Breaking News

បញ្ហារបស់ពួកអ៊ីស្រាអែល ហូសេ៦:១-១១


  សេចក្ដីផ្ដើម៖នៅក្នុងសហគមន៍ដ៏ក្រីក្រមួយ ប្រជាជននៅក្នុងភូមិនោះសុទ្ធតែប្រជាជនដែលមានជីវភាពក្រីក្រលំបាក ផ្ទះរបស់ពួកគាត់សុទ្ធតែជាផ្ទះខ្ទមតួចៗទាំងអស់ ព្រោះតែពួកគាត់មិនមាន
មុខរបរអ្វីមួយច្បាស់លាស់ ហើយព្រមទាំងខ្វះចំណេះដឹងផងដែរ ពួកគេរស់ដោយលំបាកជាទីបំផុត ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ នៅក្នុងសហគមន៍ដ៏ក្រីក្រ មានអាគារព្រះវិហារគ្រីស្ទបរិស័ទមួយយ៉ាងធំ ហើយស្អាតមែនទែន ពួកជំនុំនៅទីនោះសុទ្ធតែជាអ្នកដែលមានទ្រព្យសម្បត្តិគួរសម។ ពួកជំនុំបានថ្វាយដង្វាយយ៉ាងទៀងទាត់ទៅក្នុងព្រះវិហារ ធ្វើអោយពួកគេមានដង្វាយគ្រប់គ្រាន់ក្នុងការសាងសង់អាគារមួយដ៏ល្អ ស្អាតសម្រាប់ថ្វាយបង្គំព្រះជាម្ចាស់។ អ្វីដែលគួរអោយសោកស្ដាយជាទីបំផុតនោះគឺ ពួកជំនុំទាំងអស់គឺ អ្នកដែលមកពីឆ្ងាយមិនមានអ្នកភូមិណាដែលជាពួកជំនុំនោះឡើយ។ នៅដែលមានគេសួរទៅថា ហេតុអ្វីបានជាគ្មានអ្នកភូមិណាម្នាក់ទទួលជឿលើព្រះយេស៊ូវសោះអញ្ចឹង ចម្លើយនោះគឺ អ្នកភូមិបាននិយាយថា ពួកគេមិនចូលចិត្តពួកជំនុំនោះទេ ដោយសារតែពួកជំនុំជាមនុស្សដែលរើសអើងអ្នកក្រីក្រ ពួកគេមិនដែលចែកអ្វីដល់អ្នកភូមិនោះឡើយ សូម្បីតែម្ហូបដែលសល់ពីការប្រកបគ្នា ឬកម្មវិធីធំណាមួយក៏មិនដែលចែកដល់អ្នកភូមិនោះដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ នៅថ្ងៃមួយពួកជំនុំមានការឈ្លោះប្រែកគ្នាយ៉ាងខ្លាំងដោយសារតែបាត់ប្រាក់ដង្វាយមួយចំនួនយ៉ាងធំ ហើយពួកគេបានចោទគ្រូគង្វាលថាជាអ្នកយកប្រាក់នោះទៅចាយអស់ នេះគឺជា បញ្ហារបស់ពួកជំនុំ។

ចំណុចភ្ជាប់ៈ សាច់រឿងខាងលើនេះមិនមែនជាសាច់រឿងពិតនោះទេ វាគ្រាន់តែជារឿងប្រឌិតមួយប៉ុណ្ណោះដែលវាទាក់ទងទៅនឹងព្រះគម្ពីរហូសេជំពូក៦ដែលខ្ញុំនឹងចែកចាយនេះ ដែលនៅក្នុងព្រះគម្ពីរហូសេជំពូក៦ ដែលនិយាយបញ្ហារបស់អ៊ីស្រាអែល។ តើបញ្ហារបស់ពួកអ៊ីស្រាអែលមានអ្វីខ្លះ? យើងនឹងមើលជាមួយគ្នា។



១. ការមិនវិលត្រលប់មកឯព្រះជាម្ចាស់វិញ(ហូសេ៦:-៣)
            នៅក្នុងហូសេ៦:-៣នេះគឺជា សាច់រឿងដែលបន្តពីជំពូក៥ខ១៥ដែលនិយាយពីការបដិសេធ ក្នុងការផ្ដល់ជំនួយពីព្រះជាម្ចាស់ ទៅដល់ពួកអ៊ីស្រាអែលរហូតទាល់តែ គេវិលបែរទៅរកព្រះជាម្ចាស់     វិញ។ ការវិលបែរទៅរកព្រះជាម្ចាស់គឺជា សេចក្ដីសង្ឃឹមតែមួយគត់សម្រាប់ពួកអ៊ីស្រាអែល ដែលពួកគេត្រូវតែធ្វើជាយូរមកហើយ។ នៅក្នុងហូសេជំពូក៥ខ៤បានប្រាប់ថា ពួកគេដូចជាមិនអាចវិលបែរទៅរកព្រះជាម្ចាស់វិញនោះទេ ព្រោះពួកគេងប់នឹងអំពើអាក្រក់របស់ពួកគេ ហើយគ្មានសេចក្ដីសង្ឃឹមណាមួយ ដែលពួកគេអាចវិលបែរមករកព្រះជាម្ចាស់វិញបាននោះឡើយ។ ប៉ុន្តែនៅក្នុងសេចក្ដីផ្ដើមនៃជំពួក៦ នៅក្នុង៣ខដំបូងនេះ យើងអាចមើលឃើញពីសេចក្ដីសង្ឃឹមដែលលោកហូសេមានចំពោះពួកអ៊ីស្រាអែល សង្ឃឹមថា ពួកគេនឹងវិលបែរត្រលប់មកឯព្រះជាម្ចាស់ ពួកគេនឹងដឹងថាខ្លួនពួកគេខុសហើយបែរមករកព្រះដែលតែងតែស្រលាញ់ដល់ពួកគេ។ លោកហូសេសង្ឃឹមថា ពួកអ៊ីស្រាអែលនឹងវិលបែរមកឯព្រះជាម្ចាស់វិញ ដូចជាសេចក្ដីសង្ឃឹមដែលលោកសង្ឃឹមថា លោកនឹងទទួលសេចក្ដីស្រលាញ់ពីនាងកូរមើដែលជាប្រពន្ធដែលផិតក្បត់របស់គាត់។ គាត់នៅតែស្រលាញ់ប្រពន្ធរបស់គាត់ ទោះបីជាប្រពន្ធរបស់គាត់ផិតក្បត់គាត់ជាយ៉ាងណាក៏ដោយ ប៉ុន្តែគាត់បានលោះប្រពន្ធរបស់គាត់មកវិញ ហើយគាត់ចំណាយពេលវេលាជាមួយនឹងប្រពន្ធរបស់គាត់ដាក់ ខសន្យាជាមួយនឹងប្រពន្ធថាអោយមានភាពស្មោះត្រង់នឹងគ្នាទៅវិញទៅមកដែលយើងអាចមើលឃើញនៅក្នុងជំពូក៣ខ៣ គាត់សង្ឃឹមថា ប្រពន្ធគាត់នឹងត្រលប់មកឯគាត់វិញ ដូចជា គាត់សង្ឃឹមថា ពួកអ៊ីស្រាអែលនឹងវិលបែរត្រលប់មកឯព្រះជាម្ចាស់វិញ។ នៅក្នុងខ១ គាត់បានចាប់ផ្ដើមដោយពាក្យថា ចូរមក ដែលជាការអំពាវនាវដល់ពួកអ៊ីស្រាអែលអោយវិលបែរមកព្រះយេហូវ៉ាវិញ  លោកហូសេបានប្រើព្រះនាមព្រះជាម្ចាស់ថា យេហូវ៉ា ដែលព្រះដែលបានលោះពួកគេនៅក្នុងស្រុកអេសីព្ទដែលយើងអាចមើលឃើញនៅក្នុងព្រះគម្ពីរនិក្ខមនំ ដូច្នេះវិលបែរមកនេះ ពួកគេមិនមែនវិលបែរមកឯព្រះដែលពួកគេមិនដែលស្គាល់ ឬទៅតាមព្រះដទៃដែលនៅក្នុងសាសនាផ្សេងព្រោះនៅជុំវិញពួកគេមានសាសនាជាច្រើន ប៉ុន្តែជាព្រះដែលគេបានស្គាល់ហើយ ជាព្រះដែលបានប្រោសលោះគេនៅក្នុងប្រវត្តិសាស្រ្តរបស់ពួកគេផ្ទាល់តែម្ដង។ មួយវិញទៀតការវិលត្រលប់មកវិញនេះ មិនមែនវិលត្រលប់ដើម្បីទៅវិញម្ដងទៀតនោះទេ ប៉ុន្តែគឺវិលត្រលប់ដោយមានទាំងការប្រែចិត្តមកជាមួយផងដែរ។ នៅក្នុងពាក់កណ្ដាលខ១លោកហូសេថា ព្រះអង្គទ្រង់បានហែកហួរ និងវាយអោយរបួសដែល គឺព្រះអង្គទ្រង់បានហែកហួរពួកអ៊ីស្រាអែលដែលសម្ដៅទៅលើការជំនុំជម្រះ សម្ដៅទៅលើការរងទុក្ខដែលព្រះអង្គទ្រង់បានអោយពួកគេទទួលរង  គាត់ចង់អោយពួកអ៊ីស្រាអែលសម្លឹងទៅមើលបទពិសោធន៍ដែលពួកគេមានជាមួយនឹងព្រះជាម្ចាស់ ពីការរងទុក្ខដែលពួកគេទទួលបានដោយសារព្រះហស្តរបស់ព្រះជាម្ចាស់ទ្រង់ធ្វើការនៅក្នុងពួកគេ ដោយសារតែពួកគេបានក្បត់ជាមួយនឹងព្រះអង្គហើយទៅគោរពថ្វាយបង្គំព្រះដទៃទៀត ដូចជាយើងបានដឹងបានឭហើយពីហូសេជំពូក១រហូតដល់ជំពូក៤។ ប៉ុន្តែការជំនុំជម្រះមិនមែនជាកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ទ្រង់ធ្វើសម្រាប់រាស្រ្តរបស់ព្រះអង្គ ព្រះអង្គទ្រង់នឹងស្ដារពួកគេឡើងវិញ នៅពេលដែលពួកគេវិលបែត្រលប់មករកព្រះជាម្ចាស់វិញ ដូចជានៅក្នុងខ១យើងបានមើលឃើញហើយថា ព្រះទ្រង់​បាន​ហែក​ហួរ​យើង​ហើយ ទ្រង់​ក៏​នឹង​ប្រោស​ឲ្យ​ជា​ផង ទ្រង់​បាន​វាយ​ឲ្យ​របួស ហើយ​ទ្រង់​នឹង​រុំ​បិទ​វិញ ដូច្នេះព្រះអង្គទ្រង់នឹងមើលគេអោយជាឡើងវិញ វាដូចជារូបភាពដែលម្ដាយ ឬឪពុកវាយកូនអញ្ចឹងនៅពេលដែលវាយកូនហើយក៏លាបប្រេងក្រឡា ឬ ប្រេងខ្យល់អោយវិញ អោយតែគេវិលត្រលប់មករកព្រះជាម្ចាស់វិញ នោះព្រះអង្គទ្រង់នឹងប្រោសលោះវិញយ៉ាងដូច្នោះដែរ។ លោកហូសេបានបញ្ជាក់នៅក្នុងខ២ថា ការប្រោសលោះរបស់ព្រះជាម្ចាស់មិនយូរទេ ចំនួនពីរ ឬបីថ្ងៃមិនមែនមានន័យជាចំនួនពិតប្រាកដទេ ប៉ុន្តែលោកហូសេចង់បញ្ជាក់ ព្រះអង្គទ្រង់នឹងប្រោសលោះគេឆាប់ៗ ២ ឬ៣ថ្ងៃ គឺឆាប់ៗនេះឯង អោយតែគេវិលបែរមករកឯព្រះជាម្ចាស់វិញ។ នៅក្នុងខបីបន្ទាប់ពីការអញ្ជើញអោយវិលត្រលប់មករកព្រះជាម្ចាស់ គឺមានការអញ្ជើញមកម្ដងទៀត គឺអោយបានស្គាល់ព្រះជាម្ចាស់ ហើយមិនមែនស្គាល់តែមួយភ្លែតទេ គឺស្គាល់ជារហូត ហើយអោយព្យាយាមស្គាល់ផង នោះព្រះអង្គទ្រង់នឹងយាងចេញមក នៅទីនេះខុសពីជំពូក៥ខ១៥ដែលព្រះអង្គថា អញ​នឹង​វិល​ត្រឡប់​ទៅ​ឯ​ទី​កន្លែង​របស់​អញ ទាល់​តែ​គេ​បាន​ទទួល​ស្គាល់​ទោស​របស់​ខ្លួន ហើយ​ស្វែង​រក​មុខ​អញ​វិញ កាល​ណា​គេ​មាន​សេចក្ដី​វេទនា នោះ​គេ​នឹង​ស្វែង​រក​អញ​យ៉ាង​ស្រវាស្រទេញ  ដូច្នេះដោយសារអំពើបាប ព្រះអង្គទ្រង់នឹងត្រលប់ទៅវិញ ប៉ុន្តែនៅពេលដែលពួកគេវិលបែរមករកព្រះអង្គវិញនោះ ព្រះអង្គទ្រង់នឹងមករកពួកគេវិញ ហើយមកដោយទៀងជាទីបំផុត ទៀងដូចជាអរុណរះ គឺដូចជាព្រះអាទិត្យរះ ព្រះអាទិត្យរះរាល់ថ្ងៃ គ្មានថ្ងៃណាដែលព្រះអាទិត្យមិនរះនោះទេ ដូចជាវាទៀងរាល់ថ្ងៃ ព្រះអង្គទ្រង់នឹងត្រលប់មករករាស្រ្តរបស់ព្រះអង្គ នៅពេលដែលគេប្រែចិត្តយ៉ាងដូច្នោះដែរ។ ប៉ុន្តែគួរអោយសោកស្ដាយការវិលត្រលប់មកឯព្រះជាម្ចាស់វិញរបស់ពួកអ៊ីស្រាអែលគឺ គ្រាន់តែជាស្រមោល វាគ្រាន់តែជាក្ដីស្រមៃ ឬសេចក្ដីសង្ឃឹមរបស់លោកហូសេតែប៉ុណ្ណោះ វាគ្រាន់តែជាក្ដីសុបិន្តដែលគ្មានរូបរាងមួយតែប៉ុណ្ណោះ វាមិនបានកើតឡើងឡើយ ពួកអ៊ីស្រាអែលមិនបានវិលត្រលប់មកឯព្រះជាម្ចាស់វិញនោះទេ។ យើងនឹងមើលពីបញ្ហាមួយទៀតរបស់ពួកអ៊ីស្រាអែលគឺ ការខ្វះសេចក្ដីសប្បុរស។
២. ការខ្វះសេចក្ដីសប្បុរស ហូសេ៦:-
            នៅទីនេះលោកហូសេបានបញ្ជាក់ពីអំពើបាបដែលពួកគេបានប្រព្រឹត្តជាក់ស្ដែង និយាយពី     អត្តចរិកចំៗដែលពួកគេបានមាន។ ព្រះជាម្ចាស់ដូចជាបង្ហាញពីភាពរអ៊ូរទាំដល់រាស្រ្តរបស់ព្រះអង្គ ដែលពួកគេមិនបានប្រព្រឹត្តត្រឹមត្រូវអោយសមជារាស្រ្តរបស់ព្រះអង្គ គឺពួកគេខ្វះសេចក្ដីសប្បុរស។ លោកហូសេបាននិយាយនៅក្នុងខ៤ថា សេចក្ដីសប្បុរសពួកគេ នឹងមានមិនយូរទេ មានតែមួយភ្លែតទេ ដូចជាពពកនៅពេលព្រលឹមអញ្ចឹង ដែលមានតែមួយភ្លែត ក្រោយមកក៏រសាត់ទៅបាត់អស់ហើយ។ នៅក្នុងព្រះគម្ពីរហូសេមិនបានបញ្ជាក់ថា ពួកគេខ្វះសេចក្ដីសប្បុរយ៉ាងណានោះទេ ប៉ុន្តែ នៅក្នុងព្រះគម្ពីរ  អេសេគាល១៦:៤៩​បានប្រាប់យើងថា មើល​ឯ​អំពើ​ទុច្ចរិត​របស់​សូដុំម ជា​ប្អូន​ស្រី​ឯង ព្រម​ទាំង​កូន​ផង នោះ​គឺ​មាន​សេចក្ដី​អំនួត មាន​អាហារ​បរិភោគ​ឆ្អែត ហើយ​នៅ​ក៏​ដោយ​ឥត​កង្វល់ ទាំង​មាន​សេចក្ដី​ចំរើន ឥត​ដែល​ចំរើន​កំឡាំង​ដៃ​នៃ​ពួក​ក្រី​ក្រ នឹង​មនុស្ស​កំសត់​ទុគ៌ត​ឡើយនៅក្នុងជីវិតរបស់ពួកអ៊ីស្រាអែល គេមានមោទនភាពចំពោះខ្លួនឯងយ៉ាងខ្លាំង ដែលពួកគេមានក្រឹត្យវិន័យរបស់លោកម៉ូសេ សម្រាប់ការអនុវត្តប្រចាំថ្ងៃ ពួកគេមានព្រះដែលមានអំណាច គេគិតថាខ្លួនគេជាសាសន៍បរិសុទ្ធ អំនួតរបស់ពួកគេធ្វើអោយពួកគេភ្លេចពីរបៀបក្នុងការប្រព្រឹត្តចំពោះមនុស្សដទៃទៀត ជាពិសេសអ្នកដែលមានជីវិតភាពក្រីក្រ ពួកគេស៊ីឆ្អែតហើយពួកគេលែងខ្វល់ពីអ្នកដែលក្រីក្រ ដែលកំពុងតែខ្វះខាតយ៉ាងខ្លាំង។ គោលបំណងដែលព្រះជាម្ចាស់ហៅលោកអ័ប្រាហាំអោយមកធ្វើជាទីបញ្ចេញពរនៅក្នុងលោកុប្បត្តិ១២:៣ ហើយការងារក្នុងការធ្វើជាទីបញ្ចេញពរនេះ ត្រូវបន្តរហូតមកដល់ពួកអ៊ីស្រាអែលដែលពួកគេគឺជា រាស្រ្តនៃការបញ្ចេញពរ ហើយការបញ្ចេញពរនេះក្នុងគោលបំណងអោយមនុស្សបានស្គាល់ព្រះអង្គ ប៉ុន្តែពួកគេបានបរាជ័យក្នុងការធ្វើជាទីបញ្ចេញពរនេះ។ នៅក្នុងខ៥ បានប្រាប់យើងថា ព្រះជាម្ចាស់ទ្រង់មិនព្រងើយកន្តើយនឹងអំពើបាបរបស់ពួកអ៊ីស្រាអែលទេ ព្រះអង្គទ្រង់បានកាប់គេដោយពួកហោរា ហើយសម្លាប់គេដោយពាក្យដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ មិនមែនមានន័យថា ព្រះអង្គទ្រង់ចាត់ហោរាអោយទៅសម្លាប់គេទេ ប៉ុន្តែគឺទ្រង់បានចាត់ពួកហោរាអោយទៅប្រកាសព្រះបន្ទូលរបស់ព្រះអង្គ ទៅព្រមានគេកុំអោយគេធ្វើអំពើបាបទៀត កុំអោយគេភ្លេចពីរបៀបក្នុងការប្រព្រឹត្តសេចក្ដីសប្បុរសទៅចំពោះអ្នកក្រីក្រ នៅជុំវិញខ្លួនរបស់គេ កុំអោយគេភ្លេចថាជីវិតរបស់គេត្រូវរស់នៅធ្វើជាទីបញ្ចេញពរដល់មនុស្សដទៃ។ ជារឿយៗព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈពួកហោរាវាធ្ងន់ ហើយត្រង់ៗពេកធ្វើ   អោយពួកគេមិនអាចទទួលយកបាន ហើយទ្រង់នឹងប្រទាននូវសេចក្ដីជំនុំជម្រះបើសិនជាពួកគេមិនព្រមប្រែចិត្តនោះទេ។ ប្រហែលជាពួកគេគិតថា ធ្វើជារាស្រ្តរបស់ព្រះងាយស្រួល គ្រាន់តែទៅព្រះវិហារ ថ្វាយបង្គំ ថ្វាយដង្វាយ ឬយញ្ញបូជានឹងវាគ្រប់គ្រាន់ហើយ ប៉ុន្តែ នៅក្នុងខ៦អ្វីដែលជាព្រះជាម្ចាស់ទាមទារអោយពួកគេធ្វើនោះគឺមិនមែនគ្រាន់តែ យញ្ញបូជា ប៉ុន្តែគឺ សេចក្ដីសប្បុរស។ នៅទីនេះលោក  ហូសេមិនមានន័យថា ការថ្វាយយញ្ញបូជាខុសនោះទេ ប៉ុន្តែគាត់បានប្រកាសនូវអ្វីដែលល្អជាងយញ្ញបូជាទៅទៀត គឺការប្រព្រឹត្តដោយសប្បុរសទៅដល់អ្នកដទៃទៀត។ ភាពសប្បុរសគឺ បុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់ ដូច្នេះអ្វីដែលលោកហូសេប្រកាសនោះគឺ ចង់អោយមនុស្សបានយកព្រះជាម្ចាស់ជាខ្នាតគំរូក្នុងការរស់នៅដោយសប្បុរស។ នៅក្នុងសម័យមួយ ប្រហែលជាអស់លោកអ្នកបងប្អូនធ្លាប់បានលឺឈ្មោះរបស់បុរសម្នាក់ហៅថា មហាត្មាតគន្ធី ជាជនជាតិឥណ្ឌា ហើយគាត់ជាអ្នកដែលសង្ឃរបស់សាសនាឥណ្ឌា ហើយក៏ជាអ្នកដែលដឹកនាំប្រជាជនឥណ្ឌារាប់សែននាក់ធ្វើបាតុកម្មអហិង្សានៅក្នុងប្រទេសឥណ្ឌា ដើម្បីទាមទារអោយកងទ័ពរបស់អង់គ្លេសចេញពីប្រទេសឥណ្ឌាឈប់មកធ្វើសង្រ្គាម និងឈប់ធ្វើអាណានិគមលើប្រទេសទៀត។ ដូចដែលយើងបានដឹងស្រាប់ហើយប្រទេសអង់គ្លេសគឺជា ប្រទេសគ្រីស្ទាន ប៉ុន្តែបានសម្លាប់មនុស្សយ៉ាងព្រៃផ្សៃនៅក្នុងប្រទេសឥណ្ឌា។ លោកមហាត្មាត់គន្ធីបាននិយាយទៅមេទ័ពរបស់អង់គ្លេសថា ខ្ញុំចូលចិត្តព្រះយេស៊ូវគ្រីស្ទដែលជាព្រះរបស់គ្រីស្ទបរិស័ទ ទ្រង់បានបង្រៀនយ៉ាងល្អដែលអោយមនុស្សចេះប្រព្រឹត្តល្អ ហើយប្រព្រឹត្តសេចក្ដីសប្បុរស ប៉ុន្តែខ្ញុំស្អប់គ្រីស្ទបរិស័ទដែលមិនចេះប្រព្រឹត្តសេចក្ដីសប្បុរសទាល់តែសោះ។ នេះជារឿងដែលខ្ញុំឮមកពីគេខ្ញុំមិនដឹងថាជារឿងពិតឬក៏អត់ទេ ប៉ុន្តែគួរអោយយើងបានឆ្លុះបញ្ចាំងពីចំណុចនេះដែរ។ ការប្រព្រឹត្តនូវសេចក្ដីសប្បុរសគឺជា ផ្នែកមួយនៃការស្គាល់ព្រះជាម្ចាស់ នៅពេលណាដែលយើងស្គាល់ព្រះអង្គ នៅក្បែរព្រះអង្គកាន់តែជិតនោះយើងដឹងពីសេចក្ដីសប្បុរសរបស់ព្រះអង្គ ហើយយើងនឹងដឹងថា ការប្រព្រឹត្តសេចក្ដីសប្បុរសទៅចំពោះអ្នកដទៃទៀតនោះគឺជា អត្តចរិកនៃអ្នកដែលស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ហើយការស្គាល់ព្រះអង្គមិនមែនមានន័យធម្មតា ដូចយើងស្គាល់គ្នាជាមិត្តភក្ដិ ដូចខ្ញុំស្គាល់ពល ស្គាល់អាភាក់ ស្គាល់ចន្ធី ស្គាល់ឌីអញ្ចឹង ប៉ុន្តែការស្គាល់ព្រះគឺ ស្គាល់ព្រះហឬទ័យព្រះអង្គ គឺលះចោលអំពើបាបរបស់ខ្លួនហើយដើរតាមព្រះអង្គ ពាក្យថាស្គាលនៅក្នុងព្រះគម្ពីរមានន័យជ្រៅណាស់ អ័ដាមស្គាល់ប្រពន្ធគាត់បង្កើតបានការអ៊ីន និងអេបិល អ៊ីសាក់ស្គាល់ប្រពន្ធគាត់ គាត់បានស្រាកពីទុក្ខដោយសារម្ដាយស្លាប់ ដូច្នេះពាក្យថាស្គាល់ព្រះអង្គគឺមានន័យជ្រៅណាស់។
៣. អំពើអាក្រក់របស់ពួកអ៊ីស្រាអែល ហូសេ៦:-១១
       ៣.១ ការប្រព្រឹត្តល្មើសនឹងសេចក្ដីសញ្ញា ហូសេ៦:-
            យើងនឹងបន្តមើលជាមួយគ្នាទៀតពីខ៧ដល់ខ១១។ នៅត្រង់ខ៧បាននិយាយថា​ ពួកគេបានប្រព្រឹត្តដូចជាមនុស្សល្មើស គឺបានកន្លងនឹងសេចចក្ដីសញ្ញា គេបានក្បត់នឹងអញ នៅក្នុងព្រះគម្ពីរអង់គ្លេស បានសរសេរថា But they, as at Adam, have broken covenant there they were treacherous against me. បានតាមព្រះគម្ពីរភាសាអង់គ្លេសនៅត្រង់នេះលោកហូសេដូចជាចង់បញ្ជាក់ថា ការប្រព្រឹត្តល្មើសរបស់ពួកអ៊ីស្រាអែលដូចជាការប្រព្រឹត្តល្មើស របស់អ័ដាមដែរ គឺជាការសម្ដៅទៅលើការក្បត់នឹងសេចក្ដីសញ្ញារវាងពួកគេជាមួយនឹងព្រះជាម្ចាស់ ដូចជាអ័ដាមបានក្បត់នឹងព្រះជាម្ចាស់ដោយការមិនព្រមស្ដាប់បង្គាប់ព្រះអង្គយ៉ាងដូច្នោះដែរ។ ពួកគេមិនត្រឹមតែមិនប្រព្រឹត្តនូវសេចក្ដីសប្បុរសប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានប្រឡាក់ទៅដោយឈាម ពួកគេបានប្រព្រឹត្តសេចក្ដីទុច្ចរិតដោយសម្លាប់មនុស្សជាច្រើន ពួកគេបានក្បត់នឹងសេចក្ដីសញ្ញានឹងព្រះជាម្ចាស់ដែលពួកគេបានស្បថថានឹងស្ដាប់បង្គាប់ព្រះអង្គ និងប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ប៉ុន្តែនៅក្នុងហូសេជំពូក៦ខ៨ដល់៩នេះលោកហូសេបានប្រកាសថា ពួកអ៊ីស្រាអែល​បានក្បត់នឹងសេចក្ដីសញ្ញាដែលគេបានស្បថនឹងព្រះជាម្ចាស់ដោយពួកគេបានសម្លាប់មនុស្សដែលខុសពីបញ្ញត្តិរបស់ព្រះជាម្ចាស់នៅក្នុងនិក្ខមនំ២០:១៣ថា កុំអោយសម្លាប់មនុស្សអោយសោះ ហើយមិនមែនតែបណ្ដាជនធម្មតានោះទេ សូម្បីតែពួកសង្ឃក៏ជាឃាតករសម្លាប់មនុស្សដែរ គេបានប្រព្រឹត្តយ៉ាងអាក្រក់នៅចំពោះព្រះជាម្ចាស់ រាស្រ្តរបស់ព្រះជាម្ចាស់បានធ្លាក់ទៅក្នុងអំពើបាបយ៉ាងខ្លាំងក្លាជាទីបំផុត។
            ៣.២ ការប្រព្រឹត្តអសីលធម៌ ហូសេ៦:១០-១១
អំពើអាក្រក់មួយទៀតដែលយើងអាចមើលឃើញនៅក្នុងព្រះគម្ពីរហូសេជំពូក៦នេះគឺ ការប្រព្រឹត្តអំពើអសីលធម៌ខាងសាសនាដែលយើងអាចមើលឃើញនៅក្នុងខ១០ ពួកគេគេបានប្រព្រឹត្តអំពើពុករលួយខាងឯសេចក្ដីជំនឿ ពួកគេលែងថ្វាយបង្គំដែលជាព្រះជាម្ចាស់តែមួយទៀតហើយ ប៉ុន្តែពួកគេបានថ្វាយបង្គំរូបព្រះជាច្រើន ពួកគេលែងថ្វាយបង្គំព្រះយេហូវ៉ាដែលធ្លាប់សង្រ្គោះពួកគេទៀតហើយ ប៉ុន្តែពួកគេបានអនុញ្ញាតិអោយសាសនាដ៏ទៃជះឥទ្ធិពលលើពួកគេ ដែលពួកគេគួរតែធ្វើជាទីបញ្ចេញពរដល់ជាតិសាសន៍ដទៃ ប៉ុន្តែពួកគេបានអោយជាតិសាសន៍ដទៃជះឥទ្ធិពលលើពួកគេទៅវិញ។ ការកំផិតនេះប្រហែលជាពួកអ៊ីស្រាអែល មានការថ្វាយបង្គំដល់ព្រះរបស់សាសន៍ដទៃដោយការរួមភេទនៅក្នុងព្រះវិហារដែលពួកគេជឿជាក់ថា ការធ្វើបែបនោះពួកគេនឹងមានកូនច្រើន បានជាលោកហូសេបាននិយាយនៅក្នុងខ១០ថា ពួកអេប្រាអិមមានសេចក្ដីកំផិត ហើយអ៊ីស្រាអែលក៏ស្មោកគ្រោកដែរ។ នៅក្នុងខ១១ដែលជាខចុងក្រោយគឺជា ខរំលឹកដល់ពួកយូដាអោយបានដឹងពីអ្វីដែលនឹងកើតឡើងដល់ពួកគេ បើសិនជាពួកគេមិនបានរៀនពីអ្វីដែលបានកើតឡើងចំពោះពួកអ៊ីស្រាអែល។ មិនយូរប៉ុន្មានក្រោយមកពួកអាស៊ើបានមកវាយកំទេចពីអ៊ីស្រាអែលរលីងទៅ ហើយបើសិនជាពួកយូដាមិនខ្វាយខ្វល់ចំពោះអំពើបាបរបស់ខ្លួននោះទេ ពួកគេនឹងត្រូវខ្ទេចទៅដែរ ដូចជាការច្រូតនៅក្នុងរដូវគឺជា ពេលដែលការជំនុំជម្រះមកដល់។ ដូច្នេះបើសិនជាគ្មានព្រះគុណនៃព្រះនោះទេ ទាំងពួកយូដា និងអ៊ីស្រាអែលគឺគ្មានអ្នកណាម្នាក់ដែលអាចនៅសល់នោះឡើយ។
ទេវសាស្រ្ត
            បញ្ហារបស់ពួកអ៊ីស្រាអែលនៅត្រង់នេះគឺ ការមិនវិលបែរទៅរកព្រះជាម្ចាស់វិញ ព្រោះការវិលបែរដែលនិយាយនៅក្នុងខ១ដល់ខ៣វាគ្រាន់តែជាសេចក្ដីសង្ឃឹម ឬសេចក្ដីស្រមៃរបស់លោកហូសេតែប៉ុណ្ណោះ ដែលជាការពិតគឺ ពួកអ៊ីស្រាអែលមិនបានវិលត្រលប់ទៅឯព្រះជាម្ចាស់វិញ ហើយការជំនុំជម្រះរបស់ព្រះជាម្ចាស់ក៏បានមកដល់ពួកគេដែរ។ ការមិនវិលបែរត្រលប់ទៅរកព្រះជាម្ចាស់របស់   ពួកអ៊ីស្រាអែលគឺជា ការបរាជ័យយ៉ាងធំរបស់ពួកគេ ដូច្នេះការត្រាស់ហៅអោយធ្វើជាទីបញ្ចេញពរក្នុងការនាំមនុស្សទៅរកព្រះជាម្ចាស់នោះក៏បានបរាជ័យទាំងស្រុងដែរ ព្រោះតួនាទីរបស់ពួកគេគឺ ត្រូវនាំព្រះនាមរបស់ព្រះជាម្ចាស់ទៅកាន់សាសន៍ដទៃ ហើយនាំសាសន៍ដទៃទៅកាន់ព្រះជាម្ចាស់ ប៉ុន្តែត្រូវបានបរាជ័យ។ ព្រះជាម្ចាស់ទ្រង់មិននៅស្ងៀមនោះទេ ព្រះអង្គទ្រង់បានចាត់ម្នាក់ដើម្បីអោយមកដើម្បីធ្វើជាផ្លូវនាំមនុស្សអោយទៅរកព្រះវរបិតាវិញ។ ម្នាក់ដែលមកនោះគឺជា ព្រះយេស៊ូវដែលមានលក្ខណៈផ្ទុយពីពួកអ៊ីស្រាអែល គឺពួកអ៊ីស្រាអែលមិនបែរកត្រលប់មករកព្រះជាម្ចាស់ ប៉ុន្តែព្រះយេស៊ូវយាងមកដោយនូវព្រះនាមព្រះជាម្ចាស់ ពួកអ៊ីស្រាអែលបានសម្លាប់ជីវិតមនុស្សប៉ុន្តែ ព្រះយេស៊ូវជាអ្នកដែលប្រទានជីវិតដល់មនុស្ស ពួកអ៊ីស្រាអែលខ្វះនូវសេចក្ដីសប្បុរស ប៉ុន្តែព្រះយេស៊ូវទ្រង់ជាអ្នកដែលបង្ហាញសេចក្ដីសប្បុរសដល់មនុស្សទាំងអស់ តាមរយៈព័ន្ធកិច្ចរបស់ទ្រង់ធ្វើអោយមនុស្សជាច្រើនបានទទួលព្រះពរពីព្រះជាម្ចាស់នៅក្នុងម៉ាថាយជំពូក១១:៥ បានចែងថា គឺ​ថា​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​បាន​ដើរ​រួច មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​បាន​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្រ​បាន​ឮ​ដំណឹង​ល្អ​ផង នេះគឺជាការសង្ខេបនូវព័ន្ធកិច្ចរបស់ព្រះយេស៊ូវ ព្រះយេស៊ូវទ្រង់បានអោយនូវអ្វីដែលទ្រង់មានទៅដល់មនុស្ស ប៉ុន្តែសេចក្ដីសប្បុរសរបស់ព្រះអង្គមិនបញ្ចប់ត្រឹមនេះនោះទេ នៅគ្រាចុងក្រោយនៅលើឈើឆ្កាង ព្រះអង្គគ្មានអ្វីទាំងអស់ សូម្បីតែសិស្សក៏រត់ចោលព្រះអង្គ ព្រះអង្គទ្រង់គ្មានទ្រព្យសម្បត្តិ ហើយអ្នកប្រាជ្ញខ្លះបាននិយាយថា នៅពេលដែលព្រះយេស៊ូវនៅលើឈើឆ្កាងសូម្បីតែ   សម្លៀកបំពាក់ក៏គ្មានផង អ្វីដែលព្រះអង្គមាននៅពេលនោះគឺ ជីវិតរបស់ព្រះអង្គ ហើយចុងក្រោយទ្រង់បានអោយជីវិតនោះដើម្បីជាថ្លៃប្រោសមនុស្សអោយរួចពីអំពើបាបនោះគឺជា​ការបង្ហាញសេចក្ដីសប្បុរសរបស់ព្រះអង្គទៅកាន់មនុស្សទាំងអស់។
សរុបសេចក្ដី និងការអនុវត្តន៍
            ដូច្នេះអ្វីដែលយើងបានឃើញនៅក្នុងព្រះគម្ពីរហូសេជំពូក៦ ពួកអ៊ីស្រាអែលមានបញ្ហាហើយបញ្ហានោះគឺ ការវិលបែរត្រលប់មករកព្រះជាម្ចាស់វិញ ការខ្វះនូវសេចក្ដីសប្បុរស ការល្មើសនឹងបញ្ញត្តិរបស់ព្រះជាម្ចាស់ដោយសម្លាប់មនុស្សដោយឥតទោស និងការផិតក្បត់ខាងឯផ្នែកសាសនា។ នៅពេលដែលខ្ញុំអង្គុយរៀបចំសេចក្ដីអធិប្បាយមួយនេះឡើង ខ្ញុំសួរខ្លួនឯងថា តើខ្ញុំមានដែលធ្លាប់ផិតក្បត់ព្រះអង្គឬ អត់? ហើយខ្ញុំក៏ចង់សួរអស់លោកអ្នកបងប្អូនថា តើយើងទាំងអស់គ្នាធ្លាប់ផិតក្បត់ព្រះអង្គ ឬអត់? នៅពេលដែលខ្ញុំសួរខ្លួនឯងយ៉ាងដូចច្នេះ ខ្ញុំយំ ជាធម្មតាខ្ញុំកម្រមិនយំណាស់នៅពេលដែលខ្ញុំរៀបចំសេចក្ដីអធិប្បាយ ព្រោះខ្ញុំប្រើការឆ្លុះបញ្ចាំងច្រើន។ នៅពេលដែលខ្ញុំសួរសំនួរនេះ ប្រហែលជាអស់លោកអ្នកបងប្អូនឆ្លើយថា ខ្ញុំមិនដែលថ្វាយបង្គំរូបព្រះ ដូច្នេះខ្ញុំមិនបានក្បត់ព្រះអង្គទេ។ នៅពេលដែលមករៀនឆ្នាំទី១ អស់លោកអ្នកបងប្អូនឡើងធ្វើទីបន្ទាល់ហើយតែងតែនិយាយថា ខ្ញុំមករៀនទីនេះព្រោះខ្ញុំចង់ស្គាល់ព្រះអង្គកាន់តែច្រើន ចង់រីកចម្រើនជាមួយនឹងព្រះអង្គចង់បម្រើទ្រង់ ចង់នៅជិតព្រះអង្គអោយបានច្រើនជាងមុន ប៉ុន្តែមានពេលច្រើនដង យើងភ្លេចពីគោលបំណងនោះហើយយើងក្បត់ព្រះអង្គ។ ពួកអ៊ីស្រាអែលគេបានក្បត់ព្រះអង្គ ដោយសារតែពួកគេបានទៅថ្វាយបង្គំរូបព្រះ ប៉ុន្តែយើងជាមនុស្សនៅសម័យនេះ យើងក្បត់ព្រះអង្គក្នុងវិធីផ្សេងទៀត គឺយើងបានដាក់អោយមានរូបព្រះនៅក្នុងវិត្តរបស់យើង។ តើអ្វីដែលយើងអោយតម្លៃ យើងផ្ដល់វេលា យើងបិទភ្នែក បើកភ្នែកយើងគិតឃើញពីវា ។ ប្រហែលជាការងាររបស់យើង ប្រហែលជាមុខរបររបស់យើងវាមមារញឹកពេក ហើយយើងរុញច្រានព្រះជាម្ចាស់អោយទៅមួយកន្លែង យើងខ្លាចបាត់បងមុខរបររបស់យើងជាងយើងខ្លាចរលំសេចក្ដីជំនឿរបស់យើង យើងខ្លាចធ្វើការងារមិនល្អ ហើយបាត់បង់ការងាររបស់យើងជាជាងយើងខ្លាចក្នុងការបាត់បង់ព្រះអង្គ។ នោះហើយគឺជា រូបព្រះដែលមាននៅក្នុងចិត្តរបស់យើង ហើយជាទូទៅ ថ្វាយបង្គំវា ហើយក្បត់ព្រះអង្គុ។ សម្រាប់យើងជានិស្សិត ប្រហែលជារូបព្រះរបស់យើងគឺជា លំហាត់ដែលអោយតម្លៃ​ ផ្ដល់ភាពសំខាន់ ផ្ដល់ការគិតទៅលើវាច្រើនពេក បិទភ្នែក បើកភ្នែកគឺលំហាត់ យើងស្ទើរតែគ្មានពេលជាមួយព្រះអង្គទៅហើយទាំងខ្ញុំ ទាំងគេពេលខ្លះគឺដូចគ្នាដែរ។ នៅក្នុងFacebook គេលេចចេញពាក្យថ្មីមួយហៅអ្នកមានគូរថា មានអី គឺមានលិទ្ធ ខ្ញុំឆ្ងល់ឥលូវចេះតែមានពាក្យប្លែកៗរហូត ពេលស្រលាញ់គ្នា លិទ្ធគ្នា ឬអីបានហៅថាខ្លួនឯងមានលិទ្ធ សុំទោសខ្ញុំគ្រាន់តែឆ្ងល់តែប៉ុណ្ណោះ។ អ្នកមានស្នេហា ឬអ្នកមានលិទ្ធនឹងបិទភ្នែក បើកភ្នែកចេះនឹកដល់គ្នា ចង់ជួបមុខណាស់ ហើយយកគ្នាជារូបព្រះរបស់គ្នាទៅវិញទៅមុខ នេះមិនមែនជារឿងកំប្លែងអោយយើងសើច ប៉ុន្តែសម្រាប់យើងជាគ្រីស្ទបរិស័ទគឺជាធ្ងន់ធ្ងរបំផុតដែលយើងរុញច្រានព្រះអង្គចោល ហើយយកអ្វីផ្សេងទៀតមកដាក់ក្នុងចិត្តជាអទិភាព ជាធំចម្បងហើយសំខាន់ជាជាង ជាជាងព្រះជាម្ចាស់។ ហើយក៏មានបញ្ហាកាន់តែធំទៅទៀតដែលយើងខំធ្វើព័ន្ធកិច្ចពេក រហូតដល់គ្មានពេលទំនាក់ទំនងជាមួយនឹងព្រះអង្គ ។ ប្រហែលជាអស់លោកបងប្អូនគិតថា​ ខ្ញុំដូចជាបាញ់ពេកហើយ ប៉ុន្តែគ្រូបានផ្ដាំថា អធិប្បាយព្រះបន្ទូលបើមិនប៉ះអ្នកនេះ ប៉ះអ្នកនោះហើយ ប៉ុន្តែសូមកុំភ្លេចថា មុនពេលដែលខ្ញុំអធិប្បាយព្រះបន្ទូលនេះ ព្រះបន្ទូលព្រះអង្គបានចាក់ខ្ញុំមុនគេ ខ្ញុំគឺជា អ្នកស្ដាប់ដំបូង ជាអ្នកឈឺចាប់ដោយសារព្រះបន្ទូលព្រះអង្គដំបូង ហើយក៏ជាអ្នកដែលគួរតែប្រែដំបូង ខ្ញុំរៀបចំបណ្ដើរ ខ្ញុំអធិស្ឋានសូមទោសព្រះអង្គបណ្ដើរដែលជារឿយៗខ្ញុំក្បត់ព្រះអង្គ ហើយដាក់អ្វីផ្សេងទៀតសំខាន់ជាជាងព្រះអង្គ។ តើការងារ មុខរបរ ឬព័ន្ធកិច្ចរបស់យើងនឹងជោគជ័យបានយ៉ាងដូចម្ដេចបើសិនជាយើងគ្មានព្រះជាអ្នកដឹកនាំជីវិតរបស់យើង តើទំនាក់ទំនងស្នេហារបស់យើងនឹងរលូនទៅបានយ៉ាងដូចម្ដេចបើសិនជាគ្មានព្រះនៅកណ្ដាលទំនាក់ទំនងនោះទេ តើគ្រួសារមួយមានសុភមង្គលបានយ៉ាងដូចម្ដេចបើសិនជាគ្មានព្រះវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងគ្រួសារនោះទេ តើការសិក្សារបស់យើងនឹងបានជោគជ័យបានយ៉ាងដូចម្ដេចបើសិនជាយើងមិនដែលសូមប្រាជ្ញាពីព្រះអង្គផង។
            មួយវិញទៀតនៅក្នុងជីវិតយើងដែលជាគ្រីស្ទបរិស័ទ ការថ្វាយដង្វាយ ការបម្រើតាមផ្នែក ការចេញទៅធ្វើបេសកកម្ម ការផ្សាយដំណឹងល្អនោះគឺជា រឿងល្អ ប៉ុន្តែកុំភ្លេចជីវិតយើងជាគ្រីស្ទបរិស័ទ បើសិនជាយើងខ្វះនូវសេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណា នោះកិច្ចការដែលយើងធ្វើនោះជាការឥតប្រយោជន៍ទទេហើយ យើងមិនអាចនាំដំណឹងល្អទៅដល់គេបានឡើយបើសិនជាជីវិតរបស់យើងមិនមែនជាគំរូដល់គេ។ ជីវិតយើងជាគ្រីស្ទបរិស័ទគឺជា សំបុត្រដែលអ្នកដទៃគេអាន ហើយជីវិតជាគ្រីស្ទបរិស័ទគឺជា ព្រះគម្ពីរតែមួយគត់ដែលអ្នកមិនជឿអាចអានបាន គេអានជីវិតរបស់យើងហើយស្គាល់របស់យើង គេគិតថាព្រះរបស់យើងល្អ ឬមិនល្អ នោះតាមរយៈជីវិតរបស់យើងហើយ។ ដូចជា លោកហូសេបបួលពួលអ៊ីស្រាអែលអោយត្រលប់មករកព្រះជាម្ចាស់ ខ្ញុំក៏សូមបបួលអស់លោកអ្នកបងប្អូនព្រមទាំងខ្ញុំដែរ តោះយើងត្រលប់មក ​ឯ​ព្រះវរបិតាយើងវិញ​ចុះ ដ្បិត​ទ្រង់​បាន​ហែក​ហួរ​យើង​ហើយ ទ្រង់​ក៏​នឹង​ប្រោស​ឲ្យ​ជា​ផង ទ្រង់​បាន​វាយ​ឲ្យ​របួស ហើយ​ទ្រង់​នឹង​រុំ​បិទ​វិញ ​ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ហើយ ហើយ​យើង​នឹង​រស់​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ទ្រង់ ចូរ​ឲ្យ​យើង​បាន​ស្គាល់​ទ្រង់​ចុះ ហើយ​មាន​ព្យាយាម​នឹង​ស្គាល់​ទ្រង់​ត​ទៅ ឯ​ដំណើរ​ដែល​ទ្រង់​យាង​ចេញ​មក នោះ​ទៀង​ដូច​ជា​អរុណ​រះ ហើយ​ទ្រង់​នឹង​យាង​មក​ឯ​យើង​រាល់​គ្នា ដូច​ជា​ទឹក​ភ្លៀង គឺ​ដូច​ជា​ភ្លៀង​ចុង​រដូវ ដែល​តែង​តែ​ស្រោច​ស្រព​ផែន​ដី 

0 Comments

Type and hit Enter to search

Close