Breaking News

អ៊ីស្រាអែលនិងទទួលបានផលនៃអំពើបាបដែលពួកគេបានប្រព្រឹត្ត ហូសេ ១០ : ១-១៥


សេចក្ដីផ្ដើម:
   មានប្តីប្រពន្ធមួយគូពួកគេបានចាប់ដៃគ្នាដោយបាតដៃទទេក្នុងការរស់នៅជាមួយគ្នាហើយបន្ទាប់ពីពួកគេ      រៀបការរួច ពួកគេពុំមានទ្រព្យធនអ្វីដែលឪពុកម្តាយទំាងសងខាងចែកអោយ
នោះឡើយ។ ប៉ុន្តែប្តីប្រពន្ធ  មួយគូនេះហាក់ដូចជាមានសុភមង្គលជាខ្លាំងក្នុងការរស់នៅក្នុងផ្ទះខ្ទមតូចមួយដែលមានជញ្ជាំងធ្លុះធ្លាយហើយក៏គ្មានសំភារះប្រើប្រាស់គ្រប់គ្រាន់ដែរ។សូម្បីតែឆ្នាំងសម្លនិងឆ្នាំងដាំបាយក៏គេប្រើជាមួយគ្នាដែរ។ តែយើងនិង ច្រណែនដល់ក្រុមគ្រួសារនេះជាពុំខានព្រោះប្តីប្រពន្ធនេះពិតជាស្រលាញ់គ្នាខ្លាំងណាស់​​ ប្តីតែងតែទៅធ្វើការលីសែងអង្ករអោយគេហើយបានប្រាក់ជារៀងរាល់ថ្ងៃទៅតាមកម្លាំងដែលគាត់លីសែងនោះ។​ ថ្ងៃមួយបុរសជាប្តីបានគិតថាប្រពន្ធរបស់គាត់មិនដែលមានសំពត់និងអាវថ្មីសោះ​​ ដូច្នោះហើយ គាត់បានទៅធ្វើការពីព្រលឹមដើម្បីលីសែងអោយបានលុយច្រើន​​ ហើយគាត់បានសន្សំលុយរបស់គាត់ រហូតដល់គាត់ទិញបានហើយបុរសជាប្តីនោះបានយកសំលៀកបំពាក់ថ្មីនោះទៅអោយប្រពន្ធរបស់គាត់ដោយសេចក្តីស្រលាញ់យ៉ាងអស់ពីចិត្តរបស់គាត់។ចំណែកប្រពន្ធរបស់គាត់វិញក៏តែងតែធ្វើការយ៉ាងលំបាកផងដែររាល់ថ្ងៃគាត់តែងតែទៅបោកខោអាវអោយគេ។ប្រពន្ធរបស់គាត់ក៏បានមើលឃើញពីទុក្ខលំបាករបស់ប្តីខ្លួនផងដែរ នាងបានសន្សំលុយមួយចំនួនដើម្បីទិញស្បែកជើងថ្មីមួយគូសំរាប់ប្តីរបស់នាង។  

​ ​ ​                 ថ្ងៃមួយបន្ទាប់ពីពិសាអាហារពេលល្ងាចរួចប្រពន្ធបាននិយាយទៅកាន់ប្តីថាបងសម្លាញ់អូនរស់នៅ ជាមួយបងរាល់ថ្ងៃពិតជាមានសុភមង្គលខ្លាំងណាស់អូនមិនចង់បានអ្វីទៀតទេអោយតែបងស្រលាញ់និងយកចិត្តទុកដាក់ចំពោះអូនហើយអូនក៏គ្មានក្តីប្រាថ្នាចង់បានអ្វីលើសពីនេះទៀតដែរ។ ប្រហែលជាប្រាំឆ្នាំ កន្លងមកក្រុមគ្រួសារនេះបានផ្លាស់ប្តូរមុខរបរ ពួកគេបានបើកហាងតូចមួយលក់អាហារនិងសំភារះ ចាប់ហួយបន្តិចបន្តួច។យូៗទៅគ្រួសាមួយនេះបានបង្កើនមុខរបររបស់ពួកគេកាន់តែធំទៅៗ។មិនយូប៉ុន្មានប្តីប្រពន្ធមួយគូនេះបានក្លាយជាអ្នកមាន​​ ហើយពួកគេបានពង្រីកមុខរបរកាន់តែធំដោយពួកគេបានបើក ​សាខាជាច្រើនដែលជាភោជនីយដ្ឋាននៅទីក្រុងភ្នំពេញនិងតាមតំបន់ទេសចរណ៏ជាច្រើនកន្លែង។
ប៉ុន្តែគួរអោយសោកស្តាយជាខ្លាំងចំពោះក្រុមគ្រួសារមួយនេះពីព្រោះថ្ងៃណាក៏ឃើញពីទឹកភ្នែករបស់ប្រពន្ធដែលស្រក់រាប់លានដំណក់ចំពោះទង្វើរប្តីរបស់នាង។​ ថ្ងៃមួយប្រពន្ធបាននិយាយទៅកាន់ប្តីរបស់ខ្លួនថា បងពីមុនស្លាប់បាត់ហើយបងប្រែប្រួលចិត្តចំពោះអូនខ្លាំងណាស់តាំងពីយើងក្លាយជាអ្នកមានទ្រព្យសម្បត្តិហូរហៀរមកបងតែងតែទុកអូនចោលហើយមិនដែលមានពេលជាមួយនិងអូនឡើយ។បងមានស្រីនៅខាងក្រៅហើយកុហកអូនម្តងហើយម្តងទៀតបងដឹងទេភាពសំបូរសប្បាយរបស់យើងសព្វថ្ងៃនេះមិនបានជួយអោយជិវិតរបស់យើងមានសេចក្តីសុខសាន្តឡើយគឺផ្ទុយមកវិញបានទាញបងអោយភ្លេចគ្រាកំសត់របស់យើងកន្លងមក។ តាមរយះសាច់រឿងមួយនេះបានបង្ហាញប្រាប់ពីភាពសំបូរសប្បាយរបស់ក្រុមគ្រួសារមួយ ដែលធ្វើអោយបុរសជាប្តីមានចិត្តប្រែប្រួលចំពោះប្រពន្ធខ្លួន គាត់មិនមានពេលវេលានិងការយកចិត្តទុក​ ដាក់ចំពោះនាងដូចពីពេលមុននោះឡើយ​  ដូចគ្នាផងដែរនៅក្នុង ព្រះគម្ពីរហូសេ ១០:-១៥​ បាននិយាយ ​ពីរាស្រ្តអ៊ីស្រាអែលដែលពួកគេប្រៀបដូចជាដើមទំពាំងបាយជូដែលមានមានផ្លែផ្កាកាន់តែច្រើនឡើង នោះ ពួកគេបានភ្លេចដល់ព្រះជាម្ចាស់ដែលទ្រង់ជាព្រះរបស់ពួកគេហើយប្រទានពរដល់ពួកគេអោយមានសេចក្តីសុខសាន្តដល់ជិវិតរស់នៅរបស់ពួកគេ។​ ប៉ុន្តែសេចក្តីរីកចំរើនកាន់តែច្រើនយ៉ាងណា​ នោះការប្រព្រឹត្ត សេចក្តីអាក្រក់របស់ពួកគេក៏កាន់តែច្រើនយ៉ាងនោះដែរ។ តើអ៊ីស្រាអែលបានធ្វើខុសអ្វីខ្លះចំពោះព្រះ ហើយផលអ្វីខ្លះដែលពួកគេនិងបានទទួលពីព្រះជាម្ចាស់?





សង្ខេបបទគម្ពីរ:

          រាស្រ្តអ៊ីស្រាអែលមានភាពរីកចំរើនជាខ្លាំងពួកគេប្រៀបដូចជាដើមទំពាំងបាយជូរទ្រប់ទ្រល់ដែលកើតមានផ្លែក៏ប៉ុន្តែភាពសំបូរសប្បាយរបស់ពួកគេកាន់តែខ្លាំងប៉ុណ្ណានោះពួកគេបានប្រព្រឹត្តនូវអំពើបាបជាច្រើនដែលជាការធ្វើអោយព្រះជាម្ចាស់មិនសព្វព្រះហឬទ័យ។ពួកគេបានចំរើនអាសនាធ្វើបង្គោលជាច្រើន និងធ្វើបង្គោលគោរពរូបព្រះពួកគេមិនបានកោតខ្លាចព្រះដោយគេមានចិត្តពីរគេពោលពាក្យស្បថកុហកក្នុងការតាំងសញ្ញាជាមួយនិងព្រះ។ហើយផលនៃអំពើបាបដែលពួកគេបានប្រព្រឹត្តនោះគឺនិងមកដល់ពួកគេជាមិនខាន​ ដូច្នេះនិងមានការបំផ្លាញដល់ជាតិសាសន៏របស់គេ ហើយនិងដល់ស្តេចអ៊ីស្រាអែលផងដែរ។

I.              ទោសកំហុសរបស់អ៊ីស្រាអែល​ និងការបំផ្លាញដែលនឹងមកដល់ (១-៨) 

                   បើយើងមើលទៅក្នងដើមខ១ព្រះបន្ទូលទ្រង់បានប្រៀបធៀបអ៊ីស្រាអែលទៅនិងដើមទំពាំងបាយជូទ្រប់ទ្រល់ដែលកើតមានផលផ្លែជាច្រើន។ជាពិតប្រាកដរាស្រ្តអ៊ីស្រាអែលបានទទួលនៅសេចក្តីសុខសាន្តដោយព្រោះតែសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ដោយព្រះអង្គបានទតឃើញពីសេចក្តីវេទនារបស់រាស្រ្តទ្រង់បានបានជាព្រះអង្គបានជួយសង្រ្គោះដល់រាស្រ្តរបស់ព្រះអង្គ តាមរយះស្តេចយេរ៉ូបោម។​ ព្រះជា ម្ចាស់បានជួយពង្រឹងអំណាចដល់ស្តេចយេរ៉ូបោម អោយច្បាំងយកក្រុងដាម៉ាស និងក្រុងហាម៉ាតមកវិញ
 ដូចដែលបានចែងនៅក្នុង​​ ២ពង្សាវតាក្សត្រ១៤:២៣-២៩។​ គួរអោយសោកស្តាយណាស់នៅចុងខ២រាស្រ្ត
របស់ទ្រង់​​មិនបានរស់នៅក្នុងភាពសំបូរសប្បាយរបស់ពួកគេដោយការកោតខ្លាចដល់ព្រះជាម្ចាស់ តែផ្ទុយ
ទៅ វិញពួកគេបានធ្វើបង្គោលគោរព​និងអាសនាជាច្រើនដែលជាការដ៏អាក្រក់នៅចំពោះព្រះជាម្ចាស់។ ​​​​            មិនតែប៉ុណ្ណោះនៅខ២ ដល់ខ ៤  បានចង្អុលប្រាប់ពីទោសកំហុសរបស់អ៊ីស្រាអែលដែលបានធ្វើ​ ខុសចំពោះព្រះជាម្ចាស់ ដោយព្រោះតែពួកគេមានចិត្តពីរមិនស្មោះចំពោះព្រះ គេមិនកោតខ្លាចចំពោះព្រះ យេហូវ៉ា ហើយបានស្បថកុហកក្នុងការតាំងសញ្ញាជាមួយនិងព្រះអង្គ។ យើងឃើញថាអ៊ីស្រាអែលបានភ្លក់ រសជាតិជិវិតជាច្រើនមកហើយទាំងជូល្វីងប្រៃ និងផ្អែម ហើយក៏មានបទពិសោធន៏ផ្ទាល់ជាមួយនិងព្រះជា ម្ចាស់ផងដែរ តែពួកគេនៅតែទាស់ប្រឆាំងជាមួយនិងព្រះម្តងហើយម្តងទៀត។ដោយនៅដើមខ២ ព្រះអង្គ
មានបន្ទូលថាដោយព្រោះតែអ៊ីស្រាអែលមានចិត្តពីរ ដែលនិងត្រូវមានទោសក្នុងពេលឆាប់ៗ។ ចិត្តពីរនៅ ត្រង់កន្លែងនេះក៏បាននិយាយនៅក្នុងហូសេជំពូក២អំពីភាពមិនស្មោះត្រង់របស់នាងកូមើរ ដែលបានផិត​ ក្បត់ចំពោះលោកហូសេ។ ហើយរាស្រ្តអ៊ីស្រាអែលក៏មិនបានស្មោះចំពោះព្រះជាម្ចាស់ផងដែរគឺគេបាននាំ គ្នាធ្វើបង្គោលនិង អាសនាគឺជាការដែលព្រះទ្រង់ហាមដូចដែលមាននៅក្នុងព្រះគម្ពីរនិក្ខមនំ ២០:-៤ តែ ពួកគេនៅតែធ្វើដោយគខ្លើនគ្មានការកោតញញើតអ្វីសោះ។  ឧទាហរណ៏​: ខ្ញុំនឹកចាំពីរឿងមួយកាលដែល  ខ្ញុំនៅក្មេងលោកតារបស់ខ្ញុំបានប្រាប់ថានៅក្នុងរបបប៉ុលពតមនុស្សទាំងអស់ត្រូវតែមានចិត្តស្មោះចំពោះ  អង្គការបើមិនធ្វើដូចច្នោះទេ អង្គការបានដឹងពីភាពមិនស្មោះត្រង់អ្វីមួយហើយ​​ នោះនឹងត្រូវសម្លាប់ចោល​ភ្លាម។ តារបស់ខ្ញុំបាននិយាយទៀតថាមានយប់មួយមានបងស្រីម្នាក់គាត់ឃ្លានអាហារខ្លាំងពេកក៏បានទៅ
លួចដំឡូងមកហូប តែត្រូវអង្គការតាមទាន់ក៏យកគាត់ទៅរៀនសូត្រគឺសម្លាប់ចោលតែម្តង។ ដូច្នេះភាពមិន ស្មោះត្រង់ចំពោះអង្គការត្រង់នេះគឺត្រូវយកទៅសម្លាប់ចោលតែម្តង ហើយជាពិតប្រាកដមានមនុស្សច្រើន ណាស់ដែលត្រូវបានស្លាប់នៅក្នុងសម័យរបបខ្មែរក្រហម។ជាការពិតណាស់ព្រះជាម្ចាស់បានប្រាប់ដល់អ៊ីស្រាអែលអោយបានដឹងរួចទៅហើយថាពួកគេមិនត្រូវគោរពបង្គោលនិងអាសនាដូចជាសាសន៏ដ៏ទៃនោះឡើយរាស្រ្តរបស់ទ្រង់ត្រូវតែបំផ្លាញចោលទាំងអស់ដូចដែលបាននិយាយនៅក្នុងព្រះគម្ពីរចោទិយកថាជំ ពូក១២:២៤។តែពួកគេមិនបានធ្វើតាមព្រះអង្គនោះឡើយដូច្នេះយើងឃើញថានៅចុងខ២បានប្រាប់ថាព្រះអង្គនិងវាយអស់ទាំងអាសនាហើយនិងបំផ្លាញបង្គោលដែលពួកគេបានគោរព។ ជាបន្តមកទៀតចាប់ពីខ៣ដល់៤ព្រះគម្ពីរបាននិយាយថាអ៊ីស្រាអែលនិងត្រូវមានទោសព្រោះថាពួកគេបានបដិសេដព្រះជាម្ចាស់ជាស្តេចរបស់ពួកគេហើយពួកគេបានស្បថកុហការតំាងសញ្ញារបស់ពួកគេជាមួយនិងព្រះ។ពួកគេបានភ្លេចពីអ្វីដែលគេបានយល់ព្រមជាមួយនិងព្រះជាម្ចាស់ថាពួកគេគឺជារាស្រ្តរបស់ផងទ្រង់ហើយព្រះអង្គគឺជាស្តេច​របស់ពួកគេដូចដែលមាននៅក្នុងព្រះគម្ពីរចោទិយកថាជំពូក២៦:១៧-១៨ ថា<<នៅ​ថ្ងៃ​នេះ ឯង​បាន​សុខ​ចិត្ត​ទទួល​ព្រម​ថា​ព្រះ​យេហូវ៉ា ទ្រង់​ជា​ព្រះ​នៃ​ឯង ហើយ​ថា ឯង​នឹង​ដើរ​តាម​ផ្លូវ​ទ្រង់ ព្រម​ទាំង​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់​នឹង​ច្បាប់ ហើយ​នឹង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​នឹង​ស្ដាប់​តាម​ព្រះ​បន្ទូល​ទ្រង់​ផងព្រះ​យេហូវ៉ា​ទ្រង់​ក៏​បាន​ទទួល​ព្រម​នៅ​ថ្ងៃ​នេះ​ថា ឯង​ជា​រាស្ត្រ​របស់​ផង​ទ្រង់​ពិត ដូច​ជា​ទ្រង់​បាន​សន្យា​នឹងឯង​ហើយ ព្រម​ទាំង​ប្រាប់​ឲ្យ​ឯង​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់>>។ 



                                                ហើយការដែលពួកគេបានស្បថកុហកក្នុងការតាំងសញ្ញាចំពោះព្រះនោះនិងនាំអោយពួកគេមានការវិនិច្ឆ័យដែលដុះឡើងដូចជាដើមពុលនៅតាមគន្លងក្នុងចំការ។ពាក្យថាដើមពុលគឺបានសំដៅលើរុក្ខជាតិ​ដែលមានឥទ្ធិពលអាចសម្លាប់ដល់ជិវិតមនុស្សបាននៅពេលដែលគេបរិភោគវា។  ការរកយុត្តិធម៌និងកើត
ឡើងជាច្រើននៅក្នុងប្រជាជាតិរបស់អ៊ីស្រាអែល ដែលនិងដូចជារុក្ខជាតិពុលសម្លាប់មនុស្ស។ ដូចដែល យើងបានឃើញផងដែរនៅក្នុង ហូសេ ជំពូក​​ ៦​ បាននិយាយថាអ៊ីស្រាអែលមិនបានប្រព្រឹត្តដោយសេចក្តី​សប្បុរសតែពួកគេបានប្រព្រឹត្តអំពើទុច្ចរិតហើយដៃរបស់គេបានពេញទៅដោយឈាម។ដូចគ្នាផងដែរព្រះ បន្ទូលនៃព្រះតាមរយះហោរាមីកា​​ បាននិយាយថាវេទនា​ ហើយដល់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតបង្កើតតែ ការអាក្រក់ការលោភចង់បានទ្រព្យរបស់គេ ​ការដណ្តើមយក រឹបយក និងសង្កត់សង្កិនដល់គេនោះនឹងត្រូវ
មានទោសដែលនិងមកដល់ពួកគេជាមិនខាន ដូចដែលបានចែងក្នុងព្រះគម្ពីរ មីកា២:- ៥។  ហើយចាប់ពី ខ៥រហូតដល់ខ៨ក៏បានប្រាប់ពីផលដ៏សោកសង្រេងបំផុតដែលនិងមកដល់រាស្រ្តអ៊ីស្រាអែល។ ដោយក្នុង ខ៥បានរំលឹកពីអពើបាបរបស់អ៊ីស្រាអែលក្នុងកាលដែលពួកគេបានសិតរូបកូនគោនោះថ្វាយបង្គំ ទាំងពួក​ ​សង្ឃផងដែរនិងត្រូវសោកស្តាយជាខ្លាំងពីព្រោះថារូបគោនោះនិងត្រូវបាត់ពីមុខគេ។ យើងអាចឃើញពី អំពើបាបដែលផ្តើមចេញដោយស្តេចយេរ៉ូបោមដែលមានគំនិតមិនចង់អោយរាស្រ្តរបស់ទ្រង់ទៅថ្វាយបង្គំ ព្រះនៅយេរ៉ូសាឡិមបានជាទ្រង់បង្កើតរូបគោមាស២នៅបេត - អែល មួយ និងនៅក្រុងដាន់មួយ ហើយ​ក៏ តាំងអោយមានសង្ឃទៀត ដូចដែលបាននិយាយក្នុង ១ពង្សាវតាក្សត្រជំពូក១២:២២-៣៣។ ដោយព្រោះ តែការអាក្រក់ដ៏គួរអោយស្អប់ខ្ពើមរបស់ពួកគេបានជាព្រះជាម្ចាស់ទ្រង់មានបន្ទូលនៅក្នុងខ៦ថាពួកគេ​ ហើយនិង រូបគោមាសដែលគេថ្វាយបង្គំ ទាំងស្តេចរបស់ពួកគេផងដែលនិងត្រូវដឹកទៅស្រុកអាសសើរ។​ចំណែកខ៧ដល់៨​បានប្រាប់ទៀតថាក្រុងសាម៉ារីនិងស្តេចរបស់ពួកគេនិងត្រូវបាត់ដូចជាពពុះលើទឹក ដែលនិងមកដល់ភ្លាមៗមិនយូនោះទេ ហើយអាសនារបស់ព្រះបាលនិងត្រូវស្រងែដុះរុំពទ្ធ័។ យើងអាច ឃើញជាមួយគ្នានៅក្នុងព្រះគម្ពីរ២ពង្សាវតាក្សត្រ១៧ បានប្រាប់ថាដោយព្រោះតែអ៊ីស្រាអែលបានដើរតាម អំពើបាបរបស់យេរ៉ូបោម នោះព្រះអង្គបានបណ្តេញរាស្រ្តទ្រង់ទៅស្រុកអាសសើររហូតដល់សព្វថ្ងៃនេះ។​មកដល់ចំណុចនេះប្រហែលជាយើងគិតថាព្រះជាម្ចាស់ទ្រង់ពិតជាព្រះដែលនិងជំនុំជំរះដល់រាស្រ្តទ្រង់ ដោយគ្មានសេចក្តីមេត្តាករុណាសោះតែម្តង? តាមពិតទៅព្រះជាម្ចាស់ទ្រង់បានផ្តល់កាសជាច្រើនដង   
ច្រើនសារណាស់មកហើយតែដោយព្រោះតែអំពើបាបដ៏អាក្រក់របស់ពួកគេដែលបានប្រឆាំងចំពោះព្រះជា ម្ចាស់បានជាព្រះអង្គបានបង្រៀនដល់ពួកគេអោយស្គាល់នូវទោសកំហុសរបស់ពួកគេតាមរយះការនិរ ទេស ទៅរស់នៅក្នុងស្រុកអាសើរ។
II.            ផលដែលអ៊ីស្រាអែលបានព្រោះនិងត្រូវច្រូតបានវិញ( ៩-១៥)                                
          នៅក្នុងខ៩ ដល់  ខ១០  ព្រះជាម្ចាស់បានរំលឹកដល់ពួកអ៊ីស្រាអែលអោយបានដឹងពីអំពើបាបរបស់ ពួកបេនយ៉ាមីនដែលបានធ្វើខុសនៅគីបៀរ។នៅគីបៀមានអំពើដ៏អាក្រក់មួយបានកើតឡើងគឺមានការចាប់រំលោភប្រពន្ធរបស់សង្ឃមិនតែប៉ុណ្ណោះត្រូវបានកាប់សព្វនោះជា១២កំណាត់ដើម្បីចែកគ្រប់ទាំង១២កុលសម្ព័នហើយក៏មានចំបាំងរវាងពួកបេនយ៉ាមីន និងពួកអ៊ីស្រាអែលដែលមានការច្បាំងគ្នារវាងបងប្អូនបង្កើត ហើយពួកអ៊ីស្រាអែលបានសម្លាប់ពួកបេនយ៉ាមីនអស់ជាច្រើននាក់ ដូចដែលបានចែងនៅក្នុងព្រះគម្ពីរ ចៅហ្វាយជំពូក១៩-២១។ ​​ហើយព្រះអង្គមានបន្ទូលនៅចុងខ៩ថាចំបាំងនោះមិនទាន់បានមកដល់លើគេ
នៅឡើយ។ត្រង់ខ១០ បាននិយាយថានៅពេលណាដែលទ្រង់ពេញ ចិត្តនោះទ្រង់និងដាក់ទោសដល់គេ
ហើយនិងមានអ្នកដែលមូលគ្នាមកទាស់ជាមួយនឹងពួកគេដោយព្រោះតែអំពើបាបរបស់គេទាំងពីរ។
            បន្តមកទៀតនៅក្នុងខ១១ ព្រះជាម្ចាស់បានប្រៀបធៀបរាស្រ្តរបស់ទ្រង់ទៅនឹងគោក្រមុំថ្នឹក ដែល
ចូលចិត្តបញ្ជាន់ស្រូវ តែទ្រង់និងដាក់អោយម្នាក់បានជិះលើអេប្រាអិម យូដាគេនឹងភ្ជួរ ហើយយ៉ាកុប នឹងរាស់។ ត្រង់កន្លែនេះព្រះអង្គចង់មានបន្ទូលថាអ៊ីស្រាអែលប្រៀបដូចជាគោស្ទាវដែលធ្លាប់តែធ្វើការងារ ស្រាលៗប៉ុណ្ណោះ តែដោយព្រោះតែការមិនស្តាប់របស់ពួកគេហើយនៅតែប្រព្រឹត្តការអាក្រក់ចំពោះព្រះ នោះពួកគេនិងទទួលការងារដ៏លំបាក។ ឧទាហរណ៏:  កាលពីខ្ញុំនៅក្មេងឪពុកម្តាយរបស់ខ្ញុំតែងតែអោយខ្ញុំ ធ្វើការងារដែលស្រាលៗនិងនៅក្នុងម្លប់ តែកូនប្រុសគាត់គិតថាគួរនិងធ្វើការងារធ្ងន់ៗ និងអាចត្រូវកំដៅថ្ងៃ ជាពិតប្រាកដអោយតែដល់ខែធ្វើស្រែអ្នកផ្ទះខ្ញុំតែងតែបញ្ជាន់ស្រូវដោយអោយគោដើរជុំវិញស្រូវ ហើយខ្ញុំគឺ​ជាអ្នកដឹកគោបញ្ជាន់ស្រូវខ្ញុំឃើញថាគោរបស់ខ្ញុំមិនបានប្រឹងទាញឬប្រើកំម្លាំងច្រើននោះទេ។ តែនៅពេល ដែលឪពុករបស់ខ្ញុំទៅភ្ជួររាស់ម្តងៗខ្ញុំបានឃើញប្អូនប្រុសរបស់ខ្ញុំតែងតែឡើងជិះរនាស់ដើម្បីអោយដីឆាប់ រាបហើយបានសាបព្រោះឬក៏ស្ទូងស្រូវ។ ដូច្នេះហើយអោយតែពេលណាដែលត្រូវទៅភ្ជួររាស់ដីម្តងៗគោ របស់ខ្ញុំតែងតែត្រូវរំពាត់ព្រោះតែវាមិនដើរទៅមុខសោះ។   ចូលមកដល់ខ១២ដល់ខ១៣គឺជាការបង្គាប់មួយដែលផ្តើមដោយពាក្យថាចូរនៅត្រង់កន្លែងនេះបានបញ្ជាក់ថាដល់ពេលដែលអ៊ីស្រាអែលបានស្វែងរកព្រះហើយអោយពួកគេបានសាបព្រោះនូវសេចក្តីសុចរិតនោះ
ពួកគេនិងបានទទួលបាននូវសេចក្តីសប្បុរស តែបើពួកគេនៅតែភ្ជួរសេចក្តីទុច្ចរិតនោះពួកគេនិង បានផលនៃការកុហកមកវិញ។ ដូចគ្នាផងដែរនៅក្នុងហូសេជំពូក៦:- ក៏បានប្រាប់ថាលោកហូសេបាន
បង្គាប់អោយអ៊ីស្រាអែលបានវិលមកព្រះវិញហើយព្រះអង្គនិងរុំរបួសដល់គេផងដែរហើយក៏អោយពួកគេបាន ស្គាល់ដល់ទ្រង់។ តើពាក្យថាស្វែងរកព្រះត្រង់កន្លែងនេះមានន័យយ៉ាងដូចម្តេច? នៅចុងខ១២ បានបង្ហាញប្រាប់ថាអ៊ីស្រាអែលបានទុកចិត្តនឹងផ្លូវរបស់ខ្លួន ហើយនិងចំនួនច្រើននៃមនុស្សខ្លាំងពូកែ គឺពួកគេមិនបានទុកចិត្តដល់ព្រះហើយពឹងលើព្រះអង្គនោះទេ។ ដូចដែលបានបកស្រាយមកពីខាងដើម មកហើយថាអ៊ីស្រាអែលបានបដិសេធដល់ព្រះមិនអោយទ្រង់ធ្វើជាស្តេចរបស់ពួកគេ ហើយគេបានភ្លេច គ្រប់ទាំងក្រិត្យវិន័យរបស់ទ្រង់អស់ទៅហើយគឺពួកគេបានធ្វើអ្វីដែលពួកគេគិតថាត្រឹមត្រូវដូចដែលមាននៅក្នុងព្រះគម្ពីរពួកចៅហ្វាយ២១:២៥។ ហេតុនេះហើយបានជាលោកហូសេបានប្រកាសប្រាប់គេអោយប្រែ
ចិត្តឈប់សុលដីរបស់គេឡើង ព្រោះដល់ពេលដែលពួកគេគួរនិងវិលមកព្រះហើយ។ជាធម្មតាសំរាប់ ​កសិករនៅពេលដែលគាត់ព្រោះពួជស្រូវដែលល្អ នោះគាត់និងទទួលបានផលស្រូវល្អផងដែរ តែប្រសិន ជាគាត់បានព្រោះពួជស្រូវដែលលាយឡំជាមួយនឹងស្រងែនោះពេលដែលគ្រាប់ពូជនោះដុះមកប្រាកដជា មានលាយឡំនិងស្រងែនោះជាមិនខាន។ ដូច្នេះបទគម្ពីរនេះពិតជាការលើកទឹកចិត្តនិងជាការព្រមានមួយ ចំពោះរាស្រ្តអ៊ីស្រាអែលដែលពួកគេបានសាបព្រោះការអាក្រក់ជាច្រើននៅចំពោះព្រះហើយប្រសិនណាជាពួកគេនៅតែសុលដីរបស់គេដែលជាការដ៏អាក្រក់របស់ពួកគេបន្តទៅទៀតនោះពួកគេនិងទទួលបាន ផលដ៏សោកសង្រេងជាក់ជាមិនខាន។​ ដូចគ្នាផងដែរនៅក្នុងព្រះគម្ពីរ និក្ខមនំជំពូក ៣៤: ព្រះជាម្ចាស់  ​ទ្រង់​មាន​សេចក្ដី​មេត្ដា​ករុណា​ដល់​មនុស្ស​ហើយព្រះអង្គ ក៏​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត សេចក្ដី​រំលង នឹង​អំពើបាបប៉ុន្តែទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ។ត្រង់កន្លែងនេះចង់បញ្ចាក់ពីភាពយុត្តិធម៌របស់ព្រះដែលទ្រង់មិនមែនជាព្រះដែលចូលដៃរួមចំណែកក្នុងការអបអរសាទរចំពោះសេចក្តីរំលង ដែលមនុស្សបានប្រព្រឹត្តចំពោះព្រះអង្គ។នៅត្រង់ចំណុចនេះបានបង្ហាញយើងពីសេចក្តីសង្ឃឹមមួយដែលព្រះជាម្ចាស់បានប្រទានដល់អ៊ីស្រាអែលអោយពួកគេបានភ្ញាក់ខ្លួនអោយទាន់ពេលវេលាព្រោះឥលូវនេះ ពួកគេនៅមានពេលក្នុងការស្វែងរកព្រះជាម្ចាស់ហើយបោះបង់ផ្លូវរបស់ពួកគេដែលបានទាស់ប្រឆាំងចំពោះព្រះ។ខ្ញុំនឹកចាំពីអំពើបាបមួយរបស់ស្តេចដាវីឌដែលទ្រង់បានប្រពឹត្តនូវសេចក្តីកំផិត។ទោសកំហុស របស់គាត់ពិតជាបានផលមកវិញមែនគឺក្នុងក្រុមគ្រួសាររបស់គាត់មានរឿងរ៉ាវអាស្រូវនិងការសម្លាប់គ្នាបានកើតឡើងដោយព្រោះតែអំពើបាបរបស់ដាវីឌ។ តែយើងអាច ​​មើលឃើញពីចិត្តរបស់ដាវីឌដែលបានស្វែង
រកព្រះនៅពេលដែលហោរាណាថាន់បានមកប្រាប់ពីទោសកំហុសរបស់ទ្រង់នោះដាវីឌបានវិលមកព្រះ វិញដោយសូមការអត់ទោសពីទ្រង់យ៉ាងអស់អំពីចិត្ត ហើយព្រះជាម្ចាស់បានអត់ទោសដល់ស្តេចដាវីឌ ដូចដែលមាននៅក្នុង២សាំយ៉ូអែល១១-១២។បងប្អូនអើយនៅថ្ងៃនេះព្រះបន្ទូលនៃទ្រង់បានលើកទឹក ចិត្ត
ដល់យើងដែលជាអ្នកជឿលើទ្រង់ថាអោយយើងបានឈប់ប្រព្រឹត្តនៅកិច្ចការអត់ប្រយោជន៏ជាច្រើននៅ ក្នុងជិវិតរបស់យើងតែអោយយើងបានស្វែងរកព្រះជាមុននោះគ្រប់របស់និងប្រទានមកថែមទៀតដូចដែលនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក៦:៣៣។  នៅពីរខចុងក្រោយនេះគឺខ១៤​​ និង១៥បានចែងថាដោយមកពី
ពួកគេបានសាបព្រោះនូវសេចក្តីទុច្ចរិតនិងការពឹងទៅលើកម្លាំងមនុស្សនោះពួកគេនិងទទួលបានផល
មកវិញគឺជាការបំផ្លាញ ការវាយប្រហារពីពួកសាសន៏ដ៏ទៃដែលពួកគេបានពឹងនោះ។ ព្រះជាម្ចាស់បាន ប្រាប់ពួកគេជាច្រើនដងរួចមកហើយថាអោយពួកគេបានទុកចិត្តដល់ទ្រង់ ហើយស្វែងរកព្រះអង្គជាងការ ដែលពួកគេទៅពឹងមនុស្សអោយជួយដល់គេ។ យើងអាចមើលឃើញពីអំណាចរបស់ព្រះដែលព្រះអង្គ បានការពារយូដានៅពេលដែលពួកគេបានទុកចិត្តនិងពឹងអាងដល់ព្រះជាម្ចាស់ គឺនៅពេលដែលស្តេច ហេសេគាបានអធិស្ឋានសូមអោយព្រះបានជួយដល់ទ្រង់ក្នុងកាលដែលស្តេចសានហេរីបជាស្តេចសាសន៏អាសសើរបានមកគំរាងកំហែងដល់ពួកយូដាថាកុំអោយទុកចិត្តដល់ព្រះជាម្ចាស់បន្តទៀត តែហេសេគា បានទុកចិត្តដល់ព្រះ។យើងឃើញថាទីបំផុតស្តេចអាសសើរបានត្រឡប់ទៅននីវេវិញហើយត្រូវបានបុត្រ ទ្រង់សម្លាប់ ដូចដែលបានចែងក្នុង២ពង្សាវតាក្សត្រ ជំពូក១៨-១៩។ នៅក្នុងខ១៤ បាននិយាយអំពីរាស្រ្ត អ៊ីស្រាអែលនិងត្រូវបំផ្លាញ ដែលនិងដូចក្នុងកាលដែលស្តេចសាលម៉ានបានបំផ្លាញក្រុងបេត-អើបេល នៅ
ក្នុងថ្ងៃចំបាំងដែរ។ ដូច្នេះដោយព្រោះតែអំពើបាបដ៏អាក្រក់ក្រៃលែង របស់អ៊ីស្រាអែលនៅបេត - អែល  នោះសេចក្តីវិនាសដែលនិងមកដល់យ៉ាងលឿនគឺតាំងពីព្រលឹមស្រាង ដោយមិនចាំយូនោះទេ គឺស្តេចអ៊ី ស្រាអែលនិងត្រូវផ្តាច់ចេញ។
​​            ម្យ៉ាងវិញទៀតពីសេចក្តីមេត្តាករុណារបស់ព្រះអង្គចំពោះរាស្រ្តរបស់ទ្រង់ដោយព្រះអង្គមិនបាន
បំផ្លាញពួកគេទំាងអស់រលីងនោះទេគឺព្រះអង្គបានទុកអោយមានសំណល់ខ្លះដូចដែលបានចែងនៅក្នុងព្រះគម្ពីរ២របាក្សត្រ៣៤:៩និងអេសរ៉ា៩:១៣-១៤។ជាពិសេសទៅទៀតហោរាអេសាយបានប្រកាសប្រាប់
ពីការស្តាឡើងវិញរបស់អ៊ីស្រាអែលនៅថ្ងៃអនាគតព្រះអង្គមិនបោះបង់ពួកគេចោលឡើយគឺនិងមានម្នាក់ដែលនឹងមកហើយនិងធ្វើជាអ្នកគង្វាលទ្រង់និងប្រមូលអស់ទាំងកូនចៀមដូចដែលមាននៅក្នុងព្រះគម្ពីរអេសាយជំពូក៤០:៩-១១។ ជាការពិតណាស់ព្រះនៃយើងទ្រង់ពេញដោយ សេចក្តីសុចរិតនិង យុត្តិធម៌ ព្រះអង្គមិនបានបោះបង់ចោលរាស្រ្តរបស់ទ្រង់នោះទេដោយព្រះអង្គបានចាត់ព្រះរាជបុត្រាតែមួយរបស់ទ្រង់ដើម្បីមកសងអស់ទាំងអំពើបាបរបស់យើងដែលជាផលនៃសេចក្តីស្លាប់ ដូចដែលបានចែងនៅក្នុងព្រះ
គម្ពីររ៉ូម៦:២៣។ បងប្អូនប្រុសស្រីទាំងអស់គ្នាអើយសូមប្រែចិត្តចេញពីអំពើ បាបរបស់បងប្អូននៅថ្ងៃនេះ មិនថាជាចិត្តនៃការមិនស្តាប់បង្គាប់ សេចក្តីសំអប់ ការកុហក កិច្ចការអ្វីមួយ ដែលបងប្អូនគិតថាបងប្អូនបានធ្វើខុសចំពោះព្រះ។ដូច្នេះសូមកុំអោយយើងខ្លាចក្នុងការដែលចូលទៅចំពោះព្រះជាម្ចាស់ ទោះបីជាអំពើបាបរបស់យើងវាធំប៉ុណ្ណាក៏ដោយក៏ព្រះនៃយើងទ្រង់មានអំណាចហើយ អាចសំអាតនិងអត់ទោសដល់យើងបានផងដែរ ដូចជាបានចែងក្នុងបទគម្ពីរអេសាយជំពូក១:១៨ << ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ>>.
    នៅថ្ងៃនេះសូមបងប្អូនបានអធិស្ធានសូមការអត់ទោសពីព្រះយេស៊ូវគ្រីស្ទត្បិតព្រះអង្គទ្រង់ចង់បានចិត្ត
របស់បងប្អូនដ៏ពិតត្រង់ហើយការលន់តួដ៏អស់អំពីចិត្តនោះព្រះនៃយើងនិងអត់ទោសបាបដល់បងប្អូនដូចដែលបានប្រាប់ក្នុងព្រះគម្ពីរ ១យ៉ូហាន១ : ៩។ ខ្ញុំនឹកចាំ ដល់សាច់រឿងមួយនៅក្នុងព្រះគម្ពីរលូកាជំពូក១៥: ១១-២៤ បានបង្ហាញប្រាប់ពីទឹកចិត្តនៃឪពុកម្នាក់ដែល ទន្ទឹងចាំមើលផ្លូវកូនរបស់ខ្លួនត្រលប់មកផ្ទះវិញ ហើយទោះបើកូនបានធ្វើខុសចំពោះខ្លួនយ៉ាងណាក៏ដោយ ក៏លោកឪពុកមិនបានដាក់ទោសអ្វីដល់កូនដែរ ។នៅពេលដែលកូនប្រុសពៅរបស់គាត់បានត្រលប់មករកគាត់ ដោយដឹងខ្លួនថាបានធ្វើខុសនោះឪពុកក៏ បានអោបកូននិងទទួលយកកូនរបស់គាត់មករស់នៅជាមួយនិងគាត់វិញដោយមានចិត្តសប្បាយរីករាយជាខ្លាំង។ខ្ញុំជឿជាក់ថាព្រះយេស៊ូវគ្រីស្ទទ្រង់ក៏តែងតែដង្ហើយហៅអស់លោកអ្នកបងប្អូនហើយនិងខ្ញុំអោយវិលមកឯព្រះអង្គវិញហើយលះបង់អស់ទាំងអំពើបាបដែលនៅក្នុងចិត្តរបស់យើងចោលចេញសូមអោយព្រះអង្គបានគង់ជាមួយនិងដឹកនាំជិវិតរបស់យើង។

            សរុបសេចក្តីមកយើងឃើញថារាស្រ្តអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាបដ៏អាក្រក់ចំពោះព្រះជាម្ចាស់ ពួកគេបានធ្វើបង្គោលនិងអាសនាជាច្រើន គេបានបដិសេធដល់ព្រះមិនទទួលទ្រង់ធ្វើជាស្តេចរបស់ពួកគេ គេបានស្បថកុហកនិងការតាំងសញ្ញាជាមួយនិងទ្រង់។ មិនតែប៉ុណ្ណោះពួកគេបានទុកចិត្តដល់ខ្លួនង​ ហើយនិងកម្លាំងរបស់មនុស្ស គេនិងទទួលទោសដែលនិងមកដល់ពួកគេដោយព្រះជាម្ចាស់និងអនុញ្ញាត្តិ អោយពួកគេបានភ្លក់នូវមេរៀននៃការទាស់ប្រឆាំងជាមួយនិងទ្រង់ ដោយពួកគេនិងត្រូវដឹកទៅស្រុកអាសើ  ហេតុនេះហើយបានជាលោកហូសេបានប្រកាសអោយអ៊ីស្រាអែលបានប្រែចិត្តឈប់សាបព្រោះនូវសេច ក្តីអាក្រក់របស់ពួកគេហើយដល់ពេលដែលពួកគេត្រូវស្វែងរកព្រះជាម្ចាស់ហើយ។ បើសិនណាជាពួកគេ នៅតែសាបព្រោះនូវសេចក្តីភូតកុហករបស់គេបន្តទៀតនោះពួកគេនិងទទួលផលផងដែរ គឺប្រជាជាតិ របស់ពួកគេនិងមានចម្បាំងកើតឡើងហើយពួកគេនិងត្រូវបំផ្លាញ។

 ការអនុវត្តន៏ ​:  តាមរយះបទគម្ពីរដែលយើងបានសឹក្សាជាមួយគ្នានេះ យើងបានឃើញពីអំពើបាបរបស់អ៊ី ស្រាអែលនិងលទ្ធផលដែលពួកគេនិងទទួលបាន។ យើងមិនអាចអួតខ្លួនថាយើងជាមនុស្សដែលល្អជាង អ៊ីស្រាអែលដែលនិងមិនធ្វើខុសដូចអ៊ីស្រាអែលនោះទេ។ តែយើងអាចរៀនបានពីការមិនស្តាប់បង្គាប់របស់ ពួកគេដែលនាំមកនូវសេចក្តីការសោកស្តាយជាខ្លាំង។ ដូច្នេះហើយយើងត្រូវតែនៅអោយជាប់ជាមួយនិង ព្រះបន្ទូលទ្រង់ ដោយអធិស្ថានសូមអោយព្រះបានសំអាតចិត្តដែលពេញដោយបាបជារៀងរាល់ថ្ងៃ។ ហើយសូមព្រះអង្គបានអត់ទោសអំពើបាបរបស់យើង ហើយនៅតែដឹកនាំដល់ជិវិតរបស់យើង។ យើងដឹង ហើយថាយើងមិនអាចអួតខ្លួនថាក្នុងមួយជិវិតរបស់យើងគឺយើងមិនដែលធ្វើខុសសោះ ឬមួយថានៅក្នុងជិ វិតរបស់យើងមិនដែលមានបញ្ហាសោះតែសូមអោយយើងបានចងចាំថាព្រះយេស៊ូវគ្រីស្ទទ្រង់មិនដែលបោះ បង់យើងចោលឡើយ លុះត្រាណាតែយើងបោះបង់ព្រះអង្គជាមុន ហើយបដិសេធទ្រង់។ យើងត្រូវដឹងគុណដល់ព្រះដែលយើងទាំងអស់គ្នាបានជាប់នៅក្នុងអំពើបាបតែដោយព្រោះតែព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានបង់ថ្លៃជំនួសយើង។តាមពិតយើងសមនិងទទួលនៅទារុណកម្មមួយនេះតែព្រះអង្គជាព្រះដែលស្រលាញ់ដល់យើងយ៉ាងខ្លាំងហើយដើម្បីនិងឆ្លើយតបសេចក្តីស្រលាញ់ដ៏ថ្លៃវិសេសនេះ យើងគួរនិងមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ ហើយរស់នៅដោយកោតខ្លាចដល់ព្រះអង្គ។

    - ទេវសាស្រ្តរបស់ព្រះ    
                                                                            
            ព្រះជាម្ចាស់​​​​​​​ ​: ព្រះជាម្ចាស់ទ្រង់ជាព្រះដែលមានសេចក្តីស្រឡាញ់ដល់រាស្រ្តរបស់ទ្រង់ ទ្រង់អត់ធ្មត់ ព្រះអង្គជាព្រះដ៏បរិសុទ្ធ  ទ្រង់មានសេចក្តីយុត្តិធម៌ ហើយទ្រង់ក៏មានចិត្តមេត្តា។
            ព្រះគ្រីស្ទ : ព្រះយេស៊ូវទ្រង់ស្រលាញ់ដល់មនុស្សមានបាបព្រះអង្គចង់អោយគេបានប្រែចិត្ត ហើយវិលមករកព្រះអង្គវិញ ទ្រង់អត់ទោសហើយមិនចង់អោយគេវិនាស។
            មនុស្ស:  មនុស្សតែងតែចូលចិត្តប្រព្រឹត្តការអាក្រក់ ហើយចិត្តគេចង់ធ្វើអ្វីដែលគេគិតថាត្រឹមត្រូវ មនុស្សឆាប់ភ្លេចបទបញ្ញត្តិរបស់ព្រះ ពួកគេងាយនិងធ្វើបាបទាស់ប្រឆាំងជាមួយនិងព្រះ។

ឯកសារយោង
       ​​  ១. ការពិនិត្យទូទៅលើព្រះគម្ពីរសញ្ញាចាស់ ក្បួនមុខវិជ្ជា លេខ២​ និពន្ធដោយ ដិននីសជេ ម៉ក
​​​​​ ​​​​ ​​​​​​​​ ​ ​​​    ២. ព្រះគម្ពីរខ្មែរបរិសុទ្ធ
   ​​​​​ ​    ៣.ព្រះគម្ពីរបរិសុទ្ធសម្រាប់សិក្សា សញ្ញាចាស់ និងសញ្ញាថ្មីភាសារខ្មែរបច្ចុប្បន្ន
​​​​​​​​      .ព្រះរាជសារនៃហោរាតូចៗទាំង១២ រៀបចំដោយ អ្នកគ្រូសំាង សុខហ៊ាង សាលាព្រះគម្ពីរភ្នំពេញ ឆ្នាំសិក្សា២០០៨ - ២០០៩
      ៥.អត្ថាធិប្បាយព្រះគម្ពីរ កណ្ឌប្រវត្តិសាស្រ្ត : ហូសេ  ដល់ ម៉ាឡាគី ភាគទី៥  និពន្ធដោយ ដន ហ្វីលេមីង

0 Comments

Type and hit Enter to search

Close