Breaking News

បេសសកម្មតាមរយៈជីវិតរស់នៅ ម៉ាថាយ ៥:១៣-១៦



សេចក្ដីផ្ដើម
            សាវកប៉ុលបានសរសេរនៅក្នុងព្រះគម្ពីររ៉ូម៣:28ថាដ្បិត​យើង​ខ្ញុំ​អាង​ថា មនុស្ស​បាន​រាប់​ជា​សុចរិត ដោយ​សារ​សេចក្ដី​ជំនឿ គឺ​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​ទេ ហើយសាវកប៉ុល
ដដែលគាត់ក៏បានសរសេរបន្ថែមនៅក្នុងអេភេសូរ២:-៩ថា​  ដ្បិត​គឺ​ដោយ​ព្រះ​គុណ ដែល​អ្នក​រាល់​គ្នាបាន​សង្គ្រោះ​ដោយ​សារ​សេចក្ដី​ជំនឿ ហើយ​សេចក្ដី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន តាមរយៈខគម្ពីរនេះធ្វើអោយយើងបានដឹងថា សេចក្ដីសង្រ្គោះបានកើតឡើងដោយសារព្រះគុណរបស់ព្រះជាម្ចាស់ តាមរយៈសេចក្ដីជំនឿទៅលើអង្គព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែមានការបដិសេធមួយបានកើតឡើងគឺ នៅក្នុងយ៉ាកុប គាត់បាននៅក្នុងយ៉ាកុប២:១៤ បង​ប្អូន​អើយ បើ​អ្នក​ណា​ថា​ខ្លួន​មាន​សេចក្ដី​ជំនឿ​តែ​មិន​ប្រព្រឹត្ត​តាម នោះ​តើ​មាន​ប្រយោជន៍​អ្វី តើ​សេចក្ដី​ជំនឿ​អាច​នឹង​ជួយ​សង្គ្រោះ​អ្នក​នោះ​បាន​ដែរ​ឬ ការសរសេរបែបនេះ គាត់ដូចជាបានដិសេធពីសេចក្ដីសង្រ្គោះដែលកើតពីសេចក្ដីជំនឿ ដោយបើសិនជាយើងអានព្រះគម្ពីរយ៉ាកុបជំពូក២នេះទាំងមូលនោះយើងនឹងមើលឃើញថា លោកបានបដិសេធថា សេចក្ដីជំនឿមួយមុខមិនគ្រប់គ្រាន់ទេ ប៉ុន្តែត្រូវតែមានការប្រព្រឹត្តបន្ថែមជាមួយនឹងសេចក្ដីជំនឿទៀត ទើបគ្រប់គ្រាន់។ តាមរយៈអ្វីដែលលោកយ៉ាកុបនិយាយនោះគឺ បដិសេធអ្វីដែលសាវកប៉ុលបានលើកឡើង តើព្រះគម្ពីរទាស់ប្រឆាំងនឹងគ្នាឬ? បើសិនជាយើងជឿថា ព្រះគម្ពីរទាស់ប្រឆាំងគ្នា នោះយើងនឹងក្លាយទៅជាក្រុមខុសឆ្គងហើយ ព្រោះមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនគ្របលក្ខណ។ អ្វីដែលសាវកប៉ុលលើកឡើងថា សេចក្ដីសង្រ្គោះដោយសារសេចក្ដីជំនឿ មិនមែនដោយសារការប្រព្រឹត្តនោះត្រឹមត្រូវ ហើយលោកយ៉ាកុបដែលលើកឡើងថា សេចក្ដីសង្រ្គោះបានមកពីការប្រព្រឹត្តនោះក៏ត្រឹមត្រូវ។ តាមពិតលោកយ៉ាកុបកំពុងតែសួរអ្នកអានសំបុត្ររបស់គាត់ អ្នកប្រកាសថាខ្លួនឯងជាគ្រីស្ទាន ជាអ្នកជឿលើព្រះយេស៊ូវគ្រីស្ទ ច្រៀងស្រែកក្ដាំងៗថា ស្រលាញ់ព្រះ ប៉ុន្តែលោកយ៉ាកុបសួរនៅក្នុងជំពូក២ថា ឯណាភ័ស្ដុតាង វាងាយស្រួលណាស់ដែលយើងនិយាយថា យើងស្រលាញ់ព្រះ ប៉ុន្តែឯណាភ័ស្ដុតាង?
 សង្ខេបអត្ថបទគម្ពីរៈ នៅក្នុងម៉ាថាយ៥:១៣-១៦ ព្រះយេស៊ូវគ្រីស្ទទ្រង់បានបង្រៀនអ្នកដែលដើរតាមព្រះអង្គថាពួកគេគឺជា ពន្លឺនៃលោកិយដើម្បីបំភ្លឺផ្លូវ ហើយពួកគេគឺជា អំបិលនៃផែនដីដែលត្រូវបំប្រៃដល់លោកិយទាំងមូល អោយគេឃើញជីវិតអ្នកដើរតាមព្រះយេស៊ូវគេចង់ស្គាល់ព្រះយេស៊ូវដែរ។
សំនួរស្នូលៈ ថ្ងៃនេះយើងនឹងរៀនជាមួយគ្នាថា តើគ្រីស្ទបរិស័ទនឹងផ្ដល់ភ័ស្តុងតាងអ្វីសម្រាប់បញ្ជាក់ពីសេចក្ដីជំនឿរបស់ខ្លួន?







តួសេចក្ដី
   ក. ជីវិតរបស់គ្រីស្ទបរិស័ទគឺជា អំបិល(ខ១៣)
            ភ័ស្តុតាងទី១ ដែលយើងអាចបញ្ជាក់ថា យើងស្រលាញ់ព្រះបាននោះគឺ ធ្វើជាអំបិល តើអំបិលមានប្រយោន៍អ្វីខ្លះ? ចង់រក្សាសាច់អោយបានយូរ ទាល់តែមានអំបិល ចង់ស្លរឆ្ងាញ់ទាល់តែមានអំបិល មិនត្រឹមតែសំខាន់សម្រាប់ការស្លរស្លុកទេ សូម្បីតែសុខភាពក៏សំខាន់ អ្នកដែលមិនញុំាំអំបិលអាចនឹងហើមខ្លួនដោយសារតែខ្វះជាអំបិលនៅក្នុងខ្លូន។ បើចង់អោយកូនឆ្លាតត្រូវអោយកូនញុំាំអី? គឺអំបិលអ៊ីយ៉ូដ! ខ្ញុំនៅនឹកចាំពាណិជ្ជកម្មកាលពីខ្ញុំនៅក្មេងៗ មានក្មេងម្នាក់បានដោះលែងយក្សមួយ ចេញមក     យក្សនោះសួរក្មេងនោះថា ចង់បានអី ជាសគុណនៃការដោះលែង ក្មេងនោះឆ្លើយថា ចង់រៀនពូកែ ពេលនោះយក្សនោះក៏អោយអំបិលអ៊ីយ៉ូដមួយកញ្ចប់ ហើយបើចង់មានប្រាជ្ញា ឆ្លាតវាងវៃ ត្រូវញុំាំអំបិលអ៊ីយ៉ូដ ដូច្នេះចង់អោយកូនឆ្លាតទាល់តែញុំាអំបិកអ៊ីយ៉ូដ និយាយលេងទេណា។ ដូច្នេះអំបិលមានសារៈសំខាន់ណាស់ ហើយព្រះយេស៊ូវទ្រង់មានបន្ទូលថា យើងរាល់គ្នាជាអំបិល យើងតួរយ៉ាងសំខាន់សម្រាប់លោកិយទាំងមូល។ ធ្វើអី? គឺទៅបំប្រៃគេ បំប្រៃលោកិយនេះដែលកំពុងតែបាក់បែក ស្អុយរលួយយ៉ាងខ្លាំង លោកិយត្រូវការយើងដើម្បីទៅបំប្រៃគេ ហើយកិច្ចការងារនេះគឺជា បេសកកម្មដែលព្រះជាម្ចាស់ទ្រង់ផ្ដល់អោយយើង ក្នុងការធ្វើជាអំបិល។ ត្រលប់មករកមកអត្ថបទគម្ពីរយើងវិញ អំបិលមានប្រយោជន៍នៅពេលណា នៅក្នុងខ១៣បានប្រាប់ថា អំបិលមានប្រយោជន៍នៅពេលដែលវាប្រៃ បើអំបិលបាត់ជាតិប្រៃហើយ​តើយើងមានប្រយោជន៍អ្វី? មានតែបោះចោលអោយមនុស្សដើរជាន់។ តើអស់លោកអ្នកបងប្អូនដែលឃើញអំបិលឈប់ប្រៃទេ សម្រាប់ខ្ញុំវិញខ្ញុំមិនដែលបាត់ជាតិប្រៃទេ ចុះបើសិនជាអំបិលមិនដែលបាត់ជាតិប្រៃទេ ហេតុអ្វីបានជាព្រះយេស៊ូវទ្រង់មានបន្ទូលថាអំបិលអាចបាត់ជាតិប្រៃ? បើយើងចង់ដឹង គួរអោយយើងបានបែរទៅរកសម័យកាលនោះបន្តិច ថាតើអំបិលបែបណាដែលបាត់ជាតិប្រៃ? អំបិលនៅសម័យនោះមិនមែនជាអំបិលដូចជាយើង វាគឺជា ប្រភេទថ្មមួយដែលមានជាតិប្រៃ បើសិនជាអ្នកដែលចង់បានបរិមាណនៃជាតិប្រៃប៉ុណ្ណានោះគ្រាន់តែ យកវាទៅត្រាំទឹករហូតដល់ប្រៃល្មមដែលគេចង់បាននោះគេស្រង់វាចេញវិញ ដូច្នេះថ្មនោះជាតិប្រៃរបស់វាមានពេលវេលានៅពេលដែលណាវាអស់ជាតិប្រៃគេបោះវាចោលហើយ នេះជាមូលហេតុដែលព្រះយេស៊ូវមានបន្ទូលថា អំបិលអាចនឹងបាត់ជាតិប្រៃ ហើយនឹងត្រូបោះបចោលជាមិនខានឡើយ។ ចុះសម្រាប់យើងរាល់គ្នាវិញតើពេលណាដែលយើងបាត់ជាតិប្រៃ? យើងនឹងបាត់ជាតិប្រៃជាមិនខានទេ​បើសិនជាជីវិតរបស់យើងមិនខុសប្លែកពីលោកិយដែលគេប្រព្រឹត្ត។ គេកេងប្រវ័ញ្ច យើងធ្វើដែរ គេស្រវឹងប៉ោឡែ យើងស្រវឹងគេដែរ គេពុករលួយយើងពុករលួយដែរ គេលួចឆក់ប្លន់ យើងធ្វើដែរ ព្រោះគេធ្វើបានយើងក៏ធ្វើបាន  គេធ្វើការអាក្រក់សព្វគ្រប់បែបយ៉ាង ហើយយើងជាគ្រីស្ទបរិស័ទយើងធ្វើនឹងគេដែរ នោះហើយយើងនឹងបាត់ជាតិប្រៃ បើសិនជាយើងធ្វើការអាក្រក់ដូចជាលោកិយគេធ្វើដដែល នោះព្រះយេស៊ូវថា អំបិលបាត់ជាតិប្រៃហើយអស់ប្រយោជន៍ហើយ មានតែបោះចោលអោយគេដើរជាន់តែប៉ុណ្ណឹង ដូច្នេះសូមប្រយ័ត្នអោយមែនទែនពីជីវិតដែលយើងរស់ ពីការប្រព្រឹត្តរបស់យើងទៅចំពោះអ្នកដទៃទៀត និងមនុស្សដែលនៅជុំវិញខ្លួនរបស់យើង។ មួយវិញទៀត នៅពេលដែលធ្វើអំបិល យើងដឹងថាហើយថាគេធ្វើនៅក្នុងស្រែ ដែលគេហៅថា ស្រែអំបិលនោះ ដូច្នេះនៅពេលដែលគេធ្វើហើយភ្លាម គេមិនអាចយកវាមកប្រើភ្លាមបានទេ គឺ ត្រូវរើសសម្រាមចេញសិន បើអំបិលមានសម្រាមនោះគ្មានប្រយោជន៍សោះគេប្រើមិនកើតទេ ចុះសម្រាប់យើងរាល់គ្នាវិញ តើអ្វីដែលជាសម្រាមនៅក្នុងចិត្តរបស់យើង? ប្រហែលជាអំពើបាប​ប្រហែលជាអត្តចរិករបស់យើងដែលយើងមិនចង់ផ្លាស់ប្ដូរ ប្រហែលជាភាពអាត្មានិយមរបស់យើងដែលយើងគិតតែពីខ្លួនឯង គិតតែពីគ្រួសារខ្លួនឯង គិតតែពីកូនរបស់ខ្លួនឯង ប្ដី ប្រពន្ធរបស់ខ្លួនឯង ធ្វើជាអំបិលទៅកាន់កូនរបស់ខ្លួនឯង ហើយយើងថាចប់ហើយ​ បេសកកម្មរបស់ខ្ញុំចប់ហើយ ជាការពិត ភាពជាឪពុកម្ដាយ ត្រូវមើលថែរក្សាកូន ត្រូវថែរក្សាគ្រួសារខ្លួនឯងអោយបានល្អ ប៉ុន្តែ កុំអោយភ្លេចថា យើងជាអំបិលនៃផែនដី មិនមែនជាអំបិលនៃគ្រួសាររបស់យើងតែប៉ុណ្ណឹងទេ កុំភ្លេចធ្វើជាអំបិលនៅក្នុងគ្រួសាររបស់យើង ហើយកុំអោយភ្លេចថាព្រះយេស៊ូវ បង្រៀនថាយើងជាអំបិលនៃផែនដី លោកិយទាំងមូលដែលបាក់បែក ត្រូវការយើងទៅបំប្រៃគេ។ ចុះតើបំប្រៃយ៉ាងម៉េច?  គឺត្រូវការយើងចែកចាយព្រះពរដែលយើងមានទៅសម្រាប់គេ គេត្រូវការដំណឹងល្អ ព្រះយេស៊ូវអត់បានសុគតសម្រាប់តែពួកជំនុំជំនឿស្ម័គ្រក្នុងព្រះគ្រីស្ទទេ ប៉ុន្តែព្រះយេស៊ូវសុគតសម្រាប់មនុស្សទាំងអស់ ហើយព្រះអង្គមិនមែនសង្រ្គោះអោយរួចតែពីអំពើបាបទេ ព្រះអង្គសង្រ្គោះយើងអោយផុតពីភាពអាត្មានិយមរបស់យើងដែរ ដូច្នេះបោះចោលភាពអាត្មានិយម ធ្វើជាគ្រីស្ទបរិស័ទអោយពេញលក្ខណៈ គឺធ្វើជាអំបិលនៃផែនដី ដែលសម្ដៅទៅលើជីវិតដែលរស់នៅជាគំរូ ដែលខុសពីគេ សូមរំលឹកម្ដងទៀតថានេះគឺជា បេសកកម្មដែលព្រះអង្គអោយយើង។ វាងាយស្រួលទេដែលយើងនិយាយថា យើងស្រលាញ់ព្រះ ប៉ុន្តែឯណាភ័ស្តុតាង យើងជាអំបិលដែលមានតួនាទីទៅបំប្រៃគេ អោយគេស្រេកទឹក ហើយព្រះយេស៊ូវទ្រង់គឺជា ទឹករស់(យ៉ូហាន៤:១០-១១, ៧:៣៨)។
  ខ. ការរស់នៅជាពន្លឺដល់អ្នកដទៃ (ខ១៤-១៥)
            នៅក្នុងព្រះគម្ពីរយ៉ូហាន ព្រះយេស៊ូវមានបន្ទូលបីដងថា ទ្រង់គឺជា ពន្លឺរបស់លោកិយ(យ៉ូហាន៨:១២,៩:៥,១២:៤៦) ដូច្នេះ បើព្រះយេស៊ូវទ្រង់គឺជា ពន្លឺនៃលោកិយ អ្នកដែលដើរតាមព្រះអង្គក៏មានតួនាទីធ្វើជាពន្លឺដល់មនុស្សលោកយ៉ាងដូច្នោះដែរ។ ខ្លូនយើងផ្ទាល់យើងមិនអាចធ្វើជាពន្លឺនៃលោកិយនេះបានទេ បើសិនជាយើងគ្មានព្រះយេស៊ូវគ្រីស្ទទ្រង់ជាជំនួយដល់យើង បើសិនជាយើងគ្មានទំនាក់ទំនងជាមួយនឹព្រះយេស៊ូវ យើងគ្មានប្រយោជន៍អ្វីសោះ។ ព្រះយេស៊ូវទ្រង់ចង់  អោយយើង ធ្វើជាអ្នកឆ្លុះពន្លឺរបស់ព្រះអង្គទៅកាន់មនុស្សដទៃទៀត ដូចជាពន្លឺដែលជះទៅក្នុងកញ្ចក់អញ្ចឹង គឺវាឆ្លុះមករកយើងវិញ ដូច្នេះយើងមិនមែនជះពន្លឺរបស់យើងទៅកាន់អ្នកដទៃទេ ប៉ុន្តែយើងជះពន្លឺរបស់ព្រះយេស៊ូវទៅកាន់មនុស្សដទៃទៀតអោយគេបានឃើញយើង គេឃើញព្រះយេស៊ូវនៅក្នុងជីវិតរបស់យើង។ លោកិយទាំងមូលបានងងឹតនៅក្នុងអំពើបាប យើងត្រូវតែធ្វើជាពន្លឺទៅដល់អ្នកដទៃដើម្បីអោយគេស្គាល់ផ្លូវ ហើយផ្លូវនោះគឺជា ព្រះយេស៊ូវគ្រីស្ទដែលទ្រង់គឺជាផ្លូវ(យ៉ូហាន១៤:៦) ជាផ្លូវដែលនាំទៅរកជីវិត នាំទៅរកការផ្សះផ្សា នាំទៅឯព្រះវរបិតាវិញ។ រុក្ខជាតិរស់នៅត្រូវការពន្លឺ បើសិនជាគ្មានពន្លឺព្រះអាទិត្យគេ នឹងត្រូវស្លាប់ជាមិនខានឡើយ ដូច្នេះហើយពន្លឺមានសារៈសំខាន់ខ្លាំងណាស់។ ខ្ញុំនៅនឹកឃើញរឿងមួយជារឿងចិន ដែលមានចំណងជើងថា មាតាសមុទ្រមាជូ ខ្ញុំនឹងដកស្រង់ត្រង់ឈុតមួយតែប៉ុណ្ណោះ គឺមានទាហ៊ានជើងទឹកជាច្រើនដែលធ្វើដំណើរតាមសំពៅត្រលប់មកផ្ទះវិញ ដែលផ្ទះរបស់ពួកគេស្ថិតនៅលើកោះមួយ។ ពួកគេបានធ្វើដំណើរនៅពេលយប់នៅពេលនោះស្រាប់តែមានព្យុះមួយយ៉ាងធំបក់មក ដោយសារតែគេធ្វើដំណើរពេលយប់ផង ហើយមានព្យុះភ្លៀងយ៉ាងដូច្នោះ នោះពួកគេបានវង្វេងផ្លូវទឹក ដោយសាររកមើលផ្លូវមិនឃើញផង។ ពួកគេជួបបញ្ហាយ៉ាងធំ ពួកគេអាចនឹងខ្ចាត់ព្រាត់ទៅកន្លែងដែលគេមិនស្គាល់ ហើយមិនអាចត្រលប់មកវិញបានទេ បើសិនជាពួកគេមិនអាចទៅដល់កោះដែលពួកគេចង់ទៅនោះ។​ នៅពេលនោះអ្នកភូមិជាច្រើនដែលស្ថិតនៅលើកោះមានការបារម្ភចំពោះទាហ៊ានដែលនៅលើសមុទ្រយ៉ាងខ្លាំង គេក៏រកឃើញគំនិតមួយថា ត្រូវតែរកឈើ រកអុស មកបង្គរអោយបានខ្ពស់ហើយដុតភ្លើងអោយភ្លឺឡើង ដើម្បីជាសញ្ញាដល់ទាហ៊ានដែលនៅលើសមុទ្រគេអាចមើលឃើញហើយ អាចនឹងរកទិសដៅឃើញ។ ពេលនោះគេក៏បានរកអុសមកបង្គរយ៉ាងខ្ពស់ ហើយដុតឡើង កាលទាហ៊ានដែលនៅលើសំពៅបានឃើញភ្លើងឆេះជាពន្លឺ ពួកគេអាចចំណាំទិសដៅបានក៏អាចបើកសំពៅតម្រង់កន្លែងដែលមានភ្លើងឆេះ នោះពួកគេក៏អាចត្រលប់មកដល់កោះដោយសុវត្ថិភាពបាន។ នេះគឺជា សារៈសំខាន់នៃពន្លឺដែល បើគ្មានពន្លឺទេ គេនឹងត្រូវស្លាប់ ដូចជាអ្នកដែលមិនជឿដែរ បើសិនជាគ្មានពន្លឺរបស់គ្រីស្ទបរិស័ទទេ ពួកគេនឹងត្រូវបាត់បង់ទៅជាមិនខានឡើយ។
            ឥលូវនេះយើងបានដឹងថា ភ័ស្តុតាងដែលថាយើងស្រលាញ់ព្រះ នោះយើងត្រូវធ្វើជាអំបិល និងពន្លឺ ហើយពាក្យពីរនេះ សរុបមកយើងអាចនិយាយបានថា ត្រូវធ្វើជាស្មរបន្ទាល់ល្អទៅកាន់មនុស្សដទៃទៀត ប្រើប្រាស់ជីវិតរបស់យើងជាបេសកកម្មថ្វាយដល់ព្រះជាម្ចាស់ ប្រើជីវិតរបស់យើងជាដំណឹងល្អដល់គេ។ មានសំនួរមួយទៀតសួរថា តើត្រូវអំបិល ត្រូវធ្វើជាពន្លឺនោះយ៉ាងម៉េច?​ នៅក្នុងព្រះគម្ពីរអេសេគាល១៦:៤៥-៥០ ព្រះជាម្ចាស់ទ្រង់ខ្ញាល់នឹងពួកអ៊ីស្រាអែលដែលពួកគេមិនបានធ្វើជាពន្លឺ​ មិនបានធ្វើជាអំបិលដល់អ្នកដទៃទៀត ព្រះអង្គថា ម្ដាយរបស់ពួកអ៊ីស្រាអែលជាសាសន៍ហេត ឪពុកជាសាសន៍អាម៉ូរី បងស្រីពួកអ៊ីស្រាអែលជាសាសន៍សាម៉ារី ប្អូនស្រីពួកគេគឺជា សូដុំម សុទ្ធតែជាសាសន៍ដែលប្រព្រឹត្តអាក្រក់ហើយត្រូវព្រះជាម្ចាស់បំផ្លាញ ព្រះអង្គថា ពួកអ៊ីស្រាអែលជាប់សាច់ឈាមជាមួយនឹងសាសន៍អាក្រក់អស់នេះ នេះគ្រាន់តែជាការប្រៀបធៀបតែប៉ុណ្ណោះ ពួកអ៊ីស្រាអែលស្អប់ជាតិសាសន៍ដទៃណាស់ ព្រោះគឺជាសាសន៍ដែលមិនបរិសុទ្ធដូចជាពួកគេ ប៉ុន្តែតាមពិតពួកគេធ្វើអាក្រក់ជាងពួកសាសន៍ដទៃនោះទៅទៀត។ ព្រះអង្គថា.....នោះគឺ​មាន​សេចក្ដី​អំនួត មាន​អាហារ​បរិភោគ​ឆ្អែត ហើយ​នៅ​ក៏​ដោយ​ឥត​កង្វល់ ទាំង​មាន​សេចក្ដី​ចំរើន ឥត​ដែល​ចំរើន​កំឡាំង​ដៃ​នៃ​ពួក​ក្រី​ក្រ នឹង​មនុស្ស​កំសត់​ទុគ៌ត​ឡើយ គេ​ក៏​មាន​ចិត្ត​ឆ្មើង​ឆ្មៃ ហើយ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ចំពោះ​អញ ហេតុ​នោះ​បាន​ជា​អញ​ដក​គេ​ចេញ​តាម​ដែល​អញ​ឃើញ​ថា​គួរ។ ដូច្នេះអ្វីដែលព្រះអង្គថា គឺ ពួកអ៊ីស្រាអែលស៊ីឆ្អែត ហើយអង្អែលពោះធ្វើព្រងើយគ្មានខ្វល់ជាមួយអាណា អោយតែខ្លួនឯងបានឆ្អែត ពួកគេបានបាត់បង់ជាតិជាអំបិលរបស់ខ្លួន ភ្លេចថាបេសកកម្មរបស់ពួកគេត្រូវធ្វើជាទីបញ្ចេញពរដល់អ្នកដទៃ ពួកគេត្រូវបានព្រះអង្គដកចេញដូចគល់ស្ពៃអញ្ចឹងសូមចាំថា វាងាយស្រួលទេដែលយើងនិយាយថា យើងស្រលាញ់ព្រះ ប៉ុន្តែឯណាភ័ស្តុតាង? មានពួកជំនុំមួយនៅប្រទេសឥណ្ឌា ជារៀងរាល់សប្ដាហ៍គេបានប្រជុំគ្នាថ្វាយបង្គំព្រះ ហើយក៏មានក្រុមស្រ្តីមួយចំនួនបានចេញទៅប្រកាសដំណឹងល្អបន្ទាប់ពីថ្វាយបង្គំរួច។ ថ្ងៃមួយគេបានទៅភូមិមួយដែលស្រ្តីៗនៅទីនោះក្រីក្រណាស់ គេមានសម្លៀកបំពាក់តែមួយកំផ្លេតែប៉ុណ្ណោះ ដូច្នេះបើសិនជាគេត្រូវបោកសម្លៀកបំពាក់នោះ ស្រ្តីទាំងនោះត្រូវនៅក្នុងផ្ទះរហូតដល់សម្លៀកបំពាក់នោះស្ងួតទើបគេអាចចេញក្រៅបាន។ កាលក្រុមស្រ្តីដែលមកពីពួកជំនុំបានដឹងពីការនោះរួចមកហើយ ពួកគាត់ក៏ត្រលប់មកវិញដើម្បីប្រជុំគ្នារកវិធីក្នុងការដោះស្រាយបញ្ហារបស់ក្រុមស្រ្តីទាំងនោះ នោះគេក៏សម្រេចចិត្តថា ពួកនឹងប្រកាសប្រាប់ដល់ពួកជំនុំដែលជាស្រ្តីនៅក្នុងព្រះវិហារថា អ្នកណាដែលមានខោអាវច្រើននោះសូមបរិច្ចាគមកព្រះវិហារដើម្បីគេអាចនឹងយកទៅជួយដល់ស្រ្តីដែលខ្វះខាតនៅភូមិមួយទៀតនោះ។ ដូច្នេះពួកជំនុំណាដែលមានខោអាវលើសច្រើនក៏យកមួយកំផ្លេម្នាក់មកអោយព្រះវិហារ       ហើយគេក៏យកសម្លៀកបំពាក់នោះទៅចែកអោយស្រ្តីៗដែលខ្វះខាតនោះ ស្រ្តីដែលទទួលបានសម្លៀកបំពាក់នោះក៏បានទទួលខោអាវនោះ ពួកគេមានចិត្តរីករាយយ៉ាងខ្លាំង ហើយដំណឹងល្អបានផ្សាយចេញទៅយ៉ាងលឿន ក៏មានមនុស្សជាច្រើនបានយល់ពីសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ក៏ប្រែចិត្តទទួលជឿលើព្រះយេស៊ូវគ្រីស្ទ ដោយសារតែអ្វីដែលពួកជំនុំនៅទីនោះបានធ្វើ។ នេះគឺជារឿងពិតមួយ ពួកជំនុំនៅ      ឥណ្ឌាបានយល់ច្បាស់ពីសារៈសំខាន់    និងយល់ពីរបៀបក្នុងការដែលធ្វើជាអំបិល និងពន្លឺដល់អ្នកដ៏ទៀត។ ដូចដែលបានបញ្ជាក់ខាងលើ មិនត្រឹមតែលោកយ៉ាកុបទេ ដែលទាមទារភ័ស្តុតាង ព្រះយេស៊ូវផ្ទាល់ទ្រង់ក៏ទាមទារភ័ស្តុតាងពីគ្រីស្ទានដែរ។ នៅក្នុងម៉ាថាយ៧:២១ដល់២៣ថាមិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែនិ​យាយ​មក​ខ្ញុំ​ថា ឱ​ព្រះ​អម្ចាស់‍ៗ​អើយ ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន​សួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរ​បិតា ដែល​គង់​នៅ​ស្ថាន​សួគ៌​វិញ​ទេ​តើ២២ នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះ​អម្ចាស់‍ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន​ទាយ​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ហើយ​ដេញ​អារក្ស​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ព្រម​ទាំង​ធ្វើ​ការ​ឫទ្ធិ​បារមី​ជា​ច្រើន ដោយ​នូវ​ព្រះ​នាម​ទ្រង់​ទេ​ឬ​អី ២៣ នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ  នឹងមានមនុស្សជាច្រើនដែលនឹងនិយាយថា ពួកគេគឺជាគ្រីស្ទានប៉ុន្តែជីវិតរបស់ពួកគេគ្មានភ័ស្តុតាងណាមួយដែលបញ្ជាក់ថាពួកគេជាគ្រីស្ទានទាល់តែសោះ មិនមែនគ្រាន់តែមកព្រះវិហារ ថ្វាយបង្គំ ប្រកាសថាខ្លួនជាគ្រីស្ទដែលនឹងទទួលបានសង្រ្គោះនោះទេ ប៉ុន្តែយើងត្រូវប្រើប្រាស់ជីវិតរបស់យើង ដើម្បីបញ្ជាក់ថាយើង គឺជា   គ្រីស្ទបរិស័ទនោះទើបជាសេចក្ដីជំនឿដ៏ពិតប្រាកដ។ វាងាយស្រួលទេដែលនិយាយថា ខ្ញុំជាគ្រីស្ទបរិស័ទ ខ្ញុំជាជឿលើព្រះយេស៊ូវ ខ្ញុំស្រលាញ់ព្រះអង្គ ប៉ុន្តែ ព្រះយេស៊ូវសួរថា ឯណាភ័ស្តុតាង?
មានមួយទៀត ម៉ាថាយ២៥:៣១-៤៦ បានប្រាប់យើងយ៉ាងច្បាស់ពី របៀបដែលធ្វើជាអំបិល និងពន្លឺទៅអ្នកដទៃ។ ព្រះយេស៊ូវបានឧទាហរណ៍ប្រាប់យើងអំពីរបៀបដែលគ្រីស្ទានពិតប្រាកដគេធ្វើ គឺគេបានលូកដៃផ្ដល់ជំនួយដល់មនុស្សដែលទាល់ក្រ ទៅសួរសុខទុក្ខអ្នកដែលឈឺ ផ្ដល់អាហារដល់អ្នកដែលស្រេកឃ្លាន ខ្វល់ពីអ្នកជិតខាងរបស់ខ្លួន ពោលគឺផ្ដល់សេចក្ដីស្រលាញ់ដែលព្រះជាម្ចាស់ទ្រង់ផ្ដល់អោយយើងទៅចំពោះមនុស្សដទៃទៀតដើម្បីអោយគេស្គាល់ព្រះជាម្ចាស់ អោយគេស្គាល់ព្រះយេស៊ូវជាព្រះអង្គ ទាល់តែបញ្ចេញសកម្មភាព មាត់ដែលប្រកាសដំណឹងល្អនោះវាល្អហើយ ប៉ុន្តែប្រើប្រាស់ជីវិតរបស់យើងទៅធ្វើការល្អសម្រាប់អ្នកដទៃទៀតនោះគឺជាដំណឹងល្អតាមរយៈជីវិតរបស់យើង។ យើងស្រលាញ់ព្រះតាមរយៈការស្រលាញ់អ្នកនៅជុំវិញខ្លូនយើង យើងជាអំបិលនៃផែនដី និងជាពន្លឺនៃលោកិយ មិនមែនអំបិល និងពន្លឺតែនៅក្នុងគ្រួសាររបស់យើងទេ។ ព្រះគម្ពីរយ៉ាកុប២:១៤-២០ លោកយ៉ាកុបព្យាយាមប្រាប់ថា នេះគឺជាភ័ស្តតាង បើជំនឿគ្មានប្រព្រឹត្តស្លាប់ គ្មានប្រយោជន៍ ហើយការប្រព្រឹត្តយ៉ាកុប២:១៨ ថា ការប្រព្រឹត្តនោះគឺ ប្រព្រឹត្តដោយជំនឿ មិនមែនគ្រាន់តែធ្វើល្អហើយឥតជំនឿបានសង្រ្គោះទេ នេះគឺជា ភាពស្របគ្នារវាងព្រះគម្ពីររ៉ូម៣:២៨ និងយ៉ាកុប២:១៤ សាវកប៉ុលព្យាយាមប្រាប់ថា បើព្រឹត្តល្អតែគ្មានជំនឿលើអង្គព្រះយេស៊ូវនោះមិនបានសង្រ្គោះទេ ហើយលោកយ៉ាកុបថា បើមានតែជំនឿអត់មានការប្រព្រឹត្តនោះក៏មិនបានសង្រ្គោះដែរ ដូច្នេះត្រូវតែប្រព្រឹត្តល្អដោយជំនឿក្នុងព្រះអង្គព្រះយេស៊ូវគ្រីស្ទ នោះទើបបានសង្រ្គោះ ដូច្នេះអត់ប្រឆាំងនឹងគ្នាទេ។
  គ. គ្រប់កិច្ចការទាំងអស់គឺសម្រាប់សរសើរដំកើងដល់ព្រះព្រះវរបិតា (ខ១៦)
គ្រប់ទាំងការល្អដែលយើងធ្វើ មិនមែនសម្រាប់ជាផលប្រយោជន៍សម្រាប់យើងទេ យើងមិនមែនជាអ្នកធ្វើនយោបាយទេ ខំចែកអង្ករ​ សារុង ប៊ីចេង ដើម្បីអោយគេស្គាល់បក្សទេ ប៉ុន្តែយើងចែកអង្ករ សារុង ប៊ីចេង តែកុំចែកប៊ីចេងអានឹងបំផ្លាញសុខភាពគេទេ ចែកអំបិកអ៊ីយ៉ូដវិញ ក្រែងលោកូនគេមានប្រាជ្ញា យើងធ្វើទាំងអស់មិនមែនអោយគេសរសើរយើងទេ អោយគេស្គាល់យើងទេ ប៉ុន្តែនៅក្នុងខ១៦ថា ដើម្បីអោយគេស្គាល់ព្រះវរ​បិតា ហើយសរសើរដំកើងព្រះនាមទ្រង់។ អោយគេឃើញជីវិតរបស់យើងគេសរសើរដំកើងដល់ព្រះរបស់យើង មិនមែនអោយគេឃើញជីវិតរស់យើងគេ មើលងាយដល់ព្រះរបស់យើងនោះទេ។
សរុបសេចក្ដី
            សរុបមក ក្នុងជីវិតជាគ្រីស្ទបរិស័ទ ព្រះយេស៊ូវទ្រង់បានបញ្ជាអោយយើងចូលរួមក្នុងការធ្វើមហាបេសសកម្មថ្វាយដល់ព្រះជាម្ចាស់ គេអោយចេញទៅនាំដំណឹងល្អដល់គ្រប់ទាំងមនុស្ស គ្រប់គ្រួសារ គ្រប់ជាតិសាសន៍គេត្រូវការផ្សាយដំណឹងល្អ។ ការប្រើប្រាស់ជីវិតរបស់យើងចូលរួមក្នុងការធ្វើបេសសកម្មថ្វាយដល់ព្រះជាម្ចាស់នោះ គឺជាភ័ស្តុតាងនៃសេចក្ដីជំនឿរបស់យើង។ ការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះល្អហើយ ប៉ុន្តែជីវិតរស់នៅរបស់យើងត្រូវអោយសំណំនឹងព្រះបន្ទូលនៃសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ផង។ ការធ្វើជាអំបិល ធ្វើជាពន្លឺ នោះគឺជា បេសកកម្មនៃការធ្វើជាទីបញ្ចេញពររបស់ព្រះជាម្ចាស់ បំប្រៃគេអោយស្រេកព្រះយេស៊ូវដែលជាទឹករស់ ហើយបំភ្លឺគេអោយស្គាល់ពីព្រះយេស៊ូវដែលទ្រង់គឺជា ផ្លូវដែលនាំទៅរកទីសង្រ្គោះ។
ទេវសាស្រ្ត
ព្រះជាម្ចាស់ៈ ព្រះជាម្ចាស់ទ្រង់គឺជា ព្រះដែលផ្ដល់ព្រះពរដល់មនុស្ស​ហើយទ្រង់ក៏ប្រទានពរដល់មនុស្សក្នុងគោលបំណងអោយមនុស្សបានចែកចាយព្រះនោះទៅដល់អ្នកដទៃទៀតដើម្បីអោយមនុស្សបានស្គាល់ព្រះអង្គតាមរយៈព្រះពរដែលទ្រង់បានផ្ដល់អោយ។ ព្រះជាម្ចាស់ទ្រង់បានត្រាស់ហៅលោកអ័ប្រាហាំដើម្បីអោយធ្វើជាទីបញ្ចេញពរ(លោកុប្បត្តិ១២:-៣) ដើម្បីអោយពេលដែលគេស្គាល់អ័ប្រាហាំ គេស្គាល់ព្រះជាម្ចាស់ដែលជាព្រះរបស់អ័ប្រាហាំ ហើយការងារនេះ បានបន្តរហូតដល់ពួកកូនចៅអ៊ីស្រាអែលប៉ុន្តែតាមរយៈជីវិតរបស់ពួកគេ ពួកគេបានបរាជ័យក្នុងការធ្វើជាទីបញ្ចេញពរដល់មនុស្សដទៃទៀត ដូច្នេះត្រូវមានម្នាក់ទៀតដើម្បីបំពេញកិច្ចការងារនេះ។
ព្រះគ្រីស្ទវិទ្យាៈ ព្រះយេស៊ូវជាម្នាក់ដែលត្រូវយាងមកដើម្បីធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងអស់ ដែលគឺជា មេនៃសេចក្ដីសង្រ្គោះ។ តាមរយៈជីវិតរបស់ព្រះអង្គទ្រង់បានធ្វើជាអំបិល ពន្លឺដល់មនុស្សទាំងអស់ ស្ទើរតែគ្រប់មនុស្សដែលបានជូបព្រះយេស៊ូវ ក្រៅពីពួកអាចារ្យផារីស៊ី និងសាឌូស៊ី ព្រមទាំងពួកសង្ឃមួយចំនួន នោះមានមនុស្សជាច្រើនដែលស្រលាញ់ព្រះអង្គ ហើយផ្លាស់ប្រែចិត្តដើរតាមព្រះអង្គ ទ្រង់បានជាទីពេញព្រះហឬទ័យរបស់ព្រះវរបិតាផង ព្រមទាំងមនុស្សផងដែរ(លូកា២:៥២)។       មនុស្សៈ មនុស្សជាច្រើនដែលតែងតែវង្វេងចេញ ហើយក៏មានគ្រីស្ទបរិស័ទជាច្រើនដែលមិនចូលចិត្តធ្វើជាអំបិល ពន្លឺដល់អ្នកដទៃ ចូលចិត្តប្រើប្រាស់ជីវិតរបស់ខ្លួនដើម្បីបំពេញបំណងប្រាថ្នារបស់ខ្លួនតែប៉ុណ្ណោះដោយមិនគិតពីព្រះហឬទ័យរបស់ព្រះជាម្ចាស់។ មានគ្រីស្ទានជាច្រើនដែល មិនចង់ធ្វើជាទីបញ្ចេញពរដល់អ្នកដទៃទៀត ប្រើប្រាស់ជីវិតរបស់ខ្លួនក្លាយទៅជាអំបិលដែលបាត់ជាតិប្រៃ     ហើយអោយគេបង្អាប់ព្រះនាមរបស់ព្រះជាម្ចាស់តាមរយៈជីវិតរបស់ខ្លួនឯង។
អនុវត្តន៍
ក្នុងនាមជាគ្រីស្ទបរិស័ទយើងត្រូវធ្វើខ្លួនអោយមានប្រយោជន៍សម្រាប់អ្នកដទៃ​ យើងត្រូវធ្វើខ្លួនអោយដូចជាដើមឈើ អាចផ្ដល់ម្លប់ដល់អ្នកដទៃ និងផ្ដល់ផលផ្លែអោយអ្នកដទៃ ទាំងពួកជំនុំយើង    អោយនៅពេលដែលពួកជំនុំយើងចូលមកក្នុងព្រះវិហារ អោយគាត់មានពេញទៅដោយសេចក្ដីស្រលាញ់ជាលក្ខណៈគ្រួសារ ទាំងសហគមន៍របស់យើងដែរ ដើម្បីអោយសហគមន៍ដែលយើងរស់នៅជាមួយ អាចយកព្រះវិហារជាទីពឹងពាក់នៅពេលដែលគេមានបញ្ហា អោយគេមើលឃើញពីសេចក្ដីស្រលាញ់ ហើយឃើញព្រះជាម្ចាស់នៅក្នុងព្រះវិហាររបស់យើង នោះហើយជាដំណឹងល្អ មិនយូរមិនឆាប់ព្រះវិញ្ញាណនឹងធ្វើការក្នុងចិត្តពួកគាត់។ យើងត្រូវប្រើប្រាស់ជីវិតរបស់យើងជាដំណឹងល្អដល់អ្នកដទៃទៀត បើសិនជាជីវិតរបស់យើង រស់នៅផ្ទុយស្រឡះពីព្រះបន្ទូលដែលមាត់យើងប្រកាស នោះទោះបើយើងប្រកាសព្រះបន្ទូល១០ឬ២០ឆ្នាំទៀតក៏គ្មានប្រយោជន៍ដែរ។ ក្នុងជីវិតរបស់យើងត្រូវរស់នៅអោយសាកសមនឹងព្រះបន្ទូលនៃសេចក្ដីស្រលាញ់។ ប្រើជីវិតរបស់យើងជាការបំពេញមហាបេសកកម្មថ្វាយដល់ព្រះគ្រីស្ទដែលជាព្រះរបស់យើង នាំគេទៅរកព្រះ នាំគេទៅស្គាល់ព្រះតាមរយៈជីវិតដែលពោរពេញដោយសេចក្ដីស្រលាញ់ សេចក្ដីមេត្តាករុណា អោយគេមើលឃើញជីវិតរបស់យើង គេសរសើរដល់ព្រះរបស់យើង គេមើលឃើញជីវិតរបស់យើង គេស្គាល់ព្រះដែលយើងជឿតាមគឺជា ព្រះយេស៊ូវគ្រីស្ទដែលជាព្រះអង្គសង្រ្គោះរបស់យើងរាល់គ្នា។ មានខគម្ពីរមួយចុងក្រោយគឺ នៅក្នុងព្រះគម្ពីរយ៉ាកុប១:២៦-២៧ បើ​អ្នក​ណា​ស្មាន​ថា ខ្លួន​ជា​អ្នក​កាន់​សា​ស​នា តែ​មិន​ចេះ​ទប់​អណ្ដាត​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ចិត្ត​ខ្លួន​ហើយ ឯ​សា​ស​នា​របស់​អ្នក​នោះ​ជា​ឥត​ប្រយោជន៍​ទទេ
២៧ ឯ​សា​ស​នា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ​វរ​បិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា នឹង​ពួក​មេម៉ាយ ក្នុង​កាល​ដែល​គេ​មាន​សេចក្ដី​វេទនា ហើយ​ឲ្យ​រក្សា​ខ្លួន មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ​នេះ​ឡើយ 

0 Comments

Type and hit Enter to search

Close