Breaking News

ការត្រាស់ហៅលោកម៉ូសេ និក្ខមនំ៤:១-៥



សេចក្ដីផ្ដើម
            រឿងក្រុមជំនុំក្រីក្រមានពួកជំនុំនៅក្នុងតំបន់ដាច់ស្រយាលមួយ ជាពួកជំនុំដែលក្រីក្រជាទីបំផុត មិនថាពួកជំនុំទេសូម្បីតែអ្នកភូមិទាំងមូលក៏ជាអ្នកដែលមានជីវភាពខ្សត់ខ្សោយដែរ
ព្រោះថា ទាំងអ្នកភូមិ ទាំងពួកជំនុំមិនមានការងារធ្វើអ្វីក្រៅពីស្រែចម្ការឡើយ ឆ្នាំខ្លះក៏ទទួលបានផលអាចបរិភោគបាន ពេលខ្លះក៏អាចលក់បានខ្លះ ប៉ុន្តែវាមិនគ្រប់គ្រាន់ក្នុងការចាយវាយប្រចាំថ្ងៃ។ ពួកជំនុំនោះបានលឺសេចក្ដីអធិប្បាយ ពីការធ្វើជាទីបញ្ចេញពរ តាមរយៈការដែលចេះជួយអ្នកដែលខ្វះខាត ហើយនេះគឺជា បេសសកកម្មថ្វាយដល់ព្រះជាម្ចាស់។ ពួកជំនុំទាំងនោះគិតថា ខ្លួនមិនមានអ្វីទាំងអស់សម្រាប់ធ្វើការថ្វាយព្រះនោះឡើយ ព្រោះខ្លួនក្រីក្រ ខ្វះចំណេះដឹង ពួកគាត់គិតថាខ្លួនគាត់គ្មានសមត្ថភាពក្នុងការធ្វើការថ្វាយព្រះនោះទេ ព្រោះមានតែបន្តិចបន្តួចប៉ុណ្ណោះសម្រាប់រស់នៅមិនអាចចែកដល់អ្នកដទៃបាននោះឡើយ ដូច្នេះពួកគាត់គិតថា ពួកគាត់មិនអាចមានអ្វីដែលអាចចូលរួមក្នុងបេសសកម្មថ្វាយព្រះជាម្ចាស់បាននោះឡើយ រហូតដល់ថ្ងៃមួយមានការអស្ចារ្យមួយបានកើតឡើង យើងនឹងបញ្ចប់សាច់រឿងនេះនៅពេលបញ្ចប់។
ចំណុចភ្ជាប់ៈ ការគិតរបស់ពួកជំនុំដ៏ក្រីក្រមួយនេះ វាមិនខុសពីការគិតរបស់លោកម៉ូសេនៅពេលដែលព្រះជាម្ចាស់ទ្រង់ត្រាស់គាត់អោយធ្វើការធំមួយនោះទេ គឺធ្វើជាដឹកនាំពួកអ៊ីស្រាអែលចេញពីស្រុកអេសីព្ទ ដឹកនាំពួកគេចេញភាពជាទាសករមកធ្វើជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ វាជាកិច្ចការដ៏លំបាកមួយ ហើយលោកម៉ូសេមានលេសជាច្រើនដែលបដិសេធពីការត្រាស់ហៅរបស់ព្រះជាម្ចាស់។
សង្ខេបអត្ថបទគម្ពីរ
ព្រះជាម្ចាស់ទ្រង់បានត្រាស់ហៅលោកម៉ូសេ ប៉ុន្តែគាត់បានប្រកែកជាមួយទ្រង់ដោយថាខ្លាចគេមិនជឿគាត់។ ព្រះទ្រង់បានបង្គាប់អោយគាត់បោះដំបងដែលនៅនឹងដៃគាត់ទៅលើដី នោះដំបងក៏ក្លាយទៅជាពស់ ម៉ូសេលូកដៃចាប់វិញ នោះពស់ក៏ក្លាយជាដំបងវិញ នេះគឺជាទីសម្គាល់សម្រាប់ពួកអ៊ីស្រាអែលអោយជឿតាមលោក។
សំនួរស្នូលៈ តើអ្វីដែលលោកម៉ូសេមានក្នុងការបំពេញបេសសកម្មថ្វាយដល់ព្រះជាម្ចាស់?






តួសេចក្ដី
   ក.  ការបដិសេធរបស់លោម៉ូសេ (ខ១)
            នៅក្នុងជីវិតរបស់មនុស្ស វាមិនមានងាយស្រួល ក្នុងការទទួលបន្ទុកដ៏ធ្ងន់ ឬយកនឹមមកដាក់នៅលើករ គ្មានអ្នកណាម្នាក់ដែលចង់ធ្វើការងារដែលពិបាក ហើយប្រឈមមុខនឹងសេចក្ដីស្លាប់នោះឡើយ ប្រហែលជាមានអ្នកខ្លះចូលចិត្តធ្វើការងារដែលពិបាកដែរ ដែលគេគិតថា ការធ្វើការដែលពិបាកនោះជួយអោយពួកគេមានការរីកចម្រើន ប៉ុន្តែមិនមានមនុស្សច្រើនទេដែលសុខចិត្តទទួលការងារដែលពិបាក។ ដូចជាលោកម៉ូសេដែរ លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលព្រះទ្រង់បង្គាប់អោយលោកទៅជួបស្ដេចផារ៉ោន ហើយសូមអោយពួកអ៊ីស្រាអែលចេញពីស្រុកអេសីព្ទដែលនេះមិនមែនជារឿងងាយស្រួលសម្រាប់មនុស្សដែលជា ពិរុទ្ធជនដូចជាលោកម៉ូសេដែលលោកធ្លាប់ជាប់មានទោសសម្លាប់ជនជាតិអេសីព្ទនោះទេ ដោយសារភាពភ័យខ្លាចបានជាលោករត់ចេញពីស្រុកអេសីព្ទហើយមករស់នៅជាអ្នកគង្វាលចៀមជាមួយនឹងឪពុកក្មេកយ៉ាងដូច្នេះ។ យើងមើលឃើញថា ស្ទើរតែពីរជំពូកនៅក្នុងនិក្ខមនំ ជំពូក៣ និង៤ដែលលោកម៉ូសេព្យាយាមក្នុងការបដិសេធមិនព្រមឆ្លើយតបដោយវិជ្ជមានទៅចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់។ លេសដំបូងនោះនៅក្នុងនិក្ខមនំ៣:១១ លោកម៉ូសេបាននិយាយថា តើទូលបង្គំជាអ្វីអោយទូលបង្គំទៅឯផារ៉ោនហើយអោយទូលបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេសីព្ទមកដូច្នេះ ម៉ូសេដូចជាចង់បញ្ជាក់ពីអត្តសញ្ញាណរបស់លោកថា ទី១គាត់ជាអ្នកឃ្វាលចៀមតែប៉ុណ្ណោះ តើវាជាការងាយស្រួលឬក្នុងការទៅជួបស្ដេចដែលពោរពេញដោយអំណាចដូចជាស្ដេចផារ៉ោន? ព្រះអង្គដូចជាចង់លេងសើចជាមួយម៉ូសេពេកហើយទេដឹង តើស្ដេចផារ៉ោនឹងស្ដាប់លោកម៉ូសេ បើតាមស្ថានភាពរបស់លោកម៉ូសេពេលនោះ ខ្លាចក្រែងតែមិនទាន់បានចូលទៅជួបស្ដេចគេនឹងសម្លាប់គាត់បាត់ទៅហើយ។ មួយវិញទៀត គាត់ធ្លាប់ជាពិរុទ្ធជនដែលជាប់មានទោសសម្លាប់មនុស្ស គាត់អាចនឹងត្រូវគេសម្លាប់បានបើសិនជាគាត់ហ៊ានចូលទៅក្នុងដឹកដីអេសីព្ទបើសិនជាមានអ្នក ចំណាំគាត់បានទោះបើគាត់ចេញពីស្រុកអេសីព្ទ៤០ឆ្នាំហើយក៏ដោយ ពាក្យចាស់លោកពោលថា កុកអាចភ្លេចជុង ដែលជុងមិនដែលភ្លេចកុកទេ។ នេះគឺជាលេសរបស់លោកម៉ូសេ ប៉ុន្តែព្រះអង្គថាទ្រង់នឹងគង់នៅជាមួយគាត់​។ ការប្រកែកនេះបន្តរហូតមកដល់ជំពូក៤:ដែលម៉ូសេគាត់ប្រកែកថា មើលគេនឹងមិនជឿ ឬស្ដាប់តាមទូលបង្គំទេ គេនឹងថា ព្រះយេហូវ៉ាទ្រង់មិនបានលេចមកឯអ្នកឯងទេ លេសមួយរបស់ម៉ូសេគឺ ខ្លាចគេមិនជឿគាត់ ព្រោះថាបើយើងស្រម៉ៃរូបភាពពេលនោះមើលទៅ លោកម៉ូសេចេញពីស្រុកអេសីព្ទអស់៤០ឆ្នាំវិញ សម្រាប់តែគាត់ទៅវិញហើយប្រកាសថា ព្រះយេហូវ៉ាលេចមកឯគាត់ នោះវាដូចជាពិបាកជឿណាស់ ព្រោះគាត់ដូចជាជនចម្លែកមួយដែលចេញពីស្រុក ហើយត្រលប់មកវិញ ហើយអោយបណ្ដាជនស្ដាប់តាមគាត់ ដូចជាពិបាកណាស់។ ម៉ូសេខ្លាចថាគ្មានអ្នកណាស្ដាប់តាមគាត់ ហើយមិនជឿថា ព្រះទ្រង់លេចមកឯគាត់ទេ បើសិនជាខ្ញុំ នៅសុខៗស្រាប់តែមានជនចម្លែកមិនដែលស្គាល់មកប្រាប់ថា ព្រះទ្រង់បានប្រាប់អោយគាត់មកប្រាប់ខ្ញុំអោយធ្វើបែបនេះ ឬធ្វើបែបនោះ ខ្ញុំក៏ពិបាកនឹងជឿដែរ ព្រោះពិបាកទុកចិត្តជនដែលមិនដែលស្គាល់ណាស់។ មកដល់ត្រង់នេះ ខ្ញុំនឹងឃើញរឿងមួយគឺថា មានកូនទាមួយដែលមានរូបអាក្រក់ខ្លាំងណាស់ វាមានពណ៍សម្បុរខុសពីសត្វទាដទៃទៀត ដូច្នេះហើយ ពេលវាដើរទៅណាគេចេះបង្អាប់ហៅវាថា កូនទារូបអាក្រក់ វាដូចជាសត្វដែលនៅក្រៅសង្គមអញ្ចឹង គ្មានអ្នកណាដែលចូលចិត្តរាប់អានវានោះទេ វាក្លាយទៅជនដែលបាក់ទឹកចិត្ត ហើយមិនមានទំនុកចិត្តលើខ្លួនឯង ហើយគិតថាខ្លួនឯងគ្មានសមត្ថភាពក្នុងការធ្វើអ្វីមួយនោះទេ។ កូនទាមួយនោះប្រៀបដូចជាលោកម៉ូសេដែលគិតថាខ្លួនគ្មានសមត្ថភាព ពួកបណ្ដាជននឹងគ្មានទំនុកចិត្ត ឬរាប់អានជនចម្លែកដែលគេមិនស្គាល់ដូចជាលោកនោះឡើយ។
  .ខ. ព្រះទ្រង់ប្រើអ្វីដែលម៉ូសេមានដើម្បីបំពេញបេសសកម្មរបស់ទ្រង់ (ខ២-៥)
                        មានសំនួរមួយដ៏សំខាន់មួយដែលព្រះទ្រង់បានសួរទៅលោកម៉ូសេនៅក្នុងខ២ តើមានអ្វីដែលនៅដៃឯងនោះ? លោកទូលឆ្លើយថា មានដំបង សំនួរនេះគ្រាន់តែជាសំនួរដ៏សាមញ្ញមួយ ព្រោះថាដំបងដែលលោកម៉ូសេមិនមានអ្វីដែលពិសេសជាងគេនោះទេ ព្រោះអ្នកគង្វាលសត្វរូបណាក៏មានដំបងដែរទុក្ខសម្រាប់ការពារសត្វ ឬគៀងសត្វដែលចេញពីហ្វូងអោយមកចូលហ្វូងវិញ ដំបងរបស់ម៉ូសេគ្រាន់តែឈើមួយដើមដែលគ្មានតម្លៃ មិនសូវសំខាន់នោះទេ ព្រោះថាបើបាត់ទៅគង់តែនឹងរកថ្មីបាន។ ព្រះអង្គទ្រង់បានប្រាប់ថា ចូរបោះដំបងនោះទៅដី ដំបងក៏ក្លាយជាសត្វពស់(ខ៣) ម៉ូសេបានរត់ចេញពីសត្វពស់នោះទៅព្រោះថា ខ្លាច។ ព្រះទ្រង់បានធ្វើអោយដំបងក្លាយទៅជាពស់ ហើយពស់ក្លាយជាដំបងដើម្បីឆ្លើយតបទៅនឹងការដែលម៉ូសេគិតថា ពួកបណ្ដាជននឹងគ្មានអ្នកណាជឿតាមគាត់ទេ គ្មានអ្នកណាម្នាក់ដែលនឹងព្រមទទួលថា ព្រះទ្រង់លេចមកឯម៉ូសេនោះទេ។ នៅក្នុងខ៥ព្រះជាម្ចាស់ទ្រង់បានមានព្រះបន្ទូលថា នេះ​គឺ​ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ពួក​ឰយុកោ ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប ទ្រង់​បាន​លេច​មក​ឯ​ឯង ដូច្នេះការធ្វើដំបង អោយក្លាយទៅជាពស់ ហើយពស់ក្លាយជាដំបង គឺជា ទីសម្គាល់សម្រាប់ឆ្លើយតបទៅនឹងការបដិសេធថា ព្រះទ្រង់មិនបានលេចមកឯលោកម៉ូសេនោះទេ។ បើការណាឃើញទីសម្គាល់នេះ នោះពួកបណ្ដាជននឹងជឿតាមលោកជាមិនខានឡើយ។ យើងបកទៅរកសំនួរនៅក្នុងខ២ដែលថា តើមានអ្វីនៅដៃឯងនោះ? ហើយលោកម៉ូសេឆ្លើយតបថា មានដំបង ដូចដែលបានបញ្ជាក់ខាងលើថា ដំបងនោះមិនជារបស់ដែលមានតម្លៃអ្វីនោះទេ។ លោកម៉ូសេនៅតែបន្តប្រកែក ប៉ុន្តែចុងក្រោយលោកទទួលយល់ព្រមធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ លោកបានឆ្លើយតបយ៉ាងវិជ្ជមានក្នុងការធ្វើបេសសកម្មដ៏ធំនេះថ្វាយដល់ព្រះជាម្ចាស់។ នៅក្នុងខ១៧ ព្រះអង្គទ្រង់ផ្ដាំថា ត្រូវអោយឯងយកដំបងនេះកាន់នៅដៃសម្រាប់នឹងធ្វើទីសម្គាល់ចុះ ម្ដងទៀត ព្រះជាម្ចាស់ទ្រង់បាននិយាយពីដំបង ដែលគ្មានតម្លៃ ប៉ុន្តែតាមរយៈរបស់ដែលគ្មានតម្លៃ ព្រះអង្គទ្រង់បានប្រើប្រាស់វាអោយមានលទ្ធមួយយ៉ាងធំ។ ដំបងដែលលោកម៉ូសេមាន ដំបងដែលមិនសំខាន់ ដំបងដែលគ្មានអំណាច ប៉ុន្តែបានក្លាយទៅជាអាវុធដ៏ល្អដែលព្រះជាម្ចាស់ទ្រង់បានប្រើសម្រាប់បំពេញបេសសកកម្មរបស់ទ្រង់ ក្នុងការនាំរាស្រ្តរបស់ព្រះជាម្ចាស់។ លោកម៉ូសេបានអនុញ្ញាតិអោយព្រះអង្គប្រើអ្វីដែលគាត់មាន របស់ដែលមិនសូវសំខាន់ដែលគាត់មាន ហើយព្រះអង្គទ្រង់ប្រើវាអោយចេញជាលទ្ធផលដ៏អស្ចារ្យដែលគ្មានអ្នកណាដែលនឹកស្មានដល់នោះឡើយ។
            ដំបងដែលលោកម៉ូសេមាន​ បាននៅជាមួយលោកម៉ូសេហើយនាំរាស្រ្តរបស់ព្រះជាម្ចាស់ចេញពីស្រុកអេសីព្ទមកដោយជោគជ័យ។ ដំបងដែលមិនសូវមានតម្លៃ ប៉ុន្តែព្រះអង្គទ្រង់បានច្នៃវាអោយក្លាយទៅជាឧបករណ៍ដ៏ល្អមួយសម្រាប់ជាជំនួយដល់លោកម៉ូសេ។ ដំបងដែលធ្លាប់តែឃ្វាលសត្វ ឥលូវនេះបានក្លាយជាដំបងដ៏សំខាន់ យើងមើលឃើញថា នៅពេលដែលលោកម៉ូសេទៅជួបបណ្ដាជន លោកបានធ្វើទីសម្គាល់ដោយដំបងនោះ ប្រជាជនក៏ជឿតាមលោកទៅ(និក្ខមនំ៤:៣០-៣១)។ នៅពេលដែលលោកម៉ូសេ ទៅជួបជាមួយនឹងផារ៉ោននោះលោកបានប្រើប្រាស់ដំបងនោះដើម្បីធ្វើអោយផារ៉ោនអនុញ្ញាតិអោយពួកអ៊ីស្រាអែល ចេញពីស្រុកអេសីព្ទទៅ។ នៅចំពោះផារ៉ោន លោកម៉ូសេបានប្រើប្រាស់ដំបងក្លាយទៅជាសត្វពស់ ស្ដេចផារ៉ោនមិនបានជឿនោះទេ ទ្រង់បានអោយពួកគ្រូមន្តអាគមប្រើដំបងរបស់គេដើម្បីនឹងធ្វើជាសត្វពស់ដែរ ប៉ុន្តែដំបងរបស់លោកម៉ូសេបានលេបសត្វពស់របស់ពួកគ្រូមន្តអាគមនោះទៅ ជាទូទៅដំបងរបស់ពួកគ្រូមន្តអាគមនោះគឺមានអំណាច ការដែលដំបងរបស់លោក       ម៉ូសេលេបដំបងរបស់ពួកគេនោះគឺ មានន័យថា អំណាចដែលព្រះជាម្ចាស់មាននោះខ្លាំងជាងអំណាចរបស់ពួកគ្រូមន្តអាគមនោះទៅទៀត(និក្ខមនំ៧:-១៣)។ មិនតែប៉ុណ្ណោះសោត ដំបងដែលមិនសូវមានតម្លៃរបស់ម៉ូសេ ប៉ុន្តែព្រះអង្គទ្រង់បានប្រើប្រាស់វានោះគឺបានធ្វើការអស្ចារ្យជាច្រើនទៀត។ ផារ៉ោននៅតែមិនស្ដាប់តាមម៉ូសេ និងអើរ៉ុន ព្រះទ្រង់បានផ្ដាំម៉ូសេថា នៅពេលដែលជួបស្ដេចផារ៉ោនម្ដងទៀត នោះត្រូវយកដំបងដែលក្លាយជាពស់នោះទៅជាមួយផង(និក្ខមនំ៧:១៥) ជាថ្មីម្ដងទៀតព្រះជាម្ចាស់ទ្រង់បានរំលឹកពីដំបង ដែលលោកម៉ូសេមាន សម្រាប់ព្រះជាម្ចាស់ដំបងនោះមានតួនាទីយ៉ាងសំខាន់ក្នុងការបំពេញការងាររបស់ទ្រង់។ ព្រះជាម្ចាស់ទ្រង់បានបង្គាប់អោយលោកម៉ូសេលើកដំបងនោះឡើងដើម្បីធ្វើអោយអស់ទាំងទឹក ទន្លេ បឹងបួ ព្រែក ស្រះរបស់ពួកអេសីព្ទទាំងប៉ុន្មាន ក្លាយទៅជាឈាម ហើយត្រីទាំងអស់បានស្លាប់ និងទន្លេបានធំក្លិនស្អុយឡើង(និក្ខមនំ៧:១៤-២៤)។ នេះគឺជាអំណាចរបស់ព្រះជាម្ចាស់ដែលទ្រង់ប្រើប្រាស់ដំបងនោះសម្រាប់ជាទីសម្គាល់ដល់ផារ៉ោន មិនត្រឹមតែប៉ុណ្ណោះទេ ព្រះអង្គទ្រង់បានប្រើប្រាស់ដំបងនោះទៅធ្វើកិច្ចការជាច្រើនទៀត ម៉ូសេបានលើកដំបងនោះកង្កែបបានចេញពីអស់ទាំង ទន្លេព្រែកបឹងមកគ្របដណ្ដប់លើលស្រុកអេសីព្ទទាំងមូល(និក្ខមនំ៨:-៦) ដំបងនោះវានៅនឹងដៃក៏ក្លាយទៅជាចៃនៅពេញស្រុកអេសីព្ទទាំងមូល(និក្ខមនំ៨:១៦) ដោយសារដំបងនោះ ព្រះទ្រង់បាននាំកណ្ដូបមកគ្របដណ្ដប់លើស្រុកអេសីព្ទទាំងមូល ព្រមទាំងស៊ីបំផ្លាញដំណាំរបស់ពួកស្រុកអេសីព្ទទាំងអស់(និក្ខមនំ១០:១២-១៥) ហើយដំបងនោះឯងដែលព្រះទ្រង់បានប្រើអោយញែកទឹកចេញពីគ្នាហើយអោយពួកអ៊ីស្រាអែលដើរនៅលើដីកណ្ដាលទឹកដើម្បីរត់គេចពីពួកអេសីព្ទ ហើយក៏ប្រើដំបងនោះដើម្បីនឹងជំនុំជម្រះពួកទ័ពរបស់ស្ដេចផារ៉ោនអោយស្លាប់នៅក្នុងសមុទ្រ(និក្ខមនំ១៤:១១-២៩)។ ដំបងនោះឯងដែលព្រះទ្រង់ប្រើអោយមានទឹកចេញពីថ្មដើម្បី ចិញ្ចឹមដល់ពួកអ៊ីស្រាអែលទាំងមូល(និក្ខមនំ១៧:-៧) និងមានការផ្សេងៗទៀតដែលព្រះជាម្ចាស់ទ្រង់បានធ្វើតាមរយៈដំបងរបស់ម៉ូសេ។ មួយវិញទៀតនៅក្នុងព្រះគម្ពីរ ព្រះជាម្ចាស់ទ្រង់បានប្រើប្រាស់អ្វីជាច្រើនដែលមនុស្សមានតិចតួច ឬរបស់ដែលមិនសំខាន់សម្រាប់បំពេញកិច្ចការរបស់ព្រះអង្គ ដូចជាព្រះអង្គទ្រង់ប្រើប្រាស់ដំបងរបស់លោកម៉ូសេដែលជារបស់មិនសូវសំខាន់នោះដែរ តែអ្វីដែលសំខាន់នោះគឺ មនុស្សហ៊ានក្នុងការអោយព្រះជាម្ចាស់ទ្រង់ប្រើនៅអ្វីដែលយើងមានដើម្បីបំពេញការងាររបស់ព្រះអង្គ។ ដូចជាស្រ្តីម៉េម៉ាយម្នាក់ដែលនាងមានម្សៅសម្រាប់ធ្វើនំប៉័ងតែមួយដុំសម្រាប់នាងនិងកូនរបស់នាង ជាម្សៅនំប៉័ងចុងក្រោយដែលនាងមាន ដែលនាងនឹងស្លាប់បន្ទាប់ពីបរិភោគវាជាលើកចុងក្រោយ។ នៅពេលដែលលោកអេលីយ៉ាងទៅទៅផ្ទះរបស់ស្រ្តីនោះ ហើយសូមទឹក និងនំប៉័ងដើម្បីញុំាំ ស្រ្តីនោះប្រកែកមិនព្រមអោយនំប៉័ងទៅលោកទេ ព្រោះតែវាជាពេលដែលមានគ្រោះរាំងស្ងួត វាមិនងាយស្រួលទេ សម្រាប់រកអាហារចិញ្ចឹមជីវិត មួយវិញទៀត ព្រោះវាមានសម្រាប់តែពីរនាក់ផងដែរ ប៉ុន្តែលោកអេលីយ៉ាបានប្រាប់ថា ដ្បិត​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ម្សៅ​ក្នុង​ខាប់​នោះ​នឹង​មិន​ដែល​ផុត​ទៅ ហើយ​ប្រេង​ក្នុង​ដប​ក៏​មិន​ដែល​រលោះ​ឡើយ ដរាប​ដល់​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែន​ដី ចុងក្រោយស្រ្តីម៉េម៉ាយនោះបានយល់ព្រមធ្វើនំប៉័ងអោយលោកអេលីយ៉ា ហើយព្រះទ្រង់បានចិញ្ចឹមនាង កូន និងលោកអេលីយ៉ាអស់រយៈ៣ឆ្នាំទម្រាំតែព្រះទ្រង់ប្រទានទឹកភ្លៀងមកលើផែនដីវិញ។ យើងមើលឃើញនាងមានតែនំប៉័ងតែមួយដុំ សម្រាប់តែនាងនិងកូន ប៉ុន្តែនាងបានថ្វាយរបស់តិចតួចដែលនាងទៅចំពោះព្រះជាម្ចាស់ នោះទ្រង់បានប្រើវាអោយមានប្រយោជន៍យ៉ាងអស្ចារ្យបំផុត ទ្រង់ប្រើរបស់តិចតួចនោះទៅចិញ្ចឹមមនុស្ស៣នាក់ ទ្រង់ប្រើរបស់បន្តិចបន្តួចនោះអោយចេញជាលទ្ធផលមួយដ៏អស្ចារ្យ(១ពង្សាវតាក្សត្រ១៧:១០-១៧)។ ដូចជាលោកម៉ូសេ មុនដំបូងគាត់ប្រកែកមិនព្រមដូចជាស្រ្តីម៉េម៉ាយម្នាក់នោះដែរ លោកថាលោកគ្មានអ្វីដែលអាចបំពេញការងារដែលព្រះអង្គអោយគាត់ទេ ប៉ុន្តែតាមពិតគាត់មានដំបង ដែលវាជារបស់ដែលមិនសូវសំខាន់ទេ មិនអស្ចារ្យទេ​ ប៉ុន្តែលោកម៉ូសេបានថ្វាយអ្វីដែលគាត់មាននោះទៅព្រះអង្គ នោះព្រះអង្គទ្រង់នឹងប្រើវាអោយចេញជាលទ្ធផលមួយដ៏អស្ចារ្យបំផុតទៅតាមបំណងព្រះហឬទ័យរបស់ព្រះអង្គ។ ដំបងដែលមិនសំខាន់ដែលលោកម៉ូសេដាក់ថ្វាយទៅចំពោះព្រះជាម្ចាស់ នោះទ្រង់បានប្រើវាដើម្បីនាំពួកអ៊ីស្រាអែលចេញពីអេសីព្ទ មិនមែនមានន័យថាដំបងនោះមានអំណាចអស្ចារ្យទេ ប៉ុន្តែគឺជា ព្រះដែលទ្រង់ប្រើប្រាស់វាអោយចេញជាលទ្ធផល គឺជាអំណាចរបស់ព្រះសុទ្ធសាធ តែក៏ជាការចូលរួមពីលោកម៉ូសេ និងអើរ៉ុនដែរក្នុងការបំពេញការងាររបស់ព្រះអង្គ។ ព្រះអង្គទ្រង់ប្រើអ្វីដែលមិនសូវសំខាន់ អ្វីដែលមិនសូវមានតម្លៃ តែអោយតែមនុស្សដាក់សម្រាប់ព្រះអង្គនោះទ្រង់នឹងប្រើវាអោយចេញជាលទ្ធផលដែលគ្មានអ្នកណាអាចនឹកស្មានដល់ ប៉ុន្តែអ្វីដែលសំខាន់នោះតើមនុស្សហ៊ានដាក់វាអោយព្រះអង្គទ្រង់ប្រើដែរ ឬទេ? មានពួកជំនុំមួយនៅក្នុងប្រទេសឥណ្ឌា អ្នកភូមិនៅជុំវិញព្រះវិហារចាំបាច់ទៅកន្លែងឆ្ងាយដើម្បីដងទឹកយកមកប្រើប្រាស់ដោយសារ តែនៅក្នុងភូមិនោះពុំមានអណ្ដូងទឹកដើម្បីប្រើប្រាស់នោះទេ ណាមួយដោយសារដីនៅក្នុងភូមិនោះក្ដៅខ្លាំងពិបាកក្នុងការជីកអណ្ដូងយ៉ាងខ្លាំង ការនេះធ្វើអោយមានការពិបាកណាស់នៅក្នុងពួកជំនុំ។ ដោយឃើញការលំបាកបែបនេះ គ្រូគង្វាលនៅក្នុងព្រះវិហារបានប្រជុំគ្នាដើម្បីនឹងរកវិធីដើម្បីជួយដល់អ្នកភូមិ ដោយការជីកអណ្ដូង ពេលនោះពួកជំនុំដែលជាអ្នកភូមិខ្លះបានបដិសេធដោយសារ តែគេធ្លាប់ជីកប៉ុន្តែរកទឹកមិនបានប្រើប្រាស់នោះទេ ប៉ុន្តែលោកគ្រូគង្វាលបានប្រាប់ថា ព្រះអង្គទ្រង់នឹងប្រទានពរសម្រាប់ការនោះ។ គេក៏ចាប់ផ្ដើមជីក ជីកទៅ៥ម៉ែត្រគេមើលទៅគ្មានទឹក ១០ម៉ែត្រក៏មានទឹក ១៥ម៉ែត្រក៏នៅតែគ្មានទឹក រហូតដល់២០ម៉ែត្រទើបមានទឹកចេញតិចៗ គេក៏ជីកបន្តរហូតដល់៣០ម៉ែត្រទើបមានទឹកចេញល្មមអាចប្រើប្រាស់បាន អ្នកភូមមិសប្បាយចិត្តណាស់ដែលពួកគេមានទឹកសម្រាប់ប្រើប្រាស់។ ចាប់តាំងពីពេលនោះមកក៏មានអ្នកភូមិជាច្រើនអាចយកប្រើប្រាស់អណ្ដូងនោះបាន ប៉ុន្តែវានៅតែមិនគ្រប់គ្រាន់ គេក៏ចាប់ផ្ដើមជីកអណ្ដូងបន្ថែមទៀត រហូតដល់មានអណ្ដូងទឹកជាច្រើនកន្លែងនៅក្នុងភូមិនោះ ក៏មានអ្នកភូមិជាច្រើនបានស្គាល់ព្រះតាមរយៈការងារដែលពួកជំនុំបានធ្វើ។ យើងមើលឃើញថា អោយតែយើងចេះថ្វាយការងារដែលតិចតួចនោះទៅព្រះនោះ ព្រះអង្គនឹងប្រើប្រាស់វាជាឱកាសក្នុងការបំពេញបេសកកម្មរបស់ព្រះអង្គ ព្រោះទ្រង់ដូចពួកជំនុំនៅឥណ្ឌានោះអញ្ចឹង គេយល់ច្បាស់ថា ព្រះអង្គទ្រង់ប្រើប្រាស់ពួកគេក្នុងការបំពេញការងាររបស់ព្រះអង្គ នោះគេព្រមក្នុងការថ្វាយកម្លាំង ថ្វាយធនធានដែលគេមានដើម្បីបំពេញការងារដែលព្រះអង្គទ្រង់ចង់អោយគេធ្វើ។
សេចក្ដីបញ្ចប់
            សរុបមកព្រះជាម្ចាស់ទ្រង់បានប្រើប្រាស់ ដំបងដែលមិនសូវមានតម្លៃសម្រាប់នឹងធ្វើការងារថ្វាយព្រះអង្គ។ ទោះបើលោកម៉ូសេព្យាយាមក្នុងការប្រកែក ហើយថាខ្លួនគ្មានសមត្ថភាពក្នុងការធ្វើការដ៏លំបាកនោះយ៉ាងណាក្ដី ប៉ុន្តែព្រះអង្គទ្រង់ប្រើគាត់ដើម្បីបំពេញផែនការរបស់ព្រះអង្គ។ ទោះបើម៉ូសេគ្មានអ្វីក៏ពិតមែន ប៉ុន្តែព្រះអង្គទ្រង់ប្រើនូវអ្វីដែលគាត់មានស្រាប់ ធនធនដែលគាត់មានរួចស្រេចហើយដើម្បីធ្វើការងារបម្រើព្រះអង្គ។ លោកម៉ូសេគិតថា គាត់គ្មានអ្វីទាំងអស់ដើម្បីបម្រើព្រះអង្គ ប៉ុន្តែតាមពិតគាត់មានដំបងដែលព្រះអង្គទ្រង់អាចប្រើប្រាស់បាន ដើម្បីជួយអោយគាត់បំពេញការងាររបស់គាត់បានយ៉ាងល្អប្រសើរជាទីបំផុត។ យើងគួរបញ្ចប់សាច់រឿងដែលយើងបាននិយាយនៅក្នុងសេចក្ដីផ្ដើម រហូតដល់ថ្ងៃមួយ មានការអស្ចារ្យមួយបានកើតឡើង នៅថ្ងៃអាទិត្យដែលពួកជំនុំកំពុងតែថ្វាយបង្គំ កម្មវិធីអធិប្បាយព្រះបន្ទូលចប់ នោះដល់កម្មវិធីថ្វាយដង្វាយ ពួកជំនុំជាទូទៅមិនមានដង្វាយច្រើនទេសម្រាប់ថ្វាយទៅព្រះវិហារ នៅទីនោះមានស្រ្តីជរាម្នាក់ដែលជាពួកជំនុំ គាត់បានយកអង្ករមួយកំប៉ុងមកថ្វាយព្រះ ហើយគាត់បាននិយាយថា គាត់ថ្វាយអង្ករនោះសម្រាប់បេសសកម្មរបស់ព្រះជាម្ចាស់។ មានពួកជំនុំជាច្រើនបានសើចគាត់ ថាអង្ករមួយកំប៉ុងនោះអាចធ្វើអ្វីបាន តើអាចជួយដល់ផ្នែកបេសកកម្មរបស់ព្រះបានឬអី? ស្រ្តីនោះបានឆ្លើយតបថា ព្រះអង្គទ្រង់នឹងប្រើរបស់តិចតួចនេះដើម្បីបម្រើដល់ព័ន្ធកិច្ចរបស់ព្រះអង្គ។ ពេលចប់ថ្វាយបង្គំលោកគ្រូបានយកអង្ករមួយកំប៉ុងដែលស្រ្តីនោះថ្វាយ ទៅអោយស្រ្តីមួយរូបទៀតដែលជាអ្នកភូមិ ជាអ្នកដែលក្រីក្រជាងគេនៅក្នុងភូមិដែលពួកគេជារឿយៗមិនដែលមានអ្វីញុំាំគ្រប់គ្រាន់នោះឡើយ កាលស្រ្តីនោះបានអង្ករមួយកំប៉ុងនោះក៏ដាំបបរញុំាំនៅក្នុងក្រុមគ្រួសាររបស់នាងយ៉ាងឆ្ងាញ់ពិសារ។ កាលបើពួកជំនុំបានដឹងរឿងនោះមក នោះពួកគេបានចាប់ផ្ដើមថ្វាយដល់ព្រះក្នុងមួយសប្ដាហ៍មួយកំប៉ុងរៀងរាល់សប្ដាហ៍ គ្រូគង្វាលក៏បែងចែកអង្ករនោះទៅដល់ពួកជំនុំដែលក្រីក្រខ្លះ ដល់អ្នកភូមិក្រីក្រខ្លះសម្រាប់រស់នៅ យូរៗទៅចំនួនអង្ករបានកើនឡើង ក៏អាចជួយដល់អ្នកភូមិផ្សេងទៀតបានដែរ ហើយក៏មានអ្នកជឿព្រះអង្គជាបន្តបន្ទាប់។ មួយរយៈក្រោយមក គេបានសងសាងព្រះវិហារមួយយ៉ាងធំដែលចំណូលបានមកពីការលក់អង្កររបស់ពួកជំនុំ ក៏បានចាត់បញ្ជូនបេសកជនជាច្រើនចេញទៅតាមប្រទេសមួយចំនួន ហើយពួកជំនុំបានផ្គត់ផ្គង់ដោយសារតែការលក់អង្ករនោះ។ យើងមើលឃើញថា ព្រះអង្គទ្រង់បានប្រើប្រាស់អ្វីដែលតិចតួច ចាប់ពីតិចតួច ប៉ុន្តែដាក់វាថ្វាយទៅព្រះអង្គ នោះទ្រង់នឹងប្រើវាអោយចេញជាលទ្ធផលមួយដ៏ល្អប្រសើរបំផុត ហើយមានតែព្រះទេទើបអាចធ្វើបាន ក្រៅពីព្រះអង្គនោះគ្មានអ្នកណាទៀតដែលអាចធ្វើបាននោះឡើយ។
ទេវសាស្រ្ត
ព្រះជាម្ចាស់ៈ ព្រះជាម្ចាស់ទ្រង់ចង់អោយមនុស្សបានទុកចិត្តព្រះអង្គក្នុងការបំពេញបេសសកម្មរបស់ព្រះអង្គ កុំអោយមើលខ្លួនថាគ្មានសមត្ថភាព ប៉ុន្តែព្រះអង្គទ្រង់នឹងប្រើអ្វីដែលយើងមានសម្រាប់បំពេញផែនការរបស់ព្រះអង្គក្នុងការនាំមនុស្សអោយចូលមកក្នុងនគររបស់ព្រះអង្គ។ ព្រះជាម្ចាស់ទ្រង់ជាអ្នកហៅ មនុស្សមានតួនាទីក្នុងបំពេញការត្រាស់ហៅ។
ព្រះគ្រីស្ទវិទ្យាៈ នៅក្នុងព្រះគម្ពីរយ៉ូហាន៦:-១៣  បានប្រាប់យើងពីសេចក្ដីពិតដ៏អស្ចារ្យដែលព្រះយេស៊ូវទ្រង់បានបំពេញក្រពះមនុស្ស៥០០០នាក់ដោយសារនំប៉័ង៥ដុំ និងត្រី២កន្ទុយតែប៉ុណ្ណោះ។ នៅពេលនោះមានមនុស្សជាច្រើនដែលកំពុងតែឃ្លាន ព្រះយេស៊ូវព្រមទាំងពួកសាវកមិនមានប្រាក់គ្រប់គ្រាន់ក្នុងការទិញអាហារសម្រាប់ចំនួនមនុស្សដ៏ច្រើនលើសលប់យ៉ាងនោះឡើយ។ ប៉ុន្តែនៅក្នុងនោះមានក្មេងម្នាក់ដែលមាននំប៉័ង៥ដុំ និងត្រី២កន្ទុយយកមកថ្វាយព្រះយេស៊ូវ តាមរយៈអាហារនោះ អាចញុំាំឆ្អែតបានសម្រាប់តែក្មេងម្នាក់ប៉ុណ្ណោះ បើមនុស្សពេញវ័យនោះញុំាំមិនឆ្អែតនោះទេ ដូច្នេះវាកាន់តែមិនអាចទៅរួចទៅទៀតបើចង់យកវាមកបំពេញក្រពះមនុស្ស៥០០០នាក់នៅពេលនោះ ប៉ុន្តែព្រះយេស៊ូវទ្រង់បានប្រើអាហារដ៏តិចតួចនោះអោយត្រលប់ទៅជា អាហារយ៉ាងច្រើនដែលអាចផ្គត់ផ្គង់ដល់មនុស្សដល់ទៅ៥០០០នាក់ ហើយសល់១២កន្រ្តកដែលពួកសិស្សអាចយកទៅផ្ទះបានទៀតផង។ យើងមើលឃើញថា ក្រៅពីព្រះជាម្ចាស់ នោះព្រះយេស៊ូវទ្រង់បានធ្វើការងារដូចគ្នាទៅនឹងព្រះវរបិតាបានធ្វើដែរ គឺទ្រង់ក៏បានប្រើអាហារដែលតិចតួច ដែលមិនសូវសំខាន់សម្រាប់បំពេញបេសកកម្មរបស់ទ្រង់ព្រោះព្រះយេស៊ូវទ្រង់គឺជា ព្រះដែលអាចធ្វើការដែលព្រះជាម្ចាស់ទ្រង់ធ្វើបានដែរ។
មនុស្សៈ មនុស្សជាច្រើននាក់ដែលមិនចង់ចូលរួមក្នុងការធ្វើបេសសកម្មថ្វាយព្រះ ដោយគិតថាខ្លួនគ្មានសមត្ថភាព ខ្លួនគ្មានចំណេះដឹង ខ្លួនជាមនុស្សក្រីក្រមិនអាចជួយអ្នកដទៃបាននោះទេ។ មនុស្សតែងតែខ្ជិល ឬតែងតែប្រកែកថាគ្មានពេល ព្រោះរវល់ណាស់ រវល់រកពេលងាប់គ្មាន មានពេលឯណាទៅជួយការងារព្រះអង្គទៅ ចាំទំនេរសិន។
អនុវត្តន៍
            អស់លោកអ្នកបងប្អូនជាទីស្រលាញ់ ព្រះអង្គទ្រង់ផ្ដល់ធនធានដែលយើងមានស្រាប់ដែលយើងអាចយកវាមកបំពេញការងារដែលព្រះអង្គអោយយើងបានគឺនាំមនុស្សថ្វាយដល់ព្រះអង្គជាបេសសកម្ម ដែលព្រះអង្គទ្រង់ផ្ដល់អោយយើង ធ្វើជាទីបញ្ចេញពរដល់មនុស្សដទៃទៀត នាំមនុស្សដ៏ទៃទៀតចេញពីភាពជាទាសករនៃអំពើបាប ចូលមកក្នុងសេរីភាពដែលព្រះជាម្ចាស់ទ្រង់ផ្ដល់អោយ។ ប្រហែលជាយើងគិតថា យើងគ្មានពេលទេ យើងរវល់ណាស់ ប៉ុន្តែប្រហែលជាពេល១០នាទីដែលយើងថ្វាយទៅចំពោះព្រះអង្គយកពេលនោះទៅសួរសុខទុក្ខពួកជំនុំ ឬអ្នកជិតខាងម្នាក់ដែលឈឺ អាចធ្វើអោយពួកជំនុំធូរ រសាយចេញពីជម្ងឺ ជួយស្អាងទឹកចិត្តដល់ពួកជំនុំបានទេដឹង ឬក៏អាចធ្វើអោយអ្នកជិតខាងរបស់យើង ព្រមទទួលសេចក្ដីស្រលាញ់របស់ព្រះបានទេដឹង។ មើលខ្លួនឯងថាធនធានអ្វីដែលយើងមានហើយថ្វាយវាទៅព្រះអង្គ អោយព្រះអង្គទ្រង់ប្រើប្រាស់វាទោះបើវាតិចតួច មិនសូវសំខាន់ក៏ដោយ សូមចងចាំព្រះអង្គទ្រង់ធ្វើរួចហើយ ទ្រង់បានប្រើប្រាស់របស់ដែលមិនសំខាន់ មិនសូវមានតម្លៃអោយចេញជាលទ្ធផលដ៏អស្ចារ្យរួច អោយតែយើងថ្វាយវាទៅព្រះអង្គ។ ប្រហែលជាយើងមិនសូវមានប្រាក់ទេ ប្រាក់ខែតិចណាស់ល្មមតែអាចគ្រប់គ្រាន់សម្រាប់រស់នៅ ប៉ុន្តែប្រហែលជា១០០រៀលដែលយើងថ្វាយព្រះអង្គ ទ្រង់អាចយកវាទៅប្រើអោយចេញជាការអស្ចារ្យណាមួយទេដឹង។ ប្រហែលជាយើងមិនចេះផ្សាយដំណឹងល្អ យើងចេះច្រៀង ច្រៀងសរសើរព្រះ ប្រហែលមានអ្នកលឺយើងច្រៀងពីព្រះអង្គហើយគេស្គាល់ព្រះតាមរយៈសម្លេងរបស់យើងទេដឹង ព្រះអង្គអាចធ្វើបាន។ ប្រហែលជាថា យើងមានចំណេះដឹងតិចតួចណាស់ ថ្វាយអាតិចតួចនឹងដល់ព្រះ ព្រះអង្គអាចប្រើប្រាស់វាអោយចេញជាលទ្ធផលដែលយើងនឹកស្មានមិនដល់។ ព្រះអង្គអាចច្នៃអ្វីដែលមិនសំខាន់អោយចេញជាលទ្ធផលដ៏អស្ចារ្យ អោយតែយើងស្ម័គ្រចិត្តថ្វាយព្រះអង្គ ប្រើអ្វីដែលយើងមាន។ យើងអាចធ្វើបេសកកម្មថ្វាយព្រះគ្រប់រូបភាពទាំងអស់ មិនចាំបាច់ទាល់តែយើងមានលុយច្រើន មានចំណេះដឹងខ្ពស់នោះទេ ព្រះអង្គអាចប្រើអ្វីដែលយើងមាន ធនធានដែលយើងមានសម្រាប់នាំដំណឹងល្អដល់មនុស្សដទៃទៀតបាន ម្ដងទៀតដាក់ថ្វាយនូវអ្វីដែលយើងមានថ្វាយដល់ព្រះអង្គ ទ្រង់អាចគុណអ្វីដែលយើងមានអោយចេញជាលទ្ធផលដ៏អស្ចារ្យបាន។

0 Comments

Type and hit Enter to search

Close