ ខ.១៥-២២ លោកនេហេមាបានប្រទះឃើញពួកអ៊ីស្រាអែលរំលោភ បំពានលើថ្ងៃឈប់សំរាករបស់ព្រះជាម្ចាស់ទៅថ្ងៃរកស៊ី។ [6]ថ្ងៃឈប់សំរាក គឺជាថ្ងៃឈប់ ព្រះជាម្ចាស់បាន បង្កើតថ្ងៃឈប់សំរាកមក ដើម្បីឈប់ពីការបង្កបង្កើតរបស់ព្រះអង្គ (លោកុប្បត្តិ ២:-៣)។ រក្សា កាន់តាម ឬ នឹកចាំពីថ្ងៃឈប់សំរាក មានន័យថា មិនត្រូវធ្វើការឡើយ គឺត្រូវផ្តោតលើការថ្វាយបង្គំព្រះជាម្ចាស់ នៅថ្ងៃ ឈប់សំរាកព្រះជាម្ចាស់បានបង្គាប់យើងរាល់គ្នាឲ្យនឹកចាំពីថ្ងៃឈប់សំរាក (និក្ខមនំ ២០:-១១)។ ព្រះយេស៊ូវបានកាន់តាមថ្ងៃឈប់សំរាក ហើយទ្រង់បង្រៀនមនុស្សដទៃទៀតអំពីថ្ងៃឈប់សំរាកដែរ (លូកា ៤:១៦; ម៉ាកុស ២:២៣-២៨)។ ការកាន់តាមថ្ងៃឈប់សំរាកនឹងទទួលបាននូវសេចក្តីអំណរ និង ព្រះពរ (អេសាយ ៥៨:១៣-១៤)។ នៅក្នុងប្រតិទិនរបស់សាសន៍យូដាថ្ងៃឈប់សំរាក គឺជាថ្ងៃទីប្រាំពីរនៃសប្តាហ៍ (សៅរ៍) ។ គ្រីស្ទបរិស័ទបានរក្សាថ្ងៃអាទិត្យ ជាថ្ងៃឈប់សំរាកដ៏ពិសេសមួយ ពីព្រោះព្រះយេស៊ូវបានរស់ពី សុគតឡើងវិញនៅថ្ងៃនេះ ហេតុដូច្នេះហើយ គ្រីស្ទបរិស័ទដំបូងបានថ្វាយបង្គំព្រះជាម្ចាស់ និងនាំដង្វាយ មកដាក់នៅថ្ងៃអាទិត្យ (ម៉ាថាយ ២៨:១, ៦; ១កូរិនថូស ១៦:-២)។ ពួកផារីស៊ីបានបង្រៀនយ៉ាងតឹងរឹងពីថ្ងៃ ឈប់​សំរាក “មិនត្រូវធ្វើការឡើយ” (ម៉ាថាយ ១២:; លូកា ៦:៧)។ ពួកគេមិនបានយល់ពីគោលបំណង នៅថ្ងៃឈប់សំរាកទេ (យ៉ូហាន ៩:១៦)។ ពួកគេគិតថា ការគោរពតាមច្បាប់មានសារៈសំខាន់ជាងការខ្វល់ ខ្វាយពីមនុស្ស។ ព្រះយេស៊ូវបានបញ្ជាក់ថា ថ្ងៃឈប់សំរាកបានតាំងឡើងសំរាប់មនុស្សមិនមែនមនុស្ស សំរាប់ថ្ងៃឈប់សំរាកទេ (ម៉ាកុស ២:២៧)។ ក្នុងព្រះគម្ពីរសញ្ញាចាស់ មានច្បាប់ជាច្រើនបង្រៀនពីការកាន់ តាមថ្ងៃឈប់សំរាក។ មនុស្សដែលមានការស្មោះត្រង់ចំពោះសាសនាបានសរសេរច្បាប់ និងការបកស្រាយ ច្បាប់ព្រមទាំងដាក់ចូលក្នុងគម្ពីរនៃសាសន៍យូដាហៅថា មីស្នា និង តាល់មុត។ [7]ជាការពិតប្រជារាស្រ្តក៏នាំ គ្នាប្រកបការងារ ក្នុងថ្ងៃឈប់សំរាក ដែលជាការធ្វើខុសនឹងពាក្យសន្យាសម្ព័ន្ធមេត្រី។ លោកនេហេមាបាន បញ្ឈប់បញ្ហានេះជាបន្ទាន់ ដោយគាត់បានបិទទ្វារកំផែងក្រុងនៅថ្ងៃសំរាក ដើម្បីរារាំងពួកគេកុំឲ្យយក ទំនិញរបស់គេមកលក់នៅថ្ងៃឈប់សំរាកនៅក្នុងទីក្រុងទៀត។ យើងឃើញកាន់តែច្បាស់ក្រឡែតថា ពួក គេពិតជាបំពាននៅថ្ងៃឈប់សំរាក ​កំពុង​តែ​ជាន់​ធុង​ផ្លែ​ទំពាំង​បាយ​ជូរ(ខ.១៥) នេះជាសេចក្តីល្បួងមួយ ដែលបណ្តាលឲ្យមានរំលោភបំពានលើថ្ងៃឈប់សំរាក ប៉ុន្តែភាគច្រើនមិនមែនពួកយូដាទេ (អេសាយ ៥៦:-៨) នៅក្នុងព្រះគម្ពីរអេសាយព្រះជាម្ចាស់មានព្រះបន្ទូលថា សូមឲ្យថែរក្សាថ្ងៃឈប់សំរាក តែផ្ទុយ ទៅវិញ ពួកយូដាបានយកថ្ងៃឈប់សំរាករបស់ទ្រង់ធ្វើជាការរកស៊ីទៅវិញ។ ជាអ្នកដែលរំលោភបំពាននៅ ថ្ងៃឈប់សំរាក មិនមែនសុទ្ធតែពួកយូដាប៉ុណ្ណោះទេ គឺមានប្រជាជនដែលមកពីក្រុងទីរ៉ុស តែងតែយកត្រី មកលក់នៅថ្ងៃឈប់សំរាក (ខ.១៦) ភាគច្រើនគេយកត្រីងៀត និង ត្រីឆ្អើរ ហើយត្រីនេះមានសារៈសំខាន់ ចំពោះពួកអ៊ីស្រាអែលណាស់ (លេវិវិន័យ ១១:៩)។ នៅសញ្ញាថ្មីដោយសារតែត្រីនេះហើយ ដែលពួក អ៊ីស្រាអែលបានចំណែតមនុស្ស ៤០០០នាក់ ដោយព្រះយេស៊ូវធ្វើការអស្ចារ្យ (១៥:៣៤-៣៨)។ រីឯព្រះគម្ពីរ យ៉ូហានវិញក៏បញ្ជាក់ថា ត្រីមានសារៈចំពោះអ៊ីស្រាអែលខ្លាំងណាស់ ពីព្រោះនៅពេលព្រះយេស៊ូវមាន ព្រះជន្មរស់ឡើងវិញ ទ្រង់មានពេល៤០ថ្ងៃដើម្បីជួបសិស្សរបស់ទ្រង់ ហើយទ្រង់ទៅជួបពេត្រុសកំពុង នេសាទត្រី (យ៉ូហាន ២១:-១៣)។ ជាបញ្ហាធ្ងន់ធ្ងរណាស់ ដែលអ្នកដឹកនាំលក់ដូរដូចជា ត្រី សត្វ ឬក៏ ស្បៀងអាហារនៅថ្ងៃឈប់សំរាកនៅក្នុងព្រះវិហារនោះ ហើយលោកនេហេមានបានសួរសំនួរទៅពួកគេថា ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​បង្អាប់​ដល់​ថ្ងៃ​ឈប់​សំរាក? ពីព្រោះអ្នករាល់គ្នាធ្វើដូច្នេះនាំឲ្យបង្អាប់ ដល់ ថ្ងៃឈប់សំរាក (ខ.១៧)។ តើការបង្អាប់មានន័យដូចម្តេច? បង្អាប់មានន័យថា ងាកចេញពីសាសនា ហើយក្លាយខ្លួនជាមនុស្សមិនជឿ និងក្បត់ព្រះ (ម៉ាឡាគី ២:១០-១១)។ លោកនេហេមា បានដេញពួក ទៅ ក្រៅក្រុង ហើយកុំឲ្យពួកគេមកលក់ដូរនៅថ្ងៃឈប់សំរាកជាដាច់ខាត ពីព្រោះអ្នករាល់គ្នាបានប្រព្រឹត្ត អំពើអាក្រក់ ដូចជាពួក​ឰយុកោ​របស់​អ្នក​រាល់​គ្នាធ្វើពីមុនដែរ មិនតែប៉ុណ្ណោះសោត អ្នករាល់គ្នាបន្ថែមសេច ក្តីថែមទៀតមកលើពួកអ៊ីស្រាអែល (ខ.១៨)។ លោកនេហេមា មិនអូសក្រឡាឲ្យពួកគេធ្វើទៀតទេ ដោយ លោកហាម និង បិទទ្វារក្រុង ហើយបណ្តេញពួកគេចេញពីទីក្រុង ហើយលោកគំរាមកំហែងដល់ពួកគេថា ប្រសិនបើពួកគេនូវតែបន្តលក់ដូរនៅថ្ងៃឈប់សំរាកនៅទីក្រុងទៀត លោកនឹងចាប់ពួកគេហើយ (ខ.១៩-២២)។
4.       ការរៀបចំការរស់នៅរបស់ពួកជំនុំ (ខ២៣-២៩)
នៅជំនាន់លោកអែសរ៉ា ប្រជារាស្រ្តបានបទថា នឹងលែងលះប្រពន្ធរបស់គេដែលជាសាសន៍ដទៃ ហើយពួកគេក៏ធ្វើតាមមែន (អែសរ៉ា ១០:១៩, ៤៤)។ ដល់ជំនាន់លោកអេលីយ៉ាស៊ីបគ្រប់គ្រងជំងឺចាស់ របស់អ៊ីស្រាអែលបានរើឡើងវិញ អំពីការរៀបអាពាហ៍ពិពាហ៍កូនចៅជាមួយសាសន៍ដទៃ [8]សាសន៍ដទៃ គឺជាមនុស្សដែលមិនមែនជាសាសន៍យូដា (នេហេមា ៥:១៧; ទំនុកដំកើង ៤៧:; កាឡាទី ២:៩)។ ឬក៏ជា មនុស្សដែលមិនស្គាល់ ឬមិនស្តាប់បង្គាប់ព្រះដ៏ពិត (២ពង្សាវតាក្សត្រ ១៧:១៥; ម៉ាថាយ ៦: )។ នៅក្នុងខ.២៣-២៩ សូម្បីតែអេលីយ៉ាស៊ីបជាអ្នកដឹកបានបង្ហាញមិនល្អគំរូដល់កូនចៅអ៊ីស្រាអែល ដែល បានប្រព្រឹត្តអំពើខុសឆ្គងជាច្រើនដែលធ្វើឲ្យលោកនេហេមានអត់ទ្រាំមិនបានដោយដេញពួកគេចេញពី ព្រះវិហារ ដោយលោកអេលីយ៉ាស៊ីប ក៏បានលើកកូនប្រុសស្រីជាប់សាច់ឈាមជាលោកថូប៊ីយ៉ាដែលជា សាសន៍ដទៃ((ខ.២៨)) ហើយអ្នកដឹកនាំផ្សេងៗទៀតក៏ប្រព្រឹត្តដូចលោកអេលីយ៉ាស៊ីបដែល ដោយលើក កូនប្រុស ស្រីឲ្យពួកអាសដូឌ អាំម៉ូន នឹង​ម៉ូអាប់(ខ.២៣)។ លោកនេហេមាឃើញទិដ្ឋភាពបែបនេះ លោក មិនខ្លាចញញើតក្នុងការថាស្តីបន្ទោសឲ្យពួកគេនោះទេ ហើយលោកបានធ្វើកាយវិការមួយគួរអស់សំណើច គឺលោកប្រើវិធីមួយបោចសក់ពួកគេ (ខ.២៥) ព្រមទាំងដាក់បណ្តាសា ឲ្យពួកគេស្បថនៅចំពោះ ព្រះជាម្ចាស់ ដោយហាមពួកគេមិនឲ្យយកកូនប្រុសស្រីលើទៅឲ្យពួកសាសន៍ដទៃនោះឡើយ។ ដើម្បីទប់ ស្កាត់ពួកគេកុំឲ្យប្រព្រឹត្តទង្វើនេះតទៅទៀត ហើយនៅខ.២៦ លោកបានលើកពីគំរូសេ្តចសាឡូម៉ូនជាសេ្តច ដែលមានប្រាជ្ញ និងគោរពកោតខ្លាចដល់ព្រះ តែក្រោយមកបានយកប្រពន្ធសាសន៍ដទៃ ហើយសេ្តច សាឡូម៉ូនបានប្រព្រឹត្តអំពើបាបយ៉ាងធំចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ ដោយទ្រង់បែរចិត្តតាមប្រពន្ធ ដែលជាសាសន៍ដទៃទៅថ្វាយបង្គំដល់ព្រះកេមូស ព្រមទាំងសាងសង់ទីដ៏ខ្ពស់បំផុតឲ្យព្រះកេមូសថែម ទៀតផង (១ពង្សាវតាក្សត្រ ១១:៧)។ [9]ពូកយូដាមិនដែលប្រព្រឹត្តអំពើបាបយ៉ាងនេះឡើយ ពីព្រោះមូល ហេតុដែលនាំឲ្យគេធ្វើបាបនោះ គឺមកពីពួកគេបានរៀបការជាមួយអ្នកជិតខាងដែលថ្វាយបង្គំរូបព្រះ។ ការរៀបការរបស់គ្រីស្ទបរិស័ទជាមួយអ្នកមិនជឿ ជារឿងមួយដ៏គ្រោះថ្នាក់នៅសព្វថ្ងៃនេះ លោកសាវ័កប៉ុល បានមានប្រសាសន៍ថា “កុំឲ្យទឹមនឹមស្រៀក ជាមួយនឹងមនុស្សមិនជឿឡើយ” (២កូរិនថូស ៦:១៤)។ [10]វា អាចធ្វើឲ្យចុះខ្សោយដល់ប្តេជ្ញាចិត្ត សេចក្តីសុចរិត ឬភាពជាគំរូរបស់គ្រីស្ទបរិស័ទ ហើយទំនាក់ទំនងនេះ អាចជួបនឹងបរាជ័យ។
      V.            សេចក្តីបញ្ចប់
អ្នកដឹកនាំចាំបាច់ត្រូវរៀបចំរចនាសម្ព័ន្ធក្នុងព្រះវិហារនឹងការរស់នៅរបស់ពួកជំនុំ គឺ ការរៀបចំទុកដាក់ ប្រាក់ដង្វាយក្នុងព្រះវិហារ ពីព្រោះដង្វាយអាចយកចាត់ចែងនៅក្នុងព្រះវិហារ ឬសំរាប់ឧបត្ថម្ភលោកគ្រូ គង្វាល ផ្គត់ផ្គង់អ្នកបំរើនៅក្នុងព្រះវិហារ ប្រសិនបើអ្នកដឹកនាំ មានការកេងប្រវ័ញ្ចលើប្រាក់ដង្វាយ ឬមិន យកចិត្តទុកដាក់ប្រាក់ដង្វាយបានស្រួលបួលទេ ប្រហែលជាថ្ងៃក្រោយនឹងមានការស្រុតចុះពួកជំនុំ ហើយ ព្រះវិហារមិនអាចលូតលាស់បានទេ ហេតុនេះគ្រូគង្វាលមានទំនួលខុសត្រូវខ្ពស់ក្នុងថែទាំព្រះវិហារនៃព្រះ និងរៀបចំការថ្វាយបង្គំដែលមានលក្ខណៈស្តង់ដាដែលអាចទទួលយកបានជាផ្លូវការ។ ការរៀបចំអ្នកដឹក នាំក្នុងការបំរើក្នុងព្រះវិហារ  គ្រូគង្វាលត្រូវយកចិត្ត ទុកដាក់ចំពោះតំរូវការខ្លះខាតចំពោះអ្នកបំរើម្នាក់ៗ។ ព្រះវិហារមួយមិនអាចមានតែគ្រូគង្វាលតែមួយបានទេ ដើម្បីដឹកនាំពួកជំនុំ ឬចាត់ចែងអ្វីៗផ្សេងទៀតតែ ម្នាក់ឯងនោះវាមិនទៅរួចទេ ហេតុនេះហើយទើបលោកនេហេមាទៅប្រមូលអ្នកដឹកនាំឲ្យមកវិញ ដើម្បីបំរើ ព្រះវិហារខាងផែ្នកភ្លេង ចំរៀង អ្នកទុកដាក់ប្រាក់ ដង្វាយរបស់ព្រះជាម្ចាស់ដោយមានភាពច្បាស់លាស់ និងស្មោះត្រង់ ក្នុងចែកទ្រព្យដង្វាយដោយសេចក្តីយុត្តិធម៌។ ការរៀបចំថៃ្ងឈប់សំរាកឲ្យមានសណ្តាប់ធ្នាប់ ពិតជាមានសារៈសំខាន់ណាស់ចំពោះគ្រីស្ទបរិស័ទ ជាថ្ងៃដែលគ្រីស្ទបរិស័ទទាំងអស់ទៅព្រះវិហារថ្វាយ បង្គំព្រះជាម្ចាស់។ យើងមើលឃើញពីលោកនេហេមាបានខ្វល់ខ្វាយយកចិត្តទុកដាក់រៀបចំព្រះវិហារឲ្យ មានសណ្តាប់ធ្នាប់ឡើងវិញ ហើយលោកដោះស្រាយភាពច្របូកច្របូលដែលលាយឡំទៅដោយការលក់ ដូរនៅក្នុងព្រះវិហារ លោកនេហេមាបានដេញពួកអ្នកលក់ដូរទាំងអស់មិនឲ្យលក់ដូរនៅថ្ងៃឈប់សំរាកទេ។  លោកនេហេយកចិត្តចំពោះការរៀបចំការរស់នៅរបស់ពួកជំនុំ ដោយលោកមិនឲ្យពួកយូដាទៅរៀបការជា សាសន៍ដទៃទេ ដែលពួកទាំងនេះនឹងនាំពួកយូដាទៅថ្វាយបង្គំរូបព្រះនៅថ្ងៃក្រោយ។ ហើយរៀបការជា មួយអ្នកមិនជឿវានាំឲ្យមានបញ្ហាការរស់នៅថ្ងៃក្រោយ។
    VI.            ទេវសាស្រ្ត
·         ព្រះ៖ ព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យទុកដាក់លើដំណាក់របស់ទ្រង់ ព្រះជាម្ចាស់ទ្រង់បរិសុទ្ធ។
·         មនុស្ស៖ មនុស្សគ្មានភាពបរិសុទ្ធនៅចំពោះព្រះទេ គឺផ្នត់គំនិតមនុស្សពោរពេញដោយគំនិត អាក្រក់។
   VII.            អនុវត្តន៍
·         ក្នុងនាមយើងជាគ្រីស្ទបរិស័ទកុំយកគំរូតាមអេលីយ៉ាស៊ីបឡើយ តែយើងត្រូវយកគំរូតាមលោក នេហេមា ដើម្បីយកទៅអនុត្តន៍ក្នុងការរៀបចំព្រះវិហារ។ ប្រសិនបើយើងជាអ្នកដឹកនាំ ត្រូវតែមានទំនួល ខុសចំពោះការងាររបស់យើង ត្រូវកែលំអនូវចំណុចខ្វះខាត ហើយត្រូវរហ័សដឹងខ្លួន។ ធ្វើជាអ្នកដឹកនាំត្រូវ ធ្វើជាគំរូដល់គេ ត្រូវហ៊ានទទួលស្ថាបនាពីអ្នកដទៃ ដើម្បីអភិវឌ្ឍន៍ក្នុងការថ្វាយបង្គំឲ្យមានលក្ខណៈប្រសើរ ឡើង។ មិនត្រូវចាត់ទុកដំណាក់របស់ព្រះអង្គ ជាកន្លែងលក់ដូរដូចនៅផ្សារ សាលារៀន និងសំបុកចោរ ឡើយ វាហេតុបង្អាប់សេរីល្អដល់ព្រះ។ អ្នកដឹកនាំត្រូវយកទុកដាក់ថែទាំពួកជំនុំ និងមានការរៀបចំដង្វាយ មានភាពស្មោះត្រង់ ហើយលើកទឹកចិត្តដល់អ្នកដែលបំរើដល់ព្រះវិហារព្រមទាំងផ្គត់ផ្គង់ដល់ពួកគេ។ អ្នក​ដឹកត្រូវតែមានប្រពន្ធជាអ្នកជឿដូចគ្នា ដើម្បីឲ្យពួកជំនុំយកតំរាប់តាម។ យើងត្រូវលើកទឹកចិត្តពួកជំនុំយក ចិត្តទុកដាក់រក្សាថ្ងៃឈប់សំរាកជាថ្ងៃសំខាន់ មិនត្រូវយកថ្ងៃឈប់សំរាករវល់ទៅរកស៊ីនោះឡើយ ដោយឲ្យ ពួកគេទំលាក់ការរកស៊ីសិន ហើយទៅថ្វាយបង្គំដល់ព្រះជាម្ចាស់ ពេលថ្វាយបង្គំចប់ ពួកគេអាចប្រកបមុខ រកស៊ីបន្តទៀតបាន។ មិនតែប៉ុណ្ណោះ អ្នកដឹងនាំមិនគួរមើលរំលងការរស់នៅរបស់ពួកជំនុំនោះឡើយ ចំពោះការជ្រើសរើសគូរស្រកររបស់ពួកគេ ដោយលើកទឹកចិត្តដល់ពួកគេរៀបការជាមួយអ្នកជឿដូចគ្នាល្អ ជាងអ្នកដែលមិនជឿ ដោយបង្ហាញពីគុណសម្បត្តិ និង គុណវិបត្តិដល់ពួកគេឲ្យច្បាស់លាស់។

ឯកសារយោង
1.       សៀវភៅ ព្រះគម្ពីរខ្មែរបរិសុទ្ធ
2.       សៀវភៅ ស្ពានចំលងអត្ថាធិប្បាយព្រះគម្ពីរភាគទី៤, និពន្ធដោយលោក ដន ហី្វលេមីង
3.       សៀវភៅ ព្រះគម្ពីរបរិសុទ្ធសម្រាប់សិក្សាសញ្ញាចាស់ និងសញ្ញាថ្មីភាសាខ្មែរ
4.       សៀវភៅ គន្ថៈធិប្បាយព្រះគម្ពីរ





[1] និពន្ធដោយ ដន ហ្វីលេមីង, សៀវភៅ ស្ពានចំលងអត្ថាធិប្បាយព្រះគម្ពីរភាគទី២, ទំព័រ ២១៧
[2] សៀវភៅ ព្រះគម្ពីរបរិសុទ្ធសំរាប់សិក្សាសញ្ញាចាស់និងសញ្ញាថ្មី ភាសាខ្មែរ, បោះពុម្ពដោយសម្ព័ន្ធព្រះគម្ពីរកម្ពុជា ២០១៣, ទំព័រ ៩១១។
[3] និពន្ធដោយ ដន ហ្វីលេមីង, សៀវភៅ ស្ពានចំលងអត្ថាធិប្បាយព្រះគម្ពីរភាគទី២, ទំព័រ ២១៧
[4] សៀវភៅ វចនានុក្រមសម្រាប់សិក្សាព្រះគម្ពីរ, ទំព័រ ១៤១
[5] សៀវភៅ ព្រះគម្ពីរបរិសុទ្ធសំរាប់សិក្សាសញ្ញាចាស់និងសញ្ញាថ្មី ភាសាខ្មែរ, បោះពុម្ពដោយសម្ព័ន្ធព្រះគម្ពីរកម្ពុជា ២០១៣, ទំព័រ ៩១៣។
[6] សៀវភៅ វចនានុក្រមសម្រាប់សិក្សាព្រះគម្ពីរ, ទំព័រ ៨៧-៨៨
[7] និពន្ធដោយ ដន ហ្វីលេមីង, សៀវភៅ ស្ពានចំលងអត្ថាធិប្បាយព្រះគម្ពីរភាគទី២, ទំព័រ ២១៧-២១៨
[8] សៀវភៅ វចនានុក្រមសម្រាប់សិក្សាព្រះគម្ពីរ, ទំព័រ ២០៣
[9] អ្នកនិពន្ធ បណ្ឌិត ហេនរីអតា ស៊ី មៀរ្ស, សៀវភៅ គន្លៈធិប្បាយព្រះគម្ពីរ, ទំព័រ ១៨១
[10] សៀវភៅ ព្រះគម្ពីរបរិសុទ្ធសំរាប់សិក្សាសញ្ញាចាស់និងសញ្ញាថ្មី ភាសាខ្មែរ, បោះពុម្ពដោយសម្ព័ន្ធព្រះគម្ពីរកម្ពុជា ២០១៣, ទំព័រ ២៣៦៨-២៣៦៩។

0 Comments

Type and hit Enter to search

Close