Breaking News

គ្រីស្ទបរិស័ទត្រូវចេះផ្សាយដំណឹងល្អ (លូកា១០:១-១២)


                                                       
សេចក្តីផ្តើម៖
            នៅថ្ងៃមួយមានមិត្ដភ័ក្រខ្ញុំម្នាក់គាត់បានសួរខ្ញុំថា ចាន់ណាមានដំណឺងអង្គាល? ខ្ញុំក៏បានឆ្លើយថា ដំណឹងល្អមានយូហើយ គឺតាំងពី២០០០ឆ្នាំមុនមកម្លេះ។ អ្នកចង់សួរខ្ញុំពីដំណឹងល្អពី
ព្រះយេស៊ូគ្រីស្ទមែន? ពេលនោះមិត្តរបស់ខ្ញុំគាត់បានខឹងខ្ញុំ ដោយគាត់បាននិយាយថា ដំណឹងល្អពីព្រះយេស៊ូគ្រីស្ទខ្ញុំបានស្គាល់ហើយ។  តែអ្វីដែលខ្ញុំសួរគឺចង់ដឹងថា តើចាន់ណារៀបការពេលណា? តាមការពិតខ្ញុំ​យល់នូវអ្វីដែលគាត់ចង់សួរខ្ញុំ។ តែខ្ញុំចង់លេងសើចជាមួយគាត់។ មនុស្សឥឡូវចូលចិត្តប្រើពាក្យដំណឹងល្អច្រើនណាស់ ជូនកាលទៅគេប្រើទៅលើការលក់ទួរស័ព្ធដៃទិញមួយថែមមួយនេះ ក៏ជាដំណឹងល្អ។ មួយវិញទៀត ពេលមនុស្សបានទទួលការជ័យលើការមុខជំនួញ ក៏ជាដំណឹងល្អ មិនត្រឹមតែប៉ុណ្ណោះនៅពេលនិស្សិតបានប្រលងជាប់ វាក៏ជាដំណឹងល្អ។ ឪពុកម្តាយទិញម៉ូតូថ្មីឲ្យកូន ក៏គេនិយាយថាដំណឹងល្អ  ហើយនៅពេលដែលមនុស្សមានកូន ក៏ជាដំណឹងល្អ ។

           សង្ខេបបទគម្ពីរ៖ ដូចនេះហើយមុននឹងចាប់ផ្ដើមនូវការរៀនរបស់យើង នោះយើងត្រូវពិនិត្យមើលឲ្យបានច្បាស់ពីកិច្ចការនៃការ ប្រកាសដំណឹងល្អដែលព្រះបានប្រាប់យើងនៅក្នុងលូកា១០:-១២ជាមុនសិន។   នៅទីនេះព្រះយេស៊ូវ បានបញ្ជូនមនុស្ស៧០នាក់ឲ្យទៅប្រកាសដំណឹងល្អ មួយគូរឲ្យទៅគ្រប់ទីកន្លែង។ ព្រះអង្គបានមានបន្ទូល ថាឲ្យពួកគេសូមដល់ព្រះទៅ ដ្បិតចំរូតរបស់ព្រះអង្គធំណាស់ តែមានអ្នកច្រូតតិចទេ។ ព្រះអង្គក៏បាន ប្រាប់គេពីរបៀបដែលពួកគេត្រូវធ្វើថាពួកគេទៅនោះដូចជាកូនចៀមដែលនៅកណ្ដាលហ្វូងស្វា។ ពួកគេមិនត្រូវយករបស់អ្វីទៅជាមួយទេ ហើយត្រូវនៅផ្ទះណាដែលគេទទួល បើគេមិនទទួលនោះត្រូវឲ្យ ចេញពីទីនោះភ្លាមដោយបោសធូលីដីចេញពីដើងរបស់គេចេញទៅកន្លែងផ្សេងទៀត។
            ជាមួយគ្នាយើងនឹងសិក្សាអំពីដំណឹងល្អ តើដំណឹងល្អមានន័យដូចម្តេច? ចុះតើដំណឹងល្អដែលពិតប្រាកដគឺជាអ្វី ? ឥឡូវនេះយើងនឹងសិក្សាជាមួយគ្នានូវ៣ចំណុចដែលសំខាន់សំរាប់ការប្រកាសដំណឹងល្អ។
សំនួរស្នូល៖  ហេតុអ្វីបានជាគ្រីស្ទត្រូវការផ្សាយដំណឹងល្អ?





I.              សេចក្ដីតម្រូវពីការផ្សាយដំណឹងល្អ(ខ១-៤)
a.    ព្រះអង្គចាត់បញ្ជូនឲ្យគេទៅ
            ការដំរូវសិស្ស៧០នាក់ឲ្យទៅប្រកាសដំណឹងល្អគឺមាននិយាយតែនៅក្នុងព្រះគម្ពីរលូកាប៉ុណ្ណោះ នៅក្នុងព្រះគម្ពីរផ្សេងទៀតមាននិយាយតែការបញ្ជូនសិស្សឲ្យទៅតែប៉ុណ្ណោះ។ នៅក្នុងព្រះគម្ពីរភាសា អង់គ្លេសមួយបាននិយាយថាសិស្ស៧២នាក់ យើងមិនបានដឹងច្បាស់ថាចំនួនណាមួយត្រឹមត្រូវនោះទេ ព្រោះគ្មានគម្ពីរណាប្រាប់ទេ។ ព្រះអង្គបានចាត់ឲ្យពួកគេទៅមួយគូរៗឲ្យទៅប្រកាសដំណឹងល្អរបស់ ព្រះទៅកាលីឡេ ហើយព្រះអង្គក៏បានចាត់សិស្សទាំង១២នាក់ឲ្យទៅនាក់ទៅដែរ។ នៅក្នុងព្រះ ម៉ាកុស៦:៧ប្រាប់ថាទ្រង់ហៅសិស្ស១២នាក់មក ហើយទ្រង់បានចាត់ឲ្យគេទាំង១២នាក់ទៅ ហើយព្រះអង្គប្រទានអំណាចលើអស់ទាំងអារក្សអសោចិ៏ផង។ ការនេះបានបង្ហាញយើងពីគំរូរបស់ពួកជំនុំដើម ដែលបានធ្វើតាមការបង្គាប់របស់ព្រះ។ យើងឃើញថាការទៅ២នាក់មានភាពងាយស្រួលក្នុងការធ្វើការ ហើយអាចជួយគ្នានៅពេលដែលមានបញ្ហា ហើយអាចបង្ហាញពីភាពស្មោះត្រង់ក្នុងការប្រកាសដំណឹងល្អផងដែរ។ នៅក្នុងខ២ប្រាប់យើងថាចំរូតរបស់ព្រះអង្គធំណាស់ តែមានអ្នកច្រូតតិចទេ​ នោះចូរសូម ដល់ព្រះទៅឲ្យទ្រង់បានចាត់អ្នកច្រូតឲ្យមកជួយ។ នៅក្នុងព្រះគម្ពីរម៉ាថាយ១៣:១៦ក៏បានប្រាប់ពី ចំរូតរបស់ព្រះអង្គធំណាស់នោះដែរ។
តើចំរូតធំនោះមានន័យដូចម្ដេច? ចំរូតធំណាស់នោះមានន័យថានៅមានមនុស្សជាច្រើនទៀតមិន​ទាន់បានទទួលជឿដល់ព្រះគ្រីស្ទនៅឡើយទេ នោះពួកសិស្សមានតួនាទីជាអ្នកដែលត្រូវប្រាប់​គេពី​ទ្រង់។ ក៏​មានអ្នកច្រូតតិចទេ មិនទាន់មានអ្នកដែលស្ម័គ្រចិត្តចេញទៅប្រកាសពីព្រះអង្គនៅឡើយទេ។ ហេតុ​នោះគ្រីស្ទានត្រូវអធិស្ឋានទៅកាន់ព្រះ សូមឲ្យព្រះបានប្រទានអ្នកចំរូតមកច្រូតថ្វាយព្រះ។ ព្រះ គ្រីស្ទបានបញ្ជូនឲ្យសិស្សរបស់ព្រះអង្គទៅប្រកាសពីទ្រង់ ហើយប្រោសគេឲ្យជាផង(លូកា៩:២)។ ព្រះអង្គបានមានបន្ទូលថាពួកគេដូចជាចៀមដែលនៅកណ្ដាលហ្វូងស្វាន(ខ៣) ពាក្យថាឆ្កែចចក​នៅ​ក្នុង​ការបកប្រែឆ្នាំ១៩៥៤ប្រែថា«ហ្វូងស្វាន»ដែលជាឆ្កែព្រៃម្យ៉ាងស៊ីសាច់ជាអាហារ[1]។​ ពួកគ្រូក្លែងក្លាយ​ដែល​មកឯ​​អ្នក​រាល់​គ្នានោះជាចចកដែលពាក់រោមចៀម ដែលឆ្មក់ស៊ីវិញ(ម៉ាថាយ៧:១៥)។ ពួកគ្រូក្លែង ក្លាយនោះព្រះមិនបានបញ្ជូនពួកគេមកទេ​​ តែគេថាព្រះជាអ្នកដែលបញ្ជូនគេមក។ ហើយនៅទីនេះពួក សិស្សដែលត្រូវទៅ ដូចជាសត្វដែលខ្សោយដែលត្រូវទៅកណ្ដាលហ្វូងសត្វដែលខ្លាំង[2]
 កុំឲ្យយកការ​បូប ឬយាម ឬស្បែកជើងឡើយ ក៏កុំឲ្យគំនាប់អ្នកណាតាមផ្លូវផង(ខ៤)។ ព្រះបន្ទូលនៅត្រង់នេះសំដៅ ការដែលពួកគេមិនត្រូវផ្ទុកអ្វីដែលធ្ងន់នោះឡើយ ក៏មិនត្រូវគំនាប់អ្នកណាដែលជួបតាមផ្លូវឡើយ ព្រោះវាអាចនាំឲ្យមានការយឺតយ៉ាវក្នុងការធ្វើបេសកកម្មរបស់ព្រះ។ ពួកមិនត្រូវបង្ហាញពីការព្រួយបារម្មណ៍ចំពោះអ្វីដែលនៅខាងក្រៅនោះឡើយ ត្រូវទុកចិត្តដល់ព្រះជានិច្ច។  ពីព្រោះថាការចេញទៅផ្សាយដំណឹងល្អ មិនទាល់តែយកសម្ភារះទៅដើម្បីឲ្យគេបានមើលឃើញ ហើយទទួលជឿព្រះនោះឡើយ ការដែលសំខាន់គឺត្រូវយកព្រះបន្ទូលរបស់ព្រះជាទីមួយនៅក្នុងបំពេញព័ន្ធកិច្ចថ្វាយព្រះ។
 ដូច្នេះបើគ្មានអ្នកណាទៅប្រកាស​ពីដំណឹងល្អរបស់ព្រះគ្រីស្ទទេ ធ្វើដូចម្ដេចដើម្បីឲ្យ​មនុស្សគេជឿបាន(រ៉ូម​១០:១៤-១៥)។​ យើងត្រូវដឹងថា​ព្រះអង្គ​បានបង្គាប់យើងឲ្យប្រកាសដំណឹងល្អពីទ្រង់ នោះត្រូវតែទៅ កុំឲ្យមានចិត្តរុញរា ព្រោះបើ​គ្មានអ្នកណាប្រាប់ពីទ្រង់ នោះធ្វើដូចម្ដេចឲ្យគេទទួលជឿដល់ព្រះបាន។ គឺយើងត្រូវទៅដោយទុកចិត្តព្រះជាម្ចាស់ជានិច្ច។  ចុះតើដំណឹងល្អគឺជាអ្វី?  ដំណឹងល្អ គឺនិយាយអំពីព្រះយេស៊ូវគ្រីស្ទ  ទី១ប្រសូត្រ ទី២ការរងទុក្ខរហូតសុគត ទី៣មានព្រះជន្មរសឡើងវិញ។
ឧទាហរណ៍៖ ព្រះយេស៊ូស៊ីម៉ូន«១៥ លុះ​គេ​បាន​បរិភោគ​រួច​រាល់​ហើយ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ ជាង​អ្នក​ទាំង​នេះ​ស្រឡាញ់​ខ្ញុំ​ឬ។ គាត់​ទូល​ព្រះអង្គ​ថា៖ «ក្រាប​ទូល​ព្រះអម្ចាស់! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែរក្សា​កូន​ចៀម​របស់​ខ្ញុំ​ផង!»១៦ ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ។ លោក​ពេត្រុស​ទូ ល​ថា៖ «ក្រាប​ទូល​ព្រះអម្ចាស់! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា​ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»១៧ ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ»។ លោក​ពេត្រុស​ព្រួយ​ចិត្ត​ណាស់ ព្រោះ​ព្រះអង្គ​សួរ​គាត់​ដល់​ទៅ​បី​លើក​ថាអ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។ លោក​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ព្រះអង្គ​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែរក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។ ១៨ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​ដឹង​ច្បាស់​ថា កាល​អ្នក​នៅ​ក្មេង អ្នក​ក្រវាត់​ចង្កេះ​ខ្លួន​ឯង ហើយ​អ្នក​ទៅ​ណា​តាម​តែ​ចិត្ត​អ្នក​ចង់។ លុះ​ដល់​អ្នក​ចាស់ អ្នក​នឹង​លើក​ដៃ​ឡើង ហើយ​មាន​ម្នាក់​ទៀត​ក្រវាត់​ចង្កេះ​អោយ​អ្នក ទាំង​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ថែម​ទៀត​ផង»១៩ ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ បង្ហាញ​អំពី​របៀប​ដែល​លោក​ពេត្រុស​ស្លាប់ ដើម្បី​សំដែង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»។(យ៉ូហាន២១៖១៥.១៩)។
ដូច្នេះហើយនៅត្រង់នេះចង់បញ្ជាក់វាលចំរូតរបស់ព្រះជាម្ចាស់គឺមានទំហ៊ុំធំណាស់ ដូច្នេះយើងទាំងអស់គ្នា ត្រូវចេញទៅបំពេញតួនាទីរបស់យើង គឺទៅផ្សាយដំណឹងល្អ ដើម្បីនាំព្រះលឹងមនុស្សថ្វាយព្រះ។   តើយើងប្រកាសដំណឹងល្អយ៉ាងមេចទៅ?
      II. របៀបនៃការប្រកាស់ដំណឹងល្អ(៥-៩)
ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​មួយ មុន​ដំបូង​ត្រូវ​ពោល​ថាសូម​ព្រះជាម្ចាស់​ប្រទាន​សេចក្ដី​សុខសាន្ត ដល់​មនុស្ស​ក្នុង​ផ្ទះ​នេះ”​(ខ៥) ហើយសូមឲ្យពួកគេ មានសេចក្ដីសុខសាន្ដជានិច្ច។ ព្រោះយើងដឹងថាការឲ្យពរគេជាចំនុចនៃការចូលចិត្ត ហើយ​ស្រឡាញ់​(ខ៥-៧)។ បើពួកគេចូលចិត្តនឹងសេចក្ដីសុខសាន្ដរបស់អ្នករាល់គ្នា នោះត្រូវនៅផ្ទះនោះទៅ ហើយបរិភោគដោយសេចក្ដីស្រឡាញ់ កុំឲ្យផ្លាស់ទៅផ្ទះមួទៀតនោះឡើយ។ ឲ្យផ្ទះនោះមានសេចក្ដីសុខសាន្ដ មានន័យថា ឲ្យអ្វីៗទាំងអស់ទៅជាល្អជាមួយអ្នក។ ពួកសិស្សមិនត្រូវដាក់បណ្ដាសាដល់គេ ឬជេរប្រ​មាតដល់គេនោះឡើយត្រូវឲ្យអ្វីទាំងអស់មានសេចក្ដីសុខសាន្ដជានិច្ច។ ទាំងបរិភោគអ្វីៗដែលគេឲ្យ ដោយចាត់ទុកថាជាថ្លៃឈ្នួលចំពោះការធ្វើការដែលគេធ្វើចុះ។ ហើយពាក្យថាអ្នកធ្វើការ នោះគួនឹង​បានឈ្នួលវិញមានន័យថាពួកគេធ្វើការផ្សាយដំណឹងល្អដល់មនុស្សទាំងអស់។ នៅក្នុងព្រះចោទិយ២៥:៤ប្រាប់ថាមិនត្រូវឃុំមាត់គោដែលកំពុងបញ្ជាន់ស្រូវឡើយ។ ដូចគ្នាយើងរាល់ថ្ងៃក៏នាំគ្នាធ្វើការឲ្យ បានកំរៃដែរ។ នៅក្នុងខ៨ប្រាប់យើងថា ចូលទៅកន្លែងណាដែលគេរាក់ទាក់ហើយនោះត្រូវ នៅទីនោះ ហើយបរិភោគអ្វីដែលគេលើកឲ្យនោះចុះ។
 នៅទីនេះក៏បានបង្ហាញប្រាប់យើងពីចេះចំណាយពេលជាមួយគេ ដោយនៅបរិភោគជាមួយគេ ហើយក៏បានបង្ហាញថានេះជាការទុកចិត្តដល់ពួកគេដែរ។ ការ​ផ្សាយដំណឹងល្អពិតជាសំខាន់ណាស់ តែបើយើងមិនបានចំណាយពេលជាមួយគេផង តើវាមានប្រ​យោជន៍ ឬអត់? នៅក្នុងព្រះគម្ពីរសិក្សាព្រះគម្ពីរសញ្ញាថ្មីប្រាប់យើងថា ព្រះបានបង្គាប់ដល់ពួកសិស្ស របស់ព្រះអង្គថា ពួកគេត្រូវបរិភោគអាហារដែលគេបានលើកមកឲ្យ មិនត្រូវរើសឡើយ។ ពួកគេមិនត្រូវ ប្រកាន់ថាអាហារនោះស្អាត ឬមិនស្អាតនោះឡើយ ព្រោះព្រះអង្គជាអ្នកដែលសំអាតសំរាប់គេរួច​ហើយ។ លោកសាវ័កប៉ុលប្រាប់ថា«បើមានអ្នកដែលមិនជឿ គេបានអញ្ជើញអ្នកទៅពិសា ហើយអ្នកចង់ទៅដែរ នោះត្រូវបរិភោគគ្រាប់មុខ ដែលគេបានដាក់នៅមុខអ្នកចុះ ឥតចាំសួរអ្វីឡើយ ដោយយល់ដល់បញ្ញាចិត្ត(១កូរិន១០:២៧)។ នៅមានចំនុចមួយទៀតដែលជួយឲ្យយើងផ្សាយដំណឹងល្អបានជោគ​ជ័យគឺជាការជួយគេ(ខ៩) គឺដោយមើលជំងឺរបស់ពួកគេ ទាំងប្រាប់គេថានគរព្រះជិតមកដល់ហើយ។ ទាក់ទងនឹងការនេះនៅក្នុងលូកា៩:៦ក៏បានប្រាប់ថា«កាលគេចេញទៅ នោះក៏ដើរទៅសព្វពេញអស់ទាំងភូមិព្រមទាំងផ្សាយដំណឹងល្អ ហើយបានមើលគេឲ្យជានៅគ្រប់កន្លែងដែរ»។ ការមើលជំងឺរបស់ ពួកគេមានផលប្រយោជន៍ណាស់ ព្រោះយើងអាចឲ្យគេស្ដាប់ដំណឹងល្អដែលយើងបានផ្សាយនោះ។ ការនេះក៏បានបង្ហាញពីគំរូដ៏ល្អរបស់យើងម្នាក់ៗ ដែលជាអ្នកបំរើដំណឹងល្អថាជាអ្នកដែលចេះជួយដល់​អ្នកដែលត្រូវការដែរ។ សំរាប់ពួកជំនុំរបស់យើងនៅទីនេះវិញ មិនមែនកើតភ្លាមៗនោះទេ គ្រូគង្វាល បានចំណាយពេលក្នុងការផ្សាយដំណឹងល្អយ៉ាងយូរ ទើបបានប៉ុណ្ណឹង។ ដូច្នេះយើងត្រូវតែជួយផ្សាយ ដំណឹងល្អនេះដល់អ្នកផ្សេងទៀតដែលគេមិនបានលឺ ឲ្យគេបានលឺហើយទទួលផងដែរ។
មិនតែប៉ុណ្ណោះការប្រកាសដំណឹងល្អមិនចាំបាច់ទាល់តែយើងចេញទៅប្រកាសនៅកន្លែងណាមួយនោះទេ តែការប្រព្រឹត្តរបស់យើងក៏អាចនាំគេឲ្យស្គាល់ព្រះបានដែរ។ មនុស្សជាច្រើនគេស្គាល់ព្រះដោយគេ ឃើញថាអ្នកជឿព្រះមានការប្រព្រឹត្តល្អ។ មួយវិញទៀតការបង្កើតផលផ្លែនៅក្នុងជីវិតរបស់យើង។ ដើម្បីឲ្យគេ​ឃើញថាព្រះគ្រីស្ទនៅក្នុងយើង។
ឧទាហរណ៍៖ អ្នកលក់ឡេ និងគ្រឿងសំអាង បើសិនជាអ្នកនោះខ្មៅស្រងិត ហើយប្រកាសលាបឡេនេះទៅ តែមួយថ្ងៃទេសភ្លាម។ នោះអ្នកជឿឬទេ? តើគេលក់ដាច់អត់?ប្រហែលជាគ្មានអ្នកណាទិញទេ គេចូលចិត្តទិញឡេពីអ្នកណាដែលស ហើយស្អាត នោះគេចង់ស្អាតដូចអ្នកនោះដែរ។
ដូច្នេះហើយយើងឃើញថាព្រះអង្គបានប្រាប់ពីរបៀបនៃការទៅប្រកាសដំណឹងល្អ។ យើងអាចប្រកាសតាមវិធីផ្សេងៗ គឺនាំសេចក្ដីសុខសាន្ដទៅកាន់គេ នៅជាមួយគេ ហើយជួយដល់គេ និងធ្វើឲ្យគេអាចបានមើលឃើញថាព្រះគ្រីស្តនៅក្នុងយើង។
      III. ឧបសគ្គនៃការប្រកាសដំណឹងល្អ(១០-១១)
            ជាការពិតណាស់ដែលថាការប្រកាសដំណឹងល្អពិតជាពិបាក ហើយពេលខ្លះក៏ត្រូវជួបនូវបញ្ហា ខ្លះជាមិនខានឡើយ។ នៅក្នុងព្រះគម្ពីរលូកា១០:១០-១១ នេះព្រះអង្គទ្រង់បានប្រាប់ដល់ពួកសិស្ស​របស់ទ្រង់ថា បើចូលទៅភូមិណា ហើយគេមិនទទួលនោះចូរចេញទៅឯផ្លូវ ហើយនិយាយថា នែទោះ ទាំងធូលីដីក្នុងភូមិអ្នករាល់គ្នា ដែលនៅជាប់នៅជើងយើង នោះយើងក៏ជូតចេញទាស់នឹងអ្នករាល់គ្នាដែរ នៅត្រង់នេះគឺមានន័យថា បើយើងបាននាំយកដំណឹងល្អទៅប្រាប់ដល់ពួកមនុស្សហើយ តែត្រូវគេបដិសេធន៍ មិនចង់ទទួលយក ហើយគេមិនព្រមស្តាប់យើងនិយាយទេ ដ្បិតពួកគេស្អប់ព្រះយេស៊ូវ មិនចង់ដឹងមិនចង់ឭ នោះយើងមិនត្រូវនៅតតាំងជាមួយនឹងគេនោះទេ ដើម្បីកុំឲ្យមានរឿងឬមួយក៏ឈ្លោះប្រកែកគ្នា។ ដូចនេះហើយយើងត្រូវដើរចេញពីគេទៅ កុំនៅធ្វើអ្វីទៀត។   មួយវិញទៀតនៅចុងខ១១បានប្រើពាក្យថា«នគរព្រះជិតដល់ហើយ» គឺមានន័យថា  ព្រះយេស៊ូវគ្រីស្ទជិតយាងមកដល់ហើយ នៅពេលដែលទ្រង់យាងមកជាលើកទី២នោះទ្រង់ជំនុំជំរះមនុស្សទាំងអស់ទោះទាំងមនុស្សរស់ឬមនុស្សស្លាប់ ហើយមនុស្សណាមិនបានជឿដល់ទ្រង់ នោះនឹងត្រូវមានទោសធ្លាក់ចូលទៅក្នុងបឹងភ្លើងដែលឆេះអស់កល្បជានិច្ច។  តួយ៉ាងដូចជាលោកយ៉ូហាន បាទីស្ទ បានប្រកាសប្រាប់ដល់ពួកបណ្តាលជនថា​ នគរព្រះជិតដល់ហើយ(ម៉ាថាយ៣:-២)។  
              លើសពីនេះទៀតបើអស់អ្នកណាដែលមិនទទួលរាក់ទាក់នោះចូរចេញពីភូមិ នោះ ដោយរលាស់ធូលីដីចេញពីជើង ទុកជាទីបន្ទាល់ទាស់នឹងគេវិញ(លូកា៩:៥)។  ជាមួយគ្នានៅក្នុងម៉ាថាយ១០:១៤ ក៏បានប្រាប់ដូចគ្នានឹងលូកាដែរ គឺបើគេមិនទទួលត្រូវចេញ ហើយរលាស់ធូលីដីចេញវិញ។ នេះជាព្រះបន្ទូលរបស់ព្រះអង្គ ដែលទ្រង់បានប្រាប់ដល់ពួកសិស្ស នៅត្រង់នេះបានប្រាប់ថាព្រះអង្គមិនបានបង្ខំឲ្យពួកគេត្រូវតែផ្សាយបន្ដទៀតនោះទេ បើគេមិនទទួលនោះពួកគេត្រូវទៅកន្លែងណាដែលមានគេទទួលវិញ ទើបជាការល្អ។   បើយើងមើលទៅវប្បធម៏របស់ពួកយូដាវិញ ការរលាស់ធូលីដីនេះបានចាក់ឫសយ៉ាងជ្រៅ នៅក្នុការរស់នៅរបស់គេ គឺគេមិនព្រមទទួលនោះឡើយ។ ពេលពួកសាសន៍យូដាណាមួយគេចង់​បង្ហាញពីការផ្ដាច់ខ្លួនរបស់ពួកគេ ចំពោះសាសន៍ណាមួយ នោះពួកគេតែងតែដើររលាសដីចេញ។ ហើយសំរាប់ពួកសាវ័កវិញពេលដែលគេរលាសដីរបស់យូដាចេញពីជើង នោះក៏បានបង្ហាញថាពួកគេ បានផ្ដាច់ខ្លួនរបស់គេពីពួកយូដា ដែលពួកគេបានបដិសេធព្រះម៉ែស្ស៊ីរបស់ពួកគេឡើយ។ ក៏ជាការមួយដែរ ដែលពួកសាវ័កបង្ហាញពីការឆ្លើយតបរបស់ពួកគេ ហើយពួកសាវ័កក៏បានចេញទៅផ្សាយដំណឹងនៅកន្លែងផ្សេងវិញ។ ហើយម្យ៉ាងវិញទៀត ការរលាស់ធូលីដីចេញ គឺជានិមិត្តរូបនៃសកម្មភាពដែលពួកផារីស៊ី បានអនុវត្តនៅពេលដែលពួកគេចាកចេញពីកន្លែងមិនស្អាតរបស់សាសន៍ដ៏ទៃ ហើយក៏ជាការព្រមានមួយយ៉ាងដាច់ខាតចំពោះអ្នកដែលបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់(ការពន្យល់នៅក្នុងម៉ាថាយ១០:១៤)។
               បើយើងមើលពីជីវិតលោកសាវ័កប៉ុលវិញ កាលលោកបានផ្សាយព្រះបន្ទូលព្រះដល់ពួកស្រ្ដីអ្នកការ ពេលនោះសាសន៍យូដាបានញុះញង់ពួកគេឲ្យបៀតបៀនដល់ប៉ុល នោះពួកគេក៏បានដេញប៉ុល និងបាណាបាស ចេញពីស្រុកគេទៅ នោះលោកក៏រលាស់ធីលីដីទាស់នឹងពួកគេ ហើយក៏បានទៅកន្លែងផ្សេងទៅ (កិច្ចការ១៣:១៥)។ ការចាកចេញមានភ្ជាប់ជាមួយពាក្យថានគរព្រះជិតមកដល់ហើយ នេះបានប្រាប់ ពីការលំរឹកចុងក្រោយរបស់ពួកសិស្សទៅកាន់អ្នកដែរបដិសេធដំណឹងល្អ។ សំរាប់ការផ្សាយដំណឹងល្អ នៅក្នុងប្រទេសខ្មែរយើងវិញ យើងមិនទាន់ឃើញមានការធ្វើដូចជាពួកសិស្សដែលរលាសធូលីដីចេញ ពីជើងនៅឡើយទេ។ យើងត្រូវឆ្លើយតបចំពោះការបដិសេធរបស់ពួកអ្នកដែលមិនទទួលដោយការ អធិស្ឋានទៅព្រះ សូមឲ្យព្រះជាអ្នកធ្វើការនៅក្នុងចិត្តឲ្យគេទទួលជំណឹងល្អព្រះវិញ។
     សរុបសេចក្តី៖
            គ្រីស្ទបរិស័ទមានតួនាទីផ្សាយដំណឹងល្អដល់មនុស្សដែលមិនទាន់ជឿ ហើយព្រះជាម្ចាស់បានដំរូវឲ្យយើងគ្រប់គ្នាផ្សាយដំណឹងល្អដល់គ្រប់ជាតិសាសន៍ រហូតដល់ចុងផែនដី មិនមែនឲ្យប្រកាសតែអ្នកជិតខាងឬបងប្អូនយើងប៉ុណ្ណោះទេ(ម៉ាថាយ២៨:១៩-២០) ហើយត្រូវរៀនពីរបៀបផ្សាយដំណឹង​ល្អ ហើយត្រូវទៅដោយមានគ្នាពីរនាក់ ដើម្បីងាយស្រួលជួយគ្នាទៅវិញទៅមក។     ម៉្យាងទៀតការដែលចេញទៅប្រាប់គេពីដំណឹងលល្អ នោះគឺជាការពិបាកណាស់ តែទោះបីជាយ៉ាងណាក៏ដោយត្រូវចេះទុកចិត្តលើព្រះ ថាទ្រង់នឹងគង់នៅជាមួយយើងគ្រប់ពេលវេលា ដ្បិតនេះគឺជាព្រះរាជបញ្ជារបស់ព្រះជាម្ចាស់ដែលទ្រង់បានប្រាប់ដល់ពួកអ្នកជឿទាំងអស់។      
      ទេវសាស្រ្ត ៖
           ព្រះជាម្ចាស់: ទ្រង់មានព្រះទ័យចង់ឲ្យមនុស្សទាំងអស់ទទួលបាននូវសេចក្តីសង្គ្រោះពីទ្រង់ ដ្បិតទ្រង់បានស្រឡាញ់នឹងអាណិតដល់មនុស្សលោកខ្លាំងណាស់ ហើយទ្រង់ចង់ឲ្យគេវិលត្រឡប់មកវិញ។   ដោយសារព្រះអង្គមិនចង់ឃើញអ្នកណាមួយត្រូវបាត់បង់ជីវិតឡើយ។ ពីព្រោះមមនុស្សទាំងអស់សុទ្ធតែជាស្នាព្រះហស្ថរបស់ព្រះជាម្ចាស់ដែលបានបង្កើតមក។
           ព្រះយេស៊ូវ : ព្រះយេស៊ូវិញក៏ទ្រង់មានចិត្តស្រឡញ់ដល់លោកខ្លាំងដែរ ដូចនេះបានជាទ្រង់ចេញទៅផ្សាយដំណឹងល្អជាច្រើននៅក្នុងជីវិតរបស់ទ្រង់សំរាប់យរះពេ៣៣ឆ្នាំ។ គឺព្រះយេស៊ូវបានដើរទៅផ្សាយដំណឹងល្អមុនគេបង្អស់ពីភូមិមួយទៅភូមិមួយទៀត ដូចជានៅក្នុងកណ្ឌដំណឹងល្អទាំងបួនបាននិយាយស្រាប់ហើយអំពីជីវិតរបស់ព្រះយេស៊ូវ(ម៉ាថាយ១១:; :៣៥)។
           មនុស្ស: បើយើងមើលពីមនុស្សភាគច្រើនគេមិនសូវចិត្តផ្សាយដំណឹងល្អព្រះយេស៊ូវទេ ពីព្រោះខ្លាច    ខ្មាស់គេ ហើយនឹងខ្លាចគេជេឬមើលងាយដល់ពួកគាត់។ មួយទៀតមនុស្សអ្នកគេគិតថាការប្រកាសដំណឹងល្អ គឺជាការងាររបស់គ្រូគង្វាល មិនមែនជាការងាររបស់គាត់ទេ ។ តែក៏មានអ្នកជឿព្រះមួយចំនួន អត់ទៅប្រកាសដំណឹងល្អ គឺដោយសារតែគាត់ខ្ជិល។

     ការអនុវត្តន៍:
              ពួកជំនុំត្រូវតែមានទំនួលខុសត្រូវចំពោះការងារដែលព្រះបានដាក់ឲ្យធ្វើ គឺត្រូវផ្សាយ ដំណឹងល្អពីព្រះគ្រីស្ទដល់អ្នកដែលមិនទាន់ជឿ។ យើងត្រូវចេញទៅប្រកាសពីទ្រង់ ព្រោះព្រះអង្គបាន​ដំរូវសំរាប់យើងម្នាក់ៗ​​​   រួចទៅហើយ។ យើងត្រូវចូលទៅជិតអ្នកដែលយើងផ្សាយដំណឹងល្អឲ្យនោះ ហើយត្រូវចំណាយពេលជាមួយគេ។  ទោះបីជាមានបញ្ហាត្រូវតែតស៊ូបន្តទៀត  ហើយត្រូវដឹងថាព្រះអង្គនឹងជួយយើងក្នុងការងារនោះ។
             ដូច្នេះហើយបងប្អូនត្រូវដឹងថា បើយើងមិនបានបង្កើតផលផ្លែនោះទេ   ព្រះអង្គនឹងកាត់យើងចេញ   ហើយ។  ត្រូវបង្កើតផលថ្វាយព្រះជាម្ចាស់ ទោះបីជាគេមិនទទួលដំណឹងល្អក៏ដោយ ក៏ យើងត្រូវផ្សាយឲ្យគេបានដឹង ហើយអធិស្ឋានសុំឲ្យព្រះបានធ្វើការក្នុងចិត្តរបស់ពួកគេ ឲ្យគេបានជឿព្រះ។  ការផ្សាយរបស់យើងត្រូវបង្ហាញតាមរយៈសកម្មភាពរបស់យើងគឺចេះជួយដល់ពួកគេ ហើយចំណាយ ពេលជាមួយគេឲ្យបានច្រើន។ មិនត្រូវឲ្យយើងបង្ហាញពីការរើសអើងអ្វីឡើយ ត្រូវបង្ហាញពីសេចក្ដី ស្រឡាញ់របស់ព្រះវិញ។ យើងជាគ្រីស្ទបរិស័ទមានតួនាទីជាអ្នកប្រកាសដំណឹងល្អ តែបើយើងមិន ប្រកាសទេ នោះព្រះអង្គនឹងកាត់យើងចេញ ហើយសេចក្ដីជំនឿរបស់យើងក៏រាប់ជាសេចក្ដីជំនឿដែល ស្លាប់ដែរ។    ព្រះគម្ពីរយ៉ូហានជំពូក១៥ប្រាប់យើងយ៉ាងច្បាស់ថា បើនៅជាប់ព្រះអង្គ នោះនឹងបង្កើត ផលផ្លែ តែបើមិនបង្កើតផលផ្លែនោះ ព្រះនឹងកាត់បោះចូលចោលទៅក្រៅជាមិនខាន៕


                                                              ឯកសារយោង

1.   ស្ពានចម្លងកណ្ឌដំណឹងល្អទាំងមូល
2.   ព្រះគម្ពីសម្រាយបច្ចុប្បន្ន
3.    ព្រះគម្ពីសិក្សាសញ្ញាថី្ម
4.    គន្ថធិប្បាយ និពន្ធដោយ  បណ្ឌិត ហេនរីអេតាស៊ីមៀរ្យ ទំព័រ៤៧៧-៤៧៩


[1] ព្រះគម្ពីរសិក្សាសញ្ញាថ្មី ទំព័រទី២៣។
[2] Easy English Commentary.

0 Comments

Type and hit Enter to search

Close