Breaking News

បេសកជនដែលរត់គេចពីបេសកកម្ម យ៉ូណាស ១:១-១៦

សេចក្តីផ្តើម៖មានគ្រួសារមួយរស់នៅខេត្តដាច់ស្រយ៉ាល គ្រួសារនោះមានសមាជិក៥នាក់ មានតែ
ម្តាយ នឹងកូន ៤នាក់ មិនមានឪពុកទេ ថ្ងៃមួយជាពេលព្រឹក ម្តាយបាននិយាយទៅកាន់កូនប្រុសម្នាក់ក្នុងចំណោមកូនទាំង ៤នាក់នោះ ថាកូនឯងនៅថ្ងៃនេះ ត្រូវទៅឃ្វាលក្របី កុំទៅណាឆ្ងាយពីក្របី ឬរវល់តែលេងភ្លេចមើលក្របី ឲ្យសោះណា។ កូនប្រុសម្នាក់នោះក៏បានឆ្លើយថា បាទម៉ែ។ ពេលនោះកូនប្រុសនោះក៏បានស្រាយចំណង ក្របីពីក្រោលទៅឃ្វាល ហើយមានក្មេងៗអ្នកភូមិពីរបីនាក់ទៀតគេមានក្របីយកទៅឃ្វាលជាមួយគ្នា ដែរ។ នៅពេលដែលកំពុងតែឃ្វាល នោះក្មេងប្រុសទាំងប៉ុន្មាននាក់នោះ បាននាំគ្នាឡើងដើមឈើលេង នឹងដេញចាប់គ្នានៅលើដើមឈើ។ បន្ទាប់ពីក្មេងៗទាំងនោះកំពុងតែលេង ស្រាបតែក្មេងប្រុសម្នាក់ដែល ទទួលបង្គាប់ពីម្តាយនោះបានធ្លាក់ពីដើមឈើកំពស់៣ម៉ែង ហើយបង្កឲ្យមានការរបូសដោយក្រេចជើងឈឺ ដើរមិនរួច តាំងពីព្រឹករហូតដល់ល្ងាយធៀបនឹងទៅផ្ទះវិញ ហើយគាត់មិនបានតាមមើលក្របីដែល ឃ្វាលនោះទេ។

              នៅពេលដែលល្ងាចដែលពួកក្មេងៗនឹងដេញក្របីទៅផ្ទះវិញ នោះក្មេងប្រុសដែលម្តាយ បង្គាប់មកថាកុំរវល់តែលេងហើយភ្លេចមើលក្របីនោះថា បានបាត់ក្របីចំនួនពីក្បាល ហើយគាត់ភ័យខ្លាំង ណាស់ ទីមួយខ្លាចក្របីវាដើរទៅឆ្ងាយរហូតមិនអាចរកឃើញ ហើយទីពីរខ្លាចម៉ែខឹងនឹងវាយ តែគាត់មិន ដឹងថាទៅរកយ៉ាងដូចម្តេច ព្រោះគាត់បានឈឺរជើងដើរមិនចង់រួចសំរាប់នឹងទៅផ្ទះផង។ នៅពេលដែល គាត់មិនអាចដើររកក្របីបាន នោះគាត់បានសំរេចចិត្តថា គាត់ឲ្យមិត្តភក្តិគាត់ជួយដេញក្របីគាត់ទៅដល់ផ្ទះ ផង ហើយគាត់នឹងដើរត្រង់ផ្លូវទំាងឈឺរឲ្យដល់ផ្ទះ។ នៅពេលក្របីបានទៅដល់ផ្ទះមុនម្ចាស់ ហើយពេល ម្តាយឃើញថាបាត់ក្របីពីរ នោះក៏រកកូនខ្លួននឹងសួរថា ក្របីពីរទៀតម្តេចមិនឃើញ? ពេលក្មេងប្រុសនោះ ដើរមកដល់ផ្ទះ នោះម្តាយឃើញពីចំងាយ ដោយដើរយ៉ាងលំបាក ក៏នឹងក្នុងចិត្តភ្លាមថា អាមួយនេះវាពិតជា រវល់តែលេងភ្លេចមើលក្របីហើយ បានជាវារបូសបែបនោះ។ ពេលកូនដល់ផ្ទះ នោះម្តាយសួរក៏កូនថាខ្ញុំ រវល់លេងជាមួយមិត្តភក្តិភ្លេចមើលក្របី ឥឡូវវាបានបាត់ពីរក្បាលទៅហើយមិនដឹងថាទៅណាទេ។ ហេតុ នោះដោយសារក្មេងប្រុសនោះមិនស្តាប់បង្គាប់ម្តាយ នោះបានធ្វើឲ្យក្របីក៏បាត់ហើយខ្លួនក៏ឈឺទៀត។ រឿងនេះជារឿងពិត ដែលក្មេងប្រុសនោះគឺជារូបខ្ញុំផ្ទាល់តែម្តងកាលពីខ្ញុំនៅក្មេងៗអាយុប្រហែល១៤ឆ្នាំ។

            រឿងដែលខ្ញុំបានលើកឡើងនេះ វាជារឿងប្រៀបធៀបមួយ ដែលស្រដៀងទៅនឹងរឿងដែលខ្ញុំនឹង លើកយកមកដើម្បីនឹងធ្វើកាបង្រៀននៅបន្តិចទៀតនេះ​ គឺក្នុងព្រះគម្ពីរ យ៉ូណាស។ ដែលលោកយ៉ូណាស គាត់ក៏មានបទពិសោធន៍នៃការមិនបានស្តាប់បង្គាប់ដល់ព្រះព្រះនៃខ្លួនឯង ហើយមិនតែប៉ុណ្ណោះគាត់បាន ព្យាយាមរត់គេចពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ទៅទៀត ដោយមិនចង់ធ្វើនៅកិច្ចការដែលព្រះបាន ដាក់ឲ្យធ្វើនោះ។ ដូច្នេះយើងនឹងមើលជាមួយគ្នា ថាតើមានមូលហេតុ ឬក៏មានភាពលំបាកអ្វីបានជាលោក យ៉ូណាសគាត់មិនធ្វើតាមការបង្កាប់របស់ព្រះជាម្ចាស់?
          សង្ខេបបទគម្ពីរៈ  
            នៅក្នុងព្រះគម្ពីរយ៉ូណាសជំពូក ១:-១៦ និយាយអំពី ព្រះជាម្ចាស់បានត្រាស់ហៅលោកហោរា យ៉ូណាស ដើម្បីឲ្យគាត់ទៅប្រកាសពីដំណឹងនៃសេចក្តីក្រោធរបស់ព្រះចំពោះទីក្រុងនីនីវ៉េ ចំពោះអំពើបាប របស់ពួកគេ ហើយឲ្យគេបានប្រែចិត្ត ដើម្បីបានរួចពីសេចក្តីក្រោធ។ ប៉ុន្តែនៅពេលដែលព្រះបង្គាប់ ឲ្យលោកយ៉ូណាសទៅ នោះបែរជាគាត់មិនទៅក្រុងនីនីវ៉េទេ តែបែរជាគាត់បានចង់គេចខ្លួនទៅឯងក្រុង តើសីសទៅវិញ។ លោកយ៉ូណាស់បានគេចខ្លួនដោយមិនបានធ្វើតាមព្រះជាម្ចាស់ឡើយ គាត់បានទៅក្រុង មួយទៀតដែលមិនមែនជាទីក្រុងដែលព្រះឲ្យគាត់ទៅ ដោយជិះនាវាតាមសមុទ្រដើម្បីគេចខ្លួននោះ។​ពិត ណាស់ព្រះជាម្ចាស់ទ្រង់ជ្រាបដឹងថាគាត់នឹងគេចខ្លួន បានជានៅពេលដែលគាត់កំពុងតែធ្វើដំណើរនៅលើ សមុទ្រ ព្រះជាម្ចាស់បានធ្វើឲ្យមានខ្យល់ព្យុះយ៉ាងធំបោកបក់មកលើនាវាដែលគាត់បានជិះនោះ ដែលស្ទើរ តែបណ្តាលឲ្យអ្នកដែលជិះក្នុងនាវាជាមួយគាត់បានស្លាប់ដោយសារតែគាត់។ ពួកគេភ័យរហូតនាំគ្នាបែប បន់ដល់ព្រះខ្លួនគេរៀងៗខ្លួន តែលោកយ៉ូណាស់គាត់អត់ទូលសូមដល់ព្រះជាម្ចាស់នៃខ្លួនទេ ដោយតាម​ពិតគាត់ប្រហែលជាដឹងមូលហេតុច្បាស់ហើយថាមកពីអ្វីនោះ។ តែនៅពេលដែលមនុស្សក្នុងនាវាគេបន់ ដល់ព្រះនៃគេ​តែមិនបាត់នោះគេក៏សួរដល់លោកយ៉ូណាស់ថា ហេតុអ្វីបានជាគាត់មិនទូលដល់ព្រះនៃ គាត់? សូមឲ្យបានអំពាវនាវដល់ព្រះគាត់ទៅ។ តែលោកយ៉ូណាស់មិនព្រម រហូតពួកមនុស្សដែលនៅក្នុង នាវាគេនាំគ្នាចាប់ឆ្នោត នោះក៏ប៉ះនឹងឈ្មោះលោកយ៉ូណាស់។ គេសួរពីដំណើរដើមទងដល់លោក យ៉ូណាស  ហើយគាត់ប្រាប់ថាគាត់ជាអ្នកជឿលើព្រះជាម្ចាស់ដែលបានបង្កើតគ្រប់ទាំងអស់ ហើយដើម្បី ឲ្យសមុទ្រនោះស្ងប់បាន នោះគាត់ក៏បានឲ្យពួកដែលនៅក្នុងនាវាបោះទំលាក់គាត់ទៅក្នុងសមុទ្រ។

          សំនួរស្នួលៈ ហេតុអ្វីបានជាបេសកជនយ៉ូណាសរត់គេចពីបេសកកម្មនៃការត្រាស់របស់ព្រះ? តើព្រះ មានផែនការណ៍យ៉ាងដូចម្តេចចំពោះអ្នកដែលទ្រង់ត្រាស់ហៅ តែគេបានរត់គេច?




I.              បេសកជនដែលមិនស្តាប់បង្គាប់ដល់ព្រះជាម្ចាស់ (១:-៣)
មុននឹងខ្ញុំចូលទៅដល់សេចក្តីបង្រៀនអំពីរឿងរបស់លោកយ៉ូណាស់ ខ្ញុំសូមនិយាយប្រវត្តិខ្លះអំពី គម្ពីរយ៉ូណាស់នេះ។ នៅក្នុងកណ្ឌយ៉ូណាស់​នេះ គឺជាកណ្ឌមួយដែលអ៊ីស្រាអែលខាងជើង កំពុងតែមាន ភាពចំរុងចំរើនយ៉ាងខ្លាំង ហើយនៅក្នុងរជ្ជកាលនៃស្តេចយេរ៉ូបោមទី២ជាអ្នកដឹងនាំ (២ពង្ស ១៤:២៣-២៥)  ហើយទន្ទឹមនឹងការរីកចំរើនកាន់តែខ្លាំងរបស់អ៊ីស្រាអែល នោះគេក៏មានភាពអំនួតចំពោះការរីកចំរើននោះ ដែរ ។ ហើយមិនចង់ឲ្យមានប្រទេសណាផ្សេង បានដូចជាប្រទេសខ្លួនទេ ជាស្តែងដែលយើងឃើញ សូម្បី តែលោកយ៉ូណាស់ក៏មានចិត្តចង្អៀតចង្អល់ មិនចង់ឲ្យនីនីវ៉េឲ្យទទួលការអត់ទោសពីព្រះឡើយ។ ដូច្នេះ យើងនឹងសិក្សាជាមួយគ្នា តើមានដំណើរយ៉ាងដូចម្តេច នៅពេលពេលដែលព្រះត្រាស់ហៅលោកហោរា យ៉ូណស់ឲ្យទៅប្រកាស់ព្រះបន្ទូលដល់ក្រុងនីនីវ៉េ?
ជាការពិតណាស់មិនថានៅក្នុងសម័យណាទេ អ្នកបំរើព្រះភាគច្រើនពួកគេតែងតែមិនស្តាប់បង្គាប់ ដល់ព្រះជាម្ចាស់ឡើយ។  ហើយជារឿយៗ មិនថាអ្នកនោះជាបេសកជន ឬ ជាពួកជំនុំធម្មតាទេ តែនៅ ដែលគេបានទទួលការត្រាស់ហៅពីព្រះ នោះភាគច្រើននៃអ្នកដែលត្រូវបានត្រាស់នោះ ពួកគេតែងតែ រត់គេច ឬ ក៏មិនធ្វើតាមការត្រាស់ហៅរបស់ព្រះនោះឡើយ។ ពោលគឺពួកគេបែរជាធ្វើអ្វីដែលតាមចិត្តប៉ង ប្រាថ្នារបស់គេវិញ ដោយមិនចង់ឲ្យមានការលំបាកដល់ខ្លួន ព្រោះតែកិច្ចការរបស់ព្រះនោះទេ។ យ៉ាងណា មិញនៅក្នុងព្រះគម្ពីរយ៉ូណាសនេះតែម្តង យើងឃើញថា នៅពេលដែលព្រះជាម្ចាស់បានត្រាស់ហៅលោក ឲ្យនឹងនាំដំណឹងអំពីសេចក្តីក្រោធរបស់ព្រះ ទៅដល់មនុស្សនៅទីក្រុងនីនីវ៉េ ហើយទ្រង់ចង់ឲ្យគាត់ប្រាប់គេ ថាព្រះនឹងជំនុំជំរះដល់ទីក្រុងនោះ នឹងមនុស្សដែលនៅក្នុងទីក្រុងនោះផង (៣:៤) ។ ប៉ុន្តែគួរឲ្យសោក ស្តាយនៅពេលដែលហោរាយ៉ូណាស់គាត់បានទទួលព្រះរាជ្យបញ្ជានេះហើយ គាត់មិនបានបំពេញជាអ្នក បំរើដ៏គួរឲ្យយកគំរូតាមនោះទេ តែគាត់បែរតែមានចិត្តនៅក្នុងការគេចវ៉េះ ដោយមិនចង់បំពេញបេសកកម្ម នោះឡើយ។  គាត់មិនបានទៅទីក្រុងនីនីវ៉េតាមបង្គាប់របស់ព្រះ ដើម្បីនឹងប្រកាស់ប្រាប់គេពីសេចក្តី ជំនុំជំរះរបស់ព្រះ ហើយឲ្យគេបានប្រែចិត្តពីអំពើបាបដែលបានប្រព្រឹត្ត ប៉ុន្តែបែរជាគាត់លួចរត់គេចទៅ ទីក្រុងតើសីសទៅវិញ ដែលព្រះមិនបានប្រាប់ឲ្យគាត់ទៅទាល់តែសោះ។ ប្រសិនបើយើងមើល នឹងសិក្សា ឃើញថា លោកហោរាយ៉ូណាស់គាត់ហាក់ដូចជា មានការប្រឆាំងនឹងព្រះជាម្ចាស់ ទោះបីនៅក្នុងព្រះគម្ពីរ ក្នុងខនេះមិនបានប្រាប់ថា គាត់ប្រឆាំងក៏ដោយ តែបើយើងមើលចរិករបស់គាត់ ហាក់ប្រឆាំងចំពោះបញ្ជា របស់ព្រះមកលើគាត់។ ដូចជាកម្មករមិនស្តាប់ដល់ម្ចាស់រោងចក្រ ហើយដូចជាក្មេងប្រុសដែលខ្ញុំបាន និយាយខាងលើ ដែលមិនស្តាប់បង្គាប់របស់ម្តាយដូចគ្នាដែរ។ គាត់ហាក់មិនចង់ឲ្យព្រះរៀបចំផ្លូវដើរដល់​ គាត់ទេ តែគាត់ចង់រៀបផ្លូវខ្លួនឯងវិញ។ ប្រហែលជាគាត់គិតថាវាគ្មានប្រយោជន៍អ្វី ដែលគាត់ត្រូវទៅប្រាប់ ដល់ក្រុងនីនីវ៉េដែលជាសាសន៍ដទៃឲ្យប្រែចិត្តនឹងទទួលការសង្គ្រោះពីព្រះឡើយ នេះបើយើងមើលនៅ ក្នុង (៤:-២) ប្រាប់ថាគាត់ខឹងដល់មនុស្សនៅទីក្រុងនោះមែនទែន គាត់មិនចង់ឲ្យពួកគេប្រែចិត្ត ឡើយ តែចង់ឲ្យព្រះប្រហារគេចោល។
មានបុរសម្នាក់ជាអ្នកនេសាទ ជារៀងរាល់ថ្ងៃគាត់តែងតែទៅនេសាទនៅបឹងមួយនៅក្នុងភូមិរបស់ គាត់ នៅពេលដែលគាត់នេសាទម្តងៗ គាត់បានត្រីច្រើនមែនទែន គាត់លក់ផង នឹងទុកហាលងៀត នឹង ធ្វើប្រហុកទុកផង ហើយចំនូលដែលគាត់បានពីការលក់ត្រីនោះទាំងលក់ត្រីស្រស់ នឹងត្រីងៀត នឹងលក់ ប្រហុក គាត់បានចំនូលច្រើនមែនទែន ហើយក្រុមគ្រួសារគាត់បានធូរធារដោយសារតែមុខរបររបស់គាត់ នេសាទនោះ។ នៅថ្ងៃមួយមានអ្នកភូមិពីចំងាយម្នាក់ជាអ្នកនេសាទដែរ គាត់បានដឹងថាបុរសអ្នកនេសាទ ម្នាក់នោះមានជីវភាពធូរធា ដោយសារការនេសាទនៅបឹងក្នុងភូមិគាត់ បុរសដែលជាអ្នកភូមិឆ្ងាយនោះក៏ បានមកសុំដល់បុរសម្នាកនោះ ដើម្បីឲ្យមានសិទ្ធនេសាទក្នុងបឹងដែលគាត់នេសាទនោះដែរ។  ប៉ុន្តែគួរឲ្យ សោកស្តាយ បុរស់ជាអ្នកដែលមានជីវភាពធូរធានោះមិនឲ្យបុរសដែលមកពីចំងាយនោះនេសាទក្នុងបឹង របស់ខ្លួនឡើយ​ គឺគាត់មិនចង់ឲ្យបុរសមកពីឆ្ងាយនោះមានជីវិតធូរធារដូចគាត់ទេ គឺគាត់ចង់មានតែម្នាក់ ឯង។ ដូច្នេះគាត់ក៏បានដេញបុរសដែលមកសុំនេសាទនោះឲ្យទៅនេសាទកន្លែងផ្សែងទៅ គាត់មិន អនុញ្ញាតិឲ្យនេសាទក្នុងបឹងដែលគាត់នេសាទនោះទេ។  ដូចគ្នានៅក្នុងព្រះគម្ពីរយ៉ូណាស់ លោកយ៉ូណាស ហាក់មិនមានសេ​ចក្តីស្រលាញ់ចំពោះពួកក្រុងនីនីវ៉េទាល់តែសោះ នៅក្នុងនាមជាអ្នកនាំសាររបស់ព្រះម្នាក់ នៅពេលដែលព្រះឲ្យគាត់ទៅប្រាប់ពួកគេអំពីសេចក្តីជំនុំជំរះរបស់ព្រះនៅថ្ងៃខាងមុខនឹងមកជាឆាប់ នោះ គាត់មិនចង់ទៅប្រាប់គេទេ ប្រហែលជាគាត់ចង់ឲ្យពួកក្រុងនីនីវ៉េខ្វះខាតខាងឯសេចក្តីសង្រ្គោះ ឬចង់ឲ្យ ទីក្រុង នឹងមនុស្សនៅក្នុងទីក្រុងនោះបានរលំរលាយ ហើយគាត់ចង់រស់នៅបានសុខសប្បាយតែម្នាក់ឯង ដូចជាបុរសអ្នកនេសាទដែលមិនចង់ឲ្យអ្នកផ្សេងមានជីវិតធូរធា នឹងមានជីវភាពសមរម្យដូចគ្នា។ នៅ ក្នុងនាមជាអ្នកនាំសាររបស់ព្រះម្នាក់ដែលព្រះទុកចិត្តដល់គាត់ យ៉ូណាសបែរជាធ្វើឲ្យព្រះខកបំណងដោយ ការរត់គេចទៅកន្លែងដែលព្រះមិនបង្គាប់ឲ្យទៅ ព្រោះនៅក្នុងចំណោមអ្នកនាំសាររបស់ព្រះ នោះមិនមាន នរណាដូចជាគាត់ឡើយ មានអ្នកមួយចំនូនគេគ្រាន់តែប្រកែកជាមួយព្រះ អំពីសមត្ថភាពរបស់គេ ថាគេ មានសមត្ថភាពធ្វើទេ ដូចជាលោកម៉ូសេ នឹងយេរេមាជាដើម (និក្ខ ៣:១១-១៣; យេរេមា ១:៦)។  ប៉ុន្តែនៅ ពេលដែលព្រះបង្គាប់ឲ្យទៅនោះគេក៏ទៅ ដូចជាលោកអាប្រាហាំដែរ ដែលទៅទាំងមិនដឹងថាព្រះឲ្យគាត់ ទៅណាផង តែគាត់នៅតែស្តាប់បង្គាប់ទៅ។ ហើយលោកយ៉ូណាស់ក៏ខុសស្រលះពីហោរាហូសេផងដែរ ព្រះប្រើគាត់ឲ្យទៅយកស្រីសំផឹងធ្វើជាប្រពន្ធ ទាំងគាត់ដឹងថាស្រីនោះមិនស្មោះត្រង់សោះចំពោះគាត់ តែ គាត់ស្តាប់បង្គាប់ ទៅទិញយកនាងមកធ្វើជាប្រពន្ធកំណាន់ចិត្តរបស់ខ្លួនវិញដដែល (ហូសេ ៣:-៣)។
ពិតណាស់លោកយ៉ូណាសគាត់ខំព្យាយាមដើម្បីនឹងគេចពីការត្រាស់ហៅរបស់ព្រះ ដែលឲ្យទៅ នីនីវ៉េ ហើយគោលបំណងរបស់គាត់ ដែលគាត់គិត គឺថា គេចទៅក្រុងតើសីស ដើម្បីឲ្យរូចពីព្រះភ័ក្រ្តរបស់​ព្រះជាម្ចាស់។ គាត់ធ្វើដូចទៅនឹងកូនដែលគេចពីមុខម្តាយ ឬឪពុក ដើម្បីកុំឲ្យពួកគាត់ប្រើចឹងដែរ។ ដូច្នេះ យើងនឹងមើលបន្តទៀតថា តើគោលបំណងដែលគាត់គិតថា នឹងរត់គេចឲ្យផុតពីព្រះភ័ក្រ្តរបស់ព្រះ ជាម្ចាស់  នឹងបានសំរេចតាមអ្វីដែលគាត់គិតដែរឬទេ? តើព្រះពិតជាមិនដឹងថាគាត់គេចឬក៏យ៉ាងណា?  ហើយតើលោកហោរាយ៉ូណាសដែលខំគេចទាំងមិនស្តាប់បង្គាបព្រះនោះ ចុងក្រោយតើអ្វីជាលទ្ធិផល របស់គាត់?
II. លទ្ធិផលនៃការមិនស្តាប់បង្គាប់ព្រះ (១:-១៦)
. ព្រះជាម្ចាស់ធ្វើឲ្យមានខ្យល់ព្យុះ (ខ ៤- ៦)
រឿងដែលខ្ញុំបានលើកយកមកប្រៀបធៀបខាងលើមុនគេបង្អស់ អំពីក្មេងប្រុសម្នាក់ដែលមិនស្តាប់ បង្គាប់ដល់ម្តាយ លទ្ធិផលនៃការមិនស្តាប់បង្គាប់ នោះគេត្រូវធ្លាក់ពីដើមឈើក្រេចជើង ហើយក្របីក៏ បាត់ទៀត  ពិតណាស់សំរាប់បទពិសោធន៍របស់លោកហោរាយ៉ូណាសដូចគ្នា នៅពេលដែលព្រះ បង្គាប់មកឲ្យទៅនីនីវ៉េ តែមិនទៅ បែរជារត់គេចទៅក្រុងតើសីស ទាំងព្យាយាមដើម្បីកុំឲ្យព្រះដឹង ហើយ គាត់មិនចង់ឲ្យពួកក្រុងនីនីវ៉េបានទទួលការប្រោសលោះ ដោយចង់ក្រោបព្រះពររបស់ព្រះជាម្ចាស់តែម្នាក់ ឯង នោះលទ្ធិផលនៃការរត់គេចគឺគាត់ត្រូវជួបបញ្ហាក្នុងជីវិតរបស់គាត់ ដោយព្រះជាម្ចាស់ធ្វើឲ្យមានខ្យល់ ព្យុះយ៉ាងខ្លាំងបក់បក់មកលើនាវាដែលគាត់កំពុងធ្វើដំណើរនោះ។ នេះបញ្ជាក់ឲ្យឃើញថា ទោះបី យ៉ូណាសគាត់ខំរត់គេចយ៉ាងណាក៏ដោយ តែមិនអាចគេចផុតដូចអ្វីដែលគាត់គិតនោះឡើយ ព្រោះតែព្រះ វត្តមានរបស់ព្រះជាម្ចាស់ទ្រង់គង់នៅគ្រប់ទីកន្លែង ទោះគាត់ទៅទីណាក៏នៅតែមានព្រះនៅទីនោះ ហើយ មើលឃើញគាត់ដែរ។ ព្រះជាម្ចាស់ទ្រង់នៅតែឃើញគាត់រត់នោះ ហើយនៅតែតាំងព្រះទ័យក្នុងការនាំ លោកយ៉ូណាស់ឲ្យត្រឡប់មកវិញដដែល។ ដោយជាដំបូងព្រះអង្គបានធ្វើឲ្យមានខ្យល់ព្យុះដ៏ធំដែលធ្វើការ គំរាមគំហែងពន្លិចនាវាដែលគាត់ជិះ នេះបើយោងតាមព្រះគម្ពីរចោទិយកថាដែលព្រះទ្រង់មានបន្ទូលទៅ កាន់ពួកអ៊ីស្រាអែល ថាបើគេស្តាប់បង្គាប់នោះគេនឹងទទួលបានព្រះពរ ប៉ុន្តែបើមិនព្រមស្តាប់តាមទេ យើង គេចចេញពីព្រះទៅថ្វាយបង្គំដល់ព្រះដទៃនោះ គេនឹងទទួលបានការជំនុំជំរះ (ចោទិ. ៣០:១៥-១៩) ពិតណាស់ទោះបីលទ្ធិផលដែលលោកយ៉ូណាសជួបវាមិនមែនជាសេចក្តីស្លាប់ក៏ដោយ ប៉ុន្តែ​ការនេះបាន បញ្ជាក់ឲ្យឃើញថា រាល់អ្នកណាដែលព្រះរៀបចំជីវិតឲ្យគេហើយ ប៉ុន្តែគេនៅតែមិនទុកចិត្ត មិនព្រមធ្វើ តាមព្រះអង្គ នោះលទ្ធិនៃភាពលំបាកនឹងមកដល់រូបគេជាពិតប្រាកដ ដូចករណីលោកយ៉ូណាស់ជាដើម។ ហើយនៅក្នុងចំនុចនៃខ៤ដល់៦នេះ យើងឃើញថា លោកយ៉ូណាសគាត់មិនត្រឹមតែនាំឲ្យខ្លួនឯងលំបាក់ ប៉ុណ្ណោះទេ​ តែថែមទាំងនាំឲ្យអ្នកផ្សេងដែលមិនមែនជាសាសន៍ខ្លួន ទាំងមិនដឹងរឿងអ្វីសោះឲ្យមករង់ ទុក្ខជាមួយទៀត។ ពួកគេមាន​ភាពចលាចលខ្លាចស្លាប់ដោយសារការបោកបក់នៃព្យុះនោះ ពួកគេនាំគ្នា អធិស្ឋានដល់ព្រះរៀងខ្លួន ដោយសារគេគិតថា ក្រេងបញ្ហាដែលគេជួបនោះកើតមកដោយសារតែគេធ្វើ ខុសចំពោះព្រះនៃគេ គេនាំគ្នាទំលាក់អីវ៉ាន់ នឹងរបស់របរ ព្រមទាំងទំនិញទាំងប៉ុន្មានដែលក្នុងនាវាដើម្បី កុំឲ្យនាវាធ្ងន់នាំឲ្យលិច។ ពួកគេភ័យស្លន់ស្លោនឹងហេតុការណ៍ដោយរន្ធត់នោះ ប៉ុន្តែសំរាប់លោកយ៉ូណាស ដែលជាអ្នកដើមហេតុបែបជាធ្វើប្រងើយកន្ទើយ ដូចជាមិនដឹងថាមានហេតុការកើតឡើងទាល់តែសោះ។ ចរិករបស់លោកយ៉ូណាសនៅកន្លែងនេះ គាត់ហាក់ដូចមិនខ្វល់ពីអ្នកដទៃ មិនខ្វល់ថាអ្នកណាកើតមាន បញ្ហាអ្វី សំខាន់គឺគាត់ចង់រួចពីព្រះភ័ក្រ្តរបស់ព្រះជាម្ចាស់។ រឿងបែបអាត្មានិយមបែបនេះយើងក៏ឃើញនៅ ក្នុងដំណើរនៃអំពើបាបរបស់ស្តេចដាវីឌ នៅពេលដែលគាត់ចង់បាននាងបាតសេបា នោះគាត់មិនខ្វល់ថាប្តី នាងស្រលាញ់នាងប៉ុណ្ណា  ឬក៏សុភមង្គលរបស់ក្រុមគ្រួសារគេមានប៉ុណ្ណានោះទេ សំខាន់គឺគាត់ចង់បាន នាងបាតសេបាមកធ្វើជាប្រពន្ធខ្លួន ទោះបីសំឡាប់ប្តីនាង មេទ័ពអ៊ូរីក៏ធ្វើដែរ (២សាំ.១១:,២១-២៥) ដើម្បី តែប្រយោជន៍ខ្លួន នោះស្តេចដាវីឌសំឡាប់អ៊ូរីជាប្តីជាទីស្រលាញ់របស់នាងបាតសេបា។ ដូចគ្នាដើម្បីបាន រួចព្រះភ័ក្រ្ត ពីការត្រាស់ហៅរបស់ព្រះ នោះយ៉ូណាសគាត់មិនខ្វល់ឡើយថានរណាខ្លះរង់ទុក្ខដោយសារ លោក។ ទន្ទឹមនឹងការអំពាវនាវរកព្រះរៀងខ្លួនឲ្យជួយសង្រ្គោះ នោះអ្នកដែលនៅក្នុងនាវាគេក៏បានទៅ ដាស់យ៉ូណាស់ដែលកំពុងតែដេក ឲ្យគាត់បានអំពាវនាវដល់ព្រះជាម្ចាស់ជាព្រះនៃយ៉ូណាស ក្រែងការ អាក្រក់នោះកើតមកពីទ្រង់ ហើយដើម្បីឲ្យព្រះអង្គបានសង្គ្រោះគេ។ រឿងនេះស្រដៀងទៅនឹងរឿងនៅ ក្នុងព្រះគម្ពីរសញ្ញាថ្មីដែលនៅពេលដែលពួកសិស្ស នឹងព្រះយេស៊ូវធ្វើដំណើរឆ្លងសមុទ្រកាលីឡេ នោះក៏ មានព្យុះបោកបក់យ៉ាងខ្លាំងមកធ្វើឲ្យទូកស្ទើរតែលិច ហើយពួកសិស្សពួកគេមានការភ័យយ៉ាងខ្លាំងខ្លាច ស្លាប់ តែព្រះយេស៊ូវទ្រង់ផ្ទុំនៅកន្សៃទូកធ្វើមិនដឹង (ម៉ាកុស ៤:៣៦-៣៧; លូកា ៨:២៣)។ 
លោកសាដ្រាក់ មៃសាក់ នឹង អរនេកោ លទ្ធិផលនៃការបដិសេធយ៉ាចដាច់ខាតមិនថ្វាយបង្គំរូបព្រះ តាមអ្វីដែលស្តេចនេប៊ូក្នេសាឲ្យធ្វើ នោះលទ្ធិផលគាត់បានត្រូវគេបោះចូលក្នុងគុកភ្លើង (ដានី.:20) ប៉ុន្តែនេះជារឿងដ៏គួរឲ្យគោរព ព្រោះថាលោកទាំងបីបានស្តាប់បង្គាប់ព្រះជាម្ចាស់  គាត់មិនព្រមឲ្យខ្លួន គាត់ទៅជាអ្នកដែល ក្បត់លើសេចក្តីបង្គាប់ ឬខុសពីអ្វីដែលព្រះហាមថាមិនឲ្យថ្វាយបង្គំព្រះនោះឡើយ។ ពួកគាត់បង្ហាញឲ្យសាសន៍ដទៃ គេឃើញថាព្រះជាម្ចាស់មានអំណាចជាងរូបព្រះនោះដូចនេះយើង នឹងទៅមើលក្នុងខបន្ទាប់ទៀតថា តើមានរឿងអ្វីកើតឡើងបន្ទាប់ពីភាពចលាចលនោះ តើពួកគេបានធ្វើអ្វី ដើម្បីឲ្យបានដឹងថា ហេតុការនោះ កើតមកពីនរណាមួយក្នុងចំណោមអ្នកដែលនៅក្នុងនាវានោះ?
. ការសារភាពអំពើបាបរបស់យ៉ូណាស (ខ ៧-១៦)
             ដោយសារតែហេតុការអាក្រក់នោះកើតឡើងពីព្រះជាម្ចាស់ដែលដាក់ទោសដល់យ៉ូណាស់ ក្នុងដំ
ណើរដែលគាត់ព្យាយាមរត់គេចពីទ្រង់ នោះទោះបីពេលដែលពួកមនុស្សនៅក្នុងនាវាខំព្យាយាមអធិស្ឋាន ដល់ព្រះនៃខ្លួនគេយ៉ាងណាក៏ព្យុះនោះមិនបាត់ដែរ គឺមិនបានទទួលផលសោះឡើយ ទោះគេខំប្រឹងទូល
សូមប្រឹងយ៉ាងណាក្តី។ ហើយនៅក្នុងខ៧ យើងឃើញថា នៅក្នុងស្ថានការណ៍ដ៏លំបាកនោះ ពួក គេនាំគ្នាចាប់ឆ្នោត ដោយព្រោះពួកគេដឹងថា ព្យុះនេះមិនមែនជាព្យុះធម្មតាទេ​ ប្រហែលគេដឹងដោយសារ តែពួកគេឧស្សាហ៍ធ្វើដំណើរដោយនាវាច្រើនដង។ ប្រហែលពីមុនហាក់មិនដូចលើកនេះសោះ តែម្តងនេះ ពិតជាចំឡែកខុសពីប្រក្រដី ដូច្នេះពួកគេសំរេចថាព្យុះកំណាចនេះ ពិតជាទណ្ឌកម្មមកព្រះព្រះជាម្ចាស់លើ អ្នកណាម្នាក់ ហើយដើម្បីអ្នកសារភាពបាន នោះគេត្រូវតែធ្វើការចាប់ឆ្នោត។ ប្រហែលជាពួកគេអស់ផ្លូវ ព្រោះមិនមាននរណាមួយសារភាពសោះ ហើយការចាប់ឆ្នោតនេះ ប្រហែលជាពិធីផ្សងសំណាងមួយរបស់ ពួកគេ ព្រោះជាទូទៅអ្នកដែលគេមិនជឿលើព្រះជាម្ចាស់ ពួកគេតែងតែធ្វើពិធីផ្សេងៗ ដែលគេជឿថាពិធី នោះអាចនឹងជួយពួកគេបានឲ្យដឹងពីអ្វីមួយ។ ហើយលទ្ធិផលនៃការចាប់ឆ្នោតបានប្រាប់ថា អ្នកនោះគឺជា លោកយ៉ូណាស (ខ៧) នៅពេលឃើញថាឆ្នោតត្រូវលោកយ៉ូណាស នោះមនុស្សដែលនៅក្នុងនាវា គេចាប់ ផ្តើមមានសំនូរភ្លាម តើនរណាជាអ្នកធ្វើឲ្យហេតុការណ៍អាក្រក់នេះកើតឡើងចំពោះគេ? ហើយលោកជា អ្នកណា? រកស៊ីអ្វី? ហើយមានទីកំណើតនៅឯណា? បន្ទាប់ពីលទ្ធិមិនអាចប្រកែកដោះសារបាន នោះ លោកហោរាយ៉ូណាសក៏បានសារភាពកំហុសនោះ គឺរឿងអាក្រក់នេះកើតមកពីខ្ញុំ ព្រោះខ្ញុំគឺជាជនជាតិ ហេព្រើ ជាអ្នកដែលកោតខ្លាចព្រះដែលទ្រង់ជាអ្នកបង្កើតគ្រប់ទាំងអស់ នឹងជាម្ចាស់លើទាំងអស់ផង។ តាមពីពាក្យមួយដែលលោកយ៉ូណាសនិយាយនៅក្នុងខ៩នេះ ថាខ្ញុំជាអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ា តាមពិតគាត់មិនថាតែមាត់ទេ តែគាត់មិនបានកោតខ្លាចដល់ព្រះជាម្ចាស់ទេ ប្រសិនបើគាត់កោតខ្លាចមែន នោះគាត់មិនរត់គេចពីទ្រង់ឡើយ ហើយប្រសិនបើគាត់ដឹងថា​ ព្រះជាម្ចាស់ជាម្ចាស់លើគ្រប់ទាំងអស់មែន គាត់មិនរត់គេចទេ ព្រោះដឹងថាទ្រង់គង់នៅគ្រប់ទីកន្លែង មិនមែនគ្រាន់តែនៅកន្លែងតែទ្រង់ចាត់ឲ្យគាត់ទៅ នោះទេ។ នៅទីនេះលោកបានសារភាពថា ជាអំពើបាបរបស់គាត់ទេ គាត់គេចមិនរួចនឹងទទួលកំហុសទេ ដូច្នេះគាត់សារភាពថា ការជំនុំនេះមកព្រះជាម្ចាស់ ដែលទ្រង់ចង់ធ្វើមកលើរូបគាត់ទេ មិនមែនចង់ធ្វើមក លើអ្នកលោកដែលនៅក្នុងនាវានោះទេ។
            ពិតប្រាកដណាស់នៅក្នុងខ១០ បន្ទាប់ពីលោកយ៉ូណាសបានប្រាប់ពីដំណើរនៃហេតុការណ៍ដ៏ អាក្រក់នោះដល់ពួកអ្នកដែលនៅក្នុងនាវានោះហើយ ពួកគេពិតជាមានសេចក្តីអស្ចារ្យយ៉ាងខ្លាំង ប្រហែល ជាគេគិតថា មិនមានព្រះឯណាដែលអាចនឹងធ្វើការនោះដូចជាព្រះជាម្ចាស់ឡើយ សូម្បីតែព្រះដែលពួកគេ គោរព។ ប៉ុន្តែទន្ទឹមនឹងការស្ងែងខ្លាចនោះ ពួកគេក៏មិនភ្លេចចោទសួរដល់យ៉ូណាសទៀតដែរ ថា លោកធ្វើ ដូច្នេះធ្វើអី ពួកគេដឹងថាយ៉ូណាស់កំពុងតែរត់គេចពីព្រះជាម្ចាស់ ព្រោះតែនៅក្នុងចុងខ១០ប្រាប់ថា គាត់ បានប្រាប់ពួកគេរួចហើយ។ ពួកនៅក្នុងនាវាហាក់ដូចឆ្ងល់ខ្លាំងណាស់ ដោយពួកគេសួរថា លោកឯងធ្វើ អញ្ជឹងធ្វើអី បានអ្វីមកវិញ  ពួកគេហាក់ដូចជាខឹងលោកយ៉ូណាសខ្លាំងណាស់ ព្រោះលោកយករឿង ផ្ទាល់ខ្លួនគាត់ បញ្ហាផ្ទាល់ខ្លួន អំពើបាបផ្ទាល់ខ្លួនគាត់ យកទៅដាក់ឲ្យគេមានបញ្ហាជាមួយ។ នេះដូចទៅ នឹងអ៊ីស្រាអែលដែរ ដែលធ្វើអំពើបាបតែម្នាក់ឯងមិនសុខតែចង់នាំពួកសង្ឃ ពួកយូដាឲ្យគេមានបាប នឹងរង អំពើបាបរបស់ខ្លួនដែរ ហើយមិនតែប៉ុណ្ណោះនាំគេឲ្យធ្វើបាបជាមួយខ្លួនដែរ (ហូសេ ៤:-១០, ១៥-១៦ ; ១២:-៤) ហើយក៏ដូចជារឿងរបស់ខ្ញុំកាលពីខ្ញុំនៅយុវជន ដែលមិនទាំងជឿព្រះ ខ្ញុំបានដើរផឹកស្រាជាមួយ មិត្តភក្តិខ្ញុំ ហើយនឹងគ្នាបែកគំនិត ជិះម៉ូតូដើរលេង រហូតថ្ងៃមួយខ្ញុំដូលម៉ូតូ ដោយមិនមែនខ្ញុំតែម្នាក់ឯងទេ ពេលខណៈដួលនោះ គឺខ្ញុំបាននាំប្អូនប្រុសជីដូនខ្ញុំម្នាក់ជិះជាមួយ ហើយដួលនឹងរបូសជាមួយនឹងខ្ញុំដែរ។ ឃើញថាខ្ញុំមិនត្រូវរង់ទុក្ខតែម្នាក់ឯងដោយសារភាពភ្លើតភ្លើននោះទេ តែខ្ញុំបាននាំឲ្យអ្នកឯងទៀត គេមាន បញ្ហាជាមួយនឹងខ្ញុំដែរ។ ដូចនឹងយ៉ូណាសដែរ គាត់យកបញ្ហាគាត់ទៅឲ្យអ្នកផ្សេងដែលគេមិនដឹងអ្វីសោះ គេរងគ្រោះជាមួយខ្លួនដែរ នេះជាចរិកមួយដែលមិនគួរកើតមានសោះសំរាប់ជីវិតរបស់អ្នកដែលដើរតាម ព្រះ ព្រោះគេជាគំរូសំរាប់ឲ្យមនុស្សគេបានស្គាល់ពីសិរីល្អរបស់ព្រះជាម្ចាស់។
            ចំនែកឯងនៅក្នុងខ១១ នឹង១៦ បន្ទាប់ពីពួកគេបានរកឃើញពីដំណើរអ្នកដែលធ្វើឲ្យមានរឿង នោះហើយ នៅក្នុងខនេះប្រាប់ថា ពួកគេក៏រកវិធីដើម្បីនឹងឲ្យសមុទ្រនោះចេះតែកំរើនកាន់តែខ្លាំងនោះបាន ស្ងប់ គេចាប់ផ្តើមសួរដល់យ៉ូណាសថា តើគួរឲ្យពួកគេធ្វើយ៉ាងដូចម្តេច បើរឿងកើតឡើងមកពីលោកនោះ? ហើយបើទុកឲ្យសមុទ្រនៅតែបោកបក់កាន់តែខ្លាំងតទៀត នោះពិតជាបាក់នាវា ឬ សំពៅនោះមិនខាន ហើយពួកគេស្លាប់ដោយធ្លាក់ក្នុងសមុទ្រនោះដែរ។ ពិតប្រាកដ វិធីសាស្រ្តមានតែមួយគត់ ដែលយ៉ូណាស ឲ្យពួកគេធ្វើចំពោះគាត់ នៅក្នុងខ នឹងជំពូក១នេះ លោកយ៉ូណាសហាក់នៅមិនទូលសូមដល់ព្រះ ឲ្យទ្រង់ បញ្ឃប់សមុទ្រនោះទេ តែគាត់បែរជាសំរេចចិត្តសុំឲ្យពួកអ្នកក្នុងនាវាទំលាក់គាត់ចុះទៅក្នុងសមុទ្រវិញ ប្រហែលជាលោកយ៉ូណាសគិតថា មានតែវិធីនេះទេ ដែលអាចជួយឲ្យសមុទ្រស្ងប់បាន ហើយមនុស្សក្នុង នាវាដែលគេមិនដឹងអីនោះបានសង្រ្គោះឲ្យរួចពីការស្លាប់ដោយការលិចនាវា ឲ្យគេរួចផុតពីគ្រោះថ្នាក់នោះ បាន។  នេះតាមពាក្យខ្មែរយើងនិយាយថា បើអ្នកចង អ្នកនោះត្រូវតែស្រាយ  ហើយលោកយ៉ូណាស់គាត់ ក៏អញ្ជឹងដែរ គាត់បានធ្វើឲ្យមានរឿងកើតឡើង នោះគាត់ក៏ត្រូវតែស្រាយ ពោលគេដោះស្រាយបញ្ហា ដោយខ្លួនឯង ហើយវិធីដែលគាត់ស្រាយនោះគឺ ឲ្យគេបោះគាត់ចុះក្នុងទឹកសមុទ្រ។ ប៉ុន្តែក្នុងខ១៣ ប្រាប់ថា​ ពួកគេដែលនៅក្នុងនាវានោះ គេមិនបានធ្វើតាមលោកយ៉ូណាស់ប្រាប់ថាឲ្យបោះគាត់ទៅក្នុង សមុទ្រឡើង ពួកគេនាំគ្នាចែវដើម្បីឲ្យដល់ច្រាំង ប្រហែលជាគេអាណិតដល់យ៉ូណាស ទោះបីគាត់ជាអ្នក បង្ករឿងក៏ដោយ ពួកគេប្រហែលស្រលាញ់ មិនចង់ឲ្យលោកយ៉ូណាសស្លាប់ទេ គឺខុសពីយ៉ូណាសដំបូង គាត់ធ្វើព្រងើយកន្ទើយមិនខ្វល់ថាអ្នកណាត្រូវរង់ទុក្ខឡើយ គាត់ដឹងថាមានគ្រោះអាក្រក់ តែគាត់បែរជា ដេកយ៉ាងសប្បាយចិត្ត ទុកឲ្យអ្នកនៅក្នុងនាវាគេភ័យខ្លាច ប៉ុន្តែសំរាប់អ្នកផ្សេងដែលមិនមែនជាសាសន៍ ជាមួយគាត់ មិនមែនជាអ្នកជឿលើព្រះជាម្ចាស់ នោះគេមានចិត្តស្រលាញ់ នឹងហាក់មិនចង់ឲ្យគាត់ស្លាប់ ឡើយ ។ ប៉ុន្តែនៅក្នុងខ១៣ដដែលចុងខ ប្រាប់ថាគេមិនអាចចែវទៅមុខបានទេ ព្រោះតែសមុទ្រកំរើកកាន់ តែខ្លាំងឡើងៗ។ ហើយនៅក្នុងខ១៤ ពួកគេចាប់ផ្តើមធ្វើនូវវិធីទី២ទៀត ដោយមិនទាន់ដោះយ៉ូណាសទៅ ក្នុងទឹកទេ ក្រែងវិធីនេះអាចធ្វើឲ្យព្រះអត់ទោស នឹងបញ្ឈប់សមុទ្របាន ពួកគេចាប់ផ្តើមអធិស្ឋានដល់ព្រះ ទាំងមិនដែលនឹងអធិស្ឋានដល់ទ្រង់សោះ ព្រោះគេជាសាសន៍ដទៃ។ ពួកគេថាកុំធ្វើបាបដល់អ្នកដែល ឥតទោសដូចជារូបគេឡើយ ព្រោះគេមិនដឹងអីទេ គេជាសាសន៍ដទៃ ប៉ុន្តែនៅពេលគេឃើញពីអំណាច របស់ព្រះនោះពួកគេហាក់មានការស្ងែងខ្លាចជាខ្លាំង។ តែគួរឲ្យសោកស្តាយជំរើសនោះ នៅតែមិនបាន សំរេច ហើយគ្មានអ្វីបានប្រសើរឡើងឡើយ។ ដូច្នេះពួកគេមានបង្ខំចិត្តនៅក្នុងការទំលាក់យ៉ូណាសទៅក្នុង សមុទ្រ ដោយមិនចង់ទេ តែគ្មានជំរើសណាទៀតទេ។ ហើយនៅក្នុងខ១៥ បន្ទាប់ពីគេទំលាក់យ៉ូណាស ទៅក្នុងសមុទ្រ គឺសមុទ្រក៏បានស្ងប់យ៉ាងពិតប្រាកដ។ រីឯនៅខ១៦ប្រាប់ថា គេពិតជាមានសេចក្តីអស្ខារ្យ ចំពោះហេតុការនោះ ហើយពួកគេដែលជាសាសន៍ដទៃគេបានកោតខ្លាចព្រះជាខ្លាំង ហើយមិនតែប៉ុន្តែ ពួគេនាំគ្នាថ្វាយញ្ញបូជាដល់ព្រះជាម្ចាស់ នឹងលាបំណន់ផងដែរ។
            សរុបសេចក្តីមក យើងឃើញថា នៅពេលព្រះជាម្ចាស់បានត្រាស់ហៅលោកហោរាយ៉ាងណាសឲ្យ ធ្វើបេសកកម្មថ្វាយព្រះ ក្នុងការនាំព្រះបន្ទូលអំពីសេចក្តីជំនុំជំនុំជំរះរបស់ព្រះទៅដល់ក្រុងនីនីវ៉េ នោះគាត់ មិនបានស្តាប់ មិនបានបំពេញជាបេសកជនដ៏ល្អ នឹងធ្វើតាមអ្វីដែលព្រះបង្គាប់មកឡើយ តែគាត់បែរជាខំ រត់គេចឲ្យរួចពីព្រះភ័ក្រ្តរបស់ព្រះជាម្ចាស់ទៅវិញ។ លោកបែរជាមិនទៅក្រុងនីនីវ៉េតែបែរតែទៅក្រុងតើ សីសដែលព្រះមិនបានបង្គាប់ឲ្យទៅសោះនោះវិញ  ហើយមិនតែប៉ុណ្ណោះ យើងឃើញថានៅពេលដែល គាត់ធ្វើដំណើរដោយនាវា គាត់បាននាំបញ្ហាឲ្យអ្នកដទៃដែលគេមិនដឹងរឿងអ្វីសោះ ឲ្យគេរងទុក្ខជាមួយ គាត់ដែលជាអ្នកមានកំហុសដែរ។ នៅក្នុងនាមជាអ្នកនាំសាររបស់ព្រះ ក៏ដូចជាក្នុងនាមជាអ្នកជឿលើព្រះ ដែលបង្កើតស្ថានសួគ៌ិ សមុទ្រ នឹងដីគោក នោះយ៉ូណាសធ្វើព្រងើយកន្ទើយចំពោះហេតុការដែលកើត ឡើង អ្នកផ្សេងគេភ័យសឹងស្លាប់ តែគាត់បែរជាដេកធ្វើមិនដឹង។ គាត់មិនត្រឹមតែមិនគោរពដល់ព្រះ ប៉ុណ្ណោះ តែគាត់ក៏មិនគោរពស្រលាញ់ដល់សាសន៍ដទៃ ពិសេសអ្នកដែលនៅក្នុងនាវាជាមួយគាត់។ គាត់ ហាក់មានគំនិតមិនចង់ចែកព្រះពររបស់ព្រះដល់អ្នកផ្សេងឡើយ គឺចង់ក្តោបទុកតែម្នាក់ឯង។ ដែលនេះ វាជាចរិករបស់អ៊ីស្រាអែលដែលពួកគេមិនចង់ឲ្យសាសន៍ដទៃគេបានទទួលការប្រោសលោះពីព្រះជាម្ចាស់ គឺចង់ឲ្យអ្នកផ្សេងគេទទួលការជំនុំជំរះ ទទួលភាពរលំរលាយ ហើយខ្លួនឯងរីករាយ សំបូរសប្បាយ។ ប៉ុន្តែ គួរឲ្យសោកស្តាយ ដោយសារតែព្រះទ្រង់គង់នៅគ្រប់ទាំងអស់ នោះគាត់មិនអាចនឹងគេចផុតពីការត្រាស់ របស់ព្រះបានឡើយ ពោលគឺព្រះអង្គនៅតែមានគោលបំណងយកគាត់មកទីកន្លែងដែលទ្រង់ចង់ឲ្យគាត់ ទៅដដែល។ ទ្រង់បានបង្កឲ្យមានព្យុះមកលើសមុទ្រក្នុងការធ្វើដំណើររបស់គាត់ ហើយមនុស្សគេនាំគ្នា ចាប់ឆ្នោត ហើយទ្រង់ឲ្យប៉ះត្រូវឈ្មោះយ៉ូណាស (ប្រសិបព្រះមិនឲ្យប៉ះ នោះឆ្នោតអាចចំាអ្នកផ្សេងក្រៅពី យ៉ូណាស មានន័យថាវាជាផែនការរបស់ព្រះ)។ តែសំរាប់ពួកអ្នកនៅក្នុងនាវាដែលជាសាសន៍ដទៃ គេ ស្រលាញ់ដល់យ៉ូណាស នៅពេលដែលយ៉ូណាសឲ្យពួកគេទំលាក់លោកចុះក្នុងសមុទ្រ នោះគេអាណិត ហើយខំរកវិធីសាស្រ្តផ្សេងទៀត ជំនួសដើម្បីកុំឲ្យយ៉ូណាសស្លាប់តែម្នាក់ឯង។ ប៉ុន្តែដោយសារតែនោះមិន មែនជាផែនការរបស់ព្រះ ដូច្នេះពួកគេមិនអាចធ្វើអ្វីផ្សេងក្រៅពីទំលាក់យ៉ូណាសទៅក្នុងទឹកតាមការស្មើរ សុំរបស់យ៉ូណាសឡើយ។​ដូច្នេះពួកគេក៏ទំលាក់ ហើយសមុទ្រក៏បានស្ងប់ ហើយពួកគេក៏មានសេចក្តី អស្ចារ្យខ្លាំង ព្រមទាំងគោរពសរសើដល់ព្រះនៃសាសន៍ហេព្រើ នឹងជាព្រះនៃយ៉ូណាសយ៉ាងខ្លាំងទៅ។
v  ទេវសាស្ត្រ
ព្រះជាម្ចាស់  ទ្រង់គង់នៅគ្រប់ទីកន្លែង ហើយអ្វីៗទាំងអស់គឺទ្រង់ជាអ្នកបង្កើមមក (លោកុ ១:-៣១) ទ្រង់អាចធ្វើឲ្យវាមានបញ្ហា ក៏អាចបញ្ឈប់បញ្ហាបានដែរ។ មនុស្សមិនអាចនឹងគេចផុតពីព្រះភ័ក្រ្តរបស់ ព្រះបានឡើយ។ ហើយគ្រប់ទាំងអ្នកណាដែលទ្រង់បានហៅឲ្យធ្វើបេសកកម្មថ្វាយទ្រង់ នោះគ្មាននរណា ម្នាក់អាចគេចវះបានទេ ទោះគេជាមនុស្សយ៉ាងដូចម្តេច ក្រីក្រ គ្មានសមត្ថភាព ឬនៅកូនក្មេងក៏ដោយ ទ្រង់ នូវតែផ្តល់សេចក្តីក្លាហានដល់គេ។  ហើយដោយសារមនុស្សជាស្នាព្រះហស្តរបស់ព្រះអង្គ នោះទ្រង់ក៏ ស្រលាញ់ដល់មនុស្សទាំងអស់ដែរ នឹងចង់ឲ្យគេបានប្រែចិត្តទទួលសេចក្តីសង្រ្គោះពីព្រះទាំងអស់គ្នា មិន គ្រាន់តែពួកអ៊ីស្រាអែលប៉ុណ្ណោះ គឺដល់សាសន៍ដទៃដែរ។
ព្រះយេស៊ូវ  ទ្រង់គឺជាព្រះដែលជ្រាប់ទាំងអស់ ហើយក៏ជាម្ចាស់នៃធម្មជាតិ នឹងផែនដី​ ស្ថានសួគ៌ ដែរ ទ្រង់ក៏មានអំណាចលើរបស់ទាំងអស់ដែលទ្រង់បង្កើតមកនោះ (ម៉ាកុស ៤:៣៦-៣៧; លូកា ៨:២៣)។ ព្រះអង្គយាងមកផែនដីកាលពីជាង២០០០ឆ្នាំមុន គឺព្រោះតែគោលបំណងពីរធំៗ ទី១គឺដើម្បីឲ្យមនុស្ស បានឃើញទ្រង់ព្រោះមនុស្សគេជឿលើអ្វីដែលមើលឃើញច្រើនជាង ហើយបង្ហាញឲ្យមនុស្សដឹងថា ទ្រង់ គឺជាព្រះពិតប្រាកដមែន ទ្រង់មានអំណាចនឹងធ្វើអ្វីទាំងអស់ពិតមែន។ ហើយទី២ ទ្រង់យាងមកព្រោះតែ ស្រលាញ់មនុស្សលោកមិនថាអ្នកណាជានរណា សាសន៍ណាទេ ទ្រង់ចង់សង្គ្រោះគេទាំងអស់ ហើយចង់ ឲ្យពួកគេទទួលបានជីវិតអស់កល្បពីទ្រង់ ទោះបីទ្រង់លំបាកយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែមិនផ្លាស់ប្តូរ ឡើយ (យ៉ូហាន ៣:១៦; លូកា ៦:៣៥)  ហើយក៏ព្រមសុគតព្រោះតែសេចក្តីស្រលាញ់នោះឯង។ ព្រះអង្គ មិនដែលមានព្រះទ័យអាត្មានិយមគិតតែពីព្រះអង្គទ្រង់ឡើយ។ ព្រះអង្គក៏ស្តាប់បង្គាប់ ដល់ព្រះវរបិតាទ្រង់ ទោះបីការយាងមកនោះសង្រ្គោះ ដោយការយកអង្គទ្រង់សំរាប់សុគតជំនូយក៏ដោយ។
    មនុស្ស   មិនថាយ៉ូណាសឬក៏មនុស្សណាទេ ពិសេសសំរាប់អ្នកដែលជឿដល់ព្រះ ពួកគេតែងតែ មិនចង់ឲ្យនរណាម្នាករៀបផ្លូវសំរាប់ឲ្យគេដើរនោះឡើយ ជាការពិតដូចជាលោកយ៉ូណាសជាដើម។ ពួកគេ តែងតែមិនស្តាប់បង្គាប់ដល់ព្រះឡើយ ពិសេសប្រសិនបើព្រះចង់ឲ្យគេទៅណា ឬកន្លែងណាដែលលំបាក ដល់គេ។ ហើយមិនតែប៉ុណ្ណោះមនុស្សគេតែងតែមានគំនិតតអាត្មានិយមដូចជាលោកយ៉ូណាសដែរ គេមិន ចង់ឲ្យនរណាម្នាក់រីកចំរើន នឹងទទួលបានព្រះពរពីព្រះឡើយ ភាគច្រើននៃគំនិតមនុស្សគឺចង់តែឲ្យអ្នក ដទៃរលំរលាយ ហើយខ្លួនឯងបានសុខស្រួលក្រោមព្រះគុណព្រះ។
v  ការអនុវត្តន៍
ដូច្នេះនៅក្នុងនាមខ្ញុំផ្ទាល់ នឹងពួកជំនុំនៃព្រះយើងទំាងអស់គ្នា មិនគួរនឹងគេចពីការត្រាស់ហៅរបស់ ព្រះឡើយ តែផ្ទុយទៅវិញគួរតែត្រែកអរចំពោះការត្រាស់នៅនោះ ហើយស្តាប់បង្គាប់តាមទ្រង់ ដោយចេញ ទៅដើម្បីនឹងប្រកាស់ព្រះបន្ទូលដល់អ្នកដែលស្រែកឃ្លានខាងឯងសេចក្តីសង្រ្គោះ យើងមិនគួរនឹងមាន គំនិតក្នុងការក្តោបព្រះពររបស់ព្រះទុកតែម្នាក់ឯងដូចជាលោកយ៉ូណាស ដែលមិនព្រមចែកសេចក្តី សង្រ្គោះនោះឲ្យដល់ក្រុងនីនីវ៉េដែលគេកំពុងប្រឈមនឹងសេចក្តីជំនុំជំរះរបស់ព្រះ។ ហើយក៏មិនត្រូវមាន គំនិតអាត្មានិយមដូចជាយ៉ូណាសដូចគ្នា គាត់គិតតែពីខ្លួនឯង ដោយមិនខ្វល់ពីអ្នកជិតខាងខ្លួនគាត់ ទៅជា យ៉ាងណា គេមានការលំបាកតែមិនព្រមជួយគេ ហើយធ្វើព្រងើយកន្ទើយ។ ក្នុងនាមជាគ្រីស្ទបរិស័ទ នោះមិនគួរមានការរើសអើងថា អ្នកនេះគួរតែនាំដំណឹងល្អដល់ ហើយអ្នកនោះមិនគួរ ព្រោះជាសត្រូវ ឬជា មនុស្សក្រៅសាសន៍ខ្លួនឡើយ។ តែត្រូវដឹងថាព្រះយេស៊ូវទ្រង់ស្រលាញ់មនុស្សទាំងអស់ ហើយចង់ឲ្យកូន របស់ព្រះអង្គដែលស្គាលព្រះរួចហើយ គេបាននាំសេចក្តីសង្ឃឹមនោះដល់អ្នកគេគ្មានទីសង្ឃឹម ដល់អ្នក ដែលគ្មានផ្លូវជួយខ្លួនបាន ឲ្យគេបានរួចពីអំពើបាប ដូចជាខ្លួនយើងដែរ។ ហើយបើស្រលាញ់ព្រះ នោះត្រូវ តែគោរពកោតខ្លាចដល់ព្រះ មិនត្រូវគេច ឬធ្វើអ្វីដែលព្រះមិនចង់ឲ្យធ្វើឡើយ ហើយបើស្រលាញ់អ្នកជិត ខាងនោះក៏ត្រូវតែចែកចាយពីដំណឹងល្អដល់គេដែរ មិនត្រូវក្តោបព្រះពរតែម្នាក់ឯងឡើយ។



v  ឯសារពិគ្រោះ
·         ព្រះគម្ពីរសិក្សា សញ្ញាចាស់នឹងសញ្ញាថ្មី
·         ស្ពានចម្លងអត្ថាធិប្បាយព្រះគម្ពីរ កណ្ឌហោរា ហេសេ ដល់ ម៉ាឡាគី
·         គន្ថះធិប្បាយព្រះគម្ពីរ

·         វចនានុក្រមព្រះគម្ពីរ     

0 Comments

Type and hit Enter to search

Close