Breaking News

អេភេសូរ២:១១-២១ ការរួបរួមគ្នាក្នុងព្រះគ្រីស្ទ

·      សេចក្ដីផ្ដើម 

·      សំណួរស្នូល

តើការរួបរួមគ្នាក្នុងព្រះគ្រីស្ទមានអ្វីខ្លះ?​
តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យយើងអាចរួបរួមគ្នាក្នុងព្រះគ្រីស្ទបាន?

·      សង្ខេបបទគម្ពីរ

​នៅទីនេះលោកសាវកប៉ុលបាននិយាយរំលឹកដល់ពួកជំនុំនៅ ក្រុងអេភេសូរអំពីជីវិតរបស់ពួកគេពីមុន។ គឺពួកគេរស់នៅដោយមិនស្គាល់ព្រះគ្រីស្ទជានរណា ឬជាអ្វី ហើយមកពីណានោះទេ។ ដោយសារតែពួកគេមិនស្គាល់ព្រះនឹងហើយ ទើបធ្វើឲ្យជីវិតរបស់ពួកគេរស់នៅក្នុងភាពស្អប់ខ្ពើមចំពោះគ្នាទៅវិញទៅមក ពួកគេបានយល់ថា អ្នកដែលបានកាត់ស្បែកគឺជាពួកបរិសុទ្ធ(យូដា) ហើយពួកដែលមិនកាត់ស្បែកគឺជាពួកដែលមិនបរិសុទ្ធ(សាសន៍ដទៃ)។ ប៉ុន្តែ ដោយសារព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានយាងមកផែនដីនេះ គឺព្រះអង្គសុគតនៅលើឈើឆ្កាង ហើយព្រះលោហិតរបស់ទ្រង់បានហូរមក ដើម្បីនឹងលុបលាងអំពើបាបយើងពីមុនដែលមិនបានស្គាល់ទ្រង់នោះចេញទាំងអស់។ ហើយឥឡូវនេះយើងបានលឺដំណឹងល្អ ហើយបានស្គាល់ទ្រង់វិញហើយ នោះក៏ព្រោះតែការសុគតរបស់ទ្រង់នោះឯង។ គឺទ្រង់ជាស្ពានមេត្រីដែលចំលងយើងរាល់គ្នាទៅឯព្រះវរបិតាវិញ។





·      រចនាសម្ព័ន្ធ

      I.        ជីវិតចាស់ដែលរស់នៅដោយគ្មានព្រះគ្រីស្ទ (ខ១១-១២)
    II.        ជីវិតថ្មីដែលរួមមកតែមួយក្នុងព្រះគ្រីស្ទ (ខ១៣-២១)
·      កាត់ស្រាយ
      I.        ជីវិតចាស់ដែលរស់នៅដោយគ្មានព្រះគ្រីស្ទ (ខ១១-១២)
​ក្រោយពីបានពន្យល់ពីសេចក្ដីសង្រ្គោះរបស់ព្រះចំពោះអ្នកមានបាប ដែលមាននៅក្នុង(ខ៧-១០) រួចហើយ នៅក្នុង(ខ១១-១២) លោកប៉ុលបានបន្ដបង្ហាញប្រាប់ពីគំនិតនៃសេចក្ដីសង្រ្គោះមួយទៀតគឺថាសេចក្ដីសង្រ្គោះរបស់ព្រះបានផ្សះផ្សាឲ្យសាសន៍យូដា និងសាសន៍ដទៃ បានជានានឹងគ្នាឡើងវិញ។​​ ដ្បិតពីមុនពួកគេបានឃ្លាតចេញពីសេចក្ដីសញ្ញាដែលទ្រង់បានសន្យាទុកសម្រាប់ពួកគេអស់ទៅហើយ។បើយើងសង្កេតមើលនៅក្នុងខ១១ លោកសាវកប៉ុលបាននិយាយថា ពីដើមអ្នករាល់គ្នាជាសាសាន៍ដទៃ គឺគាត់ចង់មានន័យថា កាលពីដើមនៅក្នុងក្រុងអេភេសូរ មានសាសន៍ដទៃរស់នៅច្រើន(១:១៣)។ លោកបាននិយាយថា កាលពីដើម ពួកគេត្រូវបានពួកយូដាហៅខ្លួនថាជាពួកមិនកាត់ស្បែក ជាពួកមិនបរិសុទ្ធ នៅចំពោះព្រះអម្ចាស់ដ្បិតពួកគេជាសាសន៍ដទៃ។ កាលពីមុនពួកជំនុំនៅអេភេសូរភាគច្រើនគឺជាពួកសាសន៍ដទៃដែលមិនធ្លាប់លឺដំណឹងល្អនោះទេ ពួកមិនធ្លាប់លឺពីសេចក្ដីសង្រ្គោះ មិនធ្លាប់លឺពីសេចក្ដីសញ្ញាអ្វីនោះឡើយ។ ម្យ៉ាងវិញទៀតពួកគេគិតថា នៅក្នុងលោកិយនេះគឺគ្មានព្រះណាអាចជួយសង្រ្គោះមនុស្សបាននោះទេ គឺមានតែការខិតខំប្រឹងប្រែងដោយខ្លួនឯងតែប៉ុណ្ណោះទើបអាចជួយខ្លួនឯងបាន។ ជាពិតប្រាកដកាលពីខ្ញុំមិនទាន់បានទទួលជឿលើព្រះយេស៊ូវគ្រីស្ទ ខ្ញុំក៏ធ្លាប់មានគំនិតដូចពួកគេបែបដូច្នោះដែរ ខ្ញុំយល់ឃើញថា នៅក្នុងលោកិយនេះ គឺគ្មានព្រះនោះឡើយ ហើយមនុស្សម្នាក់អាចរស់នៅបានគឺត្រូវពឹងលើខ្លួនឯង​ ដូចជាមានពាក្យស្លោកមួយបានពោលថា ” ខ្លួនទីពឹងខ្លួន“ ។​ប៉ុន្ដែនៅពេលដែលខ្ញុំបានទទួលជឿព្រះយេស៊ូវមក ទើបខ្ញុំដឹងថា អ្វីៗទាំងអស់គឺមានអ្នកបង្កើត គឺជាព្រះជាម្ចាស់នៃយើង។ វាដូចទៅនឹងគំនិតរបស់ពួកសាសន៍ដទៃដែរ គឺពួកគេគិតថា ក្នុងលោកិយនេះ គឺគ្មានព្រះអ្វីនោះទេ ហើយមនុស្សទាំងអស់ត្រូវប្រឹងរស់នៅដោយខ្លួនឯង គ្មានអ្នកណាអាចជួយគេបានទេ គេគិតថា គេត្រូវជួយខ្លួនគេ ប្រឹងរកស៊ី ដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯងផងដែរ។
II.       ជីវិតថ្មីដែលរួមមកតែមួយក្នុងព្រះគ្រីស្ទ (ខ១៣-២១)
​លោកសាវកប៉ុលបានបន្ដទៀតថា ដោយសារតែព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ នោះមនុស្សទាំងអស់ដែលមិនធ្លាប់លឺ មិនធ្លាប់ជឿដល់ទ្រង់ ប្រៀបដូចជាពួកអ្នកដែលនៅឆ្ងាយពីទ្រង់ គឺពេលនេះបានត្រឡប់មកឯទ្រង់វិញហើយ(ខ១៣)។ ដ្បិតយើងដឹងថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាស្ពានមេត្រី នៃមនុស្សគ្រប់រូប គឺទ្រង់បានយាងមកដើម្បីផ្សះផ្សាធ្វើឲ្យសាសន៍ទាំងអស់រួមគ្នាមកតែមួយក្នុងទ្រង់បាន។ ម្យ៉ាងវិញទៀត ទ្រង់បានបំបាត់អស់ទាំងសេចក្ដីសំអប់ សេចក្ដីអំណួត សេចក្ដីឈ្នានីស ដោយសាររូបសាច់ចេញទាំងអស់។ ហើយរួមទាំងក្រិត្យវិន័យរបស់លោកម៉ូសេ គឺព្រះយេស៊ូវបានធ្វើឲ្យក្រិត្យវិន័យទាំងនោះស្របជាមួយនឹងជីវិតរស់នៅរបស់មនុស្ស គឺមិនឲ្យពួកគេផ្ដោតទៅលើតែក្រិត្យវិន័យជាសំខាន់ឡើយ គឺការរួបរួមគ្នាគឺជាការសំខាន់វិញ(១៤-១៥)។ នៅក្នុងខ១៦ លោកក៏បានបន្ដទៀតថា ដោយសារឈើឆ្កាងរបស់ព្រះគ្រីស្ទ នោះទ្រង់បានផ្សះផ្សាឲ្យសាសន៍យូដា និងសាសន៍ដទៃបានរួមគ្នាមកតែមួយវិញដោយរំងាប់អស់ទាំងសេចក្ដីសំអប់ទាំងអស់ចេញ ដ្បិតទ្រង់បានយាងមកដើម្បីឲ្យមនុស្សបានលឺពីដំណឹងល្អ ហើយឲ្យពួកគេមានមេត្រីភាពនឹងគ្នាឡើងវិញទោះទាំងអ្នកនៅឆ្ងាយ ឬនៅជិតក៏ដោយ(ខ១៦-១៧)។ ហើយគឺដោយសារតែទ្រង់ គឺមនុស្សទាំងអស់អាចចូលទៅឯព្រះវរបិតាបាន ហើយដោយសារព្រះវិញ្ញាណបរិសុទ្ធមនុស្សគ្រប់គ្នាមានអំណាចក្នុងការធ្វើផ្សាយដំណឹងល្អដល់មនុស្សទាំងអស់បាន។ នៅក្នុងខ១៩ លោកសាវកប៉ុលបានសរុបសេចក្ដីមកថា ពួកជំនុំទាំងអស់មិនមែនជាអ្នកដទៃនឹងគ្នានោះទៀតទេ គឺយើងគ្រប់គ្នាជាជនជាតិតែមួយ ជារូបកាយតែមួយ ជាមនុស្សតែមួយក្នុងអង្គព្រះយេស៊ូវគ្រីស្ទ ហើយពួកជំនុំទាំងអស់គឺជាព្រះវិហារនៃព្រះ និងជារូបកាយនៃទ្រង់ដែរ។ ព្រះគ្រីស្ទទ្រង់ជាថ្មជ្រុងយ៉ាងឯក មានន័យថា ព្រះអង្គទ្រង់ប្រៀបដូចជាថ្មជ្រុងមួយដែលជាប់នឹងជើងជញ្ជាំងគឺមានភាពរឹងមាំ ហើយគ្មានអ្វីអាចបំបែកបានឡើយ។ ទ្រង់បានសង់ជើងជញ្ជាំងនោះនៅលើពួកសាវក ពួកហោរា និងពួកជំនុំដើម្បីឲ្យពួកគេរឹងមាំដូចជាទ្រង់ ប្រយោជន៍ដើម្បីកុំឲ្យពួកបាក់បែក ឬដួលរលំនោះឡើយ(ខ២០)។ ហើយដោសារតែទ្រង់ជាថ្មជ្រុងយ៉ាងឯក និងយ៉ាងរឹងមាំ នោះដំណាក់ទ្រង់ទាំងមូលបានភា្ជប់គ្នាយ៉ាងមាំដែរគឺជាពួកជំនុំរបស់ទ្រង់មានភាពរឹងមាំ និងដែលដួលរលំចុះឡើយ ដ្បិតយើងក៏បានស្អាងឡើងសម្រាប់ជាព្រះដំណាក់ និងជាព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់ដែរ(ខ២១)។

·      សរុបសេចក្ដី

 ​សរុបសេចក្ដីមកដើម្បីរួបរួមក្នុងព្រះគ្រីស្ទបានគឺយើងត្រូវតែយល់ដឹងពីដើមកំណើតរបស់យើង ហើយរៀនផ្លាស់ប្ដូរវាឲ្យរួមមកតែ១ក្នុងព្រះយេស៊ូវគ្រីស្ទ។​ដ្បិតយើងដឹងថា ជីវិតក្នុងលោកិយនេះ គឺវាតែងធ្វើឲ្យមនុស្សជួបនូវបញ្ហាគ្រប់ពេល ប៉ុន្ដែជីវិតដែលមានព្រះយេស៊ូវគ្រីស្ទដឹកនាំគឺមានពេញដោយសេចក្ដីស្រឡាញ់ និងភាពស្មោះត្រង់។ ដូច្នេះមនុស្សគ្រប់រូបគួរតែរស់នៅដោយមានការដឹកនាំពីព្រះអង្គ ដើម្បីឲ្យយើងគ្រប់គ្នាអាចរស់នៅក្នុងរូបកាយតែ១ ចិត្ដគំនិតតែ១ ក្នុងអង្គព្រះយេស៊ូវ។
·      ទេវសាស្ដ្រ
ព្រះជាម្ចាស់៖ ទ្រង់ជាព្រះដែលមានគ្រប់ទាំងអំណាចព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គតែងជួយដល់មនុស្សដោយផ្សះផ្សាពួកគេឲ្យបានវិលត្រឡប់មកឯព្រះវរបិតាវិញ។ ទោះបីជាមនុស្សធ្វើបាបយ៉ាងណាក៏ព្រះជាម្ចាស់ទ្រង់នៅតែស្រឡាញ់ និងអត់ទោសដល់ពួកគេគ្រប់រូប។ ទ្រង់សុខចិត្តលះបង់ព្រះជន្មដោយសុគតនៅលើឈើឆ្កាងដើម្បីមនុស្ស។
មនុស្ស៖ មនុស្សមានបាបហើយចូលចិត្ត​​ធ្វើតែអំពើអាក្រក់រាល់ថ្ងៃ មនុស្សមិនដែលធ្វើតាមការបង្គាប់របស់ព្រះជាម្ចាស់បាននោះឡើយ មនុស្សតែងតែកុហក់ បោកបញ្ឆោតដល់គ្នាទៅវិញទៅមក មនុស្សតែងប្រើអំណាចដើម្បីធ្វើបាបដល់អ្នកតូចតាចហើយជាពិសេសពួកគេតែងរស់នៅដោយពឹងលើខ្លួនឯង ជាជាងពឹងលើព្រះ។
·      អនុវត្តន៍
​ដើម្បីឲ្យជីវិតយើងដែលជាគ្រីស្ទបរិស័ទអាចរស់នៅបានស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺយើងត្រូវតែចេះរស់នៅដោយការស្ដាប់បង្គាប់ព្រះអង្គ។ ហើយចេះស្រឡាញ់គ្នា ចេះរួបរួមគ្នាមកតែ១​ មិនត្រូវឈ្លោះប្រកែកគ្នា ឈ្នានីសគ្នា សំអប់គ្នា កេងប្រវញ្ញ័គ្នា ឬធ្វើបាបគ្នាឡើយ តែចូរឲ្យយើងចេះចុះចូលមកតែ១ និងដើម្បីធ្វើជារូបកាយដ៏បរិសុទ្ធ និងជាព្រះវិហារដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់នៃយើង។ ដ្បិតយើងដឹងហើយថា ព្រះគ្រីស្ទទ្រង់ជាចំណុចកណ្ដាលនៃការរួបរួម និងជាចៅក្រមដ៏សុចរិត ស្មោះត្រង់។ ចូរឲ្យមានសង្ឃឹមឡើង ហើយព្យាយាមដើរទៅមុខជាមួយព្រះគ្រីស្ទដោយការរួបរួម និងអត់ធ្មត់ទាំងអស់គ្នាចុះ។

0 Comments

Type and hit Enter to search

Close