Breaking News

យ៉ូស្វេ ១:១០-១៨ ការត្រៀមខ្លួនចូលទឹកដីសន្យា

Ø  សេចក្តីផ្តើម៖នៅក្នុងថ្នាក់វិទ្យាល័យមួយ មានសិស្សម្នាក់ឈ្មោះសុវណ្ណារិទ្ធ ហើយគាត់គឺជាសិស្សរៀនក្នុងថា្នក់ទី១១។ សុវណ្ណារិទ្ធ គាត់ក៏ជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់រៀនរបស់គាត់ដែរ។ បន្ទាប់ពីសុវណ្ណារិទ្ធ
បានបញ្ចប់ថ្នាក់ទី១១រួចមក គាត់បានសំរេចចិត្តជ្រើសរើសមុខវិជ្ជាផ្នែកសង្គមវិជ្ជាដើម្បីនឹងចូលរៀនក្នុងថា្នក់ទី១២បន្ដទៀត។ មុនចាប់ផ្ដើមចូលបវេសនកាល សុវណ្ណារិទ្ធបានប្ដេជ្ញាចិត្តថានឹងខំប្រឹងរៀនឲ្យពូកែ។ ហើយនៅពេលចូលរៀនដើមឆ្នាំនៅក្នុងថ្នាក់ទី១២ភ្លាម សុវណ្ណារិទ្ធខិតខំប្រឹងប្រែងរៀនសូត្រខ្លាំងណាស់។ ហើយ​ទោះបីសាលារៀនរបស់គាត់នៅឆ្ងាយយ៉ាងណាក៏ដោយ ក៏ជាគាត់នៅតែទៅរៀនគួរទាំងព្រឹក ទាំងថ្ងៃមិនដែលខកខាតម្តងណាសោះឡើយ។ ហើយបើទោះបីជាខ្លួនមានជម្ងឺឈឺយ៉ាងណាក៏ដោយ ក៏សុវណ្ណារិទ្ធនៅតែតស៊ូទៅរៀនមិនឈប់ឡើយ។ នៅពេលដែលត្រឡប់មកពីសាលារៀនវិញសុវណ្ណារិទ្ធ គាត់ក៏បានជួយធ្វើការងារផ្ទះ ហើយក៏ឆ្លៀតពេលដើម្បីធ្វើលំហាត់ផ្សេងៗ និងរៀបចំឯកសារមេរៀនផ្សេងទៀត ដើម្បីត្រៀមខ្លួនក្នុងចូលប្រលងថ្នាក់ទី១២នៅពេលខាងមុខនេះផងដែរ។ សុវណ្ណារិទ្ធគាត់ពិតជាមានមោទនៈភាពចំពោះខ្លួនឯងណាស់ពីព្រោះគាត់បានត្រៀមគ្រប់លក្ខណៈទាំងអស់ដើម្បីនឹងចូលប្រលងថ្នាក់ជាតិ (ទី១២)នេះ។  
តាមរយៈសាច់រឿងដែលយើងទើបតែបានស្ដាប់អម្បាញ់មិញនេះគឺថា សុវណ្ណារិទ្ធគាត់បានត្រៀមខ្លួនត្រៀមលក្ខណៈគ្រប់ពេលវេលាមុននឹងចូលប្រលងថ្នាក់ទី១២នៅពេលខាងមុខនេះ។ គាត់ពិតជាបានត្រៀមខ្លួនជាស្រេចហើយ ដើម្បីចូលប្រលងជាមួយអ្នកដទៃទៀត។ សាច់រឿងខាងលើនេះក៏មានភាពស្រដៀងគ្នាទៅនឹងសាច់រឿងមួយដែលបាននិយាយនៅក្នុងកណ្ឌគម្ពីរយ៉ូស្វេ ១:១០-១៨ ដែលនៅក្នុងនោះនិយាយអំពី ការត្រៀមខ្លួនរបស់ពួកអ៊ីស្រាអែលក្នុងការចូលទឹកដីសន្យា។





Ø  សំណួរស្នូល
·         តើពួកអ៊ីស្រាអែលត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីអាចចូលទឹកដីសន្យានេះបាន?
Ø  សង្ខេបបទគម្ពីរ
បន្ទាប់ពីលោកម៉ូសេដែល ជាអ្នកបម្រើព្រះបានដឹកនាំពួកអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ មកនោះគាត់បានស្លាប់បន្ទាប់ពីគាត់បាននាំពួកគេមកដល់ត្រង់ស្រុកម៉ូអាប់ នៅនាយខាងកើតទន្លេយ័រដាន់ទៅ(ចោទិយកថា៣៤:៥)។ ហើយរហូតមកដល់ជំនាន់របស់លោកយ៉ូស្វេនេះវិញម្ដង ជាក់ស្តែងដូចជានៅក្នុងកណ្ឌគម្ពីរយ៉ូស្វេនេះផងដែរ គឺបាននិយាយអំពីលោកយ៉ូស្វេចាប់ផ្ដើមដឹកនាំរាស្ដ្រអ៊ីស្រាអែលដើម្បីធ្វើដំណើរទៅកាន់ទឹកដីសន្យានោះបន្ដពីលោកម៉ូសេ។ ជាពិសេសនៅក្នុង:១០-១៨ នេះផងដែរ គឺលោកយ៉ូស្វេបានបង្គាប់បណ្តាជនឲ្យពួកគេត្រៀមនូវស្បៀងអាហារ និងគ្រឿងសុព្វាវុធផ្សេងៗ ដើម្បីធ្វើដំណើរចូលទៅកាន់ទឹកដីសន្យាដែលព្រះជាម្ចាស់ទ្រង់បានសន្យាថានឹងប្រទានឲ្យទៅពួកគេ។ ហើយនៅក្នុងខណៈនោះផងដែរ លោកយ៉ូស្វេក៏បានធ្វើការរំលឹកដល់ពួកអ៊ីស្រាអែលពីបណ្តាំផ្សេងៗ របស់លោកម៉ូសេដែលបានប្រាប់ដល់ពួកគេ។ ហើយលោកយ៉ូស្វេក៏បានសរសើរ និងលើកទឹកចិត្តដល់ពួកគេថា ពួកគេគឺជាអ្នកដែលមានកម្លាំងខ្លាំងពូកែ ព្រមទាំងមានបំពាក់នូវគ្រឿងសាស្រ្តាវុធគ្រប់ដៃទាំងអស់។ នៅពេលនោះពួកគេបានឆ្លើយតបដល់លោកយ៉ូស្វេវិញដោយការគោរពស្រឡាញ់ និងឲ្យតម្លៃ ស្តាប់បង្គាប់តាមលោកគ្រប់យ៉ាងដូចជាពួកគេធ្លាប់បានស្ដាប់តាមលោកម៉ូសេពីមុនមកដែរ។
Ø  រចនាសម្ព័ន្ធ
1.   លោកយ៉ូស្វេបង្គាប់បណ្តាជនឲ្យត្រៀមអាហារ (.១០-១១)
2.   លោកយ៉ូស្វេរំលឹកពីបណ្តាំរបស់លោកម៉ូសេដល់បណ្តាជន (.១២-១៥)
3.   ការឆ្លើយតបរបស់បណ្តាជនទៅលោកយ៉ូស្វេវិញ (.១៦-១៨)
Ø  កាត់ស្រាយ
1.    លោកយ៉ូស្វេបង្គាប់បណ្តាជនឲ្យត្រៀមអាហារ (.១០-១១)
មុនពេលដែលលោកម៉ូសេស្លាប់ទៅ គឺលោកដឹងថាខ្លួនលោកមិនបានចូលទឹកដីសន្យានោះទេគឺលោកបានត្រឹមតែឈរមើលពីចម្ងាយតែប៉ុណ្ណោះ(ចោទិយកថា៣៤:-៤)។ ហើយម្យ៉ាងវិញ ទៀតដោយសារតែលោកមានអាយុច្រើនណាស់ហើយ រីឯកំលាំងក៏ចុះខ្សោយណាស់ដែរ។ ហើយលោកម៉ូសេមើលឃើញលោកយ៉ូស្វេ ជាកូនរបស់នុនជាមនុស្សមានប្រាជ្ញា លោកម៉ូសេក៏ដាក់ដៃលើគាត់ដើម្បីដឹកនាំពួកអ៊ីស្រាអែលទៅមុខទៀត (ចោទិយកថា ៣៤:៩)។ ក្រោយពីលោកម៉ូសេទទួលមរណៈភាពទៅ ផ្នែកទទួលខុសត្រូវទាំងប៉ុន្មាន ដែលលោកម៉ូសេធ្លាប់បានធ្វើនោះ ត្រូវធ្លាក់មកលោកយ៉ូស្វេជាដឹកនាំបន្តវេនពីគាត់។ ហើយព្រះជាម្ចាស់ទ្រង់ក៏បានផ្តល់  កំឡាំងចិត្តដល់លោកយ៉ូស្វេថាឲ្យឯងមានចិត្តក្លាហាន ដ្បិតទ្រង់តែងគង់នៅជាមួយគាត់ជានិច្ច ព្រះជាម្ចាស់ទ្រង់ក៏បានតែងតាំងលោកយ៉ូស្វេជាអ្នកដឹកនាំពួកអ៊ីស្រាអែល (យ៉ូស្វេ ១:-)។ លោកយ៉ូស្វេជាអ្នកដឹកនាំដែលមានប្រាជ្ញាមកពីព្រះជាម្ចាស់ ហើយជាអ្នកដឹកនាំដែលមានពេញទៅដោយគំនិតគិតបានគ្រប់ជ្រុងជ្រោយទាំងអស់ និងមានការរៀបចំច្បាស់លាស់ណាស់មុននឹងគាត់ត្រៀមខ្លួនដើម្បីនឹងចូលទៅក្នុងទឹកដីសន្យានោះ។ ជាក់ស្តែងដូចជានៅក្នុង(ខ១០)បានប្រាប់ថា មុននឹងធ្វើដំណើរឆ្លងទន្លេយ័រដាន់ចូលទៅកាន់ទឹកដីសន្យាដែលព្រះជាម្ចាស់ប្រទានឲ្យពួកអ៊ីស្រាអែល នោះលោកយ៉ូស្វេបានធ្វើការត្រួតពិនិត្យផ្នែកស្បៀងអាហារ ដោយលោកបានប្រកាសដំណឹងប្រាប់ដល់ពួកនាយកគ្រប់ទាំងអស់ដែលគ្រប់គ្រងនៅតាមផ្នែកនីមួយៗ ហើយក៏ជាពួកនាយកគឺអ្នកដែលមើលខុសត្រូវលើកុលសម្ព័ន្ធនៅទីនោះ ឬប្រហែលជាមនុស្សដែលលោកម៉ូសេបានតែងតាំងឡើងដើម្បីបែងចែកក្នុងចំណោមជាតិសាសន៍ផ្សេងៗ (ចោទិយកថា ១:១៥) ដែលលោកម៉ូសេឲ្យ ពួកគេធ្វើការគ្រប់គ្រងតាមផ្នែកនីមួយតាមអ្វីដែលលោកម៉ូសេចាត់តាំងឲ្យ។ ហេតុនេះបានលោក     យ៉ូស្វេបានបង្គាប់ឲ្យពួកនាយកទាំងនោះប្រាប់ទៅកុលសម្ព័ន្ធទាំង១២។ នៅក្នុង(ខ១១)បានប្រាប់យើងថា ត្រូវឲ្យពួកកុលសម្ព័ន្ធទាំង១២ ត្រូវត្រៀមស្បៀងអាហារទុកជាមុនដើម្បីនឹងចេញដំណើរឆ្លងកាត់ទន្លេយ័រដាន់ចូលទឹកដីសន្យានៅពេលខាងមុខនេះ។
ឧទាហរណ៍៖ កាលពីខ្ញុំនៅតូចអាយុប្រហែលជា១២ឆ្នាំ នៅថ្ងៃមួយឪពុករបស់ខ្ញុំទៅកាប់អុស នៅក្នុងព្រៃមួយកន្លែងក្នុងរយៈពេលបីថ្ងៃទើបត្រឡប់មកផ្ទះវិញ។ មុនពេលដែលឪពុកខ្ញុំគាត់ចេញដំណើរទៅកាប់អុសនោះ ខ្ញុំបានឃើញម្តាយរបស់ខ្ញុំបានរៀបចំអង្ករ អុស ឆ្នាំង ចាន ឲ្យគាត់យកទៅជាមួយផងដែរ។  តាមរយៈសាច់រឿងខាងលើយើងឃើញថា មុនឪពុករបស់ខ្ញុំចេញដំណើរទៅកាប់អុស ម្តាយរបស់ខ្ញុំបាន ត្រៀមស្បៀងអាហារទុកឲ្យគាត់រួចជាស្រេចក្នុងការធ្វើដំណើររយៈពេលដ៏យូរថ្ងៃនេះ។ ដូចគ្នាដែរ លោកយ៉ូស្វេជាដឹកនាំម្នាក់ដែលបានគិតល្អិតល្អន់ខ្លាំងណាស់ក្នុងដំណើរមួយនេះគាត់មានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរនេះណាស់ ដោយមានការរៀបចំបានល្អ ដោយលោកឲ្យពួកនាយកប្រកាសឲ្យពួកអ៊ីស្រាអែលទាំងអស់ត្រៀមរៀបចំស្បៀងអាហារទុកជាមុនបីថ្ងៃក្រោយនឹងចេញដំណើរឆ្លងទន្លេយ័រដាន់ទៅកាន់ទឹកដីសន្យា។
2.   លោកយ៉ូស្វេរំលឹកពីបណ្តាំរបស់លោកម៉ូសេដល់បណ្តាជន (.១២-១៥)
ក្រោយពីលោកយ៉ូសេ បានបង្គាប់ដល់ពួកនាយកប្រកាសប្រាប់ដល់បណ្តាជនឲ្យត្រៀមស្បៀងអាហាររួចហើយ នោះលោកក៏បានលើកទឹកចិត្តដល់ពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ ឲ្យនឹកចាំពីបណ្តាំរបស់លោកម៉ូសេបានប្រាប់ដល់ពួកគេថា ព្រះជាម្ចាស់នឹងប្រទានទឹកដីកាណាន ដែលជាទឹកដីសន្យាឲ្យធ្វើជាកម្មសិទ្ធរបស់ពួកគេដ្បិតពួកគេក៏ត្រូវបានសំរាកនៅទីនោះផងដែរ។ នៅក្នុង(ខ១២-៣) បាននិយាយពីពួកពួក រូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ​ ដូច្នេះតើពួកគេទាំងនោះជានរណា? ពួករូបេន គឺជាជាតិសាសន៍រូបេន ដែលជាពូជអំបូរ មួយក្នុងចំណោមពូជអំបូរទាំង១២ ហើយពួកគេរស់នៅខាងកើតទន្លេយ័រដាន់ ពួកកាឌ់គឺជាកូនចៅ ទីប្រាំពីររបស់យ៉ាកុប ហើយជាពូជអំបូរមួយក្នុងចំណោមពូជអំបូរទាំងដប់ពីររបស់ពួកអ៊ីស្រាអែលពូជអំបូរម៉ាន៉ាសេ គឺជាកូនច្បងរបស់យ៉ូសែប (លោកុប្បត្តិ ៤១:៥១) ក៏សំដៅទៅលើពូជអំបូររបស់ ម៉ាន៉ាសេដែរ។ លោកយ៉ូស្វេរំលឹកបណ្តាំរបស់លោកម៉ូសេ ដែលបានប្រាប់ដល់ពួកគេថា ព្រះជាម្ចាស់ទ្រង់នឹងឲ្យពួកគេចូលទឹកដីសន្យា ដោយនៅទីនោះជាទឹកដីដែលសំបូរជីជាតិល្អ ឲ្យ ពួកគេបានសំរាក ពីព្រោះពួកគេបានធ្វើសឹកសង្គ្រាមជាច្រើនមកហើយ (ខ១៣) ការសំរាកនៅត្រង់ នេះគឺសំដៅទៅលើការសំរាកពីការនឿយហត់ មិនមែនសំដៅទៅលើការសំរាកខាងរូបកាយ ឬខាង ព្រលឹងវិញ្ញាណនោះទេ លោកយ៉ូសេ្វធ្លាប់ដើរជាមួយពួកអ៊ីស្រាអែលយូរ ហើយលោកក៏ដឹងពី សមត្ថិភាពរបស់ពួកគេដែរ បានជានៅខ.១៤ លោកយ៉ូស្វេបានសរសើរដល់ពួកគេថា ជាមនុស្ស ខ្លាំងពូកែស្ទាត់ជំនាញ បើនិយាយពីសឹកសង្រ្គាមវិញពួកអ៊ីស្រាអែលពិតជាធ្លាប់ឆ្លងកាត់ក្នុងការប្រយុទ្ធជាខ្លាំងសត្រូវរាប់មិនអស់នោះឡើយ ហើយក៏មានកេរ្តិ៍ឈ្មោះមិនអន់ដែរ ជាពិសេសក៏មិន ដែលមានប្រវត្តិចាញ់នោះដែរ ដោយសារព្រះជាម្ចាស់ជាអ្នកដឹកនាំពួកគេ។ លោកយ៉ូស្វេជាដឹកនាំដ៏ ល្អបានលើកចិត្តដល់ពួកគេ ឲ្យបំពាក់គ្រឿងសាស្រ្តាវុធ ដើម្បីត្រៀមខ្លួនក្នុងការប្រយុទ្ធដណ្តើមយក ទឹកដីសន្យា ប្រហែលជានៅសម័យលោកយ៉ូស្វេ គ្រឿងសាស្រ្តាវុធមានតែដាវ រំពែង ខែល ឬអាវក្រោះ ដើម្បីធ្វើសង្រ្គាម មិនដូចជាសម័យទំនើបធ្វើសង្រ្គាមគ្រាប់បែក កាំភ្លើងធំ នុយក្លេអែ ឬគ្រាប់ ម៉ីស   ស៊ីលនោះទេ។
ឧទាហរណ៍៖ ការកើតឡើងសង្រ្គាមរវាងកូរ៉េខាងជើង និងអាមេរិច ហើយប្រទេសទាំងពីរ បានរៀបចំបំពាក់អាវុធទំនើបៗ ទាំងសងខាង ត្រៀមក្នុងការប្រយុទ្ធ។ ប៉ុន្តែនៅសម័យលោកយ៉ូស្វេ វិញផ្ទុយពីសម័យបច្ចុប្បន្ននេះ ដោយនៅជំនាន់លោកយ៉ូស្វេការធ្វើសង្គ្រាម កងទ័ពមានបំពាក់ទៅដោយដាវ រំពែង ធ្នូរ ខែល អាវក្រោះ មួកដែក ទាំងអស់នេះគឺវាមានលក្ខណៈបុរាណ។ ទោះបីជាប្រដាប់ដាអាវុធមាន លក្ខណៈមិនសូវទំនើបមែន តែអ្វីដែឡពិសេសនោះ គឺវត្តមានរបស់ព្រះជាម្ចាស់ដែលទ្រង់គឺជាអ្នកដឹកនាំមុខពួកអ៊ីស្រាអែលក្នុងការធ្វើសង្រ្គោះនោះ។ បើមើលទៅវាដូចជាមានលក្ខណៈវិសេសខ្លាំងជាងមានអាវុធទំនើបទៅទៀត។
ជាការពិតណាស់ ព្រះជាម្ចាស់ទ្រង់នឹងប្រើលោកយ៉ូស្វេ ដើម្បីនាំរាស្រ្តរបស់ទ្រង់ចូលទៅ កាន់ទឹកដីសន្យា ដែលព្រះអង្គបានសន្យាជាមួយពួកព្ធយុកោរបស់ពួកគេថា នឹងប្រទានដល់ពួកគេជាកេរ្តិ៍មរដក ហើយពួកគេនឹងបានឈប់ សំរាកយ៉ាងពិតប្រាកដ។ នៅ(ខ១៥) លោកយ៉ូស្វេ និង ពួកអ៊ីស្រាអែលនិងបានឈប់សំរាកក្នុងទឹកដីនោះជាកន្លែងដែល​សំបូរទៅដោយទឹកដោះ និងទឹកឃ្មុំហូរហៀរ យើងអាចមើលឃើញជំពូក២ និងជំពូក៣ ពួកគេបានឆ្លង កាត់ទន្លេយ័រដាន់ ហើយជំពូក៦ ពួកគេបានវាយយកទីក្រុងយេរីខូ។
3.   ការឆ្លើយតបរបស់បណ្តាជនទៅលោកយ៉ូស្វេវិញ (.១៦-១៨)
            លោកយ៉ូស្វេ ពិតជាអ្នកដឹកនាំដែលមានបទពិសោធន៍ក្នុងការរៀបចំក្នុងការធ្វើសឹកសង្រ្គាមយើងមើលឃើញពីការរៀបចំរបស់គាត់មានការម៉ត់ចត់ច្បាស់លាស់ ហើយម្យ៉ាងវិញទៀត លោក យ៉ូស្វេទើបតែឡើងដំណែងធ្វើជាអ្នកនាំដល់ពួកគេ មានការបង្គាប់បញ្ជាច្រើនដល់ពួកគេ ប្រហែល ជាពួកគេមានអារម្មណ៍ធុញ ប៉ុន្តែការទាំងនេះមិនមានចំពោះពួកគេនោះទេ។ ប្រហែលពួកគេមើល ឃើញពីសមត្ថភាពដឹកនាំរបស់លោកយ៉ូស្វេ នៅពេលដែលលោកបានដើរជាមួយលោកម៉ូសេក្នុងកាលពីមុនហើយ។ ប្រហែលជាពួកគេទុកចិត្តដល់លោកយ៉ូស្វេ បានជានៅ(ខ១៦) ពួកគេបានឆ្លើយតបទៅលោកយ៉ូស្វេ ថា ពួកគេនឹងធ្វើតាមបង្គាប់ទាំងអស់ នេះជាការលើកទឹកចិត្តដល់លោកយ៉ូស្វេជាខ្លាំងក្នុងនាមដឹក នាំម្នាក់បានឮកូនចៅរបស់ខ្លួនសុខចិត្តធ្វើតាមចៅហ្វាយនាយ ហើយក៏បញ្ជាក់ពីការគោរព និងផ្តល់ តម្លៃដល់លោកយ៉ូសេដែរ។
ឧទាហរណ៍៖ កាលពីឆ្នាំមុន ពូសានបានដឹកនាំពួកយុវជនទៅបោះជំរុំនៅកំពង់សោមនៅ ខែ៩ ហើយរដូវមានភ្លៀងធ្លាក់ច្រើន នៅសមុទ្រក៏មានរលក់ធំៗ។ យុវជនដែលចូលរួមក្នុងបោះជំរុំ ប្រហែលជា៧៨នាក់។ មុនចេញដំណើរទៅកំពង់សោម ពូសានបានប្រកាសប្រាប់យុវជនទាំងអស់ ថា អ្នកទាំងអស់គ្នានៅពេលដែលទៅបោះជំរុំ អ្នកទាំងអស់គ្នាត្រូវស្តាប់បង្គាប់ខ្ញុំ ពីព្រោះអ្នកទាំងអស់គ្នាមានគ្នាច្រើន។ បើអ្នកទាំងអស់គ្នាមិនស្តាប់បង្គាប់ខ្ញុំនោះទេ ខ្ញុំពិបាកក្នុងការគ្រប់គ្រងណាស់ យុវជន ទាំងអស់បានបន្លឺសំលេងយ៉ាងអឺងកងថា ពួកយើងទាំងអស់គ្នានឹងស្តាប់បង្គាប់ពូ ពូឲ្យពួកយើងធ្វើអ្វី ពួកយើងនឹងធ្វើតាមពូទាំងអស់។ តាមរយៈសាច់រឿងនេះ យើងឃើញថា យុវជនទាំងអស់សុខចិត្ត ធ្វើតាមពូសាន ប្រហែលជាពេលពូសានស្តាប់ឮពាក្យសំដីទាំងនេះ នៅក្នុងចិត្តរបស់គាត់មានសេចក្ដីរំភើប សប្បាយចិត្ត ហើយក៏ជាការផ្តល់កំលាំងចិត្តដល់ពូសាន។  ដូចគា្នដែរ ប្រហែលជានៅពេលដែល លោកយ៉ូស្វេស្តាប់ឮពួកអ៊ីស្រាអែលធ្វើតាមបង្គាប់របស់គាត់ដើម្បីត្រៀមចូលទឹកដីសន្យាប្រហែលជាធ្វើឲ្យលោកសប្បាយចិត្តបិទមាត់មិនជិតនោះទេមើលទៅ។
អ្នកដឹកនាំណាក៏សប្បាយចិត្តដែរ មិនថាជាលោកយ៉ូស្វេនោះទេ នៅពេលឮអ្នកដែលនៅក្រោមចេះស្ដាប់បង្គាប់ និងធ្វើតាមខ្លួនបែបនេះ។ ហើយការត្រៀមរៀបចិត្តគំនិតក្នុងការដើរតាមដោយស្តាប់ និងធ្វើតាមបែបនេះ ទោះបីជាលោកយ៉ូស្វេនឿយហត់ក្នុងការដឹកនាំក៏ដោយ ក៏គាត់នៅតែមានកលាំងចិត្តដើរទៅមុខបន្ដទៀតដែរ។ ហេតុអ្វីបានជាលោកយ៉ូស្វេមានកំលាំងដើរទៅមុខ? ពីព្រោះដោយសារពួកគេបានឲ្យតម្លៃទៅលោកយ៉ូស្វេ ស្មើទៅនិងលោកម៉ូសេដែលជាអ្នកដឹកនាំចាស់ពីមុនដែលគូសបញ្ជាក់នៅ(ខ១៧) ថា ពួកគេនឹងស្តាប់តាមលោកយ៉ូស្វេដូចលោកម៉ូស្វេដែរ
Ø  សរុបសេចក្ដី
          តើពួកអ៊ីស្រាអែលត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីអាចចូលទឹកដីសន្យានេះបាន?
  ដើម្បីឲ្យពួកគេអាចត្រៀមខ្លួនចូលទឹកដីសន្យាបាននោះគឺ លោកយ៉ូសេ្វជាអ្នកបង្គាប់ដល់បណ្តាជនឲ្យពួកគេត្រៀមរៀបចំស្បៀងអាហារឲ្យបានគ្រប់គ្រាន់។ ហើយជាពិសេសនោះលោកយ៉ូស្វេគាត់ក៏បានរំលឹកពីបណ្តាំខ្លះៗរបស់លោកម៉ូសេកាលពីគាត់នៅរស់នៅឡើយទៅដល់បណ្តាជន។ ដូច្នេះពួកបណ្ដាជនទាំងអស់ត្រូវការការឆ្លើយតបដោយការស្ដាប់បង្គាប់ចំពោះការទាំងនេះ ដើម្បីជាការលើកទឹកចិត្តចំពោះលោកយ៉ូស្វ ពីព្រោះការលើកទឹកចិត្តនេះ គឺពិតជាមានសារៈសំខាន់ណាស់ គឺវាអាចជួយឲ្យយើងដែលជាអ្នកដឹកនាំម្នាក់មានពេញទៅដោយទឹកចិត្ត និងកម្លាំងចិត្តក្នុងការបម្រើ និងធ្វើកិច្ចការផ្សេងៗទៀតបាន។
Ø  ទេវសាស្រ្ត
            ព្រះជាម្ចាស់ ទ្រង់ជាព្រះដែលមានពេញដោយភាពស្មោះត្រង់ចំពោះសេចក្តីសន្យារបស់ទ្រង់ចំពោះរាស្ដ្រទ្រង់។ ហើយព្រះអង្គមិនដែលភ្លេចសេចក្តីសន្យាចំពោះព្ធយុកោរបស់ពួកអ៊ីស្រាអែលនោះឡើយ (កាឡាទី ៣:១៦)។ គ្រប់ទាំងសេចក្ដីសន្យារបស់ទ្រង់នោះទ្រង់មិនដែលភ្លេចនោះឡើយ។ ជាពិសេសព្រះអង្គចង់ឲ្យរាស្ដ្រទ្រង់ចេះមានភាពអត់ធ្មត់ក្នុងគ្រប់កិច្ចការទាំងអស់(២ពេត្រុស ៣:) សេចក្តីសន្យាដែលពិសេសទៅទៀតនោះ គឺព្រះជាម្ចាស់ទ្រង់បានសន្យាថានឹងបញ្ជូនព្រះរាជបុត្រាឲ្យយាងមកដើម្បីនឹងជួយសង្រ្គោះមនុស្សទាំងអស់ក្នុងលោកិយនេះផងដែរ។
            មនុស្សជាអ្នកមានបាបហើយតែងតែចង់បះបោរបំភ្លេចព្រះគុណរបស់ព្រះអម្ចាស់គ្រប់ពេលវេលា។ នៅពេលពួកគេទទួបានអ្វីៗគ្រប់បែបយ៉ាងនោះធ្វើឲ្យចិត្តគេបែរជាមិនស្ដាប់បង្គាប់ព្រះទៅវិញ(ហេព្រើរ១២:៥)។ មនុស្សចូលចិត្តធ្វើអ្វីទៅតាមចិត្តខ្លួន ទៅតាមចំណង់ចំណូលចិត្តខ្លួនដោយមិនមានការកោតខ្លាចព្រះចេស្ដានៃព្រះឡើយ(២ពេត្រុស២:១០)
            ព្រះយេស៊ូវជាព្រះដែលមានព្រះហឫទ័យស្មោះត្រង់ចំពោះសេចក្តីសន្យា។ ទ្រង់មិនដែលធ្វើឲ្យព្រះវរបិតាមានព្រះហឫទ័យខ្ញាល់ដូចជាមនុស្សនោះឡើយ។  ព្រះអង្គយាងមកផែនដីនេះគឺតាមរយៈការស្ដាប់បង្គាប់ដល់ព្រះវរបិតាទ្រង់។ ជាពិសេសគ្រប់ទាំងព័ន្ធកិច្ចដែលទ្រង់ធ្វើនៅផែនដីនេះ គឺទ្រង់ធ្វើតាមព្រះបន្ទូលដែលទ្រង់បានទទួលពីព្រះវរបិតាមក(យ៉ូហាន៤:៣៤) ហើយនៅពេលដែលទ្រង់យាងទៅស្ថានសួគ៌វិញ ទ្រង់សន្យាថាព្រះយេស៊ូវទ្រង់ទូលអង្វរដល់ព្រះជាម្ចាស់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធសំរាប់ជាជំនួយដល់អ្នកដែលដើរតាមព្រះយេស៊ូវ ​(យ៉ូហាន ១៤:១៦-១៧)
Ø  អនុវត្តន៍
                        ដូច្នេះក្នុងនាមយើងជាគ្រីស្ទបរិស័ទ ចូរឲ្យយើងបានត្រៀមខ្លួនដើម្បីនឹងដើរជាមួយព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទគ្រប់ជំពូកចុះ ដោយសារតែយើងមានបាបនោះទើប ព្រះអង្គបានយាងមកគឺដើម្បីនឹងនាំយើងគ្រប់គ្នាទៅឯព្រះវរបិតាទ្រង់វិញ។ ចូរឲ្យយើងមានចិត្តក្លាហានហើយចេះស្ដាប់បង្គប់តាមព្រះបន្ទូលទ្រង់គ្រប់ពេលវេលាចុះ។ មិនត្រូវឲ្យយើងប្រព្រឹត្តអ្វីតាមតែចិត្តគំនិតរបស់ខ្លួនឯងដូចជាលោកិយនេះទៀតឡើយ។ ប៉ុន្ដែត្រូវចេះស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ដើម្បីឲ្យជីវិតរបស់យើងទទួលបាននូវព្រះពរ និងសេចក្ដីអំណរ។ ជាពិសេសនោះគឺការទទួលបានមរដកដែលមិនចេះសាបសូន្យនៅពេលខាងមុខ គឺជាការរស់នៅជាមួយព្រះអម្ចាស់អស់កល្បជានិច្ច។

0 Comments

Type and hit Enter to search

Close