Breaking News

ជំនឿរបស់លោកអ័ប្រាហាំលើព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ លោកុប្បត្តិ 22:1-18


សេចក្តីផ្តើម៖
យើងទាំងអស់នៅទីនេះមានជំនឿកម្រិតផ្សេងៗគ្នា។ អ្នកខ្លះមានជំនឿអាចធ្វើយញ្ញបូជា​កូនខ្លួនឯង​បាន។
អ្នកខ្លះ​មាន​ជំនឿប៉ុនគ្រាប់ពូជតូចល្អិត។ អ្នកខ្លះឲ្យនិយមន័យខុស អំពីសេចក្តីជំនឿ។ នៅតាមហ្វេសប៊ុក នៅពេលដែលអ្នកចង់លើកទឹកចិត្ត ឬបណ្តាលចិត្តនរណាម្នាក់ អ្នកនិយាយទៅ​អ្នកនោះ​ថា អូ! គ្រាន់តែមានជំនឿទៅបានហើយ ! មានឃ្លាជាច្រើនត្រូវបានគេប្រើ ដូចជា  ផ្លូវទៅមុខងងិតណាស់ តែសេចក្តីជំនឿ​នឹង ធ្វើជាពន្លឹនាំផ្លូវអ្នក  ឬ “សេចក្តីជំនឿនឹងនាំអ្នក​ឲ្យឆ្លងរួចឧបសគ្គទាំងឡាយ” ។ ដូច្នេះសេចក្តីជំនឿ​បាន​ក្លាយ​ជា​​គ្រឿងសំគាល់មួយនៃការបណ្តាលចិត្ត ជាគ្រឿងលើកទឹកចិត្តមួយ។ ខ្ញុំបានទស្សនា The Voice of Cambodia បេក្ខជន បេក្ខនារី ដែលបានឆ្លងផុតវគ្គ blind audition ឬវគ្គ The battle តែងតែឆ្លើយថា ពួកគេមានជំនឿថា នឹង ឈ្នះការប្រកួតកម្មវិធី​នេះ។ គេគិតពីសេចក្តី​ជំនឿ​ថាមានន័យបែប​នោះ។ 



សំណួរស្នូល៖ តើជំនឿអ័ប្រាហាំជាជំនឿបែបណាបានជាគ្រីស្ទានចាំបាច់ត្រូវតែមានដែរ ដើម្បីឲ្យ បានគាប់ព្រះហឫទ័យព្រះជាម្ចាស់?




សង្ខេបអត្ថបទគម្ពីរ៖ នៅក្នុងអត្ថបទគម្ពីរលោកុប្បត្តិ២២:១-១៨ ជាដំណើររឿងអំពីព្រះបានមាន​បន្ទូលបង្គាប់ឲ្យ អ័ប្រាហាំនាំអ៊ីសាកឡើងភ្នំ ហើយព្រះអង្គបង្គាប់ឲ្យអ័ប្រាហាំសំលាប់អ៊ីសាកថ្វាយ​ជាយញ្ញបូជាដល់ព្រះអង្គ។ នៅពេល ឡើងដល់ភ្នំ អ័ប្រាហាំរៀបអាសនា ដាក់អុសលើអាសនា ចង​អ៊ីសាក​ដាក់លើអុសលើអាសនានោះ ទាញកាំបិតឡើង ហៀបនឹងប្រហារជីវិតអ៊ីសាក ស្រាប់តែព្រះមាន​បន្ទូលថា ទេ! ទេ! កុំសំលាប់អ៊ីសាក។ នេះជារឿងដ៏ចំឡែកមួយ អំពីការល្បងសេចក្តីជំនឿ​លោកអ័ប្រាហាំ។ 

ចំណុចភ្ជាប់ទៅការកាត់ស្រាយ
ខ្ញុំគិតថា នៅពេលខ្ញុំអានរឿងអ័ប្រាហាំថ្វាយយញ្ញបូជាអ៊ីសាកជាច្រើនដង ធ្វើឲ្យខ្ញុំមិនស្រួលសោះ។ មានហេតុផល​ច្រើន​​ណាស់​​ដែល​ធ្វើឲ្យខ្ញុំមិនស្រួល​ចិត្ត។ មានសំណួរ២នៅក្នុងក្បាលរបស់ខ្ញុំ៖  ១. តើមានអ្វីកំពុងកើតឡើងក្នុងគំនិត​របស់​អ័ប្រាហាំ នៅពេលព្រះជាម្ចាស់បង្គាប់គាត់ឲ្យធ្វើយញ្ញ​បូជា​អ៊ីសាក? អ័ប្រាហាំអាចនិយាយថា៖ ឈប់សិនព្រះអង្គ‌! ព្រះអង្គ​បានសន្យាប្រទានកូន១ឲ្យខ្ញុំ ហើយឥឡូវ ខ្ញុំអាយុជាង១០០ឆ្នាំហើយ ប្រពន្ធខ្ញុំអាយុជាង៩០ឆ្នាំហើយ​នៅពេល​បង្កើត​អ៊ីសាក ហើយព្រះអង្គ​បាន​សន្យាថានឹងមាន​កូនចៅយ៉ាងច្រើនចេញពីអ៊ីសាក។ តែឥឡូវព្រះអង្គបង្គាប់​ឲ្យ​ទូលបង្គំធ្វើយញ្ញបូជា​អ៊ីសាកឬ? ទូលបង្គំមិនយល់ទេ។ ២. តើខ្ញុំត្រូវមានសេចក្តីជំនឿដូចសេចក្តីជំនឿអ័ប្រាហាំឬ? តើខ្ញុំត្រូវសុខចិត្តយកកូន​របស់ខ្ញុំ​ឡើងភ្នំ​ធ្វើយញ្ញបូជា​ថ្វាយព្រះឬ? នោះត្រូវ​ការមានជំនឿធំណាស់ !!! តើខ្ញុំនឹងសុខចិត្ត​ទេ បើព្រះបង្គាប់ឲ្យខ្ញុំធ្វើ​យញ្ញបូជា​កូនខ្ញុំថ្វាយព្រះអង្គ? ដើម្បីដោះស្រាយជាមួយ នឹងសំណួរទាំងនេះ  ខ្ញុំគិតថា យើង​ត្រូវ​យល់អត្ថន័យនៃសេចក្តីជំនឿ ពីព្រោះបើយើងខុសអត្ថន័យ​​នៃសេចក្តីជំនឿ នោះយើង មិនយល់ពីរឿងអ័ប្រាហាំ​នេះទេ។ ហេតុផលដែលយើងពិបាកយល់ ខ្ញុំគិតថា មកពីយើងមិនបានយល់​ពីអត្ថន័យត្រឹមត្រូវអំពី សេចក្តីជំនឿ។


ថ្ងៃនេះខ្ញុំចង់បញ្ជាក់ឲ្យច្បាស់អំពីអ្វីខ្លះដែលសេចក្តីជំនឿមិនមែនជា ដើម្បីឲ្យយើងយល់ពីអ្វីដែលបាន   កើត​ឡើងចំពោះ​អ័ប្រាហាំ និងអ៊ីសាក៖


១. សេចក្តីជំនឿមិនមែនជាការជឿដោយងងិតមិនប្រាកដក្នុងចិត្តនោះទេ (ខ១-៦)
ឧទាហរណ៍៖ មានបុរសខ្វាក់ម្នាក់ចង់ឆ្លងផ្លូវថ្នល់ តែមិនដឹងធ្វើយ៉ាងណាទើបអាចឆ្លងផ្លូវដែល​កំពុងតែ​មានឡានម៉ូតូយ៉ាងច្រើន​បាន។ ស្រាប់តែមានបុរសម្នាក់ទៀតចង់ជួយគាត់ឆ្លងផ្លូវ។ បុរសម្នាក់នោះ​ជាអ្នកដែលគុំនឹងបុរសខ្វាក់នោះ ដោយសាររឿងជំលោះពីមុន។ គាត់បាននាំបុរសខ្វាក់​នោះ​ទៅដាក់ចោលនៅកណ្តាលផ្លូវ ហើយក៏ទៅបាត់ទៅ។ គ្រោះថ្នាក់ក៏បានមកដល់បុរសខ្វាក់នោះ។ នេះដោយសារតែបុរសខ្វាក់នោះបានដាក់ជំនឿខុសលើអ្នកដែលជួយគាត់។ គាត់មិនដឹងប្រាកដពីអ្នក ដែលគាត់ជឿលើទេ។ ផ្លូវខាងមុខងងិតណាស់ ខ្ញុំមើលមិនឃើញអ្វីសោះ តែខ្ញុំដឹងថា សេចក្តីជំនឿនឹងនាំខ្ញុំ ហេតុនេះ ខ្ញុំគ្រាន់តែ​បិទភ្នែក​​ហើយ​ដើរទៅមុខ ជាការស្រេច សង្ឃឹមថា មិនធ្លាក់លូ ឬឡានបុកទេ។ តាមន័យនេះ មិនមានភាពប្រាកដ​ប្រជាណាទេ ខ្ញុំមិនប្រាកដថាអ្វីៗនឹងOKទេ តែខ្ញុំសាក​ក្លាហានលេងមើល អាច​និយាយថា ក្លាហានដោយគ្មានភាពប្រាកដប្រជា!” គ្មានតម្រុយពីភាពប្រាកដ​ប្រជាទេ គ្រាន់តែជឿថានឹងបាន​លទ្ធផល​ល្អ។ តាមព្រះគម្ពីរ សេចក្តីជំនឿអាចថា មើលមិនឃើញមែន តែមិនមែនមានន័យថា​គ្មានភាពប្រាកដប្រជានោះទេ។ ដូចយើងបានអាន​អំបាញ់​មិញ អ័ប្រាហាំមិនមែន​មិនច្បាស់ពីទង្វើ​ទាំងអស់ដែលគាត់ធ្វើនោះទេ។ ពីព្រោះគាត់មិនមែនថ្វាយបង្គំព្រះ​ដែល​មិន​ប្រាកដ​ប្រជាឯណា។ ដូច្នេះសេចក្តីជំនឿមិនមែនជាការជឿដោយងងិតមិនប្រាកដក្នុងចិត្តនោះទេ។ ក្នុងខ១-៦ ពេលព្រះបង្គាប់គាត់ឲ្យថ្វាយអ៊ីសាកជា​យញ្ញបូជា គាត់មិនបានរេរាចិត្តឡើយ គាត់ធ្វើភ្លាម។ ក្នុងខ៥ គាត់បានប្រាប់បាវបំរើរបស់គាត់ថា គាត់និងអ៊ីសាកនឹងវិលត្រឡប់មកវិញ។ 

២. សេចក្តីជំនឿមិនមែនជាអំណាចនៅក្នុងខ្លួនយើងទេ (ខ៧-៨)
ទស្សនៈរបស់បេក្ខជន បេក្ខនារីដែលបានឈ្នះកម្មវិធី The Voice of Cambodia ដែលនិយាយថា ខ្ញុំមានជំនឿថាខ្ញុំ​នឹងបាន​ឈ្នះ។ ខ្ញុំជឿអញ្ចឹង ហើយវាបានក្លាយជាការពិត។ ដោយសារជំនឿលើខ្លួនឯង ខ្ញុំបានទទួលលទ្ធផលល្អ​នេះ។” ចំណុចទី២នេះផ្ទុយពីចំណុចទី១។ យើងតែងតែឮគេថា “បើដាក់ជំនឿ​លើខ្លួនឯង នោះនឹងបានសម្រេច​ទាំងអស់”, “គ្រាន់តែ​ជឿជាក់លើខ្លួនឯង នោះជំនឿរបស់អ្នកនឹងនាំអ្នក​ឲ្យអាចធ្វើអ្វីៗបានទាំងអស់ដែលអ្នកចង់ធ្វើ” “ខ្ញុំជឿថាខ្ញុំអាចធ្វើបាន”“ខ្ញុំជឿ​លើខ្លួនឯង”។ ការជឿលើ​ខ្លួនឯង​​នាំទៅរកការមានអំណួតនិងទុកចិត្តលើខ្លួនឯង

យោងតាមព្រះគម្ពីរ ជំនឿមិនមែនជាការទុកចិត្តលើខ្លួនឯងទេ មិនមែនជាអ្វីដែលអ្នកអាចធ្វើបានទេ។ មនុស្សគិតថា​ជំនឿ​ជា​អំណាចដែលនៅក្នុងខ្លួនគេ ដែលអាចបង្កើតលទ្ធផលល្អសំរាប់គេ។ បើខ្ញុំជឿថាល្អ នោះនឹងល្អហើយ។ បើខ្ញុំមានជំនឿលើភាពវិជ្ជមាន នោះនឹងមានលទ្ធផលវិជ្ជមាន។ ជំនឿខុសពី​ការគិតដោយវិជ្ជមាន។ កុំឲ្យច្រឡំគ្នា។ ជាការល្អដែលគិត ឬនិយាយសេចក្តីវិជ្ជមាន។ តែជំនឿមិនមែន​ជា​ការប្រាកដច្បាស់លើខ្លួនឯង មិនមែនជាការគិត​វិជ្ជមាន ជំនឿមិនមែនជាអំណាចដែល​នៅក្នុងខ្លួនយើង​នាំទៅរកការបង្កើតលទ្ធផលល្អទេ។ ជំនឿមិនមែនទាំងអស់​នេះទេ។

សូមគិតពីរឿងរបស់លោក​អ័ប្រាហាំ។ បើអ័ប្រាហាំមានជំនឿងងិតមិនប្រាកដក្នុងចិត្ត នោះដំណើររឿង​អាចមានន័យដូចនេះ៖ ព្រះមានបន្ទូល “អ័ប្រាហាំ ចូរថ្វាយយញ្ញបូជាអ៊ីសាកទៅព្រះ” នោះអ័ប្រាហាំនឹង​និយាយ​ទៅ​អ៊ីសាក​ថា “ហេ អ៊ីសាក! តោះឡើងលើភ្នំ ពុកមិនដឹងថា​នឹង​មានអ្វីកើតឡើងទេ យើងគ្រាន់តែបិទភ្នែក​ហើយដើរ ទៅមុខ​ទៅ គ្មានតម្រុយពីភាពប្រាកដប្រជាណាទេ គ្រាន់តែជឿថា​នឹងបាន​លទ្ធផលល្អទៅបានហើយ ព្រះនឹងមិន​សំឡាប់យើងទេ។” អត់ទេ ! អ័ប្រាហាំអត់មានជំនឿ​បែបនេះទេ ! តែម្យ៉ាង​ទៀត អ័ប្រាហាំមិនបានមើលទៅអ៊ីសាក ហើយនិយាយថា “តោះធ្វើយញ្ញបូជា​កូនឯង​ទៅ កូនឯងជាកូនល្អ កូនឆ្លាតណាស់ ព្រះស្រឡាញ់យើងណាស់”។ នេះក៏មិនមែនបានកើតឡើង​ក្នុងរឿងអ័ប្រាហាំនេះដែរ។ ទីមួយ ជំនឿរបស់អ័ប្រាហាំមិនមែនជឿដោយងងិតមិនប្រាកដក្នុងចិត្តទេ។ ទីពីរ ជំនឿរបស់អ័ប្រាហាំមិនមែនជាជំនឿលើអំណាចក្នុងខ្លួនគាត់ទេ។ ខ៧-៨ អ៊ីសាកនិ​យាយ​នឹងឪពុកថា លោក​ឪពុកអើយ គាត់ក៏ឆ្លើយថា អីកូន រួចវានិយាយថា នេះមានភ្លើងនិងឧសហើយ តែកូន​ចៀ​ម​​សំរាប់​ដង្វាយដុត​តើនៅឯណា  ៨អ័ប្រាហាំឆ្លើយថា កូនអើយ កូនចៀមដែល​សំរាប់​ជាដង្វាយដុត នោះព្រះ​ទ្រង់​នឹង​ផ្គត់ផ្គង់ឲ្យ ដូច្នេះ​ក៏នាំគ្នាទៅទៀត។


៣. សេចក្តីជំនឿរបស់លោកអ័ប្រាហាំជាសេចក្តីជំនឿលើព្រះបន្ទូលសន្យារបស់ព្រះ (ខ៩-១៨)
១១តែទេវតានៃព្រះយេហូវ៉ាមានបន្ទូល​ពីលើ​មេឃ​ហៅគាត់ថា  អ័ប្រាហាំអើយ នោះគាត់ទូល​ឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ១២រួចទ្រង់មាន​បន្ទូល​ថា កុំឲ្យលូកដៃទៅលើកូនក្មេង នោះឡើយ កុំឲ្យធ្វើអ្វី​ដល់វាឲ្យសោះ ដ្បិតឥឡូវនេះអញដឹងថា ឯង​កោត​ខ្លាច​ដល់ព្រះហើយ ដោយព្រោះ​មិនបានសំចៃទុក នូវកូន​ឯងតែ១​នេះនឹងអញសោះ។

 អ័ប្រាហាំនាំអ៊ីសាកឡើងភ្នំ គាត់ស្តាប់តាមព្រះ ​ព្រោះគាត់​ជឿ​លើព្រះបន្ទូល គាត់មិនមែនធ្វើដោយ​ជំនឿខ្វាក់​ទេ ក៏មិនមែនធ្វើដោយជឿលើខ្លួនឯងដែរ តែគាត់ជឿលើ​ព្រះបន្ទូល​សន្យា​របស់ព្រះ គាត់កំពុងប្រព្រឹត្តដោយជឿទុកចិត្តលើព្រះ។

ព្រះបានមានបន្ទូលសន្យាជាច្រើនមកហើយ មុនមកដល់ជំពូក២២នេះ។ ​ថ្ងៃមួយព្រះបានមកជួប​អ័ប្រាហាំ ហើយ​សន្យា​ថា នឹងបង្កើតនគរ១យ៉ាងធំចេញពីគាត់ គឺថា គាត់និងប្រពន្ធនឹងបង្កើតបានកូន១ ហើយតាមរយៈកូននោះ គ្រប់ជាតិសាសន៍នៅលើផែនដីនឹងបានពរ។ អ័ប្រាហាំនឹងមានកូនចៅច្រើន​ដូចផ្កាយ​លើមេឃ និងខ្សាច់នៅសមុទ្រ។ ព្រះបានមករកអ័ប្រាហាំ និង​ធ្វើសេចក្តីសន្យាជាមួយគាត់។ តែអ័ប្រាហាំថា ព្រះអង្គឆ្កួតហើយ ខ្ញុំអាយុ៩០ឆ្នាំហើយ ប្រពន្ធខ្ញុំ៨០ឆ្នាំហើយ។ ស្ត្រីអាយុ​៨០ឆ្នាំមិនអាច​បង្កើតកូនបានទេ។” ១០ឆ្នាំក្រោយមកនៅតែមិនទាន់ឃើញ​សេចក្តី​សន្យា​របស់ព្រះបានសម្រេច​នៅឡើយ​ទេ។ អ័ប្រាហាំនៅតែជឿលើព្រះបន្ទូលសន្យារបស់ព្រះ


ពេលអ័ប្រាហាំ​អាយុ១០០ឆ្នាំ ហើយសារ៉ា ៩០ឆ្នាំ ទើបបង្កើតបាន​   កូន១គឺអ៊ីសាក។ ព្រះស្មោះត្រង់នឹង​សេចក្តី​សន្យារបស់ទ្រង់។ ជំនឿអ័ប្រាហាំមានភាពប្រាកដប្រជា ព្រោះព្រះស្មោះត្រង់នឹងសេចក្តីសន្យា​របស់ទ្រង់។ ​ហេតុនោះ នៅពេលទ្រង់មក​ល្បងអ័ប្រាហាំ “អ័ប្រាហាំ អញចង់ឲ្យឯង​ធ្វើ​យញ្ញបូជាអ៊ីសាកជា ដង្វាយដុតសម្រាប់អញនៅលើភ្នំ” អ័ប្រាហាំចេញ​ដំណើរ​ទៅដោយជឿថា ការស្លាប់របស់អ៊ីសាកនឹងមិនធំជាងសេចក្តីសន្យារបស់ព្រះឡើយ។ អ័ប្រាហាំចេញទៅ​ដោយជឿថា សេចក្តីស្លាប់របស់អ៊ីសាក(យញ្ញបូជារបស់អ៊ីសាក) នឹងមិនធំជាងសេចក្តីសន្យារបស់ព្រះឡើយ។ ទោះជាគាត់​មិនដឹងពីដំណើរទៅខាងមុខទៀតនឹងមានរឿងអ្វីកើតឡើងក៏ដោយ តែគាត់ច្បាស់​ណាស់ថា ព្រះនឹងធ្វើ​តាមបន្ទូលសន្យានូវអ្វីដែលនឹងកើតឡើងនៅលើភ្នំនោះ ព្រះអង្គនឹងបន្តភាពស្មោះត្រង់នឹង​សេចក្តី​សន្យា​របស់ទ្រង់។

នេះជាបទគម្ពីរដ៏អស្ចារ្យ បើអានលឿនពេក នោះនឹងរំលងចំណុចសំខាន់នេះ។ ពេលធ្វើដំណើរ​ឡើងទៅលើភ្នំ អ័ប្រាហាំ ដៃម្ខាងកាន់អុស ដៃម្ខាងទៀតកាន់កាំបិត ហើយអ៊ីសាកលីអុស។ អ័ប្រាហាំទុកអ្នកបំរើឲ្យនៅដោយឡែក ដោយនិយាយថា  ចូរឯងនៅទីនេះសិនមើលលាផង អញនឹងទៅឯណោះថ្វាយបង្គំជាមួយ​កូនអញ រួចសឹមមកឯឯង​វិញ  ” (ខ៥) (ភាសាអង់គ្លេសថា We will come back to you” មានន័យថា អ័ប្រាហំនិងកូននឹងត្រឡប់មកវិញ)។ អ័ប្រាហាំជឿថា គាត់ត្រូវធ្វើ​យញ្ញបូជា​អ៊ីសាក តែគាត់ក៏ជឿថា គាត់ទាំងពីរនឹងត្រឡប់ទៅវិញជាមួយគ្នាដែរ។ អ័ប្រាហាំ​ជឿថា ទោះបីអ៊ីសាកត្រូវស្លាប់ជាយញ្ញបូជាក៏ដោយ តែព្រះនឹង​ប្រោសឲ្យអ៊ីសាករស់ឡើងវិញ។ យើងដឹងយ៉ាង​ដូចម្តេច?

មានប្រាប់ក្នុងហេព្រើរ១១:១៩ “លោក[អ័ប្រាហាំ]បានរាប់ថា ព្រះទ្រង់អាចនឹងប្រោសកូន​ឲ្យ​រស់ពីស្លាប់​ឡើង​វិញ​បានផង ហើយលោកបានទទួលវាមកវិញមែន ធៀបដូចជា​រស់ពីស្លាប់ឡើងវិញ”។


អ័ប្រាហាំជឿថា កូនដែលត្រូវ​សំឡាប់ធ្វើយញ្ញបូជានឹងរស់ឡើងវិញ ហើយព្រះនឹងបន្តប្រទានពរដល់គ្រប់​ជាតិសាសន៍​​តាមរយៈកូន​នោះ។ យើងដឹងច្បាស់ជាងអ័ប្រាហាំ ព្រោះយើងដឹងពីព្រះយេស៊ូវនិង​ព្រះរាជកិច្ច​របស់ព្រះអង្គ ថាទ្រង់ ធ្វើជាយញ្ញបូជា ដែល​ត្រូវ​ព្រះជាម្ចាស់ប្រោសឲ្យរស់ឡើងវិញ ដើម្បីប្រទានពរដល់គ្រប់ជាតិសាសន៍នៅលើផែនដី អត់ទោស​បាប និងប្រទាន​សេចក្តីសង្គ្រោះ។ អ័ប្រាហាំនៅតែជឿទុកចិត្តថា ព្រះនឹងបន្តស្មោះត្រង់នឹង​សេចក្តី​សន្យារបស់ទ្រង់។


ជំនឿរបស់​អ័ប្រាហាំ​មិនមែន​ជាជំនឿដែលគ្មានភាពប្រាកដប្រជាឡើយ ព្រោះគាត់ច្បាស់លាស់​ណាស់ ពីសេចក្តីសន្យា​របស់ព្រះថា ទ្រង់នឹងប្រោសអ៊ីសាកឲ្យរស់ឡើងវិញ ឬទ្រង់នឹងប្រទានយញ្ញបូជា ជំនួសអ៊ីសាក។ ពេលអ័ប្រាហាំរៀបចំធ្វើយញ្ញបូជា  អ៊ីសាកនិយាយថា “ពុក ! ខ្ញុំថាយើងដូចជាខ្វះអ្វី១ ហើយនៅថ្ងៃនេះ។ ពុក! ឯណា​ចៀម?” អ័ប្រាហាំឆ្លើយក្នុង២២:៨ “កូនអើយ កូនចៀមដែល​សំរាប់​ជាដង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ ដូច្នេះក៏នាំគ្នាទៅទៀត

ជាថ្មីម្តងទៀត ចូរសង្កេតមើលការឆ្លើយតប​របស់អ័ប្រាហាំ  មិនមែនជាគំនិតវិជ្ជមានទេ គាត់មិននិយាយថា អូ! ពុកមិនដឹងទេ ពុកគ្រាន់តែជឿ ព្រះនឹងធ្វើ​ការល្អ ពុកមានអារម្មណ៍ល្អ ពីការនេះ”។ ទេ ! អ័ប្រាហាំមិនមែនជឿ លើអារម្មណ៍ល្អ ឬគំនិតវិជ្ជមានទេ! អ័ប្រាហាំជឿលើ ព្រះបន្ទូលសន្យារបស់ព្រះថា ព្រះនឹ​ងប្រោស​អ៊ីសាក​ឲ្យរស់ឡើងវិញ ឬ ជឿថា ព្រះនឹងប្រទាន យញ្ញបូជាមួយទៀត​ជំនួសអ៊ីសាក ព្រះនឹងប្រទាន កូនចៀមជំនួស​អ៊ីសាក។ តើព្រះធ្វើទេ? ប្រាកដណាស់ព្រះអង្គធ្វើ ! ព្រះអង្គផ្គត់ផ្គង់កូនចៀមមួយ ល្អឥតខ្ចោះ !


សេចក្តីបញ្ចប់៖
ជំនឿមិនមែនជាការជឿដោយងងិតមិនប្រាកដក្នុងចិត្តនោះទេ ជំនឿក៏មិនមែនជាគំនិតវិជ្ជមានឬ​ទុកចិត្តលើ​ខ្លួន​ឯងទេ  ជំនឿគឺជាការទុកចិត្តលើព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ !

អ័ប្រាហាំអាចយកអ៊ីសាក​ឡើងលើភ្នំធ្វើ   យញ្ញ បូជា ព្រោះគាត់បានដឹងហើយថា ព្រះបានសន្យាថា អ៊ីសាកនឹងធ្វើជាទីបញ្ចេញពរ។ ហើយគាត់មិនជឿថា ការស្លាប់របស់អ៊ីសាកនឹងសម្រេចតាម​សេចក្តីសន្យារបស់ព្រះឡើយ។ ដូច្នេះ អ័ប្រាហាំកាន់ជាប់សេចក្តី​សន្យា​របស់ព្រះថាទ្រង់នឹងផ្គត់ផ្គង់។ តែយើងនៅតែមានចម្ងល់ថា តើខ្ញុំមានសេចក្តីជំនឿប្រភេទនេះឬទេ? តើអ្នកមាន​សេចក្តី​ជំនឿប្រភេទនេះឬទេ? ពេលខ្ញុំគិតពីរឿងនេះ ការសួរបែបនេះគឺជាការសួរដែលខុស។ យើងមិនសួរថា តើខ្ញុំមានជំនឿបែបនេះ នោះទេ យើងមិនសួរថា តើយើងមានជំនឿត្រឹមត្រូវឬទេ នោះទេ តែយើងគួរសួរថា តើព្រះប្រទានយញ្ញបូជាឬទេ?

ការអនុវត្តន៍៖
យើងទាំងអស់នៅទីនេះមានជំនឿកម្រិតផ្សេងៗគ្នា។ អ្នកខ្លះមានជំនឿអាចធ្វើយញ្ញបូជា​កូនខ្លួនឯង​បាន។ អ្នកខ្លះ​មាន​ជំនឿប៉ុនគ្រាប់ពូជតូចល្អិត។ អ្នកខ្លះឲ្យនិយមន័យខុស អំពីសេចក្តីជំនឿ។ តែយើងស្តាប់ព្រះបន្ទូលថ្ងៃនេះ មិនមែន​អំពីជំនឿខ្ញុំខ្លាំងឬខ្សោយប៉ុណ្ណានោះទេ។ តែយើងគួរតែសួរថា តើព្រះរបស់ខ្ញុំទ្រង់ស្មោះត្រង់ប៉ុណ្ណា? មិនមែនសួរថា តើខ្ញុំ​មានជំនឿដូចអ័ប្រាហាំឬទេ នោះទេ តែគួរសួរថា តើខ្ញុំមានព្រះតែមួយនឹងព្រះរបស់អ័ប្រាហាំឬទេ? ជាព្រះដែលផ្គត់ផ្គង់កូនចៀមយញ្ញបូជា ជាអង្គដែលប្រទានជីវិត។ តើនេះជាព្រះដែលអ្នកបានជឿតាមឬទេ? ចំលើយគឺ Absolutely YES. ប្រាកដណាស់ ! ព្រះរបស់អ្នកគឺជាព្រះតែមួយនឹងព្រះរបស់អ័ប្រាហាំ។ អ្នកមានព្រះដែលប្រទាន​យញ្ញបូជាសំរាប់ជីវិត​អ្នក គឺជាព្រះដែលប្រទានព្រះរាជបុត្រាទ្រង់សំរាប់អ្នក។

រឿងនេះមិនមែនអំពីអ្នកត្រូវធ្វើយញ្ញបូជាកូនអ្នកទៅព្រះទេ មិនមែនអំពីធ្វើយញ្ញបូជាជីវិតអ្នកទៅព្រះទេ។ រឿងនេះគឺ អំពីព្រះប្រទានយញ្ញបូជា​សម្រាប់ជីវិតរបស់អ្នកនឹងខ្ញុំ ដើម្បីអត់ទោសបាប ដើម្បីសំរេចតាម​បន្ទូលសន្យារបស់ទ្រង់ ដើម្បីឲ្យអ្នកនិងខ្ញុំមានជីវិតអស់កល្បជានិច្ច នៅជាមួយទ្រង់ជារៀងរហូត។

ភ្នំម៉ូរីយ៉ាជាកន្លែងដែលព្រះឲ្យអ័ប្រាហាំ ថ្វាយយញ្ញបូជាកូនប្រុសជាទីស្រឡាញ់តែ១គត់របស់គាត់។ ក្រោយមក ព្រះវិហារនៅក្នុងយេរូសាឡិមត្រូវបានសង់នៅ លើភ្នំម៉ូរីយ៉ា។ នៅទីនោះជាកន្លែងដែលគេ​ថ្វាយយញ្ញបូជាដល់ព្រះ ហើយជាទីតាំង​ដែលគេ​ថ្វាយព្រះយេស៊ូវជាយញ្ញ បូជាដល់ព្រះ ដើម្បីលោះបាប​មនុស្សលោក។ គេហៅកន្លែងនោះថា ព្រះនឹងផ្គត់ផ្គង់ឲ្យ” ជាកន្លែងដែលព្រះផ្គត់ផ្គង់ សេចក្តីសង្គ្រោះ​តាមរយៈព្រះយេស៊ូវ។

លោកយ៉ូហានបាប់ទីស្ទបានហៅព្រះយេស៊ូវថាជា “កូនចៀមនៃព្រះដែលដោះ​បាបមនុស្ស​លោក” (យ៉ូហាន១:២៩)។ ព្រះយេស៊ូវផ្ទាល់បានប្រកាសថា ទ្រង់បានមកដើម្បី”ឲ្យជីវិតខ្លួនទុកជាថ្លៃ​លោះមនុស្សជាច្រើន”(ម៉ាកុស១០:៤៥)។ “គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារ​ពូជឯង”ត្រូវបានសំរេច ក្នុងព្រះយេស៊ូវគ្រីស្ទ។

រឿងនេះមិនមែនអំពីថាតើអ្នកត្រូវមានជំនឿខ្លាំងឬខ្សោយនោះទេ។ តែគឺថាតើអ្នកមានព្រះដែល​មានព្រះគុណល្មម សំរាប់អ្នកឬទេ? ចំលើយគឺ ប្រាកដណាស់ ! ព្រះប្រទានព្រះយេស៊ូវជាយញ្ញបូជា ព្រះយេស៊ូវសុគតសំរាប់អ្នកនឹងខ្ញុំ អ្នកនឹងខ្ញុំទទួលបានការអត់ទោស ហើយយើងអាច​រស់នៅដោយក្លាហានដូចអ័ប្រាហាំដែរ។ អំណាចរបស់ព្រះ ការសំរេចតាមសន្យារបស់ព្រះ ការអត់ទោសរបស់ព្រះ ជីវិតអស់កល្បជានិច្ច គឺសំរាប់អ្នកនឹងខ្ញុំ ដោយព្រោះព្រះយេស៊ូវ គឺជាកូនចៀមដែលដោះបាបមនុស្សលោក។ អាម៉ែន។

សូមអធិស្ឋានជាមួយខ្ញុំ៖
ព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយ ! កូនសូមអរព្រះគុណ ដែលទ្រង់បានប្រទានយញ្ញ​បូជាព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីលោះបាបទូលបង្គំយើងខ្ញុំ។ ទូលបង្គំសូមទ្រង់ពង្រឹងសេចក្តី ជំនឿរបស់ទូលបង្គំយើងខ្ញុំ​លើព្រះរាជបុត្រាទ្រង់ផង។ កុំឲ្យទូលបង្គំ​យើងខ្ញុំជឿទុកចិត្តលើខ្លួនឯង តែសូមបង្រៀន ទូលបង្គំយើងខ្ញុំឲ្យជឿទុកចិត្ត​លើព្រះបន្ទូលសន្យា​របស់ព្រះអង្គវិញ សូមព្រះអង្គថែរក្សា ដឹកនាំយើងខ្ញុំ ឆ្ពោះទៅជីវិតអស់កល្បជានិច្ច។ ទូលបង្គំអរព្រះគុណក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។


ឯកសារពិគ្រោះ
-         Fleming, Don. Bridge Bible Commentary (Volume1), Genesis-Deuteronomy, Phnom Penh: Fount of Wisdom, 2007.
-         Fee, Gordon D. and Stuart Douglas. How to read the Bible for all Its Worth, London: Scripture Union,
1982.  (220.61 FEE)
-         http://www.dkdl.org/ preaching Christ from the Old Testament


0 Comments

Type and hit Enter to search

Close