សេចក្ដីផ្ដើម
នៅពេលដែលព្រះជាម្ចាស់ទ្រង់បានប្រគល់ក្រឹត្យវិន័យរបស់ព្រះអង្គទៅពួកអ៊ីស្រាអែល
តាមរយៈលោកម៉ូសេ
នោះលោកម៉ូសេបានកត់ទុកនូវក្រឹត្យវិន័យទាំងឡាយដែលព្រះជាម្ចាស់ទ្រង់បានផ្តល់អោយ ព្រមទាំងប្រកាសប្រាប់គ្រប់ទាំងក្រឹត្យវិន័យនោះដល់ពួកអ៊ីស្រាអែលថែមទៀតផង។
នៅក្នុងក្រឹត្យវិន័យដែលមានជាង2000នោះ
ពួកអ៊ីស្រាអែលភាគច្រើនបានទន្ទេញចាំមាត់របស់ពួកគេ
ពួកគេតែងតែធ្វើតាមក្រឹត្យវិន័យនោះក្នុងដំណើរដែលពួកគេដើរជាមួយនឹងព្រះអង្គនៅក្នុងរហោស្ថាន
ក៏ដូចជានៅពេលដែលពួកបានចូលទៅក្នុងទឹកដីសន្យាដែលព្រះទ្រង់បានសន្យាថានឹងប្រទានដល់ពួកគេ។
ទោះបីជាពួកគេមិនបានប្រព្រឹត្តតាមក្រឹត្យវិន័យគ្រប់ទាំងអស់ក៏ដោយ
ប៉ុន្តែពួកគេបានព្យាយាមក្នុងការកាន់ក្រឹត្យវិន័យនោះ។ ពួកគេថ្វាយបង្គំព្រះ
ថ្វាយដង្វាយ ថ្វាយយញ្ញបូជា ដោយប្រើសត្វល្អ ធាត់ៗ ពួកគេខិតខំធ្វើពិធីបុណ្យសាសនាផ្សេងៗដែលមាននៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ។
ប៉ុន្តែមានបញ្ហាដែលកើតឡើងនៅក្នុងប្រព័ន្ធនៃការថ្វាយបង្គំ និងការថ្វាយដង្វាយនោះ
ជាការពិតបញ្ហាបានកើតជាយូរមកហើយ ប៉ុន្តែវាបន្តមកដល់ជំនាន់របស់ហោរាអេសាយ។
យើងនឹងមើលជាមួយតើអ្វីដែលជាបញ្ហារបស់ពួកអ៊ីស្រាអែលក្នុងការថ្វាយបង្គំព្រះ
និងការថ្វាយដង្វាយផ្សេងៗ? (អានអត្ថបទគម្ពីរ រួចអធិស្ឋាន)
១.
ពួកអ៊ីស្រាអែលជាពួកក្រុងសូដុំម និងក្រុងកូម៉ូរ៉ា 10-12
សំនួរសួរថាតើនៅក្នុងខ10នេះលោកអេសាយបាននិយាយទៅកាន់អ្នកណា? ។
ខ្ញុំដឹងថាលោកគ្រូ អ្នកគ្រូ អ៊ំពូមីង និងបងប្អូនទាំងអស់គ្នាបានដឹងរួចមកហើយពួកសូដុំម
និងកូម៉ូរ៉ាត្រូវបានព្រះជាម្ចាស់ទ្រង់បំផ្លាញតាំងពីជំនាន់ព្រះគម្ពីរលោកុប្បត្តិគឺជាជំនាន់បិតានៃសេចក្ដីជំនឿ
គឺលោកអ័ប្រាហាំ
ចុះហេតុដូចម្ដេចធ្វើអោយលោកអេសាយបានប្រកាសព្រះបន្ទូលទាស់នឹងពួកក្រុងនោះទៀត។ទោះបីជាមានឈ្មោះពួកសូដុំម
និងកូម៉ូរ៉ាក្ដី ប៉ុន្តែលោកអេសាយបាននិយាយចង្អុលទៅពួកអ៊ីស្រាអែលនោះទេ
នៅពេលដែលពួកអ៊ីស្រាអែលបានលឺឈ្មោះក្រុងសូដុំម និងកូមូរ៉ា
ពួកអ៊ីស្រាអែលបានដឹងពីសាច់រឿងដែលកើតមាននៅក្នុងទីក្រុងនោះ ថាមានរឿងអ្វីបានកើតឡើង។
នៅពេលដែលបានលឺពីការប្រកាសពីក្រុងសូដុំម និងកូម៉ូរ៉ាភ្លាមពួកអ៊ីស្រាអែលបានដឹងថា
លោកអេសាយកំពុងតែនិយាយឌឺពួកគេហើយ ប្រហែលជាពួកអ៊ីស្រាអែលខឹង ពួកគេអន់ចិត្ត
ពួកគេឈឺចាប់ ហើយប្រហែលជាមានការឆ្លើយតបខ្លះទៅចំពោះលោកអេសាយវិញថា
ពួកយើងជារាស្រ្តរបស់ព្រះ ពួកយើងថ្វាយបង្គំនៅក្នុងក្រុងយេរូសាឡិម
ពួកយើងមានក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ម៉េចបានលោកអេសាយហ៊ានថាពួកយើងដូចជាពួកសូដុំម
និងកូម៉ូរ៉ា? សូមបានមើលខ១០ម្ដងទៀត
ប្រហែលជាលោកអេសាយនិយាយការតវ៉ារបស់ពួកអ៊ីស្រាអែលជារឿងត្រឹមត្រូវ
ពួកគេមិនដូចជាពួកក្រុងសូដុំម និងក្រុងកូម៉ូរ៉ានោះទេ ប៉ុន្តែពួកគេគឺជាពួកសូដុំម
និងពួកកូម៉ូរ៉ាតែម្ដង ទោះបីជាពួកគេថ្វាយបង្គំព្រះ
ទោះបីជាពួកគេថ្វាយដង្វាយទៅកាន់ព្រះជាម្ចាស់
ជាច្រើនប៉ុន្តែក្នុងចិត្តរបស់ពួកគេបានបដិសេធព្រះជាម្ចាស់តាំងតែពីលើកដំបូង។
យើងនឹងមើលបន្តទៀតថា
តើព្រះជាម្ចាស់ទ្រង់មានអារម្មណ៍យ៉ាងណាចំពោះការថ្វាយបង្គំរបស់ពួកអ៊ីស្រាអែល
ព្រះអង្គទ្រង់មានបន្ទូលថា យញ្ញបូជាដ៏ច្រើនទាំងនេះ វាគ្មានន័យចំពោះអញនោះទេ
វាគ្មានប្រយោជន៍ទេ ព្រះអង្គថាអញធុញទ្រាន់ អញមិនចូលចិត្ត
នោះបញ្ហាដ៏ធំរបស់ពួកអ៊ីស្រាអែល លោក
អេសាយកំពុងតែចាក់ចំចំណុចរបស់របស់ពួកអ៊ីស្រាអែលហើយ ចាក់ចំចិត្តរបស់ពួកគេ
ពីព្រោះក្នុងគំនិតរបស់ពួកគេ ពួកគេគិតថា
ការដែលពួកគេធ្វើនោះអាចធ្វើអោយព្រះអង្គសព្វព្រះហឬទ័យហើយ
ពួកគេមានអំណួតចំពោះដង្វាយដែលជាសត្វរបស់ពួកគេ
ពួកគេមានអំណួតក្នុងការថ្វាយបង្គំរបស់ពួកគេ ពួកគេគិតថា
ពួកគេអាចធ្វើអោយព្រះសព្វព្រះហឬទ័យចំពោះពួកគេបានតាមរយៈការប្រព្រឹត្តរបស់ពួកគេ
នោះជាអំនួតមួយដែលមាននៅក្នុងចិត្តរបស់ពួកគេ
វាជាចំណុចអាក្រក់របស់ពួកគេដែលបានលាក់នៅក្នុងចិត្តយ៉ាងជ្រៅ
ប៉ុន្តែត្រូវបានលោកអេសាយគាស់ជីកឡើង។
ពួកគេភ្ញាក់ផ្អើលខ្លាំងនៅពេលដែលលឺការប្រកាសទាស់ប្រឆាំងនឹងពួកគេយ៉ាងនេះ ប៉ុន្តែប្រហែលជាពួកគេនឹងឆ្លើយតបថា
តើអ្នកណាដែលបង្គាប់ពួកគេអោយពួកគេធ្វើយ៉ាងដូច្នេះ តើអ្នកណាដែលជាអ្នកកំណត់ទម្រង់
ឬប្រព័ន្ធនៃការថ្វាយបង្គំ ឬការថ្វាយដង្វាយ នេះគឺជាគំនិតរបស់ព្រះជាម្ចាស់ មែនអត់?
ពួកអ៊ីស្រាអែលគិតត្រូវហើយពួកគេគ្រាន់តែធ្វើអ្វីដែលព្រះជាម្ចាស់ចង់អោយពួកគេធ្វើតើ
ដែលមានចែងនៅក្នុងលេវីវិន័យ ពួកគេធ្វើត្រឹមត្រូវអត់មានអីខុសទេ?
ចុះតើលោកអេសាយកំពុងប្រកាសព្រះបន្ទូលបន្ទោសពួកគេអំពីអ្វី?ចុះហេតុអ្វីបានជាព្រះជាម្ចាស់ទ្រង់ធុញទ្រាន់ចំពោះដង្វាយដែលជាយញ្ញបូជារបស់ពួកគេ
យើងនឹងមើលការពន្យល់បន្តរបស់លោកអេសាយជាមួយគ្នា។ ជាមួយគ្នាដែរនៅក្នុងខ12ព្រះជាម្ចាស់ទ្រង់បានពន្យល់ពីអត្ថន័យនៃការថ្វាយបង្គំដ៏ពិតប្រាកដ
គឺជាការចូលទៅចំពោះព្រះ ការថ្វាយបង្គគឺជាការចូលទៅឈរនៅបល្ល័ងរបស់ព្រះជាម្ចាស់
ចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់គឺជា ការចូលទៅទីលានរបស់ព្រះជាម្ចាស់
ប៉ុន្តែភាពស្រស់ស្អាតនៃការថ្វាយបង្គំនេះត្រូវបានពួកអ៊ីស្រាអែលជាន់ឈ្លី
ប្រមាថមើលងាយនៃការថ្វាយបង្គំទៅចំពោះព្រះជាម្ចាស់ ព្រះអត់សព្វព្រះហឬទ័យនោះទេ។
2. ដង្វាយ
ឬយញ្ញបូជាដែលឥតប្រយោជន៍ (the vain offering) 13-15
យើងអាចមើលឃើញគន្លិះពីរយ៉ាងនៅទីនេះ។
លោកអេសាយកំពុងតែស្ទាប់ស្ទង់ឬសគល់នៃបញ្ហាដែលកើតមានឡើង
លោកកំពុងតែជីកអោយពួកអ៊ីស្រាអែលដឹងនូវអ្វីដែលពួកគេកំពុងតែប្រព្រឹត្តក្នុងការថ្វាយបង្គំដូចជាការថ្វាយដង្វាយដែរ។
យើងអាចមើលឃើញគន្លិះទីមួយថា ព្រះជាម្ចាស់ទ្រង់មិនចង់បានដង្វាយដែលឥតប្រយោជន៍ដែលពួកអ៊ីស្រាអែលថ្វាយនោះទេ
អ្វីដែលព្រះអង្គមិនសព្វព្រះហឬទ័យនោះគឺជា
ភាពប្រហោងខាងក្នុងចិត្តរបស់ពួកអ៊ីស្រាអែលក្នុងការថ្វាយ ដង្វាយ ឬការថ្វាយបង្គំចំពោះព្រះជាម្ចាស់
គេថ្វាយដង្វាយយ៉ាងច្រើន គេថ្វាយបង្គំតែភាពខាងក្រៅរបស់ពួកគេ
ប៉ុន្តែខាងក្នុងចិត្តរបស់ពួកគេប្រហោង គ្មានព្រះនៅក្នុងចិត្តពួកគេសោះ ។
គន្លិះទីពីរគឺថា
ព្រះជាម្ចាស់ទ្រង់រាប់ការថ្វាយបង្គំរបៀបនោះថាជាដង្វាយដែលគ្មានតម្លៃ
ការថ្វាយដង្វាយដោយគ្មានប្រយោជន៍សោះ
យើងអាចមើលឃើញថាព្រះជាម្ចាស់ស្អប់ខ្ពើមចំពោះដង្វាយដែលពួកគេថ្វាយទៅចំពោះព្រះអង្គ។
ដូច្នេះបញ្ហាត្រូវបានបង្ហាញហើយ បញ្ហានៃការថ្វាយបង្គំ
និងការថ្វាយដង្វាយត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងប៉ុន្មានខចុងក្រោយនេះ
បញ្ហារបស់ពួកអ៊ីស្រាអែលក្នុងការថ្វាយបង្គំ និងការថ្វាយដង្វាយ
មិនមែនជាបញ្ហាឥរិយាបថនៃការថ្វាយបង្គំនោះទេ ប៉ុន្តែវាគឺជាបញ្ហានៃចិត្តដែលប្រហោង
ពួកអ៊ីស្រាអែលថ្វាយបង្គំព្រះតែសម្បកក្រៅរបស់ពួកគេ ប៉ុន្តែចិត្តរបស់ពួកគេគឺទទេ។ ពួកគេធ្វើអំពើបាបហើយមិនទាំងកែប្រែចិត្តផង
ពួកគេបាននាំអំពើបាបដែលមាននៅក្នុងចិត្តរបស់ពួកគេ
ចូលទៅក្នុងព្រះវត្តមាននៃព្រះដោយមិនបានលន់តួនៅចំពោះព្រះ មិនបានសុំការអភ័យពីព្រះ
ពួកគេមិនខ្វល់ពីបាបដែលពួកគេបានប្រព្រឹត្ត ពួកគេគិតថាព្រះមិនខ្វល់ពីការគិត
ព្រះមិនខ្វល់ពិចិត្តរបស់ពួកគេ សំខាន់ពួកគេបានមកថ្វាយបង្គំព្រះជាម្ចាស់។ បើសិនជាខ្ញុំសួរលោកគ្រូ
អ្នកគ្រូ និងបងប្អូនទាំងអស់គ្នាថា តើអ្វីដែលអាចជាបន្ទុកដល់ព្រះ
តើអ្វីដែលព្រះមិនសព្វព្រះហឬទ័យ? ប្រហែលជាមានចម្លើយខុសៗគ្នា អ្នកខ្លះប្រហែលជាថា
ព្រះអង្គស្អប់អំពើអយុត្តិធម៌ អ្នកខ្លះថាព្រះស្អប់អំពើកាប់សម្លាប់គ្នា
អ្នកខ្លះថាព្រះស្អប់ ការស៊ីសំណូកសូកប៉ាន់ជាដើម ហើយវាជារឿងដែលត្រឹមត្រូវ
ការទាំងនេះគឺជាអ្វីដែលព្រះអង្គមិនសព្វព្រះហឬទ័យ
ប៉ុន្តែវាមិនសំខាន់ជាងការដែលរាស្រ្តរបស់ព្រះអង្គថ្វាយបង្គំព្រះអង្គដោយចិត្តដែលប្រហោងធ្លុង
ហើយមិនកែប្រែចិត្តនោះទេ។ ព្រះជាម្ចាស់ទ្រង់បានមានបន្ទូលនៅក្នុងខ១៤ថា
ព្រះអង្គធុញទ្រាន់ នឿយណាយ ហើយទ្រាំមិនបាននូវទង្វើរដែលពួកអ៊ីស្រាអែលធ្វើ
ប៉ុន្តែមិនមែនតែផ្នែកសីលធម៌នោះទេដែលព្រះអង្គទ្រង់មិនសព្វព្រះហឬទ័យ
ប៉ុន្តែជាផ្នែកខាងព្រលឹងវិញ្ញាណផងដែរដែលធ្វើអោយព្រះអង្គទ្រង់នឿយណាយចំពោះការថ្វាយបង្គំ
និងការថ្វាយដង្វាយរបស់ពួកគេ។ ព្រះជាម្ចាស់ទ្រង់បានបដិសេធការរបៀបដែលថ្វាយបង្គំនោះ
ទោះបីជាការថ្វាយបង្គំនោះគឺជា ការថ្វាយបង្គំដល់ព្រះអង្គទ្រង់ផ្ទាល់ក៏ដោយ
វាមិនមែនជាការថ្វាយបង្គំដល់រូបព្រះ ឬអ្វីនោះទេ វាជាការថ្វាយបង្គំដែលបានចែងទុកនៅក្នុងព្រះគម្ពីរ
វាហាក់ដូចជារឿងដែលអស់សំណើចដែលព្រះជាម្ចាស់ទ្រង់បានបដិសេធការថ្វាយបង្គំដែលព្រះជាម្ចាស់ទ្រង់បានចែងអោយពួកគេបានធ្វើ។
នៅពេលដែលការថ្វាយបង្គំត្រូវបានបដិសេធ ត្រូវបានព្រះទ្រង់មិនសព្វព្រះហឬទ័យនោះ
ព្រះអង្គទ្រង់នឹងមិនព្រមបែរត្រលប់មកស្ដាប់ពាក្យអធិស្ឋាននោះឡើយ។ ទោះបីជាយើងខំប្រឹងអធិស្ឋានជារឿងៗ
រាល់ថ្ងៃ មួយថ្ងៃបីដង 4 ឬ 5ដង
ប៉ុន្តែដៃដែលប្រលាក់ឈាមធ្វើអោយព្រះជាម្ចាស់ទ្រង់បែរព្រះភក្រ្តទ្រង់ចេញពីសេចក្ដីអធិស្ឋាននោះ។
ដៃដែលប្រលាក់ឈាម តើមានន័យថាម៉េច? សម្លាប់មនុស្សបានប្រលាក់ឈាម
ដូច្នេះខ្ញុំអត់សម្លាប់មនុស្សព្រះជាម្ចាស់ប្រហែលជាសព្វព្រះហឬទ័យចំពោះការថ្វាយបង្គំរបស់ខ្ញុំហើយ
សូមបានសួរខ្លួនឯងថាតើដៃរបស់ខ្ញុំបានប្រលាក់ឈាមទេ
សូមគិតអោយជ្រៅបន្តិចថាតើដៃដែលប្រលាក់ឈាមនោះមានន័យដូចម្ដេច? នៅពេលដែលឃើញមនុស្សមានទុក្ខលំបាកហើយមិនជួយនោះឯងជាដៃដែលប្រលាក់ឈាម
ការដែលមិនខ្វល់ខ្វាយជាមួយសេចក្ដីត្រូវការរបស់មនុស្សដែលនៅជុំវិញខ្លួននោះក៏ជាដៃដែលប្រលាក់ឈាម
ប្រហែលជាអស់លោកអ្នកបងប្អូន លោកគ្រូ អ្នកគ្រូនិយាយថា
ខ្ញុំខ្វល់ខ្វាយជាមួយនឹងប្រពន្ធកូនខ្ញុំ នោះឯងជាមនុស្សដែលនៅជុំវិញខ្លួនខ្ញុំ ត្រូវ!!!
ប៉ុន្តែមនុស្សដែលនៅជុំវិញខ្លួននោះមិនមែនតែប្ដី ប្រពន្ធ កូននោះទេ
មានដែលដឹងទេមនុស្សដែលអង្គុយស្ដាប់ព្រះបន្ទូលនៅជុំវិញបងប្អូនកំពុងតែមានបញ្ហាអ្វី
ប្រហែលជាមិនមែនជាបញ្ហាលុយកាក់នោះទេ ប៉ុន្តែតើគាត់មានបញ្ហាគ្រួសារទេ
តើគាត់មានបញ្ហាការងាររបស់គាត់ដែរទេ តើគាត់កំពុងតែបាក់ទឹកចិត្តដែរទេ
តើគាត់កំពុងតែត្រូវការជំនួយផ្នែកណាមួយក្នុងជីវិតរបស់គាត់? ចុះតើធ្លាប់ដឹងដែរទេថា
តើអ្នកដែលនៅទល់មុខផ្ទះរបស់យើង នៅជាប់ផ្ទះរបស់យើងកំពុងតែមានបញ្ហាអ្វី?
ភាពអាត្មានិយមដែលមាននៅក្នុងចិត្តបានធ្វើអោយព្រះជាម្ចាស់ទ្រង់បដិសេធការថ្វាយបង្គំរបស់យើងទៅចំពោះព្រះជាម្ចាស់។
៣. ការកែប្រែចិត្ត repentance
16-17
នៅក្នុងពីរខចុងក្រោយនេះលោកអេសាយបានធ្វើការអញ្ជើញមួយទៅដល់ពួកអ៊ីស្រាអែល
គឺជាការអញ្ចើញអោយធ្វើការប្រែចិត្តដើម្បីអោយព្រះជាម្ចាស់ទ្រង់សព្វព្រះហឬទ័យចំពោះការថ្វាយបង្គំ
និងការថ្វាយយញ្ញបូជារបស់ពួកគេ។
ព្រះជាម្ចាស់ទ្រង់បានហៅយើងអោយធ្វើការប្រែចិត្តតាមវិធីមួយដែលជាក់ស្ដែងបំផុត ចូរជម្រះខ្លួនអោយស្អាតចុះ
តើលោកអេសាយចង់ប្រាប់យើងអោយទៅងូតទឹកឬ? ការជម្រះខ្លួនអោយស្អាតគឺជា
ការជម្រះជីវិតរបស់យើងអោយស្អាត។ ទ្រង់សង្កត់ធ្ងន់ទៅលើសកម្មភាពរបស់យើង
ការដែលយើងអាចយកចិត្តទុកដាក់មនុស្សដែលនៅជុំវិញខ្លួនយើងបានល្អនោះឯងជាការថ្វាយបង្គំដ៏ពិតប្រាកដ។
ការកែប្រែចិត្តដ៏ពិត មិនមែនជំនួសអោយការស្ដាប់បង្គាប់នោះទេនោះទេ
ប៉ុន្តែការកែប្រែចិត្តដ៏ពិតជម្រុញអោយមានការស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់។ ការកែប្រែចិត្តមិនមែនត្រឹមតែ
បំបាត់ការអាក្រក់ បំបាត់ភាពអាត្មានិយមចេញពីក្នុងចិត្តរបស់យើងនោះទេ នៅមានទៀតនោះគឺ
ឈប់ប្រព្រឹត្តតទៅទៀត
ហើយចាប់ផ្ដើមយកចិត្តទុកដាក់ជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួនរបស់យើងមើលថែរក្សាពួកជំនុំរបស់យើងទាំងអស់គ្នា។
៤. សរុបសេចក្ដី conclusion
សរុបសេចក្ដីមកនៅពេលដែលពួកអ៊ីស្រាអែលបានទទួលក្រឹត្យវិន័យដែលទាក់ទងទៅនឹងជីវិតសាសនារបស់ពួកគេនោះពួកគេមានការយល់ច្រឡំមួយយ៉ាងធំ
គឺពួកគេគិតថាព្រះជាម្ចាស់ត្រូវការអោយពួកគេធ្វើតាមក្រឹត្យវិន័យទាំងនោះ
តាមរយៈការប្រព្រឹត្តរបស់ពួកគេ
បានជារាលឆ្នាំពួកគេតែងតែមកជួបជុំគ្នាក្នុងថ្ងៃបុណ្យរំលងដើម្បីនឹងធ្វើការថ្វាយយញ្ញបូជាទៅចំពោះព្រះជាម្ចាស់
សុំការអត់ទោសពីព្រះជាម្ចាស់សម្រាប់គ្រប់ទាំងអំពើបាបរបស់ពួកគេ
ប៉ុន្តែពួកគេមិនដែលមានការកែប្រែចិត្តសោះ។
យញ្ញបូជានោះមិនដែលធ្វើអោយពួកគេបានរួចពីបាបឡើយ
បើសិនជាខាងក្នុងចិត្តរបស់ពួកគេប្រហោងធ្លុង គ្មានព្រះ
គ្មានសេចក្ដីស្រលាញ់ទៅចំពោះព្រះអង្គ
បានជានៅពេលដែលស្ដេចសូលបានមិនស្ដាប់បង្គាប់ព្រះដោយទុកសត្វខ្លះនៅពេលដែលទ្រង់ត្រលប់មកពីធ្វើសង្រ្គាមជាមួយនឹងពួកអាម៉ាលេកវិញ
ដោយគិតថាយកសត្វនោះទៅថ្វាយយញ្ញបូជាដល់ព្រះ ប៉ុន្តែព្រះអង្គទ្រង់បង្គាប់ថា
អោយសម្លាប់អោយអស់ ប៉ុន្តែសូលបានទុកខ្លះយញ្ញបូជានោះត្រូវបានបដិសេធយ៉ាងខ្លាំងពីព្រះ
សូមម្នាក់បានអាន១សាំយូអែល១៥ខ២២-២៣។ យញ្ញបូជាដែលពួកគេបានថ្វាយទៅចំពោះព្រះនោះគ្មានប្រយោជន៍សោះសម្រាប់ព្រះជាម្ចាស់
វាមិនបានដោះស្រាយបញ្ហាដែលមនុស្សមានចំពោះព្រះសោះឡើយ ឯអស់ទាំងសង្ឃក៏ឈរធ្វើការងាររាល់តែថ្ងៃ
ទាំងថ្វាយយញ្ញបូជាដដែលជាញឹកញយ ដែលពុំអាចនឹងដោះបាបបានឡើយ ហេព្រើ១០:១១ ប៉ុន្តែមានយញ្ញបូជាមួយដែលធ្វើអោយព្រះទ្រង់សព្វព្រះហឬទ័យ
ហើយបានដោះស្រាយបញ្ហាដ៏ធំរបស់មនុស្សជាតិនោះគឺ
ជាយញ្ញបូជារបស់អង្គព្រះយេស៊ូគ្រីស្ទដែលទ្រង់ជាយញ្ញបូជាដ៏គ្រប់លក្ខណ៍ដែលព្រះទ្រង់សព្វព្រះហឬទ័យ
ចូរសំអាតដំបែចាស់ចេញ
ដើម្បីឲ្យអ្នករាល់គ្នាបានត្រឡប់ជាដុំម្សៅថ្មីវិញ
ដ្បិតអ្នករាល់គ្នាបានឥតដំបែហើយ
ព្រោះព្រះគ្រីស្ទដ៏ជាយញ្ញបូជានៃបុណ្យរំលង
នោះបានត្រូវថ្វាយជំនួសយើងរាល់គ្នាហើយ១កូរិនថូស៥:៧។
៥. ចំណុចអនុវត្តន៍
ដូច្នេះតើព្រះជាម្ចាស់ទ្រង់សព្វព្រះហឬទ័យអោយយើងថ្វាយបង្គំ
ឬថ្វាយយញ្ញបូជាយ៉ាងដូចម្ដេច? ឯដង្វាយដែលគួរថ្វាយដល់ព្រះ នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ
ឱព្រះអង្គអើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ ហើយទន់ទាបឡើយ ទំនុកដំកើង៥១:១៧ គឺថ្វាយចិត្តដែលខ្ទេចខ្ទាំទៅព្រះ
ហើយទទួលមកវិញនូវចិត្តដែលស្អាត ចិត្តដែលបានព្យាបាលរួចហើយ គ្មានភាពអាត្មានិយម
មិនស្រលាញ់តែខ្លួនឯងប៉ុន្តែស្រលាញ់ទៅចំពោះអ្នកដទៃ ដែលនៅជុំវិញខ្លួនឯងដែរ។
នៅក្នុងក្រឹត្យវិន័យទាំង១០នៅក្នុងនិក្ខមនំ
មាន៤សម្រាប់អ្វីដែលយើងត្រូវធ្វើចំពោះព្រះ
ប៉ុន្តែមាន៦ដែលយើងត្រូវធ្វើចំពោះមនុស្សដែរ
ចំណែក ឯក្រឹត្យវិន័យរបស់ព្រះយេស៊ូវមានតែ១ដែលយើងត្រូវធ្វើសម្រាប់ព្រះ
ហើយមានតែ១ដែលយើងត្រូវធ្វើសម្រាប់មនុស្សដូចគ្នា។
ដូច្នេះព្រះអង្គទ្រង់មិនចង់អោយយើងរស់នៅសម្រាប់តែព្រះអង្គមួយប៉ុណ្ណោះទេ
មិនមែនរស់សម្រាប់តែបម្រើព្រះដែលមានចំណែកនៅក្នុងព្រះវិហារប៉ុណ្ណោះទេ តែដែលបម្រើមនុស្សដែលនៅជុំវិញយើងនោះឯងគឺជា
ការបម្រើព្រះ ហើយក៏ជាការថ្វាយបង្គំព្រះដែរ វាជាដង្វាយដែលព្រះអង្គទ្រង់សព្វព្រះហឬទ័យបំផុត។
ដូច្នេះអស់លោកអ្នកដែលចេះអធិប្បាយ ហើយគិតថា
ខ្ញុំចេះអធិប្បាយបានល្អគិតតែអធិប្បាយក្នុងព្រះវិហារបានហើយ ព្រះអង្គឈប់សិន
អ្នកដែលបង្រៀនកុមារ គិតថាខ្ញុំគិតតែបង្រៀនកុមារបានហើយ ព្រះអង្គថាឈប់សិន
អ្នកដែលចេះនាំចម្រៀងល្អ ហើយគិតថាខ្ញុំនាំចម្រៀងបំពេញតួនាទីខ្ញុំបានហើយ ព្រះអង្គថាឈប់សិន។
ការដែលបម្រើព្រះមិនមែនបម្រើតែផ្នែកណាមួយក្នុងព្រះវិហារនោះទេ
ប៉ុន្តែអ្វីដែលព្រះអង្គទ្រង់ចង់ឃើញពីការថ្វាយបង្គំនោះគឺជា
សេចក្ដីស្រលាញ់ដែលមានចំពោះមនុស្សដែលនៅជុំវិញខ្លួនយើង
រួបរួមគ្នាក្នុងការមើលថែពួកជំនុំរបស់យើងទាំងអស់គ្នាព្រោះ មិនមែនជាពួកជំនុំរបស់លោកគ្រូតារាជាតិដែលជាគ្រូគង្វាលនោះទេ
មិនមែនជាពួកជំនុំរបស់លោកគ្រូគឹម ហុង បងសាមឌី បងស្មី បងធឿនដែលជាក្រុមចាស់ទុំនោះទេ
ប៉ុន្តែជាពួកជំនុំរបស់យើងទាំងអស់គ្នា
ជាពួកជំនុំដែលព្រះគ្រីស្ទទ្រង់ទិញដោយព្រះលោហិតរបស់ទ្រង់ ដូច្នេះការដែលចេះរក្សាពួកជំនុំ យល់ពីសេចក្ដីត្រូវការរបស់ពួកជំនុំស្រលាញ់ពួកជំនុំរបស់យើងទាំងគ្នា
នោះឯងជាការថ្វាយបង្គំដ៏ពិត ជាការថ្វាយដង្វាយដែលព្រះទ្រង់សព្វព្រះហឬទ័យ។
Reflection ខ្ញុំសូមអោយលោកគ្រូ អ្នកគ្រូ អ៊ំ ពូ មីង
និងបងប្អូនទាំងអស់គ្នាបានធ្វើការឆ្លុះបញ្ចាំង សូមបានបិទភ្នែក ហើយពិចាណារខ្លួន ឯង
តើខ្ញុំមានភាពអាត្មានិយមដែលលាក់នៅក្នុងចិត្តដែរ ឬទេ? សូមការអត់ទោសពីព្រះជាម្ចាស់។
អធិស្ឋានបិទ
0 Comments